វាលស្រូវទុំល្មមច្រូតហើយ
១. តើកិច្ចការសំខាន់អ្វីកំពុងត្រូវបំពេញនៅសព្វថ្ងៃនេះ?
១ ក្រោយពីផ្សព្វផ្សាយដល់ស្ត្រីសាសន៍សាម៉ារី លោកយេស៊ូបានប្រាប់ពួកអ្នកកាន់តាមលោកថា៖ «ចូរងើយភ្នែកមើលវាលស្រូវ ឃើញថាស្រូវនោះទុំល្មមច្រូតហើយ»។ (យ៉ូន. ៤:៣៥, ៣៦) កិច្ចការប្រមូលផលដែលកើតឡើងពេលនោះសំដៅទៅលើការប្រមូលអស់អ្នកដែលព្រមស្ដាប់តាមប្រសាសន៍របស់ព្រះ ហើយលោកយេស៊ូជ្រាបថាកិច្ចការនេះនឹងមាននៅទូទាំងពិភពលោក។ ទោះជាលោកយេស៊ូនៅស្ថានសួគ៌ក៏ដោយ ក៏លោកនៅតែរួមចំណែកយ៉ាងច្រើនក្នុងការប្រមូលផលនេះដែរ។ (ម៉ាថ. ២៨:១៩, ២០) តើអ្វីបង្ហាញថាកិច្ចការនេះកំពុងរីកចម្រើនហើយកាន់តែលឿនកាលដែលទីបញ្ចប់មកកាន់តែជិតនោះ?
២. តើអ្វីបង្ហាញថាកិច្ចការប្រមូលផលទូទាំងពិភពលោកកំពុងរីកចម្រើនហើយកាន់តែលឿននោះ?
២ ការប្រមូលផលទូទាំងពិភពលោក: ក្នុងអំឡុងឆ្នាំកិច្ចបម្រើ២០០៩ ចំនួនអ្នកផ្សាយនៅទូទាំងពិភពលោកបានកើនចំនួន៣,២ភាគរយ។ នៅប្រទេសដែលមានបម្រាមលើកិច្ចការផ្សព្វផ្សាយមានការរីកចម្រើន១៤ភាគរយ។ តាមសេចក្ដីរាយការណ៍ប្រចាំខែ ចំនួនសិស្សគម្ពីរមានជាង៧.៦១៩.០០០នាក់។ នេះគឺច្រើនជាងចំនួននៃអ្នកផ្សព្វផ្សាយ ហើយក៏ច្រើនជាងចំនួននៃសិស្សគម្ពីរនៅឆ្នាំមុនជិត៥០០.០០០នាក់ដែរ។ ដោយសារកិច្ចការផ្សព្វផ្សាយកំពុងរីកចម្រើនយ៉ាងលឿននៅប្រទេសផ្សេងៗជាច្រើន នោះមានការស្នើសុំកាន់តែច្រើនឲ្យបានសាសនទូតដែលបានទទួលការបង្ហាត់បង្រៀននៅសាលាគីលាត។ ក្នុងប្រទេសជាច្រើន កិច្ចការផ្សព្វផ្សាយដល់មនុស្សដែលនិយាយភាសាផ្សេងបានបង្កើតផលដ៏ច្រើនក្រៃលែង។ នេះបញ្ជាក់ឲ្យឃើញច្បាស់ថាព្រះយេហូវ៉ាកំពុងធ្វើឲ្យកិច្ចការប្រមូលផលក្នុងអំឡុងគ្រាចុងក្រោយបង្អស់នេះជឿនទៅមុខ។ (អេ. ៦០:២២) តើអ្នកមានចិត្តគំនិតត្រឹមត្រូវចំពោះ«វាលស្រូវ»ឬតំបន់ផ្សាយរបស់អ្នកឬទេ?
៣. តើអ្នកផ្សាយខ្លះប្រហែលជាសន្និដ្ឋានយ៉ាងណាអំពីតំបន់ផ្សាយរបស់ពួកគេ?
៣ ការប្រមូលផលនៅតំបន់របស់អ្នក: «តំបន់ផ្សាយរបស់ខ្ញុំមិនសូវបង្កើតផលប៉ុន្មានទេ» អ្នកខ្លះប្រហែលជានិយាយដូច្នេះ។ ពិតមែនហើយ ប្រហែលតំបន់ខ្លះមើលទៅដូចជាមិនបង្កើតផលដូចតំបន់ឯទៀត ឬក៏មិនបង្កើតផលដូចពីមុនទេ។ ដូច្នេះ អ្នកផ្សាយខ្លះប្រហែលជាសន្និដ្ឋានថាពួកគេបានប្រមូលមនុស្សសឹងតែទាំងអស់ដែលនឹងស្ដាប់តាមដំណឹងល្អ ក៏គិតថាឥឡូវ មនុស្សដែលត្រូវប្រមូលនៅតំបន់នោះមានសល់តែបន្ដិចបន្តួចទេ។ តើពិតជាដូច្នេះមែនទេ?
៤. តើយើងគួរបណ្ដុះឲ្យមានចិត្តគំនិតបែបណាចំពោះកិច្ចបម្រើផ្សាយរបស់យើង? ហើយហេតុអ្វី?
៤ តាំងពីគ្រាចាប់ផ្ដើមរហូតដល់ពេលបង្ហើយនៃការប្រមូលផល នោះគឺជាពេលឲ្យយើងខំប្រឹងប្រែងយ៉ាងខ្លាំង។ សូមកត់សម្គាល់ពាក្យរបស់លោកយេស៊ូអំពីគ្រាបន្ទាន់នេះថា៖ «ផលដំណាំដែលត្រូវប្រមូលមានច្រើនមែន តែកម្មករមានតិចទេ។ ដូច្នេះ ចូរអង្វរសុំម្ចាស់នៃកិច្ចការប្រមូលផលដំណាំ ចាត់កម្មករថែមទៀតឲ្យចូលរួមកិច្ចការរបស់លោក»។ (ម៉ាថ. ៩:៣៧, ៣៨) ព្រះយេហូវ៉ាជាម្ចាស់នៃកិច្ចការប្រមូលផល ហើយលោកជាអ្នកសម្រេចថាត្រូវបង្កើតផលនៅពេលណានិងនៅកន្លែងណា។ (យ៉ូន. ៦:៤៤; ១កូ. ៣:៦-៨) តើយើងមានភារកិច្ចអ្វី? គម្ពីរឆ្លើយថា៖ «នៅពេលព្រឹក ចូរសាបព្រោះពូជរបស់ឯងចុះ ហើយនៅពេលល្ងាចកុំឲ្យទប់ដៃឯងឡើយ»។ (សាស្ដ. ១១:៤-៦) ពិតមែនហើយ ពេលដែលកិច្ចការប្រមូលផលកំពុងឈានដល់ទីបញ្ចប់ នោះមិនមែនជាពេលឲ្យយើងទប់ដៃទេ!
៥. ទោះបីជាតំបន់ផ្សាយរបស់យើងមើលទៅដូចជាមិនបង្កើតផលក្ដី ហេតុអ្វីយើងគួរបន្តផ្សព្វផ្សាយដោយចិត្តខ្នះខ្នែង?
៥ ចូរបន្តប្រមូលផល: ទោះបីជាតំបន់ផ្សាយរបស់យើងបានត្រូវផ្សព្វផ្សាយច្រើនដងហើយ និងមើលទៅដូចជាមិនបង្កើតផលក៏ដោយ ក៏យើងត្រូវបន្តបង្ហាញចិត្តខ្នះខ្នែងនិងជឿជាក់ថានេះជាគ្រាបន្ទាន់ដែរ។ (២ធី. ៤:២) ដោយសារមានភាពជ្រួលច្របល់យ៉ាងខ្លាំងនៅក្នុងពិភពលោក នោះអាចធ្វើឲ្យមនុស្សផ្លាស់ប្ដូរចិត្តគំនិត ហើយគិតច្រើនជាងអំពីអនាគត។ ពេលដែលយុវជនមានអាយុកាន់តែច្រើន ប្រហែលជាពួកគេចាប់ផ្ដើមគិតចង់ស្វែងរកសន្ដិសុខនិងភាពស្ងប់សុខក្នុងគំនិត។ មនុស្សខ្លះទៀត ប្រហែលជាស្ងើចសរសើរយើង ដោយសារយើងតស៊ូព្យាយាម។ អ្នកដែលពីមុនមិនស្ដាប់អ្វីដែលយើងផ្សព្វផ្សាយ ប្រហែលជានឹងស្ដាប់យើងវិញនៅពេលអនាគត។ សូម្បីតែពួកអ្នកដែលមិនព្រមស្ដាប់ការផ្សព្វផ្សាយរបស់យើង ក៏យើងគួរទៅព្រមានពួកគេដែរ។—អេស. ២:៤, ៥; ៣:១៩
៦. បើតំបន់ផ្សាយរបស់យើងពិបាកផ្សព្វផ្សាយ តើអ្វីនឹងជួយយើងឲ្យនៅតែមានចិត្តខ្នះខ្នែង?
៦ បើតំបន់ផ្សាយរបស់យើងពិបាកផ្សព្វផ្សាយ តើអ្វីនឹងជួយយើងឲ្យបន្តខ្នះខ្នែងជានិច្ច? ក្រៅពីការផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ យើងក៏អាចផ្សព្វផ្សាយតាមវិធីផ្សេងទៀតដែរ ដូចជាផ្សព្វផ្សាយនៅតំបន់ពាណិជ្ជកម្ម ឬតាមទូរស័ព្ទជាដើម។ ម្យ៉ាងទៀតយើងក៏អាចផ្លាស់ប្ដូរពាក្យផ្សាយរបស់យើងដើម្បីមានអ្វីថ្មីដែលយើងអាចប្រើក្នុងបំណងទាក់ទាញចំណាប់អារម្មណ៍របស់ម្ចាស់ផ្ទះ។ យើងក៏ប្រហែលជាអាចផ្លាស់ប្ដូរកាលវិភាគរបស់យើងដើម្បីទៅផ្សព្វផ្សាយនៅពេលល្ងាចនិងពេលផ្សេងទៀតដែលមនុស្សភាគច្រើននៅផ្ទះ ឬយើងអាចរៀនភាសាថ្មីដើម្បីផ្សព្វផ្សាយដំណឹងល្អដល់មនុស្សឲ្យបានច្រើនជាង។ យើងប្រហែលជាអាចពង្រីកកិច្ចផ្សព្វផ្សាយរបស់យើងដោយធ្វើជាអ្នកត្រួសត្រាយពេញពេល។ ណាមួយទៀតយើងអាចផ្លាស់ប្ដូរលំនៅទៅកន្លែងដែលត្រូវការអ្នកផ្សព្វផ្សាយច្រើនជាង។ បើយើងមានចិត្តគំនិតត្រឹមត្រូវចំពោះការប្រមូលផលនេះ យើងនឹងខំប្រឹងព្យាយាមរួមចំណែកយ៉ាងពេញលេញក្នុងកិច្ចការដ៏សំខាន់នេះតាមដែលអាចធ្វើទៅបាន។
៧. តើយើងគួរបន្តប្រមូលផលរហូតដល់ពេលណា?
៧ កសិករមានពេលកំណត់ក្នុងការប្រមូលផល ដូច្នេះពួកគេមិនបង្អង់ឬក៏បន្ថយសកម្មភាពរបស់ខ្លួនរហូតដល់បង្ហើយកិច្ចការនោះទេ។ ការប្រមូលផលក្នុងកិច្ចបម្រើព្រះក៏តម្រូវឲ្យខំប្រឹងប្រែងដូច្នេះដែរ។ តើយើងគួរបន្តប្រមូលផលរហូតដល់ពេលណា? គឺក្នុងអំឡុង«គ្រាចុងបញ្ចប់នៃរបៀបរបបពិភពលោកនេះ» និងបន្តដល់«ទីបញ្ចប់»។ (ម៉ាថ. ២៤:១៤; ២៨:២០) យើងចង់បង្ហើយកិច្ចការដែលត្រូវបានផ្ដល់ឲ្យយើង ដូចលោកយេស៊ូដែលជាអ្នកបម្រើដ៏ប្រសើរបំផុតរបស់ព្រះយេហូវ៉ា។ (យ៉ូន. ៤:៣៤; ១៧:៤) ចូរឲ្យយើងបន្តបំពេញកិច្ចបម្រើរបស់យើងដោយចិត្តខ្នះខ្នែង ដោយអំណរ និងដោយមានទស្សនៈត្រឹមត្រូវរហូតដល់ទីបញ្ចប់។ (ម៉ាថ. ២៤:១៣) ការប្រមូលផលមិនទាន់ចប់នៅឡើយទេ!
[រូបភាពនៅទំព័រ២]
តាំងពីគ្រាចាប់ផ្ដើមរហូតដល់ពេលបង្ហើយនៃការប្រមូលផល នោះគឺជាពេលឲ្យយើងខំប្រឹងប្រែងយ៉ាងខ្លាំង