បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w17 កុម្ភៈ ទំ. ៩-១៣
  • ថ្លៃលោះជា«អំណោយដ៏ល្អឥតខ្ចោះ»ដែលមកពីបិតា

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ថ្លៃលោះជា«អំណោយដ៏ល្អឥតខ្ចោះ»ដែលមកពីបិតា
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ​«​សូម​ឲ្យ​នាម​របស់​លោក​បាន​បរិសុទ្ធ​»​
  • ​«​សូម​ឲ្យ​រាជាណាចក្រ​របស់​លោក​បាន​មក​ដល់​»​
  • ​«​សូម​ឲ្យ​បំណង​ប្រាថ្នា​របស់​លោក​បាន​សម្រេច​»​
  • ចូរ​បង្ហាញ​ព្រះ​យេហូវ៉ា​ថា​អ្នក​មាន​ចិត្ត​កតញ្ញូ​ចំពោះ​ថ្លៃ​លោះ
  • ថ្លៃ​លោះ​នាំ​ឲ្យ​ទទួល​ពរ​ពី​ព្រះ​យេហូវ៉ា
  • ថ្លៃលោះជាអំណោយវិសេសបំផុតពីព្រះ
    តើគម្ពីរអាចបង្រៀនយើងអំពីអ្វី?
  • តម្លៃលោះរបស់ព្រះយេស៊ូជាអំណោយវិសេសបំផុតរបស់ព្រះ
    តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
  • ចូរបន្តមានចិត្តកតញ្ញូចំពោះថ្លៃលោះ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២១
  • ព្រះយេហូវ៉ាប្រទាន«ថ្លៃលោះមនុស្សជាច្រើន»
    ចូរចូលទៅជិតព្រះយេហូវ៉ា
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
w17 កុម្ភៈ ទំ. ៩-១៣
លោកយេស៊ូកំពុងបង្រៀនមនុស្សមួយក្រុម

ថ្លៃ​លោះ​ជា​«​អំណោយ​ដ៏​ល្អ​ឥត​ខ្ចោះ​»​ដែល​មក​ពី​បិតា

​«​គ្រប់​ទាំង​របស់​ល្អ​និង​អំណោយ​ដ៏​ល្អ​ឥត​ខ្ចោះ សុទ្ធ​តែ​មក​ពី . . . បិតា​»។—យ៉ាកុប ១:១៧

ចម្រៀង​លេខ: ១៤៨, ៥

តើ​តាម​របៀប​ណា ថ្លៃ​លោះ . . .

  • ជួយ​ឲ្យ​នាម​របស់​ព្រះ​យេហូវ៉ា​បាន​បរិសុទ្ធ?

  • នាំ​ឲ្យ​ទទួល​ពរ​ក្រោម​ការ​គ្រប់​គ្រង​នៃ​រាជាណាចក្រ​របស់​ព្រះ?

  • ជួយ​ឲ្យ​គោល​បំណង​របស់​ព្រះ​បាន​សម្រេច?

១​. តើ​ថ្លៃ​លោះ​អាច​ផ្ដល់​ពរ​អ្វី​ខ្លះ​ដល់​យើង?

គ្រឿង​បូជា​លោះ​របស់​លោក​យេស៊ូ​គ្រិស្ត​នាំ​ឲ្យ​មាន​ពរ​ជា​ច្រើន។ ជា​ឧទាហរណ៍ ថ្លៃ​លោះ​បើក​ឱកាស​ឲ្យ​កូន​ទាំង​អស់​របស់​អាដាម​ដែល​ស្រឡាញ់​សេចក្ដី​សុចរិត​ឲ្យ​ទៅ​ជា​សមាជិក​ក្រុម​គ្រួសារ​របស់​ព្រះ​នៅ​ថ្ងៃ​ណា​មួយ។ ពរ​មួយ​ទៀត​គឺ​យើង​អាច​រស់​នៅ​ជា​រៀង​រហូត​ដោយ​សុភមង្គល។ ជាង​នេះ​ទៅ​ទៀត ថ្លៃ​លោះ​គឺ​ជាប់​ទាក់​ទង​នឹង​រឿង​ដ៏​សំខាន់​ណាស់​ចំពោះ​បុគ្គល​ទាំង​អស់​នៅ​ស្ថាន​សួគ៌​និង​នៅ​ផែន​ដី។—ហេប្រឺ ១:៨, ៩

២​. (​ក​) ក្នុង​សេចក្ដី​អធិដ្ឋាន​របស់​លោក​យេស៊ូ តើ​លោក​បាន​រួម​បញ្ចូល​រឿង​ដ៏​សំខាន់​អ្វី​ខ្លះ​សម្រាប់​ស្ថាន​សួគ៌​និង​ផែន​ដី? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​) (​ខ​) តើ​យើង​នឹង​ពិចារណា​អ្វី​ខ្លះ​ក្នុង​អត្ថបទ​នេះ?

២ ប្រហែល​ជា​ពីរ​ឆ្នាំ​មុន​លោក​យេស៊ូ​បាន​ស្លាប់ លោក​បាន​បង្រៀន​អ្នក​កាន់​តាម​លោក​ឲ្យ​អធិដ្ឋាន​ថា​៖ ​«​ឱ​បិតា​របស់​យើង​ដែល​នៅ​ស្ថាន​សួគ៌ សូម​ឲ្យ​នាម​របស់​លោក​បាន​បរិសុទ្ធ។ សូម​ឲ្យ​រាជាណាចក្រ​របស់​លោក​បាន​មក​ដល់។ សូម​ឲ្យ​បំណង​ប្រាថ្នា​របស់​លោក​បាន​សម្រេច​នៅ​ផែន​ដី ដូច​នៅ​ស្ថាន​សួគ៌​ដែរ​»។ (​ម៉ាថាយ ៦:៩, ១០​) សូម​យើង​ពិចារណា​អំពី​របៀប​ដែល​ថ្លៃ​លោះ​ជាប់​ទាក់​ទង​នឹង​ការ​ធ្វើ​ឲ្យ​នាម​របស់​ព្រះ​យេហូវ៉ា​បាន​បរិសុទ្ធ ការ​គ្រប់​គ្រង​នៃ​រាជាណាចក្រ​របស់​ព្រះ និង​ការ​សម្រេច​បំណង​ប្រាថ្នា​របស់​ព្រះ។

​«​សូម​ឲ្យ​នាម​របស់​លោក​បាន​បរិសុទ្ធ​»​

៣​. តើ​នាម​របស់​ព្រះ​យេហូវ៉ា​ជា​តំណាង​អ្វី? តើ​សាថាន​បាន​តិះ​ដៀល​នាម​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

៣ ក្នុង​សេចក្ដី​អធិដ្ឋាន​នេះ ដំបូង​បង្អស់​លោក​យេស៊ូ​បាន​អធិដ្ឋាន​ឲ្យ​នាម​របស់​ព្រះ​យេហូវ៉ាបាន​បរិសុទ្ធ។ នាម​របស់​ព្រះ​យេហូវ៉ា​ជា​តំណាង​ព្រះ​យេហូវ៉ា​ផ្ទាល់ ពោល​គឺ​បង្ហាញ​ថា​លោក​ជា​បុគ្គល​បែប​ណា។ លោក​ជា​បុគ្គល​ដែល​មាន​ឫទ្ធា​នុភាព​ដ៏​ខ្លាំង​ក្លា​និង​សុចរិត​បំផុត​ក្នុង​សកល​លោក​ទាំង​មូល។ លោក​យេស៊ូ​ក៏​បាន​ហៅ​ព្រះ​ថា​៖ ​«​បិតា​បរិសុទ្ធ​»។ (​យ៉ូហាន ១៧:១១​) ដោយ​សារ​ព្រះ​យេហូវ៉ា​គឺ​បរិសុទ្ធ អ្វី​ៗ​ទាំង​អស់​ដែល​លោក​ធ្វើ​និង​ច្បាប់​ដែល​លោក​បង្កើត​គឺ​បរិសុទ្ធ។ ប៉ុន្តែ​នៅ​ក្នុង​សួន​អេដែន សាថាន​បាន​បង្កើត​ឲ្យ​មាន​ការ​សង្ស័យ​ទៅ​លើ​សិទ្ធិ​របស់​ព្រះ​ក្នុង​ការ​ដាក់​ខ្នាត​តម្រា​ឲ្យ​មនុស្សជាតិ។ វា​បាន​ភូត​ភរ​អំពី​ព្រះ​យេហូវ៉ា ហើយ​បាន​តិះ​ដៀល​នាម​ឬ​កេរ្ដិ៍​ឈ្មោះ​របស់​លោក។—លោកុប្បត្តិ ៣:១​-​៥

៤​. តើ​តាម​របៀប​ណា​លោក​យេស៊ូ​បាន​ជួយ​ធ្វើ​ឲ្យ​នាម​របស់​ព្រះ​បាន​បរិសុទ្ធ?

៤ ផ្ទុយ​ពី​សាថាន លោក​យេស៊ូ​ពិត​ជា​ស្រឡាញ់​នាម​របស់​ព្រះ​យេហូវ៉ា ហើយ​បាន​ធ្វើ​អ្វី​ៗ​ទាំង​អស់​ដែល​លោក​អាច​ធ្វើ​ដើម្បី​ឲ្យ​នាម​របស់​ព្រះ​យេហូវ៉ា​បាន​បរិសុទ្ធ។ (​យ៉ូហាន ១៧:២៥, ២៦​) តើ​តាម​របៀប​ណា? តាម​រយៈ​ការ​ប្រព្រឹត្ត​និង​ការ​បង្រៀន​របស់​លោក​យេស៊ូ លោក​បាន​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​យល់​ថា​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា​គឺ​ត្រឹម​ត្រូវ ហើយ​ថា​អ្វី​ៗ​ដែល​ព្រះ​សុំ​យើង​ឲ្យ​ធ្វើ​គឺ​ដើម្បី​ជា​ប្រយោជន៍​ដល់​យើង។ (​សូម​អាន ទំនុក​តម្កើង ៤០:៨​-​១០​) សូម្បី​តែ​នៅ​ពេល​ដែល​សាថាន​ធ្វើ​ឲ្យ​លោក​យេស៊ូ​រង​ការ​ឈឺ​ចាប់ ហើយ​ស្លាប់​យ៉ាង​វេទនា​ក្ដី លោក​បាន​រក្សា​ភក្ដី​ភាព។ លោក​បាន​បង្ហាញ​ថា​មនុស្ស​ល្អ​ឥត​ខ្ចោះ​អាច​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​យ៉ាង​ល្អ​ឥត​ខ្ចោះ​បាន។

៥​. តើ​តាម​របៀប​ណា​យើង​អាច​រួម​ចំណែក​ក្នុង​ការ​ធ្វើ​ឲ្យ​នាម​របស់​ព្រះ​យេហូវ៉ា​បាន​បរិសុទ្ធ?

៥ តើ​តាម​របៀប​ណា​យើង​អាច​បង្ហាញ​ថា​យើង​ស្រឡាញ់​នាម​របស់​ព្រះ​យេហូវ៉ា? តាម​រយៈ​ការ​ប្រព្រឹត្ត​របស់​យើង។ ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​យើង​ធ្វើ​ជា​មនុស្ស​បរិសុទ្ធ។ (​សូម​អាន ពេត្រុស​ទី១ ១:១៥, ១៦​) នេះ​មាន​ន័យ​ថា​យើង​គោរព​ប្រណិប័តន៍​តែ​លោក​ប៉ុណ្ណោះ ហើយ​ស្ដាប់​បង្គាប់​លោក​ដោយ​ស្មោះ​អស់​ពី​ចិត្ត។ សូម្បី​តែ​នៅ​ពេល​ដែល​យើង​បាន​ត្រូវ​គេ​បៀត​បៀន​ក្ដី យើង​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​រស់​នៅ​តាម​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​បង្រៀន​យើង។ ដោយ​រស់​នៅ​សម​ស្រប​តាម​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា យើង​ធ្វើ​ឲ្យ​នាម​របស់​លោក​ទទួល​ការ​សរសើរ​តម្កើង។ (​ម៉ាថាយ ៥:១៤​-​១៦​) យើង​បង្ហាញ​ថា​ច្បាប់​របស់​លោក​គឺ​ល្អ ហើយ​ថា​សាថាន​គឺ​ជា​អ្នក​ភូត​ភរ។ យើង​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ ដូច្នេះ​យើង​នឹង​ធ្វើ​ខុស។ ប៉ុន្តែ​ពេល​យើង​ធ្វើ​ខុស យើង​ប្រែ​ចិត្ត ហើយ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ឈប់​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​អាប់​ឱន​កិត្ដិ​យស។—ទំនុក​តម្កើង ៧៩:៩

៦​. ហេតុ​អ្វី​ព្រះ​យេហូវ៉ា​អាច​ប្រកាស​ថា​យើង​ជា​មនុស្ស​សុចរិត សូម្បី​តែ​យើង​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​ក្ដី?

៦ ទោះ​ជា​យើង​ជា​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង ឬ​ជា​«​ចៀម​ឯ​ទៀត​»​ក៏​ដោយ ព្រះ​យេហូវ៉ា​អភ័យ​ទោស​អំពើ​ខុស​ឆ្គង​របស់​យើង​បើ​យើង​មាន​ជំនឿ​លើ​ថ្លៃ​លោះ។ លោក​ទទួល​ពួក​អ្នក​ដែល​ប្រគល់​ខ្លួន​ជូន​លោក​ជា​អ្នក​គោរព​ប្រណិប័តន៍​លោក។ លោក​ប្រកាស​ថា​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​ជា​មនុស្ស​សុចរិត​ជា​កូន​របស់​លោក ហើយ​ថា​«​ចៀម​ឯ​ទៀត​»​ជា​មនុស្ស​សុចរិត​ជា​មិត្ត​សម្លាញ់​របស់​លោក។ (​យ៉ូហាន ១០:១៦; រ៉ូម ៥:១, ២; យ៉ាកុប ២:២១​-​២៥​) ដូច្នេះ សូម្បី​តែ​នៅ​ពេល​ឥឡូវ​នេះ​ក្ដី ថ្លៃ​លោះ​អាច​ផ្ដល់​ឱកាស​ឲ្យ​យើង​មាន​ចំណង​មិត្តភាព​ដ៏​ល្អ​ជា​មួយ​នឹង​បិតា​របស់​យើង ហើយ​ធ្វើ​ឲ្យ​នាម​របស់​លោក​បាន​បរិសុទ្ធ។

​«​សូម​ឲ្យ​រាជាណាចក្រ​របស់​លោក​បាន​មក​ដល់​»​

៧​. តើ​ថ្លៃ​លោះ​អាច​ផ្ដល់​ពរ​អ្វី​ខ្លះ?

៧ ក្នុង​សេចក្ដី​អធិដ្ឋាន​គំរូ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​សូម​ឲ្យ​រាជាណាចក្រ​របស់​លោក​បាន​មក​ដល់​»។ តើ​ថ្លៃ​លោះ​ជាប់​ទាក់​ទង​នឹង​រាជាណាចក្រ​របស់​ព្រះ​យ៉ាង​ដូច​ម្ដេច? រាជាណាចក្រ​ឬ​រដ្ឋាភិបាល​របស់​ព្រះ គឺ​មាន​លោក​យេស៊ូ​និង​១៤៤.០០០​នាក់​ដែល​បាន​ត្រូវ​ជ្រើស​រើស​ពី​ចំណោម​មនុស្សជាតិ។ ដោយ​សារ​ថ្លៃ​លោះ មនុស្ស​ទាំង​នេះ​អាច​រស់​ឡើង​វិញ​នៅ​ស្ថាន​សួគ៌។ (​ការ​បើក​បង្ហាញ ៥:៩, ១០; ១៤:១​) ពួក​គាត់​នឹង​ទៅ​ជា​ស្តេច​និង​ជា​សង្ឃ ហើយ​នឹង​គ្រប់​គ្រង​មក​លើ​ផែន​ដី​ជា​មួយ​នឹង​លោក​យេស៊ូ​សម្រាប់​១.០០០​ឆ្នាំ។ ក្នុង​អំឡុង​ពេល​នោះ ព្រះ​យេហូវ៉ា​នឹង​ប្រើ​រាជាណាចក្រ​នោះ​ដើម្បី​ធ្វើ​ឲ្យ​ផែន​ដី​ក្លាយ​ទៅ​ជា​សួន​ឧទ្យាន ហើយ​ដើម្បី​ជួយ​ឲ្យ​មនុស្ស​ទាំង​អស់​ទៅ​ជា​ល្អ​ឥត​ខ្ចោះ។ នៅ​ទី​បំផុត អ្នក​បម្រើ​របស់​ព្រះយេហូវ៉ា​នៅ​ស្ថាន​សួគ៌​និង​នៅ​ផែន​ដី​នឹង​ទៅ​ជា​ក្រុម​គ្រួសារ​មួយ។ (​ការ​បើក​បង្ហាញ ៥:១៣; ២០:៦​) លោក​យេស៊ូ​នឹង​បំផ្លាញ​សាថាន ហើយ​បំបាត់​ចោល​បញ្ហា​ទាំង​អស់​ដែល​វា​បាន​បង្ក​ឡើង។—លោកុប្បត្តិ ៣:១៥

៨​. (​ក​) តើ​តាម​របៀប​ណា​លោក​យេស៊ូ​បាន​ជួយ​អ្នក​កាន់​តាម​លោក​ឲ្យ​យល់​ថា​រាជាណាចក្រ​របស់​ព្រះ​គឺ​សំខាន់? (​ខ​) សព្វ​ថ្ងៃ​នេះ តើ​យើង​គាំ​ទ្រ​រាជាណាចក្រ​ព្រះ​យ៉ាង​ដូច​ម្ដេច?

៨ លោក​យេស៊ូ​បាន​ជួយ​អ្នក​កាន់​តាម​លោក​ឲ្យ​យល់​អំពី​សារៈសំខាន់​នៃ​រាជាណាចក្រ​របស់​ព្រះ។ តើ​លោក​បាន​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច? ភ្លាម​ៗ​ក្រោយ​ពី​លោក​យេស៊ូ​បាន​ទទួល​ការ​ជ្រមុជ​ទឹក លោក​បាន​ចាប់​ផ្ដើម​ផ្សព្វ​ផ្សាយ​«​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​របស់​ព្រះ​»​នៅ​គ្រប់​កន្លែង​ដែល​លោក​បាន​ទៅ។ (​លូកា ៤:៤៣​) លោក​ក៏​បាន​ប្រាប់​អ្នក​កាន់​តាម​លោក​ឲ្យ​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​លោក​«​រហូត​ដល់​កន្លែង​ឆ្ងាយ​បំផុត​នៅ​ផែន​ដី​»។ (​សកម្មភាព ១:៦​-​៨​) សព្វ​ថ្ងៃ​នេះ តាម​រយៈ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ​ព្រះ មនុស្ស​មាន​ឱកាស​រៀន​អំពី​ថ្លៃ​លោះ ហើយ​ក្លាយ​ទៅ​ជា​រាស្ត្រ​នៃ​រាជាណាចក្រ​នោះ។ យើង​បង្ហាញ​ថា​យើង​ជា​រាស្ត្រ​ដ៏​ស្មោះ​ត្រង់​នៃ​រាជាណាចក្រ​ព្រះ​ដោយ​ជួយ​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​នៅ​ទូ​ទាំង​ពិភព​លោក។—ម៉ាថាយ ២៤:១៤; ២៥:៤០

​«​សូម​ឲ្យ​បំណង​ប្រាថ្នា​របស់​លោក​បាន​សម្រេច​»​

៩​. ហេតុ​អ្វី​យើង​អាច​មាន​ទំនុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​នឹង​សម្រេច​គោល​បំណង​របស់​លោក​សម្រាប់​មនុស្សជាតិ?

៩ ពេល​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​បន្ទាប់​មក​ថា​៖ ​«​សូម​ឲ្យ​បំណង​ប្រាថ្នា​របស់​លោក​បាន​សម្រេច​»​ តើ​លោក​ចង់​មាន​ន័យ​យ៉ាង​ណា? ពេល​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​អ្វី​មួយ​នឹង​កើត​ឡើង នោះ​នឹង​កើត​ឡើង​មែន។ (​អេសាយ ៥៥:១១​) ការ​បះ​បោរ​របស់​សាថាន​មិន​អាច​បញ្ឈប់​ព្រះ​យេហូវ៉ា​បាន​ឡើយ។ តើ​ព្រះ​យេហូវ៉ា​មាន​បំណង​ប្រាថ្នា​អ្វី​សម្រាប់​ផែន​ដី? លោក​ចង់​ឲ្យ​ផែន​ដី​ពេញ​ទៅ​ដោយ​មនុស្ស​ល្អ​ឥត​ខ្ចោះ​ដែល​ជា​កូន​ចៅ​របស់​អាដាម​និង​អេវ៉ា។ (​លោកុប្បត្តិ ១:២៨​) បើ​អាដាម​និង​អេវ៉ា​បាន​ស្លាប់​ដោយ​មិន​បង្កើត​កូន នោះ​គោល​បំណង​របស់​ព្រះ​ដែល​ឲ្យ​ផែន​ដី​ពេញ​ទៅ​ដោយ​កូន​ចៅ​របស់​ពួក​គេ​នឹង​មិន​បាន​ត្រូវ​សម្រេច​ទេ។ ដូច្នេះ ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពួក​គេ​បង្កើត​កូន។ ថ្លៃ​លោះ​ផ្ដល់​ឱកាស​ឲ្យ​អស់​អ្នក​ដែល​បង្ហាញ​ជំនឿ​ក្លាយ​ទៅ​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ​និង​រស់​ជា​រៀង​រហូត។ ព្រះ​យេហូវ៉ា​ស្រឡាញ់​មនុស្ស ហើយ​ចង់​ឲ្យ​យើង​មាន​ជីវិត​ដ៏​អស្ចារ្យ​ដូច​គោល​បំណង​ដើម​របស់​លោក​ចំពោះ​យើង។

១០​. តើ​ថ្លៃ​លោះ​ផ្ដល់​ប្រយោជន៍​យ៉ាង​ណា​ដល់​មនុស្ស​ដែល​បាន​ស្លាប់?

១០ ចុះ​យ៉ាង​ណា​ចំពោះ​មនុស្ស​រាប់​លាន​នាក់​ដែល​បាន​ស្លាប់​មុន​មាន​ឱកាស​ស្គាល់​ព្រះ​យេហូវ៉ា? ព្រះ​យេហូវ៉ា​ចង់​ឲ្យ​មនុស្ស​មាន​ជីវិត​រស់​នៅ។ ដូច្នេះ លោក​ក៏​នឹង​ប្រោស​ពួក​អ្នក​ដែល​បាន​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​ដែរ។ ថ្លៃ​លោះ​ផ្ដល់​ឱកាស​ឲ្យ​ពួក​គេ​មាន​ជីវិត​ឡើង​វិញ។ ពេល​នោះ ពួក​គេ​អាច​រៀន​អំពី​ព្រះ​យេហូវ៉ា ហើយ​មាន​ឱកាស​រស់​ជា​រៀង​រហូត។ (​សកម្មភាព ២៤:១៥​) ព្រះ​យេហូវ៉ា​ជា​ប្រភព​នៃ​ជីវិត។ ពេល​ព្រះ​យេហូវ៉ា​ប្រោស​ពួក​អ្នក​ដែល​បាន​ស្លាប់​ឲ្យ​រស់​ឡើង​វិញ លោក​ទៅ​ជា​បិតា​របស់​ពួក​គេ។ (​ទំនុក​តម្កើង ៣៦:៩​) ក្នុង​សេចក្ដី​អធិដ្ឋាន​គំរូ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា ព្រះ​យេហូវ៉ា​គឺ​ជា​«​បិតា​របស់​យើង​ដែល​នៅ​ស្ថាន​សួគ៌​»។ (​ម៉ាថាយ ៦:៩​) ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឲ្យ​លោក​យេស៊ូ​នូវ​តួនាទី​ដ៏​សំខាន់​ណាស់​ក្នុង​ការ​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ការ​រស់​ឡើង​វិញ​និង​ជីវិត​គឺ​ដោយ​សារ​ខ្ញុំ​»។—យ៉ូហាន ៦:៤០, ៤៤; ១១:២៥

១១​. តើ​ព្រះ​មាន​គោល​បំណង​អ្វី​សម្រាប់​«​មនុស្ស​មួយ​ក្រុម​ធំ​»​?

១១ លោក​យេស៊ូ​ក៏​បាន​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​ណា​ដែល​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ អ្នក​នោះ​ហើយ​ជា​ប្អូន​ប្រុស ប្អូន​ស្រី និង​ម្ដាយ​របស់​ខ្ញុំ​»។ (​ម៉ាកុស ៣:៣៥​) បំណង​ប្រាថ្នា​របស់​ព្រះ​គឺ​ឲ្យ​មនុស្ស​ដែល​មក​ពី​គ្រប់​ប្រជា​ជាតិ គ្រប់​កុលសម្ព័ន្ធ និង​គ្រប់​ភាសា​ទៅ​ជា​អ្នក​គោរព​ប្រណិប័តន៍​លោក។ ពួក​គេ​បាន​ត្រូវ​រៀប​រាប់​ថា​ជា​«​មនុស្ស​មួយ​ក្រុម​ធំ ដែល​គ្មាន​មនុស្ស​ណា​ម្នាក់​អាច​រាប់​ចំនួន​បាន​ឡើយ​»។ ពួក​គេ​មាន​ជំនឿ​លើ​ថ្លៃ​លោះ ហើយ​ចង់​ស្ដាប់​បង្គាប់​ព្រះ។ ពួក​គេ​សរសើរ​លោក ហើយ​និយាយ​ថា​៖ ​«​សេចក្ដី​សង្គ្រោះ​របស់​យើង​មក​ពី​ព្រះ​របស់​យើង ដែល​អង្គុយ​លើ​បល្ល័ង្ក និង​ពី​កូន​ចៀម​»។—ការ​បើក​បង្ហាញ ៧:៩, ១០

១២​. តើ​យើង​រៀន​អ្វី​ខ្លះ​ពី​សេចក្ដី​អធិដ្ឋាន​របស់​លោក​យេស៊ូ​ស្តី​អំពី​គោល​បំណង​របស់​ព្រះ​យេហូវ៉ា​សម្រាប់​មនុស្សជាតិ?

១២ យើង​បាន​រៀន​ច្រើន​អំពី​ព្រះ​យេហូវ៉ា​និង​គោល​បំណង​របស់​លោក​សម្រាប់​មនុស្សជាតិ​ពី​សេចក្ដី​អធិដ្ឋាន​គំរូ​របស់​លោក​យេស៊ូ។ ទី១ យើង​ត្រូវ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើ​ឲ្យ​នាម​របស់​ព្រះ​យេហូវ៉ា​បាន​បរិសុទ្ធ ហើយ​ធ្វើ​ឲ្យ​លោក​ទទួល​កិត្ដិ​យស។ (​អេសាយ ៨:១៣​) គ្រឿង​បូជា​លោះ​របស់​លោក​យេស៊ូ​ដែល​ផ្ដល់​ឱកាស​ឲ្យ​យើង​ទទួល​សេចក្ដី​សង្គ្រោះ ក៏​លើក​តម្កើង​នាម​របស់​ព្រះ​ដែរ។ តាម​ពិត នាម​របស់​លោក​យេស៊ូ​មាន​ន័យ​ថា​«​ព្រះ​យេហូវ៉ា​ជា​សេចក្ដី​សង្គ្រោះ​»។ ទី២ ព្រះ​យេហូវ៉ា​នឹង​ប្រើ​រាជាណាចក្រ​របស់​លោក​ដើម្បី​ឲ្យ​មនុស្ស​ដែល​ស្ដាប់​បង្គាប់​លោក​ទទួល​ប្រយោជន៍​ទាំង​អស់​ដែល​មក​ពី​ថ្លៃ​លោះ។ ទី៣ យើង​មាន​ទំនុក​ចិត្ត​ថា​គ្មាន​អ្វី​ណា​ដែល​អាច​បញ្ឈប់​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា​មិន​ឲ្យ​សម្រេច​បាន​ឡើយ។—ទំនុក​តម្កើង ១៣៥:៦; អេសាយ ៤៦:៩, ១០

ចូរ​បង្ហាញ​ព្រះ​យេហូវ៉ា​ថា​អ្នក​មាន​ចិត្ត​កតញ្ញូ​ចំពោះ​ថ្លៃ​លោះ

១៣​. ហេតុ​អ្វី​យើង​ទទួល​ការ​ជ្រមុជ​ទឹក?

១៣ របៀប​ដ៏​សំខាន់​មួយ​ដែល​យើង​បង្ហាញ​ថា​យើង​មាន​ចិត្ត​កតញ្ញូ​ចំពោះ​ថ្លៃ​លោះ​គឺ​ដោយ​ប្រគល់​ជីវិត​ខ្លួន​ជូន​ព្រះ​យេហូវ៉ា ហើយ​ទទួល​ការ​ជ្រមុជ​ទឹក។ តាម​របៀប​នេះ យើង​បង្ហាញ​ថា​យើង​មាន​ជំនឿ​លើ​ថ្លៃ​លោះ ហើយ​ថា​«​យើង​ជា​របស់​ព្រះ​យេហូវ៉ា​»។ (​រ៉ូម ១៤:៨​) ពេល​យើង​ទទួល​ការ​ជ្រមុជ​ទឹក យើង​សុំ​ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ​យើង​នូវ​«​សមត្ថភាព​វិនិច្ឆ័យ​ដែល​មិន​ផ្ដន្ទា​ទោស​»។ (​ពេត្រុស​ទី១ ៣:២១​) ព្រះ​យេហូវ៉ា​ធ្វើ​តាម​អ្វី​ដែល​យើង​បាន​សុំ​នេះ​ដោយ​ឲ្យ​យើង​ទទួល​ប្រយោជន៍​ដែល​មក​ពី​ថ្លៃ​លោះ។ ម្យ៉ាង​ទៀត យើង​ជឿ​ជាក់​ទាំង​ស្រុង​ថា​លោក​នឹង​ផ្ដល់​ឲ្យ​យើង​នូវ​អ្វី​ៗ​ទាំង​អស់​ដែល​លោក​បាន​សន្យា។—រ៉ូម ៨:៣២

បុរសម្នាក់កំពុងទទួលការជ្រមុជទឹកជាសាក្សីព្រះយេហូវ៉ា ហើយចូលរួមក្នុងកិច្ចបម្រើផ្សាយ

តើ​តាម​របៀប​ណា​យើង​បង្ហាញ​ថា​យើង​មាន​ចិត្ត​កតញ្ញូ​ចំពោះ​ថ្លៃ​លោះ? (​សូម​មើល​វគ្គ​១៣, ១៤​)

១៤​. ហេតុ​អ្វី​ព្រះ​យេហូវ៉ា​បង្គាប់​យើង​ឲ្យ​ស្រឡាញ់​អ្នក​ឯ​ទៀត?

១៤ អ្វី​ៗ​ទាំង​អស់​ដែល​ព្រះ​យេហូវ៉ា​ធ្វើ​គឺ​ដោយ​សារ​សេចក្ដី​ស្រឡាញ់។ បំណង​ប្រាថ្នា​របស់​លោក​គឺ​ឲ្យ​អ្នក​គោរព​ប្រណិប័តន៍​លោក​យក​តម្រាប់​លោក ហើយ​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ (​យ៉ូហាន​ទី១ ៤:៨​-​១១​) ពេល​យើង​ស្រឡាញ់​មនុស្ស​ឯ​ទៀត យើង​បង្ហាញ​យ៉ាង​ច្បាស់​ថា​យើង​ចង់​ធ្វើ​ជា​«​កូន​នៃ​បិតា​របស់[​យើង​]ដែល​នៅ​ស្ថាន​សួគ៌​»។ (​ម៉ាថាយ ៥:៤៣​-​៤៨​) បញ្ញត្ដិ​សំខាន់​បំផុត​ពីរ គឺ​ទី១​ត្រូវ​ស្រឡាញ់​ព្រះ​យេហូវ៉ា និង​ទី២​ត្រូវ​ស្រឡាញ់​អ្នក​ឯ​ទៀត។ (​ម៉ាថាយ ២២:៣៧​-​៤០​) របៀប​មួយ​ដែល​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​មនុស្ស​គឺ​ដោយ​បង្រៀន​ពួក​គេ​អំពី​ដំណឹង​ល្អ​នៃ​រាជាណាចក្រ​ព្រះ។ បើ​យើង​ធ្វើ​តាម​បង្គាប់​របស់​ព្រះ​យេហូវ៉ា​ដែល​ឲ្យ​ស្រឡាញ់​អ្នក​ឯ​ទៀត ជា​ពិសេស​បង​ប្អូន​របស់​យើង នោះ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​លោក​នឹង​«​ពេញ​លក្ខណៈ​»។—យ៉ូហាន​ទី១ ៤:១២, ២០

ថ្លៃ​លោះ​នាំ​ឲ្យ​ទទួល​ពរ​ពី​ព្រះ​យេហូវ៉ា

១៥​. (​ក​) តើ​យើង​ទទួល​ពរ​អ្វី​ខ្លះ​ពី​ព្រះ​យេហូវ៉ា​នៅ​ឥឡូវ​នេះ? (​ខ​) តើ​យើង​នឹង​ទទួល​ពរ​អ្វី​ខ្លះ​នៅ​ពេល​អនាគត?

១៥ ព្រះ​យេហូវ៉ា​ធានា​ថា ការ​ខុស​ឆ្គង​របស់​យើង​«​ត្រូវ​លុប​ចោល​»​ដោយ​សារ​យើង​មាន​ជំនឿ​លើ​ថ្លៃ​លោះ។ លោក​អាច​អភ័យ​ទោស​ចំពោះ​ការ​ខុស​ឆ្គង​របស់​យើង​ទាំង​ស្រុង។ (​សូម​អាន សកម្មភាព ៣:១៩​-​២១​) ដូច​យើង​បាន​ពិចារណា​ខាង​លើ ថ្លៃ​លោះ​ផ្ដល់​ឱកាស​ឲ្យ​ព្រះ​យេហូវ៉ា​ទទួល​មនុស្ស​មួយ​ចំនួន​ឲ្យ​ទៅ​ជា​កូន​របស់​លោក​នៅ​ស្ថាន​សួគ៌។ បុគ្គល​ទាំង​នេះ​គឺ​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង។ (​រ៉ូម ៨:១៥​-​១៧​) លោក​អញ្ជើញ​ពួក​អ្នក​ដែល​ជា​«​ចៀម​ឯ​ទៀត​»​ឲ្យ​ទៅ​ជា​សមាជិក​ក្រុម​គ្រួសារ​របស់​លោក​នៅ​ផែន​ដី។ ក្រោយ​ពី​ពួក​គេ​ទៅ​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ ពួក​គេ​នឹង​ប្រឈម​មុខ​នឹង​ការ​សាកល្បង​ចុង​ក្រោយ។ បើ​ពួក​គេ​មាន​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា នោះ​លោក​ក៏​នឹង​ទទួល​ពួក​គេ​ជា​កូន​របស់​លោក​ដែរ។ (​រ៉ូម ៨:២០, ២១; ការ​បើក​បង្ហាញ ២០:៧​-​៩​) ព្រះ​យេហូវ៉ា​ស្រឡាញ់​កូន​ទាំង​អស់​របស់​លោក​ជា​និច្ច។ យើង​នឹង​បន្ត​ទទួល​ប្រយោជន៍​ដែល​មក​ពី​ថ្លៃ​លោះ​ជា​រៀង​រហូត។ (​ហេប្រឺ ៩:១២​) ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឲ្យ​យើង​នូវ​អំណោយ​ដ៏​មាន​តម្លៃ​នេះ ហើយ​គ្មាន​អ្នក​ណា​អាច​យក​អំណោយ​នេះ​ចេញ​ពី​យើង​បាន​ឡើយ។

១៦​. តើ​ថ្លៃ​លោះ​ជួយ​រំដោះ​យើង​យ៉ាង​ដូច​ម្ដេច?

១៦ បើ​យើង​ប្រែ​ចិត្ត​ពី​អំពើ​ខុស​ឆ្គង​របស់​យើង នោះ​មេ​កំណាច​មិន​អាច​រា​រាំង​យើង​ទាល់​តែ​សោះ​ពី​ការ​ទៅ​ជា​សមាជិក​ក្រុម​គ្រួសារ​របស់​ព្រះ​យេហូវ៉ា។ លោក​យេស៊ូ​បាន​ស្លាប់​«​មួយ​ដង​ជា​ការ​ស្រេច​»។ ដូច្នេះ​ថ្លៃ​លោះ​បាន​ត្រូវ​បង់​មួយ​ដង​ជា​ការ​ស្រេច​សម្រាប់​យើង​ជា​រៀង​រហូត។ (​ហេប្រឺ ៩:២៤​-​២៦​) អាដាម​បាន​នាំ​ឲ្យ​យើង​ទទួល​សេចក្ដី​ស្លាប់ ប៉ុន្តែ​គ្រឿង​បូជា​លោះ​របស់​លោក​យេស៊ូ​នឹង​នាំ​ឲ្យ​យើង​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ ថ្លៃ​លោះ​អាច​រំដោះ​យើង​ពី​ការ​ធ្វើ​ជា​ខ្ញុំ​បម្រើ​នៃ​ពិភព​លោក​របស់​សាថាន​និង​ពី​ការ​ខ្លាច​សេចក្ដី​ស្លាប់។—ហេប្រឺ ២:១៤, ១៥

១៧​. តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា?

១៧ សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​នឹង​តែង​តែ​បាន​សម្រេច។ ដូច​ច្បាប់​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត​ក្នុង​ធម្មជាតិ​មិន​ដែល​ប្រែ​ប្រួល នោះ​ព្រះ​យេហូវ៉ា​ក៏​មិន​ដែល​ប្រែ​ប្រួល​ដែរ។ លោក​នឹង​មិន​ធ្វើ​ឲ្យ​យើង​ខក​ចិត្ត​ឡើយ។ (​ម៉ាឡាគី ៣:៦​) ព្រះ​យេហូវ៉ា​មិន​គ្រាន់​តែ​ផ្ដល់​ជីវិត​ដែល​ជា​អំណោយ​ប៉ុណ្ណោះ​ទេ។ តែ​លោក​ផ្ដល់​សេចក្ដី​ស្រឡាញ់​ឲ្យ​យើង។ ​«​យើង​បាន​ស្គាល់ ហើយ​បាន​ជឿ​សេចក្ដី​ស្រឡាញ់​ដែល​ព្រះ​មាន​ចំពោះ​យើង។ ព្រះ​គឺ​ជា​សេចក្ដី​ស្រឡាញ់​»។ (​យ៉ូហាន​ទី១ ៤:១៦​) សេចក្ដី​សន្យា​របស់​លោក​តែង​តែ​ក្លាយ​ជា​ការ​ពិត។ មិន​យូរ​ទៀត ផែន​ដី​នឹង​ក្លាយ​ទៅ​ជា​សួន​ឧទ្យាន​ដ៏​សែន​ស្អាត។ មនុស្ស​ទាំង​អស់​នឹង​យក​តម្រាប់​ព្រះ​យេហូវ៉ា ហើយ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។ នៅ​ពេល​នោះ អ្នក​បម្រើ​ទាំង​អស់​របស់​លោក​នៅ​ស្ថាន​សួគ៌​និង​នៅ​ផែន​ដី​នឹង​និយាយ​ថា​៖ ​«​ពរ សិរី​រុង​រឿង ប្រាជ្ញា អំណរ​គុណ កិត្ដិ​យស ឫទ្ធា​នុភាព និង​កម្លាំង​ជា​របស់​ព្រះ​នៃ​យើង​ជា​រៀង​រហូត។ អាមេន​»។—ការ​បើក​បង្ហាញ ៧:១២

ការ​ពន្យល់​ពាក្យ​ខ្លះ

  • ការ​ធ្វើ​ជា​សមាជិក​ក្រុម​គ្រួសារ​របស់​ព្រះ​យេហូវ៉ា: ព្រះ​យេហូវ៉ា​គឺ​ជា​បិតា​របស់​យើង​ដោយ​សារ​លោក​បាន​បង្កើត​យើង។ ពេល​អាដាម​និង​អេវ៉ា​បាន​បរិភោគ​ផ្លែ​ឈើ​ដែល​ព្រះ​បាន​ហាមឃាត់ នោះ​ពួក​គេ​លែង​ទទួល​ស្គាល់​ព្រះ​យេហូវ៉ា​ជា​បិតា​របស់​ពួក​គេ​ទៀត។ ដោយ​សារ​ព្រះ​យេហូវ៉ា​ស្រឡាញ់​យើង លោក​បាន​ផ្ដល់​ថ្លៃ​លោះ​ដែល​ជា​ការ​រៀប​ចំ​របស់​លោក​ដើម្បី​ឲ្យ​នៅ​ទី​បំផុត​មនុស្ស​អាច​ទៅ​ជា​សមាជិក​ក្រុម​គ្រួសារ​របស់​លោក

  • យើង​ត្រូវ​តែ​បរិសុទ្ធ: យើង​ត្រូវ​គោរព​ប្រណិប័តន៍​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​និង​ស្ដាប់​បង្គាប់​លោក​ដោយ​អស់​ពី​ចិត្ត។ ទោះ​ជា​យើង​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​ក្ដី យើង​នៅ​តែ​អាច​រស់​នៅ​ស្រប​តាម​ខ្នាត​តម្រា​ដ៏​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា​បើ​យើង​បង្ហាញ​ជំនឿ​លើ​ថ្លៃ​លោះ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក