តើអ្នកត្រូវអធិដ្ឋានតាមរបៀបណាដើម្បីឲ្យព្រះស្ដាប់?
ព្រះយេហូវ៉ាគឺជា«ព្រះដែលស្ដាប់សេចក្ដីអធិដ្ឋាន»។ (ចម្រៀងសរសើរព្រះ ៦៥:២) យើងអាចនិយាយជាមួយលោកនៅកន្លែងណានិងពេលណាក៏បាន ហើយយើងអាចនិយាយទៅកាន់លោកដោយឮៗឬនៅក្នុងចិត្ត។ ព្រះយេហូវ៉ាចង់ឲ្យយើងហៅលោកថា «បិតា» ហើយលោកគឺជាបិតាដ៏ល្អបំផុតដែលយើងមាន។ (ម៉ាថាយ ៦:៩) ដោយសេចក្ដីស្រឡាញ់ព្រះយេហូវ៉ាបង្រៀនយើងអំពីរបៀបដែលយើងគួរអធិដ្ឋាន ដើម្បីឲ្យលោកស្ដាប់សេចក្ដីអធិដ្ឋាននោះ។
អធិដ្ឋានទៅព្រះយេហូវ៉ាដោយនូវនាមលោកយេស៊ូ
«ប្រសិនបើអ្នករាល់គ្នាសុំអ្វីក៏ដោយពីបិតាដែលនៅស្ថានសួគ៌ ដោយនូវឈ្មោះខ្ញុំ នោះលោកនឹងឲ្យអ្នករាល់គ្នា»។—យ៉ូហាន ១៦:២៣
ប្រសាសន៍របស់លោកយេស៊ូបង្ហាញយ៉ាងច្បាស់ថា ព្រះយេហូវ៉ាចង់ឲ្យយើងអធិដ្ឋានទៅលោកដោយនូវនាមរបស់លោកយេស៊ូគ្រិស្ត មិនមែនតាមរយៈរូបសំណាក ពួកអ្នកបរិសុទ្ធ ទេវតា ឬជីដូនជីតាដែលបានស្លាប់ទៅនោះទេ។ ពេលដែលយើងអធិដ្ឋានទៅព្រះដោយនូវនាមរបស់លោកយេស៊ូ យើងបង្ហាញថាយើងទទួលស្គាល់តួនាទីដ៏សំខាន់របស់លោក។ លោកយេស៊ូមានប្រសាសន៍ថា៖ «គ្មានអ្នកណាអាចមកឯបិតានៅស្ថានសួគ៌បានឡើយ លើកលែងតែអ្នកនោះមកតាមខ្ញុំ»។—យ៉ូហាន ១៤:៦
អធិដ្ឋានអស់ពីចិត្ត
«ចូរជម្រាបលោកអំពីអ្វីទាំងអស់ដែលមាននៅក្នុងចិត្តរបស់អ្នក»។—ចម្រៀងសរសើរព្រះ ៦២:៨
ពេលយើងអធិដ្ឋានទៅព្រះយេហូវ៉ា យើងគួរនិយាយទៅកាន់លោក ដូចនិយាយទៅកាន់ឪពុកដែលប្រកបទៅដោយសេចក្ដីស្រឡាញ់។ យើងគួរនិយាយទៅកាន់ព្រះយេហូវ៉ាដោយការគោរពនិងចេញពីចិត្ត ជាជាងអានពាក្យពីសៀវភៅណាមួយ ឬសូត្រពាក្យដែលយើងទន្ទេញចាំនោះឡើយ។
អធិដ្ឋានដោយសមស្របតាមបំណងប្រាថ្នារបស់ព្រះ
«អ្វីក៏ដោយដែលយើងអធិដ្ឋានសុំ ដែលសមស្របតាមបំណងប្រាថ្នារបស់ព្រះ នោះព្រះនឹងស្ដាប់យើង»។—យ៉ូហានទី១ ៥:១៤
នៅក្នុងគម្ពីរ ព្រះយេហូវ៉ាប្រាប់យើងអំពីអ្វីដែលលោកនឹងធ្វើសម្រាប់យើងនិងអ្វីដែលលោកចង់ឲ្យយើងធ្វើដើម្បីលោក។ ដើម្បីឲ្យព្រះពេញចិត្តនឹងសេចក្ដីអធិដ្ឋានរបស់យើង យើងត្រូវអធិដ្ឋាន«សមស្របតាមបំណងប្រាថ្នារបស់លោក»។ ដើម្បីធ្វើដូច្នេះ យើងត្រូវរៀនគម្ពីរដើម្បីជួយយើងឲ្យស្គាល់ព្រះច្បាស់ ហើយនេះនឹងជួយយើងឲ្យអធិដ្ឋានតាមរបៀបដែលលោកពេញចិត្ត។
តើយើងអាចអធិដ្ឋានអំពីអ្វីខ្លះ?
អធិដ្ឋានអំពីសេចក្ដីត្រូវការរបស់អ្នក។ យើងអាចអធិដ្ឋានទៅព្រះអំពីសេចក្ដីត្រូវការប្រចាំថ្ងៃរបស់យើងដូចជា អាហារ សម្លៀកបំពាក់ និងជម្រក។ យើងក៏អាចអធិដ្ឋានសុំប្រាជ្ញាដើម្បីធ្វើការសម្រេចចិត្តត្រឹមត្រូវ និងកម្លាំងចិត្តដើម្បីស៊ូទ្រាំនឹងទុក្ខលំបាករបស់យើង។ យើងអាចអធិដ្ឋានសុំជំនឿ ការអភ័យទោស និងជំនួយពីព្រះ។—លូកា ១១:៣, ៤, ១៣; យ៉ាកុប ១:៥, ១៧
អធិដ្ឋានអំពីអ្នកឯទៀត។ ឪពុកម្ដាយពេញចិត្តនៅពេលកូនៗរបស់ពួកគាត់ស្រឡាញ់គ្នា។ ព្រះយេហូវ៉ាក៏ចង់ឲ្យកូនៗរបស់លោកនៅផែនដីយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមកដែរ។ ជាការសមរម្យណាស់ដែលយើងអធិដ្ឋានអំពីគូ ក្រុមគ្រួសារ កូនៗ និងមិត្តភក្ដិរបស់យើង។ យ៉ាកុបដែលជាអ្នកកាន់តាមលោកយេស៊ូបានសរសេរថា៖ ‹ចូរអធិដ្ឋានឲ្យគ្នាទៅវិញទៅមក›។—យ៉ាកុប ៥:១៦
បង្ហាញការដឹងគុណ។ គម្ពីររៀបរាប់អំពីអ្នកបង្កើតរបស់យើងថា៖ «លោកបានធ្វើល្អចំពោះអ្នករាល់គ្នា ដោយធ្វើឲ្យទឹកភ្លៀងធ្លាក់ពីលើមេឃនិងធ្វើឲ្យមានរដូវដែលសម្បូរភោគផល ក៏ឲ្យអាហារជាបរិបូរនិងធ្វើឲ្យចិត្តរបស់អ្នករាល់គ្នាពោរពេញទៅដោយក្ដីរីករាយ»។ (សកម្មភាព ១៤:១៧) ពេលយើងគិតអំពីអ្វីៗទាំងអស់ដែលព្រះបានធ្វើដើម្បីយើង នេះជំរុញចិត្តយើងឲ្យអធិដ្ឋានអរគុណលោក។ ម្យ៉ាងទៀត យើងក៏អាចបង្ហាញការដឹងគុណចំពោះព្រះ តាមរបៀបរស់នៅរបស់យើងដែរ។—កូឡុស ៣:១៥
ចូរមានចិត្តអត់ធ្មត់ ហើយបន្តអធិដ្ឋាន
ជួនកាលយើងប្រហែលជាខកចិត្ត ដោយសារព្រះមិនតបឆ្លើយភ្លាមៗចំពោះសេចក្ដីអធិដ្ឋានដ៏ស្មោះរបស់យើង។ តើនេះមានន័យថាព្រះមិនយកចិត្តទុកដាក់នឹងយើងឬ? មិនមែនទេ! សូមពិចារណាបទពិសោធបន្តបន្ទាប់ដែលបញ្ជាក់ថា យើងប្រហែលជាត្រូវតែបន្តអធិដ្ឋានទៀត។
ស្ទេវដែលបានត្រូវរៀបរាប់នៅដើមអត្ថបទសារភាពថា៖ «បើខ្ញុំមិនបន្តអធិដ្ឋាន នោះខ្ញុំច្បាស់ជាអស់សង្ឃឹមក្នុងជីវិតតាំងពីយូរមកហើយ»។ តើអ្វីបានផ្លាស់ប្ដូរទស្សនៈរបស់គាត់? គាត់ចាប់ផ្ដើមរៀនគម្ពីរ ហើយបានរៀនអំពីសារៈសំខាន់នៃការអធិដ្ឋាន និងការបន្តធ្វើដូច្នេះ។ ស្ទេវបាននិយាយថា៖ «ខ្ញុំអធិដ្ឋានអរគុណព្រះចំពោះសេចក្ដីស្រឡាញ់ និងការគ្រាំទ្រដែលខ្ញុំបានទទួលពីមិត្តភក្ដិជាទីស្រឡាញ់របស់ខ្ញុំ។ ខ្ញុំមិនដែលសប្បាយខ្លាំងដូចពេលឥឡូវនេះទេ»។
ចុះជេននី ដែលធ្លាប់មានអារម្មណ៍ថា គាត់មិនសមអធិដ្ឋានទៅព្រះយេហូវ៉ា? គាត់និយាយថា៖ «ពេលដែលខ្ញុំមានអារម្មណ៍ថា ខ្ញុំគ្មានតម្លៃខ្លាំងបំផុត ខ្ញុំអង្វរសុំព្រះយេហូវ៉ាឲ្យជួយខ្ញុំយល់មូលហេតុដែលខ្ញុំមានអារម្មណ៍បែបនេះ»។ តើនេះបានជួយគាត់យ៉ាងណា? គាត់បន្ថែមថា៖ «ការនិយាយជាមួយព្រះបានជួយខ្ញុំឲ្យមានទស្សនៈត្រឹមត្រូវចំពោះខ្លួន ដូច្នេះទោះបីជាចិត្តរបស់ខ្ញុំផ្ដន្ទាទោសខ្ញុំក៏ដោយ ប៉ុន្តែព្រះមិនធ្វើដូច្នេះទេ។ ហើយនេះក៏បានជួយខ្ញុំមិនឲ្យឈប់ព្យាយាមដែរ»។ តើមានលទ្ធផលអ្វី? ជេននីបានពន្យល់ថា៖ «ការអធិដ្ឋានបានជួយខ្ញុំឲ្យឃើញថា ព្រះយេហូវ៉ាជាព្រះពិត ជាបិតាដែលប្រកបទៅដោយសេចក្ដីស្រឡាញ់ និងមិត្តដែលតែងតែគ្រាំទ្រខ្ញុំ ដរាបណាដែលខ្ញុំធ្វើអ្វីដែលលោកពេញចិត្ត»។
ពេលដែលអ៊ីសាបែលឃើញកូនប្រុសរបស់គាត់ជឺរ៉ាត់សប្បាយនឹងជីវិតទោះជាពិការក្ដី គាត់បានរៀបរាប់ថា៖ «ខ្ញុំដឹងថាគាត់ជាចម្លើយដ៏ល្អបំផុតចំពោះសេចក្ដីអធិដ្ឋានរបស់ខ្ញុំ»
សូមពិចារណាបទពិសោធរបស់អ៊ីសាបែល។ ពេលគាត់មានផ្ទៃពោះ គ្រូពេទ្យបានប្រាប់គាត់ថា កូនរបស់គាត់កើតមកនឹងពិការ។ គាត់ពិបាកចិត្តខ្លាំងណាស់។ អ្នកខ្លះបានប្រាប់គាត់ឲ្យពន្លូតកូននោះទៀតផង។ អ៊ីសាបែលរៀបរាប់ថា៖ «ខ្ញុំឈឺចិត្តសឹងតែស្លាប់»។ តើគាត់បានធ្វើអ្វី? គាត់ថា៖ «ខ្ញុំបានអធិដ្ឋានសុំជំនួយពីព្រះម្ដងហើយម្ដងទៀត»។ មិនយូរក្រោយមក គាត់បានបង្កើតកូនប្រុសម្នាក់ឈ្មោះជឺរ៉ាត់ ហើយកូនរបស់គាត់គឺពិការមែន។ តើអ៊ីសាបែលមានអារម្មណ៍ថាព្រះពិតជាឆ្លើយតបនឹងសេចក្ដីអធិដ្ឋានរបស់គាត់មែនទេ? ប្រាកដមែន! តើតាមរបៀបណា? អ៊ីសាបែលពន្យល់ថា៖ «ពេលដែលខ្ញុំឃើញកូនប្រុសរបស់ខ្ញុំ ដែលឥឡូវមានអាយុ១៤ឆ្នាំ សប្បាយនឹងជីវិត ទោះជាគាត់ពិការក្ដី នោះខ្ញុំដឹងថាគាត់ជាចម្លើយដ៏ល្អបំផុតចំពោះសេចក្ដីអធិដ្ឋានរបស់ខ្ញុំនិងជាពរដ៏ល្អប្រសើរបំផុតដែលព្រះយេហូវ៉ាបានផ្ដល់ឲ្យខ្ញុំ»។
ពាក្យសម្ដីទាំងនេះ ធ្វើឲ្យយើងគិតអំពីអ្វីដែលអ្នកតែងចម្រៀងសរសើរព្រះបានរៀបរាប់ថា៖ «ឱព្រះយេហូវ៉ា លោកនឹងស្ដាប់សំណូមពររបស់មនុស្ស ដែលមានចិត្តសុភាព លោកនឹងធ្វើឲ្យចិត្តរបស់ពួកគេបានរឹងមាំ ហើយលោកនឹងស្ដាប់ពួកគេ ដោយយកចិត្តទុកដាក់»។ (ចម្រៀងសរសើរព្រះ ១០:១៧) នេះជាមូលហេតុដ៏អស្ចារ្យមែន ដែលជួយយើងឲ្យបន្តអធិដ្ឋានទៅព្រះជានិច្ច!
គម្ពីរកត់ទុកសេចក្ដីអធិដ្ឋានជាច្រើនរបស់លោកយេស៊ូ។ សេចក្ដីអធិដ្ឋានរបស់លោកដែលយើងស្គាល់ជាងគេ គឺសេចក្ដីអធិដ្ឋានដែលលោកបានបង្រៀនអ្នកកាន់តាមលោក។ តើយើងអាចរៀនអ្វីពីសេចក្ដីអធិដ្ឋាននោះ?