បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w15 ១៥/៧ ទំ. ១៦-២១
  • ចូររក្សាភក្ដីភាពចំពោះរាជាណាចក្រព្រះ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូររក្សាភក្ដីភាពចំពោះរាជាណាចក្រព្រះ
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • មូលហេតុ​ដែល​យើង​មិន​គាំ​ទ្រ​ផ្នែក​ណា​មួយ នៃ​ពិភព​លោក
  • ចូរ​អប់រំ​ខ្លួន​អ្នក​ឲ្យ​មាន​ភក្ដី​ភាព ចំពោះ​រាជាណាចក្រ​របស់​ព្រះ​យេហូវ៉ា
  • ចូរ​សប្បាយ​នឹង​អ្វី​ៗ​ទាំង​អស់​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត
  • ចូររក្សាអព្យាក្រឹតភាពរបស់អ្នកក្នុងពិភពលោកដែលបែកបាក់គ្នា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៦
  • តើសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ាផ្ដល់ប្រយោជន៍អ្វីឲ្យអ្នក?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២១
  • «រាជាណាចក្ររបស់ខ្ញុំមិនមែនជារបស់ពិភពលោកនេះទេ»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៨
  • តើអ្នកឲ្យតម្លៃខ្ពស់ទៅលើគម្ពីរដែលជាសៀវភៅដែលមកពីព្រះយេហូវ៉ាឬទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៦
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
w15 ១៥/៧ ទំ. ១៦-២១

ចូរ​រក្សា​ភក្ដី​ភាព​ចំពោះ​រាជាណាចក្រ​ព្រះ

​«​ពួក​គាត់​មិន​រួម​ចំណែក​ក្នុង​ពិភព​លោក​ទេ​»។—យ៉ូហាន ១៧:១៦

ចម្រៀង​លេខ: ១៨, ៥៤

តើ​អ្នក​អាច​ឆ្លើយ​បាន​ឬ​ទេ?

  • ហេតុ​អ្វី​លោក​យេស៊ូ​មិន​បាន​គិត​ថា​មនុស្ស​មួយ​ក្រុម​ប្រសើរ​ជាង មនុស្ស​មួយ​ក្រុម​ទៀត?

  • ទោះ​ជា​យើង​មិន​គាំ​ទ្រ​ខាង​រដ្ឋាភិបាល​ណា​មួយ​របស់​មនុស្ស ឬ​អ្នក​គ្រប់​គ្រង​ណា​ម្នាក់​ក៏​ដោយ តើ​យើង​គាំ​ទ្រ​ខាង​អ្នក​ណា ហើយ​ហេតុ​អ្វី?

  • តើ​តាម​របៀប​ណា​អ្នក​អាច​អប់រំ​ខ្លួន​ឲ្យ​មាន​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា​និង​រាជាណាចក្រ​របស់​លោក?

១, ២​. (​ក​) តើ​ការ​មាន​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា​និង​ការ​មិន​ចូល​ខាង​ណា​មួយ​ក្នុង​ជម្លោះ​ពិភព​លោក​នេះ ជាប់​ទាក់​ទង​គ្នា​យ៉ាង​ដូច​ម្ដេច? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​) (​ខ​) តើ​មនុស្ស​ជា​ច្រើន​មាន​ភក្ដី​ភាព​ចំពោះ​អ្វី​ខ្លះ ប៉ុន្តែ​តើ​នេះ​នាំ​ឲ្យ​មាន​លទ្ធផល​យ៉ាង​ណា?

អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា​កាន់​ជំហរ​អព្យាក្រឹត ហើយ​មិន​ចូល​រួម​ក្នុង​រឿង​ផ្សេង​ៗ​ដែល​ធ្វើ​ឲ្យ​មនុស្ស​បែក​បាក់​គ្នា​ដូច​ជា ការ​មាន​សញ្ជាតិ ពូជ​សាសន៍ ព័ណ៌​សម្បុរ ឬ​វប្បធម៌​ខុស​គ្នា​ឡើយ។ ហេតុ​អ្វី? ដោយ​សារ​យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា មាន​ភក្ដី​ភាព​ចំពោះ​លោក ហើយ​ស្ដាប់​បង្គាប់​លោក។ (​យ៉ូហាន​ទី១ ៥:៣​) ទោះ​ជា​យើង​រស់​នៅ​តំបន់​ណា​ឬ​មក​ពី​ប្រទេស​ណា​ក៏​ដោយ យើង​ធ្វើ​តាម​ខ្នាត​តម្រា​របស់​ព្រះ។ ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា​និង​រាជាណាចក្រ​របស់​លោក​គឺ​សំខាន់​ជាង​អ្វី​ៗ​ទាំង​អស់។ (​ម៉ាថាយ ៦:៣៣​) ហេតុ​នេះ​ហើយ​បាន​ជា​យើង​អាច​និយាយ​ថា​យើង​«​មិន​រួម​ចំណែក​ក្នុង​ពិភព​លោក​ទេ​»។—សូម​អាន យ៉ូហាន ១៧:១១, ១៥, ១៦; អេសាយ ២:៤

២ សព្វ​ថ្ងៃ​នេះ មនុស្ស​ជា​ច្រើន​ក្នុង​ពិភព​លោក​មាន​ភក្ដី​ភាព​ចំពោះ​ប្រទេស កុលសម្ព័ន្ធ ឬ​វប្បធម៌​របស់​ពួក​គេ ឬ​ថែម​ទាំង​ក្រុម​កីឡា​របស់​ពួក​គេ​ទៀត​ផង។ គួរ​ឲ្យ​ស្ដាយ នេះ​បាន​នាំ​ឲ្យ​ពួក​គេ​ជា​ច្រើន​នាក់​ប្រកួត​ប្រជែង​គ្នា ស្អប់​គ្នា ហើយ​ជួន​កាល​សម្លាប់​ពួក​អ្នក​ដែល​មិន​នៅ​ខាង​ពួក​គេ។ ទោះ​ជា​យើង​មិន​រួម​ចំណែក​ក្នុង​ជម្លោះ​ទាំង​នេះ​ក៏​ដោយ អ្វី​ទាំង​នេះ​អាច​មាន​ឥទ្ធិពល​មក​លើ​យើង​និង​ក្រុម​គ្រួសារ​របស់​យើង ហើយ​យើង​ប្រហែល​ជា​ទទួល​រង​អំពើ​អយុត្ដិធម៌​ក្រៃ​លែង។ យើង​ងាយ​ស្រួល​ចូល​ខាង​ណា​មួយ បើ​រដ្ឋាភិបាល​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​អយុត្ដិធម៌។ នោះ​គឺ​ដោយ​សារ​ព្រះ​បាន​បង្កើត​យើង​ឲ្យ​មាន​សមត្ថភាព​ដឹង​អ្វី​ដែល​យុត្ដិធម៌​ឬ​អយុត្ដិធម៌។ (​លោកុប្បត្តិ ១:២៧; ចោទិយកថា ៣២:៤​) តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​រឿង​អយុត្ដិធម៌​កើត​ឡើង? តើ​អ្នក​អាច​រក្សា​ជំហរ​អព្យាក្រឹត​ឬ​ទេ ឬ​តើ​អ្នក​គាំ​ទ្រ​ម្ខាង​វិញ?

គ្រិស្ត​សាសនិក​ពិត​មិន​គិត​ថា​ផ្នែក​មួយ​នៃ​ពិភព​លោក​របស់​សាថាន​គឺ​ប្រសើរ​ជាង​ផ្នែក​មួយ​ទៀត​ឡើយ

៣, ៤​. (​ក​) ពេល​មាន​ជម្លោះ ហេតុ​អ្វី​យើង​មិន​គាំ​ទ្រ​ម្ខាង​ៗ​? (​ខ​) តើ​យើង​នឹង​ពិចារណា​អំពី​អ្វី​ក្នុង​អត្ថបទ​នេះ?

៣ ពេល​មាន​ជម្លោះ មនុស្ស​ជា​ច្រើន​គាំ​ទ្រ​ម្ខាង​ៗ ដោយ​សារ​រដ្ឋាភិបាល​ធ្វើ​ឲ្យ​ពួក​គេ​ជឿ​ថា​នេះ​ជា​អ្វី​ដែល​ពលរដ្ឋ​ល្អ​គួរ​ធ្វើ។ ប៉ុន្តែ​យើង​ធ្វើ​តាម​លោក​យេស៊ូ។ ដូច្នេះ​យើង​មិន​ចូល​រួម​ក្នុង​រឿង​នយោបាយ ហើយ​ក៏​មិន​ចូល​រួម​ក្នុង​សង្គ្រាម​ដែរ។ (​ម៉ាថាយ ២៦:៥២​) គ្រិស្ត​សាសនិក​ពិត​មិន​គិត​ថា​ផ្នែក​មួយ​នៃ​ពិភព​លោក​របស់​សាថាន​គឺ​ប្រសើរ​ជាង​ផ្នែក​មួយ​ទៀត​ឡើយ។ (​កូរិនថូស​ទី២ ២:១១​) យើង​មិន​ចង់​ចូល​រួម​ក្នុង​ជម្លោះ​របស់​ពិភព​លោក​នេះ​ទេ។—សូម​អាន យ៉ូហាន ១៥:១៨, ១៩

៤ យើង​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ ដូច្នេះ​ក្នុង​ចំណោម​យើង បង​ប្អូន​ខ្លះ​ប្រហែល​ជា​នៅ​តែ​មាន​ទស្សនៈ​មិន​ល្អ​ចំពោះ​មនុស្ស​ដែល​ខុស​ពី​ពួក​គាត់។ (​យេរេមា ១៧:៩; អេភេសូរ ៤:២២​-​២៤​) ក្នុង​អត្ថបទ​នេះ យើង​នឹង​រៀន​គោល​ការណ៍​ដែល​នឹង​ជួយ​យើង​ប្រយុទ្ធ​ប្រឆាំង ព្រម​ទាំង​យក​ឈ្នះ​អារម្មណ៍​ទាំង​នោះ​ដែល​ធ្វើ​ឲ្យ​មនុស្ស​បែក​បាក់​គ្នា។ យើង​ក៏​នឹង​ពិចារណា​ដែរ​អំពី​របៀប​ដែល​យើង​អាច​រក្សា​ភក្ដី​ភាព​ចំពោះ​រាជាណាចក្រ​ព្រះ​ដោយ​អប់រំ​ខ្លួន​យើង​ឲ្យ​មាន​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ។

មូលហេតុ​ដែល​យើង​មិន​គាំ​ទ្រ​ផ្នែក​ណា​មួយ នៃ​ពិភព​លោក

៥, ៦​. ពេល​លោក​យេស៊ូ​នៅ​ផែន​ដី តើ​លោក​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ក្រុម​មនុស្ស​ផ្សេង​ៗ ហើយ​ហេតុ​អ្វី?

៥ ពេល​អ្នក​ពិបាក​រក្សា​ជំហរ​អព្យាក្រឹត ហើយ​ចាប់​ផ្ដើម​មាន​ចិត្ត​លម្អៀង សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​លោក​យេស៊ូ​បាន​ប្រព្រឹត្ត​យ៉ាង​ណា?›។ កាល​ដែល​លោក​យេស៊ូ​នៅ​ផែន​ដី មាន​ជម្លោះ​និង​ការ​ខ្វែង​គំនិត​គ្នា​រវាង​មនុស្ស​ដែល​មក​ពី​ស្រុក​កាលីឡេ ស្រុក​សាម៉ារី និង​តំបន់​យូឌា។ សូម​គិត​អំពី​ឧទាហរណ៍​ខ្លះ​៖ ជន​ជាតិ​យូដា​និង​ជន​ជាតិ​សាម៉ារី​មិន​និយាយ​រក​គ្នា​ទេ។ (​យ៉ូហាន ៤:៩​) ពួក​ផារិស៊ី​និង​ពួក​សាឌូស៊ី​មិន​យល់​ស្រប​គ្នា​អំពី​រឿង​ជា​ច្រើន។ (​សកម្មភាព ២៣:៦​-​៩​) ជន​ជាតិ​យូដា​ដែល​បាន​រៀន​ច្បាប់​បាន​គិត​ថា​ពួក​គេ​ប្រសើរ​ជាង​ពួក​អ្នក​ដែល​មិន​បាន​រៀន។ (​យ៉ូហាន ៧:៤៩​) ម្យ៉ាង​ទៀត ជន​ជាតិ​យូដា​ជា​ច្រើន​នាក់​ស្អប់​ពួក​អ្នក​យក​ពន្ធ​និង​ជន​ជាតិ​រ៉ូម។ (​ម៉ាថាយ ៩:១១​) ប៉ុន្តែ លោក​យេស៊ូ​មិន​បាន​រួម​ចំណែក​ក្នុង​ជម្លោះ​ទាំង​នោះ​ឡើយ។ ទោះ​ជា​លោក​តែង​តែ​ការពារ​សេចក្ដី​ពិត​អំពី​ព្រះ​យេហូវ៉ា ហើយ​បាន​ដឹង​ថា​អ៊ីស្រាអែល​គឺ​ជា​ប្រជា​ជាតិ​ពិសេស​របស់​ព្រះ​ក៏​ដោយ លោក​មិន​ដែល​បង្រៀន​ពួក​អ្នក​កាន់​តាម​លោក​ថា​ពួក​គេ​ប្រសើរ​ជាង​អ្នក​ឯ​ទៀត​នោះ​ទេ។ (​យ៉ូហាន ៤:២២​) ផ្ទុយ​ទៅ​វិញ លោក​បាន​បង្រៀន​ពួក​គេ​ឲ្យ​ស្រឡាញ់​មនុស្ស​ទាំង​អស់។—លូកា ១០:២៧

ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​មិន​គិត​ថា​ពូជ​សាសន៍ ជន​ជាតិ ឬ​ភាសា​មួយ​គឺ​ប្រសើរ​ជាង​មួយ​ទៀត​ឡើយ

៦ ហេតុ​អ្វី​លោក​យេស៊ូ​មិន​បាន​គិត​ថា​មនុស្ស​មួយ​ក្រុម​ប្រសើរ​ជាង​មនុស្ស​មួយ​ក្រុម​ទៀត? គឺ​ដោយ​សារ​ទស្សនៈ​ដែល​លោក​និង​បិតា​លោក​មាន​ចំពោះ​មនុស្ស។ ព្រះ​យេហូវ៉ា​បាន​បង្កើត​មនុស្ស​ដើម្បី​ឲ្យ​ពួក​គេ​ធ្វើ​ឲ្យ​ផែន​ដី​ពេញ​ទៅ​ដោយ​ពូជ​សាសន៍​ផ្សេង​ៗ។ (​លោកុប្បត្តិ ១:២៧, ២៨​) ដូច្នេះ ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​មិន​គិត​ថា​ពូជ​សាសន៍ ជន​ជាតិ ឬ​ភាសា​មួយ​គឺ​ប្រសើរ​ជាង​មួយ​ទៀត​ឡើយ។ (​សកម្មភាព ១០:៣៤, ៣៥; ការ​បើក​បង្ហាញ ៧:៩, ១៣, ១៤​) យើង​ត្រូវ​ធ្វើ​តាម​គំរូ​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​លោក​ទាំង​ពីរ។—ម៉ាថាយ ៥:៤៣​-​៤៨

៧, ៨​. (​ក​) តើ​យើង​គាំ​ទ្រ​ខាង​អ្នក​ណា ហើយ​ហេតុ​អ្វី? (​ខ​) ស្តី​អំពី​ដំណោះ​ស្រាយ​ចំពោះ​បញ្ហា​របស់​មនុស្សជាតិ តើ​យើង​ត្រូវ​ចាំ​អំពី​អ្វី?

៧ ហេតុ​អ្វី​យើង​មិន​គាំ​ទ្រ​អ្នក​គ្រប់​គ្រង​ណា​ម្នាក់ ឬ​រដ្ឋាភិបាល​ណា​មួយ? ពី​ព្រោះ​យើង​គាំ​ទ្រ​ខាង​ព្រះ​យេហូវ៉ា។ លោក​ជា​អ្នក​គ្រប់​គ្រង​របស់​យើង។ នៅ​សួន​អេដែន សាថាន​បាន​និយាយ​ថា​ព្រះ​យេហូវ៉ា​មិន​មែន​ជា​អ្នក​គ្រប់​គ្រង​ដ៏​ល្អ​បំផុត​សម្រាប់​មនុស្សជាតិ​នោះ​ទេ។ សាថាន​ចង់​ឲ្យ​មនុស្ស​ជឿ​ថា​ការ​គ្រប់​គ្រង​របស់​វា​គឺ​ប្រសើរ​ជាង​ការ​គ្រប់​គ្រង​របស់​ព្រះ។ ព្រះ​យេហូវ៉ា​ទុក​ឲ្យ​យើង​សម្រេច​ចិត្ត​ដោយ​ខ្លួន​យើង​ថា​យើង​ចង់​គាំ​ទ្រ​ខាង​ណា។ ប៉ុន្តែ ចុះ​អ្នក​វិញ? តើ​អ្នក​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា ដោយ​សារ​អ្នក​ជឿ​ថា​ការ​ណែនាំ​របស់​លោក​គឺ​ប្រសើរ​ជាង​ចិត្ត​ឬ​គំនិត​របស់​អ្នក​ឬ​ទេ? តើ​អ្នក​ជឿ​ជាក់​ថា​មាន​តែ​រាជាណាចក្រ​របស់​លោក​ប៉ុណ្ណោះ​ដែល​អាច​ដោះ​ស្រាយ​បញ្ហា​របស់​យើង​ឬ​ទេ? ឬ​តើ​អ្នក​គិត​ថា​មនុស្ស​អាច​គ្រប់​គ្រង​ដោយ​ខ្លួន​ឯង​បាន​ល្អ ដោយ​មិន​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ព្រះ​ឬ?—លោកុប្បត្តិ ៣:៤, ៥

៨ ជា​ឧទាហរណ៍ បើ​បុគ្គល​ណា​ម្នាក់​សួរ​អ្នក​អំពី​ទស្សនៈ​របស់​អ្នក​ចំពោះ​គណបក្ស​នយោបាយ ក្រុម​សកម្មជន ឬ​អង្គ​ការ​ឯ​ទៀត​ដែល​ស្រដៀង​នឹង​អ្វី​ទាំង​នោះ តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា? ក្រុម​ទាំង​នេះ​ខ្លះ​ប្រហែល​ជា​មាន​ចិត្ត​ស្មោះ ហើយ​ចង់​ជួយ​មនុស្ស​ឯ​ទៀត។ ប៉ុន្តែ យើង​ទទួល​ស្គាល់​ថា​មាន​តែ​រាជាណាចក្រ​របស់​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​ដែល​អាច​ដោះ​ស្រាយ​បញ្ហា​របស់​មនុស្សជាតិ​និង​បំបាត់​អំពើ​អយុត្ដិធម៌​ទាំង​អស់​បាន។ យើង​ក៏​ធ្វើ​តាម​ការ​ណែនាំ​របស់​ព្រះ​យេហូវ៉ា​នៅ​ក្នុង​ក្រុម​ជំនុំ​ដែរ ជា​ជាង​បុគ្គល​ម្នាក់​ៗ​ធ្វើ​តាម​អ្វី​ដែល​ខ្លួន​គាត់​គិត​ថា​ល្អ​បំផុត។ ហេតុ​នេះ​ហើយ​បាន​ជា​ក្រុម​ជំនុំ​មាន​សាមគ្គី​ភាព។

៩​. តើ​គ្រិស្ត​សាសនិក​ខ្លះ​នៅ​សតវត្សរ៍​ទី១​មាន​បញ្ហា​អ្វី ហើយ​តើ​ពួក​គាត់​ត្រូវ​ធ្វើ​អ្វី?

៩ នៅ​សតវត្សរ៍​ទី១ គ្រិស្ត​សាសនិក​ខ្លះ​នា​ក្រុង​កូរិនថូស​បាន​ប្រកែក​គ្នា​ដោយ​និយាយ​ថា​៖ ​«​‹ខ្ញុំ​កាន់​តាម​ប៉ូល› ‹តែ​ខ្ញុំ​កាន់​តាម​អាប៉ូឡុស› ‹ឯ​ខ្ញុំ​កាន់​តាម​កេផាស› ‹តែ​ខ្ញុំ​កាន់​តាម​គ្រិស្ត›​»។ ប៉ូល​មិន​សប្បាយ​ចិត្ត​ទេ ពេល​គាត់​បាន​ដឹង​អំពី​រឿង​នេះ។ នេះ​ជា​រឿង​ដ៏​ធ្ងន់​ធ្ងរ​មួយ ដោយ​សារ​ក្រុម​ជំនុំ​អាច​លែង​មាន​សេចក្ដី​សុខ​សាន្ត។ ដូច្នេះ គាត់​បាន​និយាយ​ទៅ​បង​ប្អូន​រួម​ជំនឿ​ថា​៖ ​«​គ្រិស្ត​បែក​សាមគ្គី​ហើយ​»។ ប៉ូល​បាន​ផ្ដល់​ឱវាទ​ដល់​ពួក​គេ​ថា​៖ ​«​បង​ប្អូន​អើយ តាម​រយៈ​នាម​របស់​លោក​យេស៊ូ​គ្រិស្ត​ជា​ម្ចាស់​របស់​យើង ខ្ញុំ​សូម​បំផុស​ទឹក​ចិត្ត​អ្នក​ទាំង​អស់​គ្នា​ឲ្យ​និយាយ​ដូច​គ្នា​ទាំង​អស់ ហើយ​មិន​ត្រូវ​មាន​ការ​បែក​បាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ឡើយ តែ​ត្រូវ​មាន​គំនិត​ឯកភាព និង​មាន​របៀប​គិត​គូរ​តែ​មួយ​»។ សព្វ​ថ្ងៃ​នេះ​ក៏​ដូច​គ្នា​ដែរ មិន​គួរ​មាន​ការ​បែក​បាក់​គ្នា​ក្នុង​ក្រុម​ជំនុំ​ឡើយ។—កូរិនថូស​ទី១ ១:១០​-​១៣; សូម​អាន រ៉ូម ១៦:១៧, ១៨

១០​. តើ​ប៉ូល​បាន​រំលឹក​គ្រិស្ត​សាសនិក​អំពី​អ្វី ហើយ​តើ​យើង​អាច​ទាញ​មេ​រៀន​អ្វី​ពី​រឿង​នោះ?

១០ ប៉ូល​បាន​រំលឹក​គ្រិស្ត​សាសនិក​ដែល​ព្រះ​បាន​រើស​តាំង​ថា​ពួក​គាត់​ជា​ពលរដ្ឋ​ស្ថាន​សួគ៌ ហើយ​ថា​ពួក​គាត់​មិន​គួរ​ផ្ដោត​អារម្មណ៍​ទៅ​លើ​«​អ្វី​នៅ​ផែន​ដី​»​ឡើយ។ (​ភីលីព ៣:១៧​-​២០​)a (​សូម​មើល​កំណត់​សម្គាល់​) ពួក​អ្នក​ដែល​ព្រះ​បានរើស​តាំង​គឺ​ជា​ទូត​ដែល​ជា​តំណាង​ព្រះ​និង​គ្រិស្ត។ ពេល​ទូត​ម្នាក់​នៅ​ប្រទេស​ក្រៅ គាត់​មិន​ចូល​រួម​ក្នុង​បញ្ហា ឬ​នយោបាយ​របស់​ប្រទេស​នោះ​ទេ។ ស្រដៀង​គ្នា​ដែរ គឺ​មិន​សម​ត្រឹម​ត្រូវ​ទេ​ដែល​ពួក​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​ចូល​រួម​ក្នុង​បញ្ហា​ឬ​នយោបាយ​របស់​ពិភព​លោក​នេះ។ (​កូរិនថូស​ទី២ ៥:២០​) ពួក​អ្នក​ដែល​មាន​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត​នៅ​ផែន​ដី​ក៏​មាន​ភក្ដី​ភាព​ចំពោះ​រាជាណាចក្រ​ព្រះ​ដែរ ហើយ​មិន​គាំ​ទ្រ​ម្ខាង​ៗ​ក្នុង​ជម្លោះ​ផ្សេង​ៗ​របស់​ពិភព​លោក​នេះ​ទេ។

ចូរ​អប់រំ​ខ្លួន​អ្នក​ឲ្យ​មាន​ភក្ដី​ភាព ចំពោះ​រាជាណាចក្រ​របស់​ព្រះ​យេហូវ៉ា

១១, ១២​. (​ក​) បើ​យើង​ចង់​រក្សា​ភក្ដី​ភាព​ចំពោះ​រាជាណាចក្រ​របស់​ព្រះ តើ​យើង​គួរ​ជៀស​វាង​ចិត្ត​គំនិត​បែប​ណា? (​ខ​) តើ​បង​ស្រី​ម្នាក់​ធ្លាប់​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​មនុស្ស​ខ្លះ ហើយ​តើ​អ្វី​បាន​ជួយ​គាត់​ឲ្យ​កែ​ប្រែ​ទស្សនៈ​នោះ?

១១ នៅ​តំបន់​ភាគ​ច្រើន​ក្នុង​ពិភព​លោក​នេះ មនុស្ស​មាន​អារម្មណ៍​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ពួក​អ្នក​ដែល​មាន​ប្រវត្ដិ វប្បធម៌ និង​ភាសា​ដូច​ពួក​គេ។ ពួក​គេ​ច្រើន​តែ​មាន​មោទនភាព​យ៉ាង​ខ្លាំង​ចំពោះ​ស្រុក​កំណើត​របស់​ខ្លួន។ ប៉ុន្តែ យើង​មិន​ត្រូវ​ឲ្យ​ចិត្ត​គំនិត​ទាំង​នេះ​មាន​ឥទ្ធិពល​លើ​យើង​ឡើយ។ ផ្ទុយ​ទៅ​វិញ យើង​ត្រូវ​កែ​ប្រែ​របៀប​គិត​គូរ​របស់​យើង ហើយ​ត្រូវ​អប់រំ​សមត្ថភាព​វិនិច្ឆ័យ​របស់​ខ្លួន​ដើម្បី​យើង​អាច​រក្សា​ជំហរ​អព្យាក្រឹត​ក្នុង​គ្រប់​កាលៈទេសៈ។ តើ​យើង​អាច​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច?

១២ ជា​ឧទាហរណ៍ បង​ស្រី​មាយេតាb (​សូម​មើល​កំណត់​សម្គាល់​) បាន​កើត​នៅ​ប្រទេស​ដែល​ធ្លាប់​ហៅ​ថា​យូហ្គោស្លាវី។ គាត់​បាន​ធំ​ឡើង​នៅ​តំបន់​ដែល​មនុស្ស​ស្អប់​ជន​ជាតិ​ស៊ែប៊ី។ ពេល​គាត់​បាន​រៀន​អំពី​ព្រះ​យេហូវ៉ា គាត់​បាន​ទទួល​ស្គាល់​ថា​លោក​មិន​ស្រឡាញ់​ជាតិ​សាសន៍​ណា​មួយ​ច្រើន​ជាង​ជាតិ​សាសន៍​ណា​មួយ​ឡើយ ហើយ​ថា​សាថាន​ចង់​ឲ្យ​មនុស្ស​ស្អប់​គ្នា។ ដូច្នេះ គាត់​បាន​ខំ​ព្យាយាម​ផ្លាស់​ប្ដូរ​ទស្សនៈ​របស់​គាត់។ ប៉ុន្តែ ពេល​ចាប់​ផ្ដើម​មាន​សង្គ្រាម​រវាង​ជាតិ​សាសន៍​ផ្សេង​ៗ​នៅ​តំបន់​ដែល​គាត់​រស់​នៅ បង​មាយេតា​ចាប់​ផ្ដើម​មាន​ទស្សនៈ​មិន​ល្អ​ចំពោះ​ជន​ជាតិ​ស៊ែប៊ី​ម្ដង​ទៀត។ គាត់​ថែម​ទាំង​មិន​ចង់​ផ្សព្វ​ផ្សាយ​ដល់​ពួក​គេ​ទៀត​ផង។ គាត់​ដឹង​ថា​នេះ​គឺ​ខុស ដូច្នេះ​គាត់​បាន​អង្វរ​សុំ​ព្រះ​យេហូវ៉ា​ជួយ​គាត់​ឈប់​មាន​ទស្សនៈ​បែប​នេះ។ គាត់​ក៏​បាន​សុំ​លោក​ឲ្យ​ជួយ​គាត់​ចាប់​ផ្ដើម​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ​ដែរ។ បង​មាយេតា​និយាយ​ថា​៖ ​«​ពេល​ខ្ញុំ​ផ្ដោត​អារម្មណ៍​ទៅ​លើ​កិច្ច​បម្រើ​ផ្សាយ នោះ​បាន​ជួយ​ខ្ញុំ​ច្រើន​ណាស់។ ក្នុង​កិច្ច​បម្រើ​ផ្សាយ ខ្ញុំ​ព្យាយាម​ធ្វើ​តាម​បុគ្គលិក​លក្ខណៈ​ដែល​ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា ហើយ​ខ្ញុំ​បាន​ឃើញ​ថា​ទស្សនៈ​មិន​ល្អ​របស់​ខ្ញុំ​បាន​រសាយ​ទៅ​»។

១៣​. (​ក​) តើ​អ្វី​បាន​កើត​ឡើង​ចំពោះ​បង​សូយឡា ហើយ​តើ​គាត់​បាន​ប្រព្រឹត្ត​យ៉ាង​ណា? (​ខ​) តើ​យើង​អាច​រៀន​អ្វី​ពី​បទ​ពិសោធន៍​របស់​បង​សូយឡា?

១៣ បង​ស្រី​សូយឡា​បាន​រើ​ពី​ប្រទេស​ម៉ិកស៊ិក​ទៅ​ទ្វីប​អឺរ៉ុប។ ក្នុង​ក្រុម​ជំនុំ​របស់​គាត់ មាន​បង​ប្អូន​ដែល​មក​ពី​ប្រទេស​ផ្សេង​ទៀត​នៃ​អាម៉េរិក​ឡា​ទីន។ បង​សូយឡា​និយាយ​ថា​បង​ប្អូន​ខ្លះ​បាន​មើល​ងាយ​ប្រទេស​កំណើត​របស់​គាត់ ទំនៀម​ទម្លាប់ និង​តន្ត្រី​របស់​ប្រទេស​នោះ។ នេះ​បាន​ធ្វើ​ឲ្យ​គាត់​មិន​សប្បាយ​ចិត្ត ដូច្នេះ​គាត់​បាន​អធិដ្ឋាន​សុំ​ព្រះ​យេហូវ៉ា​ជួយ​គាត់​កុំ​ឲ្យ​ឈឺ​ចិត្ត។ បើ​យើង​ស្ថិត​ក្នុង​ស្ថានភាព​របស់​គាត់ តើ​យើង​នឹង​ធ្វើ​យ៉ាង​ណា? បង​ប្អូន​របស់​យើង​ខ្លះ​នៅ​តែ​ពិបាក​គ្រប់​គ្រង​អារម្មណ៍​របស់​ខ្លួន ពេល​ពួក​គាត់​ឮ​គេ​និយាយ​មិន​ល្អ​អំពី​ស្រុក​កំណើត​របស់​ពួក​គាត់។ ដូច្នេះ​យើង​នឹង​មិន​ចង់​និយាយ ឬ​ធ្វើ​អ្វី​ណា​ក៏​ដោយ​ដែល​នាំ​ឲ្យ​មនុស្ស​មួយ​ក្រុម​មើល​ទៅ​ប្រសើរ​ជាង​មនុស្ស​មួយ​ក្រុម​ទៀត​ឡើយ។ យើង​មិន​ចង់​ធ្វើ​ឲ្យ​មាន​ការ​បែក​បាក់​គ្នា​នៅ​ក្នុង​ក្រុម​ជំនុំ​ឬ​នៅ​កន្លែង​ផ្សេង​ទៀត​ឡើយ។—រ៉ូម ១៤:១៩; កូរិនថូស​ទី២ ៦:៣

ចូរ​អធិដ្ឋាន​សុំ​ព្រះ​យេហូវ៉ា​ជួយ​អ្នក​មាន​ទស្សនៈ​ដូច​លោក​ចំពោះ​មនុស្ស​ឯ​ទៀត

១៤​. តើ​អ្វី​អាច​ជួយ​អ្នក​មាន​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា​ចំពោះ​មនុស្ស​ឯ​ទៀត?

១៤ យើង​ទាំង​អស់​គ្នា​ដឹង​ថា​អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា​មាន​សាមគ្គី​ភាព​ដូច​ជា​ប្រជារាស្ត្រ​មួយ ដូច្នេះ​យើង​មិន​ត្រូវ​មាន​អារម្មណ៍​ថា​តំបន់​មួយ ឬ​ប្រទេស​មួយ​គឺ​ប្រសើរ​ជាងមួយ​ទៀត​ឡើយ។ ប៉ុន្តែ គ្រួសារ​របស់​អ្នក​និង​ពួក​អ្នក​ដែល​នៅ​តំបន់​ដូច​អ្នក​ពេល​អ្នក​ធំ​ឡើង​ប្រហែល​ជា​មាន​ឥទ្ធិពល​លើ​អ្នក​ដែល​នាំ​ឲ្យ​អ្នក​ស្រឡាញ់​ស្រុក​កំណើត​របស់​ខ្លួន។ ដូច្នេះ ប្រហែល​ជា​ពេល​ខ្លះ​អ្នក​នៅ​តែ​មាន​ទស្សនៈ​មិន​ត្រឹម​ត្រូវ​ចំពោះ​មនុស្ស​ដែល​មាន​ជាតិ​សាសន៍ វប្បធម៌ ភាសា ឬ​ពូជ​សាសន៍​ផ្សេង។ តើ​អ្វី​អាច​ជួយ​អ្នក​កែ​ប្រែ​ទស្សនៈ​នេះ? ចូរ​រំពឹង​គិត​អំពី​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​ចំពោះ​មនុស្ស​ដែល​អួត​អំពី​ប្រទេស​របស់​ពួក​គេ ឬ​ដែល​គិត​ថា​ពួក​គេ​ប្រសើរ​ជាង​អ្នក​ឯ​ទៀត។ ចូរ​ធ្វើ​ការ​ស្រាវ​ជ្រាវ​ថែម​ទៀត​អំពី​រឿង​នេះ កាល​ដែល​អ្នក​សិក្សា​ផ្ទាល់​ខ្លួន ឬ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ។ រួច​មក ចូរ​អធិដ្ឋាន​សុំ​ព្រះ​យេហូវ៉ា​ជួយ​អ្នក​មាន​ទស្សនៈ​ដូច​លោក​ចំពោះ​មនុស្ស​ឯ​ទៀត។—សូម​អាន រ៉ូម ១២:២

១៥, ១៦​. (​ក​) ដោយ​សារ​យើង​ខុស​ពី​អ្នក​ឯ​ទៀត តើ​មនុស្ស​ខ្លះ​នឹង​ប្រព្រឹត្ត​យ៉ាង​ណា? (​ខ​) តើ​តាម​របៀប​ណា​ឪពុក​ម្ដាយ​អាច​ជួយ​កូន​រក្សា​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា?

១៥ យើង​ចង់​បម្រើ​ព្រះ​យេហូវ៉ា​ដោយ​មាន​សមត្ថភាព​វិនិច្ឆ័យ​ដែល​មិន​ផ្ដន្ទា​ទោស ដូច្នេះ​ជួន​កាល​មនុស្ស​នឹង​ឃើញ​ថា​យើង​ខុស​ប្លែក​ឆ្ងាយ​ពី​អ្នក​រួម​ការ​ងារ សិស្ស​រួម​ថ្នាក់ អ្នក​ជិត​ខាង ឬ​សាច់​ញាតិ​របស់​យើង។ (​ពេត្រុស​ទី១ ២:១៩​) លោក​យេស៊ូ​បាន​ព្រមាន​យើង​ថា​មនុស្ស​ឯ​ទៀត​នឹង​ថែម​ទាំង​ស្អប់​យើង ដោយ​សារ​យើង​ខុស​ពី​គេ។ ប៉ុន្តែ សូម​ចាំ​ថា​មនុស្ស​ភាគ​ច្រើន​ដែល​ប្រឆាំង​យើង មិន​ដឹង​អំពី​រាជាណាចក្រ​របស់​ព្រះ​នោះ​ទេ។ ដូច្នេះ ពួក​គេ​មិន​យល់​អំពី​មូលហេតុ​ដែល​ការ​មាន​ភក្ដី​ភាព​ចំពោះ​រាជាណាចក្រ​ព្រះ​ជា​ជាង​រដ្ឋាភិបាល​របស់​មនុស្ស គឺ​ជា​អ្វី​ដ៏​សំខាន់​ចំពោះ​យើង​ឡើយ។

១៦ ដើម្បី​មាន​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា យើង​ត្រូវ​ស្ដាប់​បង្គាប់​លោក​ទោះ​ជា​មនុស្ស​ឯ​ទៀត​ធ្វើ​អ្វី ឬ​និយាយ​អ្វី​ចំពោះ​យើង​ក៏​ដោយ។ (​ដានីយ៉ែល ៣:១៦​-​១៨​) ជា​ពិសេស ប្អូន​ៗ​វ័យ​ក្មេង​ប្រហែល​ជា​ពិបាក​ធ្វើ​ជា​មនុស្ស​ខុស​ប្លែក​ពី​អ្នក​ឯ​ទៀត។ ឪពុក​ម្ដាយ​ទាំង​ឡាយ ចូរ​ជួយ​កូន​របស់អ្នក​ឲ្យ​មាន​ចិត្ត​ក្លាហាន​ពេល​នៅ​សាលា។ ការ​មិន​ព្រម​គោរព​ទង់​ជាតិ ឬ​មិន​ចូល​រួម​បុណ្យ​ជាតិ​ឯ​ទៀត ប្រហែល​ជា​ធ្វើ​ឲ្យ​កូន​របស់​អ្នក​ភ័យ​ខ្លាច។ ក្នុង​អំឡុង​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ អ្នក​អាច​រៀន​ឲ្យ​ស្គាល់​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​ចំពោះ​អ្វី​ទាំង​នេះ។ ចូរ​បង្រៀន​កូន​អំពី​របៀប​ពន្យល់​ជំនឿ​របស់​ពួក​គេ​យ៉ាង​ច្បាស់​និង​ដោយ​ការ​គោរព។ (​រ៉ូម ១:១៦​) ម្យ៉ាង​ទៀត បើ​ចាំ​បាច់ ចូរ​ជួយ​កូន​របស់​អ្នក​ដោយ​ទៅ​និយាយ​ជា​មួយ​នឹង​គ្រូ​បង្រៀន​របស់​ពួក​គេ ហើយ​ពន្យល់​គ្រូ​នោះ​អំពី​ជំនឿ​របស់​យើង​ជា​សាក្សី​ព្រះ​យេហូវ៉ា។

ចូរ​សប្បាយ​នឹង​អ្វី​ៗ​ទាំង​អស់​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត

១៧​. តើ​យើង​ត្រូវ​ជៀស​វាង​ទស្សនៈ​បែប​ណា ហើយ​ហេតុ​អ្វី?

១៧ ជា​ធម្មតា​យើង​ចូល​ចិត្ត​អាហារ ភាសា ទេសភាព និង​ទំនៀម​ទម្លាប់​នៅ​តំបន់​ដែល​យើង​ធំ​ឡើង។ ប៉ុន្តែ តើ​យើង​មាន​អារម្មណ៍​ថា​អ្វី​ទាំង​នោះ​តែង​តែ​ប្រសើរ​ជាង​អ្វី​ដែល​អ្នក​ឯ​ទៀត​ចូល​ចិត្ត​ឬ​ទេ? ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​សប្បាយ​រីក​រាយ​នឹង​អ្វី​ផ្សេង​ៗ​ដែល​លោក​បាន​បង្កើត។ (​ទំនុក​តម្កើង ១០៤:២៤; ការ​បើក​បង្ហាញ ៤:១១​) ដូច្នេះ យើង​គ្មាន​មូលហេតុ​អះអាង​ថា​របៀប​របប​ប្រទេស​របស់​ខ្លួន​គឺ​ប្រសើរ​ជាង​របៀប​របប​ប្រទេស​ឯ​ទៀត​ឡើយ មែន​ទេ?

ព្រះ​យេហូវ៉ា​ចង់​ឲ្យ មនុស្ស​គ្រប់​ប្រភេទ រស់​ជា​រៀង​រហូត

១៨​. ហេតុ​អ្វី​ការ​មាន​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា​ចំពោះ​អ្នក​ឯ​ទៀត គឺ​មាន​ប្រយោជន៍​សម្រាប់​យើង?

១៨ ព្រះ​យេហូវ៉ា​ចង់​ឲ្យ​មនុស្ស​គ្រប់​ប្រភេទ​រៀន​អំពី​លោក គោរព​ប្រណិប័តន៍​លោក និង​រស់​ជា​រៀង​រហូត។ (​យ៉ូហាន ៣:១៦; ធីម៉ូថេ​ទី១ ២:៣, ៤​) ហេតុ​នេះ ពេល​បង​ប្អូន​របស់​យើង​មាន​គំនិត​ដែល​ខុស​ពី​គំនិត​យើង យើង​សុខ​ចិត្ត​ស្ដាប់​ពួក​គាត់ ដរាប​ណា​គំនិត​របស់​ពួក​គាត់​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត។ បើ​យើង​ធ្វើ​ដូច្នេះ ជីវិត​របស់​យើង​មាន​ន័យ​ខ្លឹម​សារ​និង​សប្បាយ​រីក​រាយ ហើយ​យើង​រក្សា​សាមគ្គី​ភាព​ជា​មួយ​នឹង​បង​ប្អូន​រួម​ជំនឿ។ ដូច​យើង​បាន​ពិចារណា​ហើយ ដោយ​សារ​យើង​មាន​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា​និង​រាជាណាចក្រ​របស់​លោក នោះ​យើង​មិន​គាំ​ទ្រ​ម្ខាង​ៗ​ក្នុង​ជម្លោះ​ពិភព​លោក​នេះ​ឡើយ។ យើង​ស្អប់​អំណួត​និង​ការ​ប្រកួត​ប្រជែង​គ្នា​ក្នុង​ពិភព​លោក​របស់​សាថាន។ ដោយ​សារ​ព្រះ​យេហូវ៉ា​បាន​បង្រៀន​យើង​ឲ្យ​ស្រឡាញ់​សន្ដិ​ភាព​និង​ឲ្យ​មាន​ចិត្ត​រាប​ទាប នោះ​យើង​ដឹង​គុណ​លោក​ខ្លាំង​ណាស់! យើង​មាន​អារម្មណ៍​ដូច​អ្នក​តែង​ទំនុក​តម្កើង​ដែល​បាន​និយាយ​ថា​៖ ​«​មើល! ដែល​បង​ប្អូន​នៅ​មូល​ជា​មួយ​គ្នា​ដោយ​ចិត្ត​ព្រម​ព្រៀង នោះ​ជា​ការ​ល្អ ហើយ​សម​គួរ​យ៉ាង​ណា​ទៅ!​»។—ទំនុក​តម្កើង ១៣៣:១

a បុគ្គល​ខ្លះ​ក្នុង​ក្រុម​ជំនុំ​ក្រុង​ភីលីព​ប្រហែល​ជា​មាន​សញ្ជាតិ​រ៉ូម ហេតុ​នេះ​ហើយ​បាន​ជា​ពួក​គាត់​មាន​សិទ្ធិ​ច្រើន​ជាង​បង​ប្អូន​ដែល​មិន​មែន​ជា​ពលរដ្ឋ​រ៉ូម។

b ឈ្មោះ​ខ្លះ​បាន​ត្រូវ​ផ្លាស់​ប្ដូរ។

ការ​ពន្យល់​ពាក្យ​ខ្លះ

  • យើង​កាន់​ជំហរ​អព្យាក្រឹត ពេល​យើង​មិន​គាំ​ទ្រ​ម្ខាង​ៗ​ក្នុង​ជម្លោះ​និង​រឿង​ផ្សេង​ៗ​របស់​ពិភព​លោក​នេះ ដោយ​សារ​យើង​គាំ​ទ្រ​ខាង​ព្រះ​យេហូវ៉ា​រួច​ហើយ។ យើង​មាន​ភក្ដី​ភាព​ចំពោះ​រាជាណាចក្រ​របស់​លោក ដូច្នេះ​យើង​មិន​គិត​ថា​ប្រទេស វប្បធម៌ ភាសា ឬ​ពូជ​សាសន៍​មួយ​គឺ​ប្រសើរ​ជាង​មួយ​ទៀត​ឡើយ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក