ឪពុកម្ដាយទាំងឡាយ ចូរដឹកនាំកូនរបស់អ្នក
«ចូរមានចិត្តខ្នះខ្នែងឲ្យស្គាល់សណ្ឋាននៃហ្វូងចៀមឯង»។—សុភាសិត ២៧:២៣
១, ២. (ក) តើគង្វាលជនជាតិអ៊ីស្រាអែលមានភារកិច្ចអ្វីខ្លះ? (ខ) តើតាមរបៀបណាឪពុកម្ដាយគឺស្រដៀងនឹងគង្វាល?
នៅអ៊ីស្រាអែលសម័យបុរាណ ជីវិតរបស់គង្វាលគឺពិបាកណាស់។ ពួកគេត្រូវធ្វើការនៅខាងក្រៅទាំងពេលមានអាកាសធាតុក្ដៅទាំងពេលមានអាកាសធាតុត្រជាក់ ហើយពួកគេត្រូវការពារចៀមរបស់ពួកគេពីសត្វព្រៃនិងចោរ។ គង្វាលពិនិត្យមើលចៀមនីមួយៗជាទៀងទាត់ ហើយព្យាបាលចៀមដែលឈឺ ឬត្រូវរបួស។ ពួកគេបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកូនចៀម ពីព្រោះពួកវាគឺខ្សោយជាងចៀមជំទង់។—លោកុប្បត្តិ ៣៣:១៣
២ ឪពុកម្ដាយដែលជាគ្រិស្តសាសនិកត្រូវតែបង្ហាញគុណសម្បត្ដិស្រដៀងនឹងគុណសម្បត្ដិរបស់គង្វាល។ ឪពុកម្ដាយមានភារកិច្ចចិញ្ចឹមអប់រំកូនតាមខ្នាតតម្រារបស់ព្រះយេហូវ៉ា។ (អេភេសូរ ៦:៤) តើនោះតែងតែស្រួលធ្វើឬ? មិនមែនទេ! កូនៗត្រូវទប់ទល់ជានិច្ចនឹងគំនិតដែលសាថានលើកស្ទួយ។ លើសពីនោះ កូនៗមានទំនោរចិត្តមិនល្អឥតខ្ចោះរបស់ពួកគេ។ (ធីម៉ូថេទី២ ២:២២; យ៉ូហានទី១ ២:១៦) តើតាមរបៀបណាអ្នកអាចជួយកូនរបស់អ្នក? សូមយើងពិភាក្សាអ្វីបីយ៉ាងដែលអ្នកអាចធ្វើដើម្បីដឹកនាំកូនរបស់អ្នកគឺ (១) ស្គាល់ពួកគេ (២) បង្រៀនពួកគេ ហើយ(៣) ណែនាំពួកគេ។
ចូរស្គាល់កូនរបស់អ្នក
៣. តើតាមរបៀបណាឪពុកម្ដាយអាចស្គាល់កូនរបស់ពួកគេឲ្យបានច្បាស់?
៣ គង្វាលដ៏ល្អម្នាក់ពិនិត្យមើលចៀមនីមួយៗដោយយកចិត្តទុកដាក់ ដោយសារគាត់ចង់ធ្វើឲ្យប្រាកដថាវាមានសុខភាពល្អ។ គម្ពីរចែងថា៖ ‹ចូរស្គាល់សណ្ឋាននៃហ្វូងចៀមឯង›។ (សុភាសិត ២៧:២៣) ក្នុងនាមជាឪពុកម្ដាយ អ្នកចង់ស្គាល់«ហ្វូងចៀម»របស់អ្នកឲ្យបានច្បាស់ ពោលគឺកូនរបស់អ្នក។ ដើម្បីធ្វើដូច្នេះ អ្នកត្រូវកត់សម្គាល់ការប្រព្រឹត្តរបស់កូនអ្នក ហើយស្គាល់គំនិតនិងអារម្មណ៍របស់ពួកគេ។ តើតាមរបៀបណាអ្នកអាចធ្វើដូច្នេះ? គឺអ្នកត្រូវនិយាយជាមួយនឹងកូនរបស់អ្នកជាញឹកញាប់។
អ្នកត្រូវនិយាយជាមួយនឹងកូនរបស់អ្នកជាញឹកញាប់
៤, ៥. (ក) តើមានយោបល់ល្អៗអ្វីខ្លះដែលប្រហែលជាជួយកូនៗឲ្យនិយាយអំពីគំនិតនិងអារម្មណ៍របស់ពួកគេដោយឥតលាក់លៀម? (សូមមើលរូបភាពនៅដើមអត្ថបទ)។ (ខ) តើអ្នកបានធ្វើអ្វីដើម្បីឲ្យកូនរបស់អ្នកមានអារម្មណ៍ស្រួលនិយាយជាមួយអ្នកជាង?
៤ ឪពុកម្ដាយខ្លះបានឃើញថាការប្រាស្រ័យទាក់ទងជាមួយកូនៗគឺពិបាកជាង ពេលដែលកូនរបស់ពួកគេទៅជាក្មេងជំទង់។ ក្មេងជំទង់ប្រហែលជាមិនចង់និយាយអំពីគំនិតនិងអារម្មណ៍របស់ពួកគេទេ។ បើកូនរបស់អ្នកមានគំនិតបែបនេះ តើអ្នកអាចធ្វើអ្វី? សូមកុំមានអារម្មណ៍ថាអ្នកត្រូវមានការពិភាក្សាយ៉ាងយូរនិងម៉ឺងម៉ាត់ជាមួយពួកគេឡើយ។ ផ្ទុយទៅវិញ សូមព្យាយាមនិយាយជាមួយពួកគេក្នុងបរិយាកាសដែលធ្វើឲ្យមានអារម្មណ៍ស្រួល។ (ចោទិយកថា ៦:៦, ៧) សូមចំណាយពេលជាមួយគ្នា ដើរតាមផ្លូវជាមួយពួកគេ ហៅពួកគេលេងល្បែងកម្សាន្តផ្សេងៗជាមួយអ្នក ឬធ្វើកិច្ចការផ្សេងៗនៅជុំវិញផ្ទះ។ ពេលដែលកូនរបស់អ្នកមានអារម្មណ៍ស្រួល ពួកគេប្រហែលជាចង់ប្រាប់អ្នកជាងអំពីគំនិតនិងអារម្មណ៍របស់ពួកគេ។
កូនរបស់អ្នកត្រូវដឹងថាបញ្ហារបស់ពួកគេគឺសំខាន់ចំពោះអ្នក
៥ ចុះយ៉ាងណាបើកូនរបស់អ្នកនៅតែមិនចង់និយាយ? សូមព្យាយាមធ្វើអ្វីផ្សេង។ ជាឧទាហរណ៍ ជាជាងសួរកូនស្រីរបស់អ្នកនូវសំណួរដូចជា ‹តើអ្វីកើតឡើងដល់កូន? ឬតើកូនបានធ្វើអ្វីខ្លះថ្ងៃនេះ?› ចូរប្រាប់នាងអំពីអ្វីដែលបានកើតឡើងចំពោះអ្នក ឬអ្វីដែលអ្នកបានធ្វើនៅថ្ងៃនេះ។ ធ្វើដូច្នេះ នាងប្រហែលជាមានអារម្មណ៍ស្រួលនិយាយអំពីអ្វីដែលបានកើតឡើងចំពោះនាង ឬអ្វីដែលនាងបានធ្វើនៅថ្ងៃនេះដែរ។ ដើម្បីស្វែងយល់អំពីទស្សនៈរបស់នាងស្តីអំពីរឿងមួយ សូមសួរសំណួរដូចជា ‹តើកូនធ្លាប់ឃើញមនុស្សនៅជុំវិញកូនធ្វើរឿងនេះទេ?› មិនមែនសួរថា ‹តើកូនបានធ្វើរឿងនេះទេ?›។ អ្នកអាចសួរនាងអំពីទស្សនៈរបស់មិត្តភក្ដិនាងស្តីអំពីរឿងនោះ។ ក្រោយមក អ្នកអាចសួរនាងថាតើនាងនឹងផ្ដល់យោបល់អ្វីដល់មិត្តរបស់នាង។
៦. តើតាមរបៀបណាកូនរបស់អ្នកអាចមានអារម្មណ៍ថាអ្នកមានពេលសម្រាប់ពួកគេ ហើយថាអ្នកជាមនុស្សដែលស្រួលនិយាយជាមួយ?
៦ បើកូនរបស់អ្នកមានអារម្មណ៍ថាអ្នកមានពេលដើម្បីនិយាយជាមួយពួកគេ ហើយស្រួលនិយាយជាមួយ ពួកគេនឹងចង់ប្រាស្រ័យទាក់ទងជាមួយអ្នកជាង។ បើអ្នកមើលទៅតែងតែរវល់ពេកដើម្បីចំណាយពេលជាមួយពួកគេ កូនរបស់អ្នកនឹងមិនប្រាប់អ្នកអំពីបញ្ហារបស់ពួកគេទេ។ តើតាមរបៀបណាអ្នកអាចប្រាកដថាអ្នកជាមនុស្សដែលស្រួលនិយាយជាមួយ? សូមធ្វើលើសពីគ្រាន់តែនិយាយពាក្យថា៖ «កូនអាចនិយាយជាមួយប៉ាឬម៉ាក់ពេលណាក៏បាន»។ កូនវ័យជំទង់របស់អ្នកត្រូវដឹងថាអ្នកនឹងមិនមានប្រតិកម្មហួសហេតុពេកនឹងអ្វីដែលពួកគេនិយាយ។ ពួកគេក៏ត្រូវដឹងថាបញ្ហារបស់ពួកគេគឺសំខាន់ចំពោះអ្នកដែរ។ ខេឡាដែលមានអាយុ១៩ឆ្នាំនិយាយថា៖ «ខ្ញុំអាចនិយាយជាមួយប៉ារបស់ខ្ញុំអំពីអ្វីៗទាំងអស់។ គាត់មិនកាត់សម្ដីខ្ញុំ ហើយគាត់មិនវិនិច្ឆ័យខ្ញុំទេ គាត់គ្រាន់តែស្ដាប់។ ក្រោយមក គាត់តែងតែឲ្យឱវាទដ៏ល្អបំផុតសម្រាប់ខ្ញុំ»។
ចូរមានចិត្តអត់ធ្មត់ ហើយស្ដាប់កូនរបស់អ្នកដោយយកចិត្តទុកដាក់
៧. (ក) តើតាមរបៀបណាឪពុកម្ដាយអាចមានតុល្យភាព ពេលពិភាក្សាអំពីរឿងដូចជាការស្វែងយល់ចិត្តអ្នកណាម្នាក់ដើម្បីរៀបការ? (ខ) តើតាមរបៀបណាឪពុកម្ដាយប្រហែលជាធ្វើឲ្យកូនរបស់ពួកគេខឹង?
៧ ជួនកាល អ្នកនឹងត្រូវពិភាក្សាជាមួយកូនរបស់អ្នកអំពីរឿងដែលពិបាកនិយាយ ដូចជាការស្វែងយល់ចិត្តអ្នកណាម្នាក់ដើម្បីរៀបការ។ ពេលអ្នកពិភាក្សាអំពីរឿងនោះ សូមធ្វើឲ្យប្រាកដថាអ្នកបង្រៀនពួកគេនូវរបៀបប្រព្រឹត្តយ៉ាងត្រឹមត្រូវក្នុងរឿងនោះ។ ជាឧទាហរណ៍ ឧបមាថាអ្នកបានទៅភោជនីយដ្ឋានមួយ ហើយឃើញថាបញ្ជីមុខម្ហូបមានតែការព្រមានអំពីការពុលអាហារប៉ុណ្ណោះ។ អ្នកនឹងទំនងជាចាកចេញពីកន្លែងនោះ ហើយទៅភោជនីយដ្ឋានមួយទៀត។ អ្វីមួយស្រដៀងនឹងនេះប្រហែលជាកើតឡើងចំពោះកូនរបស់អ្នក។ បើឱវាទដែលអ្នកឲ្យពួកគេមានតែការព្រមានប៉ុណ្ណោះ កូនរបស់អ្នកប្រហែលជាខឹង ហើយឈប់សុំឱវាទពីអ្នកទៀត។ (សូមអាន កូឡុស ៣:២១) ផ្ទុយទៅវិញ សូមព្យាយាមមានតុល្យភាព។ ប្អូនស្រីវ័យក្មេងម្នាក់ឈ្មោះអេមេលីនិយាយថា៖ «ពេលឪពុកម្ដាយរបស់ខ្ញុំនិយាយជាមួយខ្ញុំអំពីការស្វែងយល់ចិត្តអ្នកណាម្នាក់ដើម្បីរៀបការ ពួកគាត់មិនធ្វើឲ្យរឿងនោះមើលទៅជារឿងមិនល្អទេ។ ពួកគាត់លើកបញ្ជាក់អំពីអំណរដែលមកពីការស្គាល់បុគ្គលណាម្នាក់និងរកបានគូអាពាហ៍ពិពាហ៍។ នេះបានធ្វើឲ្យខ្ញុំមានអារម្មណ៍ស្រួលនិយាយជាមួយពួកគាត់អំពីរឿងនោះ។ តាមការពិត ខ្ញុំចង់ឲ្យពួកគាត់ជាប់ពាក់ព័ន្ធនឹងទំនាក់ទំនងណាដែលខ្ញុំមាន ជាជាងលាក់ពីពួកគាត់»។
៨, ៩. (ក) តើការចេះអត់ធ្មត់និងការស្ដាប់ដោយមិននិយាយកាត់មានប្រយោជន៍អ្វីខ្លះ? (ខ) តើអ្នកមានលទ្ធផលល្អអ្វីខ្លះពេលអ្នកស្ដាប់កូនរបស់អ្នក?
៨ សូមមានចិត្តអត់ធ្មត់ ហើយស្ដាប់កូនរបស់អ្នកដោយយកចិត្តទុកដាក់។ នេះនឹងបង្ហាញថាអ្នកគឺស្រួលនិយាយជាមួយ។ (សូមអាន យ៉ាកុប ១:១៩) បងស្រីខាតយ៉ាដែលជាម្ដាយគ្មានគូនិយាយថា៖ «កាលពីមុន ខ្ញុំមិនចេះអត់ធ្មត់ជាមួយកូនស្រីខ្ញុំសោះ។ ខ្ញុំមិនបានទុកឱកាសឲ្យនាងនិយាយឲ្យចប់ទេ។ ខ្ញុំមិនបានស្ដាប់នាងដោយសារខ្ញុំអស់កម្លាំង ឬដោយសារខ្ញុំមិនចង់ឲ្យនាងរំខានខ្ញុំ។ ឥឡូវនេះ ដោយសារខ្ញុំបានកែប្រែការប្រព្រឹត្តរបស់ខ្ញុំ កូនស្រីខ្ញុំបានកែប្រែការប្រព្រឹត្តរបស់នាង។ នាងចេះសហការច្រើនជាងមុន»។
៩ ស្រដៀងគ្នាដែរ បងប្រុសរ៉ូណាល់ដែលជាឪពុកម្នាក់មានបទពិសោធន៍នេះជាមួយកូនស្រីជំទង់របស់គាត់។ គាត់និយាយថា៖ «ពេលនាងបានប្រាប់ខ្ញុំថានាងចាប់ចិត្តស្រឡាញ់ក្មេងប្រុសម្នាក់នៅសាលា មុនដំបូងខ្ញុំខឹងខ្លាំងណាស់។ ប៉ុន្តែពេលខ្ញុំគិតថាព្រះយេហូវ៉ាសមហេតុសមផល ហើយអត់ធ្មត់យ៉ាងណាចំពោះអ្នកបម្រើលោក នោះខ្ញុំបានគិតថាគឺល្អជាងបើខ្ញុំទុកឱកាសឲ្យកូនស្រីខ្ញុំប្រាប់អំពីអារម្មណ៍របស់នាងមុននឹងខ្ញុំខំកែតម្រង់នាង។ ខ្ញុំសប្បាយចិត្តដែលខ្ញុំបានធ្វើដូច្នេះ! ជាលើកទី១ហើយដែលខ្ញុំបានយល់អារម្មណ៍របស់កូនស្រីខ្ញុំ។ ពេលនាងនិយាយចប់ ខ្ញុំបានឃើញថាគឺស្រួលជាងឲ្យខ្ញុំនិយាយជាមួយនាងដោយសេចក្ដីស្រឡាញ់។ គួរឲ្យភ្ញាក់ផ្អើលណាស់ នាងទទួលយកឱវាទរបស់ខ្ញុំ។ នាងបានប្រាប់ថានាងចង់កែប្រែការប្រព្រឹត្តរបស់នាងយ៉ាងស្មោះ»។ ការនិយាយជាមួយនឹងកូនរបស់អ្នកជាញឹកញាប់ជួយអ្នកឲ្យយល់ច្បាស់អំពីគំនិតនិងអារម្មណ៍របស់ពួកគេ។ ជាលទ្ធផល អ្នកនឹងចូលរួមកាន់តែច្រើនក្នុងការសម្រេចចិត្តរបស់ពួកគេa (សូមមើលកំណត់សម្គាល់)។
ចូរបង្រៀនកូនរបស់អ្នក
១០, ១១. តើតាមរបៀបណាអ្នកអាចជួយកូនអ្នកឲ្យនៅក្នុងសេចក្ដីពិត?
១០ គង្វាលដ៏ល្អដឹងថាចៀមអាចវង្វេង។ ចៀមមួយប្រហែលជាចាប់ផ្ដើមស៊ីស្មៅនៅជិតហ្វូង។ បន្ដិចម្ដងៗ វាទៅកាន់តែឆ្ងាយរហូតដល់បែកពីហ្វូង។ ដូចគ្នាដែរ នេះអាចកើតឡើងចំពោះកូន។ ពួកគេអាចចាប់ផ្ដើមចាកចេញពីសេចក្ដីពិតបន្ដិចម្ដងៗ។ ប្រហែលជាការសេពគប់អាក្រក់ ឬការកម្សាន្តមិនល្អបានល្បួងពួកគេ។ (សុភាសិត ១៣:២០) តើតាមរបៀបណាអ្នកអាចជួយទប់ស្កាត់កុំឲ្យមានស្ថានភាពបែបនេះកើតឡើង?
១១ ពេលអ្នកបង្រៀនកូនរបស់អ្នក សូមជួយពួកគេដោយឥតបង្អង់ កាលណាអ្នកឃើញចំណុចខ្លះដែលពួកគេប្រហែលជាត្រូវធ្វើឲ្យកាន់តែប្រសើរឡើង។ សូមជួយពង្រឹងគុណសម្បត្ដិដែលពួកគេមានផងដែរ។ (ពេត្រុសទី២ ១:៥-៨) ការគោរពប្រណិប័តន៍ជាក្រុមគ្រួសារគឺជាពេលដ៏ប្រសើរដើម្បីឲ្យអ្នកធ្វើដូច្នេះ។ កិច្ចបម្រើព្រះ ខែតុលា ឆ្នាំ២០០៨ចែងថា៖ «មេគ្រួសារមានភារកិច្ចទទួលខុសត្រូវនៅចំពោះព្រះយេហូវ៉ា ស្តីពីការរៀបចំកម្មវិធីឲ្យបានទទួលប្រយោជន៍ពីការសិក្សាគម្ពីរជាក្រុមគ្រួសារយ៉ាងទៀងទាត់»។ តើអ្នកកំពុងប្រើពេលគោរពប្រណិប័តន៍ជាក្រុមគ្រួសារនេះយ៉ាងឈ្លាសវៃ ដើម្បីដឹកនាំកូនរបស់អ្នកឬទេ? សូមមានទំនុកចិត្តថាកូនរបស់អ្នកពិតជាដឹងគុណអ្នកចំពោះការខំប្រឹងរបស់អ្នកដើម្បីជួយពួកគេ។—ម៉ាថាយ ៥:៣; ភីលីព ១:១០
១២. (ក) តើតាមរបៀបណាមនុស្សវ័យក្មេងបានទទួលប្រយោជន៍ពីការគោរពប្រណិប័តន៍ជាក្រុមគ្រួសារជាទៀងទាត់? (សូមមើលដែរនូវប្រអប់ដែលមានចំណងជើងថា«ពួកគេឲ្យតម្លៃចំពោះការគោរពប្រណិប័តន៍ជាក្រុមគ្រួសារ»)។ (ខ) តើអ្នកបានទទួលប្រយោជន៍យ៉ាងណាពីការគោរពប្រណិប័តន៍ជាក្រុមគ្រួសារ?
១២ ប្អូនស្រីការីសាដែលជាក្មេងជំទង់ម្នាក់និងឪពុកម្ដាយរបស់នាងបានទទួលប្រយោជន៍ពីកម្មវិធីគោរពប្រណិប័តន៍ជាក្រុមគ្រួសាររបស់ពួកគេ។ នាងនិយាយថា៖ «ខ្ញុំចូលចិត្តពេលយើងទាំងអស់គ្នាអាចអង្គុយ ហើយនិយាយជាមួយគ្នា។ កាលដែលយើងធ្វើដូច្នេះ យើងកំពុងជិតស្និទ្ធនឹងគ្នា ហើយបង្កើតអនុស្សាវរីយ៍ល្អ។ ឪពុកខ្ញុំទៀងទាត់ក្នុងកម្មវិធីគោរពប្រណិប័តន៍ជាក្រុមគ្រួសាររបស់យើង។ ខ្ញុំទទួលការលើកទឹកចិត្ត ពេលឃើញគាត់យកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងរឿងនេះ ហើយនោះធ្វើឲ្យខ្ញុំចង់យកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងរឿងនេះដែរ។ នេះក៏ផ្ដល់ឲ្យខ្ញុំនូវមូលហេតុថែមទៀត ដើម្បីគោរពគាត់ជាឪពុកនិងជាអ្នកនាំមុខក្នុងការគោរពប្រណិប័តន៍ព្រះយេហូវ៉ា»។ ប៊្រីតនីដែលជាប្អូនស្រីវ័យក្មេងម្នាក់និយាយថា៖ «ការគោរពប្រណិប័តន៍ជាក្រុមគ្រួសារបាននាំឲ្យខ្ញុំកាន់តែជិតស្និទ្ធនឹងឪពុកម្ដាយខ្ញុំ។ ការគោរពប្រណិប័តន៍នេះបង្ហាញថាពួកគាត់ចង់ឮអំពីបញ្ហារបស់ខ្ញុំ ហើយថាពួកគាត់ពិតជាយកចិត្តទុកដាក់មែន។ ការគោរពប្រណិប័តន៍នេះជួយយើងឲ្យទៅជាគ្រួសារមួយដែលរឹងមាំ ហើយមានសាមគ្គីភាព»។ គោលដៅសំខាន់ចម្បងរបស់ឪពុកម្ដាយ គឺបង្រៀនកូនរបស់ពួកគេឲ្យស្រឡាញ់ព្រះយេហូវ៉ា។ ការគោរពប្រណិប័តន៍ជាក្រុមគ្រួសារគឺជាវិធីប្រសើរបំផុតដើម្បីធ្វើដូច្នេះb (សូមមើលកំណត់សម្គាល់)។
ចូរណែនាំកូនរបស់អ្នក
១៣. តើតាមរបៀបណាកូនអាចមានចិត្តជំរុញឲ្យបម្រើព្រះយេហូវ៉ា?
១៣ គង្វាលដ៏ល្អប្រើដំបងដើម្បីណែនាំនិងការពារហ្វូងចៀមរបស់គាត់។ គោលដៅសំខាន់ចម្បងរបស់គាត់ គឺនាំចៀមរបស់គាត់ទៅ«ទីវាលល្អ»។ (អេសេគាល ៣៤:១៣, ១៤) ក្នុងនាមជាឪពុកម្ដាយ អ្នកក៏មានគោលដៅស្រដៀងគ្នាដែរ។ អ្នកចង់ណែនាំកូនរបស់អ្នកឲ្យបម្រើព្រះយេហូវ៉ា។ អ្នកចង់ឲ្យកូនរបស់អ្នកមានអារម្មណ៍ដូចអ្នកតែងទំនុកតម្កើងដែលបានសរសេរថា៖ «ឱព្រះនៃទូលបង្គំអើយ ទូលបង្គំមានសេចក្ដីអំណរនឹងធ្វើតាមព្រះហឫទ័យទ្រង់ អើ ក្រិត្យវិន័យរបស់ទ្រង់ក៏នៅក្នុងចិត្តទូលបង្គំ»។ (ទំនុកតម្កើង ៤០:៨) ពេលកូនរបស់អ្នកពិតជាមានអារម្មណ៍ដូច្នេះ ពួកគេនឹងចង់ប្រគល់ជីវិតរបស់ពួកគេជូនព្រះយេហូវ៉ា ហើយទទួលការជ្រមុជទឹក។ ពួកគេត្រូវមានការយល់ដឹងគ្រប់គ្រាន់ដើម្បីធ្វើការសម្រេចចិត្តដ៏សំខាន់នេះ ហើយពួកគេពិតជាត្រូវចង់បម្រើព្រះយេហូវ៉ាមែន។
១៤, ១៥. (ក) តើឪពុកម្ដាយគួរតែមានគោលដៅអ្វី? (ខ) ហេតុអ្វីក្មេងជំទង់ប្រហែលជាសង្ស័យអំពីសេចក្ដីពិត?
១៤ ប្រហែលជាចំណងមិត្តភាពរបស់កូនអ្នកជាមួយនឹងព្រះយេហូវ៉ាមើលទៅមិនជឿនទៅមុខទេ។ ពួកគេប្រហែលជាថែមទាំងមិនជឿថាអ្វីដែលសាក្សីព្រះយេហូវ៉ាជឿ ពិតជាសេចក្ដីពិតទៀតផង។ តើអ្នកនឹងធ្វើអ្វី? ចូរខំប្រឹងវែកញែកជាមួយនឹងកូនរបស់អ្នក ហើយជួយពួកគេឲ្យស្រឡាញ់ព្រះយេហូវ៉ាអស់ពីចិត្ត។ ចូរបង្រៀនពួកគេឲ្យមានចិត្តដឹងគុណចំពោះអ្វីដែលព្រះបានធ្វើដើម្បីពួកគេ។ (ការបើកបង្ហាញ ៤:១១) ក្រោយមក ពេលពួកគេចង់ធ្វើការសម្រេចចិត្ត ពួកគេអាចសម្រេចចិត្តដោយខ្លួនឯងដើម្បីគោរពប្រណិប័តន៍ព្រះយេហូវ៉ា។
ចូរខំប្រឹងវែកញែកជាមួយនឹងកូនរបស់អ្នក ហើយជួយពួកគេឲ្យស្រឡាញ់ព្រះយេហូវ៉ាអស់ពីចិត្ត
១៥ បើកូនរបស់អ្នកសង្ស័យអំពីសេចក្ដីពិត ចូរអត់ធ្មត់ ហើយព្យាយាមណែនាំពួកគេ។ ចូរជួយពួកគេឲ្យយល់ថាការបម្រើព្រះយេហូវ៉ាគឺជារបៀបរស់នៅដ៏ប្រសើរបំផុត ហើយមានប្រយោជន៍យូរអង្វែង។ ម្យ៉ាងទៀត ចូរព្យាយាមរកឲ្យឃើញនូវមូលហេតុពិតប្រាកដដែលពួកគេសង្ស័យ។ ជាឧទាហរណ៍ តើកូនប្រុសរបស់អ្នកពិតជាមិនយល់ស្របនឹងអ្វីដែលគម្ពីរចែង ឬតើគាត់គ្រាន់តែខ្លាចមិនហ៊ានផ្សព្វផ្សាយដល់ក្មេងៗឯទៀតប៉ុណ្ណោះឬ? តើកូនស្រីរបស់អ្នកពិតជាសង្ស័យថាបញ្ញត្ដិរបស់ព្រះមានប្រយោជន៍ឬយ៉ាងណា ឬតើនាងគ្រាន់តែមានអារម្មណ៍កណ្ដោចកណ្ដែង ហើយថាអ្នកឯទៀតមិនរាប់អាននាងឬ?
១៦, ១៧. តើតាមរបៀបណាខ្លះឪពុកម្ដាយអាចជួយកូនរបស់ពួកគេឲ្យមានចំណងមិត្តភាពដោយផ្ទាល់ជាមួយនឹងព្រះយេហូវ៉ា?
១៦ តើតាមរបៀបណាអ្នកអាចជួយកូនរបស់អ្នកឲ្យបំបាត់ការសង្ស័យរបស់ពួកគេអំពីសេចក្ដីពិត? ឪពុកម្ដាយជាច្រើននាក់បានជោគជ័យក្នុងការជួយកូនរបស់ពួកគេ ដោយសួរពួកគេនូវសំណួរដូចតទៅនេះថា៖ «តើកូនយល់ថាការធ្វើជាគ្រិស្តសាសនិកគឺស្រួលឬពិបាក? តើកូនគិតថាការធ្វើជាគ្រិស្តសាសនិកមានប្រយោជន៍អ្វី? តើនេះនាំឲ្យខាតបង់អ្វីខ្លះ? តើកូនមានអារម្មណ៍យ៉ាងណាអំពីប្រយោជន៍ដែលយើងទទួលឥឡូវនេះ ហើយនឹងទទួលនៅពេលអនាគត? តើអ្វីដែលយើងទទួលមានតម្លៃច្រើនជាងការខាតបង់ឬទេ?»។ សូមសួរសំណួរទាំងនេះដោយប្រើពាក្យរបស់អ្នក ដោយស្មោះ ដោយសប្បុរសនិងដោយបង្ហាញការយកចិត្តទុកដាក់។ សូមកុំធ្វើឲ្យកូនរបស់អ្នកមានអារម្មណ៍ថាអ្នកកំពុងចោទប្រកាន់ពួកគេឡើយ។ ក្នុងអំឡុងការសន្ទនាជាមួយកូន អ្នកប្រហែលជាចង់ពិភាក្សាម៉ាកុស ១០:២៩, ៣០។ ប្អូនៗវ័យក្មេងខ្លះប្រហែលជាចង់ធ្វើបញ្ជីពីរ បញ្ជីមួយអំពីប្រយោជន៍ដែលមកពីការធ្វើជាគ្រិស្តសាសនិក ហើយបញ្ជីមួយទៀតអំពីការខាតបង់។ នេះប្រហែលជាជួយអ្នកនិងកូនរបស់អ្នកឲ្យស្គាល់បញ្ហាដែលពួកគេមាន ហើយរកដំណោះស្រាយសម្រាប់បញ្ហាទាំងនោះ។ បើយើងត្រូវសិក្សាសៀវភៅព្រះគម្ពីរបង្រៀន និងសៀវភៅ«ព្រះស្រឡាញ់»ជាមួយនឹងអ្នកចាប់អារម្មណ៍ ចុះទម្រាំតែកូនរបស់យើង នោះយើងត្រូវធ្វើដូច្នេះច្រើនជាងនោះទៅទៀត! តើអ្នកកំពុងធ្វើដូច្នេះឬទេ?
ឪពុកម្ដាយទាំងឡាយ ចូរធ្វើជាគង្វាលដ៏ល្អ ហើយណែនាំកូនរបស់អ្នកដោយអត់ធ្មត់
១៧ កាលដែលកូនរបស់អ្នកធំឡើង ពួកគេត្រូវសម្រេចចិត្តដោយខ្លួនឯងថាពួកគេនឹងបម្រើព្រះយេហូវ៉ា ឬមិនបម្រើ។ ពួកគេមិនធ្វើដូច្នេះដោយស្វ័យប្រវត្ដិ ដោយសារតែអ្នកបានធ្វើការសម្រេចចិត្តនោះទេ។ កូនរបស់អ្នកត្រូវមានចំណងមិត្តភាពដោយផ្ទាល់ជាមួយនឹងព្រះយេហូវ៉ា។ (សុភាសិត ៣:១, ២) ចុះយ៉ាងណាបើកូនរបស់អ្នកកំពុងពិបាកចូលទៅជិតព្រះ? ចូរលើកទឹកចិត្តគាត់ឲ្យពិចារណាជំនឿរបស់គាត់ដោយសួរខ្លួនឯងនូវសំណួរដូចជា ‹តើតាមរបៀបណាខ្ញុំដឹងថាមានព្រះ? តើខ្ញុំដឹងយ៉ាងដូចម្ដេចថាព្រះយេហូវ៉ាពិតជាយកចិត្តទុកដាក់នឹងខ្ញុំ? តើខ្ញុំពិតជាជឿថាការធ្វើតាមបញ្ញត្ដិរបស់ព្រះនឹងមានប្រយោជន៍ដល់ខ្ញុំឬទេ?›។ ឪពុកម្ដាយទាំងឡាយ ចូរធ្វើជាគង្វាលដ៏ល្អ ហើយណែនាំកូនរបស់អ្នកដោយអត់ធ្មត់។ សូមជួយពួកគេឲ្យពិសោធមើលដោយខ្លួនឯងថាការបម្រើព្រះយេហូវ៉ាគឺជារបៀបរស់នៅដ៏ប្រសើរបំផុតc(សូមមើលកំណត់សម្គាល់)។—រ៉ូម ១២:២
១៨. តើឪពុកម្ដាយអាចយកតម្រាប់ព្រះយេហូវ៉ាដែលជាគង្វាលដ៏ឧត្តមយ៉ាងដូចម្ដេច?
១៨ គ្រិស្តសាសនិកពិតទាំងអស់ចង់យកតម្រាប់ព្រះយេហូវ៉ាដែលជាគង្វាលដ៏ឧត្តម។ (អេភេសូរ ៥:១; ពេត្រុសទី១ ២:២៥) ជាពិសេស ឪពុកម្ដាយត្រូវស្គាល់ហ្វូងចៀមរបស់ខ្លួន គឺកូនដ៏មានតម្លៃរបស់ពួកគេ។ ឪពុកម្ដាយត្រូវណែនាំកូនរបស់ខ្លួន ដើម្បីពួកគេអាចទទួលប្រយោជន៍យូរអង្វែងដែលព្រះសន្យា។ មែនហើយ ចូរខំអស់ពីសមត្ថភាពដើម្បីដឹកនាំកូនរបស់អ្នក ហើយចិញ្ចឹមអប់រំពួកគេឲ្យស្រឡាញ់ព្រះយេហូវ៉ា!
a ដើម្បីបានយោបល់ថែមទៀត សូមមើលទស្សនាវដ្ដីប៉មយាម ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៣ ទំព័រ១៩-២៣។
b ដើម្បីបានព័ត៌មានថែមទៀត សូមមើលអត្ថបទ«ការគោរពប្រណិប័តន៍ជាក្រុមគ្រួសារគឺចាំបាច់ដើម្បីរួចជីវិត!»ក្នុងទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែតុលា ឆ្នាំ២០០៩ ទំព័រ២៩-៣១។
c ដើម្បីបានព័ត៌មានថែមទៀត សូមមើលទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមេសា ឆ្នាំ២០១២ ទំព័រ១៨-២១។