«ចូររក្សាខ្លួនជាមនុស្សដែលព្រះស្រឡាញ់»
១. តើសៀវភៅ«ចូររក្សាខ្លួនជាមនុស្សដែលព្រះស្រឡាញ់»បានត្រូវបោះពុម្ពឡើងក្នុងគោលបំណងអ្វី?
១ យើងពិតជាមានចិត្តរំភើបណាស់! ដោយដឹងថា យើងនឹងសិក្សាសៀវភៅថ្មីដែលមានចំណងជើងថា «ចូររក្សាខ្លួនជាមនុស្សដែលព្រះស្រឡាញ់» នៅក្នុងការសិក្សាគម្ពីរជាក្រុមជំនុំចាប់ពីសប្ដាហ៍ថ្ងៃទី២៣ ខែកុម្ភៈ។ សំបុត្រដែលគណៈអភិបាលបានសរសេរក្នុងសៀវភៅនេះ គឺសំដៅទៅបងប្អូនម្នាក់ៗដែលស្រឡាញ់ព្រះយេហូវ៉ា។ ក្នុងសំបុត្រនោះបញ្ជាក់ថា៖ «យើងពិតជាសង្ឃឹមថាសៀវភៅនេះនឹងជួយអ្នកបន្តអនុវត្តសេចក្ដីពិតក្នុងជីវិតរបស់អ្នក ហើយរក្សាខ្លួន‹ជាមនុស្សដែលព្រះស្រឡាញ់ ... ដើម្បីឲ្យបានជីវិតដែលគ្មានទីបញ្ចប់›។—យូ. ២១»។
២. តើសៀវភៅថ្មីនេះនឹងជួយយើងក្នុងរឿងអ្វីខ្លះ?
២ អ្វីដែលយើងនឹងរៀន: ស្តីអំពីការសេពគប់ ការកម្សាន្ត ការគោរពអ្នកដែលមានអំណាច របៀបរស់នៅ ការរៀបការ ពាក្យសម្ដី និងទំនៀមទម្លាប់ តើយើងអាចអនុវត្តគោលការណ៍ក្នុងគម្ពីរយ៉ាងដូចម្ដេច? សមត្ថភាពវិនិច្ឆ័យរបស់យើងនឹងទទួលការអប់រំស្របតាមខ្នាតតម្រាដ៏សុចរិតនិងខ្ពង់ខ្ពស់ដែលមានក្នុងបណ្ដាំរបស់ព្រះ។ (ទំនុក. ១៩:៧, ៨) កាលដែលយើងមានចំណេះកាន់តែច្រើនឡើងស្តីអំពីគំនិតឬទស្សនៈរបស់ព្រះយេហូវ៉ា នោះយើងនឹងស្ដាប់បង្គាប់លោកក្នុងគ្រប់ការទាំងអស់ ដោយសារយើងចង់ធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត។—សុភ. ២៧:១១; ១យ៉ូន. ៥:៣
៣. ហេតុអ្វីយើងគួរខំអស់ពីសមត្ថភាពដើម្បីចូលរួមឆ្លើយរាល់សប្ដាហ៍?
៣ តាំងចិត្តចូលរួមឆ្លើយ: ពេលអ្នករៀបចំចម្លើយ សូមមានគោលដៅដើម្បីសរសើរព្រះយេហូវ៉ាជាមួយនឹងបងប្អូនក្នុងក្រុមជំនុំ។ (ហេ. ១៣:១៥) ក្រុមជំនុំទាំងមូលនឹងសិក្សាសៀវភៅថ្មីនេះជាមួយគ្នា។ ព័ត៌មានដែលនឹងសិក្សាគឺខ្លី ហើយនេះនឹងជួយយើងមានពេលរៀបចំឲ្យបានសព្វគ្រប់។ យ៉ាងនេះ យើងនឹងមានទំនុកចិត្តដើម្បីឆ្លើយនូវអ្វីដែលយើងបានរៀន។ បើយើងរៀបចំចម្លើយយ៉ាងល្អ ហើយឆ្លើយយ៉ាងសង្ខេបតែមានន័យ នោះយើងនឹងលើកទឹកចិត្តបងប្អូនឯទៀតឲ្យមានសេចក្ដីស្រឡាញ់និងការប្រព្រឹត្តដែលល្អប្រសើរ ក៏នឹងជួយធ្វើឲ្យការសិក្សានោះមានភាពរស់រវើក ហើយមានន័យច្រើនជាង។ (ហេ. ១០:២៤) កាលដែលយើងម្នាក់ៗបង្ហាញនូវជំនឿផ្ទាល់ខ្លួន នោះយើងនឹងមានអំណរកាន់តែច្រើនឡើង។
៤. ហេតុអ្វីជាការសំខាន់ណាស់ដែលយើងស្ដាប់បង្គាប់ព្រះយេហូវ៉ា?
៤ នៅរាត្រីចុងក្រោយដែលលោកយេស៊ូនៅផែនដី លោកបានបង្ហាញថាការស្ដាប់បង្គាប់ព្រះគឺទាក់ទងគ្នានឹងការរក្សាខ្លួនជាអ្នកដែលព្រះស្រឡាញ់។ (យ៉ូន. ១៥:១០) ដោយមានជំនួយពីសៀវភៅ«ព្រះស្រឡាញ់» នោះយើងអាចតាំងចិត្តយ៉ាងរឹងមាំដើម្បីធ្វើតាមគោលការណ៍គម្ពីរក្នុងជីវិតប្រចាំថ្ងៃ និងដើម្បី«រក្សាខ្លួនជាមនុស្សដែលព្រះស្រឡាញ់»។—យូ. ២១