អត្ថបទសិក្សា ២០
ការធ្វើឲ្យសេចក្ដីអធិដ្ឋានរបស់យើងល្អប្រសើរជាង
«ចូរជម្រាបលោកអំពីអ្វីទាំងអស់ដែលមាននៅក្នុងចិត្តរបស់អ្នក»។—ចសព. ៦២:៨
ចម្រៀងលេខ៤៥ ការរំពឹងគិតក្នុងចិត្ត
សេចក្ដីសង្ខេបa
យើងអាចអធិដ្ឋានទៅព្រះយេហូវ៉ាជារឿយៗហើយស្វែងរកការណែនាំពីលោកក្នុងគ្រប់ទិដ្ឋភាពនៃជីវិតរបស់យើង (សូមមើលវគ្គ១)
១. តើព្រះយេហូវ៉ាអញ្ជើញពួកអ្នកគោរពប្រណិប័តន៍លោកឲ្យធ្វើអ្វី? (សូមមើលរូបភាពផងដែរ)
តើយើងអាចសុំជំនួយពីអ្នកណាពេលយើងត្រូវការការសម្រាលទុក្ខនិងការណែនាំ? យើងដឹងចម្លើយចំពោះសំណួរនេះ។ យើងអាចអធិដ្ឋានទៅព្រះយេហូវ៉ា។ ព្រះយេហូវ៉ាអញ្ជើញយើងឲ្យធ្វើដូច្នេះ។ លោកចង់ឲ្យយើងអធិដ្ឋានជាញឹកញាប់ ពោលគឺ«អធិដ្ឋានឥតឈប់»។ (១ថែ. ៥:១៧) យើងអាចអធិដ្ឋានទៅលោកដោយសេរី និងសុំការណែនាំពីលោកក្នុងគ្រប់ទិដ្ឋភាពនៃជីវិតរបស់យើង។ (សុភ. ៣:៥, ៦) ដោយសារព្រះយេហូវ៉ាមានចិត្តទូលាយជាខ្លាំង លោកបានមានប្រសាសន៍ថាយើងអាចអធិដ្ឋានទៅលោកច្រើនដងតាមចិត្តរបស់យើង។
២. តើយើងនឹងពិចារណាអ្វីខ្លះក្នុងអត្ថបទនេះ?
២ យើងឲ្យតម្លៃចំពោះអំណោយជាសេចក្ដីអធិដ្ឋាន។ ប៉ុន្តែ ដោយសារមានអ្វីជាច្រើនដែលយើងត្រូវធ្វើ យើងប្រហែលជាពិបាករកពេលអធិដ្ឋាន។ យើងក៏ប្រហែលជាមានអារម្មណ៍ថាយើងត្រូវអធិដ្ឋានឲ្យបានល្អប្រសើរជាង។ គួរឲ្យសប្បាយណាស់ យើងអាចរកឃើញការលើកទឹកចិត្តនិងការណែនាំជាច្រើនក្នុងបទគម្ពីរ។ ក្នុងអត្ថបទនេះ យើងនឹងពិចារណាអ្វីដែលយើងអាចរៀនពីលោកយេស៊ូអំពីរបៀបដែលយើងអាចធ្វើឲ្យប្រាកដថាយើងមានពេលដើម្បីអធិដ្ឋាន។ យើងក៏នឹងពិចារណាអំពីរបៀបដែលយើងអាចធ្វើឲ្យសេចក្ដីអធិដ្ឋានរបស់យើងល្អប្រសើរជាង ដោយរួមបញ្ចូលរឿងសំខាន់ប្រាំយ៉ាង។
លោកយេស៊ូលៃទុកពេលអធិដ្ឋាន
៣. តើលោកយេស៊ូបានយល់យ៉ាងណាអំពីសេចក្ដីអធិដ្ឋាន?
៣ លោកយេស៊ូបានយល់ថាព្រះយេហូវ៉ាឲ្យតម្លៃចំពោះសេចក្ដីអធិដ្ឋាន។ ជាយូរមុនមកផែនដី លោកបានឃើញបិតារបស់លោកតបឆ្លើយសេចក្ដីអធិដ្ឋានរបស់បុរសស្ត្រីដ៏ស្មោះត្រង់។ ជាឧទាហរណ៍ លោកយេស៊ូនៅក្បែរបិតាលោក ពេលបិតាលោកតបឆ្លើយសេចក្ដីអធិដ្ឋានអស់ពីចិត្តរបស់ហាណា ដាវីឌ អេលីយ៉ា និងបុគ្គលដ៏ស្មោះត្រង់ជាច្រើននាក់ទៀត។ (១សាំ. ១:១០, ១១, ២០; ១បស. ១៩:៤-៦; ចសព. ៣២:៥) ហេតុនេះ លោកយេស៊ូបានបង្រៀនពួកអ្នកកាន់តាមលោកឲ្យអធិដ្ឋានជាញឹកញាប់ និងដោយមានការជឿជាក់!—ម៉ាថ. ៧:៧-១១
៤. តើយើងរៀនអ្វីពីសេចក្ដីអធិដ្ឋានរបស់លោកយេស៊ូ?
៤ តាមរយៈសេចក្ដីអធិដ្ឋានរបស់លោកយេស៊ូទៅព្រះយេហូវ៉ា លោកបានទុកគំរូឲ្យពួកអ្នកកាន់តាមលោកធ្វើតាម។ ក្នុងអំឡុងកិច្ចបម្រើរបស់លោក លោកយេស៊ូបានអធិដ្ឋានជារឿយៗ។ លោកត្រូវលៃទុកពេលអធិដ្ឋាន ដោយសារលោកច្រើនតែជាប់រវល់ និងមានមនុស្សជាច្រើននៅជុំវិញលោក។ (ម៉ាក. ៦:៣១, ៤៥, ៤៦) លោកបានភ្ញាក់ពីសម្រាន្តនៅព្រលឹមស្រាងៗដើម្បីលោកអាចមានពេលអធិដ្ឋានម្នាក់ឯង។ (ម៉ាក. ១:៣៥) យ៉ាងហោចណាស់នៅពេលមួយ លោកបានអធិដ្ឋានពេញមួយយប់មុនលោកធ្វើការសម្រេចចិត្តដ៏សំខាន់។ (លូក. ៦:១២, ១៣) ម្យ៉ាងទៀត លោកយេស៊ូបានអធិដ្ឋានម្ដងហើយម្ដងទៀតនៅយប់មុនលោកស្លាប់ កាលដែលលោកផ្ដោតអារម្មណ៍ទៅលើការបំពេញផ្នែកដ៏ពិបាកបំផុតនៃភារកិច្ចរបស់លោកនៅផែនដី។—ម៉ាថ. ២៦:៣៩, ៤២, ៤៤
៥. តើយើងអាចយកតម្រាប់លោកយេស៊ូយ៉ាងណាពេលយើងអធិដ្ឋាន?
៥ គំរូរបស់លោកយេស៊ូបង្រៀនយើងថាមិនថាយើងជាប់រវល់យ៉ាងណាក្ដី យើងត្រូវលៃទុកពេលអធិដ្ឋាន។ ដូចលោកយេស៊ូ យើងប្រហែលជាត្រូវរកពេលដើម្បីអធិដ្ឋាន គឺដោយក្រោកពីព្រលឹម ឬចូលគេងយឺតជាងបន្តិចដើម្បីអធិដ្ឋាន។ ពេលយើងធ្វើដូច្នេះ យើងបង្ហាញព្រះយេហូវ៉ាថាយើងឲ្យតម្លៃចំពោះអំណោយពិសេសនេះ។ បងស្រីម្នាក់ឈ្មោះលីននឹកចាំថាគាត់មានចិត្តកតញ្ញូជាខ្លាំងពេលដែលគាត់រៀនអំពីឯកសិទ្ធិអធិដ្ឋានជាលើកដំបូង។ គាត់និយាយថា៖ «ពេលខ្ញុំបានរៀនថាខ្ញុំអាចនិយាយទៅព្រះយេហូវ៉ានៅពេលណាក៏បាន នោះខ្ញុំអាចចាត់ទុកលោកជាមិត្តជិតស្និទ្ធរបស់ខ្ញុំ ហើយខ្ញុំចង់ធ្វើឲ្យសេចក្ដីអធិដ្ឋានរបស់ខ្ញុំល្អប្រសើរជាង»។ យើងជាច្រើននាក់ច្បាស់ជាមានអារម្មណ៍បែបនេះ។ ដូច្នេះ សូមយើងពិចារណារឿងសំខាន់ប្រាំយ៉ាងដែលយើងអាចរួមបញ្ចូលក្នុងសេចក្ដីអធិដ្ឋានរបស់យើង។
រឿងសំខាន់ប្រាំយ៉ាងសម្រាប់អធិដ្ឋាន
៦. យោងទៅតាមការបើកបង្ហាញ ៤:១០, ១១ តើព្រះយេហូវ៉ាសមនឹងទទួលអ្វី?
៦ ចូរសរសើរព្រះយេហូវ៉ា។ ក្នុងអ្វីដ៏គួរឲ្យស្ងប់ស្ញែងដែលព្រះបើកបង្ហាញឲ្យសាវ័កយ៉ូហានឃើញក្នុងគំនិត គាត់បានឃើញអ្នកចាស់ទុំ២៤នាក់នៅស្ថានសួគ៌កំពុងគោរពប្រណិប័តន៍ព្រះយេហូវ៉ា។ ពួកគេបានសរសើរព្រះ ហើយនិយាយថា៖ «លោកសមនឹងទទួលសិរីរុងរឿង កិត្តិយស និងឫទ្ធានុភាព»។ (សូមអាន ការបើកបង្ហាញ ៤:១០, ១១) ពួកទេវតាដ៏ស្មោះត្រង់ក៏មានមូលហេតុជាច្រើនឲ្យសរសើរនិងលើកកិត្តិយសព្រះយេហូវ៉ាដែរ។ ពួកគេនៅស្ថានសួគ៌ជាមួយលោក ហើយស្គាល់លោកយ៉ាងច្បាស់។ ពួកគេឃើញគុណសម្បត្តិរបស់លោកពេលពួកគេសង្កេតមើលអ្វីដែលលោកធ្វើ។ កាលដែលពួកគេឃើញរបៀបដែលព្រះយេហូវ៉ាប្រព្រឹត្ត នោះជំរុញចិត្តពួកគេឲ្យសរសើរលោក។—យ៉ូប ៣៨:៤-៧
៧. តើយើងអាចសរសើរព្រះយេហូវ៉ាអំពីអ្វីខ្លះ?
៧ យើងក៏ចង់សរសើរព្រះយេហូវ៉ាក្នុងសេចក្ដីអធិដ្ឋានរបស់យើង ដោយប្រាប់លោកអំពីអ្វីដែលយើងស្រឡាញ់និងកោតស្ងើចអំពីលោក។ កាលដែលអ្នកអាននិងសិក្សាគម្ពីរ សូមព្យាយាមរកមើលគុណសម្បត្តិផ្សេងៗរបស់ព្រះយេហូវ៉ាដែលអ្នកចូលចិត្តជាងគេ។ (យ៉ូប ៣៧:២៣; រ៉ូម ១១:៣៣) រួចមក សូមប្រាប់លោកអំពីអារម្មណ៍របស់អ្នកចំពោះគុណសម្បត្តិទាំងនោះ។ យើងក៏អាចសរសើរព្រះយេហូវ៉ាចំពោះអ្វីដែលលោកធ្វើដើម្បីយើង និងដើម្បីបងប្អូនរួមជំនឿរបស់យើងទាំងអស់។ លោករមែងយកចិត្តទុកដាក់ចំពោះយើងនិងការពារយើង។—១សាំ. ១:២៧; ២:១, ២
៨. តើមានមូលហេតុអ្វីខ្លះដែលយើងអរគុណព្រះយេហូវ៉ា? (ថែស្សាឡូនិចទី១ ៥:១៨)
៨ ចូរអរគុណព្រះយេហូវ៉ា។ យើងមានមូលហេតុជាច្រើនឲ្យអរគុណព្រះយេហូវ៉ាក្នុងសេចក្ដីអធិដ្ឋាន។ (សូមអាន ថែស្សាឡូនិចទី១ ៥:១៨) យើងអាចអរគុណលោកសម្រាប់អ្វីល្អណាក៏ដោយដែលយើងមាន ដោយសារគ្រប់ទាំងរបស់ល្អមកពីលោក។ (យ៉ា. ១:១៧) ជាឧទាហរណ៍ យើងអាចអរគុណលោកចំពោះផែនដីដ៏ស្រស់ស្អាតនិងអ្វីៗដ៏អស្ចារ្យដែលលោកបានបង្កើត។ យើងក៏អាចប្រាប់លោកអំពីចិត្តកតញ្ញូរបស់យើងចំពោះជីវិត ក្រុមគ្រួសារ មិត្តភក្ដិ និងសេចក្ដីសង្ឃឹម។ ម្យ៉ាងទៀត យើងចង់អរគុណព្រះយេហូវ៉ាដែលលោកឲ្យយើងមានឯកសិទ្ធិធ្វើជាមិត្តរបស់លោក។
៩. ហេតុអ្វីយើងប្រហែលជាត្រូវបណ្ដុះឲ្យមានចិត្តកតញ្ញូចំពោះព្រះយេហូវ៉ា?
៩ យើងប្រហែលជាត្រូវខំប្រឹងជាខ្លាំងដើម្បីគិតអំពីមូលហេតុដែលយើងផ្ទាល់គួរមានចិត្តកតញ្ញូចំពោះព្រះយេហូវ៉ា។ យើងរស់នៅក្នុងពិភពលោកដែលរមិលគុណ។ មនុស្សច្រើនតែផ្ដោតអារម្មណ៍ទៅលើអ្វីដែលពួកគេចង់បាន ជាជាងទៅលើអ្វីដែលពួកគេអាចធ្វើដើម្បីបង្ហាញចិត្តកតញ្ញូចំពោះអ្វីដែលពួកគេមាន។ បើយើងចាប់ផ្ដើមទទួលឥទ្ធិពលពីចិត្តគំនិតនេះ ការអធិដ្ឋានរបស់យើងអាចមានតែសំណូមពរប៉ុណ្ណោះ។ ដើម្បីការពារមិនឲ្យនេះកើតឡើង យើងត្រូវបន្ដបណ្ដុះឲ្យមានចិត្តកតញ្ញូ ហើយអរគុណព្រះយេហូវ៉ាចំពោះអ្វីទាំងអស់ដែលលោកធ្វើសម្រាប់យើង។—លូក. ៦:៤៥
ការប្រាប់ព្រះយេហូវ៉ាអំពីចិត្តកតញ្ញូរបស់យើងអាចជួយយើងឲ្យស៊ូទ្រាំ (សូមមើលវគ្គ១០)
១០. តើចិត្តកតញ្ញូបានជួយបងស្រីម្នាក់ឲ្យស៊ូទ្រាំយ៉ាងដូចម្ដេច? (សូមមើលរូបភាពផងដែរ)
១០ ការមានចិត្តកតញ្ញូអាចជួយយើងឲ្យស៊ូទ្រាំនឹងការពិបាកផ្សេងៗ។ សូមគិតអំពីបទពិសោធន៍របស់បងស្រីខ្យុងស៊ុក ដែលមាននៅក្នុងទស្សនាវដ្ដីប៉មយាម ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៥។ គាត់បានត្រូវរកឃើញថាគាត់មានជំងឺមហារីកសួតដំណាក់កាលចុងក្រោយ។ គាត់សារភាពថា៖ «បញ្ហាសុខភាពនេះបានប៉ះពាល់ដល់អារម្មណ៍របស់ខ្ញុំយ៉ាងខ្លាំង។ ខ្ញុំមានអារម្មណ៍ថាខ្ញុំបានបាត់បង់អ្វីៗទាំងអស់ ហើយខ្ញុំខ្លាចណាស់»។ តើអ្វីបានជួយគាត់ឲ្យស៊ូទ្រាំ? គាត់និយាយថារាល់យប់មុនចូលគេង គាត់ឡើងទៅដំបូលផ្ទះ ហើយអធិដ្ឋានយ៉ាងឮៗអំពីអ្វីប្រាំយ៉ាងដែលគាត់ដឹងគុណក្នុងថ្ងៃនោះ។ ក្រោយមក គាត់មានទំនុកចិត្តឡើងវិញ ហើយនេះជំរុញចិត្តគាត់ឲ្យប្រាប់ព្រះយេហូវ៉ាអំពីសេចក្ដីស្រឡាញ់របស់គាត់ចំពោះលោក។ គាត់បានឃើញថាព្រះយេហូវ៉ាគាំទ្រអ្នកបម្រើដ៏ស្មោះត្រង់របស់លោកពេលមានស្ថានភាពដ៏ពិបាក ហើយគាត់បានទទួលស្គាល់ថា ក្នុងជីវិតរបស់យើងមានពរច្រើនជាងទុក្ខលំបាកឆ្ងាយណាស់។ ដូចបងខ្យុងស៊ុក យើងមានមូលហេតុជាច្រើនដើម្បីអរគុណព្រះយេហូវ៉ា ទោះជាយើងកំពុងស្ថិតក្នុងស្ថានភាពពិបាកក្ដី។ ការប្រាប់លោកក្នុងសេចក្ដីអធិដ្ឋានអំពីចិត្តកតញ្ញូរបស់យើងអាចជួយយើងឲ្យស៊ូទ្រាំនិងរក្សាចិត្តស្ងប់។
១១. ហេតុអ្វីពួកអ្នកកាន់តាមលោកយេស៊ូត្រូវការចិត្តក្លាហានក្រោយពីលោកត្រឡប់ទៅស្ថានសួគ៌វិញ?
១១ ចូរសុំព្រះយេហូវ៉ាឲ្យមានចិត្តក្លាហានក្នុងកិច្ចបម្រើផ្សាយ។ មុនលោកយេស៊ូត្រឡប់ទៅស្ថានសួគ៌វិញ លោកបានរំលឹកពួកអ្នកកាន់តាមលោកអំពីភារកិច្ចរបស់ពួកគេឲ្យផ្សព្វផ្សាយអំពីលោកនៅ«ក្រុងយេរូសាឡិម នៅតំបន់យូឌាទាំងមូល នៅទូទាំងស្រុកសាម៉ារី និងរហូតដល់កន្លែងឆ្ងាយបំផុតនៅផែនដី»។ (សកម្ម. ១:៨; លូក. ២៤:៤៦-៤៨) មិនយូរក្រោយមក ពួកអ្នកដឹកនាំសាសនាយូដាបានចាប់ខ្លួនសាវ័កពេត្រុសនិងយ៉ូហាន ហើយនាំទៅមុខក្រុមប្រឹក្សាជាន់ខ្ពស់។ ពួកគេបានបង្គាប់បុរសដ៏ស្មោះត្រង់ទាំងនេះឲ្យឈប់ផ្សព្វផ្សាយ ហើយថែមទាំងគំរាមកំហែងពួកគាត់ទៀតផង។ (សកម្ម. ៤:១៨, ២១) តើពេត្រុសនិងយ៉ូហានមានប្រតិកម្មយ៉ាងណា?
១២. យោងទៅតាមសកម្មភាព ៤:២៩, ៣១ តើពួកអ្នកកាន់តាមលោកបានធ្វើអ្វី?
១២ ពេត្រុសនិងយ៉ូហានបានតបឆ្លើយចំពោះការគំរាមកំហែងរបស់ពួកអ្នកដឹកនាំសាសនាយូដាថា៖ «បើអ្នករាល់គ្នាគិតថាការស្ដាប់បង្គាប់អ្នករាល់គ្នាជាជាងស្ដាប់បង្គាប់ព្រះ ជាអ្វីដែលព្រះចាត់ទុកជាអំពើសុចរិត នោះស្រេចលើអ្នករាល់គ្នាចុះ។ ប៉ុន្តែចំណែកយើងវិញ យើងមិនអាចឈប់និយាយអំពីអ្វីដែលយើងបានឃើញនិងបានឮទេ»។ (សកម្ម. ៤:១៩, ២០) ពេលពេត្រុសនិងយ៉ូហានបានត្រូវដោះលែង ពួកអ្នកកាន់តាមបានអធិដ្ឋានទៅព្រះយេហូវ៉ាអំពីការធ្វើតាមបំណងប្រាថ្នារបស់លោក។ ពួកគេបានអធិដ្ឋានថា៖ «សូមជួយពួកខ្ញុំបម្រើរបស់លោកឲ្យបន្តប្រកាសបណ្ដាំរបស់លោកដោយចិត្តក្លាហាន»។ ព្រះយេហូវ៉ាបានតបឆ្លើយសេចក្ដីអធិដ្ឋានដ៏ស្មោះនោះ។—សូមអាន សកម្មភាព ៤:២៩, ៣១
១៣. តើយើងអាចរៀនអ្វីពីគំរូរបស់បងជីនហ្យុក?
១៣ យើងអាចយកតម្រាប់ពួកអ្នកកាន់តាមដោយបន្តផ្សព្វផ្សាយ ទោះជាពួកអាជ្ញាធរបង្គាប់យើងឲ្យឈប់ធ្វើដូច្នេះក្ដី។ សូមគិតអំពីគំរូរបស់បងប្រុសជីនហ្យុកដែលជាប់គុកដោយសារកាន់ជំហរអព្យាក្រឹត។ នៅក្នុងគុកគាត់មានភារកិច្ចមើលថែពួកអ្នកទោសខ្លះដែលជាប់ឃុំឃាំងម្នាក់ៗឯង។ ប៉ុន្តែ គាត់មិនបានត្រូវអនុញ្ញាតឲ្យនិយាយទៅពួកគេអំពីរឿងណាក៏ដោយក្រៅពីភារកិច្ចរបស់គាត់ រួមទាំងគម្ពីរផងដែរ។ គាត់បានអធិដ្ឋានសុំចិត្តក្លាហានដើម្បីនិយាយសេចក្ដីពិតនៅគ្រប់ឱកាសតាមរបៀបដែលមិនធ្វើឲ្យគេទើសចិត្ត។ (សកម្ម. ៥:២៩) គាត់និយាយថា៖ «ព្រះយេហូវ៉ាបានតបឆ្លើយសេចក្ដីអធិដ្ឋានរបស់ខ្ញុំដោយឲ្យខ្ញុំមានចិត្តក្លាហាននិងប្រាជ្ញា ដើម្បីចាប់ផ្ដើមការសិក្សាគម្ពីរប្រាំនាទីជាច្រើននៅមុខទ្វារបន្ទប់គុក។ យប់ឡើង ខ្ញុំបានសរសេរសំបុត្រទុកឲ្យអ្នកទោសនៅថ្ងៃស្អែក»។ យើងក៏អាចជឿជាក់ថាព្រះយេហូវ៉ានឹងជួយយើងឲ្យបំពេញកិច្ចបម្រើផ្សាយរបស់យើង។ ដូចបងជីនហ្យុក យើងអាចអធិដ្ឋានសុំចិត្តក្លាហាននិងប្រាជ្ញា។
១៤. តើអ្វីអាចជួយយើងពេលយើងមានបញ្ហា? (ចម្រៀងសរសើរព្រះ ៣៧:៣, ៥)
១៤ ចូរសុំព្រះយេហូវ៉ាជួយអ្នកឲ្យស៊ូទ្រាំនឹងបញ្ហា។ យើងជាច្រើននាក់កំពុងរងទុក្ខដោយសារជំងឺឬបញ្ហាផ្លូវចិត្ត មនុស្សជាទីស្រឡាញ់ស្លាប់ បញ្ហាក្នុងក្រុមគ្រួសារ ការបៀតបៀន ឬការពិបាកផ្សេងទៀត។ បញ្ហាផ្សេងៗដូចជារោគរាតត្បាតនិងសង្គ្រាមធ្វើឲ្យការពិបាកជាច្រើនទាំងនេះកាន់តែយ៉ាប់ទៅ។ សូមប្រាប់ព្រះយេហូវ៉ាអំពីអារម្មណ៍កប់ជ្រៅរបស់អ្នក។ សូមប្រាប់លោកអំពីស្ថានភាពរបស់អ្នក ដូចដែលអ្នកនឹងនិយាយប្រាប់មិត្តជិតស្និទ្ធរបស់អ្នក។ សូមមានទំនុកចិត្តថាព្រះយេហូវ៉ា«នឹងជួយអ្នក»។—សូមអាន ចម្រៀងសរសើរព្រះ ៣៧:៣, ៥
១៥. តើសេចក្ដីអធិដ្ឋានអាចជួយយើងឲ្យ«ស៊ូទ្រាំនឹងសេចក្ដីវេទនា»តាមរបៀបណា? សូមឲ្យឧទាហរណ៍។
១៥ ការតស៊ូក្នុងការអធិដ្ឋាននឹងជួយយើងឲ្យ«ស៊ូទ្រាំនឹងសេចក្ដីវេទនា»។ (រ៉ូម ១២:១២) ព្រះយេហូវ៉ាដឹងអំពីអ្វីដែលពួកអ្នកគោរពប្រណិប័តន៍លោកកំពុងឆ្លងកាត់ ដោយសារ«លោកឮពាក្យស្រែកអង្វរសុំរបស់ពួកគេ»។ (ចសព. ១៤៥:១៨, ១៩) បងស្រីជាអ្នកត្រួសត្រាយម្នាក់ឈ្មោះគ្រីស្ទីដែលមានអាយុ២៩ឆ្នាំបានឃើញថានេះជាការពិត។ គាត់ស្រាប់តែមានបញ្ហាសុខភាពធ្ងន់ធ្ងរ។ ជាលទ្ធផល គាត់ធ្លាក់ទឹកចិត្តជាខ្លាំង។ ក្រោយមក គាត់បានដឹងថាម្ដាយរបស់គាត់បានត្រូវរកឃើញថាមានជំងឺធ្ងន់ធ្ងរដែលនឹងនាំឲ្យស្លាប់។ បងគ្រីស្ទីនិយាយថា៖ «ខ្ញុំបានអធិដ្ឋានអស់ពីចិត្តទៅព្រះយេហូវ៉ា ដើម្បីឲ្យលោកផ្ដល់កម្លាំងដែលខ្ញុំត្រូវការរាល់ថ្ងៃ។ ខ្ញុំព្យាយាមរក្សាទម្លាប់ល្អក្នុងការគោរពប្រណិប័តន៍ព្រះដោយចូលរួមកិច្ចប្រជុំ និងសិក្សាផ្ទាល់ខ្លួន»។ គាត់បន្ថែមថា៖ «សេចក្ដីអធិដ្ឋានបានជួយខ្ញុំឲ្យស៊ូទ្រាំនៅគ្រាពិបាក។ ខ្ញុំដឹងថាព្រះយេហូវ៉ាតែងតែនៅជាមួយខ្ញុំ ហើយនោះបានជួយខ្ញុំឲ្យធូរចិត្តជាង។ ទោះជាពេលនោះ បញ្ហាសុខភាពរបស់ខ្ញុំមិនជាសះស្បើយភ្លាមៗក្ដី ព្រះយេហូវ៉ាបានតបឆ្លើយសេចក្ដីអធិដ្ឋានរបស់ខ្ញុំ ដោយឲ្យខ្ញុំមានចិត្តស្ងប់និងសេចក្ដីសុខសាន្តក្នុងចិត្ត»។ សូមយើងចាំជានិច្ចថា«ព្រះយេហូវ៉ាស្គាល់វិធីសង្គ្រោះមនុស្សដែលមានភក្ដីភាពចំពោះលោកឲ្យរួចពីទុក្ខលំបាក»។—២ពេ. ២:៩
ដើម្បីទប់ទល់នឹងការល្បួង (១) អធិដ្ឋានសុំជំនួយពីព្រះយេហូវ៉ា (២) ប្រព្រឹត្តសមស្របតាមសេចក្ដីអធិដ្ឋានរបស់អ្នកនិង(៣) ពង្រឹងចំណងមិត្តភាពរបស់អ្នកជាមួយព្រះយេហូវ៉ា (សូមមើលវគ្គ១៦-១៧)
១៦. ហេតុអ្វីយើងត្រូវការជំនួយពីព្រះយេហូវ៉ាដើម្បីទប់ទល់នឹងការល្បួង?
១៦ ចូរសុំជំនួយពីព្រះយេហូវ៉ាដើម្បីទប់ទល់នឹងការល្បួង។ ដោយសារយើងជាមនុស្សមិនល្អឥតខ្ចោះ យើងតែងតែត្រូវតយុទ្ធនឹងទំនោរចិត្តចង់ធ្វើអ្វីដែលខុស។ សាថានខំអស់ពីសមត្ថភាពដើម្បីធ្វើឲ្យយើងកាន់តែពិបាកក្នុងការតយុទ្ធនោះ។ របៀបមួយដែលវាព្យាយាមបង្ខូចគំនិតរបស់យើងគឺតាមរយៈការកម្សាន្តដែលប្រាសចាកសីលធម៌។ ការកម្សាន្តបែបនេះអាចធ្វើឲ្យយើងចេះតែគិតអំពីអ្វីដែលស្មោកគ្រោក ហើយការគិតនោះអាចធ្វើឲ្យយើងមិនស្អាតស្អំតាមទស្សនៈរបស់ព្រះយេហូវ៉ា ព្រមទាំងអាចនាំឲ្យយើងប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរ។—ម៉ាក. ៧:២១-២៣; យ៉ា. ១:១៤, ១៥
១៧. ក្រោយពីយើងអធិដ្ឋានសុំជំនួយ តើយើងត្រូវធ្វើអ្វីដើម្បីជៀសវាងពីការល្បួង? (សូមមើលរូបភាពផងដែរ)
១៧ យើងត្រូវការជំនួយពីព្រះយេហូវ៉ា បើយើងចង់យកឈ្នះការល្បួងឲ្យធ្វើខុស។ ក្នុងសេចក្ដីអធិដ្ឋានគំរូ លោកយេស៊ូបានរួមបញ្ចូលសំណូមពរនេះថា៖ «សូមកុំឲ្យយើងចាញ់សេចក្ដីល្បួងឡើយ តែសូមសង្គ្រោះយើងឲ្យរួចពីមេកំណាចវិញ»។ (ម៉ាថ. ៦:១៣) ព្រះយេហូវ៉ាចង់ជួយយើង ប៉ុន្តែយើងត្រូវសុំជំនួយពីលោក។ យើងក៏ត្រូវប្រព្រឹត្តសមស្របតាមសេចក្ដីអធិដ្ឋានរបស់យើងដែរ។ យើងអាចព្យាយាមអស់ពីសមត្ថភាពដើម្បីជៀសវាងពីការអាននិងការស្ដាប់ទស្សនៈមិនត្រឹមត្រូវដែលពេញនិយមក្នុងពិភពលោករបស់សាថាន។ (ចសព. ៩៧:១០) យើងអាចមានគំនិតត្រឹមត្រូវដោយអាននិងសិក្សាគម្ពីរ។ ការចូលរួមកិច្ចប្រជុំនិងកិច្ចផ្សព្វផ្សាយក៏នឹងការពាររបៀបគិតគូររបស់យើងដែរ។ ម្យ៉ាងទៀត ព្រះយេហូវ៉ាសន្យាថា លោកនឹងមិនឲ្យយើងរងការល្បួងហួសពីសមត្ថភាពស៊ូទ្រាំរបស់យើងឡើយ។—១កូ. ១០:១២, ១៣
១៨. ស្ដីអំពីការអធិដ្ឋាន តើយើងទាំងអស់គ្នាត្រូវធ្វើអ្វី?
១៨ យើងម្នាក់ៗត្រូវអធិដ្ឋានច្រើនជាងមុនដើម្បីរក្សាភាពស្មោះត្រង់ចំពោះព្រះយេហូវ៉ាក្នុងអំឡុងគ្រាចុងក្រោយដ៏លំបាកនេះ។ សូមលៃទុកពេលរាល់ថ្ងៃដើម្បីអធិដ្ឋានអស់ពីចិត្ត។ ព្រះយេហូវ៉ាចង់ឲ្យយើងអធិដ្ឋាន‹ជម្រាបលោកអំពីអ្វីទាំងអស់ដែលមាននៅក្នុងចិត្តរបស់យើង›។ (ចសព. ៦២:៨) សូមសរសើរព្រះយេហូវ៉ានិងអរគុណលោកចំពោះអ្វីទាំងអស់ដែលលោកធ្វើ។ សូមសុំលោកឲ្យជួយអ្នកមានចិត្តក្លាហានក្នុងកិច្ចបម្រើផ្សាយ។ សូមអង្វរសុំលោកជួយអ្នកឲ្យស៊ូទ្រាំនឹងបញ្ហាផ្សេងៗ ព្រមទាំងទប់ទល់នឹងការល្បួងណាក៏ដោយដែលអ្នកកំពុងជួប។ សូមកុំឲ្យអ្នកណាឬអ្វីណាក៏ដោយបញ្ឈប់អ្នកពីការអធិដ្ឋានទៅព្រះយេហូវ៉ាជាទៀងទាត់។ តើព្រះយេហូវ៉ាតបឆ្លើយសេចក្ដីអធិដ្ឋានរបស់យើងតាមរបៀបណា? យើងនឹងពិចារណាចម្លើយចំពោះសំណួរសំខាន់នេះក្នុងអត្ថបទបន្ទាប់។
ចម្រៀងលេខ៤២ សេចក្ដីអធិដ្ឋានរបស់អ្នកបម្រើព្រះ
a យើងចង់ឲ្យសេចក្ដីអធិដ្ឋានរបស់យើងប្រៀបដូចជាសំបុត្រដែលចេញពីចិត្តទៅកាន់មិត្តជាទីស្រឡាញ់ម្នាក់។ ទោះជាយ៉ាងណានេះក្ដី គឺមិនតែងតែស្រួលឲ្យរកពេលអធិដ្ឋានទេ។ ម្យ៉ាងទៀត យើងប្រហែលជាមិនដឹងថាគួរអធិដ្ឋានអំពីអ្វីឡើយ។ ក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីចំណុចសំខាន់ទាំងពីរនេះ។