បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w16 មេសា ទំ. ១៥-២០
  • ហេតុអ្វីយើងគួរជួបជុំគ្នាដើម្បីគោរពប្រណិប័តន៍ព្រះ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ហេតុអ្វីយើងគួរជួបជុំគ្នាដើម្បីគោរពប្រណិប័តន៍ព្រះ?
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៦
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • កិច្ច​ប្រជុំ​មាន​ប្រយោជន៍​សម្រាប់​យើង
  • យើង​ជួយ​អ្នក​ឯ​ទៀត​នៅ​កិច្ច​ប្រជុំ
  • យើង​នឹង​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត
  • ចូរ​បន្ត​ជួប​ជុំ​ជា​មួយ​នឹង​បង​ប្អូន​របស់​អ្នក
  • តើកិច្ចប្រជុំរបស់សាក្សីព្រះយេហូវ៉ាអាចជួយអ្នកយ៉ាងដូចម្ដេច?
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
  • គុណសម្បត្ដិផ្សេងៗដែលជំរុញចិត្តយើងឲ្យចូលរួមកិច្ចប្រជុំ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៩
  • តើអ្នករួមចំណែកក្នុងការពង្រឹងកម្លាំងចិត្តគ្នានៅឯកិច្ចប្រជុំឬទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១០
  • របៀបដែលព្រះយេហូវ៉ាកំពុងតែដឹកនាំយើង
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០០
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៦
w16 មេសា ទំ. ១៥-២០
បងខូរីណានិងបងស្រីម្នាក់ទៀតដើរឆ្ងាយដើម្បីចូលរួមកិច្ចប្រជុំនៅតំបន់ស៊ីបេរី

ហេតុ​អ្វី​យើង​គួរ​ជួប​ជុំ​គ្នា​ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ?

​«​ពួក​គេ​បាន​ជួប​ជុំ​គ្នា​នៅ​ឯ​វិហារ​ជា​រៀង​រាល់​ថ្ងៃ​»។—សកម្មភាព ២:៤៦

ចម្រៀង​លេខ: ២០, ២២

ដោយ​ប្រើ​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ​«​មូលហេតុ​ដែល​គួរ​ចូល​រួម​កិច្ច​ប្រជុំ​»​ សូម​ពន្យល់​អំពី . . . 

  • របៀប​ដែល​កិច្ច​ប្រជុំ​ក្រុម​ជំនុំ​មាន​ប្រយោជន៍​សម្រាប់​យើង។

  • របៀប​ដែល​យើង​ជួយ​អ្នក​ឯ​ទៀត ពេល​យើង​ចូល​រួម​កិច្ច​ប្រជុំ។

  • អារម្មណ៍​របស់​ព្រះ​យេហូវ៉ា ពេល​យើង​ចូល​រួម​កិច្ច​ប្រជុំ។

១​-​៣​. (​ក​) តើ​គ្រិស្ត​សាសនិក​បាន​បង្ហាញ​យ៉ាង​ណា​ថា​ពួក​គាត់​ចង់​ជួប​ជុំ​គ្នា? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​) (​ខ​) តើ​យើង​នឹង​ពិចារណា​អ្វី​ខ្លះ​ក្នុង​អត្ថបទ​នេះ?

ពេល​បង​ស្រី​ខូរីណា​មាន​អាយុ​១៧​ឆ្នាំ ម្ដាយ​របស់​គាត់​បាន​ត្រូវ​គេ​ចាប់​ខ្លួន ហើយ​បាន​បញ្ជូន​ទៅ​ជំរំ​ពលកម្ម​ដ៏​ឆ្ងាយ។ ក្រោយ​មក បង​ខូរីណា​ក៏​បាន​ត្រូវ​ចាប់​យក​ទៅ​តំបន់​ស៊ីបេរី​ដែល​នៅ​ចម្ងាយ​រាប់​ពាន់​គីឡូ​ម៉ែត្រ​ពី​ផ្ទះ​របស់​គាត់។ នៅ​ទី​នោះ​គាត់​បាន​ធ្វើ​ការ​នៅ​ឯ​កសិដ្ឋាន ហើយ​គេ​ប្រព្រឹត្ត​ទៅ​លើ​គាត់​ដូច​ជា​ខ្ញុំ​បម្រើ។ ជួន​កាល គាត់​បាន​ត្រូវ​គេ​បង្ខំ​ឲ្យ​ធ្វើ​ការ​នៅ​ខាង​ក្រៅ​ដែល​រងា​យ៉ាង​ខ្លាំង​ដោយ​មិន​មាន​សម្លៀក​បំពាក់​គ្រប់​គ្រាន់​ឲ្យ​គាត់​កក់​ក្ដៅ​ឡើយ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ បង​ខូរីណា​និង​បង​ស្រី​ម្នាក់​ទៀត​បាន​សម្រេច​ចិត្ត​ថា​ពួក​គាត់​នឹង​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ចាក​ចេញ​ពី​កសិដ្ឋាន​នោះ ហើយ​ទៅ​កិច្ច​ប្រជុំ​ក្រុម​ជំនុំ។

២ បង​ខូរីណា​បាន​និយាយ​ថា​៖ ​«​យើង​បាន​ចេញ​ពី​កន្លែង​ធ្វើ​ការ​របស់​យើង​នៅ​ពេល​ល្ងាច ហើយ​បាន​ដើរ​ទៅ​ស្ថានីយ​រថភ្លើង​ដែល​មាន​ចម្ងាយ​២៥​គីឡូ​ម៉ែត្រ (​១៥​ម៉ៃល៍​)។ រថភ្លើង​ចេញ​នៅ​ម៉ោង​ពីរ​ព្រឹក ហើយ​យើង​បាន​ជិះ​រថភ្លើង​នោះ​អស់​៦​ម៉ោង បន្ទាប់​មក​យើង​បាន​ដើរ​អស់​ចម្ងាយ​១០​គីឡូ​ម៉ែត្រ (​៦​ម៉ៃល៍​) ដើម្បី​ទៅ​កន្លែង​ប្រជុំ​នោះ​»។ បង​ខូរីណា​សប្បាយ​ចិត្ត​ណាស់​ដែល​គាត់​បាន​ធ្វើ​ដំណើរ​នោះ។ គាត់​បាន​និយាយ​ថា​៖ ​«​នៅ​កិច្ច​ប្រជុំ យើង​បាន​សិក្សា​ទស្សនាវដ្ដី​ប៉ម​យាម ហើយ​បាន​ច្រៀង​ចម្រៀង​រាជាណាចក្រ។ នោះ​គឺ​ជា​បទ​ពិសោធន៍​ដែល​គួរ​ឲ្យ​លើក​ទឹក​ចិត្ត ហើយ​បាន​ពង្រឹង​ជំនឿ​របស់​យើង​»។ បីថ្ងៃ​ក្រោយ​មក បង​ស្រី​ទាំង​ពីរ​នាក់​នេះ​បាន​ត្រឡប់​មក​កសិដ្ឋាន​នោះ​វិញ ប៉ុន្តែ​កសិករ​នៅ​ទី​នោះ​មិន​បាន​ដឹង​សោះ​ថា​ពួក​គាត់​បាន​ចេញ​ទៅ​ក្រៅ។

៣ រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​តែង​តែ​ទន្ទឹង​រង់​ចាំ​ការ​ជួប​ជុំ​គ្នា។ ជា​ឧទាហរណ៍ គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី១​ចង់​ជួប​ជុំ​គ្នា​ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​និង​រៀន​អំពី​លោក។ (​សកម្មភាព ២:៤៦​) អ្នក​ក៏​ទំនង​ជា​ទន្ទឹង​រង់​ចាំ​ការ​ចូល​រួម​កិច្ច​ប្រជុំ​ដែរ។ ប៉ុន្តែ ដូច​បង​ប្អូន​ទាំង​អស់ អ្នក​ប្រហែល​ជា​ពិបាក​មក​កិច្ច​ប្រជុំ​ជា​ទៀង​ទាត់។ អ្នក​ប្រហែល​ជា​ត្រូវ​ធ្វើ​ការ​ច្រើន​ម៉ោង ឬ​អ្នក​មាន​កិច្ច​ការ​ជា​ច្រើន​ដែល​ត្រូវ​ធ្វើ ឬ​ក៏​អ្នក​តែង​តែ​អស់​កម្លាំង។ ដូច្នេះ តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ? [១] (​សូម​មើល​កំណត់​នៅ​ចុង​អត្ថបទ​) តើ​តាម​របៀប​ណា​យើង​អាច​លើក​ទឹក​ចិត្ត​សិស្ស​គម្ពីរ​របស់​យើង​និង​អ្នក​ឯ​ទៀត​ឲ្យ​មក​កិច្ច​ប្រជុំ​ជា​ទៀង​ទាត់? អត្ថបទ​នេះ​នឹង​ពន្យល់​អំពី​មូលហេតុ​ដែល​ការ​ចូល​រួម​កិច្ច​ប្រជុំ​៖ (​១​) មាន​ប្រយោជន៍​សម្រាប់​យើង (​២​) ជួយ​អ្នក​ឯ​ទៀត និង (​៣​) ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត [២] (​សូម​មើល​កំណត់​នៅ​ចុង​អត្ថបទ​)។

កិច្ច​ប្រជុំ​មាន​ប្រយោជន៍​សម្រាប់​យើង

៤​. តើ​ការ​ជួប​ជុំ​គ្នា​ជួយ​យើង​យ៉ាង​ណា​ឲ្យ​រៀន​អំពី​ព្រះ​យេហូវ៉ា?

៤ កិច្ច​ប្រជុំ​អប់រំ​យើង។ កិច្ច​ប្រជុំ​នីមួយ​ៗ​ជួយ​យើង​ឲ្យ​រៀន​កាន់​តែ​ច្រើន​អំពី​ព្រះ​យេហូវ៉ា។ ជា​ឧទាហរណ៍ នៅ​ពេល​ថ្មី​ៗ​នេះ ក្រុម​ជំនុំ​ភាគ​ច្រើន​បាន​សិក្សា​សៀវភៅ​ចូរ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា ពេល​សិក្សា​គម្ពីរ​ជា​ក្រុម​ជំនុំ។ តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​យើង​បាន​ពិគ្រោះ​អំពី​គុណ​សម្បត្ដិ​របស់​ព្រះ​យេហូវ៉ា និង​ពេល​អ្នក​បាន​ស្ដាប់​អំពី​អារម្មណ៍​របស់​បង​ប្អូន​ចំពោះ​លោក? នេះ​ប្រាកដ​ជា​បាន​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​ស្រឡាញ់​ព្រះ​យេហូវ៉ា។ នៅ​កិច្ច​ប្រជុំ យើង​ក៏​រៀន​ថែម​ទៀត​អំពី​គម្ពីរ​ដោយ​ផ្ចង់​អារម្មណ៍​ទៅ​លើ​សុន្ទរកថា​និង​ការ​សម្ដែង ហើយ​ដោយ​ស្ដាប់​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ពេល​បង​ប្អូន​អាន​គម្ពីរ។ (​នេហេមា ៨:៨​) ម្យ៉ាង​ទៀត សូម​គិត​អំពី​អ្វី​ៗ​ជា​ច្រើន​ដែល​យើង​រក​ឃើញ​ជា​រៀង​រាល់​សប្ដាហ៍​ពេល​យើង​រៀប​ចំ​អំណាន​គម្ពីរ និង​ក្រោយ​មក​ពេល​យើង​ឮ​អំពី​អ្វី​ដែល​អ្នក​ឯ​ទៀត​បាន​រៀន​ពី​បទ​គម្ពីរ​ទាំង​នោះ។

៥​. តើ​តាម​របៀប​ណា​កិច្ច​ប្រជុំ​បាន​ជួយ​អ្នក​ឲ្យ​ប្រើ​អ្វី​ដែល​អ្នក​បាន​រៀន​ពី​គម្ពីរ ហើយ​បាន​ជួយ​អ្នក​ឲ្យ​រីក​ចម្រើន​ក្នុង​កិច្ច​បម្រើ​ផ្សាយ?

៥ កិច្ច​ប្រជុំ​បង្រៀន​យើង​ឲ្យ​អនុវត្ត​នូវ​អ្វី​ដែល​យើង​រៀន​ពី​គម្ពីរ​នៅ​ក្នុង​ជីវិត​របស់​យើង។ (​ថែស្សាឡូនិច​ទី១ ៤:៩, ១០​) ជា​ឧទាហរណ៍ តើ​អ្នក​បាន​ចូល​រួម​ការ​សិក្សា​ទស្សនាវដ្ដី​ប៉ម​យាម​ដែល​បាន​ធ្វើ​ឲ្យ​អ្នក​ចង់​បម្រើ​ព្រះ​យេហូវ៉ា​ច្រើន​ជាង ធ្វើ​ឲ្យ​អ្នក​ចង់​អធិដ្ឋាន​ឲ្យ​កាន់​តែ​មាន​ន័យ​ខ្លឹម​សារ ឬ​ធ្វើ​ឲ្យ​អ្នក​ចង់​អភ័យ​ទោស​ឲ្យ​បង​ប្អូន​ឬ​ទេ? កិច្ច​ប្រជុំ​ដែល​យើង​មាន​ក្នុង​អំឡុង​សប្ដាហ៍​អាច​បង្រៀន​យើង​អំពី​របៀប​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ និង​របៀប​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​យល់​សេចក្ដី​ពិត​ពី​គម្ពីរ។—ម៉ាថាយ ២៨:១៩, ២០

៦​. តើ​តាម​របៀប​ណា​កិច្ច​ប្រជុំ​លើក​ទឹក​ចិត្ត​យើង​និង​ជួយ​យើង​ឲ្យ​នៅ​រឹង​មាំ?

៦ កិច្ច​ប្រជុំ​លើក​ទឹក​ចិត្ត​យើង។ ពិភព​លោក​របស់​សាថាន​ព្យាយាម​ធ្វើ​ឲ្យ​ជំនឿ​របស់​យើង​ចុះ​ខ្សោយ ហើយ​អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​តាន​តឹង​ចិត្ត​និង​ធ្លាក់​ទឹក​ចិត្ត។ ប៉ុន្តែ កិច្ច​ប្រជុំ​របស់​យើង​លើក​ទឹក​ចិត្ត​យើង​និង​ផ្ដល់​ឲ្យ​យើង​នូវ​កម្លាំង​ចិត្ត​ដើម្បី​បន្ត​បម្រើ​ព្រះ​យេហូវ៉ា។ (​សូម​អាន សកម្មភាព ១៥:៣០​-​៣២​) ជា​រឿយ​ៗ យើង​ពិគ្រោះ​អំពី​របៀប​ដែល​ទំនាយ​ក្នុង​គម្ពីរ​បាន​សម្រេច។ នេះ​អាច​ជួយ​យើង​ឲ្យ​កាន់​តែ​ប្រាកដ​ក្នុង​ចិត្ត​ថា​សេចក្ដី​សន្យា​របស់​ព្រះយេហូវ៉ា​សម្រាប់​ពេល​អនាគត​នឹង​ក្លាយ​ទៅ​ជា​ការ​ពិត។ បង​ប្អូន​យើង​មិន​គ្រាន់​តែ​លើក​ទឹក​ចិត្ត​យើង​ពេល​ពួក​គាត់​ថ្លែង​សុន្ទរកថា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​លើក​ទឹក​ចិត្ត​យើង​ពេល​ដែល​ពួក​គាត់​ឆ្លើយ​និង​សរសើរ​ព្រះ​យេហូវ៉ា​ដោយ​ច្រៀង​អស់​ពី​ចិត្ត។ (​កូរិនថូស​ទី១ ១៤:២៦​) ម្យ៉ាង​ទៀត ពេល​យើង​និយាយ​ជា​មួយ​នឹង​ពួក​គាត់​មុន​និង​ក្រោយ​កិច្ច​ប្រជុំ យើង​មាន​កម្លាំង​ចិត្ត​ឡើង​វិញ​ដោយ​សារ​យើង​មាន​មិត្ត​ភក្ដិ​ជា​ច្រើន​ដែល​ពិត​ជា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​យើង។—កូរិនថូស​ទី១ ១៦:១៧, ១៨

កិច្ច​ប្រជុំ​របស់​យើង​លើក​ទឹក​ចិត្ត​យើង​និង​ផ្ដល់​ឲ្យ​យើង​នូវ​កម្លាំង​ចិត្ត​ដើម្បី​បន្ត​បម្រើ​ព្រះ​យេហូវ៉ា

៧​. ហេតុ​អ្វី​គឺ​សំខាន់​ណាស់​ដែល​យើង​នៅ​កិច្ច​ប្រជុំ​របស់​យើង?

៧ នៅ​កិច្ច​ប្រជុំ យើង​ទទួល​ជំនួយ​ពី​សកម្មពល​បរិសុទ្ធ​របស់​ព្រះ។ លោក​យេស៊ូ​ប្រើ​សកម្មពល​បរិសុទ្ធ​នេះ​ដើម្បី​ដឹក​នាំ​ក្រុម​ជំនុំ​នា​នា។ តាម​ពិត លោក​បាន​ប្រាប់​យើង​ថា​យើង​គួរ​«​ស្ដាប់​អ្វី​ដែល​សកម្មពល​ប្រាប់​ដល់​ក្រុម​ជំនុំ​ទាំង​ឡាយ​»។ (​ការ​បើក​បង្ហាញ ២:៧​) សកម្មពល​បរិសុទ្ធ​អាច​ជួយ​យើង​ឲ្យ​ទប់​ទល់​នឹង​ការ​ល្បួង និង​ជួយ​យើង​ឲ្យ​ផ្សព្វ​ផ្សាយ​ដោយ​ចិត្ត​ក្លាហាន។ សកម្មពល​បរិសុទ្ធ​ក៏​អាច​ជួយ​យើង​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ឈ្លាស​វៃ​ដែរ។ នេះ​គឺ​ជា​មូលហេតុ​ដែល​យើង​ត្រូវ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ ហើយ​ទទួល​ជំនួយ​ពី​សកម្មពល​បរិសុទ្ធ​របស់​ព្រះ។

យើង​ជួយ​អ្នក​ឯ​ទៀត​នៅ​កិច្ច​ប្រជុំ

៨​. ពេល​បង​ប្អូន​ឃើញ​យើង​នៅ​កិច្ច​ប្រជុំ ហើយ​ឮ​យើង​ឆ្លើយ​និង​ច្រៀង តើ​នេះ​នឹង​ជួយ​ពួក​គាត់​យ៉ាង​ណា? (​សូម​មើល​ដែរ​នូវ​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា​«​គាត់​តែង​តែ​ចេញ​ពី​កិច្ច​ប្រជុំ​ដោយ​មាន​អារម្មណ៍​ធូរ​ស្រាល​ជាង​»​)

៨ នៅ​កិច្ច​ប្រជុំ យើង​មាន​ឱកាស​ដើម្បី​បង្ហាញ​បង​ប្អូន​យើង​ថា​យើង​ស្រឡាញ់​ពួក​គាត់។ ក្នុង​ក្រុម​ជំនុំ​របស់​យើង មាន​បង​ប្អូន​ជា​ច្រើន​នាក់​ដែល​កំពុង​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​ដ៏​ខ្លាំង។ សាវ័ក​ប៉ូល​បាន​សរសេរ​ថា​៖ ​«​ចូរ​យើង​គិត​អំពី​គ្នា​ទៅ​វិញ​ទៅ​មក​»។ (​ហេប្រឺ ១០:២៤, ២៥​) យើង​អាច​បង្ហាញ​ថា​យើង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បង​ប្អូន​យើង​ដោយ​ជួប​ជុំ​គ្នា​ដើម្បី​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក។ ពេល​យើង​ទៅ​កិច្ច​ប្រជុំ យើង​បង្ហាញ​បង​ប្អូន​យើង​ថា យើង​ចង់​និយាយ​និង​នៅ​ជា​មួយ​នឹង​ពួក​គាត់ ហើយ​ថា​យើង​ចង់​ស្គាល់​អារម្មណ៍​របស់​ពួក​គាត់។ យើង​ក៏​លើក​ទឹក​ចិត្ត​ពួក​គាត់​ដែរ​ពេល​ពួក​គាត់​ឮ​យើង​ឆ្លើយ​និង​ច្រៀង​អស់​ពី​ចិត្ត។—កូឡុស ៣:១៦

៩, ១០​. (​ក​) សូម​ពន្យល់​អំពី​របៀប​ដែល​ពាក្យ​សម្ដី​របស់​លោក​យេស៊ូ​នៅ​យ៉ូហាន ១០:១៦ ជួយ​យើង​ឲ្យ​យល់​អំពី​មូលហេតុ​ដែល​ការ​ជួប​ជុំ​ជា​មួយ​នឹង​បង​ប្អូន​រួម​ជំនឿ​គឺ​សំខាន់។ (​ខ​) បើ​យើង​ចូល​រួម​កិច្ច​ប្រជុំ​ជា​ទៀង​ទាត់ តើ​តាម​របៀប​ណា​យើង​អាច​ជួយ​បង​ប្អូន​ណា​ម្នាក់​ដែល​ត្រូវ​សមាជិក​ក្រុម​គ្រួសារ​លែង​ទទួល​ស្គាល់?

៩ ពេល​យើង​ទៅ​កិច្ច​ប្រជុំ យើង​ជួយ​បង​ប្អូន​ក្នុង​ក្រុម​ជំនុំឲ្យ​នៅ​ជិត​ស្និទ្ធ​គ្នា។ (​សូម​អាន យ៉ូហាន ១០:១៦​) លោក​យេស៊ូ​បាន​ប្រដូច​ខ្លួន​លោក​ទៅ​នឹង​គង្វាល ហើយ​ប្រដូច​អ្នក​កាន់​តាម​លោក​ទៅ​នឹង​ហ្វូង​ចៀម។ សូម​គិត​អំពី​រឿង​នេះ បើ​ចៀម​ពីរ​ក្បាល​នៅ​លើ​ភ្នំ ឯ​ពីរ​ក្បាល​ទៀត​នៅ​ជ្រលង​ភ្នំ ហើយ​ចៀម​មួយ​ក្បាល​ទៀត​នៅ​កន្លែង​ផ្សេង​ទៀត តើ​ចៀម​ទាំង​ប្រាំ​ក្បាល​នោះ​នៅ​ជា​ហ្វូង​ឬ​ទេ? មិន​មែន​ទេ ដោយ​សារ​ហ្វូង​ចៀម​គឺ​នៅ​ជា​មួយ​គ្នា ហើយ​តាម​គង្វាល​របស់​ពួក​វា។ ស្រដៀង​គ្នា​ដែរ យើង​មិន​គួរ​នៅ​ឆ្ងាយ​ពី​បង​ប្អូន​របស់​យើង​ដោយ​មិន​មក​កិច្ច​ប្រជុំ​ឡើយ។ យើង​ត្រូវ​ជួប​ជុំ​គ្នា​ដើម្បី​ទៅ​ជា​«​ហ្វូង​តែ​មួយ​»​ ហើយ​តាម​«​គង្វាល​តែ​ម្នាក់​»។

១០ កិច្ច​ប្រជុំ​របស់​យើង​ជួយ​យើង​ឲ្យ​មាន​សាមគ្គី​ភាព​ជា​ក្រុម​គ្រួសារ​មួយ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់។ (​ទំនុក​តម្កើង ១៣៣:១​) បង​ប្អូន​ខ្លះ​ក្នុង​ក្រុម​ជំនុំ​បាន​ត្រូវ​សមាជិក​ក្រុម​គ្រួសារ​របស់​ខ្លួន​លែង​ទទួល​ស្គាល់ ដូច​ជា​ឪ​ពុក​ម្ដាយ​ឬ​បង​ប្អូន​របស់​ពួក​គាត់​ជា​ដើម។ ប៉ុន្តែ លោក​យេស៊ូ​បាន​សន្យា​ថា​លោក​នឹង​ផ្ដល់​ឲ្យ​ពួក​គាត់​នូវ​ក្រុម​គ្រួសារ​ដែល​នឹង​ស្រឡាញ់​និង​ថែ​រក្សា​ពួក​គាត់។ (​ម៉ាកុស ១០:២៩, ៣០​) បើ​អ្នក​ចូល​រួម​កិច្ច​ប្រជុំ​ជា​ទៀង​ទាត់ អ្នក​អាច​ដូច​ជា​ឪ​ពុក ម្ដាយ បង​ប្អូន​ប្រុស ឬ​បង​ប្អូន​ស្រី ចំពោះ​បង​ប្អូន​ណា​ម្នាក់​ក្នុង​ក្រុម​ជំនុំ។ ពេល​យើង​គិត​អំពី​រឿង​នេះ យើង​ចង់​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​ទាំង​អស់។

គាត់​តែង​តែ​ចេញ​ពី​កិច្ច​ប្រជុំ​ដោយ​មាន​អារម្មណ៍​ធូរ​ស្រាល​ជាង

​«​នៅ​ពេល​ថ្មី​ៗ​នេះ ខ្ញុំ​មាន​បញ្ហា​សុខភាព​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​ទៅ​កិច្ច​ប្រជុំ។ ប៉ុន្តែ ពេល​ដែល​ខ្ញុំ​នៅ​ទី​នោះ ខ្ញុំ​អាច​ទទួល​អ្វី​ៗ​ដែល​ព្រះ​យេហូវ៉ា​បាន​រៀប​ចំ​ដែល​ប្រៀប​ដូច​ជា​អាហារ​ដើម្បី​ពង្រឹង​ជំនឿ​របស់​យើង។ ទោះ​បី​ជា​ខ្ញុំ​មក​កិច្ច​ប្រជុំ​ដោយ​ឈឺ​ជង្គង់​យ៉ាង​ខ្លាំង មាន​បញ្ហា​បេះ​ដូង និង​មាន​បញ្ហា​ផ្សេង​ៗ​ពី​ជំងឺ​ទឹក​នោម​ផ្អែម​ក៏​ដោយ ខ្ញុំ​តែង​តែ​ចាក​ចេញ​ពី​កិច្ច​ប្រជុំ​ដោយ​មាន​អារម្មណ៍​ធូរ​ស្រាល​ជាង​អារម្មណ៍​ដែល​ខ្ញុំ​មាន​ពេល​ខ្ញុំ​បាន​មក​ដល់។

​«​ពេល​ដែល​ខ្ញុំ​បាន​ឮ​ក្រុម​ជំនុំ​របស់​យើង​ច្រៀងចម្រៀង​លេខ​៦៨ដែល​មាន​ចំណង​ជើង​ថា ‹សេចក្ដី​អធិដ្ឋាន​របស់​អ្នក​ទន់​ខ្សោយ›ជា​លើក​ទី១ ខ្ញុំ​បាន​ស្រក់​ទឹក​ភ្នែក។ ចម្រៀង​នោះ​ពីរោះ​ណាស់! ឧបករណ៍​សម្រាប់​ជំនួយ​ត្រចៀក​របស់​ខ្ញុំ​ជួយ​ខ្ញុំ​ឲ្យ​ឮ​សំឡេង​បង​ប្អូន​ទាំង​អស់ ហើយ​ខ្ញុំ​ច្រៀង​ជា​មួយ​នឹង​ពួក​គាត់។ ខ្ញុំ​អរ​សប្បាយ​ដែល​ខ្ញុំ​នៅ​ទី​នោះ!​»​ (​បង​ប្រុស​ចច​ដែល​មាន​អាយុ​៥៨​ឆ្នាំ​)។

យើង​នឹង​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត

១១​. តើ​តាម​របៀប​ណា​ការ​ចូល​រួម​កិច្ច​ប្រជុំ​ជួយ​យើង​ឲ្យ​ជូន​ព្រះ​យេហូវ៉ា​នូវ​អ្វី​ដែល​លោក​សម​នឹង​ទទួល?

១១ នៅ​កិច្ច​ប្រជុំ យើង​ជូន​ព្រះ​យេហូវ៉ា​នូវ​អ្វី​ដែល​លោក​សម​នឹង​ទទួល។ ដោយ​សារ​លោក​ជា​អ្នក​បង្កើត​យើង នោះ​យើង​គួរ​អរគុណ លើក​កិត្ដិយស និង​សរសើរ​លោក។ (​សូម​អាន ការ​បើក​បង្ហាញ ៧:១២​) យើង​អាច​ធ្វើ​ដូច្នេះ​នៅ​កិច្ច​ប្រជុំ ពេល​យើង​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា ច្រៀង​ជូន​លោក និង​និយាយ​អំពី​លោក។ យើង​ពិត​ជា​មាន​ឱកាស​ដ៏​អស្ចារ្យ​មែន​ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ជា​រៀង​រាល់​សប្ដាហ៍!

ព្រះ​យេហូវ៉ា​កត់​សម្គាល់​ថា យើង​ពិត​ជា​ចង់​ចូល​រួម​កិច្ច​ប្រជុំ ហើយ​លោក​ឲ្យ​តម្លៃ​ចំពោះ​ការ​ខំ​ប្រឹង​ទាំង​អស់​របស់​យើង​ដើម្បី​ទៅ​ទី​នោះ

១២​. តើ​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​ដែល​យើង​ធ្វើ​តាម​បង្គាប់​របស់​លោក​ដែល​ឲ្យ​ចូល​រួម​កិច្ច​ប្រជុំ?

១២ ព្រះ​យេហូវ៉ា​បាន​បង្កើត​យើង ហើយ​យើង​គួរ​ស្ដាប់​បង្គាប់​លោក។ លោក​បាន​បង្គាប់​យើង​ឲ្យ​បន្ត​ជួប​ជុំ​គ្នា ជា​ពិសេស​កាល​ដែល​យើង​ចូល​កាន់​តែ​ជិត​ដល់​ទី​បញ្ចប់។ ដូច្នេះ ពេល​យើង​ធ្វើ​តាម​បង្គាប់​នោះ ព្រះ​យេហូវ៉ា​ពេញ​ចិត្ត។ (​យ៉ូហាន​ទី១ ៣:២២​) លោក​កត់​សម្គាល់​ថា​យើង​ពិត​ជា​ចង់​ចូល​រួម​កិច្ច​ប្រជុំ ហើយ​លោក​ឲ្យ​តម្លៃ​ចំពោះ​ការ​ខំ​ប្រឹង​ទាំង​អស់​របស់​យើង​ដើម្បី​ទៅ​ទី​នោះ។—ហេប្រឺ ៦:១០

១៣, ១៤​. តើ​តាម​របៀប​ណា​យើង​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​នៅ​កិច្ច​ប្រជុំ?

១៣ ពេល​យើង​ទៅ​កិច្ច​ប្រជុំ យើង​បង្ហាញ​ព្រះ​យេហូវ៉ា​ថា​យើង​ចង់​ចូល​កាន់​តែ​ជិត​លោក​និង​បុត្រ​របស់​លោក។ នៅ​កិច្ច​ប្រជុំ យើង​សិក្សា​គម្ពីរ​និង​រៀន​ពី​ព្រះ​យេហូវ៉ា​អំពី​អ្វី​ដែល​យើង​គួរ​ធ្វើ​និង​អំពី​របៀប​ដែល​យើង​គួរ​រស់​នៅ។ (​អេសាយ ៣០:២០, ២១​) សូម្បី​តែ​ពេល​មនុស្ស​ខ្លះ​ដែល​មិន​បម្រើ​ព្រះ​យេហូវ៉ា​មក​កិច្ច​ប្រជុំ​ក្ដី ពួក​គេ​ទទួល​ស្គាល់​ថា​ព្រះ​កំពុង​ណែនាំ​យើង។ (​កូរិនថូស​ទី១ ១៤:២៣​-​២៥​) ព្រះ​យេហូវ៉ា​កំពុង​ដឹក​នាំ​កិច្ច​ប្រជុំ​របស់​យើង​ដោយ​សកម្មពល​បរិសុទ្ធ​របស់​លោក ហើយ​អ្វី​ដែល​យើង​រៀន​នៅ​ទី​នោះ​គឺ​មក​ពី​លោក។ ដូច្នេះ ពេល​យើង​ទៅ​កិច្ច​ប្រជុំ​យើង​ស្ដាប់​នូវ​អ្វី​ដែល​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍ យើង​មាន​អារម្មណ៍​ថា​លោក​ស្រឡាញ់​យើង​ខ្លាំង​ណាស់ ហើយ​យើង​ចូល​កាន់​តែ​ជិត​លោក។

១៤ លោក​យេស៊ូ​ដែល​ជា​ប្រមុខ​នៃ​ក្រុម​ជំនុំ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​នៅ​កន្លែង​ណា​ដែល​មាន​ពីរ​ឬ​បី​នាក់​ជួប​ជុំ​គ្នា​តាង​នាម​ខ្ញុំ នោះ​ខ្ញុំ​ក៏​នៅ​ក្នុង​ចំណោម​ពួក​គេ​ដែរ​»។ (​ម៉ាថាយ ១៨:២០​) គម្ពីរ​ក៏​ចែង​ដែរ​ថា​លោក​យេស៊ូ​«​ដើរ​នៅ​កណ្ដាល​»​ក្រុម​ជំនុំ​នា​នា។ (​ការ​បើក​បង្ហាញ ១:២០–២:១​) ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​ច្បាស់​ជា​នៅ​ជា​មួយ​នឹង​យើង ហើយ​កំពុង​ពង្រឹង​កម្លាំង​ចិត្ត​យើង​នៅ​កិច្ច​ប្រជុំ​របស់​យើង។ តើ​អ្នក​គិត​ថា​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​លោក​ឃើញ​ថា​អ្នក​កំពុង​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ចូល​ទៅ​ជិត​លោក​និង​បុត្រ​របស់​លោក?

១៥​. តើ​តាម​របៀប​ណា​ការ​ចូល​រួម​កិច្ច​ប្រជុំ​បង្ហាញ​ព្រះ​ថា​យើង​ចង់​ស្ដាប់​បង្គាប់​លោក?

១៥ ពេល​យើង​ទៅ​កិច្ច​ប្រជុំ យើង​បង្ហាញ​ព្រះ​យេហូវ៉ា​ថា​យើង​ចង់​ស្ដាប់​បង្គាប់​លោក។ ព្រះ​យេហូវ៉ា​មិន​បង្ខំ​យើង​ឲ្យ​ធ្វើ​តាម​អ្វី​ដែល​លោក​មាន​ប្រសាសន៍​ទេ។ (​អេសាយ ៤៣:២៣​) ដូច្នេះ ពេល​យើង​សម្រេច​ចិត្ត​ធ្វើ​តាម​បង្គាប់​របស់​លោក​ដែល​ឲ្យ​ចូល​រួម​កិច្ច​ប្រជុំ យើង​បង្ហាញ​លោក​ថា​យើង​ស្រឡាញ់​លោក ហើយ​ថា​យើង​ជឿ​ថា​លោក​មាន​សិទ្ធិ​ប្រាប់​យើង​អំពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ។ (​រ៉ូម ៦:១៧​) ជា​ឧទាហរណ៍ បើ​និយោជក​របស់​យើង​តម្រូវ​ឲ្យ​យើង​ធ្វើ​ការ​ច្រើន​រហូត​ដល់​យើង​មិន​អាច​មក​កិច្ច​ប្រជុំ​ជា​ទៀង​ទាត់ តើ​យើង​នឹង​ធ្វើ​អ្វី? ឬ​ប្រហែល​ជា​រដ្ឋាភិបាល​និយាយ​ថា​បើ​បុគ្គល​ណា​ម្នាក់​ជួប​ជុំ​គ្នា​ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា បុគ្គល​នោះ​នឹង​ត្រូវ​ផាក​ពិន័យ បញ្ជូន​ទៅ​គុក ឬ​ដាក់​ទោស​កាន់​តែ​អាក្រក់​ជាង​នេះ​ទៅ​ទៀត។ ឬ​ក៏​ជួន​កាល យើង​ប្រហែល​ជា​ចង់​ធ្វើ​អ្វី​ផ្សេង​ជា​ជាង​ទៅ​កិច្ច​ប្រជុំ។ ក្នុង​ករណី​ទាំង​នេះ យើង​ត្រូវ​សម្រេច​ចិត្ត​ថា​យើង​នឹង​ធ្វើ​អ្វី។ (​សកម្មភាព ៥:២៩​) ប៉ុន្តែ រាល់​ដង​ដែល​យើង​សម្រេច​ចិត្ត​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា យើង​ធ្វើ​ឲ្យ​លោក​សប្បាយ​ចិត្ត។—សុភាសិត ២៧:១១

ចូរ​បន្ត​ជួប​ជុំ​ជា​មួយ​នឹង​បង​ប្អូន​របស់​អ្នក

១៦, ១៧​. (​ក​) តើ​យើង​ដឹង​យ៉ាង​ដូច​ម្ដេច​ថា​កិច្ច​ប្រជុំ​គឺ​សំខាន់​ណាស់​ចំពោះ​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី១? (​ខ​) តើ​បង​ចច ហ្គានហ្គាស​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​កិច្ច​ប្រជុំ​គ្រិស្ត​សាសនិក?

១៦ ក្រោយ​ពី​ជួប​ជុំ​គ្នា​នៅ​បុណ្យ​ថ្ងៃ​ទី​៥០ នា​ឆ្នាំ​៣៣ គ.ស. គ្រិស្ត​សាសនិក​បាន​ជួប​ជុំ​គ្នា​ជា​ទៀង​ទាត់​ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។ ពួក​គេ​បាន‹បន្ត​ប្រុង​ស្ដាប់​សេចក្ដី​បង្រៀន​របស់​ពួក​សាវ័ក ហើយ​បាន​ជួប​ជុំ​គ្នា​នៅ​ឯ​វិហារ​ជា​រៀង​រាល់​ថ្ងៃ›។ (​សកម្មភាព ២:៤២, ៤៦​) ម្យ៉ាង​ទៀត ពួក​គេ​មិន​បាន​ឈប់​ជួប​ជុំ​គ្នា​ឡើយ សូម្បី​តែ​ពេល​រដ្ឋាភិបាល​រ៉ូម​និង​អ្នក​ដឹក​នាំ​សាសនា​យូដា​បាន​បៀត​បៀន​ពួក​គេ​ក្ដី។ ទោះ​ជា​នោះ​គឺ​មិន​ងាយ​ស្រួល​ក៏​ដោយ ពួក​គេ​បាន​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​បន្ត​ជួប​ជុំ​គ្នា។

១៧ សព្វ​ថ្ងៃ​នេះ អ្នក​បម្រើ​ព្រះ​យេហូវ៉ា​ក៏​ឲ្យ​តម្លៃ​ចំពោះ​កិច្ច​ប្រជុំ ហើយ​ចូល​ចិត្ត​នៅ​ទី​នោះ។ បង​ប្រុស​ចច ហ្គានហ្គាស​ដែល​ធ្លាប់​ជា​សមាជិក​គណៈ​អភិបាល​អស់​រយៈ​ពេល​ជាង​២២​ឆ្នាំ​បាន​និយាយ​ថា​៖ ​«​ចំពោះ​ខ្ញុំ ការ​ជួប​ជុំ​ជា​មួយ​នឹង​បង​ប្អូន​គឺ​ជា​អ្វី​ដ៏​សប្បាយ​ណាស់​ក្នុង​ជីវិត និង​ជា​ប្រភព​នៃ​ការ​លើក​ទឹក​ចិត្ត។ បើ​អាច​ធ្វើ​បាន ខ្ញុំ​ចូល​ចិត្ត​មក​សាល​ប្រជុំ​ក្នុង​ចំណោម​បង​ប្អូន​ដែល​មក​មុន​គេ ហើយ​ចេញ​ក្នុង​ចំណោម​បង​ប្អូន​ដែល​ចេញ​ក្រោយ​គេ។ ខ្ញុំ​មាន​អំណរ​ពេល​និយាយ​ជា​មួយ​នឹង​រាស្ត្រ​របស់​ព្រះ។ ពេល​ខ្ញុំ​នៅ​ក្នុង​ចំណោម​ពួក​គាត់ ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​នៅ​ផ្ទះ​ជា​មួយ​នឹង​ក្រុម​គ្រួសារ​របស់​ខ្ញុំ​ក្នុង​ស្ថានភាព​មួយ​ដែល​ប្រៀប​ដូច​ជា​សួន​ឧទ្យាន​»។ គាត់​បាន​បន្ថែម​ថា​៖ ​«​ក្នុង​ចិត្ត​ថ្លើម​ខ្ញុំ ខ្ញុំ​ពិត​ជា​ចង់​ចូល​រួម​កិច្ច​ប្រជុំ​»។

១៨​. តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​កិច្ច​ប្រជុំ​របស់​យើង ហើយ​តើ​អ្នក​តាំង​ចិត្ត​ធ្វើ​អ្វី?

១៨ តើ​អ្នក​ក៏​មាន​អារម្មណ៍​បែប​នេះ​ចំពោះ​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ឬ​ទេ? បើ​ដូច្នេះ ចូរ​បន្ត​ព្យាយាម​អស់​ពី​សមត្ថភាព​ដើម្បី​នៅ​ជា​មួយ​នឹង​បង​ប្អូន​នៅ​ឯ​កិច្ច​ប្រជុំ សូម្បី​តែ​ពេល​ពិបាក​ធ្វើ​ដូច្នេះ​ក៏​ដោយ។ ចូរ​បង្ហាញ​ព្រះ​យេហូវ៉ា​ថា​អ្នក​ពិត​ជា​មាន​អារម្មណ៍​ដូច​ស្តេច​ដាវីឌ​ដែល​បាន​និយាយ​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​អើយ ទូល​បង្គំ​ស្រឡាញ់ . . . នៅ​ដំណាក់​ទ្រង់​»។—ទំនុក​តម្កើង ២៦:៨

^ [​១​] (​វគ្គ​៣​) បង​ប្អូន​ខ្លះ​មិន​អាច​ទៅ​កិច្ច​ប្រជុំ​ជា​ទៀង​ទាត់​បាន​ដោយ​សារ​ពួក​គាត់​ស្ថិត​ក្នុង​ស្ថានភាព​មួយ​ដែល​ពួក​គាត់​មិន​អាច​កែ​ប្រែ។ ជា​ឧទាហរណ៍ ពួក​គាត់​ប្រហែល​ជា​ឈឺ​ធ្ងន់។ ពួក​គាត់​អាច​ប្រាកដ​ថា​ព្រះ​យេហូវ៉ា​យល់​អំពី​ស្ថានភាព​របស់​ពួក​គាត់ ហើយ​ឲ្យ​តម្លៃ​យ៉ាង​ខ្លាំង​ចំពោះ​អ្វី​ទាំង​អស់​ដែល​ពួក​គាត់​ធ្វើ​ដើម្បី​គោរព​ប្រណិប័តន៍​លោក។ ពួក​អ្នក​ចាស់​ទុំ​អាច​ជួយ​បង​ប្អូន​ទាំង​នេះ​ឲ្យ​ស្ដាប់​កម្ម​វិធី​នៅ​កិច្ច​ប្រជុំ ប្រហែល​ជា​ដោយ​ត​ភ្ជាប់​តាម​ទូរស័ព្ទ ឬ​ថត​ទុក​ជា​សម្លេង​សម្រាប់​ពួក​គាត់។

^ [​២​] (​វគ្គ​៣​) សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា​«​មូលហេតុ​ដែល​គួរ​ចូល​រួម​កិច្ច​ប្រជុំ​»។

កិច្ចប្រជុំក្រុមជំនុំកំពុងធ្វើឡើង

មូលហេតុ​ដែល​គួរ​ចូល​រួម​កិច្ច​ប្រជុំ

  1. ១​. យើង​ទទួល​ការ​បង្ហាត់​បង្រៀន​ពី​ព្រះ​យេហូវ៉ា។

  2. ២​. យើង​ទទួល​ការ​លើក​ទឹក​ចិត្ត។

  3. ៣​. យើង​ទទួល​ជំនួយ​ពី​សកម្មពល​បរិសុទ្ធ​របស់​ព្រះ។

  4. ៤​. យើង​មាន​ឱកាស​បង្ហាញ​បង​ប្អូន​ថា​យើង​ស្រឡាញ់​ពួក​គាត់។

  5. ៥​. យើង​នៅ​ជិត​ស្និទ្ធ​នឹង​បង​ប្អូន​របស់​យើង។

  6. ៦​. យើង​ជូន​ព្រះ​យេហូវ៉ា​នូវ​អ្វី​ដែល​លោក​សម​នឹង​ទទួល។

  7. ៧​. យើង​បង្ហាញ​ព្រះ​យេហូវ៉ា​ថា​យើង​ចង់​ចូល​កាន់​តែ​ជិត​លោក​និង​បុត្រ​របស់​លោក។

  8. ៨​. យើង​បង្ហាញ​ព្រះ​យេហូវ៉ា​ថា​យើង​ចង់​ស្ដាប់​បង្គាប់​លោក។

ការ​ពន្យល់​ពាក្យ​ខ្លះ

  • យើង​ជួប​ជុំ​គ្នា​ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ: យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា ហើយ​ចង់​ស្ដាប់​បង្គាប់​លោក ដូច្នេះ​យើង​ពិត​ជា​ចង់​សរសើរ​លោក​ជា​មួយ​នឹង​បង​ប្អូន​រួម​ជំនឿ​របស់​យើង។ នៅ​ឯ​កិច្ច​ប្រជុំ យើង​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា ច្រៀង​ជូន​លោក និង​និយាយ​អំពី​លោក ហើយ​នេះ​ធ្វើ​ឲ្យ​លោក​សប្បាយ​ចិត្ត

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក