ចូរផ្ដល់‹ជីវិតអ្នក›ដើម្បីជួយសិស្សគម្ពីរ
១. ដើម្បីជួយសិស្សគម្ពីរ តើយើងត្រូវធ្វើអ្វី?
១ ដើម្បីជួយសិស្សគម្ពីរឲ្យរីកចម្រើនរហូតដល់គាត់ប្រគល់ខ្លួនជូនព្រះយេហូវ៉ា តម្រូវឲ្យយើងធ្វើច្រើនថែមទៀតមិនត្រឹមតែសិក្សាគម្ពីរជាមួយនឹងគាត់ជាទៀងទាត់ប៉ុណ្ណោះទេ។ សាវ័កប៉ូលបានប្រៀបធៀបទំនាក់ទំនងរបស់គាត់ជាមួយនឹងពួកអ្នកដែលគាត់បង្រៀន ទៅនឹងម្ដាយដែលបំបៅកូន ស្រឡាញ់ថ្នាក់ថ្នមកូន។ យើងក៏សប្បាយចិត្តផ្ដល់«ជីវិតយើង» ដើម្បីជួយសិស្សគម្ពីរឲ្យបណ្ដុះនូវចំណងមិត្តភាពជាមួយនឹងព្រះយេហូវ៉ាដែរ។—១ថែ. ២:៧-៩
២. ហេតុអ្វីគប្បីឲ្យយើងយកចិត្តទុកដាក់នឹងសិស្ស? តើអាចធ្វើបានយ៉ាងដូចម្ដេច?
២ ចូរយកចិត្តទុកដាក់នឹងសិស្ស: កាលដែលសិស្សគម្ពីរអនុវត្តតាមអ្វីដែលគាត់បានរៀន សមត្ថភាពវិនិច្ឆ័យរបស់គាត់នឹងជំរុញឲ្យឈប់សេពគប់ជិតស្និទ្ធជាមួយនឹងមនុស្សដែលមិនធ្វើតាមគោលការណ៍គម្ពីរ។ (១ពេ. ៤:៤) ប្រហែលជាក្រុមគ្រួសាររបស់គាត់នឹងកាត់កាល់គាត់។ (ម៉ាថ. ១០:៣៤-៣៦) យើងអាចជួយគាត់កុំឲ្យមានអារម្មណ៍កណ្ដោចកណ្ដែង ដោយយកចិត្តទុកដាក់នឹងគាត់យ៉ាងស្មោះ។ សាសនទូតដែលមានបទពិសោធន៍ម្នាក់ឲ្យយោបល់ថា៖ «ក្រោយពីសិក្សាគម្ពីរចប់ កុំប្រញាប់ចាកចេញពីផ្ទះរបស់សិស្ស។ ប្រសិនបើសមរម្យ សូមនៅសន្ទនាជាមួយនឹងគាត់បន្ដិចទៀតសិន»។ ចូរប្រុងប្រៀបជួយសិស្សរបស់អ្នក។ ជាឧទាហរណ៍ តើអ្នកអាចទូរស័ព្ទហៅ ឬទៅលេងគាត់ពេលគាត់ឈឺទេ? បើសមរម្យ តើអ្នកអាចអង្គុយជាមួយនឹងសិស្សនៅឯសាលប្រជុំ ហើយជួយមើលកូនឲ្យគាត់ផងបានទេ?
៣. តើយើងអាចជួយសិស្សគម្ពីរឲ្យទទួលការលើកទឹកចិត្តពីក្រុមជំនុំតាមរបៀបណា?
៣ ជំនួយពីក្រុមជំនុំ: ប្រសិនបើអ្នកផ្សព្វផ្សាយនៅជិតផ្ទះសិស្សគម្ពីររបស់អ្នក សូមចូលទៅលេងគាត់មួយភ្លែត ដើម្បីណែនាំឲ្យគាត់ស្គាល់បងប្អូនដែលមកផ្សាយជាមួយនឹងអ្នក។ ពេលសមរម្យ ម្ដងម្កាលអញ្ជើញអ្នកផ្សាយផ្សេងៗ ថែមទាំងអ្នកចាស់ទុំ ឲ្យចូលរួមការសិក្សាជាមួយនឹងអ្នក។ បន្ដិចក្រោយពីចាប់ផ្ដើមសិក្សា សូមលើកទឹកចិត្តសិស្សឲ្យចូលរួមកិច្ចប្រជុំនៅឯសាលប្រជុំ។ នេះនឹងជួយគាត់ឲ្យសប្បាយសេពគប់ជាមួយនឹងសមាជិកផ្សេងៗក្នុងក្រុមជំនុំ ដែលអាចក្លាយទៅជាក្រុមគ្រួសាររួមជំនឿរបស់គាត់។—ម៉ាក. ១០:២៩, ៣០; ហេ. ១០:២៤, ២៥
៤. តើយើងអាចទទួលលទ្ធផលយ៉ាងណាពីការព្យាយាមរបស់យើង?
៤ ឪពុកម្ដាយដែលខំព្យាយាមយ៉ាងនឿយហត់ដើម្បីជួយកូនឲ្យមានជំនឿរឹងមាំ គឺពិតជាអរសប្បាយមែន ពេលដែលកូនៗសម្រេចចិត្តបម្រើព្រះយេហូវ៉ានិងកាន់ខ្ជាប់តាមសេចក្ដីពិត។ (៣យ៉ូន. ៤) យើងក៏អាចមានអំណរដូចនេះដែរ កាលដែលយើងផ្ដល់ជីវិតយើង ដើម្បីជួយសិស្សគម្ពីរ។