«ចូរចូលទៅជិតព្រះ ហើយលោកនឹងចូលមកជិតអ្នក»។—យ៉ាកុប ៤:៨
តើព្រះពិតជាស្ដាប់សេចក្ដីអធិដ្ឋានរបស់យើងឬទេ?
តើអ្នកធ្លាប់ឆ្ងល់ថា តើព្រះស្ដាប់សេចក្ដីអធិដ្ឋានរបស់អ្នកឬទេ? មិនមែនតែអ្នកទេដែលធ្លាប់ឆ្ងល់ដូចនេះ។ មនុស្សជាច្រើនបានអធិដ្ឋានទៅព្រះអំពីបញ្ហាមួយចំនួន ប៉ុន្តែបញ្ហារបស់ពួកគេនៅតែមាន។ តើនេះមានន័យថា ព្រះមិនអើពើនឹងសេចក្ដីអធិដ្ឋានរបស់យើងឬ? មិនមែនទេ! គម្ពីរបញ្ជាក់ថាព្រះស្ដាប់យើង នៅពេលដែលយើងអធិដ្ឋានទៅលោកតាមរបៀបត្រឹមត្រូវ។ សូមពិចារណាអ្វីដែលគម្ពីរបានចែងអំពីរឿងនេះ។
ព្រះកំពុងស្ដាប់អ្នក។
«ឱព្រះដែលស្ដាប់សេចក្ដីអធិដ្ឋាន មនុស្សគ្រប់ប្រភេទនឹងមកឯលោក»។—ចម្រៀងសរសើរព្រះ ៦៥:២
មនុស្សខ្លះអធិដ្ឋានដោយសារនេះនាំឲ្យពួកគេមានអារម្មណ៍ធូរស្បើយ ទោះជាពួកគេមិនជឿថាមាននរណាស្ដាប់ក៏ដោយ។ ប៉ុន្តែយើងមិនអធិដ្ឋាន ដោយសារនេះជួយយើងឲ្យមានអារម្មណ៍ស្រួល ដើម្បីប្រឈមមុខនឹងបញ្ហារបស់យើងប៉ុណ្ណោះទេ។ គម្ពីរបញ្ជាក់ថា៖ «ព្រះយេហូវ៉ាaនៅជិតអស់អ្នកដែលហៅរកលោក គឺអស់អ្នកដែលហៅរកលោកដោយចិត្តស្មោះ . . . លោកឮពាក្យស្រែកអង្វរសុំរបស់ពួកគេ»។—ចម្រៀងសរសើរព្រះ ១៤៥:១៨, ១៩
ហេតុនេះហើយ យើងអាចប្រាកដថាព្រះយេហូវ៉ាស្ដាប់សេចក្ដីអធិដ្ឋានរបស់អ្នកគោរពប្រណិប័តន៍លោក។ ដោយសេចក្ដីស្រឡាញ់លោកមានប្រសាសន៍ថា៖ «ពេលដែលអ្នករាល់គ្នាហៅរកខ្ញុំនិងអធិដ្ឋានមកខ្ញុំ ខ្ញុំនឹងស្ដាប់អ្នករាល់គ្នា»។—យេរេមា ២៩:១២
ព្រះចង់ឲ្យអ្នកអធិដ្ឋានទៅលោក។
«ចូរតស៊ូក្នុងការអធិដ្ឋាន»។—រ៉ូម ១២:១២
គម្ពីរលើកទឹកចិត្តឲ្យយើង«អធិដ្ឋានជានិច្ច»និង«បន្តអធិដ្ឋាននៅគ្រប់ឱកាស»។ ច្បាស់ណាស់ ព្រះយេហូវ៉ាចង់ឲ្យយើងអធិដ្ឋានទៅលោក។—ម៉ាថាយ ២៦:៤១; អេភេសូរ ៦:១៨
ហេតុអ្វីព្រះចង់ឲ្យយើងអធិដ្ឋានទៅលោក? សូមពិចារណា៖ តើមានឪពុកម្ដាយណាដែលមិនចង់ឮកូនតូចរបស់គាត់និយាយថា៖ «ប៉ាជួយកូនផងបានទេ»? តាមការពិត ឪពុកប្រហែលជាដឹងថា កូនរបស់គាត់ត្រូវការអ្វីឬមានអារម្មណ៍យ៉ាងណារួចទៅហើយ ប៉ុន្តែនៅពេលដែលគាត់ឮពាក្យទាំងនេះ នោះបង្ហាញថាកូនរបស់គាត់ទុកចិត្តគាត់ ហើយមានអារម្មណ៍ស្និទ្ធស្នាលនឹងគាត់។ ស្រដៀងគ្នាដែរ ពេលដែលយើងអធិដ្ឋានទៅព្រះយេហូវ៉ា យើងបង្ហាញលោកថា យើងទុកចិត្តលោកហើយចង់ចូលទៅជិតលោក។—សុភាសិត ១៥:៨; យ៉ាកុប ៤:៨
ព្រះរមែងគិតអំពីអ្នក។
«ផ្ទេរកង្វល់ទាំងអស់ទៅព្រះ ពីព្រោះលោករមែងគិតអំពីអ្នក»។—ពេត្រុសទី១ ៥:៧
ព្រះចង់ឲ្យយើងអធិដ្ឋានទៅលោកដោយសារលោកស្រឡាញ់និងយកចិត្តទុកដាក់នឹងយើង។ លោកដឹងច្បាស់អំពីកង្វល់និងបញ្ហាទាំងអស់របស់យើង ហើយលោកចង់ជួយយើង។
ក្នុងជីវិតរបស់ស្ដេចដាវីឌគាត់បានអធិដ្ឋានសុំជំនួយពីព្រះ ហើយបានប្រាប់លោកអំពីគំនិតនិងអារម្មណ៍របស់គាត់។ (ចម្រៀងសរសើរព្រះ ២៣:១-៦) តើព្រះមានអារម្មណ៍យ៉ាងណាចំពោះដាវីឌ? ព្រះស្រឡាញ់ដាវីឌនិងស្ដាប់ការអធិដ្ឋានជាច្រើនរបស់គាត់។ (សកម្មភាព ១៣:២២) ស្រដៀងគ្នាដែរ ព្រះស្ដាប់សេចក្ដីអធិដ្ឋានរបស់យើង ពីព្រោះលោករមែងគិតអំពីយើង។
«ខ្ញុំស្រឡាញ់ព្រះយេហូវ៉ា ដោយសារលោកឮសំឡេងរបស់ខ្ញុំ»
ពាក្យខាងលើនេះបានត្រូវសរសេរដោយអ្នកតែងចម្រៀងសរសើរព្រះម្នាក់ក្នុងគម្ពីរ។ គាត់ដឹងថាព្រះស្ដាប់សេចក្ដីអធិដ្ឋានរបស់គាត់ ហើយនេះបានជួយគាត់ខ្លាំងណាស់។ គាត់មានអារម្មណ៍កាន់តែជិតស្និទ្ធជាមួយព្រះ ហើយមានកម្លាំងដើម្បីស៊ូទ្រាំពេលមានការលំបាកនិងទុក្ខព្រួយក្នុងជីវិត។—ចម្រៀងសរសើរព្រះ ១១៦:១-៩
នៅពេលដែលយើងប្រាកដថា ព្រះស្ដាប់សេចក្ដីអធិដ្ឋានរបស់យើង នោះយើងនឹងបន្តអធិដ្ឋានទៅលោក។ សូមពិចារណាបទពិសោធរបស់ភេត្រូដែលរស់នៅភាគខាងជើងនៃប្រទេសអេស្ប៉ាញ។ គាត់បានបាត់បង់កូនប្រុសរបស់គាត់ដែលមានអាយុ១៩ឆ្នាំដោយសារគ្រោះថ្នាក់ចរាចរណ៍។ ដោយទុក្ខសោក ភេត្រូបានអធិដ្ឋានទៅព្រះអស់ពីចិត្តម្ដងហើយម្ដងទៀតដើម្បីទទួលការសម្រាលទុក្ខនិងការគ្រាំទ្រពីលោក។ តើមានអ្វីកើតឡើង? ភេត្រូនិយាយថា៖ «ព្រះយេហូវ៉ាបានឆ្លើយតបនឹងសេចក្ដីអធិដ្ឋានរបស់ខ្ញុំ តាមរយៈការសម្រាលទុក្ខនិងការគ្រាំទ្រដែលខ្ញុំបានទទួលពីបងប្អូនរួមជំនឿ»។
ជាច្រើនដងយើងឃើញចម្លើយចំពោះសេចក្ដីអធិដ្ឋានរបស់យើងតាមរយៈការសម្រាលទុក្ខនិងការគ្រាំទ្រពីមិត្តភក្ដិដែលស្រឡាញ់យើង
ទោះជាកូនប្រុសរបស់គាត់មិនបានរស់ឡើងវិញក៏ដោយ ប៉ុន្តែសេចក្ដីអធិដ្ឋានបានជួយភេត្រូនិងក្រុមគ្រួសាររបស់គាត់ខ្លាំងណាស់។ ប្រពន្ធរបស់គាត់ម៉ារៀខាមែនបន្ថែមថា៖ «សេចក្ដីអធិដ្ឋានបានជួយខ្ញុំឲ្យស៊ូទ្រាំនឹងទុក្ខព្រួយរបស់ខ្ញុំ។ ខ្ញុំដឹងថាព្រះយេហូវ៉ាយល់ចិត្តខ្ញុំ ពីព្រោះពេលដែលខ្ញុំអធិដ្ឋានទៅលោក ខ្ញុំមានសេចក្ដីសុខសាន្តនិងចិត្តស្ងប់»។
គម្ពីរនិងបទពិសោធផ្ទាល់ខ្លួនបានបង្ហាញយ៉ាងច្បាស់ថាព្រះពិតជាស្ដាប់សេចក្ដីអធិដ្ឋានមែន។ ប៉ុន្តែគម្ពីរក៏បង្ហាញដែរថា ព្រះមិនឆ្លើយតបនឹងសេចក្ដីអធិដ្ឋានទាំងអស់នោះឡើយ។ ហេតុអ្វីព្រះឆ្លើយតបនឹងសេចក្ដីអធិដ្ឋានខ្លះ តែមិនឆ្លើយតបនឹងសេចក្ដីអធិដ្ឋានខ្លះទៀត?
a យេហូវ៉ាគឺជាឈ្មោះរបស់ព្រះដែលមាននៅក្នុងគម្ពីរ។—ចម្រៀងសរសើរព្រះ ៨៣:១៨