អត្ថបទសិក្សា ២៧
ចម្រៀងលេខ៧៩ ចូរបង្រៀនពួកគេឲ្យកាន់ជំហរមាំមួន
ចូរជួយសិស្សគម្ពីរឲ្យកាន់ជំហរមាំមួនខាងសេចក្ដីពិត
«ចូរកាន់ជំហរមាំមួនក្នុងជំនឿ . . . ចូរមានកម្លាំងខ្លាំងក្លាឡើង»។—១កូ. ១៦:១៣
ចំណុចផ្ដោត
របៀបដែលយើងអាចជួយសិស្សគម្ពីរឲ្យកាន់តែមានជំនឿនិងចិត្តក្លាហានដែលពួកគេត្រូវការ ដើម្បីកាន់ជំហរមាំមួនខាងសេចក្ដីពិត។
១-២. (ក) ហេតុអ្វីសិស្សគម្ពីរខ្លះស្ទាក់ស្ទើរកាន់ជំហរខាងសេចក្ដីពិត? (ខ) តើយើងនឹងពិចារណាអ្វីខ្លះក្នុងអត្ថបទនេះ?
តើមានអ្វីដែលបានធ្វើឲ្យអ្នកស្ទាក់ស្ទើរទៅជាសាក្សីព្រះយេហូវ៉ាឬទេ? អ្នកប្រហែលជាបានភ័យខ្លាចថាអ្នករួមការងារ មិត្តភក្តិ ឬសមាជិកក្រុមគ្រួសារនឹងខឹងអ្នក។ អ្នកក៏ប្រហែលជាធ្លាប់មានអារម្មណ៍ថា អ្នកមិនអាចរស់នៅស្របតាមខ្នាតតម្រារបស់ព្រះបានទេ។ បើអ្នកធ្លាប់មានអារម្មណ៍ដូច្នោះ អ្នកអាចយល់អារម្មណ៍របស់សិស្សគម្ពីរដែលមើលទៅស្ទាក់ស្ទើរកាន់ជំហរខាងសេចក្ដីពិត។
២ លោកយេស៊ូទទួលស្គាល់ថា ការភ័យខ្លាចបែបនេះអាចរារាំងបុគ្គលម្នាក់យ៉ាងងាយមិនឲ្យរីកចម្រើន។ (ម៉ាថ. ១៣:២០-២២) ប៉ុន្តែ លោកមិនបានឈប់ព្យាយាមជួយពួកអ្នកដែលស្ទាក់ស្ទើរកាន់តាមលោកឡើយ។ ផ្ទុយទៅវិញ លោកបានបង្ហាញពួកអ្នកកាន់តាមលោកអំពីរបៀបជួយបុគ្គលបែបនោះឲ្យ (១) កត់សម្គាល់ឧបសគ្គដែលរារាំងពួកគេមិនឲ្យរីកចម្រើន (២) មានសេចក្ដីស្រឡាញ់កាន់តែខ្លាំងចំពោះព្រះយេហូវ៉ា (៣) កែប្រែអ្វីដែលពួកគេចាត់ទុកថាសំខាន់បំផុត និង(៤) យកឈ្នះការពិបាកផ្សេងៗ។ តើតាមរបៀបណាយើងអាចធ្វើតាមអ្វីដែលលោកយេស៊ូប្រាប់ពួកអ្នកកាន់តាមលោក កាលដែលយើងប្រើសៀវភៅសប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់!ដើម្បីជួយសិស្សគម្ពីរឲ្យកាន់ជំហរខាងសេចក្ដីពិត?
ចូរជួយសិស្សគម្ពីរឲ្យកត់សម្គាល់ឧបសគ្គដែលរារាំងគាត់មិនឲ្យរីកចម្រើន
៣. តើអ្វីប្រហែលជារារាំងនីកូដេមពីការទៅជាអ្នកកាន់តាមលោកយេស៊ូ?
៣ នីកូដេមគឺជាអ្នកគ្រប់គ្រងម្នាក់របស់ជនជាតិយូដា។ គាត់ជួបឧបសគ្គដែលរារាំងគាត់ពីការទៅជាអ្នកកាន់តាមលោកយេស៊ូ។ ត្រឹមតែ៦ខែក្រោយពីពេលដែលលោកយេស៊ូចាប់ផ្ដើមកិច្ចបម្រើរបស់លោក នីកូដេមបានទទួលស្គាល់ថា លោកយេស៊ូគឺជាតំណាងរបស់ព្រះ។ (យ៉ូន. ៣:១, ២) ប៉ុន្តែ ដោយសារនីកូដេម«ខ្លាចជនជាតិយូដា» គាត់បានទៅជួបលោកយេស៊ូដោយសម្ងាត់។ (យ៉ូន. ៧:១៣; ១២:៤២) គាត់ប្រហែលជាគិតថា គាត់អាចបាត់បង់អ្វីជាច្រើនបើគាត់ក្លាយទៅជាអ្នកកាន់តាមលោកយេស៊ូ។a
៤. តើលោកយេស៊ូបានជួយនីកូដេមឲ្យយល់អំពីអ្វីដែលព្រះតម្រូវពីគាត់យ៉ាងដូចម្ដេច?
៤ នីកូដេមស្គាល់ច្បាប់ម៉ូសេរួចហើយ។ ប៉ុន្តែ គាត់ត្រូវការជំនួយដើម្បីយល់អំពីអ្វីដែលព្រះយេហូវ៉ាតម្រូវពីគាត់។ តើលោកយេស៊ូបានជួយគាត់យ៉ាងដូចម្ដេច? លោកយេស៊ូសុខចិត្តចំណាយពេលជាមួយនីកូដេម ហើយថែមទាំងបានជួបគាត់នៅពេលយប់ទៀតផង។ ម្យ៉ាងទៀត លោកយេស៊ូបានប្រាប់នីកូដេមចំៗអំពីអ្វីដែលគាត់ត្រូវធ្វើដើម្បីក្លាយទៅជាអ្នកកាន់តាមលោក គឺគាត់ត្រូវប្រែចិត្តពីការខុសឆ្គង ទទួលការជ្រមុជទឹក និងបង្ហាញជំនឿលើបុត្ររបស់ព្រះ។—យ៉ូន. ៣:៥, ១៤-២១
៥. តើយើងអាចជួយសិស្សគម្ពីរឲ្យចេះសម្គាល់អ្វីដែលរារាំងគាត់ពីការរីកចម្រើនតាមរបៀបណា?
៥ ទោះបីជាសិស្សគម្ពីរស្គាល់គម្ពីរច្បាស់ក្ដី គាត់ប្រហែលជាត្រូវការជំនួយដើម្បីចេះសម្គាល់អ្វីដែលរារាំងគាត់ពីការរីកចម្រើន។ ការងារឬការប្រឆាំងពីក្រុមគ្រួសារ ប្រហែលជាបង្វែរអារម្មណ៍គាត់ពីគោលដៅក្នុងកិច្ចបម្រើព្រះ។ ដូចលោកយេស៊ូដែរ សូមទុកពេលដើម្បីជួយសិស្សរបស់អ្នក។ ជាឧទាហរណ៍ អ្នកអាចអញ្ជើញគាត់ឲ្យញ៉ាំកាហ្វេជាមួយគ្នា ឬដើរហាត់ប្រាណជាមួយគ្នា។ ក្នុងបរិយាកាសបែបនោះ អ្នកប្រហែលជាអាចជួយគាត់ឲ្យមានអារម្មណ៍ស្រួលប្រាប់អំពីការពិបាករបស់គាត់។ សូមលើកទឹកចិត្តសិស្សរបស់អ្នកឲ្យធ្វើការផ្លាស់ប្ដូរណាដែលចាំបាច់ មិនមែនដើម្បីផ្គាប់ចិត្តអ្នកទេ តែដើម្បីបង្ហាញសេចក្ដីស្រឡាញ់របស់គាត់ចំពោះព្រះយេហូវ៉ា។
៦. តើតាមរបៀបណាអ្នកអាចជួយសិស្សគម្ពីរឲ្យមានទំនុកចិត្តដើម្បីធ្វើតាមអ្វីដែលគាត់រៀន? (កូរិនថូសទី១ ១៦:១៣)
៦ ពេលសិស្សគម្ពីរជឿជាក់ថាព្រះយេហូវ៉ានឹងជួយគាត់ឲ្យរស់នៅស្របតាមខ្នាតតម្រាក្នុងគម្ពីរ នោះគាត់នឹងកាន់តែមានចិត្តក្លាហានដើម្បីធ្វើតាមអ្វីដែលគាត់រៀន។ (សូមអាន កូរិនថូសទី១ ១៦:១៣) តួនាទីរបស់អ្នកអាចប្រដូចទៅនឹងគ្រូបង្រៀន។ សូមគិតអំពីពេលដែលអ្នករៀននៅសាលា។ តើអ្នកចូលចិត្តគ្រូបែបណា? អ្នកទំនងជាចូលចិត្តគ្រូដែលមានចិត្តអត់ធ្មត់ជួយអ្នកឲ្យមានទំនុកចិត្តលើសមត្ថភាពរបស់ខ្លួន។ ស្រដៀងគ្នាដែរ អ្នកបង្រៀនគម្ពីរដ៏ល្អ មិនគ្រាន់តែបង្រៀនអ្វីដែលព្រះចង់ឲ្យសិស្សធ្វើប៉ុណ្ណោះទេ តែក៏ពង្រឹងទំនុកចិត្តសិស្សថា ដោយមានជំនួយពីព្រះយេហូវ៉ា គាត់អាចធ្វើការកែប្រែណាដែលចាំបាច់ក្នុងជីវិតរបស់គាត់។ តើតាមរបៀបណាអ្នកអាចធ្វើដូច្នេះ?
ចូរជួយសិស្សគម្ពីរឲ្យមានសេចក្ដីស្រឡាញ់កាន់តែខ្លាំងចំពោះព្រះយេហូវ៉ា
៧. តើលោកយេស៊ូបានជួយពួកអ្នកដែលស្ដាប់លោកឲ្យមានសេចក្ដីស្រឡាញ់កាន់តែខ្លាំងចំពោះព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
៧ លោកយេស៊ូដឹងថា សេចក្ដីស្រឡាញ់ចំពោះព្រះនឹងជំរុញចិត្តពួកអ្នកកាន់តាមលោកឲ្យធ្វើតាមអ្វីដែលពួកគេបានរៀន។ លោកច្រើនតែបង្រៀនអ្វីដែលនឹងជួយពួកអ្នកកាន់តាមលោកឲ្យមានសេចក្ដីស្រឡាញ់កាន់តែខ្លាំងចំពោះបិតារបស់ពួកគេនៅស្ថានសួគ៌។ ជាឧទាហរណ៍ លោកបានប្រដូចព្រះយេហូវ៉ាទៅនឹងឪពុកម្នាក់ដែលចេះឲ្យរបស់ល្អដល់កូនរបស់គាត់។ (ម៉ាថ. ៧:៩-១១) អ្នកខ្លះដែលស្ដាប់លោកយេស៊ូ ប្រហែលជាមិនមានឪពុកដែលចេះបង្ហាញសេចក្ដីស្រឡាញ់ដូចនោះទេ។ សូមស្រមៃគិតថា តើពួកគេទំនងជាមានអារម្មណ៍យ៉ាងណា ពេលលោកយេស៊ូលើកឧទាហរណ៍អំពីឪពុកដែលមានចិត្តអាណិតមេត្តា ដែលស្វាគមន៍កូនប្រុសរបស់គាត់ដែលវង្វេងបាត់។ ពួកគេអាចឃើញសេចក្ដីមេត្តាករុណារបស់ព្រះយេហូវ៉ាចំពោះកូនៗរបស់លោកនៅផែនដី។—លូក. ១៥:២០-២៤
៨. តើអ្នកអាចជួយសិស្សគម្ពីរឲ្យកាន់តែស្រឡាញ់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
៨ អ្នកក៏អាចជួយសិស្សគម្ពីរឲ្យកាន់តែស្រឡាញ់ព្រះយេហូវ៉ា ដោយលើកបញ្ជាក់អំពីគុណសម្បត្តិរបស់ព្រះក្នុងអំឡុងពេលបង្រៀន។ រាល់ដងដែលអ្នកបង្រៀនសិស្ស សូមជួយគាត់ឲ្យឃើញថា អ្វីដែលគាត់រៀនជាប់ទាក់ទងនឹងសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ា។ ជាឧទាហរណ៍ ពេលរៀនអំពីថ្លៃលោះ សូមលើកបញ្ជាក់អំពីរបៀបដែលនេះជាប់ទាក់ទងនឹងគាត់ផ្ទាល់។ (រ៉ូម ៥:៨; ១យ៉ូន. ៤:១០) ចំណែកឯសិស្សវិញ គាត់ទំនងជានឹងកាន់តែស្រឡាញ់ព្រះយេហូវ៉ា ពេលគាត់រំពឹងគិតអំពីសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ាចំពោះខ្លួនគាត់ផ្ទាល់។—កាឡ. ២:២០
៩. តើអ្វីបានជួយបងម៉ៃឃឺលឲ្យកែប្រែរបៀបរស់នៅរបស់គាត់?
៩ សូមគិតអំពីបទពិសោធន៍របស់បងម៉ៃឃឺល ពីប្រទេសឥណ្ឌូណេស៊ី។ គាត់ស្គាល់សេចក្ដីពិតពេលគាត់នៅក្មេង តែគាត់មិនបានទទួលការជ្រមុជទឹកទេ។ ពេលគាត់មានអាយុ១៨ឆ្នាំ គាត់បានទៅប្រទេសក្រៅដើម្បីធ្វើការជាអ្នកបើកឡានដឹកទំនិញធុនធំ។ ក្រោយមក គាត់បានត្រឡប់ទៅប្រទេសឥណ្ឌូណេស៊ីវិញដើម្បីរៀបការ។ ប៉ុន្តែក្រោយមក គាត់បានទៅធ្វើការនៅប្រទេសក្រៅម្ដងទៀតឆ្ងាយពីក្រុមគ្រួសាររបស់គាត់។ ក្នុងអំឡុងពេលដែលគាត់នៅក្រៅប្រទេស ប្រពន្ធនិងកូនស្រីរបស់គាត់បានចាប់ផ្ដើមរៀនគម្ពីរ ហើយរីកចម្រើន។ ក្រោយមក ម្ដាយរបស់បងម៉ៃឃឺលបានស្លាប់។ ដូច្នេះ គាត់បានសម្រេចចិត្តត្រឡប់ទៅផ្ទះវិញដើម្បីថែរក្សាឪពុករបស់គាត់ ហើយគាត់ក៏បានចាប់ផ្ដើមសិក្សាគម្ពីរដែរ។ បងម៉ៃឃឺលរំជួលចិត្តពេលសិក្សាផ្នែក«បង្កើនចំណេះ»ពីសៀវភៅសប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! មេរៀនទី២៧។ កាលដែលគាត់គិតអំពីការឈឺចាប់របស់ព្រះយេហូវ៉ាពេលឃើញបុត្ររបស់លោករងទុក្ខ បងម៉ៃឃឺលចាប់ផ្ដើមយំ។ គាត់មានចិត្តកតញ្ញូយ៉ាងខ្លាំងចំពោះថ្លៃលោះ ហើយនោះជំរុញចិត្តគាត់ឲ្យកែប្រែរបៀបរស់នៅ និងទទួលការជ្រមុជទឹក។
ចូរជួយសិស្សគម្ពីរឲ្យកែប្រែអ្វីដែលគាត់ចាត់ទុកថាសំខាន់បំផុត
១០. តើលោកយេស៊ូបានធ្វើអ្វីដើម្បីជួយពួកអ្នកកាន់តាមដំបូងរបស់លោកឲ្យកែប្រែអ្វីដែលពួកគេចាត់ទុកថាសំខាន់បំផុត? (លូកា ៥:៥-១១) (សូមមើលរូបភាពផងដែរ)
១០ អ្នកកាន់តាមដំបូងរបស់លោកយេស៊ូបានទទួលស្គាល់ភ្លាមៗថា លោកគឺជាមេស្ស៊ីដែលបានត្រូវសន្យា។ ប៉ុន្តែ ពួកគេត្រូវការជំនួយដើម្បីចាត់ទុកកិច្ចបម្រើផ្សាយថាជាអ្វីដែលសំខាន់បំផុតក្នុងជីវិតរបស់ពួកគេ។ ពេត្រុសនិងអនទ្រេគឺជាអ្នកកាន់តាមលោកយេស៊ូអស់មួយរយៈហើយ មុនដែលលោកអញ្ជើញពួកគាត់ឲ្យទៅជាអ្នកកាន់តាមលោកពេញពេល។ (ម៉ាថ. ៤:១៨, ១៩) ពួកគាត់ជោគជ័យក្នុងមុខរបរនេសាទត្រី ហើយតាមមើលទៅ ពួកគាត់គឺជាដៃគូរបស់យ៉ាកុបនិងយ៉ូហាន។ (ម៉ាក. ១:១៦-២០) ពេលពេត្រុសនិងអនទ្រេ«បានទុកសំណាញ់ចោល» ពួកគាត់ទំនងជាធ្វើឲ្យប្រាកដថា ពួកគាត់នៅតែអាចផ្គត់ផ្គង់ក្រុមគ្រួសារពេលដែលពួកគាត់ទៅតាមលោកយេស៊ូ។ តើអ្វីជំរុញចិត្តពួកគាត់ឲ្យកែប្រែអ្វីដែលពួកគាត់ចាត់ទុកថាសំខាន់បំផុត? សៀវភៅដំណឹងល្អរៀបរាប់ដោយលូកាប្រាប់ថា លោកយេស៊ូបានធ្វើអព្ភូតហេតុដែលពង្រឹងទំនុកចិត្តរបស់ពួកគាត់ថា ព្រះយេហូវ៉ាមានសមត្ថភាពផ្គត់ផ្គង់ពួកគាត់។—សូមអាន លូកា ៥:៥-១១
តើយើងអាចរៀនអ្វីពីរបៀបដែលលោកយេស៊ូជួយពួកអ្នកកាន់តាមឲ្យកែប្រែអ្វីដែលពួកគេចាត់ទុកថាសំខាន់បំផុត? (សូមមើលវគ្គ១០)b
១១. តើតាមរបៀបណាយើងអាចប្រាប់បទពិសោធន៍របស់យើងដើម្បីជួយសិស្សគម្ពីរ?
១១ យើងមិនអាចធ្វើអព្ភូតហេតុដូចលោកយេស៊ូបានធ្វើទេ តែយើងអាចប្រាប់អំពីរបៀបដែលព្រះយេហូវ៉ាគាំទ្រពួកអ្នកដែលចាត់ទុកលោកថាសំខាន់បំផុតក្នុងជីវិតរបស់ពួកគេ។ ជាឧទាហរណ៍ តើអ្នកចាំអំពីរបៀបដែលព្រះយេហូវ៉ាបានជួយអ្នក ពេលអ្នកចាប់ផ្ដើមចូលរួមកិច្ចប្រជុំឬទេ? អ្នកប្រហែលជាត្រូវជួបថៅកែរបស់អ្នក ហើយពន្យល់អំពីមូលហេតុដែលអ្នកមិនអាចធ្វើការថែមម៉ោងទៀត បើនោះប៉ះពាល់ដល់ការចូលរួមកិច្ចប្រជុំ។ ដូច្នេះ កាលដែលអ្នកប្រាប់សិស្សអំពីបទពិសោធន៍របស់អ្នក សូមពន្យល់ពួកគេអំពីរបៀបដែលការឃើញថា ព្រះយេហូវ៉ាបានគាំទ្រការសម្រេចចិត្តរបស់អ្នកដើម្បីចាត់ទុកការគោរពប្រណិប័តន៍លោកថាសំខាន់បំផុតក្នុងជីវិត បានពង្រឹងជំនឿរបស់អ្នក។
១២. (ក) ហេតុអ្វីយើងគួរអញ្ជើញអ្នកផ្សាយផ្សេងៗឲ្យចូលរួមការសិក្សាគម្ពីរជាមួយយើង? (ខ) តើអ្នកអាចប្រើវីដេអូយ៉ាងដូចម្ដេចដើម្បីបង្រៀនសិស្សរបស់អ្នកដោយប៉ិនប្រសប់? សូមលើកឧទាហរណ៍មួយ។
១២ សិស្សរបស់អ្នកក៏នឹងទទួលប្រយោជន៍ពីការស្ដាប់អំពីរបៀបដែលគ្រិស្តសាសនិកឯទៀតបានកែប្រែអ្វីដែលពួកគេចាត់ទុកថាសំខាន់បំផុតក្នុងជីវិត។ ដូច្នេះ សូមអញ្ជើញបងប្អូនដែលមានមជ្ឈដ្ឋានផ្សេងៗឲ្យចូលរួមការសិក្សាជាមួយអ្នក។ សូមសុំពួកគេឲ្យពន្យល់អំពីរបៀបដែលពួកគេស្គាល់សេចក្ដីពិត ហើយអ្វីដែលពួកគេបានធ្វើដើម្បីចាត់ទុកការបម្រើព្រះយេហូវ៉ាថាសំខាន់បំផុតក្នុងជីវិតរបស់ពួកគេ។ ម្យ៉ាងទៀត សូមលៃពេលមើលវីដេអូជាមួយសិស្សរបស់អ្នកពីសៀវភៅសប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! ផ្នែក«បង្កើនចំណេះ»ឬផ្នែក«ស្វែងយល់ថែមទៀត»។ ជាឧទាហរណ៍ ពេលសិក្សាមេរៀនទី៣៧ អ្នកអាចបង្ហាញគោលការណ៍ផ្សេងៗដែលមានក្នុងវីដេអូព្រះយេហូវ៉ានឹងបំពេញសេចក្ដីត្រូវការរបស់យើង។
ចូរជួយសិស្សគម្ពីរឲ្យយកឈ្នះការពិបាកផ្សេងៗ
១៣. តើតាមរបៀបណាលោកយេស៊ូបានជួយពួកអ្នកកាន់តាមលោកឲ្យត្រៀមខ្លួនចំពោះការប្រឆាំង?
១៣ លោកយេស៊ូបានប្រាប់ពួកអ្នកកាន់តាមលោកម្ដងហើយម្ដងទៀតថា ពួកគេនឹងជួបការប្រឆាំងពីអ្នកឯទៀត ហើយសូម្បីតែសាច់ញាតិរបស់ពួកគេ ក៏នឹងប្រឆាំងពួកគេដែរ។ (ម៉ាថ. ៥:១១; ១០:២២, ៣៦) កាលដែលកិច្ចបម្រើផ្សាយរបស់លោកយេស៊ូជិតដល់ទីបញ្ចប់ លោកបានព្រមានពួកអ្នកកាន់តាមលោកថា ពួកគេអាចត្រូវគេសម្លាប់ដោយសារពួកគេកាន់តាមលោក។ (ម៉ាថ. ២៤:៩; យ៉ូន. ១៥:២០; ១៦:២) លោកបានលើកទឹកចិត្តពួកគេឲ្យប្រុងប្រយ័ត្នក្នុងកិច្ចបម្រើផ្សាយ។ ជាឧទាហរណ៍ លោកបានប្រាប់ពួកគេមិនឲ្យឈ្លោះប្រកែកជាមួយនឹងពួកអ្នកដែលនិយាយប្រឆាំងជំនឿរបស់ពួកគេ ហើយឲ្យពួកគេប្រុងប្រយ័ត្នអំពីអ្វីដែលពួកគេនិយាយនិងធ្វើ ដើម្បីពួកគេអាចបន្តផ្សព្វផ្សាយបាន។
១៤. តើយើងអាចជួយសិស្សឲ្យត្រៀមខ្លួនចំពោះការប្រឆាំងយ៉ាងដូចម្ដេច? (ធីម៉ូថេទី២ ៣:១២)
១៤ យើងអាចជួយសិស្សគម្ពីរឲ្យត្រៀមខ្លួនចំពោះការប្រឆាំង ដោយពន្យល់គាត់អំពីអ្វីដែលគាត់អាចរំពឹងថាអ្នករួមការងារ មិត្តភក្តិ និងសាច់ញាតិនឹងនិយាយ។ (សូមអាន ធីម៉ូថេទី២ ៣:១២) អ្នករួមការងារខ្លះ ប្រហែលជាចំអកមើលងាយរបៀបរស់នៅថ្មីរបស់គាត់។ អ្នកឯទៀត រួមទាំងសាច់ញាតិជិតដិតរបស់គាត់ ប្រហែលជារិះគន់ជំនឿរបស់គាត់ដែលមានមូលដ្ឋានពីគម្ពីរ។ កាលដែលយើងកាន់តែឆាប់ជួយសិស្សរបស់យើងឲ្យត្រៀមខ្លួនចំពោះការប្រឆាំង នោះពួកគេនឹងកាន់តែមានសមត្ថភាពប្រឈមមុខនឹងការប្រឆាំងពេលដែលនោះមកដល់។
១៥. តើអ្វីអាចជួយសិស្សគម្ពីរឲ្យប្រឈមមុខនឹងការប្រឆាំងពីក្រុមគ្រួសារ?
១៥ ស្ដីអំពីការប្រឆាំងពីក្រុមគ្រួសារ សូមលើកទឹកចិត្តសិស្សគម្ពីររបស់អ្នកឲ្យគិតអំពីមូលហេតុដែលសាច់ញាតិរបស់គាត់ប្រហែលជាមិនពេញចិត្ត។ ពួកគេប្រហែលជាគិតថា គាត់បានត្រូវបំភាន់ ឬពួកគេប្រហែលជារើសអើងសាក្សីព្រះយេហូវ៉ា។ សូម្បីតែលោកយេស៊ូ ក៏ទទួលរងប្រតិកម្មមិនល្អពីពួកអ្នកដែលលោកស្រឡាញ់ដែរ។ (ម៉ាក. ៣:២១; យ៉ូន. ៧:៥) សូមបង្រៀនសិស្សគម្ពីររបស់អ្នកឲ្យរក្សាចិត្តអត់ធ្មត់ និងនិយាយអ្វីដែលមិនធ្វើឲ្យអ្នកឯទៀត រួមទាំងសមាជិកក្រុមគ្រួសាររបស់គាត់ទើសចិត្ត។
១៦. តើតាមរបៀបណាយើងអាចជួយសិស្សគម្ពីរឲ្យប្រាប់អំពីជំនឿរបស់គាត់តាមរបៀបដែលមិនធ្វើឲ្យគេទើសចិត្ត?
១៦ ក្នុងករណីដែលសាច់ញាតិបង្ហាញចំណាប់អារម្មណ៍លើគម្ពីរ ជាការល្អឲ្យសិស្សមិនប្រាប់ពួកគេអ្វីៗទាំងអស់ក្នុងពេលតែមួយ។ បើដូច្នេះ សាច់ញាតិរបស់គាត់ប្រហែលជាមានអារម្មណ៍ថា គឺព័ត៌មានច្រើនពេក ហើយជាលទ្ធផល ពួកគេប្រហែលជាស្ទាក់ស្ទើរនិយាយជាមួយគាត់នៅលើកក្រោយទៀត។ ដូច្នេះ សូមលើកទឹកចិត្តសិស្សរបស់អ្នកឲ្យប្រាប់អំពីជំនឿរបស់គាត់ តាមរបៀបដែលបើកឱកាសឲ្យមានការសន្ទនាលើកក្រោយ។ (កូឡ. ៤:៦) ប្រហែលជាគាត់អាចណែនាំសាច់ញាតិរបស់គាត់ឲ្យមើលគេហទំព័រjw.org។ យ៉ាងនេះ ពួកគេអាចរៀនថែមទៀតអំពីសាក្សីព្រះយេហូវ៉ានៅពេលណាដែលពួកគេចង់ ហើយរៀនច្រើនប៉ុនណាតាមចិត្តរបស់ពួកគេ។
១៧. តើតាមរបៀបណាអ្នកអាចបង្ហាត់បង្រៀនសិស្សគម្ពីរឲ្យឆ្លើយសំណួរដែលអ្នកឯទៀតប្រហែលជាមានអំពីសាក្សីព្រះយេហូវ៉ា? (សូមមើលរូបភាពផងដែរ)
១៧ អ្នកប្រហែលជាអាចប្រើអត្ថបទតភាគ«សំណួរដែលមនុស្សជាច្រើនសួរ»នៅគេហទំព័រjw.org/km ដើម្បីជួយសិស្សឲ្យត្រៀមខ្លួនឆ្លើយចម្លើយសាមញ្ញៗដែលសាច់ញាតិឬអ្នករួមការងារប្រហែលជានឹងសួរ។ (២ធី. ២:២៤, ២៥) នៅចុងមេរៀននីមួយៗក្នុងសៀវភៅសប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! សូមមើលផ្នែក«មនុស្សខ្លះនិយាយថា» ឬ«មនុស្សខ្លះប្រហែលជាសួរថា»។ សូមលើកទឹកចិត្តសិស្សឲ្យហាត់ចម្លើយដោយប្រើពាក្យផ្ទាល់ខ្លួន។ ម្យ៉ាងទៀត សូមកុំស្ទាក់ស្ទើរឲ្យយោបល់គាត់អំពីរបៀបដែលគាត់អាចតបឆ្លើយបានប្រសើរជាង។ ការហាត់បែបនេះនឹងជួយគាត់ឲ្យនិយាយការពារជំនឿរបស់គាត់ដោយមានទំនុកចិត្ត។
សូមលើកទឹកចិត្តសិស្សគម្ពីររបស់អ្នកឲ្យប្រាប់អ្នកឯទៀតអំពីជំនឿរបស់គាត់ដោយហាត់ទុកជាមុន (សូមមើលវគ្គ១៧)c
១៨. តើអ្នកអាចលើកទឹកចិត្តសិស្សយ៉ាងដូចម្ដេចឲ្យចាប់ផ្ដើមផ្សព្វផ្សាយជាមួយក្រុមជំនុំ? (ម៉ាថាយ ១០:២៧)
១៨ លោកយេស៊ូបានលើកទឹកចិត្តពួកអ្នកកាន់តាមលោកឲ្យផ្សព្វផ្សាយដំណឹងល្អដល់មនុស្ស។ (សូមអាន ម៉ាថាយ ១០:២៧) កាលដែលសិស្សកាន់តែឆាប់ចាប់ផ្ដើមប្រាប់អំពីជំនឿរបស់គាត់ នោះគាត់នឹងកាន់តែឆាប់រៀនឲ្យចេះពឹងផ្អែកលើព្រះយេហូវ៉ា។ តើអ្នកអាចជួយសិស្សឲ្យកំណត់គោលដៅនេះយ៉ាងដូចម្ដេច? ពេលមានសេចក្ដីជូនដំណឹងក្នុងក្រុមជំនុំអំពីសកម្មភាពផ្សព្វផ្សាយ សូមលើកទឹកចិត្តសិស្សរបស់អ្នកឲ្យគិតអំពីអ្វីដែលគាត់អាចធ្វើដើម្បីមានគុណសម្បត្តិគ្រប់គ្រាន់ទៅជាអ្នកផ្សព្វផ្សាយ។ សូមពន្យល់អំពីមូលហេតុដែលបុគ្គលជាច្រើនមានអារម្មណ៍ថា ការចាប់ផ្ដើមផ្សព្វផ្សាយក្នុងអំឡុងសកម្មភាពផ្សព្វផ្សាយបែបនោះគឺងាយស្រួលជាង។ គោលដៅមួយទៀតសម្រាប់គាត់ គឺចាប់ផ្ដើមថ្លែងសុន្ទរកថានៅកិច្ចប្រជុំសម្រាប់កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក។ ការដែលគាត់ព្យាយាមសម្រេចគោលដៅនេះ គាត់នឹងរៀនឲ្យចេះប្រាប់អ្នកឯទៀតអំពីជំនឿរបស់គាត់។
ចូរបង្ហាញទំនុកចិត្តលើសិស្សគម្ពីរ
១៩. តើលោកយេស៊ូបានបង្ហាញទំនុកចិត្តលើពួកអ្នកកាន់តាមរបស់លោកយ៉ាងដូចម្ដេច ហើយតើតាមរបៀបណាយើងអាចធ្វើដូចលោក?
១៩ មុនលោកយេស៊ូស្លាប់ ហើយឡើងទៅស្ថានសួគ៌វិញ លោកបានប្រាប់ពួកអ្នកកាន់តាមលោកថា ពួកគេនឹងនៅជាមួយលោកម្ដងទៀត។ ពួកគេមិនបានយល់ថា លោកយេស៊ូកំពុងនិយាយថាពួកគេនឹងឡើងទៅស្ថានសួគ៌ទេ។ ទោះជាអ្នកកាន់តាមលោកមិនបានយល់អំពីអ្វីទាំងអស់ដែលលោកយេស៊ូបានមានប្រសាសន៍ក៏ដោយ លោកយេស៊ូជឿជាក់ថា ពួកគេចង់ធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត។ (យ៉ូន. ១៤:១-៥, ៨) លោកដឹងថា ពួកគេត្រូវការពេលដើម្បីយល់អំពីអ្វីផ្សេងៗដូចជាសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌ជាដើម។ (យ៉ូន. ១៦:១២) ដូចលោកយេស៊ូដែរ យើងអាចបង្ហាញទំនុកចិត្តលើសិស្សគម្ពីរថាគាត់ចង់ធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត។
កាលដែលសិស្សកាន់តែឆាប់ចាប់ផ្ដើមប្រាប់អំពីជំនឿរបស់គាត់ នោះគាត់នឹងកាន់តែឆាប់រៀនឲ្យចេះពឹងផ្អែកលើព្រះយេហូវ៉ា
២០. តើបងស្រីម្នាក់ពីប្រទេសម៉ាឡាវីបង្ហាញទំនុកចិត្តលើសិស្សគម្ពីររបស់គាត់យ៉ាងដូចម្ដេច?
២០ យើងជឿជាក់ថា សិស្សគម្ពីររបស់យើងចង់ធ្វើអ្វីដែលត្រឹមត្រូវ។ ជាឧទាហរណ៍ សូមគិតអំពីបទពិសោធន៍របស់បងស្រីឈិហ្វូនដូពីប្រទេសម៉ាឡាវី។ គាត់ចាប់ផ្ដើមបង្រៀនគម្ពីរដោយប្រើសៀវភៅសប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! ដល់ស្ត្រីវ័យក្មេងម្នាក់ឈ្មោះអាលីណាហ្វេដែលកាន់សាសនាកាតូលិក។ កាលដែលពួកគាត់កំពុងរៀនមេរៀនទី១៤ បងឈិហ្វូនដូបានសួរសិស្សថា តើគាត់គិតយ៉ាងណាអំពីការប្រើរូបព្រះក្នុងការគោរពប្រណិប័តន៍? អាលីណាហ្វេមិនសប្បាយចិត្ត ហើយនិយាយថា៖ «នេះជារឿងផ្ទាល់ខ្លួនរបស់ខ្ញុំ!»។ បងឈិហ្វូនដូគិតថា ប្រហែលជាមិនយូរទៀតអាលីណាហ្វេនឹងឈប់រៀនគម្ពីរ។ ប៉ុន្តែ គាត់បន្ដបង្រៀនអាលីណាហ្វេយ៉ាងអត់ធ្មត់ដោយសង្ឃឹមថា ថ្ងៃណាមួយអាលីណាហ្វេនឹងយល់ចំណុចនោះ។ ប៉ុន្មានខែក្រោយមក បងឈិហ្វូនដូបានសួរអាលីណាហ្វេសំណួរក្នុងមេរៀនទី៣៤ដែលថា «រហូតមកដល់ពេលនេះ តើអ្នកបានទទួលប្រយោជន៍អ្វីខ្លះពីការរៀនអំពីគម្ពីរនិងអំពីព្រះយេហូវ៉ាដែលជាព្រះពិត?»។ បងឈិហ្វូនដូបានរៀបរាប់ថា «អាលីណាហ្វេលើកចំណុចល្អៗជាច្រើន។ ចំណុចមួយគឺថា សាក្សីមិនប្រព្រឹត្តទង្វើដែលគម្ពីរផ្ដន្ទាទោសទេ»។ មិនយូរក្រោយមក អាលីណាហ្វេឈប់ប្រើរូបព្រះក្នុងការគោរពប្រណិប័តន៍ ហើយមានគុណសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលការជ្រមុជទឹក។
២១. តើយើងអាចជួយសិស្សគម្ពីរឲ្យសម្រេចចិត្តបម្រើព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
២១ ទោះជាព្រះយេហូវ៉ា«ជាអ្នកដែលធ្វើឲ្យដុះលូតលាស់ឡើង»ក្ដី យើងអាចជួយសិស្សគម្ពីរឲ្យរីកចម្រើន។ (១កូ. ៣:៧) យើងមិនគ្រាន់តែបង្រៀនគាត់អំពីអ្វីដែលព្រះចង់ឲ្យគាត់ធ្វើប៉ុណ្ណោះទេ តែយើងជួយគាត់ឲ្យមានសេចក្ដីស្រឡាញ់ឲ្យកាន់តែខ្លាំងចំពោះព្រះយេហូវ៉ា។ យើងក៏លើកទឹកចិត្តគាត់ឲ្យបង្ហាញសេចក្ដីស្រឡាញ់នោះ ដោយកែប្រែអ្វីដែលគាត់ចាត់ទុកថាសំខាន់បំផុត។ បន្ថែមទៅទៀត យើងបង្រៀនគាត់អំពីរបៀបពឹងផ្អែកលើព្រះយេហូវ៉ាពេលមានការពិបាក។ ពេលយើងបង្ហាញទំនុកចិត្តលើគាត់ យើងពង្រឹងការជឿជាក់របស់គាត់ថា គាត់ក៏អាចរស់នៅស្របតាមខ្នាតតម្រារបស់ព្រះយេហូវ៉ា ហើយកាន់ជំហរមាំមួនខាងសេចក្ដីពិត។
ចម្រៀងលេខ៥៥ កុំខ្លាចពួកគេឡើយ!
a ពីរឆ្នាំកន្លះក្រោយពីនីកូដេមបានទៅជួបលោកយេស៊ូ គាត់នៅតែជាសមាជិកតុលាការជាន់ខ្ពស់របស់ជនជាតិយូដា។ (យ៉ូន. ៧:៤៥-៥២) ប្រវត្តិវិទូខ្លះគិតថាគឺក្រោយពីលោកយេស៊ូស្លាប់ ទើបនីកូដេមបានក្លាយទៅជាអ្នកកាន់តាមលោក។—យ៉ូន. ១៩:៣៨-៤០
b ការពណ៌នាអំពីរូបភាព៖ ពេត្រុសនិងអ្នកនេសាទត្រីឯទៀត ទុកមុខរបររបស់ពួកគេចោលដើម្បីទៅតាមលោកយេស៊ូ។
c ការពណ៌នាអំពីរូបភាព៖ បងស្រីម្នាក់ជួយសិស្សគម្ពីរឲ្យត្រៀមខ្លួនប្រាប់អ្នកឯទៀតអំពីជំនឿរបស់គាត់។