បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w16 ធ្នូ ទំ. ៣-៨
  • ដោយសារគុណដ៏វិសេសលើសលប់ អ្នកបានត្រូវរំដោះ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ដោយសារគុណដ៏វិសេសលើសលប់ អ្នកបានត្រូវរំដោះ
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៦
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • របៀប​ដែល​ព្រះ​យេហូវ៉ា អាច​អភ័យ​ទោស​ឲ្យ​យើង
  • ចិត្ត​កតញ្ញូ​ចំពោះ​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ
  • អ្នក​អាច​តយុទ្ធ​នឹង​ភាព​ខុស​ឆ្គង
  • គុណដ៏វិសេសលើសលប់របស់ព្រះនាំឲ្យយើងមានចិត្តកតញ្ញូ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៦
  • ចូរផ្សព្វផ្សាយដំណឹងល្អអំពីគុណដ៏វិសេសលើសលប់របស់ព្រះ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៦
  • ចូរឲ្យ«ច្បាប់នៃសេចក្ដីសប្បុរស»ជំរុញចិត្តអ្នក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២២
  • រាស្ដ្ររបស់ព្រះត្រូវតែស្រឡាញ់សេចក្ដីសប្បុរស
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៤
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៦
w16 ធ្នូ ទំ. ៣-៨
សាវ័កប៉ូលកំពុងផ្សព្វផ្សាយនៅក្រុងអេភេសូរ

ដោយ​សារ​គុណ​ដ៏​វិសេស​លើស​លប់ អ្នក​បាន​ត្រូវ​រំដោះ

​«​ភាព​ខុស​ឆ្គង​មិន​ត្រូវ​ធ្វើ​ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា​ទៀត​ឡើយ ដោយ​ឃើញ​ថា​អ្នក​រាល់​គ្នា . . . នៅ​ក្រោម​គុណ​ដ៏​វិសេស​លើស​លប់​»។—រ៉ូម ៦:១៤

ចម្រៀង​លេខ: ២, ២៩

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

  • ហេតុ​អ្វី​ថ្លៃ​លោះ​គឺ​ជា​គុណ​ដ៏​វិសេស​លើស​លប់​ដែល​មក​ពី​ព្រះ?

  • ​«​បើ​គិត​ពី​ភាព​ខុស​ឆ្គង​»​ តើ​តាម​របៀប​ណា​យើង​«​ចាត់​ទុក​ថា​ខ្លួន​បាន​ស្លាប់​ហើយ​»​?

  • ពេល​យើង​មាន​ចិត្ត​កតញ្ញូ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ ហេតុ​អ្វី​យើង​ជៀស​វាង​អំពើ​ខុស​ឆ្គង​គ្រប់​បែប​យ៉ាង?

១, ២​. តើ​រ៉ូម ៥:១២​អាច​ជួយ​យើង​យ៉ាង​ដូច​ម្ដេច?

រ៉ូម ៥:១២​ចែង​ថា​៖​«​ភាព​ខុស​ឆ្គង​បាន​ចូល​ក្នុង​ពិភព​លោក​តាម​រយៈ​បុរស​តែ​ម្នាក់ ហើយ​សេចក្ដី​ស្លាប់​បាន​ចូល​តាម​រយៈ​ភាព​ខុស​ឆ្គង ដូច្នេះ សេចក្ដី​ស្លាប់​បាន​ឆ្លង​រាល​ដាល​ដល់​មនុស្ស​ទាំង​អស់ ពី​ព្រោះ​ពួក​គេ​ទាំង​អស់​គ្នា​ជា​អ្នក​ធ្វើ​ខុស​»។ នេះ​ជា​ខ​គម្ពីរ​មួយ​ដែល​យើង​ស្គាល់​យ៉ាង​ច្បាស់ ហើយ​ដែល​យើង​ច្រើន​តែ​ប្រើ​នៅ​ពេល​យើង​បង្រៀន​មនុស្ស​ឯ​ទៀត​អំពី​គម្ពីរ។

២ ខ​គម្ពីរ​នេះ​បាន​ត្រូវ​ប្រើ​ជា​ច្រើន​ដង​ក្នុង​សៀវភៅ​តើ​ព្រះ​គម្ពីរ​ពិត​ជា​បង្រៀន​យ៉ាង​ណា? និង​សៀវភៅ​តើ​គម្ពីរ​អាច​បង្រៀន​យើង​អំពី​អ្វី? ពេល​យើង​សិក្សាជំពូក​ទី៣ ទី​៥ និងទី​៦ជា​មួយ​នឹង​កូន​របស់​យើង​និង​ជា​មួយ​នឹង​អ្នក​ឯ​ទៀត យើង​នឹង​ទំនង​ជា​អាន​រ៉ូម ៥:១២។ យើង​ប្រហែល​ជា​ប្រើ​ខ​គម្ពីរ​នេះ​ដើម្បី​ជួយ​ពួក​គេ​ឲ្យ​យល់​អំពី​មូលហេតុ​ដែល​ផែន​ដី​មិន​មែន​ជា​សួន​ឧទ្យាន មូលហេតុ​ដែល​យើង​ត្រូវ​ការ​ថ្លៃ​លោះ និង​មូលហេតុ​ដែល​យើង​ស្លាប់។ ប៉ុន្តែ ខ​គម្ពីរ​នេះ​ក៏​អាច​ជួយ​យើង​ទាំង​អស់​គ្នា​ឲ្យ​មាន​ចិត្ត​កតញ្ញូ​កាន់​តែ​ជ្រាល​ជ្រៅ​ចំពោះ​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ ម្យ៉ាង​ទៀត ខ​គម្ពីរ​នេះ​អាច​ជួយ​យើង​ឲ្យ​កាន់​តែ​តាំង​ចិត្ត​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត ហើយ​បន្ត​ទន្ទឹង​រង់​ចាំ​អ្វី​ដែល​លោក​បាន​សន្យា​ចំពោះ​យើង។

៣​. ស្តី​អំពី​ស្ថានភាព​របស់​យើង តើ​យើង​ត្រូវ​ចាំ​អ្វី?

៣ គួរ​ឲ្យ​ស្ដាយ​ណាស់ យើង​ទាំង​អស់​គ្នា​ជា​អ្នក​ធ្វើ​ខុស។ យើង​ធ្វើ​ខុស​ជា​រៀង​រាល់​ថ្ងៃ។ ប៉ុន្តែ ព្រះ​យេហូវ៉ា​មាន​សេចក្ដី​មេត្ដា​ករុណា។ លោក​ដឹង​ថា​យើង​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ ហើយ​លោក​សុខ​ចិត្ត​អភ័យ​ទោស​ឲ្យ​យើង។ (​ទំនុក​តម្កើង ១០៣:១៣, ១៤​) លោក​យេស៊ូ​បាន​ប្រាប់​យើង​ថា​យើង​ត្រូវ​សុំ​ព្រះ​ឲ្យ​អភ័យ​ទោស​ចំពោះ​ការ​ខុស​ឆ្គង​របស់​យើង។ (​លូកា ១១:២​-​៤​) ពេល​ព្រះ​យេហូវ៉ា​អភ័យ​ទោស​ឲ្យ​យើង​ចំពោះ​កំហុស​ដែល​យើង​បាន​ធ្វើ​នៅ​អតីតកាល យើង​មិន​ត្រូវ​បន្ត​គិត​អំពី​កំហុស​ទាំង​នោះ​ទេ។ សូម​យើង​ពិចារណា​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​អាច​អភ័យ​ទោស​ឲ្យ​យើង។

របៀប​ដែល​ព្រះ​យេហូវ៉ា អាច​អភ័យ​ទោស​ឲ្យ​យើង

៤, ៥​. (​ក​) តើ​អ្វី​ជួយ​យើង​ឲ្យ​យល់​រ៉ូម ៥:១២? (​ខ​) តើ​ពាក្យ​«​គុណ​ដ៏​វិសេស​លើស​លប់​»​មាន​ន័យ​យ៉ាង​ណា?

៤ សៀវភៅ​រ៉ូម ជា​ពិសេសជំពូក​ទី​៦ ជួយ​យើង​ឲ្យ​យល់​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​អាច​អភ័យ​ទោស​ចំពោះ​ការ​ខុស​ឆ្គង​របស់​យើង។ ក្នុងជំពូក​ទី៣ យើង​រៀន​ថា​«​គ្រប់​គ្នា​ធ្លាប់​ធ្វើ​ខុស​»។ ក្រោយ​មក ប៉ូល​បាន​ពន្យល់​ថា​៖ ​«​ដោយ​សារ​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ លោក​បាន​ធ្វើ​អំណោយ​ទាន​ដោយ​ប្រកាស​ថា​ពួក​គេ​គឺ​ជា​មនុស្ស​សុចរិត តាម​រយៈ​ការ​រំដោះ​ដោយ​ថ្លៃ​លោះ​ដែល​គ្រិស្ត​យេស៊ូ​បាន​បង់​»។ (​រ៉ូម ៣:២៣, ២៤​) ពាក្យ​ភាសា​ក្រិច​ដែល​បាន​ត្រូវ​បក​ប្រែ​ថា​«​គុណ​ដ៏​វិសេស​លើស​លប់​»​ទាក់​ទង​នឹង​ការ​ប្រព្រឹត្ត​សប្បុរស​ដោយ​មិន​រំពឹង​ថា​នឹង​បាន​អ្វី​មក​វិញ និង​ជា​អ្វី​ដែល​គេ​មិន​សម​នឹង​ទទួល។

៥ បណ្ឌិត​ម្នាក់​បាន​ពន្យល់​ថា​ពាក្យ​ភាសា​ក្រិច​នោះ​ច្រើន​តែ​សំដៅ​ទៅ​លើ​អ្វី​ដែល​ព្រះ​និង​គ្រិស្ត​បាន​ធ្វើ​ដើម្បី​សង្គ្រោះ​មនុស្សជាតិ​ពី​ភាព​ខុស​ឆ្គង​និង​សេចក្ដី​ស្លាប់។ ដូច្នេះ ក្នុង​គម្ពីរ​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​ជា​ភាសា​ខ្មែរ ពាក្យ​ភាសា​ក្រិច​នេះ​បាន​ត្រូវ​បក​ប្រែ​ថា​«​គុណ​ដ៏​វិសេស​លើស​លប់​»។ សូម​យើង​ពិចារណា​អំពី​អ្វី​ដែល​ព្រះ​បាន​ធ្វើ​សម្រាប់​យើង ហើយ​អំពី​របៀប​ដែល​គុណ​ដ៏​វិសេស​លើស​លប់​របស់​លោក​ផ្ដល់​ប្រយោជន៍​ដល់​យើង​នៅ​សព្វ​ថ្ងៃ​នេះ​និង​ផ្ដល់​ឲ្យ​យើង​មាន​សេចក្ដី​សង្ឃឹម​ចំពោះ​អនាគត។

ព្រះ​យេហូវ៉ា​បាន​បង្ហាញ​គុណ​ដ៏​វិសេស​លើស​លប់​យ៉ាង​បរិបូរ​ចំពោះ​មនុស្សជាតិ​ទាំង​ឡាយ​តាម​រយៈ​លោក​យេស៊ូ​គ្រិស្ត

៦​. តើ​អ្នក​ណា​អាច​ទទួល​ប្រយោជន៍​ពី​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ ហើយ​តើ​តាម​របៀប​ណា?

៦ ដោយ​សារ​អាដាម​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង នោះ​ភាព​ខុស​ឆ្គង​និង​សេចក្ដី​ស្លាប់​មាន​ឥទ្ធិពល​លើ​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​ទាំង​អស់​ដែល​ធ្លាប់​រស់​នៅ។ នេះ​ជា​មូលហេតុ​ដែល​គម្ពីរ​ចែង​ថា​៖ ​«​សេចក្ដី​ស្លាប់​បាន​គ្រប់​គ្រង​ជា​ស្តេច​ដោយ​សារ​បទ​រំលង​របស់​មនុស្ស​ម្នាក់​នោះ​»។ ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​បង្ហាញ​គុណ​ដ៏​វិសេស​លើស​លប់​យ៉ាង​បរិបូរ​ហើយ​បាន​ផ្ដល់​វិធី​មួយ​ដើម្បី​សង្គ្រោះ​មនុស្សជាតិ​ទាំង​ឡាយ​តាម​រយៈ‹មនុស្ស​ម្នាក់ គឺ​លោក​យេស៊ូ​គ្រិស្ត›។ (​រ៉ូម ៥:១២, ១៥, ១៧​) ​«​មនុស្ស​ជា​ច្រើន​នឹង​ទៅ​ជា​មនុស្ស​សុចរិត ដោយ​សារ​មនុស្ស​ម្នាក់​នេះ​បាន​ស្ដាប់​បង្គាប់​»។ ម្យ៉ាង​ទៀត ពួក​គេ​អាច​ទន្ទឹង​រង់​ចាំ​«​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ តាម​រយៈ​លោក​យេស៊ូ​គ្រិស្ត​»។—រ៉ូម ៥:១៩, ២១

៧​. ហេតុ​អ្វី​ថ្លៃ​លោះ​ដែល​ជា​អំណោយ​ពី​ព្រះ​គឺ​ជា​គុណ​ដ៏​វិសេស​និង​លើស​លប់?

៧ សូម​គិត​អំពី​រឿង​នេះ: ព្រះ​យេហូវ៉ា​មិន​ចាំ​បាច់​ឲ្យ​បុត្រ​របស់​លោក​ជា​ថ្លៃ​លោះ​ទេ។ ប៉ុន្តែ លោក​បាន​បង្ហាញ​គុណ​ដ៏​វិសេស​ដោយ​ផ្ដល់​វិធី​មួយ​ដើម្បី​សង្គ្រោះ​យើង​ពី​ភាព​ខុស​ឆ្គង​និង​សេចក្ដី​ស្លាប់។ គ្មាន​អ្នក​ណា​ម្នាក់​សម​នឹង​ទទួល​អ្វី​ដែល​ព្រះ​និង​លោក​យេស៊ូ​បាន​ធ្វើ​សម្រាប់​យើង​ទេ។ យើង​មាន​ចិត្ត​កតញ្ញូ​យ៉ាង​ខ្លាំង​ដែល​លោក​ទាំង​ពីរ​បាន​បើក​ឱកាស​ឲ្យ​យើងទទួល​ការ​អភ័យ​ទោស​និង​រស់​ជា​រៀង​រហូត! តាម​រយៈ​របៀប​រស់​នៅ​របស់​យើង សូម​យើង​បង្ហាញ​ព្រះ​ថា​យើង​មាន​ចិត្ត​កតញ្ញូ​យ៉ាង​ខ្លាំង។

ចិត្ត​កតញ្ញូ​ចំពោះ​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ

៨​. តើ​យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​ចិត្ត​គំនិត​បែប​ណា?

៨ យើង​ដឹង​ថា​ព្រះ​សុខ​ចិត្ត​អភ័យ​ទោស​អំពើ​ខុស​ឆ្គង សូម្បី​តែ​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​ក្ដី។ ប៉ុន្តែ យើង​មិន​គួរ​យក​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ​យេហូវ៉ា​ជា​លេស​ដើម្បី​ធ្វើ​អ្វី​ដែល​ខុស​ទេ ហើយ​គិត​ថា ‹ព្រះ​យេហូវ៉ា​នឹង​អភ័យ​ទោស​ឲ្យ​ខ្ញុំ›។ នៅ​សតវត្សរ៍​ទី១ សូម្បី​តែ​កាល​ដែល​ពួក​សាវ័ក​ខ្លះ​នៅ​រស់​ក៏​ដោយ មាន​គ្រិស្ត​សាសនិក​ខ្លះ​ដែល​មាន​ចិត្ត​គំនិត​បែប​នេះ។ (​សូម​អាន យូដាស ៤​) សព្វ​ថ្ងៃ​នេះ យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​មិន​ទទួល​ឥទ្ធិពល​ពី​អ្នក​ឯ​ទៀត ហើយ​បន្ដិច​ម្ដង​ៗ​ចាប់​ផ្ដើម​គិត​ដូច្នេះ​ឡើយ។

៩, ១០​. តើ​តាម​របៀប​ណា​ប៉ូល​និង​អ្នក​ឯ​ទៀត​បាន​ត្រូវ​រំដោះ​ចេញ​ពី​ភាព​ខុស​ឆ្គង​និង​សេចក្ដី​ស្លាប់?

៩ ប៉ូល​បាន​ប្រាប់​គ្រិស្ត​សាសនិក​ថា​គឺ​ជា​ការ​ខុស​ដែល​គិត​ថា​បើ​ពួក​គេ​បន្ត​ប្រព្រឹត្ត​ខុស​ឆ្គង ព្រះ​នឹង​នៅ​តែ​អភ័យ​ទោស​ឲ្យ​ពួក​គេ។ ប៉ូល​បាន​និយាយ​ថា​ពួក​គេ​គួរ​បដិសេធ​របៀប​គិត​គូរ​បែប​នេះ ពី​ព្រោះ‹បើ​គិត​ពី​ភាព​ខុស​ឆ្គង ពួក​គេ​បាន​ស្លាប់​ហើយ›។ (​សូម​អាន រ៉ូម ៦:១, ២​) តើ​គាត់​ចង់​មាន​ន័យ​យ៉ាង​ណា?

យើង​អាច​ឲ្យ​គំនិត​ខុស​ឆ្គង​និង​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​យើង​គ្រប់​គ្រង​លើ​យើង ឬ​យើង​អាច​គ្រប់​គ្រង​លើ​គំនិត​និង​សេចក្ដី​ប៉ង​ប្រាថ្នា​ទាំង​នោះ

១០ តាម​រយៈ​ថ្លៃ​លោះ ព្រះ​បាន​អភ័យ​ទោស​ចំពោះ​ភាព​ខុស​ឆ្គង​របស់​ប៉ូល​និង​របស់​គ្រិស្ត​សាសនិក​ឯ​ទៀត​ដែល​រស់​នៅ​សតវត្សរ៍​ទី១។ ព្រះ​យេហូវ៉ា​បាន​រើស​តាំង​ពួក​គាត់​ដោយ​សកម្មពល​បរិសុទ្ធ​ដើម្បី​ទៅ​ជា​កូន​របស់​លោក។ បើ​ពួក​គាត់​រក្សា​ភាព​ស្មោះ​ត្រង់ ពួក​គាត់​នឹង​រស់​នៅ​ស្ថាន​សួគ៌ ហើយ​គ្រប់​គ្រង​ជា​មួយ​នឹង​គ្រិស្ត។ ប៉ុន្តែ នៅ​ពេល​នោះ​ពួក​គាត់​នៅ​តែ​រស់​នៅ​លើ​ផែន​ដី ដូច្នេះ‹បើ​គិត​ពី​ភាព​ខុស​ឆ្គង ពួក​គាត់​បាន​ស្លាប់​ហើយ›។ តើ​តាម​របៀប​ណា? ប៉ូល​បាន​ប្រើ​ការ​ប្រៀប​ប្រដូច​មួយ​ដើម្បី​បង្ហាញ​ថា​របៀប​រស់​នៅ​របស់​ពួក​គាត់​បាន​ត្រូវ​ផ្លាស់​ប្ដូរ​ទាំង​ស្រុង។ គាត់​បាន​និយាយ​ថា​ក្រោយ​ពី​លោក​យេស៊ូ​ស្លាប់ លោក​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ជា​បុគ្គល​វិញ្ញាណ​ដែល​មាន​ជីវិត​អមតៈ។ នេះ​ជា​មូលហេតុ​ដែល​សេចក្ដី​ស្លាប់​«​លែង​ធ្វើ​ជា​ម្ចាស់​របស់​លោក​ទៀត​»។ ស្រដៀង​គ្នា​ដែរ គឺ​ហាក់​ដូច​ជា​គ្រិស្ត​សាសនិក​ទាំង​នោះ​ក៏​បាន​ស្លាប់​ដែរ។ ជីវិត​របស់​ពួក​គាត់​បាន​ត្រូវ​ផ្លាស់​ប្ដូរ​ទាំង​ស្រុង ដោយ​សារ​ពួក​គាត់​លែង​អនុញ្ញាត​ឲ្យ​សេចក្ដី​ប៉ង​ប្រាថ្នា​ខុស​ឆ្គង​គ្រប់​គ្រង​លើ​ពួក​គាត់​ទៀត។ ចាប់​ពី​ពេល​នោះ​មក ពួក​គាត់​បាន​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​រស់​នៅ​តាម​របៀប​ដែល​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត។ ​«​បើ​គិត​ពី​ភាព​ខុស​ឆ្គង​»​ ពួក​គាត់‹បាន​ស្លាប់​ហើយ តែ​ពួក​គាត់​កំពុង​រស់​នៅ​ដើម្បី​ព្រះ​តាម​រយៈ​គ្រិស្ត​យេស៊ូ›។—រ៉ូម ៦:៩, ១១

១១​. ​«​បើ​គិត​ពី​ភាព​ខុស​ឆ្គង​»​ តើ​តាម​របៀប​ណា​គ្រិស្ត​សាសនិក​នៅ​សព្វ​ថ្ងៃ​នេះ​«​បាន​ស្លាប់​ហើយ​»​?

១១ ចុះ​យ៉ាង​ណា​យើង​វិញ? ​«​បើ​គិត​ពី​ភាព​ខុស​ឆ្គង​»​ តើ​តាម​របៀប​ណា​យើង​«​បាន​ស្លាប់​ហើយ​»​? នៅ​អតីតកាល យើង​ប្រហែល​ជា​បាន​ធ្វើ​ខុស​ច្រើន​ដោយ​មិន​ដឹង​អំពី​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​ចំពោះ​ការ​ប្រព្រឹត្ត​របស់​យើង​ទេ។ យើង​បាន​ប្រៀប​ដូច​ជា​«​ខ្ញុំ​បម្រើ​សេចក្ដី​ស្មោក​គ្រោក​និង​ការ​ប្រឆាំង​ច្បាប់​»​ ពោល​គឺ​«​ខ្ញុំ​បម្រើ​ភាព​ខុស​ឆ្គង​»។ (​រ៉ូម ៦:១៩, ២០​) ប៉ុន្តែ ពេល​យើង​បាន​រៀន​ពី​គម្ពីរ​អំពី​របៀប​ដែល​ព្រះ​ចង់​ឲ្យ​យើង​រស់​នៅ យើង​បាន​ផ្លាស់​ប្ដូរ​របៀប​រស់​នៅ​របស់​យើង ប្រគល់​ខ្លួន​ជូន​លោក ហើយ​ទទួល​ការ​ជ្រមុជ​ទឹក។ យើង​មាន​សេចក្ដី​ប៉ង​ប្រាថ្នា​យ៉ាង​ខ្លាំង​ដើម្បី​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​និង​ដើម្បី​រស់​នៅ​តាម​របៀប​ដែល​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត។ យើង​«​បាន​ត្រូវ​រំដោះ​ឲ្យ​រួច​ពី​ភាព​ខុស​ឆ្គង​»​ ហើយ​យើង​«​បាន​ទៅ​ជា​ខ្ញុំ​បម្រើ​របស់​សេចក្ដី​សុចរិត​»។—រ៉ូម ៦:១៧, ១៨

១២​. តើ​យើង​ម្នាក់​ៗ​មាន​ជម្រើស​អ្វី?

១២ ក៏​ប៉ុន្តែ យើង​នៅ​តែ​មាន​ជម្រើស។ ប៉ូល​បាន​និយាយ​ថា​៖ ​«​កុំ​ឲ្យ​ភាព​ខុស​ឆ្គង​បន្ត​គ្រប់​គ្រង​ក្នុង​រូប​កាយ​ដែល​អាច​ស្លាប់​របស់​អ្នក​រាល់​គ្នា ដោយ​នាំ​ឲ្យ​អ្នក​រាល់​គ្នា​ស្ដាប់​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​វា​ឡើយ​»។ (​រ៉ូម ៦:១២​) យើងអាច​ឲ្យ​គំនិត​ខុស​ឆ្គង​និង​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​យើង​គ្រប់​គ្រង​លើ​យើង ឬ​យើង​អាច​គ្រប់​គ្រង​លើ​គំនិត​និង​សេចក្ដី​ប៉ង​ប្រាថ្នា​ទាំង​នោះ។ សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​ខ្ញុំ​អនុញ្ញាត​ឲ្យ​ខ្លួន​មាន​សេចក្ដី​ប៉ង​ប្រាថ្នា​មិន​ត្រឹម​ត្រូវ​យ៉ាង​ខ្លាំង​រហូត​ដល់​ខ្ញុំ​ធ្វើ​អ្វី​ដែល​អាក្រក់​ឬ​ទេ? ឬ​តើ​ខ្ញុំ​បដិសេធ​សេចក្ដី​ប៉ង​ប្រាថ្នា​ទាំង​នោះ​ភ្លាម​ៗ​?›។ បើ​យើង​មាន​ចិត្ត​កតញ្ញូ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ យើង​នឹង​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត។

អ្នក​អាច​តយុទ្ធ​នឹង​ភាព​ខុស​ឆ្គង

១៣​. ហេតុ​អ្វី​យើង​អាច​ជឿ​ជាក់​ថា​យើង​អាច​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ?

១៣ នៅ​សតវត្សរ៍​ទី១ មនុស្ស​ខ្លះ​នៅ​ក្រុង​កូរិនថូស​ដែល​ធ្លាប់​ជា​ចោរ បុរស​ដែល​រួម​ដំណេក​ជា​មួយ​នឹង​បុរស​ឯ​ទៀត អ្នក​ផិត​ក្បត់ អ្នក​គោរព​បូជា​រូប​ព្រះ និង​អ្នក​ប្រមឹក​ស្រា​បាន​ស្គាល់​ព្រះ​យេហូវ៉ា​និង​ស្រឡាញ់​លោក ហើយ​បាន​កែ​ប្រែ។ ពួក​គាត់​មាន​អារម្មណ៍​អៀន​ខ្មាស​ចំពោះ​ការ​ប្រព្រឹត្ត​ដែល​ពួក​គាត់​ធ្លាប់​ធ្វើ។ (​រ៉ូម ៦:២១; កូរិនថូស​ទី១ ៦:៩​-​១១​) គ្រិស្ត​សាសនិក​នៅ​ក្រុង​រ៉ូម​ក៏​ត្រូវ​ធ្វើ​ការ​កែ​ប្រែ​ស្រដៀង​គ្នា​ដែរ។ ប៉ូល​បាន​ប្រាប់​ពួក​គាត់​ថា​៖ ​«​ឈប់​ប្រគល់​អវយវៈ​របស់​អ្នក​រាល់​គ្នា​ទៅ​ភាព​ខុស​ឆ្គង​ឲ្យ​ធ្វើ​ជា​អាវុធ​សម្រាប់​ការ​មិន​សុចរិត ប៉ុន្តែ​ចូរ​ប្រគល់​ខ្លួន​ទៅ​ព្រះ ទុក​ជា​អ្នក​ដែល​បាន​រស់​ពី​ស្លាប់​ឡើង​វិញ ថែម​ទាំង​ប្រគល់​អវយវៈ​របស់​អ្នក​រាល់​គ្នា​ទៅ​ព្រះ​ឲ្យ​ធ្វើ​ជា​អាវុធ​សម្រាប់​ការ​សុចរិត​វិញ​»។ (​រ៉ូម ៦:១៣​) ប៉ូល​បាន​ជឿ​ជាក់​ថា​ពួក​គាត់​អាច​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ ហើយ​បន្ត​ទទួល​ប្រយោជន៍​ពី​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ។

១៤, ១៥​. តើ​យើង​គួរ​សួរ​ខ្លួន​នូវ​សំណួរ​អ្វី?

១៤ ស្រដៀង​គ្នា​ដែរ​នៅ​សព្វ​ថ្ងៃ​នេះ បង​ប្អូន​យើង​ខ្លះ​ប្រហែល​ជា​ធ្លាប់​មាន​របៀប​រស់​នៅ​ដូច​ពួក​អ្នក​ដែល​នៅ​ក្រុង​កូរិនថូស។ ប៉ុន្តែ ក្រោយ​ពី​ពួក​គាត់​បាន​ស្គាល់​ព្រះ​យេហូវ៉ា ពួក​គាត់​បាន​កែ​ប្រែ។ នេះ​គឺ​ហាក់​ដូច​ជា​ពួក​គាត់​បាន​ត្រូវ​លាង​សម្អាត។ យើង​ទាំង​អស់​គ្នា​បាន​ធ្វើ​ការ​កែ​ប្រែ​ក្នុង​ជីវិត​របស់​យើង​ដើម្បី​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត។ សូម្បី​តែ​នៅ​ឥឡូវ​នេះ​ក្ដី យើង​ចង់​បង្ហាញ​ថា​យើង​មាន​ចិត្ត​កតញ្ញូ​ចំពោះ​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ។ ដូច្នេះ យើង​តាំង​ចិត្ត​តយុទ្ធ​នឹង​សេចក្ដី​ប៉ង​ប្រាថ្នា​មិន​ត្រឹម​ត្រូវ​របស់​យើង ហើយ​ប្រើ​ជីវិត​របស់​យើង​ដើម្បី​បម្រើ​ព្រះ​យេហូវ៉ា។

១៥ យើង​ត្រូវ​ជៀស​វាង​ការ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​ដែល​អ្នក​ខ្លះ​នៅ​ក្រុង​កូរិនថូស​បាន​ប្រព្រឹត្ត។ យើង​មិន​អាច​បន្ត​ធ្វើ​អ្វី​បែប​នេះ ហើយ​នៅ​ដំណាល​គ្នា​នោះ​រំពឹង​ថា​ព្រះ​នឹង​បង្ហាញ​គុណ​ដ៏​វិសេស​លើស​លប់​ចំពោះ​យើង​និង​អភ័យ​ទោស​ឲ្យ​យើង​ឡើយ។ ប៉ុន្តែ ចុះ​យ៉ាង​ណា​ចំពោះ​ការ​ខុស​ឆ្គង​ដែល​អ្នក​ខ្លះ​គិត​ថា​មិន​សូវ​ធ្ងន់​ធ្ងរ? តើ​យើង​តាំង​ចិត្ត​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​ក្នុង​គ្រប់​ការ​ទាំង​អស់​ឬ​ទេ?—រ៉ូម ៦:១៤, ១៧

១៦​. តើ​តាម​របៀប​ណា​យើង​ដឹង​ថា​យើង​មិន​គ្រាន់​តែ​ត្រូវ​ជៀស​វាង​អំពើ​ខុស​ឆ្គង​ដែល​បាន​រៀប​រាប់​នៅ​កូរិនថូស​ទី១ ៦:៩​-​១១?

១៦ សូម​គិត​អំពី​សាវ័ក​ប៉ូល។ គាត់​បាន​សរសេរ​ថា​៖ ​«​ខ្ញុំ​ជា​សាច់​ឈាម ដែល​បាន​ត្រូវ​លក់​ជា​ខ្ញុំ​បម្រើ​ភាព​ខុស​ឆ្គង។ ព្រោះ​ខ្ញុំ​មិន​ដឹង​ថា​ខ្ញុំ​កំពុង​ធ្វើ​អ្វី​ទេ។ ព្រោះ​ការ​ដែល​ខ្ញុំ​ប៉ង​ប្រាថ្នា​ធ្វើ ខ្ញុំ​មិន​ធ្វើ​ជា​ទម្លាប់​ទេ ប៉ុន្តែ​ខ្ញុំ​ធ្វើ​អ្វី​ដែល​ខ្ញុំ​ស្អប់​វិញ​»។ (​រ៉ូម ៧:១៤, ១៥​) ទោះ​ជា​ប៉ូល​មិន​ធ្វើ​អ្វី​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​កូរិនថូស​ទី១ ៦:៩​-​១១​ក្ដី គាត់​បាន​សារភាព​ថា​គាត់​នៅ​តែ​ធ្វើ​ខុស។ គាត់​ចង់​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត ដូច្នេះ​គាត់​បាន​តយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រព្រឹត្ត​ដែល​មិន​ត្រឹម​ត្រូវ។ (​សូម​អាន រ៉ូម ៧:២១​-​២៣​) សូម​យើងធ្វើ​តាម​គំរូ​របស់​គាត់ ហើយ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា។

១៧​. ហេតុ​អ្វី​អ្នក​ចង់​ប្រព្រឹត្ត​ទៀង​ត្រង់?

១៧ ជា​ឧទាហរណ៍ យើង​ដឹង​ថា​ដើម្បី​បម្រើ​ព្រះ​យេហូវ៉ា យើង​ត្រូវ​ប្រព្រឹត្ត​ទៀង​ត្រង់។ (​សូម​អាន សុភាសិត ១៤:៥; អេភេសូរ ៤:២៥​) យើង​មិន​ចង់​យក​តម្រាប់​សាថាន​ដែល​ជា​«​ឪ​ពុក​នៃ​ការ​ភូត​ភរ​»​ទេ។ ម្យ៉ាង​ទៀត យើង​ចាំ​ថា​អាណានាស​និង​ប្រពន្ធ​របស់​គាត់​បាន​ស្លាប់ ដោយ​សារ​ពួក​គាត់​បាន​និយាយ​កុហក។ ដូច្នេះ យើង​មិន​និយាយ​កុហក​ឡើយ។ (​យ៉ូហាន ៨:៤៤; សកម្មភាព ៥:១​-​១១​) ប៉ុន្តែ ភាព​ទៀង​ត្រង់​មិន​គ្រាន់​តែ​ជា​ការ​មិន​និយាយ​កុហក​ប៉ុណ្ណោះ​ទេ។ បើ​យើង​ពិត​ជា​មាន​ចិត្ត​កតញ្ញូ​ចំពោះ​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ យើង​ក៏​នឹង​ប្រព្រឹត្ត​ទៀង​ត្រង់​តាម​របៀប​ផ្សេង​ទៀត​ដែរ។

១៨, ១៩​. តើ​ភាព​មិន​ទៀង​ត្រង់​រួម​បញ្ចូល​អ្វី​ខ្លះ?

១៨ បុគ្គល​ម្នាក់​អាច​ប្រព្រឹត្ត​មិន​ទៀង​ត្រង់​ទោះ​ជា​គាត់​មិន​បាន​និយាយ​កុហក​ក៏​ដោយ។ ជា​ឧទាហរណ៍ ព្រះ​យេហូវ៉ា​បាន​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល​ថា​៖ ​«​មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​លួច ឬ​ប្រព្រឹត្ត​ឆបោក ឬ​កុហក​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ​»។ ហេតុ​អ្វី​ពួក​គេ​ត្រូវ​ធ្វើ​ដូច្នេះ? ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​បាន​បរិសុទ្ធ ដ្បិត​អញ​នេះ​ដែល​ជា​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​រាល់​គ្នា អញ​បរិសុទ្ធ​»។ (​លេវីវិន័យ ១៩:២, ១១​) ទោះ​ជា​យើង​ប្រហែល​ជា​មិន​និយាយ​កុហក​ក៏​ដោយ បើ​យើង​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​ជឿ​អ្វី​ដែល​មិន​ពិត នោះ​យើង​កំពុង​ប្រព្រឹត្ត​មិន​ទៀង​ត្រង់។

បងប្រុសម្នាក់កំពុងនិយាយទៅថៅកែរបស់គាត់កាលដែលអ្នករួមការងារកំពុងស្ដាប់

តើ​យើង​តាំង​ចិត្ត​មិន​និយាយ​កុហក​និង​មិន​បោក​បញ្ឆោត​ឬ​ទេ? (​សូម​មើល​វគ្គ​១៩​)

១៩ ជា​ឧទាហរណ៍ បុរស​ម្នាក់​ប្រាប់​ថៅកែ​របស់​គាត់ ឬ​អ្នក​រួម​ការ​ងារ​ជា​មួយ​នឹង​គាត់​ថា​គាត់​ត្រូវ​ចេញ​ពី​ធ្វើ​ការ​មុន​ម៉ោង ដោយ​សារ​គាត់​មាន​ណាត់​ជា​មួយ​គ្រូ​ពេទ្យ​ម្នាក់។ ប៉ុន្តែ នេះ​មិន​មែន​ជា​មូលហេតុ​ពិត​ប្រាកដ​ទេ។ គាត់​ចង់​ចេញ​មុន​ម៉ោង​ដើម្បី​ទៅ​ដើរ​លេង។ តាម​ពិត ការ​ណាត់​ជួប​របស់​គាត់​គឺ​គ្រាន់​តែ​ទៅ​ឱសថស្ថាន​មួយ​ភ្លែត ឬ​ទៅ​មន្ទីរ​ព្យាបាល​ដើម្បី​បង់​លុយ។ តើ​គាត់​កំពុង​ប្រព្រឹត្ត​ទៀង​ត្រង់​ឬ​ទេ ឬ​តើ​គាត់​កំពុង​បោក​បញ្ឆោត​អ្នក​ឯ​ទៀត? បុរស​នោះ​បាន​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​ជឿ​អ្វី​ដែល​មិន​ពិត។ នៅ​ពេល​ខ្លះ មនុស្ស​បោក​បញ្ឆោត​អ្នក​ឯ​ទៀត​ដើម្បី​ទទួល​អ្វី​ដែល​ពួក​គេ​ចង់​បាន ឬ​ដើម្បី​ឲ្យ​រួច​ពី​ទោស។ ប៉ុន្តែ យើង​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​ដែល​បាន​មាន​ប្រសាសន៍​ថា​៖ ​«​មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា . . . ប្រព្រឹត្ត​ឆបោក​»​ឡើយ។ យើង​ចង់​ធ្វើ​អ្វី​ដែល​លោក​មាន​ប្រសាសន៍​ថា​សុចរិត​និង​បរិសុទ្ធ។—រ៉ូម ៦:១៩

២០, ២១​. បើ​យើង​មាន​ចិត្ត​កតញ្ញូ​ចំពោះ​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ តើ​យើង​ត្រូវ​ជៀស​វាង​អ្វី​ទៀត?

២០ យើង​ជៀស​វាង​អំពើ​ផិត​ក្បត់ ការ​ប្រមឹក​ស្រា និង​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​ឯ​ទៀត។ ក៏​ប៉ុន្តែ លើស​ពី​នេះ​ទៅ​ទៀត យើង​ចង់​ជៀស​វាង​ពី​អ្វី​ណា​ក៏​ដោយ​ដែល​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត។ ជា​ឧទាហរណ៍ យើង​មិន​គ្រាន់​តែ​ជៀស​វាង​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ក៏​ជៀស​វាង​ការ​កម្សាន្ត​ណា​ដែល​ប្រាស​ចាក​សីលធម៌​ដែរ។ យើង​មិន​គ្រាន់​តែ​មិន​ផឹក​ស្រា​ឲ្យ​ស្រវឹង​ទេ តែ​យើង​ក៏​មិន​ផឹក​ស្រា​រហូត​ដល់​យើង​ជិត​ស្រវឹង​ដែរ។ យើង​ប្រហែល​ជា​ត្រូវ​ខំ​ព្យាយាម​យ៉ាង​ខ្លាំង​ដើម្បី​ទប់​ទល់​នឹង​ការ​ល្បួង​បែប​នេះ ប៉ុន្តែ​យើង​អាច​ធ្វើ​ដូច្នេះ​បាន។

២១ យើង​មាន​គោល​ដៅ​ធ្វើ​តាម​ពាក្យ​សម្ដី​របស់​ប៉ូល ដែល​ថា​៖ ​«​កុំ​ឲ្យ​ភាព​ខុស​ឆ្គង​បន្ត​គ្រប់​គ្រង​ក្នុង​រូប​កាយ​ដែល​អាច​ស្លាប់​របស់​អ្នក​រាល់​គ្នា ដោយ​នាំ​ឲ្យ​អ្នក​រាល់​គ្នា​ស្ដាប់​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​វា​ឡើយ​»។ (​រ៉ូម ៦:១២; ៧:១៨​-​២០​) ពិត​មែន​តែ​យើង​មិន​អាច​ជៀស​វាង​ការ​ខុស​ឆ្គង​ទាំង​អស់​បាន ប៉ុន្តែ​ពេល​យើង​តយុទ្ធ​ប្រឆាំង​នឹង​ការ​ខុស​ឆ្គង​គ្រប់​ប្រភេទ យើង​បង្ហាញ​ថា​យើង​ពិត​ជា​មាន​ចិត្ត​កតញ្ញូ​ចំពោះ​គុណ​ដ៏​វិសេស​លើស​លប់​ដែល​ព្រះ​និង​គ្រិស្ត​បាន​បង្ហាញ​ចំពោះ​យើង។

២២​. បើ​យើង​ពិត​ជា​មាន​ចិត្ត​កតញ្ញូ​ចំពោះ​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ​យេហូវ៉ា តើ​យើង​អាច​ទន្ទឹង​រង់​ចាំ​ទទួល​រង្វាន់​អ្វី?

២២ ព្រះ​យេហូវ៉ា​បាន​អភ័យ​ទោស​ចំពោះ​អំពើ​ខុស​ឆ្គង​របស់​យើង ហើយ​លោក​អាច​បន្ត​ធ្វើ​ដូច្នេះ។ យើង​មាន​ចិត្ត​កតញ្ញូ​យ៉ាង​ខ្លាំង​ចំពោះ​គុណ​ដ៏​វិសេស​លើស​លប់​របស់​លោក! ដូច្នេះ សូម​យើង​ខំ​ប្រឹង​ជៀស​វាង​ធ្វើ​អ្វី​ដែល​លោក​ប្រាប់​ថា​គឺ​មិន​ត្រឹម​ត្រូវ ទោះ​បី​ជា​អ្នក​ឯ​ទៀត​គិត​ថា​អ្វី​ទាំង​នោះ​មិន​មែន​ជា​អំពើ​ខុស​ឆ្គង​ក្ដី។ បើ​យើង​ធ្វើ​ដូច្នេះ តើ​យើង​អាច​ទន្ទឹង​រង់​ចាំ​ទទួល​រង្វាន់​អ្វី? ប៉ូល​បាន​និយាយ​ថា​៖ ​«​ឥឡូវ​នេះ​ដោយ​សារ​អ្នក​រាល់​គ្នា​បាន​ត្រូវ​រំដោះ​ឲ្យ​រួច​ពី​ភាព​ខុស​ឆ្គង តែ​បាន​ទៅ​ជា​ខ្ញុំ​បម្រើ​របស់​ព្រះ​វិញ នោះ​អ្នក​រាល់​គ្នា​មាន​ផល​ជា​សេចក្ដី​បរិសុទ្ធ ដែល​នៅ​ទី​បំផុត​នាំ​ឲ្យ​បាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​»។—រ៉ូម ៦:២២

ការ​ពន្យល់​ពាក្យ​ខ្លះ

  • គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ: ព្រះ​យេហូវ៉ា​ស្រឡាញ់​យើង​ខ្លាំង​ដល់​ម្ល៉េះ​បាន​ជា​លោក​ផ្ដល់​អំណោយ​ទាន​មួយ​ដល់​យើង។ លោក​បាន​ឲ្យ​បុត្រ​របស់​លោក​ជា​ថ្លៃ​លោះ​ដើម្បី​យើង​អាច​មាន​ឱកាស​រស់​ជា​រៀង​រហូត។ នេះ​គឺ​ជា​អំណោយ​មួយ​ដ៏​សប្បុរស​ដែល​យើង​មិន​សម​នឹង​ទទួល​ឡើយ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក