អត្ថបទសិក្សា ២៦
ចម្រៀងលេខ១២៣ ចុះចូលដោយស្មោះក្រោមការរៀបចំរបស់ព្រះ
ចូរទទួលស្គាល់អ្វីដែលអ្នកមិនដឹងដោយចិត្តរាបទាប
«យើងមិនអាចយល់អំពីព្រះដ៏មានឫទ្ធានុភាពខ្លាំងក្លាបំផុតបានទេ»។—យ៉ូប ៣៧:២៣
ចំណុចផ្ដោត
ទោះបីជាយើងមិនដឹងអ្វីទាំងអស់ដែលនឹងកើតឡើងក្ដី យើងអាចស៊ូទ្រាំនឹងការពិបាកបាន បើយើងគិតអំពីអ្វីដែលយើងដឹង ហើយទុកចិត្តព្រះយេហូវ៉ា។
១. តើព្រះយេហូវ៉ាបានឲ្យយើងសមត្ថភាពអ្វីខ្លះ ហើយហេតុអ្វី?
ព្រះយេហូវ៉ាបានបង្កើតយើងឲ្យមានសមត្ថភាពចេះគិតគូរ ទទួលយកចំណេះ បង្កើនការយល់ដឹង និងបង្ហាញប្រាជ្ញា។ ហេតុអ្វីបានជាលោកបង្កើតយើងឲ្យមានសមត្ថភាពបែបនេះ? ពីព្រោះលោកចង់ឲ្យយើង«រកឃើញចំណេះអំពីព្រះ» ហើយបម្រើលោកដោយប្រើសមត្ថភាពរិះគិតរបស់យើង។—សុភ. ២:១-៥; រ៉ូម ១២:១
២. (ក) តើយើងត្រូវយល់យ៉ាងណាអំពីខ្លួន? (យ៉ូប ៣៧:២៣, ២៤) (សូមមើលរូបភាពផងដែរ) (ខ) តើយើងទទួលប្រយោជន៍យ៉ាងណាពីការទទួលស្គាល់កម្រិតសមត្ថភាពរបស់យើងដោយចិត្តរាបទាប?
២ ទោះជាយើងមានសមត្ថភាពដើម្បីរៀនអ្វីផ្សេងៗក៏ដោយ អ្វីដែលយើងដឹងគឺមានកម្រិត។ (សូមអាន យ៉ូប ៣៧:២៣, ២៤) សូមពិចារណាអំពីគំរូរបស់យ៉ូប។ ព្រះយេហូវ៉ាបានសួរយ៉ូបនូវសំណួរជាច្រើនដែលជួយគាត់ឲ្យយល់ថា មានអ្វីជាច្រើនដែលគាត់មិនដឹង។ ក្នុងការសន្ទនានោះ ព្រះយេហូវ៉ាជួយយ៉ូបឲ្យដឹងថាគាត់ត្រូវមានចិត្តរាបទាប ហើយត្រូវកែប្រែរបៀបគិតគូររបស់គាត់។ (យ៉ូប ៤២:៣-៦) យើងក៏ទទួលប្រយោជន៍ដែរ បើយើងទទួលស្គាល់ដោយចិត្តរាបទាបថាយើងមិនដឹងអ្វីៗទាំងអស់។ ចិត្តរាបទាបបែបនេះជំរុញយើងឲ្យទុកចិត្តព្រះយេហូវ៉ាថាលោកនឹងបង្ហាញអំពីអ្វីដែលយើងពិតជាត្រូវដឹង ដើម្បីធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃ។—សុភ. ២:៦
ការទទួលស្គាល់អ្វីដែលយើងមិនដឹងអាចផ្ដល់ប្រយោជន៍ដល់យើង ដូចដែលផ្ដល់ប្រយោជន៍ដល់យ៉ូបដែរ (សូមមើលវគ្គ២)
៣. តើយើងនឹងពិចារណាអ្វីខ្លះក្នុងអត្ថបទនេះ?
៣ ក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីអ្វីខ្លះដែលយើងមិនដឹង ហើយការពិបាកដែលយើងប្រហែលជាជួបដោយសារយើងមិនដឹងអ្វីទាំងនោះ។ យើងក៏នឹងពិចារណាដែរអំពីមូលហេតុដែលជាការល្អដែលយើងមិនដឹងអំពីអ្វីខ្លះ។ ការពិចារណាអ្វីទាំងនេះនឹងពង្រឹងទំនុកចិត្តរបស់យើងថា ព្រះយេហូវ៉ាជា«ព្រះដែលមានចំណេះសព្វគ្រប់»ប្រាប់យើងអំពីអ្វីដែលយើងពិតជាត្រូវដឹង។—យ៉ូប ៣៧:១៦
យើងមិនដឹងថាទីបញ្ចប់នឹងមកដល់នៅពេលណាទេ
៤. យោងទៅតាមម៉ាថាយ ២៤:៣៦ តើមានអ្វីមួយដែលយើងមិនដឹង?
៤ សូមអាន ម៉ាថាយ ២៤:៣៦។ យើងមិនដឹងថាពេលណាទីបញ្ចប់នៃរបៀបរបបពិភពលោកនេះនឹងមកដល់ទេ។ សូម្បីតែពេលលោកយេស៊ូនៅផែនដី ក៏លោកមិនដឹងអំពី«ថ្ងៃនិងម៉ោង»នោះដែរ។a ក្រោយមក លោកបានប្រាប់ពួកសាវ័ករបស់លោកថា ព្រះយេហូវ៉ាគឺជាអ្នកដែលមានសិទ្ធិសម្រេចចិត្តអំពីពេលណាព្រឹត្តិការណ៍ខ្លះនឹងកើតឡើង។ (សកម្ម. ១:៦, ៧) ព្រះយេហូវ៉ាបានកំណត់ពេលសម្រាប់ទីបញ្ចប់នៃរបៀបរបបពិភពលោកនេះ ប៉ុន្តែយើងមិនដឹងពេលជាក់លាក់ដែលនោះនឹងកើតឡើងទេ។
៥. តើការមិនដឹងថាថ្ងៃណាដែលទីបញ្ចប់នឹងមកដល់អាចមានឥទ្ធិពលយ៉ាងណាមកលើយើង?
៥ យើងមិនដឹងថាយើងត្រូវរង់ចាំទីបញ្ចប់នៃរបៀបរបបពិភពលោកនេះយូរប៉ុណ្ណាទេ។ ជាលទ្ធផល យើងប្រហែលជាធ្លាក់ទឹកចិត្តឬពិបាកមានចិត្តអត់ធ្មត់ ជាពិសេសបើយើងបានរង់ចាំឲ្យថ្ងៃរបស់ព្រះយេហូវ៉ាមកដល់អស់ជាយូរមកហើយ។ ម្យ៉ាងទៀត យើងប្រហែលជាពិបាកស៊ូទ្រាំនឹងការចំអកមើលងាយពីសមាជិកក្រុមគ្រួសារ ឬអ្នកឯទៀត។ (២ពេ. ៣:៣, ៤) យើងប្រហែលជាគិតថា បើយើងដឹងច្បាស់ថាថ្ងៃណាទីបញ្ចប់នឹងមកដល់ យើងនឹងកាន់តែមានចិត្តអត់ធ្មត់ ហើយងាយស្រួលស៊ូទ្រាំនឹងការចំអកមើលងាយពីអ្នកឯទៀតជាង។
៦. ហេតុអ្វីគឺជាការល្អដែលយើងមិនដឹងថាទីបញ្ចប់នឹងមកដល់នៅណា?
៦ ដោយសារព្រះយេហូវ៉ាមិនប្រាប់យើងថ្ងៃជាក់លាក់ដែលទីបញ្ចប់នឹងមកដល់ យើងមានឱកាសបង្ហាញថាយើងបម្រើលោកដោយសារយើងស្រឡាញ់លោក ហើយទុកចិត្តលោក។ យើងចង់បម្រើព្រះយេហូវ៉ាជារៀងរហូត មិនគ្រាន់តែរហូតដល់ទីបញ្ចប់មកដល់ទេ។ ជាជាងផ្ដោតអារម្មណ៍ច្រើនពេកទៅលើពេលណាដែល«ថ្ងៃរបស់ព្រះយេហូវ៉ា»នឹងមកដល់ គឺជាការល្អឲ្យយើងផ្ដោតអារម្មណ៍ទៅលើអ្វីល្អៗដែលនឹងកើតឡើងពេលថ្ងៃនោះមកដល់។ ដោយធ្វើដូច្នេះ យើងបន្តមានភក្ដីភាពឲ្យកាន់តែខ្លាំងចំពោះព្រះ ហើយធ្វើអ្វីទាំងអស់ដែលអាចធ្វើបានដើម្បីឲ្យលោកពេញចិត្ត។—២ពេ. ៣:១១, ១២
៧. តើយើងដឹងអំពីអ្វីខ្លះ?
៧ គឺសំខាន់ឲ្យយើងគិតអំពីអ្វីដែលយើងដឹង។ យើងដឹងថាគ្រាចុងក្រោយបង្អស់បានចាប់ផ្ដើមនៅឆ្នាំ១៩១៤។ ព្រះយេហូវ៉ាបានផ្ដល់ទំនាយក្នុងគម្ពីរដែលបង្ហាញថា គ្រាចុងក្រោយបង្អស់បានចាប់ផ្ដើមនៅឆ្នាំនោះ។ លោកក៏បានប្រាប់យើងយ៉ាងល្អិតល្អន់អំពីស្ថានភាពពិភពលោកចាប់ពីពេលនោះដែរ។ ជាលទ្ធផល យើងជឿជាក់ថា«ថ្ងៃដ៏ធំរបស់ព្រះយេហូវ៉ា គឺមកកាន់តែជិតណាស់ហើយ!»។ (សេផ. ១:១៤) យើងក៏ដឹងអំពីកិច្ចការដែលព្រះយេហូវ៉ាចង់ឲ្យយើងធ្វើដែរ ពោលគឺប្រាប់មនុស្សឲ្យបានច្រើនបំផុតអំពី‹ដំណឹងល្អអំពីរាជាណាចក្រ›។ (ម៉ាថ. ២៤:១៤) យើងកំពុងផ្សព្វផ្សាយដំណឹងល្អនេះនៅប្រហែល២៤០ប្រទេស ហើយច្រើនជាង១.០០០ភាសា។ យើងមិនចាំបាច់ដឹងអំពី«ថ្ងៃនិងម៉ោង» ទើបយើងខ្នះខ្នែងក្នុងកិច្ចការដ៏សំខាន់ចាំបាច់នោះទេ។
យើងមិនដឹងថាព្រះយេហូវ៉ានឹងចាត់វិធានការយ៉ាងណាទេ
៨. តើ«កិច្ចការរបស់ព្រះពិត»សំដៅទៅលើអ្វី? (អ្នកទូន្មាន ១១:៥)
៨ យើងមិនតែងតែដឹងអំពី«កិច្ចការរបស់ព្រះពិត»ទេ។ (សូមអាន អ្នកទូន្មាន ១១:៥) ពាក្យទាំងនោះសំដៅទៅលើអ្វីដែលព្រះយេហូវ៉ាធ្វើឲ្យកើតឡើង ឬអ្វីដែលលោកអនុញ្ញាតឲ្យកើតឡើងដើម្បីឲ្យបំណងប្រាថ្នារបស់លោកបានសម្រេច។ យើងមិនអាចដឹងច្បាស់អំពីមូលហេតុដែលព្រះយេហូវ៉ាអនុញ្ញាតឲ្យអ្វីណាមួយកើតឡើង ឬមិនអាចដឹងថាលោកនឹងធ្វើអ្វីជាក់លាក់ដើម្បីជួយយើងទេ។ (ចសព. ៣៧:៥) ចំណេះបែបនេះគឺវាស់ស្ទង់មិនបាន ដូចជាការលូតលាស់របស់ទារកនៅក្នុងផ្ទៃម្ដាយ ដែលជាអ្វីដែលអ្នកវិទ្យាសាស្ត្រនៅតែមិនទាន់យល់ទាំងស្រុងនៅឡើយទេ។
៩. ដោយសារយើងមិនដឹងថាព្រះយេហូវ៉ានឹងចាត់វិធានការជាក់លាក់ក្នុងស្ថានភាពណាមួយ តើយើងប្រហែលជាជួបការពិបាកអ្វីខ្លះ?
៩ ការមិនដឹងច្បាស់ថាព្រះយេហូវ៉ានឹងចាត់វិធានការយ៉ាងណាដើម្បីជួយយើង អាចធ្វើឲ្យយើងពិបាកធ្វើការសម្រេចចិត្តផ្សេងៗ។ យើងប្រហែលជាស្ទាក់ស្ទើរធ្វើការលះបង់ដើម្បីបង្កើនកិច្ចបម្រើរបស់យើងដូចជាធ្វើឲ្យជីវិតសាមញ្ញជាង ឬរើទៅកន្លែងដែលត្រូវការអ្នកផ្សាយច្រើនជាង។ ម្យ៉ាងទៀត យើងប្រហែលជាឆ្ងល់ថា តើព្រះពេញចិត្តយើងឬយ៉ាងណា បើយើងមិនសម្រេចគោលដៅរបស់យើងក្នុងកិច្ចបម្រើលោក? យើងក៏ប្រហែលជាឆ្ងល់ថា បើយើងមិនឃើញលទ្ធផលល្អចំពោះការខំប្រឹងរបស់យើងក្នុងកិច្ចបម្រើផ្សាយ ឬបើយើងជួបឧបសគ្គក្នុងការធ្វើគម្រោងណាមួយរបស់អង្គការព្រះ តើព្រះពេញចិត្តយើងឬទេ?
១០. តើការមិនដឹងថាព្រះយេហូវ៉ានឹងចាត់វិធានការយ៉ាងណាជួយយើងឲ្យបណ្ដុះគុណសម្បត្តិដ៏សំខាន់ចាំបាច់អ្វីខ្លះ?
១០ តាមពិត ការមិនដឹងយ៉ាងច្បាស់ថាព្រះយេហូវ៉ានឹងប្រព្រឹត្តយ៉ាងណា ជួយយើងឲ្យបណ្ដុះគុណសម្បត្តិដែលសំខាន់ចាំបាច់ដូចជា ចិត្តរាបទាប និងចិត្តសុភាព ហើយជួយយើងឲ្យដឹងថាគំនិតនិងផ្លូវរបស់ព្រះយេហូវ៉ាខ្ពង់ខ្ពស់ជាងគំនិតនិងផ្លូវរបស់យើងឆ្ងាយណាស់។ (អេ. ៥៥:៨, ៩) យើងក៏រៀនឲ្យទុកចិត្តព្រះយេហូវ៉ាច្រើនជាង ដោយពឹងផ្អែកលើលោកដើម្បីទទួលជោគជ័យ។ ពេលយើងទទួលលទ្ធផលល្អក្នុងកិច្ចបម្រើផ្សាយឬក្នុងគម្រោងណាមួយរបស់អង្គការ យើងឲ្យការសរសើរដល់ព្រះយេហូវ៉ាដែលលោកសមនឹងទទួល។ (ចសព. ១២៧:១; ១កូ. ៣:៧) បើយើងទទួលលទ្ធផលដែលខុសពីការរំពឹងទុក យើងត្រូវចាំថាព្រះយេហូវ៉ាដឹងអ្វីៗទាំងអស់។ (អេ. ២៦:១២) យើងធ្វើអ្វីដែលយើងអាចធ្វើបាន ហើយទុកចិត្តថាព្រះយេហូវ៉ានឹងតែងតែជួយយើង។ យើងក៏ជឿជាក់ដែរថាលោកនឹងផ្ដល់ការណែនាំដែលយើងត្រូវការ ទោះជានោះមិនកើតឡើងតាមរបៀបដ៏អស្ចារ្យដូចដែលលោកធ្លាប់ធ្វើនៅពេលខ្លះនាអតីតកាលក៏ដោយ។—សកម្ម. ១៦:៦-១០
១១. តើអ្វីដែលយើងដឹងអាចជួយយើងយ៉ាងណា?
១១ យើងដឹងថាព្រះយេហូវ៉ាតែងតែមានសេចក្ដីស្រឡាញ់ យុត្តិធម៌ និងប្រាជ្ញា។ យើងក៏ដឹងថាលោកឲ្យតម្លៃយ៉ាងខ្លាំងចំពោះអ្វីដែលយើងធ្វើដើម្បីលោក និងដើម្បីបងប្អូនរួមជំនឿរបស់យើង។ ម្យ៉ាងទៀត យើងដឹងថាព្រះយេហូវ៉ាតែងតែឲ្យរង្វាន់ដល់ពួកអ្នកដែលមានភក្ដីភាពចំពោះលោក។—ហេ. ១១:៦
យើងមិនដឹងអំពីអ្វីដែលនឹងកើតឡើងនៅថ្ងៃស្អែកទេ
១២. យោងទៅតាមយ៉ាកុប ៤:១៣, ១៤ តើយើងមិនដឹងអំពីអ្វី?
១២ សូមអាន យ៉ាកុប ៤:១៣, ១៤។ ការពិតដ៏សំខាន់មួយគឺថា យើងមិនដឹងថាជីវិតរបស់យើងនឹងទៅជាយ៉ាងណាទេនៅថ្ងៃស្អែក។ ក្នុងរបៀបរបបពិភពលោកនេះ យើង‹ជួបហេតុការណ៍ដែលមិនបានរំពឹងទុក នៅពេលដែលយើងមិននឹកស្មានដល់›។ (អទ. ៩:១១) ជាលទ្ធផលយើងមិនអាចដឹងថាគម្រោងរបស់យើងនឹងជោគជ័យ ឬថែមទាំងមិនដឹងថាយើងនៅតែមានជីវិតរស់នៅរហូតដល់គម្រោងនោះសម្រេចឬយ៉ាងណាទេ។
១៣. តើការមិនដឹងប្រាកដអំពីអ្វីដែលនឹងកើតឡើងក្នុងជីវិតរបស់យើងអាចមានឥទ្ធិពលយ៉ាងណាមកលើយើង?
១៣ យើងប្រហែលជាពិបាកស៊ូទ្រាំ ដោយសារយើងមិនដឹងប្រាកដអំពីអ្វីដែលនឹងកើតឡើងក្នុងជីវិតរបស់យើង។ ជាឧទាហរណ៍ យើងប្រហែលជាខ្វល់អំពីអ្វីដែលអាចកើតឡើង ហើយនោះអាចនាំឲ្យយើងបាត់បង់អំណរ។ ម្យ៉ាងទៀត រឿងខ្លោចផ្សានិងហេតុការណ៍ដែលមិនបានរំពឹងទុក អាចនាំឲ្យយើងកើតទុក្ខនិងពិបាកចិត្ត។ មួយវិញទៀត ពេលសេចក្ដីសង្ឃឹមរបស់យើងក្រនឹងកើតឡើង យើងអាចខកចិត្តនិងធ្លាក់ទឹកចិត្ត។—សុភ. ១៣:១២
១៤. តើសុភមង្គលដ៏ស្ថិតស្ថេរអាស្រ័យទៅលើអ្វី? (សូមមើលរូបភាពផងដែរ)
១៤ ពេលយើងស៊ូទ្រាំនឹងទុក្ខលំបាក យើងអាចបង្ហាញថាទោះជាមានរឿងអ្វីកើតឡើងក៏ដោយ យើងបម្រើបិតារបស់យើងនៅស្ថានសួគ៌ ដោយសារយើងស្រឡាញ់លោក មិនមែនដោយសារយើងគិតពីប្រយោជន៍ខ្លួនទេ។ កំណត់ហេតុផ្សេងៗនៅក្នុងគម្ពីរបង្ហាញថា លោកមិនបានកំណត់ទុកជាមុនអំពីព្រឹត្តការណ៍ដែលនឹងឡើងក្នុងជីវិតយើងទេ ហើយថាយើងមិនគួររំពឹងថាព្រះយេហូវ៉ានឹងការពារយើងពីការពិបាកទាំងអស់ឡើយ។ លោកដឹងថាសុភមង្គលរបស់យើងមិនអាស្រ័យទៅលើការដឹងអំពីអ្វីទាំងអស់ដែលនឹងកើតឡើងក្នុងជីវិតរបស់យើងនៅថ្ងៃអនាគតទេ។ ផ្ទុយទៅវិញ នេះអាស្រ័យទៅលើការស្វែងរកការណែនាំពីព្រះយេហូវ៉ានិងស្ដាប់បង្គាប់លោក។ (យេ. ១០:២៣) ដោយពឹងទៅលើលោកពេលយើងធ្វើការសម្រេចចិត្ត គឺហាក់ដូចជាយើងនិយាយថា៖ «ប្រសិនបើជាបំណងប្រាថ្នារបស់ព្រះយេហូវ៉ា យើងនឹងរស់ ហើយធ្វើការនេះឬការនោះ»។—យ៉ា. ៤:១៥
ពេលយើងស្វែងរកការណែនាំពីព្រះយេហូវ៉ានិងស្ដាប់បង្គាប់លោក យើងអាចប្រាកដថាលោកនឹងជួយយើង និងឲ្យពរយើង (សូមមើលវគ្គ១៤-១៥)b
១៥. តើយើងដឹងអ្វីខ្លះអំពីថ្ងៃអនាគត?
១៥ ទោះជាយើងមិនដឹងថានឹងមានអ្វីកើតឡើងនៅថ្ងៃនីមួយៗក៏ដោយ យើងដឹងថាព្រះយេហូវ៉ាបានសន្យាថាលោកនឹងផ្ដល់ឲ្យយើងនូវជីវិតដែលគ្មានទីបញ្ចប់ មិនថានៅស្ថានសួគ៌ឬនៅផែនដីក្ដី។ យើងក៏ដឹងដែរថា លោកមិនអាចកុហក ហើយថាគ្មានអ្វីអាចរារាំងលោកពីការសម្រេចសេចក្ដីសន្យាទាំងអស់របស់លោកបានឡើយ។ (ទីត. ១:២) មានតែលោកប៉ុណ្ណោះដែលអាច‹ប្រកាសទុកជាមុនអំពីព្រឹត្តិការណ៍ដែលនឹងកើតឡើង តាំងពីយូរមកហើយ លោកបានប្រាប់អំពីអ្វីដែលមិនទាន់មកដល់›។ អ្វីទាំងអស់ដែលលោកបានប្រាប់ទុកជាមុនថាកើតឡើងនៅសម័យគម្ពីរ បានកើតឡើងមែន ហើយអ្វីទាំងអស់ដែលលោកបានប្រាប់ទុកជាមុនថានឹងកើតឡើងនៅថ្ងៃអនាគត ក៏នឹងកើតឡើងដែរ។ (អេ. ៤៦:១០) យើងដឹងច្បាស់ថាគ្មានអ្វីអាចរារាំងព្រះយេហូវ៉ាមិនឲ្យស្រឡាញ់យើងនោះទេ។ (រ៉ូម ៨:៣៥-៣៩) លោកនឹងឲ្យយើងនូវប្រាជ្ញា ការសម្រាលទុក្ខ និងកម្លាំងដែលយើងត្រូវការដើម្បីស៊ូទ្រាំនឹងអ្វីណាក៏ដោយដែលកើតឡើងក្នុងជីវិតរបស់យើង។ យើងអាចប្រាកដថាព្រះយេហូវ៉ានឹងជួយយើង ហើយឲ្យពរយើង។—យេ. ១៧:៧, ៨
យើងមិនអាចយល់ទាំងស្រុងថាព្រះយេហូវ៉ាស្គាល់យើងច្បាស់យ៉ាងណាទេ
១៦. តើព្រះយេហូវ៉ាដឹងអ្វីខ្លះអំពីយើង ហើយតើនោះនាំឲ្យអ្នកមានអារម្មណ៍យ៉ាងណា? (ចម្រៀងសរសើរព្រះ ១៣៩:១-៦)
១៦ សូមអាន ចម្រៀងសរសើរព្រះ ១៣៩:១-៦។ ព្រះយេហូវ៉ាដែលជាអ្នកបង្កើតយើង ដឹងអ្វីៗទាំងអស់អំពីយើង។ លោកដឹងថាយើងមានគំនិតនិងអារម្មណ៍បែបណា ហើយដឹងអំពីមូលហេតុដែលយើងមានគំនិតនិងអារម្មណ៍បែបនោះ។ លោកដឹងអំពីអ្វីដែលយើងនិយាយ និងអ្វីដែលនៅក្នុងចិត្តរបស់យើង។ លោកក៏ដឹងអំពីអ្វីទាំងអស់ដែលយើងធ្វើ និងមូលហេតុដែលយើងធ្វើអ្វីទាំងនោះដែរ។ ដូចស្ដេចដាវីឌបាននិយាយអំពីព្រះយេហូវ៉ាថា លោកសង្កេតមើលយើងយ៉ាងយកចិត្តទុកដាក់ ហើយលោកនៅក្បែរដើម្បីជួយយើងជានិច្ច។ តើអ្នកមានអារម្មណ៍យ៉ាងណាពេលដឹងថាព្រះដ៏មានឫទ្ធានុភាពខ្លាំងក្លាបំផុតដែលជាព្រះដ៏ខ្ពង់ខ្ពស់បំផុត ហើយជាព្រះដែលបង្កើតអ្វីៗទាំងអស់ យកចិត្តទុកដាក់យ៉ាងខ្លាំងបែបនេះចំពោះអ្នក? ដាវីឌបាននិយាយ៖ «ការដែលលោកស្គាល់ខ្ញុំច្បាស់យ៉ាងនេះ គឺជាការអស្ចារ្យខ្លាំងណាស់ចំពោះខ្ញុំ។ អ្វីទាំងនោះអស្ចារ្យពេក ហួសពីសមត្ថភាពយល់ដឹងរបស់ខ្ញុំ»។—ចសព. ១៣៩:៦
១៧. ហេតុអ្វីយើងប្រហែលជាពិបាកទទួលស្គាល់ថាព្រះយេហូវ៉ាយកចិត្តទុកដាក់ចំពោះយើង?
១៧ ដោយសារប្រវត្តិក្រុមគ្រួសារ វប្បធម៌ ឬជំនឿដែលយើងមានពីមុន យើងប្រហែលជាពិបាកចាត់ទុកព្រះយេហូវ៉ាថាជាបិតាដែលស្រឡាញ់និងយកចិត្តទុកដាក់ចំពោះយើង។ ម្យ៉ាងទៀត យើងប្រហែលជាមានអារម្មណ៍ថាកំហុសដែលយើងធ្វើនៅអតីតកាលគឺអាក្រក់ពេក រហូតដល់ព្រះយេហូវ៉ាមិនចង់ស្គាល់យើង ហើយថាលោកនៅឆ្ងាយពីយើង។ នៅពេលខ្លះសូម្បីតែដាវីឌ ក៏ធ្លាប់មានអារម្មណ៍ស្រដៀងនឹងនេះដែរ។ (ចសព. ៣៨:១៨, ២១) មួយវិញទៀត បុគ្គលដែលខំព្យាយាមយ៉ាងស្មោះដើម្បីកែប្រែរបៀបរស់នៅរបស់គាត់ ហើយរស់នៅស្របតាមខ្នាតតម្រាដ៏សុចរិតរបស់ព្រះប្រហែលជាឆ្ងល់ថា ‹បើព្រះពិតជាស្គាល់ខ្ញុំមែន ហេតុអ្វីលោកតម្រូវឲ្យខ្ញុំកែប្រែរបៀបរស់នៅដែលខ្ញុំចាត់ទុកថាជាលក្ខណៈធម្មជាតិរបស់ខ្ញុំ?›។
១៨. តើយើងទទួលប្រយោជន៍យ៉ាងណាពីការទទួលស្គាល់ថាព្រះយេហូវ៉ាស្គាល់យើងច្បាស់ជាងយើងស្គាល់ខ្លួនឯង? (សូមមើលរូបភាពផងដែរ)
១៨ យើងអាចរៀនឲ្យទទួលស្គាល់ថាព្រះយេហូវ៉ាស្គាល់យើងច្បាស់ជាងយើងស្គាល់ខ្លួនឯងទៅទៀត ហើយថាលោកអាចឃើញចំណុចល្អរបស់យើងដែលយើងមិនអាចឃើញ។ ទោះជាលោកឃើញកំហុសរបស់យើង និងយល់មូលហេតុដែលយើងមានអារម្មណ៍និងប្រព្រឹត្តអ្វីណាមួយក៏ដោយ លោកដឹងថាយើងអាចកែប្រែ ហើយលោកជួយយើងដោយក្ដីស្រឡាញ់។ (រ៉ូម ៧:១៥) ពេលយើងទទួលស្គាល់ថាព្រះយេហូវ៉ាតែងតែឃើញថាយើងអាចទៅជាមនុស្សល្អប្រសើរជាង នោះនឹងផ្ដល់កម្លាំងដែលយើងត្រូវការដើម្បីបម្រើលោកយ៉ាងស្មោះត្រង់និងដោយមានអំណរ។
ព្រះយេហូវ៉ាជួយយើងឲ្យពង្រឹងជំនឿរបស់យើងលើសេចក្ដីសន្យារបស់លោកអំពីជីវិតដ៏អស្ចារ្យ។ យ៉ាងនេះ លោកជួយយើងឲ្យស៊ូទ្រាំនឹងបញ្ហាដែលយើងមិនបានរំពឹងទុក (សូមមើលវគ្គ១៨-១៩)c
១៩. តើមានអ្វីខ្លះដែលយើងដឹងច្បាស់អំពីព្រះយេហូវ៉ា?
១៩ យើងដឹងថាព្រះយេហូវ៉ាគឺជាសេចក្ដីស្រឡាញ់។ យើងមិនសង្ស័យទាល់តែសោះអំពីរឿងនេះ។ (១យ៉ូន. ៤:៨) យើងដឹងថាខ្នាតតម្រាដ៏សុចរិតរបស់លោកបង្ហាញអំពីសេចក្ដីស្រឡាញ់របស់លោកចំពោះយើង ហើយថាលោកចង់ឲ្យយើងមានជីវិតល្អបំផុត។ យើងក៏ដឹងដែរថាព្រះយេហូវ៉ាចង់ឲ្យយើងទទួលជីវិតដែលគ្មានទីបញ្ចប់។ លោកបានផ្ដល់ថ្លៃលោះដើម្បីឲ្យយើងទទួលបានអ្វីនេះ។ ថ្លៃលោះដែលជាអំណោយពីព្រះ ពង្រឹងទំនុកចិត្តយើងថាយើងអាចបម្រើព្រះយេហូវ៉ាតាមរបៀបដែលលោកពេញចិត្ត ទោះជាយើងមិនល្អឥតខ្ចោះក្ដី។ (រ៉ូម ៧:២៤, ២៥) ម្យ៉ាងទៀត យើងដឹងថា៖ «ព្រះធំជាងចិត្តរបស់យើង ហើយក៏ជ្រាបគ្រប់ទាំងអស់»។ (១យ៉ូន. ៣:១៩, ២០) ព្រះយេហូវ៉ាឃើញអ្វីទាំងអស់អំពីយើង ហើយលោកជឿជាក់ថាយើងអាចធ្វើតាមបំណងប្រាថ្នារបស់លោកបាន។
២០. តើអ្វីនឹងជួយយើងឲ្យជៀសវាងពីការខ្វល់ខ្វាយហួសហេតុពេក?
២០ ព្រះយេហូវ៉ាប្រាប់យើងអ្វីទាំងអស់ដែលយើងពិតជាត្រូវដឹង។ ពេលយើងទទួលស្គាល់ការពិតនេះដោយចិត្តរាបទាប យើងជៀសវាងពីការខ្វល់ខ្វាយហួសហេតុពេកអំពីអ្វីដែលយើងមិនអាចគ្រប់គ្រងបាន ហើយអាចផ្ដោតអារម្មណ៍ទៅលើអ្វីដែលពិតជាសំខាន់។ ដោយធ្វើដូច្នេះ យើងបង្ហាញថាយើងទុកចិត្តទាំងស្រុងលើព្រះយេហូវ៉ាដែលជាព្រះ«ដែលមានចំណេះសព្វគ្រប់»។ (យ៉ូប ៣៦:៤) ទោះជាការយល់ដឹងរបស់យើងអំពីរឿងខ្លះៗមានកម្រិតនៅឥឡូវនេះក្ដី យើងទន្ទឹងរង់ចាំរៀនអ្វីថ្មីៗជារៀងរហូតពីព្រះដ៏ឧត្តមបំផុតរបស់យើងនិងអំពីលោក។—អទ. ៣:១១
ចម្រៀងលេខ១០៤ ឫទ្ធានុភាពបរិសុទ្ធជាអំណោយពីព្រះ
a លោកយេស៊ូនឹងនាំមុខក្នុងសង្គ្រាមច្បាំងនឹងពិភពលោកដ៏អាក្រក់របស់សាថាន។ ដូច្នេះ គឺជាការសមហេតុសមផលឲ្យសន្និដ្ឋានថា នៅឥឡូវលោកស្គាល់អំពីថ្ងៃសម្រាប់សង្គ្រាមអាម៉ាគេដូននិងពេលដែលលោកនឹង«បង្ហើយជ័យជម្នះរបស់លោក»។—បប. ៦:២; ១៩:១១-១៦
b ការពណ៌នាអំពីរូបភាព៖ ឪពុកម្នាក់និងកូនប្រុសរបស់គាត់រៀបចំកាតាបដាក់សម្ភារៈសង្គ្រោះបន្ទាន់ ដើម្បីឲ្យក្រុមគ្រួសារត្រៀមខ្លួនក្នុងករណីមានរឿងអាសន្ន។
c ការពណ៌នាអំពីរូបភាព៖ បងប្រុសម្នាក់ដែលមានបញ្ហាក្នុងជីវិត គិតអំពីជីវិតដ៏អស្ចារ្យដែលគាត់អាចមានក្នុងពិភពលោកថ្មី។