ការជួយអ្នកដទៃឲ្យសរសើរព្រះយេហូវ៉ា
១ សារមួយដ៏សំខាន់កំពុងតែផ្សាយប្រកាសដល់មនុស្សទូទាំងផែនដី គឺថា៖ «ចូរកោតខ្លាចដល់ព្រះ ហើយសរសើរសិរីល្អរបស់ទ្រង់ចុះ! ដ្បិតពេលដែលទ្រង់ត្រូវជំនុំជំរះ នោះបានមកដល់ហើយ ចូរក្រាបថ្វាយបង្គំដល់ព្រះដ៏បង្កើតផ្ទៃមេឃ ផែនដី សមុទ្រ នឹងរន្ធទឹកទាំងប៉ុន្មានចុះ!»។ (វិវរ. ១៤:៦, ៧) យើងមានឯកសិទ្ធិរួមចំណែកក្នុងកិច្ចការប្រកាសនេះ។ តើមនុស្សត្រូវដឹងអ្វីខ្លះអំពីព្រះយេហូវ៉ា ដើម្បីកោតខ្លាចព្រមទាំងថ្វាយបង្គំទ្រង់?
២ ព្រះនាមរបស់ព្រះ: មនុស្សត្រូវស្គាល់ព្រះនាមរបស់ព្រះពិតតែមួយ ក៏ត្រូវសម្គាល់ទ្រង់ជាព្រះខុសប្លែកពីព្រះមិនពិតជាច្រើនអនេកដែលមនុស្សកំពុងតែថ្វាយបង្គំសព្វថ្ងៃនេះ។ (ចោទិ. ៤:៣៥; ១កូ. ៨:៥, ៦) តាមការពិត ពួកអ្នកសរសេរព្រះគម្ពីរបានប្រើព្រះនាមដ៏ឧត្តុង្គឧត្តមរបស់ព្រះយេហូវ៉ាជាង៧.០០០ដង។ យើងមិនត្រូវខ្មាសប្រើព្រះនាមរបស់ព្រះយេហូវ៉ា ឬមួយក៏ជៀសវាងប្រើព្រះនាមនោះទេ ក៏ប៉ុន្តែ យើងត្រូវចេះគិតថ្លឹងថ្លែងរកឱកាសសមល្អដើម្បីប្រាប់ឲ្យអ្នកដទៃស្គាល់ព្រះនាមរបស់ព្រះ។ ព្រះទ្រង់មានព្រះហឫទ័យឲ្យមនុស្សលោកទាំងឡាយស្គាល់ព្រះនាមរបស់ទ្រង់។—ទំនុក. ៨៣:១៨
៣ បុគ្គលិកលក្ខណៈរបស់ព្រះ: មនុស្សត្រូវស្គាល់បុគ្គលិកលក្ខណៈរបស់ព្រះយេហូវ៉ា ទើបពួកគេអាចសរសើរទ្រង់បាន។ យើងត្រូវជួយគេឲ្យដឹងថា ព្រះយេហូវ៉ាប្រកបទៅដោយសេចក្ដីស្រឡាញ់ដ៏អស្ចារ្យ ព្រមទាំងមានប្រាជ្ញាដ៏លើសលប់ និងទ្រង់មានយុត្ដិធម៌ពេញលេញដែរ ហើយមានគ្រប់ព្រះចេស្ដា ព្រមទាំងមានព្រះទ័យមេត្ដាករុណា សេចក្ដីសប្បុរសដ៏ស្មោះ និងគុណសម្បត្ដិដ៏អស្ចារ្យឯទៀតដែរ។ (និក្ខ. ៣៤:៦, ៧) ពួកគេក៏ត្រូវរៀនចេះកោតខ្លាចព្រះ ទាំងត្រូវគោរពទ្រង់ជាព្រះដែលគួរស្ញែងខ្លាចដោយព្រោះដឹងថា ជីវិតស្លាប់រស់របស់ពួកគេពឹងផ្អែកទៅលើការផ្គាប់ព្រះហឫទ័យរបស់ទ្រង់។—ទំនុក. ៨៩:៧
៤ ការចូលទៅជិតព្រះ: មនុស្សត្រូវអំពាវនាវរកព្រះយេហូវ៉ាដោយចិត្តជឿ ដើម្បីទទួលសេចក្ដីសង្គ្រោះពេលទ្រង់ជំនុំជំរះមនុស្សជាតិនៅពេលខាងមុខនេះ។ (រ៉ូម ១០:១៣, ១៤; ២ថែ. ១:៨) នេះរួមបញ្ចូលច្រើនជាងការគ្រាន់តែទទួលចំណេះអំពីព្រះនាមនិងបុគ្គលិកលក្ខណៈរបស់ទ្រង់ប៉ុណ្ណោះ។ យើងត្រូវជួយមនុស្សបណ្ដុះឲ្យមានទំនាក់ទំនងជិតស្និទ្ធជាមួយព្រះយេហូវ៉ា ទាំងទុកចិត្តទ្រង់អស់អំពីចិត្តរបស់ពួកគេផងដែរ។ (សុ. ៣:៥, ៦) ពួកគេនឹងមានជំនឿកាន់តែខ្លាំងឡើងៗ ពេលពួកគេអនុវត្តតាមអ្វីៗដែលគេរៀន ព្រមទាំងអធិស្ឋានទូលថ្វាយទ្រង់ដោយចិត្តស្មោះ និងពិសោធនូវជំនួយដែលទ្រង់អាចផ្ដល់ឲ្យបាន ហើយនេះនឹងជួយពួកគេឲ្យចូលកាន់តែជិតទ្រង់ថែមទៀត។—ទំនុក. ៣៤:៨
៥ ចូរឲ្យយើងប្រកាសផ្សាយនូវព្រះនាមរបស់ព្រះ ហើយជួយមនុស្សឯទៀតឲ្យមានទំនុកចិត្តទាំងស្រុងទៅលើទ្រង់ ព្រមទាំងកោតខ្លាចចំពោះទ្រង់ដែរ។ ទំរាំពេលនេះមកដល់ យើងនៅតែអាចជួយមនុស្សច្រើននាក់ទៀតឲ្យស្គាល់ព្រះយេហូវ៉ា និងសរសើរទ្រង់ជា‹ព្រះដែលជួយសង្គ្រោះ›យើង។—ទំនុក. ២៥:៥