ជីវប្រវត្ដិ
ដូនជីក្លាយទៅជាបងប្អូនរួមជំនឿដ៏ពិត
ច្រើនឆ្នាំមុន អារ៉ាសេលីដែលជាប្អូនស្រីរបស់ខ្ញុំបានខឹង ហើយស្រែកដាក់ខ្ញុំថា៖ «ឈប់និយាយទៀត។ ខ្ញុំមិនចង់ស្ដាប់អ្វីទៀតអំពីសាសនារបស់បងទេ។ វាធ្វើឲ្យខ្ញុំមានអារម្មណ៍មិនស្រណុកក្នុងខ្លួនសោះ។ ខ្ញុំស្អប់បងឯង!»។ ពាក្យសម្ដីរបស់នាងធ្វើឲ្យខ្ញុំឈឺចិត្តខ្លាំងណាស់។ ឥឡូវខ្ញុំមានអាយុ៩១ឆ្នាំ ហើយខ្ញុំនៅតែនឹកចាំពាក្យទាំងនោះយ៉ាងច្បាស់។ ប៉ុន្តែ ដូចសាស្ដា ៧:៨ចែងថា៖ «ការបង្ហើយអ្វីៗ នោះវិសេសជាងចាប់ផ្ដើមការទៅទៀត» (បងហ្វេលីសា)។
បងហ្វេលីសា: ខ្ញុំបានធំឡើងក្នុងក្រុមគ្រួសារសាមញ្ញមួយនៅប្រទេសអេស្ប៉ាញ។ ក្រុមគ្រួសាររបស់ខ្ញុំកាន់សាសនាកាតូលិក ហើយយើងជាអ្នកដែលកាន់ខ្ជាប់តាមសាសនានោះខ្លាំងណាស់។ តាមពិត សាច់ញាតិ១៣នាក់របស់ខ្ញុំគឺជាបូជាចារ្យ ឬជាអ្នកធ្វើការឲ្យវិហារ។ បងប្រុសជីដូនមួយរបស់ម្ដាយខ្ញុំបានធ្វើជាបូជាចារ្យនិងជាគ្រូបង្រៀនម្នាក់ក្នុងសាលាកាតូលិក។ ក្រោយពីបងជីដូនមួយនោះបានស្លាប់ ចន ផលទី២ដែលបានធ្វើជាសម្ដេចប៉ាបបានលើកកិត្ដិយសគាត់ដោយប្រកាសថាគាត់ទៅជាអ្នកដែលមានពរ។ ឪពុករបស់ខ្ញុំគឺជាជាងដែក ហើយម្ដាយរបស់ខ្ញុំជាកសិករ។ យើងមានបងប្អូន៨នាក់ ហើយខ្ញុំជាកូនបងគេ។
ពេលខ្ញុំមានអាយុ១២ឆ្នាំ សង្គ្រាមស៊ីវិលបានចាប់ផ្ដើមនៅប្រទេសអេស្ប៉ាញ។ ក្រោយសង្គ្រាមនោះ ឪពុករបស់ខ្ញុំបានត្រូវបញ្ជូនទៅគុក ដោយសាររដ្ឋាភិបាលមិនចូលចិត្តគំនិតនយោបាយរបស់គាត់។ នោះធ្វើឲ្យម្ដាយរបស់ខ្ញុំពិបាករកអាហារគ្រប់គ្រាន់សម្រាប់យើងទាំងអស់គ្នា។ ដូច្នេះ ម្ដាយខ្ញុំបានបញ្ជូនអារ៉ាសេលី ឡោរី និងរ៉ាម៉ូនីដែលជាប្អូនស្រីបីនាក់របស់ខ្ញុំឲ្យទៅរស់នៅជាមួយនឹងដូនជីនៅព្រះសហគមន៍កាតូលិកក្នុងក្រុងប៊ីលបោ។ នៅទីនោះប្អូនស្រីៗរបស់ខ្ញុំអាចមានអាហារគ្រប់គ្រាន់ដើម្បីបរិភោគ។
បងអារ៉ាសេលី: នៅពេលនោះ ខ្ញុំមានអាយុ១៤ឆ្នាំ ឡោរីមានអាយុ១២ឆ្នាំ ហើយរ៉ាម៉ូនីមានអាយុ១០ឆ្នាំ។ យើងនឹកក្រុមគ្រួសាររបស់យើងខ្លាំងណាស់។ នៅព្រះសហគមន៍កាតូលិក ការងាររបស់យើងគឺការសម្អាត។ ពីរឆ្នាំក្រោយមក ដូនជីបានបញ្ជូនយើងទៅព្រះសហគមន៍ធំនៃសាសនាកាតូលិកនៅក្រុងហ្សារ៉ាហ្គោហ្សាដែលជាកន្លែងសម្រាប់ថែរក្សាមនុស្សវ័យចាស់។ យើងត្រូវខំព្យាយាមសម្អាតផ្ទះបាយ ហើយនេះធ្វើឲ្យយើងអស់កម្លាំងណាស់។
បងហ្វេលីសា: ពេលប្អូនស្រីរបស់ខ្ញុំបានទៅព្រះសហគមន៍កាតូលិកនៅក្រុងហ្សារ៉ាហ្គោហ្សា ម្ដាយខ្ញុំនិងពូរបស់ខ្ញុំដែលជាបូជាចារ្យនៅទីនោះ បានសម្រេចចិត្តបញ្ជូនខ្ញុំទៅទីនោះដែរ។ ពួកគាត់ចង់ឲ្យខ្ញុំនៅឆ្ងាយពីក្មេងប្រុសម្នាក់ដែលចាប់អារម្មណ៍ខ្ញុំ។ ខ្ញុំទន្ទឹងរង់ចាំចំណាយពេលមួយរយៈនៅព្រះសហគមន៍កាតូលិក ដោយសារខ្ញុំស្រឡាញ់ព្រះ។ ខ្ញុំបានទៅវិហាររាល់ថ្ងៃ ហើយខ្ញុំថែមទាំងចង់ក្លាយទៅជាសាសនទូតខាងសាសនាកាតូលិកដូចបងប្អូនជីដូនមួយរបស់ខ្ញុំដែលនៅទ្វីបអាហ្វ្រិក។
ខាងឆ្វេង: ព្រះសហគមន៍សាសនាកាតូលិកនៅក្រុងហ្សារ៉ាហ្គោហ្សា ប្រទេសអេស្ប៉ាញ; ខាងស្ដាំ:សេចក្ដីបកប្រែគម្ពីរណាខាខូលូនហ្គា
ប៉ុន្តែ នៅឯសហគមន៍នោះ ខ្ញុំមានអារម្មណ៍ថាខ្ញុំមិនអាចធ្វើអ្វីជាច្រើនដូចដែលខ្ញុំចង់ធ្វើនោះទេ។ ដូនជីមិនលើកទឹកចិត្តខ្ញុំឲ្យបម្រើព្រះនៅប្រទេសផ្សេងទៀត ដូចដែលខ្ញុំបានសង្ឃឹមទុកឡើយ។ ដូច្នេះមួយឆ្នាំក្រោយមក ខ្ញុំបានត្រឡប់ទៅផ្ទះវិញ ហើយមើលថែរក្សាពូរបស់ខ្ញុំដែលជាបូជាចារ្យ។ ខ្ញុំបានធ្វើកិច្ចការផ្ទះឲ្យគាត់ ហើយរាល់ល្ងាចយើងបានអធិដ្ឋានជាមួយគ្នាដោយកាន់ខ្សែអង្កាំ។ ខ្ញុំក៏ចូលចិត្តរៀបចំផ្កាដាក់ក្នុងវិហារ ព្រមទាំងស្លៀកពាក់ឲ្យរូបសំណាកម៉ារៀនិងរូបសំណាក«អ្នកបរិសុទ្ធ»។
បងអារ៉ាសេលី: កាលដែលខ្ញុំនៅក្រុងហ្សារ៉ាហ្គោហ្សា ខ្ញុំបានធ្វើសម្បថលើកទី១ដែលគេតម្រូវឲ្យធ្វើដើម្បីក្លាយទៅជាដូនជី។ ក្រោយមក ដូនជីបានសម្រេចចិត្តឲ្យយើងបីនាក់រស់នៅកន្លែងផ្សេងពីគ្នា។ ហេតុនេះ ពួកគេបានបញ្ជូនខ្ញុំទៅព្រះសហគមន៍កាតូលិកនៅក្រុងម៉ាឌ្រីដ ហើយបញ្ជូនឡោរីទៅព្រះសហគមន៍កាតូលិកនៅក្រុងវ៉ាឡេនស៊ា។ រ៉ាម៉ូនីបានបន្តស្នាក់នៅក្រុងហ្សារ៉ាហ្គោហ្សា។ នៅក្រុងម៉ាឌ្រីដ ខ្ញុំបានស្បថជាលើកទី២ដើម្បីក្លាយទៅជាដូនជី។ មនុស្សជាច្រើនបានមកស្នាក់នៅឯសហគមន៍នោះ ដូចជាសិស្សសាលានិងមនុស្សដែលមានវ័យចាស់ជាដើម។ ដូច្នេះ នៅទីនោះមានកិច្ចការជាច្រើនដែលត្រូវធ្វើ។ ខ្ញុំបានធ្វើការនៅក្នុងមន្ទីរពេទ្យព្រះសហគមន៍កាតូលិក។
ខ្ញុំទន្ទឹងរង់ចាំជីវិតជាដូនជី។ ខ្ញុំបានគិតថាយើងនឹងចំណាយពេលជាច្រើនដើម្បីអាននិងរៀនគម្ពីរ។ ប៉ុន្តែ ខ្ញុំបានខកចិត្ត។ គ្មានអ្នកណាប្រើគម្ពីរ ឬក៏និយាយអំពីព្រះឬលោកយេស៊ូឡើយ។ ខ្ញុំបានរៀនភាសាឡាតាំងខ្លះ បានសិក្សាអំពីជីវិតរបស់«អ្នកបរិសុទ្ធ»នៃសាសនាកាតូលិក ហើយបានគោរពបូជាម៉ារៀ។ ប៉ុន្តែ ស្ទើរតែគ្រប់ពេល យើងគ្រាន់តែខំប្រឹងធ្វើការប៉ុណ្ណោះ។
ខ្ញុំបានចាប់ផ្ដើមតានតឹងចិត្តនិងព្រួយបារម្ភ។ ខ្ញុំមានអារម្មណ៍ថាខ្ញុំគួរធ្វើការដែលបានប្រាក់ខែដើម្បីផ្គត់ផ្គង់ក្រុមគ្រួសាររបស់ខ្ញុំជាជាងធ្វើការនៅព្រះសហគមន៍កាតូលិកដែលធ្វើឲ្យអ្នកឯទៀតទៅជាអ្នកមាន។ ដូច្នេះ ខ្ញុំបាននិយាយរឿងនេះជាមួយនឹងដូនជីដែលមានឋានៈខ្ពស់ ហើយប្រាប់គាត់ថាខ្ញុំចង់ចាកចេញពីសហគមន៍។ ប៉ុន្តែ គាត់បានឃុំខ្ញុំក្នុងបន្ទប់តូចមួយ។ គាត់គិតថានេះនឹងធ្វើឲ្យខ្ញុំព្រមស្នាក់នៅទីនោះទៀត។
ដូនជីបានឲ្យខ្ញុំចេញពីបន្ទប់តូចនោះ ប៉ុន្តែពេលពួកគេឃើញថាខ្ញុំនៅតែចង់ចាកចេញពីសហគមន៍ នោះពួកគេបានឃុំខ្ញុំក្នុងបន្ទប់តូចនោះម្ដងទៀត។ ក្រោយពីចាប់ខ្ញុំឃុំអស់បីដង ពួកគេបាននិយាយថាខ្ញុំអាចចាកចេញបានបើខ្ញុំសរសេរថា៖ «ខ្ញុំចាកចេញពីទីនេះដោយសារខ្ញុំចង់បម្រើសាថានជាជាងបម្រើព្រះ»។ ខ្ញុំភ្ញាក់ផ្អើលណាស់។ ខ្ញុំពិតជាចង់ចាកចេញ ប៉ុន្តែខ្ញុំមិនអាចសរសេរពាក្យទាំងនោះទេ។ នៅទីបំផុត ខ្ញុំបាននិយាយថាខ្ញុំចង់និយាយជាមួយនឹងបូជាចារ្យ ហើយបានប្រាប់បូជាចារ្យនោះអំពីអ្វីដែលបានកើតឡើង។ បូជាចារ្យនោះបានទទួលការអនុញ្ញាតពីអភិបាលសាសនាកាតូលិកឲ្យបញ្ជូនខ្ញុំត្រឡប់ទៅព្រះសហគមន៍កាតូលិកនៅក្រុងហ្សារ៉ាហ្គោហ្សាវិញ។ ក្រោយពីខ្ញុំបាននៅទីនោះអស់រយៈពេលប៉ុន្មានខែ ខ្ញុំបានត្រូវអនុញ្ញាតឲ្យចាកចេញ។ មិនយូរក្រោយមក ឡោរីនិងរ៉ាម៉ូនីក៏បានចាកចេញពីសហគមន៍របស់ពួកគាត់ដែរ។
សៀវភៅដែលធ្វើឲ្យយើងបែកបាក់គ្នា
បងហ្វេលីសា
បងហ្វេលីសា: មួយរយៈពេលក្រោយមក ខ្ញុំបានរៀបការ ហើយទៅរស់នៅខេត្តខាន់ថាប្រៀ ប្រទេសអេស្ប៉ាញ។ ខ្ញុំនៅតែទៅវិហារជាទៀងទាត់។ នាថ្ងៃអាទិត្យមួយនៅវិហារ បូជាចារ្យបានស្រែកទាំងកំហឹងថា៖ «មើលសៀវភៅនេះ!»។ គាត់បានបង្ហាញយើងសៀវភៅដែលមានចំណងជើងថា សេចក្ដីពិតដែលនាំទៅដល់ជីវិតដែលគ្មានទីបញ្ចប់ (The Truth That Leads to Eternal Life)។ គាត់បាននិយាយថា៖ «បើអ្នកណាម្នាក់បានឲ្យអ្នករាល់គ្នាសៀវភៅនេះ សូមយកវាមកឲ្យខ្ញុំឬបោះវាចោលទៅ!»។
ខ្ញុំមិនមានសៀវភៅនោះទេ ប៉ុន្តែខ្ញុំចង់បានមួយក្បាល។ ប៉ុន្មានថ្ងៃក្រោយមក ស្ត្រីពីរនាក់បានមកផ្ទះរបស់ខ្ញុំ។ ពួកគាត់ជាសាក្សីព្រះយេហូវ៉ា ហើយពួកគាត់បានស្នើផ្ដល់សៀវភៅនោះដល់ខ្ញុំ។ ខ្ញុំបានអានវានៅយប់នោះតែម្ដង។ ពេលបងស្រីទាំងនោះត្រឡប់មកវិញ ពួកគាត់បានសួរខ្ញុំថាចង់សិក្សាគម្ពីរទេ ហើយខ្ញុំបាននិយាយថាខ្ញុំចង់។
សៀវភៅសេចក្ដីពិត(Truth)
ខ្ញុំតែងតែចង់ធ្វើឲ្យព្រះពេញចិត្ត។ ក្រោយមក ខ្ញុំបានរៀនសេចក្ដីពិតអំពីព្រះយេហូវ៉ា ហើយបានចាប់ផ្ដើមស្រឡាញ់លោកយ៉ាងជ្រាលជ្រៅ។ ខ្ញុំចង់ប្រាប់មនុស្សគ្រប់គ្នាអំពីលោក។ នៅឆ្នាំ១៩៧៣ ខ្ញុំបានទទួលការជ្រមុជទឹក។ ពេលណាដែលអាចធ្វើបាន ខ្ញុំព្យាយាមនិយាយប្រាប់ក្រុមគ្រួសាររបស់ខ្ញុំអំពីសេចក្ដីពិត។ ប៉ុន្តែ ក្រុមគ្រួសាររបស់ខ្ញុំ ជាពិសេសអារ៉ាសេលីដែលជាប្អូនស្រីរបស់ខ្ញុំចេះតែនិយាយថាអ្វីដែលខ្ញុំជឿគឺខុស។
បងអារ៉ាសេលី: ដោយសារគេបានប្រព្រឹត្តយ៉ាងអាក្រក់មកលើខ្ញុំនៅសហគមន៍នោះ ខ្ញុំខឹង ហើយមិនពេញចិត្តនឹងសាសនារបស់ខ្ញុំទេ។ ប៉ុន្តែ ខ្ញុំបានបន្តទៅវិហាររាល់ថ្ងៃអាទិត្យ ហើយជារៀងរាល់ថ្ងៃខ្ញុំបានអធិដ្ឋានដោយកាន់ខ្សែអង្កាំ។ ខ្ញុំនៅតែចង់យល់អំពីគម្ពីរ ហើយខ្ញុំបានសុំព្រះឲ្យជួយខ្ញុំ។ ក្រោយមក បងហ្វេលីសាបានប្រាប់ខ្ញុំអំពីអ្វីដែលគាត់បានរៀន។ គាត់រំភើបចិត្តអំពីអ្វីដែលគាត់ជឿខ្លាំងដល់ម្ល៉េះបានជាខ្ញុំបានគិតថាគាត់ជឿស៊ប់ខ្លាំងពេក។ ខ្ញុំមិនយល់ស្របនឹងអ្វីដែលគាត់និយាយទេ។
បងអារ៉ាសេលី
ក្រោយមក ខ្ញុំបានត្រឡប់ទៅក្រុងម៉ាឌ្រីដវិញដើម្បីធ្វើការ ហើយបន្ទាប់មកខ្ញុំបានរៀបការ។ យូរៗទៅ ខ្ញុំបានកត់សម្គាល់ថាមនុស្សដែលបានទៅវិហារជាទៀងទាត់មិនបានរស់នៅសមស្របតាមសេចក្ដីបង្រៀនរបស់លោកយេស៊ូទេ។ ដូច្នេះ ខ្ញុំបានឈប់ទៅវិហារទៀត។ ខ្ញុំលែងជឿទៅលើ«អ្នកបរិសុទ្ធ» ឬភ្លើងនរក ហើយខ្ញុំមិនបានគិតថាបូជាចារ្យអាចអភ័យទោសអំពើខុសឆ្គងឡើយ។ ខ្ញុំថែមទាំងបោះចោលរូបសំណាកទាំងអស់ដែលទាក់ទងនឹងសាសនា។ ខ្ញុំមិនដឹងថាខ្ញុំកំពុងធ្វើអ្វីដែលត្រឹមត្រូវឬយ៉ាងណាទេ។ ខ្ញុំបានខកចិត្ត ប៉ុន្តែខ្ញុំបានបន្តអធិដ្ឋានទៅព្រះថា៖ «ខ្ញុំចង់ស្គាល់លោក។ សូមជួយខ្ញុំផង!»។ ខ្ញុំចាំថាសាក្សីព្រះយេហូវ៉ាបានគោះទ្វារផ្ទះរបស់ខ្ញុំអស់ជាច្រើនដង តែខ្ញុំមិនដែលបើកទ្វារទេ។ ខ្ញុំមិនទុកចិត្តសាសនាណាទាំងអស់។
ប្អូនខ្ញុំឡោរីបានរស់នៅប្រទេសបារាំង ហើយរ៉ាម៉ូនីបានរស់នៅប្រទេសអេស្ប៉ាញ។ ប្រហែលជានៅឆ្នាំ១៩៨០ ពួកគាត់បានចាប់ផ្ដើមសិក្សាគម្ពីរជាមួយនឹងសាក្សីព្រះយេហូវ៉ា។ ខ្ញុំប្រាកដថាពួកគាត់ក៏ដូចបងហ្វេលីសាដែរគឺមិនដឹងថាខ្លួនកំពុងរៀនអ្វីដែលមិនពិត។ ក្រោយមក ខ្ញុំបានជួបបងស្រីអានជឺលីណេសដែលជាអ្នកជិតខាងម្នាក់របស់ខ្ញុំ ហើយយើងបានទៅជាមិត្តភក្ដិជិតស្និទ្ធនឹងគ្នា។ គាត់ក៏ជាសាក្សីព្រះយេហូវ៉ាម្នាក់ដែរ។ បងអានជឺលីណេសនិងប្ដីរបស់គាត់បានសួរខ្ញុំជាច្រើនដងថាខ្ញុំចង់សិក្សាគម្ពីរជាមួយនឹងពួកគាត់ឬយ៉ាងណា។ ពួកគាត់បានទទួលស្គាល់ថាទោះជាខ្ញុំបាននិយាយថាខ្ញុំមិនយកចិត្តទុកដាក់អំពីរឿងសាសនាក៏ដោយ ខ្ញុំពិតជាចង់ដឹងអំពីគម្ពីរ។ នៅទីបំផុត ខ្ញុំបានប្រាប់ពួកគាត់ថា៖ «អ៊ីចឹងក៏បាន។ ខ្ញុំនឹងយល់ព្រមសិក្សាជាមួយនឹងបង ប៉ុន្តែ លុះត្រាតែខ្ញុំអាចប្រើគម្ពីររបស់ខ្ញុំ!»។ ខ្ញុំមានសេចក្ដីបកប្រែគម្ពីរណាខាខូលូនហ្គា។
នៅទីបំផុតគម្ពីរធ្វើឲ្យយើងមានសាមគ្គីភាព
បងហ្វេលីសា: ពេលខ្ញុំបានទទួលការជ្រមុជទឹកនៅឆ្នាំ១៩៧៣ មានសាក្សីប្រហែលជា៧០នាក់នៅក្រុងសាន់តាន់ឌា ដែលជាទីរួមខេត្តខាន់ថាប្រៀ។ យើងត្រូវធ្វើដំណើរឆ្ងាយដើម្បីផ្សព្វផ្សាយដល់មនុស្សទាំងអស់ដែលរស់នៅរាប់រយភូមិក្នុងខេត្តនោះ។ ដូច្នេះ យើងបានធ្វើដំណើរតាមឡានក្រុង ហើយក្រោយមកតាមឡានដើម្បីទៅពីភូមិមួយទៅភូមិមួយ។
ក្នុងជីវិតរបស់ខ្ញុំ ខ្ញុំបានបង្រៀនគម្ពីរដល់មនុស្សជាច្រើន ហើយ១១នាក់ក្នុងចំណោមពួកគាត់បានទទួលការជ្រមុជទឹក។ មនុស្សភាគច្រើនដែលខ្ញុំបង្រៀនគឺជាអ្នកកាន់សាសនាកាតូលិក។ ខ្ញុំត្រូវមានចិត្តអត់ធ្មត់ចំពោះពួកគាត់។ ដូចខ្ញុំដែរ ពួកគាត់ត្រូវការពេលដើម្បីទទួលស្គាល់ថាអ្វីដែលពួកគាត់ជឿគឺខុស។ ខ្ញុំបានដឹងថាមានតែគម្ពីរនិងសកម្មពលបរិសុទ្ធរបស់ព្រះយេហូវ៉ាប៉ុណ្ណោះដែលអាចជួយបុគ្គលម្នាក់ឲ្យផ្លាស់ប្ដូររបៀបគិតគូររបស់គាត់ ហើយយល់សេចក្ដីពិត។ (ហេប្រឺ ៤:១២) បងព្យេនវេនីដូដែលជាប្ដីរបស់ខ្ញុំ ហើយដែលធ្លាប់ជាប៉ូលិស បានទទួលការជ្រមុជទឹកនៅឆ្នាំ១៩៧៩ ហើយម្ដាយរបស់ខ្ញុំបានចាប់ផ្ដើមសិក្សាគម្ពីរមិនយូរមុនគាត់ស្លាប់។
បងអារ៉ាសេលី: ពេលខ្ញុំបានចាប់ផ្ដើមសិក្សាគម្ពីរជាមួយនឹងសាក្សីព្រះយេហូវ៉ា ខ្ញុំមានអារម្មណ៍ថាខ្ញុំមិនអាចទុកចិត្តពួកគាត់បានទេ។ ប៉ុន្តែ កាលដែលពេលវេលាចេះតែកន្លងទៅ ខ្ញុំលែងមានអារម្មណ៍បែបនោះទៀត។ សាក្សីមិនគ្រាន់តែបង្រៀនគម្ពីរប៉ុណ្ណោះទេ តែពួកគាត់ក៏ធ្វើតាមសេចក្ដីបង្រៀនក្នុងគម្ពីរដែរ។ ខ្ញុំបានចាប់ផ្ដើមមានជំនឿទៅលើព្រះយេហូវ៉ានិងទៅលើគម្ពីរ ហើយខ្ញុំសប្បាយចិត្តជាងមុនឆ្ងាយណាស់។ អ្នកជិតខាងខ្ញុំខ្លះបានកត់សម្គាល់ថាខ្ញុំបានកែប្រែ ហើយបានប្រាប់ខ្ញុំថា៖ «បងអារ៉ាសេលី សូមបន្តធ្វើអ្វីដែលបងកំពុងធ្វើ!»។
ខ្ញុំនៅតែចាំសេចក្ដីអធិដ្ឋានរបស់ខ្ញុំដែលថា៖ «អរគុណព្រះយេហូវ៉ា ដែលលោកមិនបានបោះបង់ចោលខ្ញុំ ហើយបានផ្ដល់ឱកាសជាច្រើនឲ្យខ្ញុំដើម្បីរកឃើញអ្វីដែលខ្ញុំបានស្វែងរក ពោលគឺចំណេះត្រឹមត្រូវពីគម្ពីរ»។ ខ្ញុំក៏បានសុំបងហ្វេលីសាអភ័យទោសឲ្យខ្ញុំដោយសារខ្ញុំបាននិយាយអ្វីដែលធ្វើឲ្យគាត់ឈឺចិត្ត។ ចាប់ពីពេលនោះមក ជាជាងឈ្លោះគ្នា យើងចូលចិត្តនិយាយគ្នាអំពីគម្ពីរ។ នៅឆ្នាំ១៩៨៩ ខ្ញុំបានទទួលការជ្រមុជទឹកពេលដែលខ្ញុំមានអាយុ៦១ឆ្នាំ។
បងហ្វេលីសា: ឥឡូវខ្ញុំមានអាយុ៩១ឆ្នាំ។ ប្ដីរបស់ខ្ញុំបានស្លាប់ ហើយខ្ញុំមិនអាចធ្វើអ្វីច្រើនដូចដែលខ្ញុំធ្លាប់ធ្វើនោះទេ។ ប៉ុន្តែ ខ្ញុំនៅតែអានគម្ពីររាល់ថ្ងៃ ហើយទៅកិច្ចប្រជុំនិងផ្សព្វផ្សាយពេលណាដែលខ្ញុំអាចធ្វើបាន។
បងអារ៉ាសេលី: ប្រហែលជាដោយសារខ្ញុំធ្លាប់ធ្វើជាដូនជី ខ្ញុំចូលចិត្តនិយាយអំពីព្រះយេហូវ៉ាទៅកាន់បូជាចារ្យនិងដូនជីទាំងអស់ដែលខ្ញុំជួប។ ខ្ញុំបានពិភាក្សាយ៉ាងស៊ីជម្រៅជាមួយនឹងពួកគេខ្លះ ហើយពួកគេជាច្រើននាក់បានទទួលយកសៀវភៅនិងទស្សនាវដ្ដីរបស់យើង។ ជាពិសេសខ្ញុំនៅចាំអំពីបូជាចារ្យម្នាក់។ ក្រោយពីខ្ញុំបាននិយាយជាមួយនឹងគាត់ប៉ុន្មានដង គាត់បានយល់ស្របនឹងអ្វីដែលខ្ញុំនិយាយ។ បន្ទាប់មក គាត់បានប្រាប់ខ្ញុំថា៖ «ប៉ុន្តែ អាយុដូចខ្ញុំអ៊ីចឹង តើអាចទៅកន្លែងណាបាន? តើសមាជិកវិហារនិងក្រុមគ្រួសាររបស់ខ្ញុំនឹងនិយាយយ៉ាងណាទៅ?»។ ខ្ញុំបានតបឆ្លើយថា៖ «ចុះតើព្រះនឹងមានប្រសាសន៍យ៉ាងណា?»។ គាត់បានទទួលស្គាល់ថាខ្ញុំនិយាយត្រូវ ហើយខ្ញុំអាចឃើញថាគាត់ពិបាកចិត្ត។ ប៉ុន្តែ មើលទៅដូចជាគាត់មិនមានចិត្តក្លាហានដើម្បីកែប្រែ។
ខ្ញុំនឹងមិនដែលភ្លេចពេលប្ដីរបស់ខ្ញុំបានប្រាប់ខ្ញុំថាគាត់ចង់មកកិច្ចប្រជុំជាមួយនឹងខ្ញុំ។ គាត់មានអាយុ៨០ឆ្នាំជាងពេលដែលគាត់បានទៅកិច្ចប្រជុំជាលើកទី១ ហើយក្រោយមកគាត់មិនដែលខានទៅកិច្ចប្រជុំឡើយ។ គាត់បានសិក្សាគម្ពីរ ហើយចាប់ផ្ដើមផ្សព្វផ្សាយ។ ខ្ញុំមានអនុស្សាវរីយ៍ដ៏អស្ចារ្យជាច្រើនជាមួយគ្នាក្នុងកិច្ចបម្រើផ្សាយ។ គាត់បានស្លាប់ពីរខែមុនថ្ងៃដែលគាត់នឹងទទួលការជ្រមុជទឹក។
បងហ្វេលីសា: ពេលខ្ញុំបានចាប់ផ្ដើមបម្រើព្រះយេហូវ៉ា ប្អូនស្រីបីនាក់របស់ខ្ញុំបានប្រឆាំងខ្ញុំ។ ប៉ុន្តែ ក្រោយមកពួកគាត់ក៏បានទទួលយកសេចក្ដីពិតដែរ។ នោះពិតជាអ្វីដ៏ល្អដែលបានកើតឡើងចំពោះខ្ញុំ។ ក្រោយពីពួកគាត់បានទទួលយកសេចក្ដីពិត យើងអាចចំណាយពេលនិយាយជាមួយគ្នាអំពីព្រះយេហូវ៉ាជាទីស្រឡាញ់របស់យើង និងអំពីបណ្ដាំរបស់លោក! នៅទីបំផុត យើងទាំងអស់គ្នាបានគោរពប្រណិប័តន៍ព្រះយេហូវ៉ា។a
a បងអារ៉ាសេលីមានអាយុ៨៧ឆ្នាំ បងហ្វេលីសាមានអាយុ៩១ឆ្នាំ ហើយបងរ៉ាម៉ូនីមានអាយុ៨៣ឆ្នាំ។ ពួកគាត់ទាំងអស់គ្នានៅតែបម្រើព្រះយេហូវ៉ាយ៉ាងស្មោះត្រង់។ បងឡោរីបានស្លាប់នៅឆ្នាំ១៩៩០ ហើយគាត់ក៏បាននៅស្មោះត្រង់ចំពោះព្រះយេហូវ៉ាដែរ។