បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w16 មករា ទំ. ២០-២៦
  • «យើងខ្ញុំនឹងទៅជាមួយនឹងអ្នកដែរ»

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • «យើងខ្ញុំនឹងទៅជាមួយនឹងអ្នកដែរ»
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៦
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • តើ​យើង​ត្រូវ​ស្គាល់​ឈ្មោះ​នៃ​អស់​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​នៅ​សព្វ​ថ្ងៃ​នេះ​ឬ​ទេ?
  • តើ​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ខ្លួន?
  • តើ​អ្នក​គួរ​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​ពួក​គាត់?
  • តើ​យើង​ត្រូវ​បារម្ភ​អំពី​ចំនួន​នៃ​អ្នក​ដែល​បរិភោគ​វត្ថុ​តំណាង​ឬ​ទេ?
  • យើងនឹងទៅជាមួយនឹងអ្នក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២០
  • សកម្មពលរបស់ព្រះធ្វើជាសាក្សីដែលបញ្ជាក់ជាមួយនឹងចិត្តគំនិតរបស់យើង
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៦
  • «សកម្មពលរបស់ព្រះធ្វើជាសាក្សី»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២០
  • ពួកអ្នកដែលរាប់ជាគួរនឹងរួមចំណែកក្នុងរាជាណាចក្ររបស់ព្រះ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៦
w16 មករា ទំ. ២០-២៦
ចៀមដើរតាមគង្វាលចុះជម្រាលភ្នំ

«​យើង​ខ្ញុំ​នឹង​ទៅ​ជា​មួយ​នឹង​អ្នក​ដែរ​»

«​យើង​ខ្ញុំ​នឹង​ទៅ​ជា​មួយ​នឹង​អ្នក​ដែរ ពី​ព្រោះ​យើង​ខ្ញុំ​បាន​ឮ​ថា ព្រះ​ទ្រង់​គង់​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​»។—សាការី ៨:២៣

ចម្រៀង​លេខ: ៣២, ៣១

តើ​អ្នក​អាច​ពន្យល់​បាន​ឬ​ទេ?

  • តើ​ទំនាយ​នៅ​សាការី ៨:២៣​កំពុង​ក្លាយ​ទៅ​ជា​ការ​ពិត​យ៉ាង​ដូច​ម្ដេច?

  • តើ​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ខ្លួន?—កូរិនថូស​ទី១ ៤:៦​-​៨

  • ហេតុ​អ្វី​យើង​មិន​គួរ​បារម្ភ​អំពី​ចំនួន​នៃ​អ្នក​ដែល​បរិភោគ​នំ​ប៉័ង​និង​ពិសា​ស្រា​ទំពាំង​បាយ​ជូរ​នៅ​ពិធី​រំលឹក?—រ៉ូម ៩:១១, ១៦

១, ២​. (​ក​) តើ​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា​អ្វី​នឹង​កើត​ឡើង​នៅ​សម័យ​យើង? (​ខ​) ក្នុង​អត្ថបទ​នេះ តើ​យើង​នឹង​ឆ្លើយ​សំណួរ​អ្វី​ខ្លះ? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​)

ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា នៅ​សម័យ​របស់​យើង ​«​មនុស្ស​១០​នាក់​ពី​ភាសា​ផ្សេង​ៗ​នឹង​ចាប់​តោង​ជាយ​អាវ​របស់​សាសន៍​យូដា​ម្នាក់ ដោយ​ពាក្យ​ថា​៖ ‹យើង​ខ្ញុំ​នឹង​ទៅ​ជា​មួយ​នឹង​អ្នក​ដែរ ពី​ព្រោះ​យើង​ខ្ញុំ​បាន​ឮ​ថា ព្រះ​ទ្រង់​គង់​ជា​មួយ​នឹង​អ្នក​រាល់​គ្នា›​»។ (​សាការី ៨:២៣​) ​«​សាសន៍​យូដា​»​នោះ​ជា​តំណាង​ពួក​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​ដោយ​សកម្មពល​បរិសុទ្ធ។ ពួក​គាត់​ក៏​បាន​ត្រូវ​ហៅ​ថា​«​អ៊ីស្រាអែល​នៃ​ព្រះ​»។ (​កាឡាទី ៦:១៦​) ​«​មនុស្ស​១០​នាក់​»​ជា​តំណាង​អ្នក​ដែល​មាន​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត​នៅ​ផែន​ដី។ ពួក​គេ​ដឹង​ថា​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​ដល់​ក្រុម​នៃ​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​នេះ ហើយ​យល់​ថា​ការ​គោរព​ប្រណិប័តន៍​លោក​ជា​មួយ​នឹង​ពួក​គាត់​គឺ​ជា​កិត្ដិយស​មួយ។

២ ដូច​អ្នក​ប្រកាស​ទំនាយ​សាការី​ដែរ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​រាស្ត្រ​របស់​ព្រះ​នឹង​មាន​សាមគ្គី​ភាព។ លោក​បាន​រៀប​រាប់​អំពី​អ្នក​ដែល​ទន្ទឹង​រង់​ចាំ​រស់​ជា​រៀង​រហូត​នៅ​ស្ថាន​សួគ៌​ថា​ជា​«​ហ្វូង​តូច​»​ ហើយ​អ្នក​ដែល​ទន្ទឹង​រង់​ចាំ​រស់​ជា​រៀង​រហូត​នៅ​ផែន​ដី​ថា​ជា​«​ចៀម​ឯ​ទៀត​»។ ប៉ុន្តែ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​ពួក​គេ​ទាំង​អស់​នឹង​ទៅ​ជា​«​ហ្វូង​តែ​មួយ​»​ ហើយ​នឹង​តាម​លោក ដែល​ជា​«​គង្វាល​តែ​ម្នាក់​»​របស់​ពួក​គេ។ (​លូកា ១២:៣២; យ៉ូហាន ១០:១៦​) ដោយ​សារ​មាន​ពីរ​ក្រុម អ្នក​ខ្លះ​ប្រហែល​ជា​ឆ្ងល់​ថា​៖ (​១​) តើ​ចៀមឯ​ទៀត​ត្រូវ​ស្គាល់​ឈ្មោះ​នៃ​អស់​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​នៅ​សព្វ​ថ្ងៃ​នេះ​ឬ​ទេ? (​២​) តើ​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ខ្លួន? (​៣​) បើ​បុគ្គល​ណា​ម្នាក់​ក្នុង​ក្រុម​ជំនុំ​របស់​ខ្ញុំ​ចាប់​ផ្ដើម​បរិភោគ​នំ​ប៉័ង​និង​ពិសា​ស្រា​ទំពាំង​បាយ​ជូរ​នៅ​ពិធី​រំលឹក តើ​ខ្ញុំ​គួរ​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​គាត់? (​៤​) ពេល​ខ្ញុំ​ឃើញ​ចំនួន​នៃ​អ្នក​ដែល​បរិភោគ​នំ​ប៉័ង​និង​ពិសា​ស្រា​ទំពាំង​បាយ​ជូរ​នៅ​ពិធី​រំលឹក​ចេះ​តែ​កើន​ឡើង តើ​ខ្ញុំ​ត្រូវ​បារម្ភ​ឬ​ទេ? អត្ថបទ​នេះ​នឹង​ឆ្លើយ​សំណួរ​ទាំង​នេះ។

តើ​យើង​ត្រូវ​ស្គាល់​ឈ្មោះ​នៃ​អស់​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​នៅ​សព្វ​ថ្ងៃ​នេះ​ឬ​ទេ?

៣​. ហេតុ​អ្វី​យើង​មិន​អាច​ដឹង​ប្រាកដ​ថា​អ្នក​ណា​នឹង​ទៅ​ជា​សមាជិក​នៃ​ពួក​១៤៤.០០០​នាក់?

៣ តើ​ចៀម​ឯ​ទៀត​ត្រូវ​ស្គាល់​ឈ្មោះ​នៃ​អស់​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​ដែល​នៅ​ផែន​ដី​នៅ​ឡើយ​នា​សព្វ​ថ្ងៃ​នេះ​ឬ​ទេ? ទេ។ ហេតុ​អ្វី? ពី​ព្រោះ​គ្មាន​អ្នក​ណា​ម្នាក់​អាច​ដឹង​ប្រាកដ​ថា​អ្នក​ទាំង​នោះ​នឹង​ទទួល​រង្វាន់​របស់​ពួក​គាត់​ឡើយ។[១] (​សូម​មើល​កំណត់​នៅ​ចុង​អត្ថបទ​) ទោះ​ជា​ព្រះ​បាន​អញ្ជើញ​ពួក​គាត់​ឲ្យ​ទៅ​ស្ថាន​សួគ៌​ក្ដី ពួក​គាត់​នឹង​ទទួល​រង្វាន់​របស់​ពួក​គាត់ លុះ​ត្រា​តែ​ពួក​គាត់​នៅ​ស្មោះ​ត្រង់។ សាថាន​ដឹង​អំពី​រឿង​នេះ ហើយ​វា​ប្រើ​«​អ្នក​ប្រកាស​ទំនាយ​មិន​ពិត​»​ដើម្បី​ព្យាយាម​«​បំភាន់​»​ពួក​គាត់។ (​ម៉ាថាយ ២៤:២៤​) គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​មិន​អាច​ដឹង​ប្រាកដ​ថា​ពួក​គាត់​នឹង​ទទួល​រង្វាន់​របស់​ពួក​គាត់​ឬ​យ៉ាង​ណា​ទេ រហូត​ដល់​ព្រះ​យេហូវ៉ា​បញ្ជាក់​ឲ្យ​ពួក​គាត់​ដឹង​ថា​លោក​បាន​វិនិច្ឆ័យ​ពួក​គាត់​ថា​ជា​មនុស្ស​ស្មោះ​ត្រង់។ ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ការ​បញ្ជាក់​ចុង​ក្រោយ​នេះ​ថា​លោក​ពេញ​ចិត្ត​នឹង​ពួក​គាត់ ឬ​បោះ​ត្រា​ជា​លើក​ចុង​ក្រោយ នៅ​ពេល​មុន​ពួក​គាត់​ស្លាប់ ឬ​ក៏​បន្ដិច​មុន​«​គ្រា​ទុក្ខ​វេទនា​ដ៏​ខ្លាំង​»​ចាប់​ផ្ដើម។—ការ​បើក​បង្ហាញ ២:១០; ៧:៣, ១៤

លោក​យេស៊ូ​គឺ​ជា​អ្នក​ដឹក​នាំ​របស់​យើង ហើយ​យើង​ត្រូវ​កាន់​តាម​តែ​លោក​ប៉ុណ្ណោះ

៤​. បើ​យើង​មិន​អាច​ស្គាល់​ឈ្មោះ​នៃ​អស់​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​ដែល​កំពុង​រស់​នៅ​ផែន​ដី​នៅ​សព្វ​ថ្ងៃ​នេះ តើ​តាម​របៀប​ណា​យើង​អាច​«​ទៅ​ជា​មួយ​នឹង​»​ពួក​គាត់?

៤ បើ​ចៀម​ឯ​ទៀត​មិន​អាច​ស្គាល់​ឈ្មោះ​នៃ​អស់​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​ដែល​កំពុង​រស់​នៅ​ផែន​ដី​នៅ​សព្វ​ថ្ងៃ​នេះ តើ​តាម​របៀប​ណា​ពួក​គេ​អាច​«​ទៅ​ជា​មួយ​នឹង​»​ពួក​គាត់? គម្ពីរ​ចែង​ថា​«​មនុស្ស​១០​នាក់​»​នោះ​នឹង​«​ចាប់​តោង​ជាយ​អាវ​របស់​សាសន៍​យូដា​ម្នាក់ ដោយ​ពាក្យ​ថា​៖ ‹យើង​ខ្ញុំ​នឹង​ទៅ​ជា​មួយ​នឹង​អ្នក​ដែរ ពី​ព្រោះ​យើង​ខ្ញុំ​បាន​ឮ​ថា ព្រះ​ទ្រង់​គង់​ជា​មួយ​នឹង​អ្នក​រាល់​គ្នា›​»។ ខ​គម្ពីរ​នេះ​ចែង​អំពី​ជន​ជាតិ​យូដា​ម្នាក់។ ប៉ុន្តែ ពាក្យ​ថា​«​អ្នក​»​និង​«​អ្នក​រាល់​គ្នា​»​ សំដៅ​លើ​មនុស្ស​លើស​ពី​ម្នាក់។ នេះ​មាន​ន័យ​ថា​ជន​ជាតិ​យូដា​នោះ​គឺ​មិន​គ្រាន់​តែ​ជា​មនុស្ស​ម្នាក់​ទេ តែ​ជា​តំណាង​ក្រុម​ទាំង​មូល​នៃ​អ្នក​ដែល​ព្រះ​បាន​រើស​តាំង។ ចៀម​ឯ​ទៀត​ដឹង​អំពី​រឿង​នេះ ហើយ​ពួក​គេ​បម្រើ​ព្រះ​យេហូវ៉ា​ជា​មួយ​នឹង​ក្រុម​នោះ។ ពួក​គេ​មិន​ចាំ​បាច់​ស្គាល់​ឈ្មោះ​នៃ​សមាជិក​ទាំង​អស់​នៃ​ក្រុម​នោះ ហើយ​កាន់​តាម​ពួក​គាត់​ម្នាក់​ៗ​ឡើយ។ លោក​យេស៊ូ​គឺ​ជា​អ្នក​ដឹក​នាំ​របស់​យើង ហើយ​គម្ពីរ​ប្រាប់​យើង​ឲ្យ​កាន់​តាម​តែ​លោក​ប៉ុណ្ណោះ។—ម៉ាថាយ ២៣:១០

តើ​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ខ្លួន?

៥​. តើ​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​គួរ​គិត​ឲ្យ​បាន​ដិត​ដល់​អំពី​ការ​ព្រមាន​អ្វី ហើយ​ហេតុ​អ្វី?

៥ អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​គួរ​គិត​ឲ្យ​បាន​ដិត​ដល់​អំពី​ការ​ព្រមាន​នៅ​កូរិនថូស​ទី១ ១១:២៧​-​២៩។ (​សូម​អាន​) តើ​តាម​របៀប​ណា​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​ម្នាក់​អាច​បរិភោគ​នំ​ប៉័ង​និង​ពិសា​ស្រា​ទំពាំង​បាយ​ជូរ​នៅ​ពិធី​រំលឹក​«​ដោយ​ខ្លួន​មិន​សម​នឹង​ទទួល​»​? បើ​គាត់​មិន​រក្សា​ចំណង​មិត្តភាព​ល្អ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា ហើយ​មិន​ស្មោះ​ត្រង់​នឹង​លោក នោះ​ពេល​គាត់​បរិភោគ​នំ​ប៉័ង​និង​ពិសា​ស្រា​ទំពាំង​បាយ​ជូរ គាត់​មិន​បង្ហាញ​ការគោរព​ឡើយ។ (​ហេប្រឺ ៦:៤​-​៦; ១០:២៦​-​២៩​) ការ​ព្រមាន​ដ៏​ម៉ឺង​ម៉ាត់​នេះ​រំលឹក​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​ថា​ពួក​គាត់​ត្រូវ​នៅ​ស្មោះ​ត្រង់ បើ​ពួក​គាត់​ចង់​ទទួល​«​រង្វាន់ ពោល​គឺ ព្រះ​បាន​ហៅ​ឲ្យ​ឡើង​ទៅ​ស្ថាន​សួគ៌​តាម​រយៈ​គ្រិស្ត​យេស៊ូ​»។—ភីលីព ៣:១៣​-​១៦

៦​. តើ​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ខ្លួន?

៦ ប៉ូល​បាន​ប្រាប់​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​ថា​៖ ​«​ខ្ញុំ ដែល​ជា​អ្នក​ទោស​ដើម្បី​លោក​ម្ចាស់ សូម​អង្វរ​អ្នក​រាល់​គ្នា​ឲ្យ​ប្រព្រឹត្ត​សម​ជា​អ្នក​ដែល​បាន​ត្រូវ​ហៅ​»។ តើ​ពួក​គាត់​គួរ​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច? ប៉ូល​បាន​ពន្យល់​ថា​៖ ​«​ដោយ​មាន​ចិត្ត​រាប​ទាប​និង​ចិត្ត​ស្លូតបូត​ជា​និច្ច ថែម​ទាំង​មាន​ចិត្ត​ធ្ងន់ ហើយ​ទ្រាំ​ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​សេចក្ដី​ស្រឡាញ់ ព្រម​ទាំង​ព្យាយាម​រក្សា​ឲ្យ​មាន​សាមគ្គី​ភាព​ដែល​មក​ពី​សកម្មពល​របស់​ព្រះ ដោយ​មាន​សេចក្ដី​សុខ​សាន្ត​ទុក​ជា​ចំណង​ដែល​នាំ​ឲ្យ​មាន​ឯកភាព​»។ (​អេភេសូរ ៤:១​-​៣​) សកម្មពល​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា​ជួយ​អ្នក​បម្រើ​របស់​លោក​ឲ្យ​មាន​ចិត្ត​រាប​ទាប មិន​មែន​មាន​អំណួត​ទេ។ (​កូឡុស ៣:១២​) ហេតុ​នេះ អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​មិន​គិត​ថា​ពួក​គាត់​ល្អ​ប្រសើរ​ជាង​អ្នក​ឯ​ទៀត​ឡើយ។ ពួក​គាត់​ដឹង​ថា​ព្រះ​យេហូវ៉ា​មិន​ចាំ​បាច់​ឲ្យ​សកម្មពល​បរិសុទ្ធ​ដល់​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​ច្រើន​ជាង​ឲ្យ​អ្នក​បម្រើ​ឯ​ទៀត​របស់​លោក​ទេ។ ម្យ៉ាង​ទៀត ពួក​គាត់​មិន​គិត​ថា​ពួក​គាត់​អាច​យល់​សេចក្ដី​ពិត​ពី​គម្ពីរ​ជ្រាល​ជ្រៅ​ជាង​អ្នក​ផ្សេង​ទៀត​ឡើយ។ ពួក​គាត់​ក៏​នឹង​មិន​ប្រាប់​អ្នក​ណា​ម្នាក់​ទៀត​ថា​គាត់​ក៏​បាន​ត្រូវ​រើស​តាំង​ដែរ ហើយ​គួរ​ចាប់​ផ្ដើម​បរិភោគ​នំ​ប៉័ង​និង​ពិសា​ស្រា​ទំពាំង​បាយ​ជូរ​នៅ​ពិធី​រំលឹក។ ផ្ទុយ​ទៅ​វិញ ពួក​គាត់​មាន​ចិត្ត​រាប​ទាប ហើយ​ដឹង​ថា​មាន​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​ដែល​អាច​អញ្ជើញ​មនុស្ស​ឲ្យ​ទៅ​ស្ថាន​សួគ៌។

៧, ៨​. តើ​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​មិន​រំពឹង​អំពី​អ្វី​ខ្លះ ហើយ​ហេតុ​អ្វី?

៧ ទោះ​បី​ជា​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​មាន​អារម្មណ៍​ថា​គឺ​ជា​កិត្ដិយស​មួយ​ដែល​ព្រះ​បាន​អញ្ជើញ​ពួក​គាត់​ឲ្យ​ទៅ​ស្ថាន​សួគ៌​ក្ដី ពួក​គាត់​មិន​រំពឹង​ថា​អ្នក​ឯ​ទៀត​នឹង​ប្រព្រឹត្ត​ចំពោះ​ពួក​គាត់​តាម​របៀប​ពិសេស​ណា​មួយ​ឡើយ។ (​អេភេសូរ ១:១៨, ១៩; សូម​អាន ភីលីព ២:២, ៣​) ពួក​គាត់​ក៏​ដឹង​ដែរ​ថា​ពេល​ព្រះ​យេហូវ៉ា​បាន​រើស​តាំង​ពួក​គាត់ លោក​មិន​បាន​ឲ្យ​មនុស្ស​ទាំង​អស់​ដឹង​នោះ​ទេ។ ដូច្នេះ បុគ្គល​ដែល​បាន​ត្រូវ​រើស​តាំង​មិន​ភ្ញាក់​ផ្អើល​ឡើយ បើ​បង​ប្អូន​ខ្លះ​មិន​ជឿ​ភ្លាម​ៗ​ថា​គាត់​ជា​អ្នក​ដែល​ព្រះ​បាន​រើស​តាំង។ គាត់​ដឹង​ថា​គម្ពីរ​ប្រាប់​យើង​មិន​ឲ្យ​ឆាប់​ជឿ​អ្នក​ណា​ម្នាក់​ដែល​និយាយ​ថា​គាត់​បាន​ទទួល​ការ​តែង​តាំង​ពិសេស​ពី​ព្រះ​ឡើយ។ (​ការ​បើក​បង្ហាញ ២:២​) ដោយ​សារ​បុគ្គល​ដែល​បាន​ត្រូវ​រើស​តាំង​មិន​រំពឹង​ថា​អ្នក​ឯ​ទៀត​នឹង​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ពេក​ចំពោះ​គាត់ នោះ​គាត់​នឹង​មិន​ប្រាប់​ពួក​អ្នក​ដែល​គាត់​ជួប​ជា​លើក​ដំបូង​ថា​គាត់​ជា​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​ទេ។ តាម​ពិត គាត់​ទំនង​ជា​មិន​ប្រាប់​ដូច្នេះ​ដល់​អ្នក​ឯ​ទៀត​ឡើយ។ គាត់​ក៏​នឹង​មិន​អួត​អំពី​អ្វី​ៗ​អស្ចារ្យ​ដែល​គាត់​នឹង​ធ្វើ​នៅ​ស្ថាន​សួគ៌​ដែរ។—កូរិនថូស​ទី១ ១:២៨, ២៩; សូម​អាន កូរិនថូស​ទី១ ៤:៦​-​៨

៨ គ្រិស្ត​សាសនិក​ដែល​ព្រះ​បាន​រើស​តាំង​មិន​គិត​ថា​ពួក​គាត់​គួរ​ចំណាយ​ពេល​តែ​ជា​មួយ​នឹង​អ្នក​ឯ​ទៀត​ដែល​បាន​ត្រូវ​រើស​តាំង​នោះ​ទេ ហាក់​ដូច​ជា​ពួក​គាត់​មាន​ក្រុម​មួយ​សម្រាប់​តែ​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង។ ពួក​គាត់​មិន​ព្យាយាម​រក​អ្នក​ឯ​ទៀត​ដែល​បាន​ត្រូវ​រើស​តាំង​ដើម្បី​ពួក​គាត់​អាច​និយាយ​គ្នា​អំពី​ការ​ធ្វើ​ជា​អ្នក​ដែល​ព្រះ​បាន​រើស​តាំង ឬ​ជួប​ជុំ​គ្នា​ជា​ក្រុម​ៗ​ដើម្បី​សិក្សា​គម្ពីរ​ឡើយ។ (​កាឡាទី ១:១៥​-​១៧​) ក្រុម​ជំនុំ​នឹង​មិន​មាន​សាមគ្គី​ភាព​ឡើយ បើ​ពួក​គាត់​ធ្វើ​ដូច្នេះ។ ពួក​គាត់​នឹង​ប្រឆាំង​សកម្មពល​បរិសុទ្ធ​ដែល​ជួយ​ឲ្យ​រាស្ត្រ​របស់​ព្រះ​មាន​សាមគ្គី​ភាព​និង​សេចក្ដី​សុខ​សាន្ត។—សូម​អាន រ៉ូម ១៦:១៧, ១៨

តើ​អ្នក​គួរ​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​ពួក​គាត់?

៩​. ហេតុ​អ្វី​អ្នក​ត្រូវ​ប្រុង​ប្រយ័ត្ន​អំពី​របៀប​ដែល​អ្នក​ប្រព្រឹត្ត​ចំពោះ​ពួក​អ្នក​ដែល​បរិភោគ​នំ​ប៉័ង​និង​ពិសា​ស្រា​ទំពាំង​បាយ​ជូរ​នៅ​ពិធី​រំលឹក? (​សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា​«​សេចក្ដី​ស្រឡាញ់‹មិន​ប្រព្រឹត្ត​ឥត​សមរម្យ›​»​)

៩ តើ​អ្នក​គួរ​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​បង​ប្អូន​ដែល​បាន​ត្រូវ​រើស​តាំង? លោក​យេស៊ូ​បាន​ប្រាប់​អ្នក​កាន់​តាម​លោក​ថា​៖ ​«​អ្នក​រាល់​គ្នា​ជា​បង​ប្អូន​នឹង​គ្នា​»។ លោក​បាន​ប្រាប់​ត​ទៅ​ទៀត​ថា​៖ ​«​អ្នក​ណា​ដែល​តម្កើង​ខ្លួន អ្នក​នោះ​នឹង​ត្រូវ​បន្ទាប​ចុះ តែ​អ្នក​ណា​ដែល​បន្ទាប​ខ្លួន អ្នក​នោះ​នឹង​ត្រូវ​តម្កើង​ឡើង​»។ (​ម៉ាថាយ ២៣:៨​-​១២​) ដូច្នេះ ការ​ស្ងើច​សរសើរ​បុគ្គល​ម្នាក់​ខ្លាំង​ពេក​គឺ​ជា​ការ​ខុស ទោះ​ជា​បុគ្គល​នោះ​គឺ​ជា​បង​ប្អូន​ដែល​បាន​ត្រូវ​រើស​តាំង​របស់​គ្រិស្ត​ក៏​ដោយ។ ពេល​គម្ពីរ​ចែង​អំពី​អ្នក​ចាស់​ទុំ គម្ពីរ​លើក​ទឹក​ចិត្ត​យើង​ឲ្យ​យក​តម្រាប់​តាម​ជំនឿ​របស់​ពួក​គាត់ ប៉ុន្តែ​គម្ពីរ​មិន​ប្រាប់​យើង​ថា​យើង​អាច​លើក​មនុស្ស​ណា​ម្នាក់​ឲ្យ​ធ្វើ​ជា​អ្នក​ដឹក​នាំ​យើង​ឡើយ។ (​ហេប្រឺ ១៣:៧​) ពិត​មែន​តែ​គម្ពីរ​ចែង​ថា​អ្នក​ខ្លះ​«​គួរ​នឹង​ទទួល​កិត្ដិយស​មួយ​ជា​ពីរ​»​ ប៉ុន្តែ​នេះ​គឺ​ដោយ​សារ​ពួក​គេ​«​ដឹក​នាំ​យ៉ាង​ល្អ​ប្រសើរ​»​ ហើយ​«​ធ្វើ​ការ​នឿយ​ហត់​ក្នុង​ការ​និយាយ​និង​ការ​បង្រៀន​អំពី​បណ្ដាំ​របស់​ព្រះ​»​ មិន​មែន​ដោយ​សារ​ពួក​គេ​ជា​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​ទេ។ (​ធីម៉ូថេ​ទី១ ៥:១៧​) បើ​យើង​លើក​សរសើរ​និង​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ពេក​ចំពោះ​អ្នក​ដែល​ព្រះ​បាន​រើស​តាំង យើង​នឹង​ធ្វើ​ឲ្យ​ពួក​គាត់​អៀន​ខ្មាស ឬ​ក៏​អាក្រក់​ជាង​នេះ​ទៅ​ទៀត យើង​អាច​ធ្វើ​ឲ្យ​ពួក​គាត់​ទៅ​ជា​មនុស្ស​មាន​អំណួត។ (​រ៉ូម ១២:៣​) យើង​មិន​ចង់​ធ្វើ​អ្វី​ណា​ក៏​ដោយ​ដែល​អាច​នាំ​ឲ្យ​បង​ប្អូន​ដែល​បាន​ត្រូវ​រើស​តាំង​ម្នាក់​របស់​គ្រិស្ត​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​បែប​នោះ​ឡើយ!—លូកា ១៧:២

សាក្សីព្រះយេហូវ៉ាម្នាក់យកនំប៉័ងមកបរិភោគនៅពិធីរំលឹក

តើ​អ្នក​គួរ​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​បុគ្គល​ដែល​បរិភោគ​នំ​ប៉័ង​និង​ពិសា​ស្រា​ទំពាំង​បាយ​ជូរ​នៅ​ពិធី​រំលឹក? (​សូម​មើល​វគ្គ​៩​-​១១​)

១០​. តើ​តាម​របៀប​ណា​អ្នក​អាច​បង្ហាញ​ថា​អ្នក​គោរព​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង?

១០ តើ​តាម​របៀប​ណា​យើង​អាច​បង្ហាញ​ថា​យើង​គោរព​ពួក​អ្នក​ដែល​ព្រះ​យេហូវ៉ា​បាន​រើស​តាំង? យើង​នឹង​មិន​សួរ​ពួក​គាត់​អំពី​របៀប​ដែល​ពួក​គាត់​បាន​ទៅ​ជា​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​ឡើយ។ នេះ​ជា​រឿង​ផ្ទាល់​ខ្លួន​របស់​ពួក​គាត់ ដែល​យើង​មិន​មាន​សិទ្ធិ​ដឹង​ទេ។ (​ថែស្សាឡូនិច​ទី១ ៤:១១; ថែស្សាឡូនិច​ទី២ ៣:១១​) ម្យ៉ាង​ទៀត យើង​មិន​គួរ​គិត​ថា​ប្ដី ប្រពន្ធ ឪ​ពុក​ម្ដាយ ឬ​សមាជិក​ឯ​ទៀត​នៃ​ក្រុម​គ្រួសារ​របស់​ពួក​គាត់​ក៏​ជា​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​ដែរ​នោះ​ទេ។ បុគ្គល​ម្នាក់​មិន​ទទួល​សេចក្ដី​សង្ឃឹម​ជា​មត៌ក​ពី​ក្រុម​គ្រួសារ​របស់​គាត់​ឡើយ។ (​ថែស្សាឡូនិច​ទី១ ២:១២​) យើង​ក៏​គួរ​ជៀស​វាង​ការ​សួរ​សំណួរ​ផ្សេង​ៗ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​ឈឺ​ចិត្ត។ ជា​ឧទាហរណ៍ យើង​នឹង​មិន​សួរ​ប្រពន្ធ​របស់​បង​ប្រុស​ដែល​ព្រះ​បាន​រើស​តាំង​ថា​គាត់​មាន​អារម្មណ៍​យ៉ាង​ណា​អំពី​ការ​រស់​នៅ​ជា​រៀង​រហូត​នៅ​ផែន​ដី​ដោយ​គ្មាន​ប្ដី​របស់​គាត់។ យ៉ាង​ណា​មិញ យើង​អាច​ប្រាកដ​ថា​នៅ​ពិភព​លោក​ថ្មី ព្រះ​យេហូវ៉ា​នឹង​«​បំពេញ​ចិត្ត​ប្រាថ្នា​នៃ​ជីវិត​ទាំង​ឡាយ​»។—ទំនុក​តម្កើង ១៤៥:១៦

១១​. បើ​យើង​ជៀស​វាង​«​ផ្គាប់​ផ្គុន​អ្នក​ដទៃ​»​ តើ​យើង​ការពារ​ខ្លួន​យើង​យ៉ាង​ដូច​ម្ដេច?

១១ បើ​យើង​មិន​ប្រព្រឹត្ត​ចំពោះ​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​ដូច​ជា​ពួក​គាត់​សំខាន់​ជាង​អ្នក​ឯ​ទៀត យើង​ក៏​ការពារ​ខ្លួន​យើង​ដែរ។ តើ​តាម​របៀប​ណា? គម្ពីរ​ប្រាប់​យើង​ថា​ក្នុង​ក្រុម​ជំនុំ​អាច​មាន​«​បង​ប្អូន​ក្លែង​ក្លាយ​»​ដែល​ប្រហែល​ជា​និយាយ​ថា​ពួក​គេ​គឺ​ជា​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​ទៀត​ផង។ (​កាឡាទី ២:៤, ៥; យ៉ូហាន​ទី១ ២:១៩​) ម្យ៉ាង​ទៀត អ្នក​ខ្លះ​ដែល​បាន​ត្រូវ​រើស​តាំង​ប្រហែល​ជា​នឹង​មិន​នៅ​ស្មោះ​ត្រង់។ (​ម៉ាថាយ ២៥:១០​-​១២; ពេត្រុស​ទី២ ២:២០, ២១​) ប៉ុន្តែ បើ​យើង​ជៀស​វាង​«​ផ្គាប់​ផ្គុន​អ្នក​ដទៃ​»​ យើង​នឹង​មិន​កាន់​តាម​មនុស្ស​ឯ​ទៀត​ឡើយ ទោះ​ជា​ពួក​គេ​គឺ​ជា​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង ឬ​បុគ្គល​ដែល​បង​ប្អូន​ស្គាល់​ជា​ទូ​ទៅ ឬ​ក៏​ពួក​អ្នក​ដែល​បាន​បម្រើ​ព្រះ​យេហូវ៉ា​ជា​យូរ​ឆ្នាំ​ហើយ​ក្ដី។ បើ​ពួក​គាត់​ទៅ​ជា​មនុស្ស​មិន​ស្មោះ​ត្រង់ ឬ​ចាក​ចេញ​ពី​ក្រុម​ជំនុំ នោះ​យើង​នឹង​មិន​បាត់​បង់​ជំនឿ​ទៅ​លើ​ព្រះ​យេហូវ៉ា ឬ​ឈប់​បម្រើ​លោក​ឡើយ។—យូដាស ១៦

តើ​យើង​ត្រូវ​បារម្ភ​អំពី​ចំនួន​នៃ​អ្នក​ដែល​បរិភោគ​វត្ថុ​តំណាង​ឬ​ទេ?

១២, ១៣​. ហេតុ​អ្វី​យើង​មិន​គួរ​បារម្ភ​អំពី​ចំនួន​នៃ​អ្នក​ដែល​បរិភោគ​នំ​ប៉័ង​និង​ពិសា​ស្រា​ទំពាំង​បាយ​ជូរ​នៅ​ពិធី​រំលឹក?

១២ អស់​ជា​ច្រើន​ឆ្នាំ ចំនួន​នៃ​អ្នក​ដែល​បរិភោគ​នំ​ប៉័ង​និង​ពិសា​ស្រា​ទំពាំង​បាយ​ជូរ​នៅ​ពិធី​រំលឹក​ចេះ​តែ​ថយ​ចុះ។ ប៉ុន្តែ នៅ​ពេល​ថ្មី​ៗ​នេះ ចំនួន​នោះ​បាន​កើន​ឡើង​រាល់​ឆ្នាំ។ តើ​យើង​ត្រូវ​បារម្ភ​អំពី​រឿង​នេះ​ឬ​ទេ? ទេ។ សូម​ឲ្យ​យើង​ពិចារណា​អំពី​មូលហេតុ​ដែល​យើង​មិន​ត្រូវ​បារម្ភ​អំពី​រឿង​នេះ។

១៣ ​«​ព្រះ​យេហូវ៉ា​ស្គាល់​ពួក​អ្នក​ដែល​ជា​របស់​លោក​»។ (​ធីម៉ូថេ​ទី២ ២:១៩​) ខុស​ពី​ព្រះ​យេហូវ៉ា បង​ប្អូន​ប្រុស​ដែល​រាប់​ចំនួន​នៃ​មនុស្ស​ដែល​បរិភោគ​នំ​ប៉័ង​និង​ពិសា​ស្រា​ទំពាំង​បាយ​ជូរ​នៅ​ពិធី​រំលឹក​មិន​ដឹង​ថា​អ្នក​ណា​ដែល​ព្រះ​ពិត​ជា​បាន​រើស​តាំង​នោះ​ទេ។ ដូច្នេះ ចំនួន​នោះ​រួម​បញ្ចូល​ពួក​អ្នក​ដែល​គិត​ថា​ពួក​គេ​គឺ​ជា​អ្នក​ដែល​ព្រះ​បាន​រើស​តាំង ប៉ុន្តែ​ពួក​គេ​មិន​មែន​ទេ។ ជា​ឧទាហរណ៍ អ្នក​ខ្លះ​ដែល​ធ្លាប់​បរិភោគ​នំ​ប៉័ង​និង​ពិសា​ស្រា​ទំពាំង​បាយ​ជូរ ក្រោយ​មក​បាន​ឈប់។ អ្នក​ខ្លះ​ទៀត​ប្រហែល​ជា​មាន​ជំងឺ​សរសៃ​ប្រសាទ ឬ​បញ្ហា​ខាង​ផ្លូវ​ចិត្ត ហើយ​គិត​ថា​ពួក​គេ​នឹង​គ្រប់​គ្រង​ជា​មួយ​នឹង​គ្រិស្ត​នៅ​ស្ថាន​សួគ៌។ យើង​អាច​ឃើញ​ច្បាស់​ថា យើង​មិន​ដឹង​ប្រាកដ​ថា​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​ដែល​នៅ​សល់​នៅ​ផែន​ដី​មាន​ចំនួន​ប៉ុន្មាន​នាក់​ឡើយ។

១៤​. តើ​គម្ពីរ​ចែង​យ៉ាង​ណា​អំពី​ចំនួន​នៃ​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​ដែល​នឹង​នៅ​ផែន​ដី​ពេល​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង​ចាប់​ផ្ដើម?

១៤ អ្នក​ដែល​ព្រះ​បាន​រើស​តាំង​នឹង​មាន​នៅ​តំបន់​ជា​ច្រើន​នៅ​ផែន​ដី ពេល​លោក​យេស៊ូ​មក​ដើម្បី​នាំ​ពួក​គាត់​ទៅ​ស្ថាន​សួគ៌។ គម្ពីរ​ចែង​ថា​៖ ​«​នឹង​មាន​សូរ​សំឡេង​ត្រែ​លាន់​ឮ​យ៉ាង​ខ្លាំង ហើយ​លោក[​យេស៊ូ​]នឹង​ចាត់​បណ្ដា​ទេវតា​របស់​លោក​ឲ្យ​ទៅ​ប្រមូល​អ្នក​រើស​តាំង​របស់​លោក​ពី​ទិស​ខាង​ជើង ទិស​ខាង​ត្បូង ទិស​ខាង​កើត និង​ទិស​ខាង​លិច ពី​ជើង​មេឃ​ម្ខាង​រហូត​ដល់​ជើង​មេឃ​ម្ខាង​»។ (​ម៉ាថាយ ២៤:៣១​) គម្ពីរ​ក៏​បង្ហាញ​ដែរ​ថា​ក្នុង​អំឡុង​គ្រា​ចុង​ក្រោយ​បង្អស់​នេះ នឹង​មាន​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​មួយ​ចំនួន​តូច​ដែល​នៅ​សល់​នៅ​ផែន​ដី។ (​ការ​បើក​បង្ហាញ ១២:១៧​) ប៉ុន្តែ គម្ពីរ​មិន​បាន​ចែង​ថា​ពួក​គាត់​ប៉ុន្មាន​នាក់​នឹង​នៅ​សល់​ពេល​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង​ចាប់​ផ្ដើម​ឡើយ។

១៥, ១៦​. តើ​យើង​ត្រូវ​យល់​យ៉ាង​ណា​អំពី​ពួក​១៤៤.០០០​នាក់​ដែល​ព្រះ​យេហូវ៉ា​ជ្រើស​រើស?

១៥ ព្រះ​យេហូវ៉ា​សម្រេច​ចិត្ត​ថា​ពេល​ណា​ដែល​លោក​នឹង​ជ្រើស​រើស​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង។ (​រ៉ូម ៨:២៨​-​៣០​) ក្រោយ​ពី​លោក​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ព្រះ​យេហូវ៉ា​បាន​ចាប់​ផ្ដើម​ជ្រើស​រើស​មនុស្ស​ដើម្បី​ឲ្យ​ពួក​គេ​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថាន​សួគ៌។ តាម​មើល​ទៅ​នៅ​សតវត្សរ៍​ទី១ គ្រិស្ត​សាសនិក​ពិត​ទាំង​អស់​បាន​ត្រូវ​រើស​តាំង។ អស់​រាប់​រយ​ឆ្នាំ​ក្រោយ​មក មនុស្ស​ភាគ​ច្រើន​ដែល​អះអាង​ថា​ខ្លួន​ជា​គ្រិស្ត​សាសនិក តាម​ពិត​មិន​បាន​កាន់​តាម​គ្រិស្ត​ទេ។ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ ក្នុង​អំឡុង​ឆ្នាំ​ទាំង​នោះ ព្រះ​យេហូវ៉ា​បាន​រើស​តាំង​បុគ្គល​មួយ​ចំនួន​តូច​ដែល​ជា​គ្រិស្ត​សាសនិក​ពិត។ ពួក​គាត់​គឺ​ប្រៀប​ដូច​ជា​ស្រូវ​សាលី​ដែល​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​នឹង​ដុះ​ក្នុង​ចំណោម​ស្រងែ។ (​ម៉ាថាយ ១៣:២៤​-​៣០​) ក្នុង​អំឡុង​គ្រា​ចុង​ក្រោយ​បង្អស់ ព្រះ​យេហូវ៉ា​បន្ត​ជ្រើស​រើស​មនុស្ស​ដែល​នឹង​ធ្វើ​ជា​សមាជិក​នៃ​ពួក​១៤៤.០០០​នាក់។[២] (​សូម​មើល​កំណត់​នៅ​ចុង​អត្ថបទ​) ហេតុ​នេះ បើ​ព្រះ​សម្រេច​ចិត្ត​ជ្រើស​រើស​អ្នក​ខ្លះ​នៃ​ពួក​អ្នក​ទាំង​នេះ​បន្ដិច​មុន​ទី​បញ្ចប់​មក​ដល់ យើង​ប្រាកដ​ជា​នឹង​ទុក​ចិត្ត​ថា​លោក​កំពុង​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ។ (​អេសាយ ៤៥:៩; ដានីយ៉ែល ៤:៣៥; សូម​អាន រ៉ូម ៩:១១, ១៦​) យើង​ត្រូវ​ប្រយ័ត្ន​មិន​ប្រព្រឹត្ត​ដូច​កម្មករ​ដែល​បាន​ត្អូញត្អែរ​អំពី​របៀប​ដែល​ម្ចាស់​របស់​ពួក​គាត់​បាន​ប្រព្រឹត្ត​ទៅ​លើ​ពួក​អ្នក​ដែល​បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ពី​ម៉ោង​ទី​១១។—សូម​អាន ម៉ាថាយ ២០:៨​-​១៥

១៦ មិន​មែន​មនុស្ស​ទាំង​អស់​ដែល​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​ស្ថាន​សួគ៌​គឺ​ជា​សមាជិក​នៃ​«​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​»​ឡើយ។ (​ម៉ាថាយ ២៤:៤៥​-​៤៧​) ដូច​នៅ​សតវត្សរ៍​ទី១​ដែរ សព្វ​ថ្ងៃ​នេះ​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​កំពុង​ប្រើ​មនុស្ស​មួយ​ចំនួន​តូច​ដើម្បី​ផ្ដល់​អាហារ ឬ​បង្រៀន​មនុស្ស​ជា​ច្រើន។ នៅ​សតវត្សរ៍​ទី១ មាន​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​តែ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ​ដែល​ព្រះ​បាន​ប្រើ​ដើម្បី​សរសេរ​បទ​គម្ពីរ​គ្រិស្ត​សាសនិក​ជា​ភាសា​ក្រិច។ នៅ​សព្វ​ថ្ងៃ​នេះ មាន​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​តែ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ​ដែល​មាន​ភារកិច្ច​ឲ្យ‹អាហារ​តាម​ត្រូវ​ពេល›ដល់​រាស្ត្រ​របស់​ព្រះ។

១៧​. តើ​អ្នក​បាន​រៀន​អ្វី​ពី​អត្ថបទ​នេះ?

១៧ តើ​យើង​បាន​រៀន​អ្វី​ពី​អត្ថបទ​នេះ? ព្រះ​យេហូវ៉ា​បាន​សម្រេច​ចិត្ត​ផ្ដល់​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​នៅ​ផែន​ដី​ដល់​រាស្ត្រ​ភាគ​ច្រើន​របស់​លោក ហើយ​ជីវិត​នៅ​ស្ថាន​សួគ៌​ដល់​ពួក​អ្នក​ដែល​នឹង​គ្រប់​គ្រង​ជា​មួយ​នឹង​លោក​យេស៊ូ។ ព្រះ​យេហូវ៉ា​ឲ្យ​រង្វាន់​ដល់​អ្នក​បម្រើ​ទាំង​អស់​របស់​លោក ទាំង​«​សាសន៍​យូដា​»​ទាំង​«​មនុស្ស​១០​នាក់​»​ ហើយ​លោក​តម្រូវ​ឲ្យ​ពួក​គេ​ធ្វើ​តាម​ច្បាប់​ដូច​គ្នា និង​នៅ​ស្មោះ​ត្រង់​នឹង​លោក។ យើង​ទាំង​អស់​គ្នា​ត្រូវ​មាន​ចិត្ត​រាប​ទាប​ជា​និច្ច។ យើង​ទាំង​អស់​គ្នា​ក៏​ត្រូវ​បម្រើ​លោក​ជា​មួយ​គ្នា ហើយ​មាន​សាមគ្គី​ភាព។ ម្យ៉ាង​ទៀត យើង​ទាំង​អស់​គ្នា​ត្រូវ​ខំ​ព្យាយាម​រក្សា​សេចក្ដី​សុខ​សាន្ត​ក្នុង​ក្រុម​ជំនុំ។ កាល​ដែល​ទី​បញ្ចប់​កាន់​តែ​ជិត​មក​ដល់ សូម​ឲ្យ​យើង​ទាំង​អស់​គ្នា​បន្ត​បម្រើ​ព្រះ​យេហូវ៉ា ហើយ​បន្ត​កាន់​តាម​គ្រិស្ត​ដូច​ជា​ហ្វូង​តែ​មួយ។

^ [​១​] (​វគ្គ​៣​) យោង​ទៅ​តាម​ទំនុក​តម្កើង ៨៧:៥, ៦ នៅ​ពេល​អនាគត ព្រះ​ប្រហែល​ជា​នឹង​បើក​បង្ហាញ​ឈ្មោះ​នៃ​អស់​អ្នក​ដែល​កំពុង​គ្រប់​គ្រង​ជា​មួយ​នឹង​លោក​យេស៊ូ​នៅ​ស្ថាន​សួគ៌។—រ៉ូម ៨:១៩

^ [​២​] (​វគ្គ​១៥​) ទោះ​ជា​សកម្មភាព ២:៣៣​បង្ហាញ​ថា​ព្រះ​បាន​ចាក់​សកម្មពល​បរិសុទ្ធ​តាម​រយៈ​លោក​យេស៊ូ​ក៏​ដោយ ព្រះ​យេហូវ៉ា​គឺ​ជា​អ្នក​ដែល​ជ្រើស​រើស​បុគ្គល​ដែល​នឹង​ត្រូវ​រើស​តាំង​ដោយ​សកម្មពល​របស់​លោក។

គ្រិស្ដសាសនិកម្នាក់និងប្រពន្ធរបស់គាត់បានត្រូវមនុស្សមួយក្រុមចោមរោមដើម្បីថតរូបពួកគាត់

សេចក្ដី​ស្រឡាញ់​«​មិន​ប្រព្រឹត្ត​ឥត​សមរម្យ​»​

សាវ័ក​ប៉ូល​បាន​សរសេរ​ថា​៖ ​«​សេចក្ដី​ស្រឡាញ់​មាន​ចិត្ត​ធ្ងន់​ហើយ​ក៏​សប្បុរស។ សេចក្ដី​ស្រឡាញ់​មិន​ចេះ​ច្រណែន មិន​ចេះ​និយាយ​អួតអាង មិន​ចេះ​ក្រអឺតក្រអោង មិន​ប្រព្រឹត្ត​ឥត​សមរម្យ មិន​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន​»។ (​កូរិនថូស​ទី១ ១៣:៤, ៥​) យើង​«​ប្រព្រឹត្ត​ឥត​សមរម្យ​»​ បើ​យើង​ជា​មនុស្ស​ឥត​គួរ​សម គ្មាន​សុជីវធម៌ ហើយ​មិន​បង្ហាញ​អ្នក​ឯ​ទៀត​ថា​យើង​គោរព​ពួក​គេ។ ផ្ទុយ​ទៅ​វិញ កាល​ណា​យើង​ស្រឡាញ់​បង​ប្អូន​របស់​យើង យើង​គិត​អំពី​អារម្មណ៍​របស់​ពួក​គាត់​មុន​យើង​និយាយ​ឬ​ធ្វើ​អ្វី​មួយ។

យើង​អាច​បង្ហាញ​ថា​យើង​ស្រឡាញ់​ពួក​អ្នក​ដែល​នាំ​មុខ​ក្នុង​អង្គ​ការ​របស់​ព្រះ​យេហូវ៉ា​តាម​របៀប​ដែល​យើង​ប្រព្រឹត្ត​ទៅ​លើ​ពួក​គាត់។ ជួន​កាល បង​ប្អូន​ដែល​បង​ប្អូន​ជា​ច្រើន​នាក់​ស្គាល់​ប្រហែល​ជា​មក​ក្រុម​ជំនុំ​របស់​យើង ឬ​មហា​សន្និបាត​ដែល​យើង​ចូល​រួម។ ពួក​គាត់​ប្រហែល​ជា​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល សមាជិក​បេតអែល សមាជិក​គណៈ​កម្មាធិការ​ការិយាល័យ​សាខា សមាជិក​គណៈ​អភិបាល ឬ​ជំនួយ​ការ​របស់​គណៈ​អភិបាល។ តាម​ធម្មតា យើង​ចង់​បង្ហាញ​ការ​គោរព​ចំពោះ​ពួក​គាត់​និង​ប្រពន្ធ​របស់​ពួក​គាត់ ហើយ​នេះ​ជា​ការ​ល្អ។ យើង​មិន​ចង់​ធ្វើ​ដូច​ឌីអូត្រែប​ដែល​មិន​ទទួល​ស្វាគមន៍​បង​ប្អូន​ដែល​មក​ក្រុម​ជំនុំ​របស់​គាត់ ព្រោះ​គាត់​មិន​គោរព​ពួក​គេ។ (​យ៉ូហាន​ទី៣ ៩, ១០​) ប៉ុន្តែ ទោះ​បី​ជា​យើង​ទទួល​ស្វាគមន៍​បង​ប្អូន​ទាំង​នោះ​ក្ដី តើ​តាម​របៀប​ណា​យើង​នៅ​តែ​អាច​មិន​បង្ហាញ​ការ​គោរព​ចំពោះ​ពួក​គាត់? តើ​នេះ​អាច​កើត​ឡើង​យ៉ាង​ដូច​ម្ដេច?

ទោះ​បី​ជា​យើង​ចូល​ចិត្ត​ជួប​និង​ចូល​ចិត្ត​និយាយ​ជា​មួយ​នឹង​បង​ប្អូន​ទាំង​នោះ​ក្ដី បើ​យើង​ប្រព្រឹត្ត​ទៅ​លើ​ពួក​គាត់​ដូច​ជា​អ្នក​ល្បី​ឈ្មោះ យើង​នឹង​មិន​បង្ហាញ​ការ​គោរព​ចំពោះ​ពួក​គាត់​ទេ។ ជា​ឧទាហរណ៍ បើ​យើង​ថត​រូប​ពួក​គាត់​ដោយ​គ្មាន​ការ​អនុញ្ញាត ឬ​ពេល​ដែល​ពួក​គាត់​មិន​ដឹង​ខ្លួន ដូច​ជា​នៅ​ពេល​ដែល​ពួក​គាត់​កំពុង​បរិភោគ​អាហារ ឬ​កំពុង​ធ្វើ​អ្វី​ផ្សេង​ទៀត តើ​នោះ​បង្ហាញ​សុជីវធម៌​ឬ​ទេ? តើ​យើង​នឹង​សុំ​ពួក​គាត់​ឲ្យ​ចុះ​ហត្ថលេខា​លើ​សៀវភៅ​និង​គម្ពីរ​របស់​យើង​ឬ​ទេ? តើ​យើង​នឹង​ដណ្ដើម​ទៅ​មុន​អ្នក​ឯ​ទៀត ហើយ​ទាម​ទារ​ថត​រូប​ជា​មួយ​នឹង​ពួក​គាត់​ឬ​ទេ? តើ​ការ​ប្រព្រឹត្ត​បែប​នោះ​អាច​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​ពួក​អ្នក​ដែល​ចូល​រួម​មហា​សន្និបាត​របស់​យើង​ជា​លើក​ដំបូង? ពិត​ណាស់ បើ​យើង​ស្រឡាញ់​បង​ប្អូន​របស់​យើង យើង​នឹង​មិន​ធ្វើ​អ្វី​ដូច​នេះ​ទេ។ ផ្ទុយ​ទៅ​វិញ យើង​បង្ហាញ​ការ​គោរព​ចំពោះ​ពួក​គាត់ ពី​ព្រោះ​យើង​យល់​អំពី​មូលហេតុ​ដែល​ពួក​គាត់​មក និង​អំពី​ការ​ខំ​ព្យាយាម​របស់​ពួក​គាត់​សម្រាប់​យើង។

តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​ដឹង​អំពី​របៀប​ប្រព្រឹត្ត​ទៅ​លើ​បង​ប្អូន​របស់​យើង? ទី១ ចូរ​ចាំ​ថា​យើង​គួរ​លើក​កិត្ដិយស​ព្រះ​យេហូវ៉ា។ (​ការ​បើក​បង្ហាញ ៤:១១​) ទី២ ចូរ​ទទួល​ស្គាល់​ថា គឺ​ជា​ការ​ល្អ​ដែល​យើង​គោរព​បង​ប្អូន​ទាំង​នោះ​និង​ប្រពន្ធ​របស់​ពួក​គាត់ ប៉ុន្តែ​យើង​នឹង​មិន​ប្រព្រឹត្ត​ចំពោះ​ពួក​គាត់​ដូច​ជា​ពួក​គាត់​ជា​អ្នក​ល្បី​ឈ្មោះ​ឡើយ។ ពួក​គាត់​ចង់​ឲ្យ​យើង​ប្រព្រឹត្ត​ចំពោះ​ពួក​គាត់​ដូច​ជា​បង​ប្អូន​របស់​យើង។ (​ម៉ាថាយ ២៣:៨​) ទី៣ សូម​ចាំ​ថា​លោក​យេស៊ូ​បាន​បង្រៀន​យើង​ថា​៖ ​«​ម្ល៉ោះ​ហើយ អ្នក​ចង់​ឲ្យ​មនុស្ស​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​អ្នក អ្នក​ក៏​ត្រូវ​ប្រព្រឹត្ត​យ៉ាង​នោះ​ចំពោះ​ពួក​គេ​ដែរ​»។ (​ម៉ាថាយ ៧:១២​) បើ​យើង​ចាំ​អំពី​អ្វី​ៗ​ទាំង​នេះ យើង​នឹង​បង្ហាញ​សេចក្ដី​ស្រឡាញ់​និង​«​មិន​ប្រព្រឹត្ត​ឥត​សមរម្យ​»។

ការ​ពន្យល់​ពាក្យ​ខ្លះ

  • មនុស្ស​១០​នាក់​«​ទៅ​ជា​មួយ​នឹង​»​ជន​ជាតិ​យូដា: ចៀម​ឯ​ទៀត​បម្រើ​ព្រះ​យេហូវ៉ា​ជា​មួយ​នឹង​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង ប៉ុន្តែ​ពួក​គេ​មិន​គិត​ថា​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​គឺ​ជា​អ្នក​ដឹក​នាំ​របស់​ពួក​គេ ឬ​លើក​សរសើរ​និង​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ពេក​ចំពោះ​ពួក​គាត់​ឡើយ។ ផ្ទុយ​ទៅ​វិញ ចៀម​ឯ​ទៀត​ស្រឡាញ់​និង​គោរព​អ្នក​ដែល​ព្រះ​បាន​រើស​តាំង ហើយ​ប្រព្រឹត្ត​ចំពោះ​ពួក​គាត់​ដូច​ជា​បង​ប្អូន​របស់​ពួក​គេ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក