សំណួរពីអ្នកអាន
តើគម្ពីរចែងយ៉ាងណាអំពីការស្បថ?
ការស្បថគឺជា«ការប្រកាសដ៏សំខាន់មួយតាមផ្លូវការ ឬជាសេចក្ដីសន្យាឲ្យធ្វើអ្វីមួយ ដែលច្រើនតែយកព្រះ . . . ធ្វើជាសាក្សី»។ ពាក្យស្បថអាចធ្វើឡើងដោយផ្ទាល់មាត់ឬជាលាយលក្ខណ៍អក្សរ។
អ្នកខ្លះប្រហែលជាគិតថាការស្បថគឺខុស ដោយសារលោកយេស៊ូបានមានប្រសាសន៍ថា៖ «កុំស្បថឲ្យសោះ . . . អ្នកគ្រាន់តែរក្សាសម្ដីប៉ុណ្ណោះ បើថា‹មែន› គឺមែន បើថា‹ទេ› គឺទេ ពីព្រោះសម្ដីណាដែលលើសពីនេះ គឺមកពីមេកំណាច»។ (ម៉ាថ. ៥:៣៣-៣៧) លោកយេស៊ូដឹងថាច្បាប់ម៉ូសេតម្រូវឲ្យស្បថក្នុងរឿងមួយចំនួន ហើយថាអ្នកបម្រើព្រះនៅអតីតកាលបានស្បថ។ (ដក. ១៤:២២, ២៣; ដច. ២២:១០, ១១) លោកថែមទាំងដឹងថា ព្រះយេហូវ៉ាផ្ទាល់ក៏បានស្បថដែរ។ (ហេ. ៦:១៣-១៧) ដូច្នេះ លោកយេស៊ូមិនមែនចង់បានន័យថាយើងមិនគួរស្បថនោះឡើយ។ ផ្ទុយទៅវិញ លោកចង់ព្រមានថា យើងមិនគួរស្បថឲ្យតែរួចពីមាត់ ឬក៏ស្បថចំពោះរឿងតូចតាចទេ។ យើងគួរមានទស្សនៈថាការស្បថគឺជាកាតព្វកិច្ចមួយ។ ហេតុនេះ បើយើងសន្យាហើយ គឺយើងត្រូវធ្វើតាម ដោយសារព្រះយេហូវ៉ាចង់ឲ្យយើងធ្វើដូច្នេះ។
តើអ្នកគួរធ្វើអ្វី បើគេសុំអ្នកឲ្យស្បថ? ដំបូង សូមធ្វើឲ្យប្រាកដថាអ្នកអាចធ្វើតាមពាក្យសម្បថរបស់អ្នក។ បើអ្នកមិនប្រាកដប្រជាទេ គឺជាការល្អបំផុតដែលអ្នកមិនស្បថ។ បណ្ដាំរបស់ព្រះព្រមានថា៖ «បើអ្នកស្បថហើយ តែមិនធ្វើតាម នោះកុំស្បថល្អជាង»។ (អទ. ៥:៥) បន្ទាប់មក សូមគិតពិចារណាអំពីគោលការណ៍គម្ពីរដែលជាប់ទាក់ទងនឹងការស្បថនោះ រួចមកសូមធ្វើការសម្រេចចិត្តដែលស្របតាមសមត្ថភាពវិនិច្ឆ័យរបស់អ្នកដែលបានត្រូវបង្វឹកបង្ហាត់។ តើគោលការណ៍គម្ពីរទាំងនោះគឺជាអ្វី?
ការស្បថខ្លះគឺស្របតាមបំណងប្រាថ្នារបស់ព្រះ។ ជាឧទាហរណ៍ សាក្សីព្រះយេហូវ៉ាពោលពាក្យសច្ចាពេលពួកគេរៀបការ។ ពាក្យសច្ចាទាំងនេះគឺជាការស្បថម្យ៉ាង។ នៅចំពោះមុខព្រះនិងសាក្សីឯទៀត កូនកំលោះនិងកូនក្រមុំសន្យាថាពួកគេនឹងស្រឡាញ់ ថ្នាក់ថ្នម និងគោរពគ្នាទៅវិញទៅមក«ដរាបណាដែល[ពួកគេ]រស់នៅលើផែនដី»។ (ទោះជាគូអាពាហ៍ពិពាហ៍ខ្លះ មិនពោលពាក្យសច្ចាដូចពាក្យទាំងនេះបេះបិទក្ដី ពួកគេនៅតែស្បថនៅមុខព្រះ) បន្ទាប់មក ពួកគេបានត្រូវប្រកាសថាជាប្ដីនិងប្រពន្ធ ហើយគួររួមរស់ជាមួយគ្នាអស់មួយជីវិត។ (ដក. ២:២៤; ១កូ. ៧:៣៩) ការពោលពាក្យសច្ចាពេលរៀបការ គឺសមត្រឹមត្រូវនិងសមស្របតាមបំណងប្រាថ្នារបស់ព្រះ។
ការស្បថខ្លះប្រឆាំងនឹងបំណងប្រាថ្នារបស់ព្រះ។ គ្រិស្តសាសនិកពិតនឹងមិនស្បថថាប្រើអាវុធដើម្បីការពារប្រទេសជាតិ ឬមិនស្បថថាលះចោលជំនឿលើព្រះឡើយ។ ការធ្វើដូច្នេះនឹងបំពានបញ្ញត្តិរបស់ព្រះ។ គ្រិស្តសាសនិកមិនត្រូវ«រួមចំណែកក្នុងពិភពលោកទេ» ដូច្នេះយើងមិនអាចចូលរួមក្នុងជម្លោះរបស់ពិភពលោក និងក្នុងការធ្វើសង្គ្រាមឡើយ។—យ៉ូន. ១៥:១៩; អេ. ២:៤; យ៉ា. ១:២៧
ការស្បថខ្លះផ្អែកលើសមត្ថភាពវិនិច្ឆ័យរបស់ខ្លួន។ ជួនកាល មុនយើងសម្រេចចិត្តថាយើងស្បថឬមិនស្បថ យើងប្រហែលជាត្រូវគិតយ៉ាងដិតដល់អំពីយោបល់របស់លោកយេស៊ូដែលថា៖ «អ្វីដែលជារបស់សេសារ ចូរសងសេសារវិញ តែអ្វីដែលជារបស់ព្រះ ចូរសងព្រះវិញ»។—លូក. ២០:២៥
ឧបមាថាគ្រិស្តសាសនិកម្នាក់ដាក់ពាក្យសុំចូលសញ្ជាតិឬធ្វើលិខិតឆ្លងដែន ហើយគេប្រាប់ថានោះតម្រូវឲ្យគាត់ស្បថរក្សាភក្ដីភាពចំពោះប្រទេសជាតិ។ បើនៅប្រទេសនោះ ការស្បថបែបនេះគឺជាសេចក្ដីសន្យាមួយឲ្យធ្វើអ្វីដែលបំពានច្បាប់ព្រះ សមត្ថភាពវិនិច្ឆ័យរបស់គាត់ដែលបានត្រូវបង្វឹកបង្ហាត់ពីគម្ពីរនឹងមិនឲ្យគាត់ស្បថទេ។ ប៉ុន្តែ រដ្ឋាភិបាលនោះប្រហែលជាអនុញ្ញាតឲ្យគាត់កែពាក្យសម្បថនោះ ស្របតាមសមត្ថភាពវិនិច្ឆ័យរបស់គាត់។
ការកែពាក្យសម្បថរក្សាភក្ដីភាពចំពោះប្រទេសជាតិ ប្រហែលជាសមស្របនឹងគោលការណ៍នៅរ៉ូម ១៣:១ ដែលថា៖ «ចូរឲ្យមនុស្សទាំងអស់ចុះចូលនឹងពួកអាជ្ញាធរ»។ ដូច្នេះ គ្រិស្តសាសនិកណាម្នាក់ប្រហែលជាសម្រេចចិត្តថាគឺមិនខុសឲ្យគាត់ស្បថចំពោះរឿងអ្វីមួយដែលព្រះតម្រូវឲ្យគ្រិស្តសាសនិកធ្វើ។
ការធ្វើតាមសមត្ថភាពវិនិច្ឆ័យដែលបានត្រូវបង្វឹកបង្ហាត់ពីគម្ពីរក៏សំខាន់ដែរ បើគេសុំអ្នកឲ្យប្រើវត្ថុឬធ្វើកាយវិការណាមួយពេលស្បថ។ ជនជាតិរ៉ូមនិងជនជាតិស៊ិទានៅសម័យបុរាណ បានស្បថដោយយកដាវរបស់ពួកគេជាវត្ថុតំណាងព្រះនៃសង្គ្រាម ហើយនោះជាការធានាថាបុគ្គលណាម្នាក់គឺគួរឲ្យទុកចិត្ត។ ជនជាតិក្រិចលើកដៃឡើងទៅលើពេលដែលពួកគេស្បថ។ យ៉ាងនេះ ពួកគេទទួលស្គាល់ថាមានបុគ្គលម្នាក់ដែលមានឫទ្ធានុភាពខ្លាំងក្លាកំពុងសង្កេតមើលអ្វីដែលពួកគេនិយាយនិងធ្វើ ហើយថាមនុស្សនឹងត្រូវវិនិច្ឆ័យដោយបុគ្គលនោះ។
អ្នកបម្រើព្រះយេហូវ៉ានឹងមិនស្បថដោយប្រើសញ្ញាជាតិណាដែលជាប់ទាក់ទងនឹងសាសនាមិនពិតឡើយ។ ប៉ុន្តែ ចុះបើនៅតុលាការគេឲ្យអ្នកដាក់ដៃលើគម្ពីរ ហើយស្បថធ្វើជាសាក្សីពិតត្រង់? អ្នកប្រហែលជាសម្រេចចិត្តធ្វើដូច្នេះ ដោយសារបទគម្ពីរចែងអំពីបុគ្គលស្មោះត្រង់ដែលបានស្បថដោយប្រើកាយវិការដែរ។ (ដក. ២៤:២, ៣, ៩; ៤៧:២៩-៣១) គឺជាការសំខាន់ឲ្យចាំថា បើអ្នកស្បថបែបនេះ អ្នកកំពុងស្បថនៅចំពោះព្រះថាអ្នកនឹងនិយាយពិតត្រង់។ ដូច្នេះ អ្នកត្រូវប្រុងប្រៀបឆ្លើយដោយពិតត្រង់រាល់សំណួរណាដែលគេសួរ។
ដោយសារយើងឲ្យតម្លៃចំពោះចំណងមិត្តភាពរបស់យើងជាមួយព្រះយេហូវ៉ា យើងគួរអធិដ្ឋាននិងគិតឲ្យបានដិតដល់អំពីការស្បថណាក៏ដោយដែលគេសុំយើងឲ្យធ្វើ ហើយធ្វើឲ្យប្រាកដថាការស្បថនោះគឺមិនផ្ទុយពីសមត្ថភាពវិនិច្ឆ័យរបស់យើង ឬមិនបំពានគោលការណ៍គម្ពីរឡើយ។ បើអ្នកសម្រេចចិត្តស្បថ អ្នកត្រូវធ្វើតាមពាក្យសម្បថនោះ។—១ពេ. ២:១២