ចូរជួយ«ពួកអ្នកប្រទេសដទៃ» ឲ្យបម្រើព្រះយេហូវ៉ា«ដោយអរសប្បាយ»
«ព្រះយេហូវ៉ាទ្រង់ការពារពួកអ្នកប្រទេសដទៃ»។—ទំនុកតម្កើង ១៤៦:៩
១, ២. (ក) តើបងប្អូនខ្លះរបស់យើងបានជួបការពិបាកអ្វី? (ខ) តើនេះនាំឲ្យមានសំណួរអ្វីខ្លះ?
បងប្រុសម្នាក់ឈ្មោះលីចាបាននិយាយថា៖ «ពេលដែលសង្គ្រាមស៊ីវិលបានចាប់ផ្ដើមនៅប្រទេសប៊ូរុនឌី ក្រុមគ្រួសាររបស់យើងបាននៅឯសន្និបាតមួយ។ យើងបានឃើញមនុស្សរត់ ហើយបាញ់កាំភ្លើង។ ខ្ញុំ ឪពុកម្ដាយខ្ញុំនិងបងប្អូនបង្កើតរបស់ខ្ញុំ១១នាក់ បានរត់គេចខ្លួន ដោយយកតែរបស់របរបន្ដិចបន្តួចប៉ុណ្ណោះ។ នៅទីបំផុត សមាជិកខ្លះនៃក្រុមគ្រួសារខ្ញុំបានទៅដល់ជំរំជនភៀសខ្លួននៅប្រទេសម៉ាឡាវី។ នេះតម្រូវឲ្យយើងធ្វើដំណើរចម្ងាយជាង១.៦០០គីឡូម៉ែត្រ (១.០០០ម៉ៃល៍)។ សមាជិកឯទៀតរបស់ក្រុមគ្រួសារខ្ញុំបានត្រូវបែកខ្ញែកពីគ្នា»។
២ នៅទូទាំងពិភពលោក មានជនភៀសខ្លួនជាង៦៥លាននាក់ ដែលបានត្រូវចាកចេញពីផ្ទះឬប្រទេសរបស់ពួកគេដោយសារសង្គ្រាម ការបៀតបៀន ឬមហន្តរាយធម្មជាតិ។ ពួកគេប្រហែលជាត្រូវទៅរស់នៅប្រទេសថ្មី ឬតំបន់ឯទៀតនៃប្រទេសរបស់ពួកគេ។ នេះគឺជាចំនួនជនភៀសខ្លួនច្រើនបំផុតដែលមាននៅក្នុងកំណត់ត្រា។a (សូមមើលកំណត់សម្គាល់) ជនភៀសខ្លួនរាប់ពាន់នាក់ក្នុងចំណោមអ្នកទាំងនោះគឺជាសាក្សីព្រះយេហូវ៉ា។ បងប្អូនជាច្រើននាក់នោះបានបាត់បង់មនុស្សជាទីស្រឡាញ់ ហើយបាត់បង់ស្ទើរតែអ្វីៗទាំងអស់ដែលពួកគេមានទៀតផង។ តើពួកគេជួបការពិបាកអ្វីខ្លះទៀត? តើតាមរបៀបណាយើងអាចជួយបងប្អូនរបស់យើងឲ្យបម្រើព្រះយេហូវ៉ានិងរក្សាអំណរពេលដែលពួកគេរងទុក្ខលំបាកបែបនេះ? (ទំនុកតម្កើង ១០០:២) ម្យ៉ាងទៀត តើអ្វីជាវិធីដ៏ល្អបំផុតដើម្បីផ្សព្វផ្សាយដល់ជនភៀសខ្លួនដែលមិនទាន់ស្គាល់ព្រះយេហូវ៉ា?
ជីវិតជាជនភៀសខ្លួន
៣. តើលោកយេស៊ូនិងអ្នកកាន់តាមលោកជាច្រើននាក់បានទៅជាជនភៀសខ្លួនយ៉ាងដូចម្ដេច?
៣ លោកយេស៊ូនិងឪពុកម្ដាយរបស់លោកបានទៅជាជនភៀសខ្លួននៅស្រុកអេស៊ីប ក្រោយពីទេវតារបស់ព្រះយេហូវ៉ាបានព្រមានយ៉ូសែបថាស្តេចហេរ៉ូឌចង់សម្លាប់លោកយេស៊ូ។ ពួកគាត់បានរស់នៅទីនោះរហូតដល់ហេរ៉ូឌបានស្លាប់។ (ម៉ាថាយ ២:១៣, ១៤, ១៩-២១) ជាច្រើនឆ្នាំក្រោយមក អ្នកកាន់តាមលោកយេស៊ូ«បានត្រូវខ្ចាត់ខ្ចាយពេញតំបន់យូឌានិងតំបន់សាម៉ារី»ដោយសារការបៀតបៀន។ (សកម្មភាព ៨:១) លោកយេស៊ូបានដឹងថាអ្នកកាន់តាមលោកជាច្រើននាក់នឹងមានកាលៈទេសៈដែលបង្ខំឲ្យពួកគាត់ចាកចេញពីផ្ទះឬប្រទេសរបស់ខ្លួន។ លោកបានមានប្រសាសន៍ថា៖ «កាលណាគេបៀតបៀនអ្នកនៅក្រុងមួយ ចូររត់ទៅក្រុងមួយទៀត»។ (ម៉ាថាយ ១០:២៣) ទោះជារត់ភៀសខ្លួនដោយមូលហេតុណាក៏ដោយ នេះគឺមិនស្រួលឡើយ។
៤, ៥. តើមានគ្រោះថ្នាក់អ្វីខ្លះពេលដែលជនភៀសខ្លួន (ក) រត់ចេញពីផ្ទះឬប្រទេសរបស់ខ្លួន? (ខ) កំពុងរស់នៅក្នុងជំរំ?
៤ ពេលជនភៀសខ្លួន រត់ចេញពីផ្ទះឬប្រទេសរបស់ពួកគេ ឬក៏រស់នៅជំរំជនភៀសខ្លួន ពួកគេប្រឈមមុខនឹងគ្រោះថ្នាក់ផ្សេងៗ។ បងកាដដែលជាប្អូនប្រុសរបស់បងលីចាបាននិយាយថា៖ «យើងបានដើរអស់ជាច្រើនសប្ដាហ៍ ហើយបានឃើញសាកសពរាប់រយនាក់។ នៅពេលនោះខ្ញុំមានអាយុ១២ឆ្នាំ។ ប្រអប់ជើងរបស់ខ្ញុំហើមខ្លាំងណាស់ ដូច្នេះខ្ញុំបានប្រាប់ក្រុមគ្រួសារខ្ញុំឲ្យបន្តដើរទៅដោយមិនចាំបាច់គិតអំពីខ្ញុំទេ។ តែឪពុកខ្ញុំបានជួយខ្ញុំ គាត់មិនព្រមទុកខ្ញុំចោលឲ្យពួកកងទ័ពបះបោរចាប់ខ្ញុំទេ។ យើងបានរស់នៅមួយថ្ងៃសម្រាប់តែមួយថ្ងៃ ហើយបានអធិដ្ឋានទៅព្រះយេហូវ៉ានិងទុកចិត្តលោក ពេលខ្លះយើងបានបរិភោគតែផ្លែស្វាយដែលដុះតាមផ្លូវប៉ុណ្ណោះ»។—ភីលីព ៤:១២, ១៣
៥ សមាជិកភាគច្រើនរបស់ក្រុមគ្រួសារបងលីចាបានរស់នៅអស់ជាច្រើនឆ្នាំក្នុងជំរំជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ។ ប៉ុន្តែ នៅទីនោះក៏មានគ្រោះថ្នាក់ផងដែរ។ បងលីចាដែលឥឡូវនេះជាអ្នកត្រួតពិនិត្យប្រចាំមណ្ឌលរៀបរាប់ថា៖ «មនុស្សភាគច្រើនគ្មានការងារធ្វើទេ។ ពួកគេបានផឹកស្រាច្រើន និយាយដើមអ្នកឯទៀត លេងល្បែងស៊ីសង និងប្រព្រឹត្តអំពើប្រាសចាកសីលធម៌»។ ដើម្បីការពារខ្លួនពីឥទ្ធិពលដ៏អាក្រក់នៅទីនោះ សាក្សីព្រះយេហូវ៉ាត្រូវតែជាប់រវល់ក្នុងសកម្មភាពផ្សេងៗរបស់ក្រុមជំនុំ។ (ហេប្រឺ ៦:១១, ១២; ១០:២៤, ២៥) ពួកគេបានប្រើពេលវេលាដោយឈ្លាសវៃដើម្បីពួកគេអាចរក្សាខ្លួនឲ្យនៅមាំមួនក្នុងសេចក្ដីពិត ហើយបងប្អូនជាច្រើននាក់បានចាប់ផ្ដើមបម្រើជាអ្នកត្រួសត្រាយ។ ពួកគេបានរំលឹកខ្លួនថាពេលវេលាដែលពួកគេរស់នៅក្នុងជំរំជនភៀសខ្លួននឹងត្រូវបញ្ចប់ ដូចជាពេលដែលជនជាតិអ៊ីស្រាអែលបានរស់នៅក្នុងតំបន់ស្ងាត់ជ្រងំបានត្រូវបញ្ចប់ដែរ។ នេះបានជួយពួកគេឲ្យរក្សាចិត្តគំនិតត្រឹមត្រូវ។—កូរិនថូសទី២ ៤:១៨
ចូរបង្ហាញសេចក្ដីស្រឡាញ់ចំពោះ ជនភៀសខ្លួន
៦, ៧. (ក) តើ«សេចក្ដីស្រឡាញ់ចំពោះព្រះ»ជំរុញចិត្តយើងឲ្យប្រព្រឹត្តយ៉ាងណាទៅលើបងប្អូនរបស់យើង? (ខ) សូមលើកឧទាហរណ៍មួយ។
៦ «សេចក្ដីស្រឡាញ់ចំពោះព្រះ»ជំរុញចិត្តយើងឲ្យបង្ហាញសេចក្ដីស្រឡាញ់ដល់បងប្អូនរបស់យើង ជាពិសេសពេលពួកគេជួបប្រទះនឹងទុក្ខលំបាក។ (សូមអាន យ៉ូហានទី១ ៣:១៧, ១៨) ជាឧទាហរណ៍ ពេលដែលគ្រិស្តសាសនិកសម័យដើមនៅតំបន់យូឌាត្រូវការអាហារដោយសារមានការអត់ឃ្លាន ក្រុមជំនុំបានផ្ដល់ជំនួយដល់ពួកគេ។ (សកម្មភាព ១១:២៨, ២៩) សាវ័កប៉ូលនិងសាវ័កពេត្រុសក៏បានលើកទឹកចិត្តគ្រិស្តសាសនិកឲ្យទទួលបងប្អូនឯទៀតដោយរាក់ទាក់។ (រ៉ូម ១២:១៣; ពេត្រុសទី១ ៤:៩) ដោយសារគ្រិស្តសាសនិកបានត្រូវលើកទឹកចិត្តឲ្យបង្ហាញចិត្តសប្បុរសចំពោះបងប្អូនដែលមកពីកន្លែងផ្សេង យើងច្បាស់ជាគួរបង្ហាញសេចក្ដីសប្បុរសចំពោះបងប្អូនរបស់យើងដែលស្ថិតនៅក្នុងស្ថានភាពដែលមានគ្រោះថ្នាក់ ឬដែលទទួលការបៀតបៀនដោយសារជំនឿរបស់ពួកគេb (សូមមើលកំណត់សម្គាល់)។—សូមអាន សុភាសិត ៣:២៧
៧ ថ្មីៗនេះ នៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន សាក្សីព្រះយេហូវ៉ារាប់ពាន់នាក់ត្រូវចាកចេញពីផ្ទះឬប្រទេសរបស់ខ្លួនដោយសារសង្គ្រាមនិងការបៀតបៀននៅទីនោះ។ គួរឲ្យស្ដាយណាស់ បងប្អូនខ្លះបានត្រូវគេសម្លាប់។ ប៉ុន្តែ បងប្អូនភាគច្រើនដែលបានភៀសខ្លួនចេញពីផ្ទះបានត្រូវអញ្ជើញឲ្យស្នាក់នៅផ្ទះរបស់បងប្អូនរួមជំនឿនៅប្រទេសរុស្ស៊ីនិងនៅតំបន់ឯទៀតនៃប្រទេសអ៊ុយក្រែន។ នៅប្រទេសទាំងពីរនោះ បងប្អូនបានរក្សាអព្យាក្រឹតភាព ‹មិនបានរួមចំណែកក្នុងពិភពលោក› ហើយបានបន្តផ្សព្វផ្សាយយ៉ាងខ្នះខ្នែងនូវ«ដំណឹងល្អអំពីបណ្ដាំរបស់ព្រះ»។—យ៉ូហាន ១៥:១៩; សកម្មភាព ៨:៤
ចូរជួយជនភៀសខ្លួនឲ្យពង្រឹងជំនឿ របស់ពួកគេ
៨, ៩. (ក) នៅប្រទេសថ្មី តើជនភៀសខ្លួនប្រហែលជាមានការពិបាកអ្វីខ្លះ? (ខ) ហេតុអ្វីពួកគេត្រូវការជំនួយយ៉ាងអត់ធ្មត់ពីយើង?
៨ ជនភៀសខ្លួនខ្លះត្រូវទៅរស់នៅក្នុងតំបន់ផ្សេងនៃប្រទេសរបស់ខ្លួន។ ប៉ុន្តែ ជនភៀសខ្លួនជាច្រើននាក់ទៀតត្រូវទៅរស់នៅប្រទេសផ្សេងដែលពួកគេមិនធ្លាប់រស់នៅ។ ពិតមែនថារដ្ឋាភិបាលប្រហែលជាផ្ដល់ឲ្យជនភៀសខ្លួននូវម្ហូបអាហារ សម្លៀកបំពាក់ខ្លះ និងកន្លែងស្នាក់នៅ ប៉ុន្តែពួកគេនៅតែជួបការពិបាកផ្សេងៗទៀត។ ជាឧទាហរណ៍ ម្ហូបអាហារប្រហែលជាខុសគ្នាឆ្ងាយពីអ្វីដែលពួកគេធ្លាប់បរិភោគ។ ជនភៀសខ្លួនខ្លះដែលមកពីប្រទេសដែលមានអាកាសធាតុក្ដៅប្រហែលជាមិនសូវដឹងអំពីរបៀបស្លៀកពាក់សម្រាប់អាកាសធាតុត្រជាក់ឡើយ។ អ្នកខ្លះទៀតប្រហែលជាត្រូវរៀនអំពីរបៀបប្រើប្រាស់គ្រឿងអេឡិចត្រូនិកជាលើកដំបូង។
៩ រដ្ឋាភិបាលខ្លះបានរៀបចំផែនការដើម្បីជួយជនភៀសខ្លួនឲ្យសម្របខ្លួននឹងរបៀបរស់នៅក្នុងប្រទេសថ្មី។ ប៉ុន្តែ ជាញឹកញយក្រោយពីតែប៉ុន្មានខែប៉ុណ្ណោះ ជនភៀសខ្លួនត្រូវចិញ្ចឹមជីវិតខ្លួន។ នេះអាចជាអ្វីដែលពិបាកខ្លាំងណាស់។ សូមស្រមៃគិតអំពីអ្វីមួយចំនួនដែលពួកគេត្រូវរៀននៅពេលតែមួយ ដូចជា៖ ភាសាថ្មី ទំនៀមទម្លាប់ថ្មី និងច្បាប់ថ្មីសម្រាប់អ្វីៗដូចជាការបង់ពន្ធ ការបង់ថ្លៃទឹកថ្លៃភ្លើង ការចុះឈ្មោះឲ្យកូនចូលរៀន ហើយថែមទាំងការអប់រំកូន! ដោយបង្ហាញចិត្តអត់ធ្មត់និងការគោរព តើអ្នកអាចជួយបងប្អូនរបស់យើងដែលមានការពិបាកបែបនេះឬទេ?—ភីលីព ២:៣, ៤
១០. ពេលបងប្អូនយើងដែលជាជនភៀសខ្លួនមកដល់ប្រទេសថ្មី តើយើងអាចពង្រឹងជំនឿរបស់ពួកគេយ៉ាងដូចម្ដេច? (សូមមើលរូបភាពនៅដើមអត្ថបទ)
១០ ជួនកាល ពួកអាជ្ញាធរធ្វើឲ្យបងប្អូនរបស់យើងដែលជាជនភៀសខ្លួនពិបាកទាក់ទងនឹងក្រុមជំនុំនៅតំបន់ដែលពួកគេរស់នៅ។ អង្គការរដ្ឋាភិបាលខ្លះគំរាមថានឹងឈប់ផ្ដល់ជំនួយដល់បងប្អូនរបស់យើង ហើយប្រហែលជានិយាយថាបើបងប្អូនរបស់យើងបដិសេធទទួលការងារណាមួយដោយសារការងារនោះមិនអាចឲ្យពួកគេចូលរួមកិច្ចប្រជុំ អង្គការរដ្ឋាភិបាលនោះនឹងមិនអនុញ្ញាតឲ្យពួកគេរស់នៅក្នុងប្រទេសនោះទេ។ បងប្អូនខ្លះបានទទួលយកការងារបែបនោះដោយសារពួកគេភ័យខ្លាចនិងគិតថាគ្មានជម្រើស។ ដូច្នេះ គឺជារឿងបន្ទាន់ឲ្យយើងទៅជួបបងប្អូនរបស់យើងដែលជាជនភៀសខ្លួនឲ្យបានឆាប់បំផុតក្រោយពីពួកគេបានមកដល់ប្រទេសថ្មី។ គឺសំខាន់ណាស់ឲ្យពួកគេដឹងថាយើងយកចិត្តទុកដាក់ចំពោះពួកគេ។ ការយកចិត្តទុកដាក់និងការផ្ដល់ជំនួយបែបនេះ អាចពង្រឹងជំនឿរបស់ពួកគេ។—សុភាសិត ១២:២៥; ១៧:១៧
ចូរផ្ដល់ជំនួយដល់ជនភៀសខ្លួន
១១. (ក) តើជនភៀសខ្លួនត្រូវការអ្វីខ្លះជាដំបូង? (ខ) តើជនភៀសខ្លួនអាចបង្ហាញចិត្តកតញ្ញូយ៉ាងដូចម្ដេច?
១១ មុនដំបូង យើងប្រហែលជាត្រូវឲ្យបងប្អូនយើងនូវម្ហូបអាហារ សម្លៀកបំពាក់ ឬរបស់របរផ្សេងទៀត។c (សូមមើលកំណត់សម្គាល់) សូម្បីតែអំណោយបន្ដិចបន្តួចដូចជាក្រវ៉ាត់ក អាចជាអ្វីដែលមានតម្លៃខ្លាំងណាស់សម្រាប់ពួកគេ។ ជនភៀសខ្លួនច្បាស់ជាមិនគួរទាមទារអ្វីទេ តែពួកគេគួរបង្ហាញចិត្តកតញ្ញូចំពោះអ្វីៗដែលបងប្អូនធ្វើសម្រាប់ពួកគេ។ នេះនឹងនាំឲ្យបងប្អូនដែលឲ្យ មានចិត្តសប្បាយ។ ក៏ប៉ុន្តែ គឺជាការសំខាន់ដែលនៅទីបំផុតជនភៀសខ្លួនព្យាយាមបំពេញសេចក្ដីត្រូវការរបស់ខ្លួន។ ការធ្វើដូច្នេះ នឹងជួយពួកគេឲ្យរក្សាតម្លៃចំពោះខ្លួន ហើយមានចំណងមិត្តភាពដ៏ល្អជាមួយនឹងបងប្អូនរួមជំនឿ។ (ថែស្សាឡូនិចទី២ ៣:៧-១០) ប៉ុន្តែ ជនភៀសខ្លួននៅតែត្រូវការជំនួយពីយើង។
តើតាមរបៀបណាយើងអាចជួយបងប្អូនរបស់យើងដែលជាជនភៀសខ្លួន? (សូមមើលវគ្គ១១-១៣)
១២, ១៣. (ក) តើយើងអាចផ្ដល់ជំនួយដល់ជនភៀសខ្លួនយ៉ាងដូចម្ដេច? (ខ) សូមលើកឧទាហរណ៍មួយ។
១២ យើងមិនចាំបាច់មានលុយច្រើនដើម្បីជួយជនភៀសខ្លួនទេ។ អ្វីដែលពួកគេត្រូវការច្រើនបំផុតគឺពេលវេលានិងសេចក្ដីស្រឡាញ់របស់យើង។ ជាឧទាហរណ៍ អ្នកអាចបង្ហាញពួកគេអំពីរបៀបប្រើយានជំនិះសម្រាប់សាធារណជន ឬរបៀបទិញម្ហូបអាហារដែលមានជីវជាតិ ហើយមិនសូវថ្លៃ។ អ្នកក៏អាចបង្ហាញពួកគេអំពីរបៀបទិញឧបករណ៍ដែលពួកគេអាចប្រើដើម្បីធ្វើការ ឬអំពីរបៀបរៀនជំនាញដែលអាចជួយពួកគេឲ្យរកប្រាក់ចំណូលជាទៀងទាត់។ សំខាន់បំផុត អ្នកអាចជួយពួកគេឲ្យចូលរួមយ៉ាងពេញលេញក្នុងក្រុមជំនុំថ្មី។ បើអាចធ្វើបាន សូមអញ្ជើញពួកគេឲ្យជិះទៅប្រជុំជាមួយនឹងអ្នក។ អ្នកក៏អាចពន្យល់អំពីវិធីដ៏ល្អបំផុតដើម្បីផ្សព្វផ្សាយដល់មនុស្សនៅក្នុងតំបន់ផ្សាយ ហើយអ្នកអាចផ្សព្វផ្សាយជាមួយនឹងពួកគេ។
១៣ ពេលបុរសវ័យក្មេងបួននាក់ដែលជាជនភៀសខ្លួនបានមកដល់ក្រុមជំនុំមួយ អ្នកចាស់ទុំផ្សេងៗបានផ្ដល់ជំនួយដល់ពួកគេ។ អ្នកចាស់ទុំទាំងនោះបានបង្រៀនពួកគេអំពីរបៀបបើកឡាន របៀបសរសេរសំបុត្រដោយប្រើកុំព្យូទ័រ និងរបៀបដាក់ពាក្យសុំចូលធ្វើការ។ ពួកគាត់ក៏បានបង្ហាញពួកគេអំពីរបៀបរៀបចំកាលវិភាគរបស់ខ្លួនដើម្បីពួកគេអាចចាត់ទុកកិច្ចបម្រើព្រះយេហូវ៉ាជាអ្វីដែលសំខាន់បំផុត។ (កាឡាទី ៦:១០) មិនយូរក្រោយមក ប្អូនប្រុសទាំងបួននាក់នោះបានទៅជាអ្នកត្រួសត្រាយ។ ដោយសារជំនួយពីពួកអ្នកចាស់ទុំនិងការខំប្រឹងរបស់ពួកគេផ្ទាល់ដើម្បីសម្រេចគោលដៅក្នុងកិច្ចបម្រើព្រះយេហូវ៉ា ពួកគេបានរីកចម្រើន ហើយមិនបានរួមចំណែកក្នុងពិភពលោករបស់សាថាន។
១៤. (ក) តើជនភៀសខ្លួនត្រូវទប់ទល់នឹងអ្វីខ្លះ? (ខ) សូមលើកឧទាហរណ៍មួយ។
១៤ ដូចគ្រិស្តសាសនិកទាំងអស់ ជនភៀសខ្លួនត្រូវទប់ទល់នឹងអារម្មណ៍របស់ខ្លួននិងគំនិតរបស់អ្នកឯទៀតដែលអាចជះឥទ្ធិពលមកលើយើងឲ្យចាត់ទុកថាវត្ថុទ្រព្យគឺសំខាន់ជាងចំណងមិត្តភាពរបស់ពួកគេជាមួយនឹងព្រះយេហូវ៉ា។d (សូមមើលកំណត់សម្គាល់) បងលីចាដែលបានត្រូវរៀបរាប់ខាងលើនិងបងប្អូនរបស់គាត់បាននឹកចាំមេរៀនដ៏សំខាន់អំពីជំនឿដែលឪពុករបស់គាត់បានបង្រៀនពួកគាត់ កាលដែលពួកគាត់បានរត់ភៀសខ្លួន។ ពួកគាត់បាននិយាយថា៖ «ឪពុកយើងបានបោះចោលម្ដងមួយៗនូវរបស់របរដែលមិនសូវចាំបាច់ដែលយើងបានយកមកជាមួយ។ នៅទីបំផុត កាបូបដែលបានទុករបស់ទាំងនោះគឺគ្មានអ្វីសោះ ហើយគាត់បាននិយាយដោយទឹកមុខញញឹមថា៖ ‹កូនឃើញទេ? យើងមិនត្រូវការអ្វីៗទាំងនោះទេ!›»។—សូមអាន ធីម៉ូថេទី១ ៦:៨
ចូរជួយបំពេញសេចក្ដីត្រូវការដ៏សំខាន់បំផុតរបស់ជនភៀសខ្លួន
១៥, ១៦. (ក) តើតាមរបៀបណាយើងអាចពង្រឹងជំនឿរបស់បងប្អូនយើង? (ខ) តើយើងអាចជួយសម្រាលទុក្ខពួកគេយ៉ាងដូចម្ដេច?
១៥ ជនភៀសខ្លួនត្រូវការអ្វីច្រើនជាងម្ហូបអាហារនិងសម្លៀកបំពាក់។ ពួកគេត្រូវការការគាំទ្រខាងផ្លូវចិត្តនិងការលើកទឹកចិត្តពីគម្ពីរ។ (ម៉ាថាយ ៤:៤) ពួកអ្នកចាស់ទុំអាចជួយជនភៀសខ្លួននោះដោយស្វែងរកសៀវភៅផ្សេងៗរបស់យើងជាភាសារបស់ពួកគេនិងដោយជួយពួកគេឲ្យទាក់ទងជាមួយនឹងបងប្អូនដែលនិយាយភាសារបស់ពួកគេ។ នេះគឺជាអ្វីដ៏សំខាន់ណាស់ ដោយសារជនភៀសខ្លួនជាច្រើននាក់បានត្រូវចាកចេញពីមនុស្សនិងអ្វីៗទាំងអស់ដែលពួកគេធ្លាប់ស្គាល់ពីមុន។ ពួកគេនឹកក្រុមគ្រួសារ ស្រុកកំណើត និងក្រុមជំនុំ។ គឺសំខាន់ចាំបាច់ដែលពួកគេឃើញសេចក្ដីស្រឡាញ់និងចិត្តមេត្ដាករុណារបស់ព្រះយេហូវ៉ាក្នុងចំណោមបងប្អូនរួមជំនឿរបស់ពួកគេ។ បើជនភៀសខ្លួនមិនឃើញដូច្នេះទេ ពួកគេប្រហែលជានឹងស្វែងរកជំនួយពីអ្នកឯទៀតដែលមកពីប្រទេសដូចគ្នា ប៉ុន្តែមិនមែនជាអ្នកដែលបម្រើព្រះយេហូវ៉ាឡើយ។ (កូរិនថូសទី១ ១៥:៣៣) ពេលយើងធ្វើឲ្យពួកគេមានអារម្មណ៍ថាពួកគេជាសមាជិកក្រុមជំនុំ នោះយើងកំពុងសហការជាមួយនឹងព្រះយេហូវ៉ាដើម្បីការពារ«ពួកអ្នកប្រទេសដទៃ»។—ទំនុកតម្កើង ១៤៦:៩
១៦ ដរាបណាពួកអ្នកដែលបៀតបៀនលោកយេស៊ូនិងក្រុមគ្រួសាររបស់លោកនៅតែគ្រប់គ្រង ដរាបនោះលោកនិងក្រុមគ្រួសាររបស់លោកមិនអាចត្រឡប់ទៅស្រុកកំណើតវិញបានទេ។ ស្រដៀងគ្នាដែរ នៅសព្វថ្ងៃនេះជនភៀសខ្លួនប្រហែលជាមិនអាចត្រឡប់ទៅផ្ទះឬប្រទេសរបស់ខ្លួនវិញបានទេ។ ប៉ុន្តែ អ្នកខ្លះទៀតប្រហែលជាមិនចង់ត្រឡប់ទៅវិញឡើយ។ បងលីចាបាននិយាយថា ឪពុកម្ដាយជាច្រើនដែលបានឃើញគេចាប់រំលោភនិងសម្លាប់សមាជិកក្រុមគ្រួសារនៅប្រទេសរបស់ខ្លួន មិនចង់យកកូនទៅទីនោះវិញទេ។ ដើម្បីជួយបងប្អូនរបស់យើង យើងត្រូវ‹កើតទុក្ខជាមួយគ្នា ស្រឡាញ់រាប់អានគ្នាជាបងប្អូន មានចិត្តអាណិតមេត្ដា និងមានចិត្តរាបទាប›។ (ពេត្រុសទី១ ៣:៨) ការបៀតបៀនបានបណ្ដាលឲ្យជនភៀសខ្លួនខ្លះលែងសេពគប់ជាមួយនឹងអ្នកឯទៀត ហើយពួកគេប្រហែលជាអៀនខ្មាសមិនហ៊ាននិយាយអំពីទុក្ខវេទនារបស់ពួកគេ ជាពិសេសបើកូនៗរបស់ពួកគេនៅជិត។ សូមសួរខ្លួនអ្នកថា ‹បើខ្ញុំបានជួបប្រទះនឹងការឈឺចាប់បែបនោះ តើខ្ញុំនឹងចង់ឲ្យគេប្រព្រឹត្តយ៉ាងណាមកលើខ្ញុំ?›។—ម៉ាថាយ ៧:១២
ពេលយើងផ្សព្វផ្សាយដល់ជនភៀសខ្លួនដែលមិនមែនជាសាក្សីព្រះយេហូវ៉ា
១៧. តើតាមរបៀបណាកិច្ចការផ្សព្វផ្សាយរបស់យើងធ្វើឲ្យជនភៀសខ្លួនទទួលការសម្រាលទុក្ខ?
១៧ សព្វថ្ងៃនេះ ជនភៀសខ្លួនជាច្រើននាក់មកពីប្រទេសដែលបានត្រូវដាក់កម្រិតទៅលើកិច្ចការផ្សព្វផ្សាយរបស់យើង។ ដោយសារសាក្សីព្រះយេហូវ៉ាដែលមានចិត្តខ្នះខ្នែង ជនភៀសខ្លួនរាប់ពាន់នាក់កំពុងឮ«បណ្ដាំស្តីអំពីរាជាណាចក្រ»ជាលើកដំបូង។ (ម៉ាថាយ ១៣:១៩, ២៣) មនុស្សជាច្រើនដែល«មានបន្ទុកធ្ងន់»កំពុងទទួលការសម្រាលទុក្ខពីកិច្ចប្រជុំ ហើយទទួលស្គាល់ភ្លាមៗថា៖ «ព្រះនៅក្នុងចំណោមអ្នករាល់គ្នាមែន»។—ម៉ាថាយ ១១:២៨-៣០; កូរិនថូសទី១ ១៤:២៥
១៨, ១៩. តើតាមរបៀបណាយើងអាចប្រព្រឹត្តដោយឈ្លាសវៃពេលដែលយើងផ្សព្វផ្សាយដល់ជនភៀសខ្លួន?
១៨ ពេលយើងផ្សព្វផ្សាយដល់ជនភៀសខ្លួន យើងត្រូវប្រព្រឹត្តដោយឈ្លាសវៃ ហើយ«ប្រុងប្រយ័ត្ន»។ (ម៉ាថាយ ១០:១៦; សុភាសិត ២២:៣) សូមបង្ហាញចិត្តអត់ធ្មត់ពេលស្ដាប់ជនភៀសខ្លួននិយាយ ប៉ុន្តែសូមកុំនិយាយអំពីរឿងនយោបាយ។ យើងគួរធ្វើតាមការណែនាំដែលយើងទទួលពីការិយាល័យសាខា ព្រមទាំងពួកអាជ្ញាធរនៅតំបន់នោះ ដើម្បីយើងមិនបង្កឲ្យមានបញ្ហាចំពោះខ្លួនឬចំពោះអ្នកឯទៀត។ ដោយសារជនភៀសខ្លួនមានវប្បធម៌និងសាសនាផ្សេងៗ យើងត្រូវយកចិត្តទុកដាក់និងស្វែងយល់អារម្មណ៍និងទស្សនៈរបស់ពួកគេ។ ជាឧទាហរណ៍ មនុស្សដែលមកពីប្រទេសខ្លះមានទស្សនៈយ៉ាងម៉ឺងម៉ាត់ស្តីអំពីរបៀបស្លៀកពាក់ដែលសមត្រឹមត្រូវសម្រាប់ស្ត្រី។ ដូច្នេះ ពេលយើងផ្សព្វផ្សាយដល់ពួកគេ គឺជាការល្អដែលយើងស្លៀកពាក់តាមរបៀបដែលមិនធ្វើឲ្យពួកគេទើសចិត្ត។
១៩ យើងចង់ជួយមនុស្សដែលរងទុក្ខលំបាក សូម្បីតែពួកអ្នកដែលមិនបម្រើព្រះយេហូវ៉ាក្ដី។ ពេលយើងធ្វើដូច្នេះ យើងកំពុងធ្វើតាមគំរូដ៏ល្អរបស់ជនជាតិសាម៉ារីក្នុងឧទាហរណ៍របស់លោកយេស៊ូ។ (លូកា ១០:៣៣-៣៧) វិធីដ៏ល្អបំផុតដើម្បីជួយមនុស្សគឺបង្រៀនដំណឹងល្អដល់ពួកគេ។ អ្នកចាស់ទុំម្នាក់ដែលបានជួយជនភៀសខ្លួនជាច្រើននាក់បាននិយាយថា គឺជាការសំខាន់ដែលប្រាប់ពួកគេភ្លាមៗថាយើងជាសាក្សីព្រះយេហូវ៉ា។ មុនដំបូង យើងគួរប្រាប់ពួកគេថាយើងទៅទីនោះដើម្បីជួយពួកគេឲ្យយល់អំពីសេចក្ដីសង្ឃឹមដ៏អស្ចារ្យដែលមានក្នុងគម្ពីរ ជាជាងផ្ដល់ជំនួយខាងសំភារៈ។
លទ្ធផលដែលនាំឲ្យមានអំណរ
២០, ២១. (ក) តើការបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះចំពោះជនភៀសខ្លួនអាចនាំឲ្យមានលទ្ធផលល្អអ្វី? (ខ) តើយើងនឹងរៀនអ្វីក្នុងអត្ថបទបន្ទាប់?
២០ ពេលយើងបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះចំពោះ«ពួកអ្នកប្រទេសដទៃ» នេះនាំឲ្យមានលទ្ធផលល្អ។ បងស្រីម្នាក់របស់យើងបានរៀបរាប់ថា ក្រុមគ្រួសាររបស់គាត់ត្រូវរត់ភៀសខ្លួនពីការបៀតបៀននៅប្រទេសអេរីត្រេ។ កូនបួននាក់របស់គាត់ត្រូវធ្វើដំណើរឆ្លងកាត់វាលខ្សាច់អស់៨ថ្ងៃ។ ក្រោយពីពួកគេធ្វើដំណើរអស់កម្លាំងខ្លាំងណាស់ ពួកគេបានមកដល់ប្រទេសស៊ូដង់។ គាត់បាននិយាយថា៖ «បងប្អូននៅទីនោះបានប្រព្រឹត្តទៅលើកូនរបស់ខ្ញុំដូចជាសាច់ញាតិជិតស្និទ្ធ ដោយផ្ដល់ឲ្យពួកគេនូវអាហារ សម្លៀកបំពាក់ និងកន្លែងស្នាក់នៅ ហើយបងប្អូនក៏បានជូនពួកគេទៅកន្លែងដែលពួកគេត្រូវទៅដែរ។ គ្មានអ្នកណាទៀតដែលនឹងទទួលស្វាគមន៍អ្នកដែលពួកគេមិនធ្លាប់ស្គាល់ឲ្យមកផ្ទះរបស់ពួកគេដោយសារពួកគេគោរពប្រណិប័តន៍ព្រះដូចគ្នាទេ។ គឺមានតែសាក្សីព្រះយេហូវ៉ាប៉ុណ្ណោះ!»។—សូមអាន យ៉ូហាន ១៣:៣៥
២១ ចុះយ៉ាងណា អំពីកូនក្មេងជាច្រើននាក់ដែលបានទៅប្រទេសថ្មីជាមួយនឹងឪពុកម្ដាយរបស់ពួកគេ? ក្នុងអត្ថបទបន្ទាប់ យើងនឹងរៀនអំពីរបៀបដែលយើងទាំងអស់គ្នាអាចជួយក្រុមគ្រួសារទាំងនោះឲ្យបម្រើព្រះយេហូវ៉ាដោយអំណរ។
a ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន(UNHCR)បាននិយាយថា នៅទូទាំងពិភពលោកក្នុងចំណោមមនុស្ស១១៣នាក់មានម្នាក់ដែលត្រូវចាកចេញពីផ្ទះឬប្រទេសរបស់ខ្លួនដោយសារកាលៈទេសៈបង្ខំឲ្យគាត់ធ្វើដូច្នេះ។
b សូមមើលអត្ថបទដែលមានចំណងថា «ចូរកុំភ្លេចបង្ហាញសេចក្ដីសប្បុរសចំពោះជនបរទេស»ក្នុងទស្សនាវដ្ដីប៉មយាម ខែតុលា ឆ្នាំ២០១៦ ទំព័រ៣-៨។
c ក្រោយពីជនភៀសខ្លួនមកដល់ប្រទេសថ្មី ពួកអ្នកចាស់ទុំគួរធ្វើតាមឲ្យបានឆាប់បំផុតនូវការណែនាំពីសៀវភៅដែលមានចំណងជើងថា អង្គការមួយដើម្បីធ្វើតាមបំណងប្រាថ្នាព្រះយេហូវ៉ា ជំពូកទី៨ វគ្គ៣០។ ដើម្បីទាក់ទងនឹងក្រុមជំនុំនៅស្រុកកំណើតរបស់ជនភៀសខ្លួនណាម្នាក់ ពួកអ្នកចាស់ទុំអាចសរសេរសំបុត្រទៅការិយាល័យសាខារបស់ពួកគាត់ផ្ទាល់ តាមរយៈគេហទំព័រjw.org។ ដំណាលគ្នានោះ អ្នកចាស់ទុំអាចសួរអំពីក្រុមជំនុំនិងកិច្ចបម្រើផ្សាយរបស់ជនភៀសខ្លួននោះ ប៉ុន្តែមិនមែនជជីកសួរឬសួរអ្វីដែលនាំឲ្យគាត់គិតថាអ្នកចាស់ទុំសង្ស័យអំពីគាត់ទេ។
d សូមមើលអត្ថបទដែលមានចំណងជើងថា «គ្មានអ្នកណាអាចបម្រើម្ចាស់ពីរបានឡើយ»និង«ចូរមានចិត្តពោរពេញទៅដោយសេចក្ដីក្លាហាន ព្រះយេហូវ៉ាជាអ្នកជួយអ្នក!»ក្នុងទស្សនាវដ្ដីប៉មយាម ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៤ ទំព័រ១៧-២៦។