បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w15 ១៥/១២ ទំ. ២៣-២៨
  • ព្រះយេហូវ៉ានឹងទ្រទ្រង់អ្នក

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ព្រះយេហូវ៉ានឹងទ្រទ្រង់អ្នក
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ចូរ​ពឹង​ព្រះ​យេហូវ៉ា ពេល​អ្នក​ឈឺ
  • តើ​អ្នក​គួរ​ទទួល​យក​យោបល់​បែប​ណា?
  • ចូរ​គិត​ពិចារណា​ឲ្យ​បាន​វែង​ឆ្ងាយ
  • ​«​សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​ចុះ!​»​
  • លោកស្រឡាញ់មនុស្ស
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
  • ហេតុអ្វីមនុស្សឈឺ?
    សូមស្ដាប់គ្រូដ៏ល្អប្រសើរ
  • ពេលមានសមាជិកក្នុងក្រុមគ្រួសារឈឺ
    គន្លឹះនៃសុភមង្គលគ្រួសារ
  • «ការខុសឆ្គងរបស់អ្នកបានត្រូវអភ័យទោសឲ្យហើយ»
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៨)
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
w15 ១៥/១២ ទំ. ២៣-២៨

ព្រះ​យេហូវ៉ា​នឹង​ទ្រ​ទ្រង់​អ្នក

​«​ព្រះ​យេហូវ៉ា​នឹង​ទ្រ​ទ្រាំ​ចំពោះ​គេ​នៅ​គ្រា​ដេក​ឈឺ​នៅ​គ្រែ​»។—ទំនុក​តម្កើង ៤១:៣

ចម្រៀង​លេខ: ២៣, ១៣៨

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

  • ពេល​យើង​ឈឺ តើ​ទំនុក​តម្កើង ៤១:៣ អាច​លើក​ទឹក​ចិត្ត​យើង​យ៉ាង​ណា?

  • ហេតុ​អ្វី​ឥឡូវ​នេះ​យើង​មិន​រំពឹង​ថា​ព្រះ​នឹង​ធ្វើ​អព្ភូតហេតុ​ដើម្បី​ធ្វើ​ឲ្យ​យើង​ជា​សះ​ស្បើយ?

  • ហេតុ​អ្វី​យើង​គួរ​ប្រុង​ប្រយ័ត្ន ពេល​អ្នក​ឯ​ទៀត​ឲ្យ​យោបល់​ដល់​យើង​ស្តី​អំពី​សុខភាព?

១, ២​. តើ​ព្រះ​បាន​ធ្វើ​អ្វី​នៅ​សម័យ​គម្ពីរ ហើយ​សព្វ​ថ្ងៃ​នេះ តើ​អ្នក​ខ្លះ​ប្រហែល​ជា​ចង់​ដឹង​អំពី​អ្វី​ពេល​ពួក​គេ​ឈឺ?

បើ​អ្នក​ធ្លាប់​ឈឺ​ធ្ងន់ អ្នក​ប្រហែល​ជា​បាន​សួរ​ថា ‹តើ​ខ្ញុំ​នឹង​ជា​ឡើង​វិញ​ឬ​ទេ?›។ ឬ​ប្រហែល​ជា​សមាជិក​ម្នាក់​នៃ​ក្រុម​គ្រួសារ ឬ​មិត្ត​ភក្ដិ​ម្នាក់​ឈឺ ហើយ​អ្នក​ចង់​ដឹង​ថា​គាត់​នឹង​ជា​ឡើង​វិញ​ឬ​យ៉ាង​ណា។ គឺ​ជា​ការ​ធម្មតា​ទេ​ដែល​អ្នក​ចង់​ឲ្យ​ខ្លួន​អ្នក​និង​បុគ្គល​ដែល​អ្នក​ស្រឡាញ់​មាន​សុខភាព​ល្អ។ គម្ពីរ​ចែង​អំពី​បុគ្គល​ខ្លះ​ដែល​ឈឺ​និង​ចង់​ដឹង​ថា​ពួក​គាត់​នឹង​ជា​ឡើង​វិញ​ឬ​យ៉ាង​ណា។ ជា​ឧទាហរណ៍ ស្តេច​អ័ហាស៊ីយ៉ា​ដែល​ជា​កូន​របស់​អ័ហាប់​និង​យេសិបិល ចង់​ដឹង​ថា​របួស​របស់​គាត់​នឹង​ជា​ឬ​មិន​ជា។ ក្រោយ​មក ស្តេច​បេនហាដាឌ់​នៃ​ស្រុក​ស៊ីរី​បាន​ឈឺ ហើយ​ចង់​ដឹង​ថា​គាត់​នឹង​ជា​ឡើង​វិញ​ឬ​យ៉ាង​ណា។—ពង្សាវតារ​ក្សត្រ​ទី២ ១:២; ៨:៧, ៨

២ គម្ពីរ​ក៏​ប្រាប់​យើង​ដែរ​ថា​នៅ​អតីតកាល ជួន​កាល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​សះ​ស្បើយ​តាម​រយៈ​អព្ភូតហេតុ ហើយ​ថែម​ទាំង​បាន​ប្រើ​អ្នក​ប្រកាស​ទំនាយ​របស់​លោក​ឲ្យ​ប្រោស​មនុស្ស​ខ្លះ​ដែល​បាន​ស្លាប់​ឲ្យ​រស់​ឡើង​វិញ។ (​ពង្សាវតារ​ក្សត្រ​ទី១ ១៧:១៧​-​២៤; ពង្សាវតារ​ក្សត្រ​ទី២ ៤:១៧​-​២០, ៣២​-​៣៥​) សព្វ​ថ្ងៃ​នេះ មនុស្ស​ខ្លះ​ដែល​ឈឺ​ប្រហែល​ជា​ចង់​ដឹង​ថា​ព្រះ​ក៏​នឹង​ធ្វើ​អ្វី​មួយ​ដែរ ដើម្បី​ជួយ​ពួក​គេ​ឲ្យ​ជា​ឡើង​វិញ​ឬ​យ៉ាង​ណា។

៣​-​៥​. តើ​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​អាច​ធ្វើ​អ្វី ហើយ​តើ​យើង​នឹង​ពិភាក្សា​សំណួរ​អ្វី​ខ្លះ?

៣ ព្រះ​យេហូវ៉ា​មាន​អំណាច​លើ​សុខភាព​របស់​មនុស្ស។ លោក​បាន​ដាក់​ទោស​បុគ្គល​ខ្លះ​ឲ្យ​មាន​ជំងឺ ដូច​ជា​ផារ៉ូ​នៅ​សម័យ​អាប្រាហាំ ហើយ​ក្រោយ​មក​ម៉ារាម​ដែល​ជា​បង​ស្រី​របស់​ម៉ូសេ។ (​លោកុប្បត្តិ ១២:១៧; ជន​គណនា ១២:៩, ១០; សាំយូអែល​ទី២ ២៤:១៥​) ម្យ៉ាង​ទៀត លោក​បាន​ដាក់​ទោស​ជន​ជាតិ​អ៊ីស្រាអែល​ដោយ​ឲ្យ​ពួក​គេ​កើត​«​ជំងឺ​»​ ឬ​មាន​«​សេចក្ដី​វេទនា​»​ ពេល​ពួក​គេ​មិន​ស្មោះ​ត្រង់​នឹង​លោក។ (​ចោទិយកថា ២៨:៥៨​-​៦១​) នៅ​ពេល​ផ្សេង​ទៀត ព្រះ​យេហូវ៉ា​បាន​ការពារ​មិន​ឲ្យ​រាស្ត្រ​របស់​លោក​ឈឺ។ (​និក្ខមនំ ២៣:២៥; ចោទិយកថា ៧:១៥​) លោក​ថែម​ទាំង​បាន​ធ្វើ​ឲ្យ​ពួក​គេ​ខ្លះ​ជា​សះ​ស្បើយ។ ជា​ឧទាហរណ៍ លោក​បាន​ធ្វើ​ឲ្យ​យ៉ូប​ជា​សះ​ស្បើយ​ពេល​គាត់​ឈឺ​ធ្ងន់ ហើយ​ចង់​ស្លាប់។—យ៉ូប ២:៧; ៣:១១​-​១៣; ៤២:១០, ១៦

៤ យើង​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​មាន​ឫទ្ធានុភាព​ដើម្បី​ធ្វើ​ឲ្យ​ពួក​អ្នក​ដែល​ឈឺ​ជា​សះ​ស្បើយ។ លោក​យេស៊ូ​ក៏​អាច​ធ្វើ​ឲ្យ​មនុស្ស​ឈឺ​ជា​សះ​ស្បើយ​ដែរ។ ពេល​លោក​នៅ​ផែន​ដី លោក​បាន​ធ្វើ​ឲ្យ​ពួក​អ្នក​ដែល​មាន​ជំងឺ​ដូច​ជា​ជំងឺ​ឃ្លង់ ឬ​ជំងឺ​ឆ្កួត​ជ្រូក​ជា​ដើម​បាន​ជា​សះ​ស្បើយ។ លោក​បាន​ធ្វើ​ឲ្យ​មនុស្ស​ងងឹត​ភ្នែក​និង​ពួក​អ្នក​ដែល​ស្លាប់​ដៃ​ស្លាប់​ជើង​បាន​ជា​សះ​ស្បើយ។ (​សូម​អាន ម៉ាថាយ ៤:២៣, ២៤; យ៉ូហាន ៩:១​-​៧​) អព្ភូតហេតុ​ទាំង​នេះ​ជួយ​យើង​ឲ្យ​ទន្ទឹង​រង់​ចាំ​អ្វី​ៗ​ដ៏​អស្ចារ្យ​ដែល​លោក​យេស៊ូ​នឹង​ធ្វើ​នៅ​ពិភព​លោក​ថ្មី។ នៅ​ពេល​នោះ មនុស្ស​«​នឹង​មិន​ថា​៖ ‹ខ្ញុំ​ឈឺ›ទៀត​ឡើយ​»។—អេសាយ ៣៣:២៤

៥ ប៉ុន្តែ បើ​យើង​ឈឺ​ធ្ងន់ តើ​យើង​អាច​រំពឹង​ថា​ព្រះ​យេហូវ៉ា​ឬ​លោក​យេស៊ូ​នឹង​ធ្វើ​ឲ្យ​យើង​ជា​សះ​ស្បើយ​ដោយ​អព្ភូតហេតុ​នៅ​ឥឡូវ​នេះ​ឬ​ទេ? ហើយ​តើ​យើង​គួរ​គិត​អំពី​អ្វី ពេល​យើង​ជ្រើស​រើស​វិធី​ព្យាបាល​មួយ?

ចូរ​ពឹង​ព្រះ​យេហូវ៉ា ពេល​អ្នក​ឈឺ

៦​. តើ​គម្ពីរ​ចែង​យ៉ាង​ណា​អំពី​អព្ភូតហេតុ​ដែល​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី១​បាន​ធ្វើ?

៦ នៅ​សតវត្សរ៍​ទី១ ព្រះ​យេហូវ៉ា​បាន​រើស​តាំង​គ្រិស្ត​សាសនិក​ដោយ​សកម្មពល​បរិសុទ្ធ​របស់​លោក ហើយ​បាន​ឲ្យ​ពួក​គាត់​ខ្លះ​មាន​សមត្ថភាព​ធ្វើ​អព្ភូតហេតុ។ (​សកម្មភាព ៣:២​-​៧; ៩:៣៦​-​៤២​) ជា​ឧទាហរណ៍ ពួក​គាត់​អាច​ធ្វើ​ឲ្យ​មនុស្ស​ជា​សះ​ស្បើយ ហើយ​អាច​និយាយ​ភាសា​ផ្សេង​ៗ។ (​កូរិនថូស​ទី១ ១២:៤​-​១១​) ប៉ុន្តែ​ក្រោយ​មក អព្ភូតហេតុ​ទាំង​នោះ​លែង​មាន​ទៀត ដូច​គម្ពីរ​បាន​ចែង។ (​កូរិនថូស​ទី១ ១៣:៨​) ដូច្នេះ សព្វ​ថ្ងៃ​នេះ​យើង​មិន​អាច​រំពឹង​ថា​ព្រះ​នឹង​ធ្វើ​អព្ភូតហេតុ​ដើម្បី​ធ្វើ​ឲ្យ​យើង​ឬ​បុគ្គល​ជា​ទី​ស្រឡាញ់​របស់​យើង​ជា​សះ​ស្បើយ​ឡើយ។

ព្រះ​យេហូវ៉ា​ជ្រាប​ច្បាស់​អំពី​អ្វី​ដែល​អ្នក​បម្រើ​លោក​កំពុង​រង​ទុក្ខ ហើយ​លោក​មិន​ភ្លេច​ភាព​ស្មោះ​ត្រង់​របស់​ពួក​គេ​ទេ

៧​. តើ​ទំនុក​តម្កើង ៤១:៣ អាច​លើក​ទឹក​ចិត្ត​យើង​យ៉ាង​ណា?

៧ ប៉ុន្តែ​បើ​អ្នក​ឈឺ ព្រះ​យេហូវ៉ា​នឹង​សម្រាល​ទុក្ខ ព្រម​ទាំង​គាំ​ទ្រ​អ្នក ដូច​លោក​បាន​ធ្វើ​ចំពោះ​អ្នក​បម្រើ​លោក​នៅ​អតីតកាល។ ស្តេច​ដាវីឌ​បាន​សរសេរ​ថា​៖ ​«​មាន​ពរ​ហើយ អ្នក​ណា​ដែល​មាន​អធ្យាស្រ័យ​ដល់​ពួក​មនុស្ស​ក្រី​ក្រ ព្រះ​យេហូវ៉ា​ទ្រង់​នឹង​ជួយ​អ្នក​នោះ​ឲ្យ​រួច​ក្នុង​ថ្ងៃ​អាក្រក់។ ព្រះ​យេហូវ៉ា​ទ្រង់​នឹង​ជួយ​ទំនុក​បំរុង ហើយ​ថែ​រក្សា​ជីវិត​អ្នក​នោះ​»។ (​ទំនុក​តម្កើង ៤១:១, ២​) ដាវីឌ​មិន​ចង់​ថា មនុស្ស​ល្អ​ម្នាក់​ដែល​រស់​នៅ​សម័យ​នោះ​ដែល​ចេះ​យល់​អារម្មណ៍​របស់​ពួក​មនុស្ស​ក្រី​ក្រ​ឬ​មនុស្ស​ទន់​ទាប​នឹង​មិន​ស្លាប់​ទេ។ ដូច្នេះ តើ​តាម​របៀប​ណា​ព្រះ​យេហូវ៉ា​នឹង​ជួយ​មនុស្ស​ល្អ​នោះ? ដាវីឌ​បាន​ពន្យល់​ថា​៖ ​«​ព្រះ​យេហូវ៉ា​នឹង​ទ្រ​ទ្រាំ​ចំពោះ​គេ​នៅ​គ្រា​ដេក​ឈឺ​នៅ​គ្រែ ទ្រង់​ក៏​រៀប​គ្រែ​ឲ្យ នៅ​គ្រប់​វេលា​មាន​ធុរៈ​»។ (​ទំនុក​តម្កើង ៤១:៣​) ព្រះ​យេហូវ៉ា​ជ្រាប​ច្បាស់​អំពី​អ្វី​ដែល​អ្នក​បម្រើ​លោក​កំពុង​រង​ទុក្ខ ហើយ​លោក​មិន​ភ្លេច​ពួក​គេ​ទេ។ លោក​អាច​ឲ្យ​ពួក​គេ​មាន​ចិត្ត​ក្លាហាន​និង​ប្រាជ្ញា។ ព្រះ​យេហូវ៉ា​ក៏​បាន​បង្កើត​រូប​កាយ​មនុស្ស​ឲ្យ​ចេះ​ជា​សះ​ស្បើយ​ដោយ​ឯកឯង​ដែរ។

៨​. យោង​ទៅ​តាម​ទំនុក​តម្កើង ៤១:៤ តើ​ដាវីឌ​បាន​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ធ្វើ​អ្វី​ពេល​គាត់​ឈឺ​ធ្ងន់?

៨ នៅ​ទំនុក​តម្កើង ទំនុក​ទី​៤១ ដាវីឌ​ក៏​ប្រាប់​យើង​ដែរ​អំពី​ពេល​ដែល​គាត់​ឈឺ​ធ្ងន់ ហើយ​មាន​អារម្មណ៍​តាន​តឹង​ចិត្ត​និង​ខ្សោយ​កម្លាំង។ តាម​មើល​ទៅ នៅ​ពេល​នោះ​អាប់សាឡំម​ដែល​ជា​កូន​ប្រុស​គាត់​កំពុង​ព្យាយាម​ទៅ​ជា​ស្តេច​ជំនួស​គាត់។ ដាវីឌ​ឈឺ​ខ្លាំង​រហូត​ដល់​គាត់​មិន​អាច​ឃាត់​អាប់សាឡំម​បាន​ទេ។ គាត់​បាន​ដឹង​ថា​បញ្ហា​ដែល​ក្រុម​គ្រួសារ​គាត់​ជួប​ប្រទះ គឺ​បណ្ដាល​មក​ពី​អំពើ​ខុស​ឆ្គង​របស់​គាត់​ជា​មួយ​នឹង​បាតសេបា។ (​សាំយូអែល​ទី២ ១២:៧​-​១៤​) ដូច្នេះ តើ​គាត់​បាន​ធ្វើ​អ្វី? គាត់​បាន​អធិដ្ឋាន​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​អើយ សូម​អាណិត​មេត្ដា​ដល់​ទូល​បង្គំ​ផង។ សូម​ប្រោស​ព្រលឹង​ទូល​បង្គំ​ឲ្យ​បាន​ជា ដ្បិត​ទូល​បង្គំ​បាន​ធ្វើ​បាប​នឹង​ទ្រង់​ហើយ​»។ (​ទំនុក​តម្កើង ៤១:៤​) ដាវីឌ​បាន​ដឹង​ថា​ព្រះ​យេហូវ៉ា​បាន​អភ័យ​ទោស​ចំពោះ​អំពើ​ខុស​ឆ្គង​របស់​គាត់ ហើយ​គាត់​បាន​ពឹង​ព្រះ​ឲ្យ​ជួយ​ក្នុង​អំឡុង​ពេល​គាត់​ឈឺ។ ប៉ុន្តែ តើ​ដាវីឌ​បាន​រំពឹង​ថា​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​អព្ភូតហេតុ​មួយ​ឬ?

៩​. (​ក​) ពេល​ស្តេច​ហេសេគា​ឈឺ ហើយ​ជិត​ស្លាប់ តើ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​អ្វី? (​ខ​) តើ​ដាវីឌ​បាន​រំពឹង​ថា​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​អ្វី?

៩ ពិត​មែន ជួន​កាល​ព្រះ​បាន​សម្រេច​ចិត្ត​ធ្វើ​ឲ្យ​មនុស្ស​ជា​សះ​ស្បើយ។ ជា​ឧទាហរណ៍ ពេល​ស្តេច​ហេសេគា​ឈឺ ហើយ​ជិត​ស្លាប់ ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​គាត់​ជា​ឡើង​វិញ។ ហេសេគា​បាន​រស់​ត​ទៅ​ទៀត​អស់​១៥​ឆ្នាំ។ (​ពង្សាវតារ​ក្សត្រ​ទី២ ២០:១​-​៦​) រីឯ​ដាវីឌ គាត់​មិន​បាន​រំពឹង​ថា​ព្រះ​នឹង​ធ្វើ​អព្ភូតហេតុ​មួយ​ឡើយ។ ផ្ទុយ​ទៅ​វិញ គាត់​បាន​រំពឹង​ថា​ព្រះ​នឹង​ជួយ​គាត់​ដូច​ដែល​លោក​បាន​ជួយ​«​អ្នក​ណា​ដែល​មាន​អធ្យាស្រ័យ​ដល់​ពួក​មនុស្ស​ក្រី​ក្រ​»។ ដាវីឌ​មាន​ចំណង​មិត្តភាព​ដ៏​ល្អ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា ហេតុ​នេះ​គាត់​អាច​សុំ​ព្រះ​យេហូវ៉ា​សម្រាល​ទុក្ខ​គាត់​និង​ថែ​រក្សា​គាត់​ក្នុង​អំឡុង​ពេល​គាត់​ឈឺ ហើយ​ជួយ​គាត់​ដើម្បី​ឲ្យ​គាត់​ជា​សះ​ស្បើយ។ យើង​អាច​សុំ​ព្រះ​យេហូវ៉ា​ជួយ​យើង​តាម​របៀប​ដូច​គ្នា​ដែរ។—ទំនុក​តម្កើង ១០៣:៣

១០​. តើ​អ្វី​បាន​កើត​ឡើង​ដល់​ទ្រ​ភីម​និង​អេប៉ាប្រូឌីត ហើយ​តើ​យើង​អាច​ទាញ​មេ​រៀន​អ្វី?

១០ នៅ​សតវត្សរ៍​ទី១ មិន​មែន​គ្រិស្ត​សាសនិក​ទាំង​អស់​បាន​ជា​សះ​ស្បើយ​ដោយ​អព្ភូតហេតុ​ទេ ទោះ​ជា​សាវ័ក​ប៉ូល​និង​អ្នក​ឯ​ទៀត​អាច​ធ្វើ​ឲ្យ​មនុស្ស​ឈឺ​ជា​ឡើង​វិញ​ក៏​ដោយ។ (​សូម​អាន សកម្មភាព ១៤:៨​-​១០​) សាវ័ក​ប៉ូល​បាន​ធ្វើ​ឲ្យ​ឪ​ពុក​របស់​ផឹបភ្លាស​ដែល​ឈឺ​គ្រុន​ក្ដៅ ហើយ​មាន​ជំងឺ​រាក​មួល​ជា​ឡើង​វិញ។ ប៉ូល​បាន​«​អធិដ្ឋាន ហើយ​ដាក់​ដៃ​លើ​គាត់​ធ្វើ​ឲ្យ​ជា​សះ​ស្បើយ​»។ (​សកម្មភាព ២៨:៨​) ប៉ុន្តែ ប៉ូល​មិន​បាន​ធ្វើ​ឲ្យ​មនុស្ស​ទាំង​អស់​ដែល​គាត់​បាន​ស្គាល់​ជា​សះ​ស្បើយ​ឡើយ។ ទ្រ​ភីម​ដែល​ជា​មិត្ត​ភក្ដិ​ម្នាក់​របស់​ប៉ូល បាន​ធ្វើ​ដំណើរ​ជា​មួយ​នឹង​គាត់​ជា​សាសនទូត។ (​សកម្មភាព ២០:៣​-​៥, ២២; ២១:២៩​) ពេល​ទ្រ​ភីម​ឈឺ ប៉ូល​មិន​បាន​ធ្វើ​ឲ្យ​គាត់​ជា​ឡើង​វិញ​ទេ។ ដូច្នេះ ទ្រ​ភីម​ត្រូវ​ឈប់​ធ្វើ​ដំណើរ​ជា​មួយ​នឹង​ប៉ូល ហើយ​ស្នាក់​នៅ​ក្រុង​មីលេត​ដើម្បី​ជា​សះ​ស្បើយ។ (​ធីម៉ូថេ​ទី២ ៤:២០​) អេប៉ាប្រូឌីត​ដែល​ជា​មិត្ត​ភក្ដិ​ម្នាក់​ទៀត​របស់​ប៉ូល បាន​ឈឺ ហើយ​ជិត​ស្លាប់។ ប៉ុន្តែ គម្ពីរ​មិន​បាន​ចែង​ថា​ប៉ូល​បាន​ធ្វើ​ឲ្យ​គាត់​ជា​ឡើង​វិញ​ទេ។—ភីលីព ២:២៥​-​២៧, ៣០

តើ​អ្នក​គួរ​ទទួល​យក​យោបល់​បែប​ណា?

១១, ១២​. តើ​យើង​ដឹង​អ្វី​ខ្លះ​អំពី​លូកា ហើយ​តើ​គាត់​ទំនង​ជា​បាន​ជួយ​ប៉ូល​យ៉ាង​ណា?

១១ លូកា​ជា​គ្រូ​ពេទ្យ​ម្នាក់ ហើយ​គាត់​បាន​ធ្វើ​ដំណើរ​ជា​មួយ​នឹង​ប៉ូល។ (​សកម្មភាព ១៦:១០​-​១២; ២០:៥, ៦; កូឡុស ៤:១៤​) គាត់​ទំនង​ជា​បាន​ជួយ​ប៉ូល​និង​អ្នក​ឯ​ទៀត​ពេល​ពួក​គេ​ឈឺ កាល​ដែល​ពួក​គេ​ធ្វើ​ដំណើរ​ជា​សាសនទូត។ (​កាឡាទី ៤:១៣​) ដូច​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍ ​«​អ្នក​ដែល​ឈឺ​»​ត្រូវ​ការ​គ្រូ​ពេទ្យ។—លូកា ៥:៣១

យើង​ត្រូវ​ប្រុង​ប្រយ័ត្ន ពេល​អ្នក​ណា​ម្នាក់​ឲ្យ​យោបល់​ដល់​យើង​ស្តី​អំពី​សុខភាព

១២ លូកា​មិន​គ្រាន់​តែ​ជា​បុគ្គល​ម្នាក់​ដែល​ចូល​ចិត្ត​ឲ្យ​យោបល់​ស្តី​អំពី​សុខភាព​ទេ។ គាត់​បាន​ទទួល​ការ​បង្ហាត់​បង្រៀន​ជា​គ្រូ​ពេទ្យ។ គម្ពីរ​មិន​បាន​ចែង​ថា​គាត់​បាន​ទទួល​ការ​បង្ហាត់​បង្រៀន​នៅ​ឯ​ណា ឬ​នៅ​ពេល​ណា​ឡើយ។ ប៉ុន្តែ គម្ពីរ​បាន​ចែង​ថា​ប៉ូល​បាន​ផ្ញើ​សេចក្ដី​នឹក​រឭក​ពី​លូកា​ទៅ​គ្រិស្ត​សាសនិក​នៅ​ក្រុង​កូឡុស។ ដូច្នេះ លូកា​ប្រហែល​ជា​បាន​ទទួល​ការ​បង្ហាត់​បង្រៀន​នៅ​សាលា​វេជ្ជសាស្ត្រ​នា​ក្រុង​ឡៅឌីសេ​ដែល​ជា​ក្រុង​មួយ​នៅ​ជិត​ក្រុង​កូឡុស។ ម្យ៉ាង​ទៀត ពេល​លូកា​បាន​សរសេរ​សៀវភៅ​ដំណឹង​ល្អ​និង​សៀវភៅ​សកម្មភាព គាត់​បាន​ប្រើ​ពាក្យ​វេជ្ជសាស្ត្រ​យ៉ាង​ចំ​ៗ។ ដោយ​សារ​គាត់​ជា​គ្រូ​ពេទ្យ គាត់​បាន​បញ្ចូល​រឿង​ជា​ច្រើន​អំពី​ពេល​ដែល​លោក​យេស៊ូ​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​សះ​ស្បើយ។

១៣​. តើ​យើង​ត្រូវ​ចាំ​អំពី​អ្វី មុន​នឹង​ឲ្យ​ឬ​ទទួល​យក​យោបល់​អំពី​សុខភាព?

១៣ សព្វ​ថ្ងៃ​នេះ គ្មាន​បង​ប្អូន​យើង​ណា​ម្នាក់​អាច​ធ្វើ​អព្ភូតហេតុ​និង​ធ្វើ​ឲ្យ​យើង​ជា​សះ​ស្បើយ​បាន​ឡើយ។ ប៉ុន្តែ​ដោយ​សារ​ពួក​គាត់​ចង់​ជួយ​យើង បង​ប្អូន​ខ្លះ​ប្រហែល​ជា​ឲ្យ​យោបល់​ដល់​យើង សូម្បី​តែ​ពេល​យើង​មិន​សុំ​យោបល់​ពី​គាត់​ក៏​ដោយ។ យោបល់​ខ្លះ​មិន​នាំ​ឲ្យ​មាន​បញ្ហា​អ្វី​ទេ។ ជា​ឧទាហរណ៍ ប៉ូល​បាន​ប្រាប់​ធីម៉ូថេ​ឲ្យ​ពិសា​ស្រា​បន្ដិច​បន្តួច។ ធីម៉ូថេ​បាន​ឈឺ​ក្រពះ ប្រហែល​ជា​ដោយ​សារ​គាត់​បាន​ពិសា​ទឹក​មិន​ស្អាត។a (​សូម​មើល​កំណត់​សម្គាល់​) (​សូម​អាន ធីម៉ូថេ​ទី១ ៥:២៣​) ប៉ុន្តែ យើង​ត្រូវ​ប្រុង​ប្រយ័ត្ន។ បង​ប្អូន​ម្នាក់​ប្រហែល​ជា​ព្យាយាម​បញ្ចុះ​បញ្ចូល​យើង​ឲ្យ​ប្រើ​ថ្នាំ​ពេទ្យ​ឬ​ថ្នាំ​ធម្មជាតិ​ប្រភេទ​ណា​មួយ ឬ​ក៏​បរិភោគ​ឬ​ជៀស​វាង​អាហារ​ខ្លះ។ គាត់​ប្រហែល​ជា​ប្រាប់​យើង​ថា​នោះ​បាន​ជួយ​បុគ្គល​ណា​ម្នាក់​ក្នុង​ក្រុម​គ្រួសារ​របស់​គាត់​ដែល​មាន​បញ្ហា​ស្រដៀង​នឹង​យើង។ ប៉ុន្តែ នេះ​មិន​មាន​ន័យ​ថា​វា​នឹង​ជួយ​យើង​នោះ​ទេ។ យើង​ត្រូវ​ចាំ​ថា ទោះ​ជា​មនុស្ស​ជា​ច្រើន​ប្រើ​ថ្នាំ​ឬ​វិធី​ព្យាបាល​ណា​មួយ​ក៏​ដោយ វា​នៅ​តែ​អាច​បង្ក​បញ្ហា​ជា​ច្រើន។—សូម​អាន សុភាសិត ២៧:១២

ចូរ​គិត​ពិចារណា​ឲ្យ​បាន​វែង​ឆ្ងាយ

១៤, ១៥​. (​ក​) តើ​យើង​គួរ​ប្រុង​ប្រយ័ត្ន​នឹង​មនុស្ស​បែប​ណា? (​ខ​) តើ​យើង​អាច​ទាញ​យក​មេ​រៀន​អ្វី​ពី​សុភាសិត ១៤:១៥?

១៤ យើង​ទាំង​អស់​គ្នា​ចង់​មាន​សុខភាព​ល្អ​ដើម្បី​យើង​អាច​សប្បាយ​នឹង​ជីវិត ព្រម​ទាំង​ខំ​ប្រឹង​បម្រើ​ព្រះ​យេហូវ៉ា។ ប៉ុន្តែ យើង​មិន​ល្អ​ឥត​ខ្ចោះ ហេតុ​នេះ​យើង​មិន​អាច​ជៀស​ផុត​ពី​ជំងឺ​ទាំង​អស់​បាន​ឡើយ។ ពេល​យើង​ឈឺ ប្រហែល​ជា​មាន​វិធី​ព្យាបាល​ផ្សេង​ៗ ហើយ​យើង​មាន​សិទ្ធិ​សម្រេច​ចិត្ត​អំពី​អ្វី​ដែល​យើង​នឹង​ទទួល​យក។ ប៉ុន្តែ​គួរ​ឲ្យ​ស្ដាយ​ណាស់ មនុស្ស​ខ្លះ​ឬ​ក្រុម​ហ៊ុន​ខ្លះ​និយាយ​ថា​ពួក​គេ​បាន​រក​ឃើញ​វិធី​ព្យាបាល​ដែល​នឹង​ធ្វើ​ឲ្យ​យើង​ជា​ពី​ជំងឺ។ ពួក​គេ​ធ្វើ​ដូច្នេះ​ដោយ​សារ​ពួក​គេ​ចង់​បាន​លុយ​ច្រើន។ ពួក​គេ​ប្រហែល​ជា​និយាយ​ថា​មនុស្ស​ជា​ច្រើន​នាក់​បាន​ប្រើ​វិធី​ព្យាបាល​នោះ ហើយ​បាន​ស្រួល​ខ្លួន​ឡើង​វិញ។ ម្យ៉ាង​ទៀត​បើ​យើង​ឈឺ យើង​ប្រហែល​ជា​សុខ​ចិត្ត​សាកល្បង​អ្វី​ទាំង​អស់​ដែល​អាច​ជួយ​យើង​ឲ្យ​ស្រួល​ខ្លួន​ជាង ហើយ​រស់​បាន​យូរ​ជាង។ ប៉ុន្តែ យើង​មិន​ត្រូវ​ភ្លេច​ឱវាទ​នៅ​ក្នុង​បណ្ដាំ​របស់​ព្រះ​ដែល​ថា​៖ ​«​មនុស្ស​ឆោតល្ងង់​គេ​ជឿ​គ្រប់​ពាក្យ​ទាំង​អស់ តែ​មនុស្ស​មាន​គំនិត​វាង​វៃ​រមែង​មើល​ផ្លូវ​ខ្លួន​ដោយ​ប្រយ័ត្ន​»។—សុភាសិត ១៤:១៥

យើង​ត្រូវ​គិត​ពិចារណា​ឲ្យ​បាន​វែង​ឆ្ងាយ ហើយ​ប្រុង​ប្រយ័ត្ន​មុន​នឹង​ជឿ​អ្វី​មួយ

១៥ បើ​យើង​ជា​មនុស្ស​មាន​គំនិត​វាង​វៃ​ឬ​មាន​ប្រាជ្ញា យើង​នឹង​ប្រុង​ប្រយ័ត្ន​មុន​នឹង​ជឿ​អ្វី​មួយ ជា​ពិសេស​បើ​បុគ្គល​ដែល​ឲ្យ​យោបល់​ដល់​យើង​មិន​បាន​ទទួល​ការ​បង្ហាត់​បង្រៀន​យ៉ាង​ត្រឹម​ត្រូវ​ទេ។ យើង​នឹង​សួរ​ខ្លួន​យើង​ថា ‹គាត់​និយាយ​ថា​វីតាមីន​នេះ ថ្នាំ​ធម្មជាតិ​នេះ ឬ​ការ​តម​អាហារ​ខ្លះ​បាន​ជួយ​អ្នក​ឯ​ទៀត ប៉ុន្តែ​តើ​ខ្ញុំ​ដឹង​ប្រាកដ​ថា​វា​ពិត​ជា​បាន​ជួយ​ពួក​គេ​ឬ​ទេ? ទោះ​ជា​វា​បាន​ជួយ​អ្នក​ឯ​ទៀត​ក៏​ដោយ ម៉េច​បាន​ជា​ខ្ញុំ​ដឹង​ថា​វា​នឹង​ជួយ​ខ្ញុំ? តើ​ខ្ញុំ​គួរ​ស្រាវ​ជាវ​ថែម​ទៀត ហើយ​សុំ​យោបល់​ពី​បុគ្គល​ខ្លះ​ដែល​បាន​ទទួល​ការ​បង្ហាត់​បង្រៀន​យ៉ាង​ល្អ​ស្តី​អំពី​វិធី​ព្យាបាល​បញ្ហា​សុខភាព​របស់​ខ្ញុំ​ឬ​ទេ?›។—ចោទិយកថា ១៧:៦

១៦​. តើ​យើង​គួរ​ពិចារណា​អំពី​អ្វី ពេល​យើង​ធ្វើ​ការ​សម្រេច​ចិត្ត​អំពី​សុខភាព​របស់​យើង?

១៦ ពេល​យើង​សម្រេច​ចិត្ត​ថា​ធ្វើ​តេស្ត​មួយ​ណា​ឬ​ទទួល​យក​វិធី​ព្យាបាល​មួយ​ណា នោះ​យើង​ត្រូវ​មាន​ការ​«​ដឹង​ខុស​ត្រូវ​»​ ឬ​គិត​ពិចារណា​ឲ្យ​បាន​វែង​ឆ្ងាយ។ (​ទីតុស ២:១២​) នេះ​គឺ​សំខាន់​ណាស់ បើ​ការ​ធ្វើ​តេស្ត​ឬ​វិធី​ព្យាបាល​នោះ​មើល​ទៅ​ចម្លែក។ តើ​បុគ្គល​ដែល​យើង​ពិគ្រោះ​ជំងឺ​ជា​មួយ​អាច​ពន្យល់​អំពី​មូលហេតុ​ដែល​ការ​ធ្វើ​តេស្ត​ឬ​វិធី​ព្យាបាល​នោះ​មាន​ប្រសិទ្ធភាព​ឬ​ទេ? តើ​ការ​ពន្យល់​នោះ​ចម្លែក​ឬ​ទេ? តើ​គ្រូ​ពេទ្យ​ជា​ច្រើន​នាក់​យល់​ស្រប​ថា​ការ​ធ្វើ​តេស្ត​ឬ​វិធី​ព្យាបាល​នោះ​ពិត​ជា​អាច​ជួយ​ធ្វើ​ឲ្យ​មនុស្ស​ជា​សះ​ស្បើយ​ឬ​ទេ? (​សុភាសិត ២២:២៩​) ម្យ៉ាង​ទៀត ឧបមា​ថា​មាន​អ្នក​ណា​ម្នាក់​ប្រាប់​យើង​ថា​គេ​បាន​រក​ឃើញ​អ្វី​ថ្មី​មួយ​នៅ​កន្លែង​ណាមួយ​ដែល​ឆ្ងាយ ហើយ​ថា​គ្រូ​ពេទ្យ​មិន​ទាន់​បាន​ដឹង​នៅ​ឡើយ​ទេ។ ប៉ុន្តែ តើ​មាន​ភ័ស្តុតាង​ដែល​បញ្ជាក់​ថា​មាន​អ្វី​នោះ​ដែល​អាច​ធ្វើ​ឲ្យ​ជា​ឬ​ទេ? អ្នក​ខ្លះ​ប្រហែល​ជា​ស្នើ​ព្យាបាល​ជំងឺ​របស់​យើង​ដោយ​ប្រើ​គ្រឿង​ផ្សំ​ពិសេស​មួយ​ដែល​គេ​មិន​ប្រាប់​យើង​ឬ​ប្រើ​វត្ថុ​ស័ក្ដិ​សិទ្ធិ​ណា​មួយ។ នេះ​អាច​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់។ សូម​ចាំ​ថា​ព្រះ​ព្រមាន​យើង​មិន​ឲ្យ​ប្រើ​វេទមន្ត ឬ​រក​គ្រូ​មន្តអាគម​ឡើយ។—លេវីវិន័យ ១៩:២៦; ចោទិយកថា ១៨:១០​-​១២

​«​សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​ចុះ!​»​

១៧​. តើ​អ្វី​ជា​សេចក្ដី​ប៉ង​ប្រាថ្នា​ធម្មតា​របស់​យើង?

១៧ គណៈ​អភិបាល​នៅ​សតវត្សរ៍​ទី១​បាន​ផ្ញើ​សំបុត្រ​មួយ​ទៅ​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​នា​នា​ដើម្បី​ប្រាប់​ពួក​គាត់​អំពី​អ្វី​មួយ​ចំនួន​ដែល​ពួក​គាត់​ត្រូវ​ជៀស​វាង។ នៅ​ទី​បញ្ចប់​នៃ​សំបុត្រ​នោះ គណៈ​អភិបាល​បាន​សរសេរ​ថា​៖ ​«​ប្រសិន​បើ​អ្នក​រាល់​គ្នា​ជៀស​វាង​ដោយ​ប្រុង​ប្រយ័ត្ន​ពី​ការ​ទាំង​នេះ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​សុខ​សប្បាយ។ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​ចុះ!​»។ (​សកម្មភាព ១៥:២៩​) ទោះ​ជា​ពាក្យ​ប៉ុន្មាន​ម៉ាត់​ចុង​ក្រោយ​គឺ​គ្រាន់​តែ​ជា​របៀប​មួយ​ទៀត​ដើម្បី​និយាយ​លា​គ្នា​ក្ដី ពាក្យ​ទាំង​នោះ​រំលឹក​យើង​ថា​ជា​ការ​ធម្មតា​ទេ​ដែល​យើង​ចង់​មាន​សុខភាព​ល្អ។

១៨, ១៩​. នៅ​ពិភព​លោក​ថ្មី តើ​យើង​ទន្ទឹង​រង់​ចាំ​អ្វី?

១៨ ដោយ​សារ​យើង​មិន​ល្អ​ឥត​ខ្ចោះ យើង​មិន​អាច​ជៀស​ផុត​ពី​ជំងឺ​ទាំង​អស់​បាន​ទេ។ ម្យ៉ាង​ទៀត ពេល​យើង​ឈឺ យើង​មិន​រំពឹង​ថា​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​អព្ភូតហេតុ​ដើម្បី​ឲ្យ​យើង​ជា​សះ​ស្បើយ​ឡើយ។ ប៉ុន្តែ​យើង​អាច​ទន្ទឹង​រង់​ចាំ​ពេល​ដែល​ព្រះ​នឹង​ធ្វើ​ឲ្យ​យើង​ជា​សះ​ស្បើយ​ទាំង​ស្រុង​នា​អនាគត។ នៅ​ការ​បើក​បង្ហាញ ២២:១, ២ សាវ័ក​យ៉ូហាន​បាន​និយាយ​អំពី​«​ទឹក​ដែល​ផ្ដល់​ជីវិត​»​និង​«​ដើម​ឈើ​ដែល​ផ្ដល់​ជីវិត​»​ដែល​នឹង​ធ្វើ​ឲ្យ​មនុស្ស​គ្រប់​រូប​ជា​សះ​ស្បើយ។ នេះ​មិន​សំដៅ​លើ​ថ្នាំ​ធម្មជាតិ​ដែល​យើង​អាច​ប្រើ​នៅ​ពេល​ឥឡូវ​នេះ ឬ​នៅ​ពិភព​លោក​ថ្មី​ដើម្បី​ធ្វើ​ឲ្យ​យើង​ជា​ពី​ជំងឺ​ឡើយ។ ផ្ទុយ​ទៅ​វិញ នេះ​សំដៅ​លើ​អ្វី​ទាំង​អស់​ដែល​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​នឹង​ធ្វើ​ដើម្បី​ឲ្យ​យើង​អាច​រស់​ជា​រៀង​រហូត។—អេសាយ ៣៥:៥, ៦

១៩ យើង​ទន្ទឹង​រង់​ចាំ​គ្រា​ដ៏​អស្ចារ្យ​នោះ។ ប៉ុន្តែ​ឥឡូវ​នេះ យើង​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​យើង​ម្នាក់​ៗ ហើយ​លោក​យល់​អំពី​អារម្មណ៍​របស់​យើង​ពេល​យើង​រង​ទុក្ខ។ ដូច​ដាវីឌ​ដែរ យើង​មាន​ទំនុក​ចិត្ត​ថា​បើ​យើង​ឈឺ ព្រះ​យេហូវ៉ា​នឹង​មិន​បោះ​បង់​យើង​ចោល​ឡើយ។ លោក​នឹង​ថែ​រក្សា​ជា​និច្ច​នូវ​ពួក​អ្នក​ដែល​ស្មោះ​ត្រង់​នឹង​លោក។—ទំនុក​តម្កើង ៤១:១២

a សៀវភៅ​មួយ​ចែង​ថា​អ្នក​វិទ្យា​សាស្ត្រ​បាន​រក​ឃើញ​ថា​មេ​រោគ​ដែល​បង្ក​ឲ្យ​មាន​ជំងឺ​គ្រុន​ពោះ​វៀន​និង​មេ​រោគ​ឯ​ទៀត​ដែល​បង្ក​គ្រោះ​ថ្នាក់​ងាប់​ភ្លាម​ៗ​ពេល​លាយ​ជា​មួយ​នឹង​ស្រា​ទំពាំង​បាយ​ជូរ (​The Origins and Ancient History of Wine​)។

ការ​ពន្យល់​ពាក្យ​ខ្លះ

  • ព្រះ​យេហូវ៉ា​នឹង​ទ្រ​ទ្រង់​អ្នក​ពេល​អ្នក​ឈឺ: អ្នក​អាច​ពឹង​ព្រះ​យេហូវ៉ា​ឲ្យ​ថែ​រក្សា​អ្នក​ពេល​អ្នក​ឈឺ។ ចូរ​អធិដ្ឋាន​សុំ​ប្រាជ្ញា​ដើម្បី​សម្រេច​ចិត្ត​អំពី​របៀប​ថែ​ទាំ​សុខភាព​របស់​អ្នក។ ព្រះ​យេហូវ៉ា​នឹង​សម្រាល​ទុក្ខ​អ្នក ហើយ​ផ្ដល់​ឲ្យ​អ្នក​នូវ​ចិត្ត​ក្លាហាន។ ម្យ៉ាង​ទៀត លោក​សន្យា​ថា​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ លោក​នឹង​ធ្វើ​ឲ្យ​មនុស្ស​ជា​ទាំង​ស្រុង​ពី​ជំងឺ​ទាំង​អស់

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក