អេសា យេហូសាផាត ហេសេគា យ៉ូសៀស
ចូរបម្រើព្រះយេហូវ៉ាដោយស្មោះអស់ពីចិត្ត!
«ឱព្រះយេហូវ៉ាអើយ សូមទ្រង់នឹកចាំពីទូលបង្គំដែលបានដើរនៅចំពោះទ្រង់ដោយពិតត្រង់ ហើយដោយចិត្តស្មោះ»។—ពង្សាវតារក្សត្រទី២ ២០:៣
១-៣. តើការបម្រើព្រះយេហូវ៉ាដោយ«អស់ពីចិត្ត»មានន័យយ៉ាងណា? សូមលើកឧទាហរណ៍មួយ។
យើងទាំងអស់គ្នាមានភាពមិនល្អឥតខ្ចោះ ហើយចេះធ្វើខុស។ ប៉ុន្តែយើងពិតជាដឹងគុណណាស់ ដែលព្រះយេហូវ៉ាបានផ្ដល់ថ្លៃលោះ ហើយប្រុងប្រៀបនឹងអភ័យទោសឲ្យយើង។ ដូច្នេះ បើយើងមានចិត្តរាបទាប ហើយប្រែចិត្ត យើងអាចសុំលោកអភ័យទោសឲ្យយើង។ យើងអាចប្រាកដថាព្រះយេហូវ៉ានឹងមិន«ប្រព្រឹត្តនឹងយើង តាមអំពើបាបរបស់យើងទេ»។ (ទំនុកតម្កើង ១០៣:១០) ប៉ុន្តែ យើងត្រូវបម្រើឬ«ប្រតិបត្ដិតាមទ្រង់ដោយអស់ពីចិត្ត»។ (របាក្សត្រទី១ ២៨:៩) តើយើងដែលជាមនុស្សមិនល្អឥតខ្ចោះអាចធ្វើដូច្នេះយ៉ាងដូចម្ដេច?
២ ដើម្បីជួយយើង យើងអាចប្រៀបធៀបជីវិតរបស់ស្តេចអេសាជាមួយនឹងជីវិតរបស់ស្តេចអ័ម៉ាស៊ីយ៉ា។ ស្តេចទាំងពីររូបនោះបានប្រព្រឹត្តការល្អ តែដោយសារពួកគាត់មានភាពមិនល្អឥតខ្ចោះពួកគាត់ក៏បានធ្វើខុសដែរ។ ប៉ុន្តែ គម្ពីរចែងថា៖ «អេសាទ្រង់មានព្រះទ័យស្មោះត្រង់អស់១ព្រះជន្មទ្រង់»។ (របាក្សត្រទី២ ១៥:១៦, ១៧; ២៥:១, ២; សុភាសិត ១៧:៣) គាត់ព្យាយាមធ្វើឲ្យព្រះយេហូវ៉ាពេញចិត្តជានិច្ច ហើយបានបម្រើលោកដោយ«អស់ពីចិត្ត»។ (របាក្សត្រទី១ ២៨:៩) ប៉ុន្តែអ័ម៉ាស៊ីយ៉ាមិនបានបម្រើព្រះយេហូវ៉ាដោយ«អស់ពីចិត្ត»ទេ។ ក្រោយពីគាត់បានច្បាំងឈ្នះសត្រូវរបស់ព្រះ គាត់បានយករូបព្រះរបស់ពួកគេមកជាមួយ ហើយចាប់ផ្ដើមគោរពបូជារូបព្រះទាំងនោះ។—របាក្សត្រទី២ ២៥:១១-១៦
៣ បុគ្គលដែលបម្រើព្រះដោយ«អស់ពីចិត្ត» ស្រឡាញ់ព្រះយេហូវ៉ាយ៉ាងខ្លាំង ហើយចង់គោរពប្រណិប័តន៍លោកជារៀងរហូត។ ក្នុងគម្ពីរ តាមធម្មតាពាក្យ«ចិត្ត»សំដៅលើធាតុពិតរបស់ខ្លួន ដែលរួមបញ្ចូលរបៀបគិតគូររបស់យើង អ្វីដែលយើងស្រឡាញ់ គោលដៅក្នុងជីវិត និងបំណងចិត្តរបស់យើង។ ទោះជាយើងជាមនុស្សមិនល្អឥតខ្ចោះក៏ដោយ យើងអាចគោរពប្រណិប័តន៍ព្រះយេហូវ៉ាដោយអស់ពីចិត្ត។ យើងបម្រើលោកដោយសារយើងពិតជាចង់ធ្វើដូច្នេះ មិនមែនដោយសារនេះជាអ្វីដែលយើងត្រូវធ្វើឬដោយសារនេះជាទម្លាប់របស់យើងទេ។—របាក្សត្រទី២ ១៩:៩
៤. តើយើងនឹងពិចារណាអំពីអ្វីនៅឥឡូវនេះ?
៤ យើងអាចយល់ច្បាស់ជាងនូវអត្ថន័យនៃការបម្រើព្រះអស់ពីចិត្តដោយពិចារណាអំពីជីវិតរបស់អេសានិងជីវិតរបស់ស្តេចស្មោះត្រង់បីរូបទៀតនៃស្រុកយូដា។ ស្តេចទាំងនេះគឺយេហូសាផាត ហេសេគា និងយ៉ូសៀស។ ទោះជាស្តេចទាំងបួនរូបនេះធ្លាប់ធ្វើខុសក្ដី ពួកគាត់នៅតែបានធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត។ លោកបានឃើញថាពួកគាត់បានបម្រើលោកដោយស្មោះអស់ពីចិត្ត។ ហេតុអ្វីព្រះមានទស្សនៈដូច្នេះចំពោះពួកគាត់ ហើយតើយើងអាចយកតម្រាប់ពួកគាត់យ៉ាងដូចម្ដេច?
អេសាមានចិត្ត«ស្មោះត្រង់ដល់ព្រះយេហូវ៉ា»
៥. តើអេសាបានធ្វើអ្វីពេលគាត់ទៅជាស្តេច?
៥ អេសាជាស្តេចទី៣នៃស្រុកយូដា ក្រោយពីប្រជាជាតិអ៊ីស្រាអែលបានត្រូវបែងចែកជារាជាណាចក្រអ៊ីស្រាអែលនិងរាជាណាចក្រយូដា។ ពេលអេសាបានទៅជាស្តេចនៃស្រុកយូដា គាត់បានតាំងចិត្តលុបបំបាត់ពីរាជាណាចក្ររបស់គាត់នូវការគោរពប្រណិប័តន៍មិនពិតនិងអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទដ៏គួរឲ្យស្អប់ខ្ពើម។ គាត់បានបំផ្លាញរូបព្រះដែលបណ្ដាជនបានគោរពបូជា ហើយបានកម្ចាត់ពីវិហារនូវបុរសដែលបម្រើបុរសឯទៀតខាងផ្លូវភេទក្នុងវិហារ។ អេសាក៏បានដកជីដូនរបស់គាត់ពីតំណែងជា«មាតាហ្លួង ដោយព្រោះព្រះនាងបានធ្វើរូប១ដែលគួរស្អប់ខ្ពើម»។ (ពង្សាវតារក្សត្រទី១ ១៥:១១-១៣) អេសាក៏បានលើកទឹកចិត្តបណ្ដាជនឲ្យ«ស្វែងរកព្រះយេហូវ៉ា» ហើយឲ្យ«ប្រព្រឹត្តតាមក្រិត្យវិន័យនឹងបញ្ញត្តទាំងប៉ុន្មានដែរ»។ អេសាបានខំអស់ពីសមត្ថភាពដើម្បីជួយអ្នកឯទៀតឲ្យគោរពប្រណិប័តន៍ព្រះយេហូវ៉ា។—របាក្សត្រទី២ ១៤:៤
អេសាបានតាំងចិត្តលុបបំបាត់ការគោរពប្រណិប័តន៍មិនពិតពីរាជាណាចក្ររបស់គាត់
៦. តើអេសាបានប្រព្រឹត្តយ៉ាងណាពេលជនជាតិអេចូពីបានមកវាយប្រហារស្រុកយូដា?
៦ ក្នុងអំឡុងការគ្រប់គ្រង១០ឆ្នាំដំបូងរបស់អេសា រាជាណាចក្រយូដាមិនមានសង្គ្រាមទេ។ ក្រោយមក ជនជាតិអេចូពីបានមកវាយប្រហារស្រុកយូដាដោយមានទាហាន១លាននាក់ ហើយរទេះចម្បាំង៣០០គ្រឿង។ (របាក្សត្រទី២ ១៤:១, ៦, ៩, ១០) តើអេសាបានធ្វើអ្វី? គាត់ជឿជាក់ថាព្រះយេហូវ៉ាអាចជួយរាស្ត្ររបស់លោក។ ដូច្នេះ គាត់បានអធិដ្ឋានសុំជំនួយពីព្រះយេហូវ៉ាដើម្បីពួកគេអាចឈ្នះការប្រយុទ្ធនោះ។ (សូមអាន របាក្សត្រទី២ ១៤:១១) នៅពេលខ្លះ ព្រះយេហូវ៉ាបានសម្រេចចិត្តឲ្យរាស្ត្រលោកទទួលជ័យជម្នះលើសត្រូវរបស់ពួកគេ សូម្បីតែនៅពេលដែលមានស្តេចមិនស្មោះត្រង់នឹងលោកក្ដី។ លោកបានធ្វើដូច្នេះដើម្បីបង្ហាញថាលោកជាព្រះពិត។ (ពង្សាវតារក្សត្រទី១ ២០:១៣, ២៦-៣០) ប៉ុន្តែលើកនេះ ព្រះយេហូវ៉ាបានជួយរាស្ត្ររបស់លោកដោយសារអេសាបានពឹងផ្អែកលើលោក។ ព្រះយេហូវ៉ាបានធ្វើតាមសេចក្ដីអធិដ្ឋានរបស់អេសា ហើយពួកគេបានច្បាំងឈ្នះ។ (របាក្សត្រទី២ ១៤:១២, ១៣) ប៉ុន្តែក្រោយមក អេសាបានធ្វើខុសធ្ងន់ធ្ងរពេលគាត់បានសុំជំនួយពីស្តេចស៊ីរីជាជាងសុំជំនួយពីព្រះយេហូវ៉ា។ (ពង្សាវតារក្សត្រទី១ ១៥:១៦-២២) ទោះជាយ៉ាងនេះក៏ដោយ ព្រះយេហូវ៉ាបានឃើញថាអេសាស្រឡាញ់លោក។ គាត់មានចិត្ត«ស្មោះត្រង់ដល់ព្រះយេហូវ៉ារហូតដល់អស់ព្រះជន្ម»។ តើយើងអាចធ្វើតាមគំរូរបស់អេសាយ៉ាងដូចម្ដេច?—ពង្សាវតារក្សត្រទី១ ១៥:១៤
៧, ៨. តើអ្នកអាចយកតម្រាប់អេសាយ៉ាងដូចម្ដេច?
៧ តើយើងអាចដឹងយ៉ាងដូចម្ដេចថាយើងបម្រើព្រះយេហូវ៉ាដោយស្មោះអស់ពីចិត្ត? យើងអាចសួរខ្លួនយើងថា ‹តើខ្ញុំនឹងស្ដាប់បង្គាប់ព្រះយេហូវ៉ាសូម្បីតែនៅពេលដែលពិបាកធ្វើដូច្នេះឬទេ? តើខ្ញុំតាំងចិត្តរក្សាក្រុមជំនុំរបស់លោកឲ្យស្អាតស្អំឬ?›។ សូមគិតថាអេសាត្រូវការចិត្តក្លាហានខ្លាំងយ៉ាងណាដើម្បីដកជីដូនរបស់គាត់ចេញពីតំណែង។ នៅពេលខ្លះអ្នកប្រហែលជានឹងត្រូវការចិត្តក្លាហានដូចអេសា។ ជាឧទាហរណ៍ បើសមាជិកក្រុមគ្រួសារឬមិត្តជិតស្និទ្ធរបស់អ្នកបានប្រព្រឹត្តអំពើខុសឆ្គង មិនបានប្រែចិត្ត ហើយត្រូវបណ្ដាច់មិត្តភាពពីក្រុមជំនុំ តើអ្នកនឹងតាំងចិត្តមិនសេពគប់ជាមួយនឹងអ្នកនោះឬទេ? តើចិត្តរបស់អ្នកនឹងជំរុញឲ្យអ្នកធ្វើអ្វី?
៨ ដូចអេសា នៅពេលខ្លះយើងប្រហែលជានឹងមានអារម្មណ៍ថាមនុស្សទាំងអស់ប្រឆាំងយើង។ ប្រហែលជាសិស្សរួមថ្នាក់ឬគ្រូបង្រៀនសើចចំអកឲ្យអ្នកដោយសារអ្នកជាសាក្សីព្រះយេហូវ៉ា។ ឬប្រហែលជាមនុស្សនៅកន្លែងធ្វើការគិតថាអ្នកជាមនុស្សល្ងង់ដោយសារអ្នកសុំច្បាប់ពីកន្លែងធ្វើការដើម្បីទៅសន្និបាត ឬដោយសារអ្នកមិនសូវធ្វើការថែមម៉ោង។ ក្នុងស្ថានភាពបែបនេះ ដូចអេសាដែរ សូមពឹងផ្អែកលើព្រះ។ សូមអធិដ្ឋានទៅព្រះយេហូវ៉ា មានចិត្តក្លាហាន ហើយបន្តធ្វើអ្វីដែលត្រឹមត្រូវ។ សូមចាំថាព្រះបានពង្រឹងកម្លាំងចិត្តអេសា ហើយលោកនឹងពង្រឹងកម្លាំងចិត្តយើងដែរ។
៩. តើតាមរបៀបណាយើងអាចធ្វើឲ្យព្រះយេហូវ៉ាពេញចិត្តពេលយើងផ្សព្វផ្សាយ?
៩ អេសាមិនគ្រាន់តែគិតអំពីខ្លួនគាត់ប៉ុណ្ណោះទេ គាត់ក៏បានលើកទឹកចិត្តអ្នកឯទៀតឲ្យ«ស្វែងរកព្រះយេហូវ៉ា»។ យើងក៏ជួយមនុស្សឲ្យគោរពប្រណិប័តន៍ព្រះយេហូវ៉ាដែរ។ លោកកត់សម្គាល់ពេលដែលយើងនិយាយជាមួយនឹងអ្នកឯទៀតអំពីលោក។ លោកច្បាស់ជាពេញចិត្តពេលលោកឃើញថាយើងធ្វើដូច្នេះដោយសារយើងស្រឡាញ់លោក ហើយថាយើងយកចិត្តទុកដាក់ចំពោះមនុស្សនិងអនាគតរបស់ពួកគេ!
យេហូសាផាតបានស្វែងរកព្រះយេហូវ៉ា
១០, ១១. តើយើងអាចយកតម្រាប់យេហូសាផាតយ៉ាងដូចម្ដេច?
១០ យេហូសាផាតដែលជាកូនរបស់អេសា បានបន្ត«ដើរតាមផ្លូវរបស់អេសាជាព្រះបិតាទ្រង់»។ (របាក្សត្រទី២ ២០:៣១, ៣២) តើគាត់បានធ្វើដូច្នេះយ៉ាងដូចម្ដេច? ដូចឪពុកគាត់ យេហូសាផាតបានលើកទឹកចិត្តបណ្ដាជនឲ្យបន្តគោរពប្រណិប័តន៍ព្រះយេហូវ៉ា។ គាត់បានចាត់បុរសមួយចំនួនឲ្យទៅក្រុងនានានៃស្រុកយូដាដើម្បីបង្រៀនបណ្ដាជនពី«គម្ពីរក្រិត្យវិន័យនៃព្រះយេហូវ៉ា»។ (របាក្សត្រទី២ ១៧:៧-១០) គាត់ថែមទាំងបានទៅតំបន់ភ្នំនាស្រុកអេប្រាអ៊ីមដែលជាតំបន់មួយនៃរាជាណាចក្រអ៊ីស្រាអែលដែលនៅខាងជើង ដើម្បី‹នាំគេវិលមកឯព្រះយេហូវ៉ាវិញ›។ (របាក្សត្រទី២ ១៩:៤) យេហូសាផាតជាស្តេចដែលបាន«ស្វែងរកព្រះយេហូវ៉ាអស់ពីព្រះទ័យ»។—របាក្សត្រទី២ ២២:៩
យេហូសាផាតបាន លើកទឹកចិត្តបណ្ដាជនឲ្យបន្តបម្រើព្រះយេហូវ៉ា
១១ សព្វថ្ងៃនេះ ព្រះយេហូវ៉ាចង់ឲ្យមនុស្សនៅទូទាំងពិភពលោករៀនអំពីលោក ហើយយើងទាំងអស់គ្នាអាចជួយធ្វើកិច្ចការនេះ។ តើអ្នកមានគោលដៅចូលរួមក្នុងកិច្ចការនេះជារៀងរាល់ខែឬទេ? តើអ្នកចង់បង្រៀនគម្ពីរដល់អ្នកឯទៀតដើម្បីពួកគេក៏អាចចាប់ផ្ដើមគោរពប្រណិប័តន៍ព្រះយេហូវ៉ាដែរឬ? តើអ្នកអធិដ្ឋានអំពីរឿងនេះឬទេ? បើអ្នកខំព្យាយាម ព្រះយេហូវ៉ាអាចជួយអ្នកចាប់ផ្ដើមបង្រៀនគម្ពីរដល់បុគ្គលណាម្នាក់។ តើអ្នកសុខចិត្តបង្រៀនគម្ពីរដល់បុគ្គលណាម្នាក់សូម្បីតែអ្នកត្រូវលះបង់ពេលទំនេរខ្លះរបស់អ្នកឬទេ? ដូចយេហូសាផាតបានព្យាយាមជួយអ្នកឯទៀតឲ្យចាប់ផ្ដើមបម្រើព្រះយេហូវ៉ាឡើងវិញ យើងក៏អាចព្យាយាមជួយអ្នកដែលអសកម្មដែរ។ បន្ថែមទៅទៀត អ្នកចាស់ទុំក្នុងក្រុមជំនុំក៏រៀបចំទៅជួបនិងផ្ដល់ជំនួយដល់អ្នកដែលបានត្រូវបណ្ដាច់មិត្តភាពដែលបានលះចោលការប្រព្រឹត្តអំពើខុសឆ្គង ដែលរស់នៅក្នុងតំបន់ផ្សាយរបស់ក្រុមជំនុំ។
១២, ១៣. (ក) ពេលយេហូសាផាតភ័យខ្លាច តើគាត់បានធ្វើអ្វី? (ខ) ហេតុអ្វីយើងគួរធ្វើតាមគំរូរបស់យេហូសាផាត?
១២ ដូចអេសាដែលជាឪពុករបស់គាត់ យេហូសាផាតបានពឹងផ្អែកលើព្រះយេហូវ៉ាពេលកងទ័ពដ៏ធំបានមកច្បាំងនឹងស្រុកយូដា។ (សូមអាន របាក្សត្រទី២ ២០:២-៤) គាត់ភ័យខ្លាច ហើយបានសុំជំនួយពីព្រះយេហូវ៉ា។ ក្នុងសេចក្ដីអធិដ្ឋានរបស់គាត់ គាត់បានទទួលស្គាល់ថាពួកគេមិនអាចច្បាំងឈ្នះសត្រូវបានឡើយ។ គាត់ក៏បាននិយាយដែរថា គាត់និងរាស្ត្ររបស់គាត់មិនដឹងថាគួរធ្វើអ្វីទេ។ យេហូសាផាតជឿជាក់ថាព្រះយេហូវ៉ានឹងជួយពួកគេ។ គាត់បាននិយាយថា៖ «ភ្នែកយើងខ្ញុំទន្ទឹងមើលតែទ្រង់ទេ»។—របាក្សត្រទី២ ២០:១២
១៣ ដូចយេហូសាផាត ជួនកាលយើងមានបញ្ហា ហើយមិនដឹងថាយើងគួរធ្វើអ្វីទេ។ យើងក៏ប្រហែលជាភ័យខ្លាចដែរ។ (កូរិនថូសទី២ ៤:៨, ៩) ប៉ុន្តែ សូមចាំអំពីអ្វីដែលយេហូសាផាតបានធ្វើ។ នៅមុខបណ្ដាជន គាត់បានអធិដ្ឋានទៅព្រះយេហូវ៉ា ហើយបានប្រាប់លោកថាពួកគេមានអារម្មណ៍ថាខ្លួនខ្សោយ។ (របាក្សត្រទី២ ២០:៥) ប្រមុខក្រុមគ្រួសារក៏អាចធ្វើតាមគំរូរបស់យេហូសាផាតដែរ។ សូមសុំព្រះយេហូវ៉ាជួយអ្នកនិងក្រុមគ្រួសាររបស់អ្នកឲ្យស៊ូទ្រាំនឹងបញ្ហាដែលអ្នកមាន ហើយឲ្យដឹងថាអ្នកគួរធ្វើអ្វី។ សូមកុំខ្មាសដែលឲ្យក្រុមគ្រួសារឮសេចក្ដីអធិដ្ឋានទាំងនោះ។ ពួកគេនឹងឃើញថាអ្នកពិតជាទុកចិត្តព្រះយេហូវ៉ា។ លោកបានជួយយេហូសាផាត ហើយលោកនឹងជួយអ្នកដែរ។
ហេសេគាបានបន្តធ្វើអ្វីដែលត្រឹមត្រូវ
១៤, ១៥. តើតាមរបៀបណាហេសេគាបានពឹងផ្អែកលើព្រះទាំងស្រុង?
១៤ ហេសេគាជាស្តេចមួយរូបទៀតដែលបាន«កាន់ខ្ជាប់តាមព្រះយេហូវ៉ា»។ គាត់បានធ្វើដូច្នេះ ទោះជាឪពុករបស់គាត់បានទុកគំរូមិនល្អដោយគោរពបូជារូបព្រះក្ដី។ ហេសេគាបាន«បំបាត់អស់ទាំងទីខ្ពស់ចេញ ក៏បំបាក់បំបែកបង្គោលដែលសំរាប់គោរពរំលំរូបព្រះទាំងប៉ុន្មានចោល ហើយបំបែកកំទេចពស់លង្ហិនដែលលោកម៉ូសេបានធ្វើ» ដោយសារជនជាតិអ៊ីស្រាអែលបានគោរពប្រណិប័តន៍រូបពស់នោះ។ ហេសេគាស្រឡាញ់ព្រះយេហូវ៉ាដោយស្មោះអស់ពីចិត្ត។ គាត់បានបន្ត«កាន់តាមអស់ទាំងក្រិត្យក្រម ដែលព្រះយេហូវ៉ាបានបង្គាប់ដល់លោកម៉ូសេ»។—ពង្សាវតារក្សត្រទី២ ១៨:១-៦
១៥ ពេលហេសេគាជាស្តេច កងទ័ពជនជាតិអាសស៊ើរបានវាយលុកចូលស្រុកយូដា ហើយគំរាមបំផ្លាញក្រុងយេរូសាឡិម។ ស្តេចសានហេរីបដែលជាស្តេចជនជាតិអាសស៊ើរបានមើលងាយព្រះយេហូវ៉ា ហើយបានព្យាយាមធ្វើឲ្យហេសេគាចុះចាញ់។ នៅគ្រាដ៏ពិបាកនោះ ហេសេគាបានទុកចិត្តព្រះយេហូវ៉ាទាំងស្រុង ហើយបានអធិដ្ឋានសុំជំនួយពីលោក។ គាត់ដឹងថាព្រះមានឫទ្ធានុភាពខ្លាំងជាងជនជាតិអាសស៊ើរឆ្ងាយណាស់ ហើយថាលោកអាចសង្គ្រោះរាស្ត្ររបស់លោកបាន។ (សូមអាន អេសាយ ៣៧:១៥-២០) ព្រះបានធ្វើតាមសេចក្ដីអធិដ្ឋានរបស់ហេសេគាដោយចាត់ទេវតាមួយរូបឲ្យសម្លាប់ទាហានជនជាតិអាសស៊ើរចំនួន១៨៥.០០០នាក់។—អេសាយ ៣៧:៣៦, ៣៧
១៦, ១៧. តើអ្នកអាចយកតម្រាប់ហេសេគាយ៉ាងដូចម្ដេច?
១៦ ក្រោយមកហេសេគាឈឺធ្ងន់ហើយជិតស្លាប់។ ក្នុងអំឡុងពេលដ៏ពិបាកនោះ គាត់បានអង្វរព្រះយេហូវ៉ាឲ្យនឹកចាំអំពីភាពស្មោះត្រង់របស់គាត់ ហើយបានអង្វរសុំលោកឲ្យជួយគាត់។ (សូមអាន ពង្សាវតារក្សត្រទី២ ២០:១-៣) ព្រះយេហូវ៉ាបានស្ដាប់សេចក្ដីអធិដ្ឋានរបស់ហេសេគា ហើយបានធ្វើឲ្យគាត់ជាសះស្បើយ។ យើងដឹងពីគម្ពីរថាសព្វថ្ងៃនេះយើងមិនអាចរំពឹងថាព្រះនឹងធ្វើអព្ភូតហេតុដើម្បីឲ្យយើងជាសះស្បើយពីជំងឺ ឬដើម្បីឲ្យយើងរស់នៅយូរជាងទេ។ ប៉ុន្តែដូចហេសេគា យើងអាចពឹងផ្អែកលើព្រះយេហូវ៉ាឲ្យជួយយើង។ យើងអាចប្រាប់លោកថា៖ «ឱព្រះយេហូវ៉ាអើយ សូមទ្រង់នឹកចាំពីទូលបង្គំដែលបានដើរនៅចំពោះទ្រង់ដោយពិតត្រង់ ហើយដោយចិត្តស្មោះ»។ តើអ្នកជឿឬទេថាព្រះយេហូវ៉ានឹងថែរក្សាអ្នកជានិច្ច សូម្បីតែពេលអ្នកឈឺ?—ទំនុកតម្កើង ៤១:៣
១៧ តើតាមរបៀបណាទៀតដែលយើងអាចយកតម្រាប់ហេសេគា? ប្រហែលជាមានអ្វីមួយដែលរារាំងចំណងមិត្តភាពរបស់យើងជាមួយនឹងព្រះយេហូវ៉ា ឬដែលបំបែរអារម្មណ៍របស់យើងពីការបម្រើលោក។ ជាឧទាហរណ៍ សព្វថ្ងៃនេះ មនុស្សជាច្រើនចាត់ទុកអ្នកឯទៀតជានិមិត្តរូបរបស់ពួកគេ។ ពួកគេកោតស្ងើចអ្នកល្បីឈ្មោះនិងអ្នកឯទៀតដែលពួកគេមិនស្គាល់ច្បាស់។ មនុស្សជាច្រើនចំណាយពេលច្រើនដើម្បីអានអំពីបុគ្គលបែបនោះ ហើយមើលរូបថតរបស់អ្នកនោះ ឬពួកគេច្រើនតែប្រើបណ្ដាញគេហទំព័រសម្រាប់ទាក់ទងគ្នាឬក៏ឧបករណ៍ផ្សេងទៀតដើម្បីប្រាស្រ័យទាក់ទងនឹងអ្នកឯទៀតតាមប្រព័ន្ធអ៊ីនធឺណិត។ យើងទំនងជាចូលចិត្តប្រាស្រ័យទាក់ទងជាមួយនឹងក្រុមគ្រួសារឬមិត្តភក្ដិរបស់យើងដោយប្រើអ្វីទាំងនោះ។ ប៉ុន្តែ យើងអាចខាតពេលវេលាច្រើនពេលយើងប្រើបណ្ដាញគេហទំព័រសម្រាប់ទាក់ទងគ្នា។ បើអ្នកឯទៀតបង្ហាញថាពួកគេចូលចិត្តរូបថតដែលយើងដាក់តាមប្រព័ន្ធអ៊ីនធឺណិតឬអ្វីដែលយើងនិយាយ យើងប្រហែលជាអាចចាប់ផ្ដើមមានអំណួត។ ឬបើយើងឃើញថាអ្នកខ្លះលែងមើលវា យើងប្រហែលជាអន់ចិត្ត។ យើងអាចរៀនពីគំរូរបស់សាវ័កប៉ូល អាគីឡា និងព្រីស៊ីល។ តើអ្នកគិតថាពួកគាត់ចំណាយពេលរាល់ថ្ងៃដើម្បីដឹងអ្វីៗដែលអ្នកឯទៀតធ្វើឬទេ ជាពិសេសអ្នកដែលមិនបម្រើព្រះយេហូវ៉ា? គម្ពីរចែងថាប៉ូលបាន«ផ្ចង់អារម្មណ៍ទាំងស្រុងទៅលើ . . . បណ្ដាំរបស់ព្រះ»។ ម្យ៉ាងទៀត ព្រីស៊ីលនិងអាគីឡាបានចំណាយពេលដើម្បីផ្សព្វផ្សាយ ហើយពន្យល់អ្នកឯទៀត‹អំពីផ្លូវរបស់ព្រះឲ្យបានត្រឹមត្រូវជាង›។ (សកម្មភាព ១៨:៤, ៥, ២៦) យើងអាចសួរខ្លួនយើងថា ‹តើខ្ញុំប្រយ័ត្នមិនប្រព្រឹត្តទៅលើអ្នកឯទៀតដូចជាពួកគេជានិមិត្តរូបរបស់ខ្ញុំឬទេ? តើខ្ញុំជៀសវាងពីការចំណាយពេលច្រើនក្នុងការធ្វើអ្វីដែលមិនសូវសំខាន់ឬទេ?›។—សូមអាន អេភេសូរ ៥:១៥, ១៦
យ៉ូសៀសបានធ្វើតាមបញ្ញត្ដិរបស់ព្រះយេហូវ៉ា
១៨, ១៩. តើយើងអាចធ្វើតាមគំរូរបស់យ៉ូសៀសយ៉ាងដូចម្ដេច?
១៨ ស្តេចយ៉ូសៀសក៏បានធ្វើតាមបញ្ញត្ដិរបស់ព្រះយេហូវ៉ាដោយ«អស់ពីចិត្ត»។ (របាក្សត្រទី២ ៣៤:៣១) ស្តេចយ៉ូសៀសគឺជាចៅទួតរបស់ហេសេគា។ ពេលគាត់មានវ័យជំទង់គាត់«ចាប់តាំងស្វែងរកតាមព្រះនៃដាវីឌ»។ ម្យ៉ាងទៀត ពេលគាត់មានអាយុ២០ឆ្នាំ គាត់បានចាប់ផ្ដើមលុបបំបាត់ការគោរពបូជារូបព្រះពីស្រុកយូដា។ (សូមអាន របាក្សត្រទី២ ៣៤:១-៣) យ៉ូសៀសខំព្យាយាមខ្លាំងជាងស្តេចជាច្រើននៃស្រុកយូដាដើម្បីធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត។ រួចនៅថ្ងៃមួយ សម្ដេចសង្ឃបានរកឃើញច្បាប់របស់ព្រះនៅក្នុងវិហារ។ នេះទំនងជាឯកសារដែលម៉ូសេបានសរសេរ! ពេលដែលស្មៀនបានអានរមូរនោះឲ្យយ៉ូសៀសស្ដាប់ យ៉ូសៀសបានទទួលស្គាល់ថាគាត់ត្រូវធ្វើច្រើនជាងក្នុងការបម្រើព្រះយេហូវ៉ា។ គាត់ក៏បានលើកទឹកចិត្តអ្នកឯទៀតឲ្យធ្វើដូច្នេះដែរ។ ជាលទ្ធផល ពេលយ៉ូសៀសនៅរស់ បណ្ដាជន«មិនបានបែរចេញពីការគោរពតាមព្រះយេហូវ៉ា»ឡើយ។—របាក្សត្រទី២ ៣៤:២៧, ៣៣
យ៉ូសៀសចង់ធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត ហើយគាត់បានធ្វើការកែប្រែភ្លាមៗ
១៩ បើអ្នកមានវ័យក្មេង អ្នកអាចយកតម្រាប់យ៉ូសៀសដោយស្គាល់ព្រះយេហូវ៉ាច្បាស់ជាង។ យ៉ូសៀសប្រហែលជាបានរៀនពីស្តេចម៉ាណាសេដែលជាជីតារបស់គាត់ដែលបានប្រែចិត្តថា ព្រះយេហូវ៉ាពេញចិត្តអភ័យទោស។ អ្នកក៏អាចរៀនពីមនុស្សដែលមានវ័យចាស់ជាងក្នុងក្រុមគ្រួសារនិងក្នុងក្រុមជំនុំដែរ។ ពួកគាត់អាចប្រាប់អ្នកអំពីអ្វីល្អៗជាច្រើនដែលព្រះយេហូវ៉ាបានធ្វើចំពោះពួកគាត់។ ម្យ៉ាងទៀត តើអ្នកចាំឬទេអំពីអារម្មណ៍របស់យ៉ូសៀសក្រោយពីគាត់បានរៀនអំពីអ្វីដែលបទគម្ពីរបានចែង? គាត់ចង់ធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត ហើយគាត់បានធ្វើការកែប្រែភ្លាមៗ។ ពេលអ្នកអានគម្ពីរ អ្នកក៏ប្រហែលជានឹងតាំងចិត្តកាន់តែខ្លាំងដើម្បីស្ដាប់បង្គាប់ព្រះយេហូវ៉ាដែរ។ ជាលទ្ធផល ចំណងមិត្តភាពរបស់អ្នកជាមួយនឹងលោកនឹងមាំមួនឡើង ហើយអ្នកនឹងមានអារម្មណ៍សប្បាយជាង។ យ៉ាងនេះ អ្នកនឹងចង់ប្រាប់អ្នកឯទៀតអំពីព្រះយេហូវ៉ា។ (សូមអាន របាក្សត្រទី២ ៣៤:១៨, ១៩) ពេលអ្នកសិក្សាគម្ពីរ អ្នកប្រហែលជានឹងឃើញថាមានអ្វីខ្លះដែលអ្នកអាចធ្វើឲ្យបានប្រសើរជាងក្នុងកិច្ចបម្រើព្រះ។ ដូចយ៉ូសៀស បើអ្នកឃើញដូច្នេះ សូមខំអស់ពីសមត្ថភាពដើម្បីធ្វើការកែប្រែទាំងនោះ។
ចូរបម្រើព្រះយេហូវ៉ាដោយស្មោះអស់ពីចិត្ត
២០, ២១. (ក) តើស្តេចទាំងបួនដែលយើងបានពិចារណាគឺស្រដៀងគ្នាយ៉ាងដូចម្ដេច? (ខ) តើយើងនឹងពិចារណាអ្វីក្នុងអត្ថបទបន្ទាប់?
២០ តើយើងអាចរៀនអ្វីពីស្តេចទាំងបួនរូបនេះនៃស្រុកយូដាដែលបានបម្រើព្រះយេហូវ៉ាដោយស្មោះអស់ពីចិត្ត? បុរសទាំងនេះបានតាំងចិត្តធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត ហើយបានគោរពប្រណិប័តន៍លោកអស់មួយជីវិតរបស់ពួកគាត់។ ពួកគាត់បានពឹងផ្អែកលើលោកពេលសត្រូវដ៏ខ្លាំងក្លាបានប្រឆាំងពួកគាត់។ សំខាន់បំផុត ពួកគាត់បានបម្រើព្រះយេហូវ៉ាដោយសារពួកគាត់ស្រឡាញ់លោក។
២១ ព្រះយេហូវ៉ាពេញចិត្តនឹងស្តេចទាំងបួនរូបនេះ ទោះជាពួកគាត់ជាមនុស្សមិនល្អឥតខ្ចោះនិងធ្លាប់ធ្វើខុសក៏ដោយ។ លោកបានឃើញចិត្តរបស់ពួកគាត់ ហើយដឹងថាពួកគាត់ពិតជាស្រឡាញ់លោក។ យើងក៏ជាមនុស្សមិនល្អឥតខ្ចោះនិងចេះធ្វើខុសដែរ។ ប៉ុន្តែព្រះយេហូវ៉ានឹងពេញចិត្តចំពោះយើង ពេលលោកឃើញថាយើងកំពុងបម្រើលោកដោយស្មោះអស់ពីចិត្ត។ ក្នុងអត្ថបទបន្ទាប់ យើងនឹងពិចារណាអំពីអ្វីដែលយើងអាចរៀនពីកំហុសរបស់ស្តេចទាំងនេះ។