ចូរយកតម្រាប់តាមណាហ៊ុមជាអ្នកប្រកាសទំនាយ
១. តើយើងអាចទាញមេរៀនអ្វីពីទំនាយរបស់ណាហ៊ុម?
១ សព្វថ្ងៃនេះ ក្រុងនីនីវេសម័យបុរាណនៅសល់តែសំណង់បាក់បែកទេ។ នេះផ្ដល់ភ័ស្តុតាងថា ព្រះយេហូវ៉ាសងសឹកពួកសត្រូវរបស់លោក ហើយសូម្បីតែសត្រូវដ៏កាចសាហាវបំផុត ក៏មិនអាចតតាំងនឹងព្រះយេហូវ៉ាបានដែរ ដូចបានត្រូវបញ្ជាក់ក្នុងទំនាយរបស់ណាហ៊ុមមែន។ (ណា. ១:២, ៦) ដូច្នេះ ដោយពិនិត្យមើលយ៉ាងល្អិតល្អន់នូវទំនាយដែលណាហ៊ុមបានកត់ទុកនេះ យើងអាចទាញមេរៀនសម្រាប់កិច្ចបម្រើផ្សាយ។
២. តើតាមរបៀបណាយើងអាចផ្ដល់សេចក្ដីសង្ឃឹមនិងការសម្រាលទុក្ខដល់មនុស្ស?
២ ផ្ដល់សេចក្ដីសង្ឃឹមនិងការសម្រាលទុក្ខ: ពេលអានដំបូង សៀវភៅណាហ៊ុមមើលទៅដូចជារៀបរាប់តែអំពីការប្រកាសសេចក្ដីហិនវិនាសទាស់នឹងក្រុងនីនីវេ ដែលជារាជធានីដ៏ចម្រុងចម្រើននិងជាទីមោទនភាពរបស់ស្រុកអាសស៊ើរសម័យបុរាណ។ (ណា. ១:១; ៣:៧) ប៉ុន្តែ ការប្រកាសនេះបានទៅជាដំណឹងល្អសម្រាប់អ្នកបម្រើព្រះយេហូវ៉ាវិញ។ ឈ្មោះណាហ៊ុមមានន័យថា«អ្នកសម្រាលទុក្ខ»។ ណាហ៊ុមបានពង្រឹងទំនុកចិត្តពួកយូដាដែលជាជនរួមជាតិថា មិនយូរទៀតសត្រូវរបស់ពួកគេនឹងត្រូវបំផ្លាញចោល! បន្ថែមទៅទៀត ណាហ៊ុមបានបញ្ជាក់ថា ព្រះយេហូវ៉ាជា«ទីពឹងមាំមួននៅគ្រាលំបាក»។ (ណា. ១:៧) កាលដែលយើងផ្សព្វផ្សាយ យើងក៏ផ្សាយអំពីដំណឹងល្អ ហើយលើកទឹកចិត្តមនុស្សឲ្យយកព្រះយេហូវ៉ាជាទីពឹងផ្អែកដែរ។—ណា. ១:១៥
៣. តើតាមរបៀបណាយើងអាចយកតម្រាប់តាមណាហ៊ុមក្នុងការប្រើឧទាហរណ៍?
៣ ប្រើឧទាហរណ៍: ព្រះយេហូវ៉ាបានដឹកនាំឲ្យណាហ៊ុមប្រើឧទាហរណ៍ ដោយប្រៀបធៀបទីបញ្ចប់នៃក្រុងនីនីវេ ទៅនឹងទីបញ្ចប់នៃក្រុងនរអាម៉ូនរបស់ពួកជនជាតិអេស៊ីប ដែលពួកអាសស៊ើរបានបំផ្លាញចោល។ (ណា. ៣:៨-១០) ដូច្នេះ ពេលយើងផ្សាយដល់មនុស្សម្នាក់ៗអំពីទីបញ្ចប់នៃរបៀបរបបពិភពលោកដ៏អាក្រក់នេះ យើងអាចលើកឧទាហរណ៍ពីទំនាយក្នុងគម្ពីរ ដែលបញ្ជាក់ថាព្រះយេហូវ៉ានឹងធ្វើតាមប្រសាសន៍ទាំងអស់របស់លោក។ ឧទាហរណ៍មួយ ពេលដែលពួកបាប៊ីឡូននិងពួកមេឌី បានច្បាំងដណ្ដើមយកក្រុងនីនីវេនៅឆ្នាំ៦៣២ មុនគ.ស. នៅពេលនោះមានភ្លៀងធ្លាក់យ៉ាងខ្លាំង បានបណ្ដាលឲ្យទន្លេទីហ្គ្រីសជន់លិច ហើយបានធ្វើឲ្យកំពែងដ៏មាំនៃក្រុងនោះរលំបាក់អស់មួយផ្នែក។ ភ្លាមនោះ ក្រុងនីនីវេបានត្រូវគេដណ្ដើមយក ដូចជាព្រះយេហូវ៉ាបានប្រកាសទុកជាមុនមែន។—ណា. ១:៨; ២:៦
៤. តើយើងអាចនិយាយចំៗនិងស្រួលយល់ក្នុងកិច្ចបម្រើផ្សាយយ៉ាងដូចម្ដេច?
៤ និយាយចំៗនិងស្រួលយល់: សំណេរដែលមានក្នុងសៀវភៅណាហ៊ុមបានត្រូវសរសេរយ៉ាងក្បោះក្បាយនិងរស់រវើក។ ចំណុចដែលគាត់លើកឡើងគឺចំៗ។ (ណា. ១:១៤; ៣:១) ស្រដៀងគ្នាដែរ យើងចង់និយាយសម្ដីដែលអ្នកឯទៀតស្រួលយល់។ (១កូ. ១៤:៩) នៅពេលយើងជួបគេលើកដំបូង យើងចង់ពន្យល់ពួកគេយ៉ាងចំៗអំពីមូលហេតុដែលយើងមកលេង។ កាលដែលយើងបង្រៀនសិស្សគម្ពីរ យើងចង់ជួយពួកគេបណ្ដុះជំនឿទៅលើព្រះយេហូវ៉ានិងបណ្ដាំរបស់លោក ហើយជួយពួកគេឲ្យយល់អំពីរបៀបដែលព័ត៌មាននោះទាក់ទងនឹងពួកគេផ្ទាល់។—រ៉ូម ១០:១៤
៥. តើយើងបានទទួលការសម្រាលទុក្ខអ្វីពីទំនាយរបស់ណាហ៊ុម?
៥ ក្នុងសៀវភៅណាហ៊ុម យើងអាចឃើញច្បាស់ថា ណាហ៊ុមមានទំនុកចិត្តថាប្រសាសន៍របស់ព្រះយេហូវ៉ានឹងកើតឡើងពិតប្រាកដមែន។ កាលដែលទីបញ្ចប់នៃរបៀបរបបពិភពលោករបស់សាថានជិតមកដល់ យើងទទួលការសម្រាលទុក្ខពីសេចក្ដីប្រកាសរបស់ព្រះ ដែលថា៖ «សេចក្ដីទុក្ខវេទនានឹងមិនកើតឡើងដល់ទៅ២ដងទេ»។—ណា. ១:៩