ជីវប្រវត្ដិ
យើងបានទទួលគុណដ៏វិសេសលើសលប់របស់ព្រះតាមរបៀបជាច្រើន
ឪពុករបស់ខ្ញុំឈ្មោះអាថឺ។ ពេលគាត់នៅវ័យក្មេងគាត់ចង់ធ្វើជាគ្រូគង្វាលនៃសាសនាមេតូឌីស្ទ ដោយសារគាត់ស្រឡាញ់ព្រះ។ ប៉ុន្តែ គាត់បានប្ដូរចិត្តពេលគាត់អានសៀវភៅខ្លះដែលគាត់បានទទួលពីនិស្សិតគម្ពីរ ហើយគាត់បានចាប់ផ្ដើមចូលរួមជាមួយនឹងពួកគេ។ នៅឆ្នាំ១៩១៤ ពេលឪពុកខ្ញុំមានអាយុ១៧ឆ្នាំ គាត់បានទទួលការជ្រមុជទឹក។ ក្នុងអំឡុងសង្គ្រាមលោកលើកទី១ គាត់បានត្រូវបង្គាប់ឲ្យចូលបំពេញកាតព្វកិច្ចយោធា តែគាត់មិនព្រមច្បាំងទេ។ ដូច្នេះ គាត់បានត្រូវកាត់ទោសឲ្យជាប់គុក១០ខែនៅពន្ធនាគារនៅក្រុងឃីងស្តូន នាខេត្តអនតារីយ៉ូ ប្រទេសកាណាដា។ ក្រោយពីគាត់បានត្រូវដោះលែងពីគុក គាត់បានទៅជាអ្នកត្រួសត្រាយ។
នៅឆ្នាំ១៩២៦ ឪពុកខ្ញុំបានរៀបការជាមួយនឹងម្ដាយខ្ញុំឈ្មោះហេស៊េល វ៉ីលឃីនសុន។ យាយខាងម្ដាយខ្ញុំបានរៀនសេចក្ដីពិតនៅឆ្នាំ១៩០៨។ ខ្ញុំបានកើតនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៣១។ ខ្ញុំមានបងប្អូនបួននាក់ ហើយខ្ញុំជាកូនទីពីរ។ ឪពុកខ្ញុំស្រឡាញ់និងឲ្យតម្លៃចំពោះគម្ពីរ ហើយគាត់បានបង្រៀនយើងឲ្យធ្វើដូច្នេះដែរ។ ការគោរពប្រណិប័តន៍ព្រះយេហូវ៉ាគឺជាអ្វីដ៏សំខាន់បំផុតក្នុងជីវិតរបស់យើង។ យើងបានផ្សព្វផ្សាយជាក្រុមគ្រួសារពីផ្ទះមួយទៅផ្ទះមួយជាទៀងទាត់។—សកម្មភាព ២០:២០
ដូចឪពុកខ្ញុំ ខ្ញុំបានរក្សាជំហរអព្យាក្រឹតហើយបានធ្វើជាអ្នកត្រួសត្រាយ
នៅឆ្នាំ១៩៣៩ សង្គ្រាមលោកលើកទី២បានចាប់ផ្ដើម។ នៅឆ្នាំបន្ទាប់ រដ្ឋាភិបាលបានដាក់បម្រាមលើកិច្ចការរបស់សាក្សីព្រះយេហូវ៉ានៅប្រទេសកាណាដា។ សិស្សសាលាត្រូវគោរពទង់ជាតិ ហើយច្រៀងចម្រៀងជាតិក្នុងថ្នាក់រៀន។ តាមធម្មតាពេលពួកគេធ្វើដូច្នេះ គ្រូបង្រៀនបានអនុញ្ញាតឲ្យខ្ញុំនិងបងស្រីខ្ញុំឈ្មោះដ័ររ៉ឺធីចេញក្រៅថ្នាក់។ ប៉ុន្តែ ថ្ងៃមួយគ្រូរបស់ខ្ញុំបានព្យាយាមធ្វើឲ្យខ្ញុំអាម៉ាស់មុខដោយនិយាយថាខ្ញុំជាមនុស្សកំសាក។ ក្រោយចេញពីរៀន សិស្សរួមថ្នាក់ខ្លះបានវាយតប់ខ្ញុំឲ្យដួលទៅលើដី។ នេះបានធ្វើឲ្យខ្ញុំកាន់តែតាំងចិត្ត«ស្ដាប់បង្គាប់ព្រះជាអ្នកគ្រប់គ្រង ជាជាងមនុស្ស»។—សកម្មភាព ៥:២៩
នៅខែកក្កដា ឆ្នាំ១៩៤២ ពេលខ្ញុំមានអាយុ១១ឆ្នាំ ខ្ញុំបានទទួលការជ្រមុជទឹកក្នុងអាងដាក់ទឹកមួយនៅកសិដ្ឋាន។ ខ្ញុំចូលចិត្តត្រួសត្រាយជំនួយពេលវិស្សមកាល។ មានឆ្នាំមួយដែលខ្ញុំមានឱកាសទៅភាគខាងជើងនៃខេត្តអនតារីយ៉ូជាមួយនឹងបងប្រុសបីនាក់ទៀត។ នៅទីនោះយើងបានផ្សព្វផ្សាយដល់អ្នកកាប់ព្រៃឈើ។
នៅថ្ងៃទី១ ខែឧសភា ឆ្នាំ១៩៤៩ ខ្ញុំបានចាប់ផ្ដើមត្រួសត្រាយពេញពេល។ ក្រោយមក ខ្ញុំបានត្រូវអញ្ជើញឲ្យទៅជួយកិច្ចការសាងសង់នៅការិយាល័យសាខានាប្រទេសកាណាដា ហើយក្រោយមកទៀតខ្ញុំបានទៅជាសមាជិកក្រុមគ្រួសារបេតអែលនៅប្រទេសកាណាដា។ ខ្ញុំបានទទួលភារកិច្ចនៅផ្នែកបោះពុម្ព ហើយបានរៀនអំពីរបៀបប្រើម៉ាស៊ីនបោះពុម្ព។ ខ្ញុំចាំអំពីពេលដែលខ្ញុំបានធ្វើការពីយប់ទល់ភ្លឺអស់ប៉ុន្មានសប្ដាហ៍ដើម្បីជួយបោះពុម្ពខិត្តប័ណ្ណស្តីអំពីការបៀតបៀនរាស្ត្ររបស់ព្រះយេហូវ៉ានៅប្រទេសកាណាដា។
ក្រោយមក ខ្ញុំបានធ្វើការនៅការិយាល័យខាងកិច្ចបម្រើ។ ខ្ញុំបានទទួលភារកិច្ចឲ្យសម្ភាសអ្នកត្រួសត្រាយដែលនឹងទៅបម្រើនៅខេត្តកេបិក។ នៅទីនោះមានការបៀតបៀនយ៉ាងសាហាវ។ អ្នកត្រួសត្រាយម្នាក់ក្នុងចំណោមអ្នកត្រួសត្រាយទាំងនោះគឺប្អូនស្រីម៉ារៀ សាស៊ូឡាដែលមកពីក្រុងអេតម៉ុនតុន ខេត្តអាល់ប៊ើតា។ ឪពុកម្ដាយគាត់ជាសមាជិកសាសនាអូធូដុក្ស។ ពេលម៉ារៀនិងបងប្រុសគាត់មិនព្រមឈប់សិក្សាគម្ពីរ ឪពុកម្ដាយរបស់ពួកគាត់បានបណ្ដេញពួកគាត់ចេញពីផ្ទះ។ ម៉ារៀនិងបងប្រុសគាត់បានទទួលការជ្រមុជទឹកនៅខែមិថុនា ឆ្នាំ១៩៥១ ហើយ៦ខែក្រោយមកពួកគាត់បានចាប់ផ្ដើមត្រួសត្រាយ។ នៅពេលសម្ភាស ខ្ញុំបានឃើញថាម៉ារៀស្រឡាញ់ព្រះយេហូវ៉ាយ៉ាងខ្លាំង។ ខ្ញុំចាំថាពេលនោះខ្ញុំបានគិតថាគាត់ជានារីម្នាក់ដែលខ្ញុំចង់រៀបការជាមួយ។ ប្រាំបួនខែក្រោយមក នៅថ្ងៃទី៣០ ខែមករា ឆ្នាំ១៩៥៤ យើងបានរៀបការ។ មួយសប្ដាហ៍ក្រោយពីអាពាហ៍ពិពាហ៍របស់យើង ខ្ញុំនិងម៉ារៀបានត្រូវអញ្ជើញឲ្យទទួលការបង្ហាត់បង្រៀនដើម្បីធ្វើកិច្ចការត្រួតពិនិត្យមណ្ឌល។ អស់រយៈពេលពីរឆ្នាំក្រោយមក យើងបានធ្វើកិច្ចការត្រួតពិនិត្យមណ្ឌលនៅភាគខាងជើងនៃខេត្តអនតារីយ៉ូ។
កាលដែលកិច្ចការផ្សព្វផ្សាយនៅទូទាំងពិភពលោកបានកើនឡើង នោះកាន់តែត្រូវការសាសនទូតថែមទៀត។ ខ្ញុំនិងម៉ារៀបានគិតថាបើយើងអាចរស់នៅក្នុងអាកាសធាតុដែលត្រជាក់ខ្លាំងនៅប្រទេសកាណាដាក្នុងរដូវរងា ហើយអាចទ្រាំនឹងមូសក្នុងរដូវក្ដៅ នោះយើងអាចរស់នៅកន្លែងណាក៏បានដែរ។ យើងបានចូលសាលាគីលាតជំនាន់ទី២៧ ហើយបានបញ្ចប់វគ្គសិក្សានៅខែកក្កដា ឆ្នាំ១៩៥៦។ នៅខែវិច្ឆិកា យើងបានទៅដល់ប្រទេសប្រេស៊ីលដែលជាទីលំនៅថ្មីរបស់យើង។
ការបម្រើជាសាសនទូតនៅប្រទេសប្រេស៊ីល
ពេលយើងបានទៅដល់ប្រទេសប្រេស៊ីល យើងបានចាប់ផ្ដើមរៀនភាសាព័រទុយហ្គាល់។ ដំបូងយើងបានរៀនរបៀបចាប់ផ្ដើមការសន្ទនាដោយប្រើពាក្យសាមញ្ញ។ ក្រោយមក យើងបានទន្ទេញពាក្យផ្សាយខ្លីដើម្បីស្នើផ្ដល់ទស្សនាវដ្ដី។ ក្រោយមកទៀត យើងបានទៅផ្សព្វផ្សាយ ហើយបានជួបស្ត្រីម្នាក់ដែលចាប់អារម្មណ៍អំពីដំណឹងដែលយើងបានផ្សាយ។ យើងបានសម្រេចចិត្តថាបើម្ចាស់ផ្ទះចាប់អារម្មណ៍ យើងនឹងអានបទគម្ពីរមួយអំពីជីវិតក្រោមការគ្រប់គ្រងនៃរាជាណាចក្រព្រះ។ ដូច្នេះ ខ្ញុំបានអានការបើកបង្ហាញ ២១:៣, ៤ ហើយភ្លាមៗក្រោយមកខ្ញុំដួលសន្លប់! ខ្ញុំមិនទាន់ស៊ាំនឹងអាកាសធាតុក្ដៅដែលធ្វើឲ្យស្អុះស្អាប់នោះទេ។ អាកាសធាតុក្ដៅបែបនោះបានបន្តធ្វើឲ្យខ្ញុំពិបាក។
យើងបានបម្រើជាសាសនទូតនៅក្រុងខាំផាស។ សព្វថ្ងៃនេះ មានក្រុមជំនុំ១៥នៅទីនោះ! ប៉ុន្តែ ពេលយើងទៅដល់មានក្រុមស្វយ័តតែមួយប៉ុណ្ណោះនៅក្រុងនោះ ហើយមានផ្ទះសាសនទូតមួយដែលមានបងស្រីបួននាក់ស្នាក់នៅ ពួកគាត់ឈ្មោះអេសធើរ ត្រេស៊ី រ៉ាម៉ូណា បូអឺ លូអ៊ីសា ស្វាត និងឡារ៉ែន ប៊្រុក (ឥឡូវត្រកូលគាត់គឺវ៉លលិន)។ ភារកិច្ចរបស់ខ្ញុំនៅផ្ទះសាសនទូតគឺជួយបោកខោអាវ ហើយរកឧសដើម្បីចម្អិនអាហារ។ នៅយប់ថ្ងៃច័ន្ទមួយក្រោយពីការសិក្សាទស្សនាវដ្ដីប៉មយាម ម៉ារៀបានសម្រាកលើសាឡុងដោយកើយខ្នើយ។ យើងបាននិយាយគ្នាអំពីអ្វីដែលបានកើតឡើងនៅថ្ងៃនោះ។ ពេលម៉ារៀក្រោកឡើង សត្វពស់បានចេញពីក្រោមខ្នើយ! ភ្ញៀវដែលយើងមិនបានរំពឹងទុកនេះបានធ្វើឲ្យមានសម្រែកយ៉ាងខ្លាំងរហូតដល់ខ្ញុំសម្លាប់វា។
ក្រោយពីយើងរៀនភាសាព័រទុយហ្គាល់បានមួយឆ្នាំ យើងបានចាប់ផ្ដើមធ្វើកិច្ចការត្រួតពិនិត្យមណ្ឌល។ យើងបានបម្រើនៅតំបន់ដែលគ្មានអគ្គីសនី។ យើងបានដេកលើកន្ទេល ហើយបានធ្វើដំណើរដោយជិះរទេះសេះ។ នៅពេលមួយ យើងបានជិះរថភ្លើងទៅក្រុងមួយនៅតំបន់ភ្នំដើម្បីផ្សព្វផ្សាយនៅតំបន់ដាច់ស្រយាល។ យើងបានជួលបន្ទប់មួយនៅទីនោះ។ ការិយាល័យសាខាបានផ្ញើទស្សនាវដ្ដីចំនួន៨០០ច្បាប់ដល់យើងដើម្បីប្រើក្នុងកិច្ចបម្រើផ្សាយ។ យើងត្រូវទៅប្រៃសណីយ៍ច្រើនដងដើម្បីយកប្រអប់ទស្សនាវដ្ដីទាំងនោះ។
នៅឆ្នាំ១៩៦២ សាលាកិច្ចបម្រើរាជាណាចក្របានធ្វើឡើងនៅកន្លែងផ្សេងៗទូទាំងប្រទេសប្រេស៊ីល។ អស់៦ខែ ខ្ញុំបានត្រូវចាត់ឲ្យធ្វើដំណើរទៅសាលាទាំងនោះម្នាក់ឯង។ ខ្ញុំបានធ្វើជាអ្នកបង្រៀនសម្រាប់សាលានោះនៅក្រុងម៉ាណោ ក្រុងបេឡេម ក្រុងហ្វតថាឡេសា ក្រុងរេស៊ីហ៊្វី និងក្រុងសាល់វ៉ាឌ័រ។ ពេលខ្ញុំនៅក្រុងម៉ាណោ ខ្ញុំបានរៀបចំមហាសន្និបាតប្រចាំតំបន់នៅសាលដ៏ល្បីមួយ។ នៅទីនោះមានភ្លៀងធ្លាក់យ៉ាងខ្លាំងនិងមិនសូវមានទឹកស្អាតសម្រាប់ផឹកទេ ហើយយើងមិនមានកន្លែងល្អសម្រាប់បងប្អូនបរិភោគអាហារនៅពេលមហាសន្និបាតដែរ។ ខ្ញុំបាននិយាយជាមួយនឹងមេទាហានម្នាក់ ហើយបានប្រាប់គាត់អំពីបញ្ហារបស់យើង។ គាត់បានរៀបចំឲ្យយើងមានទឹកផឹកគ្រប់គ្រាន់សម្រាប់មហាសន្និបាតទាំងមូល។ គាត់ក៏បានចាត់ទាហានឲ្យដំឡើងរោងធំពីរ រួចយើងបានប្រើរោងនោះជាផ្ទះបាយនិងកន្លែងបរិភោគអាហារ។
នៅពេលនោះ ម៉ារៀបានផ្សព្វផ្សាយនៅតំបន់ពាណិជ្ជកម្មដែលគ្មានអ្នកចាប់អារម្មណ៍និយាយអំពីគម្ពីរ។ មនុស្សនៅទីនោះបានមកពីប្រទេសព័រទុយហ្គាល់ ហើយនៅប្រទេសប្រេស៊ីលដើម្បីរកលុយ។ ម៉ារៀបានធ្លាក់ទឹកចិត្ត ហើយនិយាយថា៖ «នៅផែនដីទាំងមូល កន្លែងដែលខ្ញុំមិនចង់រស់នៅជាងគេគឺប្រទេសព័រទុយហ្គាល់»។ មិនយូរក្រោយពីនោះមក យើងបានទទួលសំបុត្រមួយ។ សំបុត្រនោះគឺជាសេចក្ដីអញ្ជើញឲ្យយើងបម្រើនៅប្រទេសព័រទុយហ្គាល់ ជាប្រទេសដែលបានដាក់បម្រាមលើកិច្ចការផ្សព្វផ្សាយរបស់យើង។ ម៉ារៀតក់ស្លុត! ប៉ុន្តែយើងបានព្រមទទួលភារកិច្ចនោះ ហើយបានរើទៅប្រទេសព័រទុយហ្គាល់។
កិច្ចបម្រើរបស់យើងនៅប្រទេសព័រទុយហ្គាល់
នៅខែសីហា ឆ្នាំ១៩៦៤ យើងបានទៅដល់ក្រុងលីសបោន ប្រទេសព័រទុយហ្គាល់។ នៅទីនោះប៉ូលិសសម្ងាត់បានធ្វើឲ្យជីវិតរបស់បងប្អូនយើងពិបាកណាស់។ ដូច្នេះ ជាការល្អដែលដំបូងយើងមិនទាក់ទងជាមួយនឹងសាក្សីនៅតំបន់នោះ។ មុនបង្អស់ យើងបានស្នាក់នៅបន្ទប់ជួល។ ក្រោយមក ពេលយើងទទួលទិដ្ឋាការ យើងបានជួលផ្ទះ។ ក្រោយពីប្រាំខែ យើងបានទាក់ទងជាមួយនឹងបងប្អូននៅការិយាល័យសាខា។ នៅទីបំផុត ពេលដែលយើងមានឱកាសចូលរួមកិច្ចប្រជុំ យើងសប្បាយចិត្តណាស់!
ដោយសារកិច្ចការរបស់យើងបានត្រូវដាក់បម្រាម សាលប្រជុំបានត្រូវបិទ ហើយកិច្ចប្រជុំក្រុមជំនុំបានត្រូវធ្វើឡើងនៅផ្ទះរបស់បងប្អូន។ ផ្ទះរបស់ពួកគាត់បានត្រូវប៉ូលិសឆែកឆេរជាទៀងទាត់។ បងប្អូនរាប់រយនាក់របស់យើងបានត្រូវចាប់យកទៅប៉ុស្តិ៍ប៉ូលិសដើម្បីសួរចម្លើយ។ ប៉ូលិសបានធ្វើបាបពួកគាត់ ហើយព្យាយាមបង្ខំពួកគាត់ឲ្យប្រាប់ឈ្មោះបងប្អូនប្រុសដែលជាអ្នកនាំមុខ។ ដូច្នេះ ដើម្បីការពារគ្នាទៅវិញទៅមក បងប្អូនបានហៅគ្នាតាមឈ្មោះខ្លួនប៉ុណ្ណោះ ហើយឈប់ហៅនាមត្រកូល។
យើងឲ្យតម្លៃចំពោះអនុស្សាវរីយ៍របស់យើងក្នុងការបម្រើព្រះយេហូវ៉ាអស់រយៈពេល៦០ឆ្នាំជាង
គោលដៅចម្បងរបស់យើងគឺធ្វើឲ្យប្រាកដថាបងប្អូនយើងនៅតែអាចទទួលសៀវភៅដែលនឹងជួយពួកគាត់ឲ្យស៊ូទ្រាំ។ ម៉ារៀបានវាយអត្ថបទសិក្សាទស្សនាវដ្ដីប៉មយាមនិងសៀវភៅឯទៀតលើក្រដាសប្រភេទពិសេសម្យ៉ាងដែលប្រើដើម្បីធ្វើជាពុម្ពអក្សរ។ ក្រោយមកក្រដាសនោះបានត្រូវប្រើដើម្បីចម្លងឯកសារជាច្រើនសម្រាប់បងប្អូន។
ការការពារដំណឹងល្អនៅតុលាការ
នៅខែមិថុនា ឆ្នាំ១៩៦៦ រឿងក្ដីដ៏សំខាន់មួយបានត្រូវធ្វើឡើងនៅក្រុងលីសបោន។ មានគេចោទប្រកាន់ថាសមាជិកទាំងអស់នៃក្រុមជំនុំហ្វេស៊ូដែលមានចំនួន៤៩នាក់ បានចូលរួមកិច្ចប្រជុំខុសច្បាប់នៅផ្ទះរបស់បុគ្គលម្នាក់។ ដើម្បីជួយបងប្អូនទាំងនោះឲ្យត្រៀមខ្លួនសម្រាប់ឡើងតុលាការ ខ្ញុំបានសម្ដែងដូចជាមេធាវីម្នាក់ដែលនឹងព្យាយាមបញ្ជាក់ថាបងប្អូនយើងមានទោស។ តែដូចដែលយើងបានគិតទុកជាមុន យើងបានចាញ់ក្ដីនោះ។ បងប្អូនទាំង៤៩នាក់នោះត្រូវជាប់គុកពី៤៥ថ្ងៃរហូតដល់ប្រាំខែកន្លះ។ ប៉ុន្តែ ការវិនិច្ឆ័យក្ដីនោះបានធ្វើឲ្យព្រះយេហូវ៉ាទទួលការសរសើរតម្កើង។ តាមពិត ក្នុងអំឡុងការវិនិច្ឆ័យក្ដីនោះ មេធាវីរបស់យើងថែមទាំងបានដកស្រង់ពាក្យសម្ដីរបស់កាម៉េលៀលពីគម្ពីរ។ (សកម្មភាព ៥:៣៣-៣៩) ក្រោយមក ប្រព័ន្ធផ្សាយព័ត៌មានបានរាយការណ៍អំពីការវិនិច្ឆ័យក្ដីនោះ។ យើងសប្បាយចិត្តណាស់ពេលមេធាវីរបស់យើងបានចាប់ផ្ដើមសិក្សាគម្ពីរជាមួយនឹងយើង ហើយចូលរួមកិច្ចប្រជុំ។
នៅខែធ្នូ ឆ្នាំ១៩៦៦ ខ្ញុំបានទទួលភារកិច្ចធ្វើជាអ្នកត្រួតពិនិត្យការិយាល័យសាខា ហើយបានចំណាយពេលជាច្រើនក្នុងកិច្ចការដែលទាក់ទងនឹងរឿងខាងផ្លូវច្បាប់។ យើងបានធ្វើអ្វីៗទាំងអស់ដែលយើងអាចធ្វើបានដើម្បីបញ្ជាក់អំពីមូលហេតុដែលសាក្សីព្រះយេហូវ៉ាគួរមានសិទ្ធិតាមផ្លូវច្បាប់ក្នុងការគោរពប្រណិប័តន៍ដោយសេរីភាពនៅប្រទេសព័រទុយហ្គាល់។ (ភីលីព ១:៧) ទីបំផុត នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ១៩៧៤ យើងបានត្រូវទទួលស្គាល់តាមផ្លូវច្បាប់។ បងប្រុសណាថាន់ ន័រ និងបងប្រុសហ្វ្រីឌីរិក ហ្វ្រេន បានមកពីមន្ទីរចាត់ការពិភពលោកដើម្បីចូលរួមអរសប្បាយជាមួយយើង។ យើងមានកិច្ចប្រជុំដ៏ពិសេសមួយនៅក្រុងអូផូធូ និងនៅក្រុងលីសបោន ហើយមានអ្នកចូលរួមចំនួន៤៦.៨៧០នាក់។
ព្រះយេហូវ៉ាក៏បានធ្វើឲ្យកិច្ចការផ្សព្វផ្សាយកើនឡើងនៅកោះផ្សេងៗដែលមានមនុស្សនិយាយភាសាព័រទុយហ្គាល់ ដូចជាកោះអាហ្សូរេស កាប់វែរ ម៉ាឌីរ៉ា ហើយសៅតូម៉េនិងប្រាំងស៊ីប។ កាលដែលចំនួនសាក្សីនៅកន្លែងទាំងនោះបានកើនឡើង យើងត្រូវការការិយាល័យសាខាធំជាង។ ក្រោយពីការិយាល័យសាខានោះបានត្រូវសង់ឡើង បងប្រុសមីលថុន ហេនសូលបានថ្លែងសុន្ទរកថាសម្រាប់ពិធីសម្ពោធ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ១៩៨៨។ យើងមានបងប្អូន៤៥.៥២២នាក់ដែលបានចូលរួម ក្នុងនោះមានបងប្អូន២០នាក់ដែលធ្លាប់បម្រើជាសាសនទូតនៅប្រទេសព័រទុយហ្គាល់ និងដែលបានត្រឡប់មកវិញដើម្បីចូលរួមពិធីសម្ពោធនោះ។
យើងបានរៀនពីគំរូរបស់អ្នកស្មោះត្រង់
ក្នុងជីវិតរបស់យើង ខ្ញុំនិងម៉ារៀពិតជាចូលចិត្តរៀនពីបងប្អូនប្រុសដែលស្មោះត្រង់។ ជាឧទាហរណ៍ ពេលខ្ញុំបានធ្វើទស្សនកិច្ចតាមការិយាល័យសាខាជាមួយនឹងបងប្រុសធីអូឌ័រ ចារ៉ាស ខ្ញុំបានទាញមេរៀនដ៏សំខាន់មួយ។ ការិយាល័យសាខានោះមានបញ្ហាធំ ហើយគណៈកម្មាធិការការិយាល័យសាខាបានខំជួយដោះស្រាយបញ្ហានោះអស់ពីសមត្ថភាព។ ពួកគាត់សោកស្ដាយដែលពួកគាត់មិនអាចធ្វើច្រើនជាងនោះ។ ដូច្នេះបងចារ៉ាសបានសម្រាលទុក្ខពួកគាត់ដោយនិយាយថា៖ «ឥឡូវនេះ គឺជាពេលទុកឱកាសឲ្យសកម្មពលបរិសុទ្ធសម្រេចកិច្ចការនោះ»។ ខ្ញុំក៏មិនដែលភ្លេចអំពីអ្វីដែលបងហ្វ្រេនបាននិយាយពេលខ្ញុំនិងម៉ារៀបានទៅតំបន់ប៊្រុគ្លីនអស់ជាច្រើនឆ្នាំមុន។ ខ្ញុំនិងបងប្អូនប៉ុន្មាននាក់ទៀតបានសុំឱវាទពីគាត់ ហើយគាត់បានប្រាប់យើងថា៖ «តាមយោបល់របស់ខ្ញុំ សូមនៅជាប់នឹងអង្គការរបស់ព្រះយេហូវ៉ា ទោះជាមានកាលៈទេសៈបែបណាក៏ដោយ។ មានតែអង្គការនេះប៉ុណ្ណោះដែលកំពុងធ្វើកិច្ចការដែលលោកយេស៊ូបានបង្គាប់អ្នកកាន់តាមលោកឲ្យធ្វើ ពោលគឺកិច្ចផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្ររបស់ព្រះ!»។
ការធ្វើតាមយោបល់នេះបាននាំឲ្យខ្ញុំនិងម៉ារៀសប្បាយចិត្តណាស់។ យើងក៏មានអនុស្សាវរីយ៍ដ៏ពិសេសអំពីការធ្វើទស្សនកិច្ចតាមការិយាល័យសាខាផ្សេងៗនៅទូទាំងពិភពលោក។ យើងពិតជាចូលចិត្តជួបអ្នកបម្រើរបស់ព្រះយេហូវ៉ាគ្រប់វ័យ ហើយពង្រឹងទំនុកចិត្តរបស់ពួកគេថាកិច្ចបម្រើរបស់ពួកគេចំពោះព្រះយេហូវ៉ាគឺមានតម្លៃ។ យើងតែងតែបានលើកទឹកចិត្តពួកគេឲ្យបន្តបម្រើលោក។
អស់ជាច្រើនឆ្នាំបានកន្លងផុតទៅ ឥឡូវនេះយើងទាំងពីរនាក់មានអាយុ៨០ឆ្នាំជាង។ ម៉ារៀមានបញ្ហាសុខភាពផ្សេងៗ។ (កូរិនថូសទី២ ១២:៩) ម្យ៉ាងទៀត យើងក៏ធ្លាប់មានទុក្ខលំបាកផ្សេងៗដែរ។ ប៉ុន្តែ ទុក្ខលំបាកទាំងនេះបានពង្រឹងជំនឿរបស់យើង ហើយបានធ្វើឲ្យយើងកាន់តែតាំងចិត្តរក្សាចិត្តស្មោះគ្រប់លក្ខណៈចំពោះព្រះយេហូវ៉ា។ ពេលយើងពិចារណាអំពីឆ្នាំមុនៗក្នុងការបម្រើព្រះយេហូវ៉ា យើងដឹងថាលោកបានផ្ដល់គុណដ៏វិសេសលើសលប់ដល់យើងតាមរបៀបជាច្រើនa (សូមមើលកំណត់សម្គាល់)។
a បងដឺក្លេស ហ្គេស្តបានរក្សាភាពស្មោះត្រង់ចំពោះព្រះយេហូវ៉ារហូតដល់គាត់បានស្លាប់នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៥ ក្នុងរយៈពេលដែលអត្ថបទនេះបានត្រូវរៀបចំដើម្បីបោះពុម្ព។