ការផ្សព្វផ្សាយអស់១០០ឆ្នាំអំពីរាជាណាចក្រព្រះ!
១. ជិត១០០ឆ្នាំមុន តើរាស្ត្ររបស់ព្រះយេហូវ៉ាបានត្រូវលើកទឹកចិត្តឲ្យធ្វើអ្វី?
១ កាលពីជិត១០០ឆ្នាំមុន បងប្រុសរ៉ូធើហ្វឺតបានប្រកាសពាក្យដែលគួរឲ្យជំរុញចិត្តថា៖ «មើល! ស្តេចគ្រប់គ្រងហើយ! អ្នករាល់គ្នាជាអ្នកផ្សព្វផ្សាយអំពីរាជាណាចក្ររបស់លោក។ ដូច្នេះ ចូរផ្សាយ ចូរផ្សាយ ចូរផ្សាយអំពីស្តេចនិងរាជាណាចក្ររបស់លោក»។ ពាក្យរបស់គាត់ពិតជាបានលើកទឹកចិត្តអ្នកបម្រើព្រះយេហូវ៉ាឲ្យផ្សាយដំណឹងអំពីរាជាណាចក្រព្រះដល់ទីជិតឆ្ងាយ។ យើងបានសម្រេចកិច្ចការទាំងនោះមែន! ដូចគ្រិស្តសាសនិកសម័យដើម យើងបានប្រកាសដំណឹងល្អអំពីរាជាណាចក្រដល់«មនុស្សទាំងអស់នៅក្រោមមេឃ»។ (កូឡ. ១:២៣) ពេលគិតអំពី១០០ឆ្នាំមុន តើយើងបានធ្វើអ្វីខ្លះដើម្បីផ្សព្វផ្សាយអំពីរាជាណាចក្រព្រះ? កាលដែលជិតមកដល់ពេលដែលរាជាណាចក្រព្រះបានគ្រប់គ្រងអស់១០០ឆ្នាំ តើយើងអាចបន្តផ្សព្វផ្សាយយ៉ាងដូចម្ដេច?
២. តើតាមរបៀបណាសៀវភៅរបស់យើងបានលើកតម្កើងរាជាណាចក្រព្រះ?
២ អ្វីដែលយើងបានធ្វើហើយ: អស់ជាច្រើនទសវត្សរ៍មកហើយដែលសៀវភៅរបស់យើងបានលើកតម្កើងរាជាណាចក្រព្រះ។ ចាប់តាំងពីឆ្នាំ១៩៣៩ ទស្សនាវដ្ដីសំខាន់របស់យើងមានឈ្មោះថាទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា។ ទស្សនាវដ្ដីនេះច្រើនតែពិគ្រោះអំពីរាជាណាចក្រ និងអំពីអ្វីដែលរាជាណាចក្របានសម្រេច។ ចំណែកឯទស្សនាវដ្ដីភ្ញាក់រឭក! (Awake!) ក៏បានលើកបញ្ជាក់អំពីរាជាណាចក្រព្រះដែលជាសេចក្ដីសង្ឃឹមតែមួយគត់សម្រាប់មនុស្សជាតិដែរ។ ដូច្នេះ ជាការសមត្រឹមត្រូវដែលនៅសព្វថ្ងៃ ទស្សនាវដ្ដីទាំងពីរនេះបានត្រូវបកប្រែនិងចែកចាយច្រើនបំផុតលើពិភពលោក!—បប. ១៤:៦
៣. តើយើងធ្លាប់ប្រើវិធីអ្វីខ្លះក្នុងការផ្សាយអំពីរាជាណាចក្រព្រះ?
៣ អ្នកបម្រើព្រះយេហូវ៉ាបានប្រើវិធីផ្សេងៗក្នុងការផ្សាយអំពីរាជាណាចក្រព្រះ។ នៅសម័យមុន យើងធ្លាប់ប្រើវិធីដូចជា ឡានបំពងសម្លេង ប៉ុស្តិ៍វិទ្យុ និងម៉ាស៊ីនចាក់ថាសសំឡេងយួរដៃជាដើម។ វិធីទាំងនោះបានជួយយើងឲ្យផ្សាយដំណឹងល្អដល់មនុស្សជាច្រើន ទោះជានៅពេលនោះមានអ្នកផ្សាយរាជាណាចក្រតែមួយចំនួនតូចក៏ដោយ។ (ទំនុក. ១៩:៤) ប៉ុន្តែនៅឆ្នាំថ្មីៗនេះ អង្គការយើងបានបញ្ចូលព័ត៌មានផ្សេងៗក្នុងគេហទំព័រjw.org ហើយការរៀបចំនោះបានជួយផ្សាយអំពីរាជាណាចក្រព្រះដល់មនុស្សរាប់លាននាក់ រួមបញ្ចូលអ្នកដែលរស់នៅក្នុងប្រទេសដែលដាក់បម្រាមលើកិច្ចការរបស់យើងដែរ។
៤. តើយើងធ្លាប់ប្រើវិធីផ្សព្វផ្សាយពិសេសអ្វីខ្លះ?
៤ អ្នកបម្រើព្រះយេហូវ៉ាក៏បានប្រើវិធីផ្សព្វផ្សាយពិសេសដើម្បីផ្សាយដំណឹងរាជាណាចក្រដែរ។ ជាឧទាហរណ៍ នៅចន្លោះឆ្នាំ១៩៩៤និងឆ្នាំ១៩៩៦ ក្រៅពីផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ យើងខំព្យាយាមផ្សព្វផ្សាយតាមសួនសាធារណៈ ចំណតឡានម៉ូតូ និងតំបន់ជំនួញជាដើម។ នៅពេលថ្មីៗនេះ យើងបានរៀបចំឲ្យមានការផ្សព្វផ្សាយពិសេសជាសាធារណៈនៅក្រុងធំៗទូទាំងពិភពលោក។ បន្ថែមទៅទៀត ក្រុមជំនុំជាច្រើនបានចូលរួមក្នុងការផ្សព្វផ្សាយជាសាធារណៈនៅតាមតំបន់ផ្សាយរបស់ពួកគេ ដោយប្រើរទេះរុញនិងតុដើម្បីដាក់តាំងសៀវភៅផ្សេងៗរបស់អង្គការយើង នៅកន្លែងដែលមានមនុស្សជាច្រើនដើរឆ្លងកាត់។ ទោះជាយ៉ាងនោះក្ដី យើងនៅតែបន្តផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយដដែល ព្រោះនោះជាវិធីដ៏សំខាន់ក្នុងការផ្សាយអំពីរាជាណាចក្រព្រះ។—សកម្ម. ២០:២០
៥. នៅឆ្នាំកិច្ចបម្រើថ្មីខាងមុខនេះ តើយើងជាច្រើននាក់នឹងមានឱកាសធ្វើអ្វីខ្លះ?
៥ អ្វីដែលយើងចង់សម្រេច: នៅខែកញ្ញាដើមឆ្នាំកិច្ចបម្រើថ្មី មានបងប្អូនជាច្រើននាក់នឹងចាប់ផ្ដើមធ្វើជាអ្នកត្រួសត្រាយពេញពេល។ តើអ្នកអាចធ្វើជាអ្នកត្រួសត្រាយដូចពួកគេដែរឬទេ? បើមិនអាចធ្វើបានទេ ម្ដងម្កាល អ្នកអាចចុះឈ្មោះធ្វើជាអ្នកត្រួសត្រាយជំនួយ។ ទោះជាអ្នកអាចធ្វើជាអ្នកត្រួសត្រាយបានឬមិនបានក៏ដោយ ព្រះយេហូវ៉ាប្រាកដជាផ្ដល់ពរដល់អ្នកចំពោះការលះបង់ណាក៏ដោយដែលអ្នកបានធ្វើដើម្បីចូលរួមយ៉ាងពេញលេញក្នុងការផ្សាយអំពីរាជាណាចក្រព្រះ។—ម៉ាឡ. ៣:១០
៦. ហេតុអ្វីខែតុលា ឆ្នាំ២០១៤ នឹងទៅជាខែដ៏ពិសេស?
៦ នៅខែតុលា ឆ្នាំ២០១៤ គឺគម្រប់១០០ឆ្នាំនៃការគ្រប់គ្រងរបស់រាជាណាចក្រព្រះ។ ដូច្នេះជាការសមត្រឹមត្រូវ ដែលទស្សនាវដ្ដីប៉មយាមសម្រាប់ផ្សព្វផ្សាយក្នុងខែនោះផ្ដោតទៅលើរាជាណាចក្ររបស់ព្រះ។ សូមយើងព្យាយាមចែកទស្សនាវដ្ដីនោះឲ្យបានច្រើនបំផុត។ កាលដែលយើងគិតអំពីថ្ងៃខាងមុខ សូមឲ្យយើងម្នាក់ៗបន្ត«ប្រកាសដំណឹងល្អអំពីរាជាណាចក្ររបស់ព្រះ»ដល់មនុស្សទាំងអស់ដែលស្ដាប់យើង។—សកម្ម. ៨:១២