អ្វីៗដ៏អស្ចារ្យដែលព្រះបានបង្កើតបង្ហាញសិរីរុងរឿងរបស់លោក
មនុស្សជាច្រើនចូលចិត្តសង្កេតមើលធម្មជាតិ។ ប៉ុន្តែ មានមនុស្សតិចណាស់ដែលដឹងថាក្នុងធម្មជាតិបង្ហាញឲ្យឃើញនូវគំនិតនិងអារម្មណ៍របស់ព្រះជាអ្នកបង្កើត។ (រ៉ូម ១:២០) នៅសម័យបុរាណ ដាវីឌបានរៀនអំពីព្រះយេហូវ៉ាតាមរយៈបណ្ដាំដែលលោកបានដឹកនាំឲ្យសរសេរ។ ប៉ុន្តែ ដាវីឌក៏បាន«ឃើញ»ព្រះយេហូវ៉ា ហើយចូលទៅជិតលោក តាមរយៈការសង្កេតមើលអ្វីៗដែលលោកបានបង្កើត។ (ទំនុក. ៨:៣, ៤) មានវីដេអូមួយមានចំណងជើងថាអ្វីៗដ៏អស្ចារ្យដែលព្រះបានបង្កើតបង្ហាញសិរីរុងរឿងរបស់លោក។ វីដេអូនេះជួយយើង កូនៗរបស់យើង និងសិស្សគម្ពីររបស់យើង ឲ្យពិនិត្យមើលយ៉ាងយកចិត្តទុកដាក់នូវអ្វីៗដែលព្រះយេហូវ៉ាបានបង្កើត។ តាមរយៈវីដេអូនេះ យើងអាចឃើញគុណសម្បត្ដិនិងបុគ្គលិកលក្ខណៈរបស់ព្រះជាអ្នកបង្កើតដ៏ឧត្តម។ ជាលទ្ធផល យើង កូនៗ និងសិស្សគម្ពីរអាចមានចំណងមិត្តភាពកាន់តែជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ា។ ក្រោយពីបងប្អូនទស្សនាវីដេអូនេះ សូមសាកឆ្លើយសំណួរខាងក្រោមនេះ។
(១) តើទំហំនិងរបៀបរៀបរយក្នុងសកលលោកជួយឲ្យយើងមានអំណរគុណកាន់តែខ្លាំងចំពោះព្រះយេហូវ៉ាយ៉ាងដូចម្ដេច? (អេ. ៤០:២៦) (២) ពេលយើងពិនិត្យមើលល្អិតល្អន់អំពីទឹក តើយើងអាចរៀនអ្វីខ្លះអំពីព្រះ? (បប. ១៤:៧) (៣) តើទំហំផែនដីនិងចម្ងាយពីផែនដីទៅព្រះអាទិត្យបង្ហាញយ៉ាងណានូវប្រាជ្ញារបស់ព្រះយេហូវ៉ា? (៤) តើព្រះច័ន្ទមានតួនាទីអ្វីសម្រាប់ផែនដី? (ទំនុក. ៨៩:៣៧) (៥) តើព្រះយេហូវ៉ាបានគ្រោងបង្កើតមនុស្សជាតិឲ្យរីករាយនឹងជីវិតយ៉ាងដូចម្ដេច? (៦) តើឌីអេនអេជាអ្វី? (ទំនុក. ១៣៩:១៦) (៧) ក្នុងចំណោមអ្វីៗដែលព្រះយេហូវ៉ាបានបង្កើតនៅផែនដី តើមនុស្សជាតិខុសប្លែកយ៉ាងដូចម្ដេច? (លោ. ១:២៦) (៨) តើអ្នកទន្ទឹងចាំអ្វីខ្លះនៅក្នុងពិភពលោកថ្មី?
កម្មវិធីបន្ថែម: (៩) តើពណ៌មកពីណា? (១០) តើទឹកឈ្នះទំនាញផែនដី ដោយនាំសារធាតុចិញ្ចឹមពីឫសឡើងរហូតដល់ស្លឹកដែលខ្ពស់ជាងគេតាមរបៀបណា? (១១) តើទឹកមានតួនាទីសំខាន់យ៉ាងណាក្នុងរូបកាយរបស់យើង? (១២) សូមលើកឧទាហរណ៍ខ្លះៗអំពីជីវិតទាំងឡាយដែលរស់នៅសមស្របតាមអ្វីដែលបានគ្រោងបង្កើត។ (១៣) តើសត្វនានាចេះសហការគ្នាយ៉ាងដូចម្ដេច? (១៤) តើអ្វីជា«មុមពិសេស» ហើយមុមនេះបានត្រូវឃើញយ៉ាងដូចម្ដេចក្នុងធម្មជាតិ?
«ចូរសង្កេតមើល»អ្វីៗដែលព្រះយេហូវ៉ាបានបង្កើត: លោកយេស៊ូបានលើកទឹកចិត្តយើងឲ្យ«សង្កេតមើលសត្វស្លាបនៅលើមេឃ» ហើយ«ទាញយកមេរៀនពីរបៀបដែលផ្កានៅឯវាលដុះឡើង»។ (ម៉ាថ. ៦:២៦, ២៨) បើយើងធ្វើដូច្នោះ នោះនឹងជួយយើងឲ្យមានជំនឿកាន់តែរឹងមាំ មានទំនុកចិត្តកាន់តែខ្លាំងទៅលើអ្នកបង្កើត ព្រមទាំងឲ្យតម្លៃកាន់តែខ្លាំងឡើងទៅលើប្រាជ្ញា ឫទ្ធានុភាព និងសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ា។ ជាជាងឲ្យអ្វីៗក្នុងពិភពលោកនេះបំបែរអារម្មណ៍យើង សូមឲ្យយើងចំណាយពេលនិងព្យាយាមសង្កេតមើលអ្វីៗដ៏អស្ចារ្យដែលព្រះយេហូវ៉ាបានបង្កើត ហើយរំពឹងគិតអំពីអ្វីទាំងនោះដើម្បីឲ្យយើងស្គាល់ព្រះកាន់តែច្បាស់។—ទំនុក. ១៩:១