តម្លៃខ្ពស់លើសលប់នៃប្រាជ្ញាពីព្រះ
១ មនុស្សខ្លះគិតថា ស្មរបន្ទាល់ព្រះយេហូវ៉ាគួរប្រមូលអារម្មណ៍ទៅលើការជួយដោះស្រាយបញ្ហាសង្គមសព្វថ្ងៃនេះ។ មនុស្សដែលគិតដូច្នេះគឺមិនយល់នូវតម្លៃដ៏លើសលប់នៃកិច្ចការអប់រំអំពីព្រះគម្ពីរដែលយើងកំពុងធ្វើនោះទេ។ គឺមានស្ថានភាពដូចសាវ័កប៉ុលបានសរសេរថា៖ «ដំណឹងពីឈើឆ្កាង នោះជាសេចក្ដីចំកួតដល់អស់អ្នកដែលកំពុងតែវិនាស តែជាព្រះចេស្ដានៃព្រះ ដល់យើងរាល់គ្នាដែលកំពុងតែបានសង្គ្រោះវិញ»។ (១កូ. ១:១៨) ប្រាកដហើយ យើងដឹងថាកិច្ចផ្សព្វផ្សាយរបស់យើងគឺជាកិច្ចការសំខាន់បំផុតនៅផែនដីសព្វថ្ងៃនេះ។
២ ជីវភាពល្អជាងនៅគ្រាឥឡូវនេះ: ការព្យាយាមរបស់មនុស្សដើម្បីដោះស្រាយបញ្ហាសង្គមគឺបានបង្កើតផលតែបន្ដិចទេ។ ការបង្កើតច្បាប់ផ្សេងៗមិនបានទប់ស្កាត់នូវការកើនឡើងនៃឧក្រិដ្ឋកម្ម។ សន្ធិសញ្ញាសន្ដិភាពនិងកងកម្លាំងរក្សាសន្ដិភាពមិនបានបញ្ចប់សង្គ្រាមទេ។ កម្មវិធីផ្សេងៗដែលគេបង្កើតដើម្បីលើកស្ទួយសង្គមក៏មិនបានបំបាត់ភាពក្រីក្រដែរ។ (ទំនុក. ១៤៦:៣,៤; យេ. ៨:៩) ផ្ទុយទៅវិញ សារព្រះរាជាណាចក្របានកែប្រែជីវិតរបស់មនុស្សរាប់លាននាក់ ដោយជួយពួកគេប្រដាប់ខ្លួនដោយមនុស្សថ្មីវិញដែលមានបុគ្គលិកលក្ខណៈដែលសព្វព្រះហឫទ័យព្រះ។ (រ៉ូម ១២:២; កូល. ៣:៩, ១០) ឥឡូវនេះដោយសារបានធ្វើដូច្នេះ ពួកគេមានជីវភាពប្រសើរជាង។—១ធី. ៤:៨
៣ អនាគតភ្លឺស្វាង: បន្ថែមនឹងការជួយយើងឲ្យចេះតស៊ូដោយជោគជ័យនឹងបញ្ហាសព្វថ្ងៃនេះ ប្រាជ្ញាពីព្រះក៏ជួយយើងឲ្យត្រៀមលក្ខណៈដោយជោគជ័យសំរាប់អនាគតផងដែរ។ (ទំនុក. ១១៩:១០៥) ប្រាជ្ញាពីព្រះជួយរំដោះយើងពីភាពឥតប្រយោជន៍នៃការខំកែទម្រង់របបលោកីយ៍នេះ។ (សាស. ១:១៥; រ៉ូម ៨:២០) យើងពិតជាមានកតញ្ញូធម៌ណាស់! ដែលយើងមិនខាតបង់អាយុជីវិតរបស់យើងក្នុងការខំបំពេញគោលដៅដែលគ្រាន់តែជាការយល់សប្ដិមិនអាចក្លាយជាការពិតបានឡើយ។ ផ្ទុយទៅវិញ យើងព្យាយាមផ្ដោតអារម្មណ៍លើសេចក្ដីសន្យាដ៏ពិតប្រាកដរបស់ព្រះយេហូវ៉ាដែលថា នឹងមាន«ផ្ទៃមេឃថ្មី និងផែនដីថ្មី»ដែលមានសុទ្ធតែសេចក្ដីសុចរិត។ នៅពេលថ្ងៃជំនុំជំរះរបស់ព្រះយេហូវ៉ាមកដល់ មនុស្សទាំងអស់នឹងអាចឃើញជាក់ច្បាស់ថា អ្នកដែលបានពឹងទៅលើប្រាជ្ញាពីព្រះបានធ្វើការសម្រេចចិត្តត្រឹមត្រូវមែន។—២ពេ. ៣:១០-១៣; ទំនុក. ៣៧:៣៤
៤ ទោះជាប្រាជ្ញាពីព្រះមើលទៅដូចជាមិនសមហេតុសមផលចំពោះអ្នកដែលវក់នឹង«ប្រាជ្ញារបស់លោកីយនេះ»ក៏ដោយ តាមការពិតប្រាជ្ញាពីព្រះផ្ដល់នូវរបៀបរស់នៅតែមួយគត់ដែលមានប្រយោជន៍។ (១កូ. ១:២១; ២:៦-៨) ហេតុនេះ យើងបន្តប្រកាសប្រាប់ទូទាំងផែនដីអំពីសារដែលមកពីព្រះដែល«មានប្រាជ្ញាតែ១ព្រះអង្គ»។—រ៉ូម ១៦:២៧