«កុំឲ្យខ្លាចចំពោះគេឡើយ»
១. ដូចយេរេមា តើយើងប្រហែលជានឹងជួបប្រទះការពិបាកអ្វីខ្លះ?
១ ពេលយេរេមាទទួលភារកិច្ចធ្វើជាអ្នកប្រកាសទំនាយ នោះគាត់មានអារម្មណ៍ថាគាត់គ្មានសមត្ថភាពគ្រប់គ្រាន់ទេ។ ប៉ុន្តែ ព្រះយេហូវ៉ាបានពង្រឹងទំនុកចិត្តរបស់គាត់ដោយមានប្រសាសន៍ថា«កុំឲ្យខ្លាចចំពោះពួកគេឡើយ» ហើយលោកក៏បានពង្រឹងកម្លាំងរបស់គាត់ដើម្បីឲ្យគាត់បំពេញភារកិច្ចដែលបានត្រូវផ្ដល់ឲ្យ។ (យេ. ១:៦-១០) សព្វថ្ងៃនេះ ភាពអៀនប្រៀនឬការខ្វះនូវទំនុកចិត្តប្រហែលជាអាចធ្វើឲ្យយើងស្ទាក់ស្ទើរក្នុងការផ្សព្វផ្សាយ។ ជួនកាល ការភ័យខ្លាចចំពោះរបៀបដែលមនុស្សប្រហែលជានឹងតបឆ្លើយ ឬចំពោះទស្សនៈរបស់គេពេលយើងផ្សព្វផ្សាយអាចនាំឲ្យយើងមិនហ៊ានផ្សព្វផ្សាយ។ តើយើងអាចយកឈ្នះចំពោះការភ័យខ្លាចនេះតាមរបៀបណា? ហើយបើយើងអាចយកឈ្នះបាន តើយើងនឹងទទួលពរអ្វីខ្លះ?
២. ក្នុងកិច្ចផ្សព្វផ្សាយ តើការរៀបចំនឹងជួយកាត់បន្ថយការភ័យខ្លាចរបស់យើងយ៉ាងដូចម្ដេច?
២ រៀបចំទុកជាមុន: ការរៀបចំឲ្យបានគ្រប់គ្រាន់អាចជួយកាត់បន្ថយការភ័យខ្លាចរបស់យើង។ ជាឧទាហរណ៍ បើយើងរំពឹងគិតទុកជាមុនអំពីពាក្យដែលមនុស្សអាចនិយាយរារាំងការសន្ទនា នោះការរៀបចំនឹងជួយយើងឲ្យចេះឆ្លើយពេលគេនិយាយជំទាស់។ (សុភ. ១៥:២៨) ពេលសិក្សាជាក្រុមគ្រួសារអ្នកអាចរៀបចំហាត់ទុកជាមុនសម្រាប់ពេលដែលជួបនឹងការពិបាកផ្សេងៗនៅឯសាលានិងនៅក្នុងកិច្ចផ្សព្វផ្សាយ។—១ពេ. ៣:១៥
៣. តើការមានទំនុកចិត្តទៅលើព្រះយេហូវ៉ា ជួយយើងឲ្យយកឈ្នះភាពភ័យខ្លាចយ៉ាងដូចម្ដេច?
៣ ទុកចិត្តលើព្រះយេហូវ៉ា: ការទុកចិត្តលើព្រះយេហូវ៉ាជួយយើងឲ្យយកឈ្នះភាពភ័យខ្លាចរបស់យើង។ ព្រះយេហូវ៉ាបានសន្យាថាលោកនឹងជួយយើង។ (អេ. ៤១:១០-១៣) នេះជាការការពារដ៏ល្អបំផុត មែនទេ? បន្ថែមទៅទៀត លោកយេស៊ូបានពង្រឹងទំនុកចិត្តយើងថា ទោះជាយើងជួបបញ្ហាដោយមិនដឹងទុកជាមុនក៏ដោយ សកម្មពលបរិសុទ្ធរបស់ព្រះនឹងជួយឲ្យយើងផ្សព្វផ្សាយយ៉ាងល្អវិញ។ (ម៉ាក. ១៣:១១) ហេតុនេះហើយ ចូរឲ្យយើងអធិដ្ឋានសុំសកម្មពលបរិសុទ្ធពីព្រះយេហូវ៉ាជាទៀងទាត់។—លូក. ១១:១៣
៤. បើយើងបន្តផ្សព្វផ្សាយទោះជាមានការលំបាកជាច្រើនក៏ដោយ តើយើងទទួលពរអ្វីខ្លះ?
៤ ពរជាច្រើន: ពេលយើងបន្តផ្សព្វផ្សាយទោះជាមានការលំបាកក៏ដោយ នោះធ្វើឲ្យយើងមានសមត្ថភាពយកឈ្នះទុក្ខលំបាកដែលមាននៅពេលអនាគត។ យើងបណ្ដុះឲ្យមានចិត្តក្លាហាន ដែលជាគុណសម្បត្ដិរបស់មនុស្សដែលបានពេញទៅដោយសកម្មពលបរិសុទ្ធរបស់ព្រះ។ (សកម្ម. ៤:៣១) ម្យ៉ាងទៀត ពេលដែលយើងយកឈ្នះភាពភ័យខ្លាចដោយមានជំនួយពីព្រះយេហូវ៉ា យើងពង្រឹងជំនឿនិងទំនុកចិត្តរបស់យើងទៅលើលោកថានឹងការពារយើងដោយដៃឬឥទ្ធិឫទ្ធិរបស់លោក។ (អេ. ៣៣:២) យើងក៏មានអំណរនិងសុភមង្គលដោយដឹងថាយើងកំពុងធ្វើឲ្យបិតានៅស្ថានសួគ៌ពេញចិត្ត។ (១ពេ. ៤:១៣, ១៤) ដូច្នេះ ចូរឲ្យយើងប្រកាសអំពីរាជាណាចក្រដោយចិត្តក្លាហាននិងមិនភ័យខ្លាច ហើយតែងតែទុកចិត្តទៅលើជំនួយពីព្រះយេហូវ៉ាជានិច្ច!