បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w17 សីហា ទំ. ២៧-២៩
  • សេចក្ដីស្រឡាញ់ជាគុណសម្បត្ដិមួយដែលមានតម្លៃ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សេចក្ដីស្រឡាញ់ជាគុណសម្បត្ដិមួយដែលមានតម្លៃ
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • តើ​សេចក្ដី​ស្រឡាញ់​ជា​អ្វី?
  • ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​ទុក​គំរូ​ល្អ​ឥត​ខ្ចោះ​អំពី​សេចក្ដី​ស្រឡាញ់
  • ​«​ចូរ​បន្ត​រស់​នៅ​ដោយ​បង្ហាញ​សេចក្ដី​ស្រឡាញ់​»​
  • តើ​តាម​របៀប​ណា​យើង​អាច​មាន​សេចក្ដី​ស្រឡាញ់​កាន់​តែ​ច្រើន?
  • ប្រយោជន៍​ដែល​មក​ពី​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់
  • ‹សេចក្ដី​ស្រឡាញ់​ធ្វើ​ឲ្យ​មាំ​មួន​ឡើង›
  • ចូរ«ដើរក្នុងសេចក្ដីស្រឡាញ់»ជានិច្ច
    ចូរចូលទៅជិតព្រះយេហូវ៉ា
  • ចូរឲ្យសេចក្ដីស្រឡាញ់ស្អាងចិត្តអ្នកឡើង
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០១
  • ចូរស្រឡាញ់ព្រះដែលស្រឡាញ់អ្នក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
  • កុំឲ្យសេចក្ដីស្រឡាញ់របស់អ្នករសាយទៅ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
w17 សីហា ទំ. ២៧-២៩

សេចក្ដី​ស្រឡាញ់​ជា​គុណ​សម្បត្ដិ​មួយ​ដែល​មាន​តម្លៃ

  • សេចក្ដី​ស្រឡាញ់

  • អំណរ

  • សេចក្ដី​សុខ​សាន្ត

  • ចិត្ត​ធ្ងន់

  • សេចក្ដី​សប្បុរស

  • គុណធម៌

  • ជំនឿ

  • ចិត្ត​ស្លូតបូត

  • ការ​ចេះ​ទប់​ចិត្ត

ព្រះ​យេហូវ៉ា​បាន​ដឹក​នាំ​សាវ័ក​ប៉ូល​ឲ្យ​សរសេរ​អំពី​គុណ​សម្បត្ដិ​៩​ដែល​មនុស្ស​មាន ពេល​ដែល​សកម្មពល​បរិសុទ្ធ​មាន​ឥទ្ធិពល​មក​លើ​ពួក​គេ។ (​កាឡាទី ៥:២២, ២៣​) ពេល​គុណ​សម្បត្ដិ​ទាំង​នេះ​រួម​គ្នា នោះ​បាន​ត្រូវ​ហៅ​ថា​«​ផល​ដែល​បង្កើត​ដោយ​សកម្មពល​របស់​ព្រះ​»។a (​សូម​មើល​កំណត់​សម្គាល់​) ផល​នេះ​ក៏​ជា​ផ្នែក​នៃ​«​បុគ្គលិក​លក្ខណៈ​ថ្មី​»​ដែល​គ្រិស្ត​សាសនិក​ត្រូវ​មាន។ (​កូឡុស ៣:១០​) ដូច​ដែល​ដើម​ឈើ​នឹង​បង្កើត​ផល​ពេល​ដែល​វា​បាន​ត្រូវ​គេ​ស្រោច​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់ នោះ​បុគ្គល​ម្នាក់​អាច​មាន​គុណ​សម្បត្ដិ​ដ៏​គួរ​ឲ្យ​សរសើរ​ទាំង​នេះ​ពេល​គាត់​មាន​សកម្មពល​របស់​ព្រះ​យ៉ាង​ច្រើន​ក្នុង​ជីវិត​របស់​គាត់។—ទំនុក​តម្កើង ១:១​-​៣

គុណ​សម្បត្ដិ​ដំបូង​ដែល​ប៉ូល​បាន​រៀប​រាប់​គឺ​ជា​សេចក្ដី​ស្រឡាញ់។ តើ​គុណ​សម្បត្ដិ​នេះ​មាន​តម្លៃ​យ៉ាង​ណា? ប៉ូល​បាន​និយាយ​ថា បើ​គ្មាន​សេចក្ដី​ស្រឡាញ់ គាត់​«​មិន​ជា​អ្វី​សោះ​ឡើយ​»។ (​កូរិនថូស​ទី១ ១៣:២​) ប៉ុន្តែ​តើ​សេចក្ដី​ស្រឡាញ់​គឺ​ជា​អ្វី? តើ​តាម​របៀប​ណា​យើង​អាច​មាន​សេចក្ដី​ស្រឡាញ់​កាន់​តែ​ច្រើន ហើយ​តើ​យើង​អាច​បង្ហាញ​គុណ​សម្បត្ដិ​នេះ​ជា​រៀង​រាល់​ថ្ងៃ​យ៉ាង​ដូច​ម្ដេច?

តើ​សេចក្ដី​ស្រឡាញ់​ជា​អ្វី?

ទោះ​ជា​ពិបាក​ពន្យល់​ច្បាស់​លាស់​ថា​សេចក្ដី​ស្រឡាញ់​គឺ​ជា​អ្វី​ក៏​ដោយ គម្ពីរ​រៀប​រាប់​អំពី​របៀប​គិត​គូរ​និង​ការ​ប្រព្រឹត្ត​របស់​បុគ្គល​ដែល​មាន​សេចក្ដី​ស្រឡាញ់។ ជា​ឧទាហរណ៍ បុគ្គល​ដែល​មាន​សេចក្ដី​ស្រឡាញ់​«​មាន​ចិត្ត​ធ្ងន់​ហើយ​ក៏​សប្បុរស​»​និង​«​អរ​សប្បាយ​អំពី​សេចក្ដី​ពិត​»។ ពេល​បុគ្គល​ម្នាក់​មាន​សេចក្ដី​ស្រឡាញ់ គាត់​«​អត់​ធន់​នឹង​អ្វី​ៗ​ទាំង​អស់ ជឿ​អ្វី​ៗ​ទាំង​អស់ សង្ឃឹម​លើ​អ្វី​ៗ​ទាំង​អស់ ស៊ូ​ទ្រាំ​នឹង​អ្វី​ៗ​ទាំង​អស់​»។ គាត់​មាន​មនោសញ្ចេតនា​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​អ្នក​ឯ​ទៀត គាត់​ពិត​ជា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពួក​គេ ហើយ​ក៏​ជា​មិត្ត​ភក្ដិ​ដ៏​ស្មោះ​ត្រង់។ ប៉ុន្តែ ពេល​បុគ្គល​ណា​ម្នាក់​មិន​មាន​សេចក្ដី​ស្រឡាញ់​គាត់​ច្រណែន អួត​ខ្លួន ប្រព្រឹត្ត​ឥត​សមរម្យ គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន និង​មិន​អភ័យ​ទោស​ឲ្យ​អ្នក​ឯ​ទៀត។ ជា​ជាង​បង្ហាញ​គុណ​វិបត្ដិ​ទាំង​នេះ យើង​ចង់​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ចំពោះ​អ្នក​ឯ​ទៀត នេះ​ជា​សេចក្ដី​ស្រឡាញ់​ដែល​«​មិន​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន​»។—កូរិនថូស​ទី១ ១៣:៤​-​៨

ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​ទុក​គំរូ​ល្អ​ឥត​ខ្ចោះ​អំពី​សេចក្ដី​ស្រឡាញ់

​«​ព្រះ​គឺ​ជា​សេចក្ដី​ស្រឡាញ់​»។ (​យ៉ូហាន​ទី១ ៤:៨​) ស្នា​ដៃ​និង​ការ​ប្រព្រឹត្ត​ទាំង​អស់​របស់​លោក​បង្ហាញ​ដូច្នេះ។ ការ​ប្រព្រឹត្ត​ដែល​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ធំ​បំផុត​របស់​លោក​ចំពោះ​មនុស្សជាតិ​គឺ​ពេល​ដែល​លោក​បាន​ចាត់​លោក​យេស៊ូ​ឲ្យ​មក​ផែន​ដី​ដើម្បី​រង​ទុក្ខ​និង​ស្លាប់​ជា​ប្រយោជន៍​ដល់​យើង។ សាវ័ក​យ៉ូហាន​បាន​និយាយ​ថា​៖ ​«​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​បាន​ត្រូវ​សម្ដែង​ចំពោះ​យើង ពី​ព្រោះ​ព្រះ​បាន​ចាត់​បុត្រ​តែ​មួយ​របស់​លោក​ឲ្យ​មក​ក្នុង​ពិភព​លោក​នេះ ដើម្បី​ឲ្យ​យើង​អាច​បាន​ជីវិត​តាម​រយៈ​បុត្រ​នោះ។ សេចក្ដី​ស្រឡាញ់​នៅ​ត្រង់​កន្លែង​នេះ គឺ​មិន​មែន​យើង​ទេ​ដែល​បាន​ស្រឡាញ់​ព្រះ តែ​គឺ​លោក​ដែល​បាន​ស្រឡាញ់​យើង ដោយ​ចាត់​បុត្រ​របស់​លោក ឲ្យ​ធ្វើ​ជា​គ្រឿង​បូជា​សម្រាប់​ផ្សះ​ផ្សា​ចំណង​មិត្តភាព​រវាង​យើង​និង​ព្រះ​»។ (​យ៉ូហាន​ទី១ ៤:៩, ១០​) ដោយ​សារ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ យើង​អាច​ទទួល​ការ​អភ័យ​ទោស ហើយ​អាច​មាន​សេចក្ដី​សង្ឃឹម​និង​ជីវិត។

លោក​យេស៊ូ​បាន​បង្ហាញ​ថា​លោក​ស្រឡាញ់​មនុស្សជាតិ ដោយ​ផ្ដល់​ជីវិត​របស់​លោក​ជា​គ្រឿង​បូជា​ដើម្បី​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ។ សាវ័ក​ប៉ូល​ប្រាប់​យើង​ថា​៖ ​«​ដោយ​សារ‹បំណង​ប្រាថ្នា›នោះ យើង​បាន​ត្រូវ​ញែក​ចេញ​ជា​បរិសុទ្ធ​ដោយ​ការ​ប្រគល់​រូប​កាយ​របស់​លោក​យេស៊ូ​គ្រិស្ត មួយ​ដង​ជា​ការ​ស្រេច​»។ (​ហេប្រឺ ១០:៩, ១០​) គ្មាន​មនុស្ស​ណា​ម្នាក់​ដែល​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​ខ្លាំងជាង​នេះ​បាន​ទេ។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​គ្មាន​អ្នក​ណា​មាន​សេចក្ដី​ស្រឡាញ់​ច្រើន​ជាង​អ្នក​ដែល​លះ​បង់​ជីវិត​ដើម្បី​មិត្ត​សម្លាញ់​របស់​ខ្លួន​ឡើយ​»។ (​យ៉ូហាន ១៥:១៣​) តើ​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដូច​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​បាន​បង្ហាញ​ឬ​ទេ? យើង​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​បែប​នេះ​បាន! សូម​យើង​ពិចារណា​អំពី​របៀប​ដែល​យើង​អាច​ធ្វើ​ដូច្នេះ។

​«​ចូរ​បន្ត​រស់​នៅ​ដោយ​បង្ហាញ​សេចក្ដី​ស្រឡាញ់​»​

ប៉ូល​លើក​ទឹក​ចិត្ត​យើង​ថា​៖ ​«​ចូរ​យក​តម្រាប់​តាម​ព្រះ ក្នុង​នាម​ជា​កូន​ជា​ទី​ស្រឡាញ់​របស់​លោក ចូរ​បន្ត​រស់​នៅ​ដោយ​បង្ហាញ​សេចក្ដី​ស្រឡាញ់ ដូច​គ្រិស្ត​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា ហើយ​បាន​ប្រគល់​ខ្លួន​លោក​ដើម្បី​អ្នក​រាល់​គ្នា​»។ (​អេភេសូរ ៥:១, ២​) តើ​ការ​«​បន្ត​រស់​នៅ​ដោយ​បង្ហាញ​សេចក្ដី​ស្រឡាញ់​»​មាន​ន័យ​យ៉ាង​ណា? នេះ​មាន​ន័យ​ថា​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​គ្រប់​ពេល​វេលា។ យើង​មិន​គ្រាន់​តែ​និយាយ​ថា​យើង​ស្រឡាញ់​អ្នក​ឯ​ទៀត​ប៉ុណ្ណោះ​ទេ។ យើង​បង្ហាញ​ថា​យើង​ស្រឡាញ់​ពួក​គេ​ដោយ​ការ​ប្រព្រឹត្ត​របស់​យើង។ យ៉ូហាន​បាន​សរសេរ​ថា​៖ ​«​កូន​ៗ​អើយ! យើង​មិន​ត្រូវ​ស្រឡាញ់​តែ​មាត់ ឬ​ដោយ​ពាក្យ​សម្ដី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ត្រូវ​ស្រឡាញ់​ដោយ​ការ​ប្រព្រឹត្ត និង​ដោយ​សេចក្ដី​ពិត​វិញ​»។ (​យ៉ូហាន​ទី១ ៣:១៨​) ជា​ឧទាហរណ៍ យើង​ផ្សព្វ​ផ្សាយ‹ដំណឹង​ល្អ​អំពី​រាជាណាចក្រ› ដោយ​សារ​យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា​និង​អ្នក​ជិត​ខាង​របស់​យើង។ (​ម៉ាថាយ ២៤:១៤; លូកា ១០:២៧​) យើង​ក៏​«​បន្ត​រស់​នៅ​ដោយ​បង្ហាញ​សេចក្ដី​ស្រឡាញ់​»​ពេល​យើង​អភ័យ​ទោស​ឲ្យ​អ្នក​ឯ​ទៀត មាន​ចិត្ត​អត់​ធ្មត់ និង​ចិត្ត​សប្បុរស។ យើង​ធ្វើ​តាម​ឱវាទ​ពី​គម្ពីរ​ដែល​ថា​៖ ​«​ព្រះ​យេហូវ៉ា​បាន​អភ័យ​ទោស​ឲ្យ​អ្នក​រាល់​គ្នា​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ ម្ល៉ោះ​ហើយ ចូរ​អ្នក​រាល់​គ្នា​ធ្វើ​ដូច្នោះ​ដែរ​»។—កូឡុស ៣:១៣

បើ​យើង​ឲ្យ​ឱវាទ​ឬ​កែ​តម្រង់​អ្នក​ឯ​ទៀត នេះ​មិន​មាន​ន័យ​ថា​យើង​គ្មាន​សេចក្ដី​ស្រឡាញ់​នោះ​ទេ។ ជា​ឧទាហរណ៍ ដើម្បី​ឲ្យ​កូន​ឈប់​យំ ឪ​ពុក​ម្ដាយ​ខ្លះ​ធ្វើ​អ្វី​ណា​ក៏​ដោយ​ដែល​កូន​ទារ។ ប៉ុន្តែ ឪ​ពុក​ម្ដាយ​ដែល​ពិត​ជា​ស្រឡាញ់​កូន​នឹង​ម៉ឺង​ម៉ាត់​នៅ​ពេល​ដែល​ចាំ​បាច់។ ស្រដៀង​គ្នា​ដែរ ទោះ​ជា​ព្រះ​គឺ​ជា​សេចក្ដី​ស្រឡាញ់​ក្ដី ​«​ព្រះ​យេហូវ៉ា​ប្រដៅ​អស់​អ្នក​ដែល​លោក​ស្រឡាញ់​»។ (​ហេប្រឺ ១២:៦​) ដូច្នេះ ការ​ផ្ដល់​ការ​ប្រៀន​ប្រដៅ​ដែល​ត្រឹម​ត្រូវ​នៅ​ពេល​ដែល​សំខាន់​ចាំ​បាច់​គឺ​បង្ហាញ​សេចក្ដី​ស្រឡាញ់។ (​សុភាសិត ៣:១១, ១២​) ប៉ុន្តែ​សូម​ចាំ​ថា យើង​ទាំង​អស់​គ្នា​មាន​ភាព​ខុស​ឆ្គង ហើយ​ជា​ញឹក​ញយ​យើង​មិន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ទេ។ ដូច្នេះ យើង​ទាំង​អស់​គ្នា​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​ឲ្យ​បាន​ល្អ​ប្រសើរ​ជាង។ តើ​យើង​អាច​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច? សូម​យើង​ពិចារណា​អំពី​វិធី​បី​យ៉ាង។

តើ​តាម​របៀប​ណា​យើង​អាច​មាន​សេចក្ដី​ស្រឡាញ់​កាន់​តែ​ច្រើន?

ទី១ សុំ​ព្រះ​ផ្ដល់​សកម្មពល​បរិសុទ្ធ​របស់​លោក​ដល់​អ្នក​ពី​ព្រោះ​នេះ​នាំ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា ព្រះ​យេហូវ៉ា​ផ្ដល់​«​សកម្មពល​បរិសុទ្ធ​របស់​លោក​ដល់​អ្នក​ដែល​សុំ​ពី​លោក​»។ (​លូកា ១១:១៣​) ដូច្នេះ​យើង​អាច​ប្រាកដ​ថា បើ​យើង​អធិដ្ឋាន​សុំ​សកម្មពល​បរិសុទ្ធ ហើយ​ឲ្យ​សកម្មពល​នេះ​ជួយ​យើង យើង​នឹង​ចេះ​បង្ហាញ​សេចក្ដី​ស្រឡាញ់​កាន់​តែ​ខ្លាំង​ឡើង​ៗ។ (​កាឡាទី ៥:១៦​) ជា​ឧទាហរណ៍ បើ​អ្នក​ជា​អ្នក​ចាស់​ទុំ អ្នក​អាច​សុំ​ព្រះ​ផ្ដល់​សកម្មពល​បរិសុទ្ធ​របស់​លោក​ដើម្បី​ជួយ​អ្នក​បង្ហាញ​សេចក្ដី​ស្រឡាញ់​នៅ​ពេល​ដែល​អ្នក​ត្រូវ​ឲ្យ​ឱវាទ​ពី​គម្ពីរ​ដល់​អ្នក​ឯ​ទៀត។ បើ​អ្នក​ជា​ឪ​ពុក​ឬ​ម្ដាយ អ្នក​អាច​សុំ​ព្រះ​ផ្ដល់​សកម្មពល​របស់​លោក​ដើម្បី​ជួយ​អ្នក​ប្រដៅ​កូន​ដោយ​សេចក្ដី​ស្រឡាញ់ មិន​មែន​ដោយ​កំហឹង​ទេ។

ទី២ សូម​ពិចារណា​អំពី​របៀប​ដែល​លោក​យេស៊ូ​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​សូម្បី​តែ​នៅ​ពេល​ដែល​គេ​ប្រព្រឹត្ត​ដោយ​អយុត្ដិធម៌​ចំពោះ​លោក។ (​ពេត្រុស​ទី១ ២:២១, ២៣​) ពេល​អ្នក​រង​អំពើ​អយុត្ដិធម៌ ឬ​អ្នក​ឯ​ទៀត​ធ្វើ​ឲ្យ​អ្នក​ទើស​ចិត្ត សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​លោក​យេស៊ូ​នឹង​ធ្វើ​អ្វី?›។ បង​ស្រី​លី​បាន​ឃើញ​ថា​ការ​សួរ​ខ្លួន​គាត់​នូវ​សំណួរ​នេះ​បាន​ជួយ​គាត់​ឲ្យ​គិត​មុន​នឹង​គាត់​ធ្វើ​អ្វី​មួយ។ គាត់​និយាយ​ថា​៖ ​«​នៅ​ពេល​មួយ អ្នក​រួម​ការ​ងារ​ជា​មួយ​នឹង​ខ្ញុំ​បាន​ផ្ញើ​អ៊ីមែល​ដល់​អ្នក​រួម​ការ​ងារ​ឯ​ទៀត ហើយ​បាន​និយាយ​មិន​ល្អ​អំពី​ខ្ញុំ​និង​ការ​ងារ​របស់​ខ្ញុំ។ ខ្ញុំ​ឈឺ​ចិត្ត​ខ្លាំង​ណាស់។ ប៉ុន្តែ ខ្ញុំ​បាន​សួរ​ខ្លួន​ឯង​ថា ‹តើ​តាម​របៀប​ណា​ខ្ញុំ​អាច​យក​តម្រាប់​លោក​យេស៊ូ​ក្នុង​ការ​ប្រព្រឹត្ត​របស់​ខ្ញុំ​ចំពោះ​អ្នក​នោះ?›។ ខ្ញុំ​បាន​គិត​ពិចារណា​អំពី​អ្វី​ដែល​លោក​យេស៊ូ​នឹង​ធ្វើ ហើយ​បាន​សម្រេច​ចិត្ត​បំភ្លេច​រឿង​នោះ។ ក្រោយ​មក ខ្ញុំ​បាន​ឮ​ថា​អ្នក​រួម​ការ​ងារ​នោះ​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​សុខភាព​ធ្ងន់​ធ្ងរ ហើយ​តាន​តឹង​ចិត្ត​យ៉ាង​ខ្លាំង។ ខ្ញុំ​បាន​សន្និដ្ឋាន​ថា គាត់​ទំនង​ជា​បាន​សរសេរ​អ៊ីមែល​នោះ​ដោយ​គ្មាន​បំណង​ចង់​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ចិត្ត​ទេ។ ការ​ពិចារណា​អំពី​គំរូ​របស់​លោក​យេស៊ូ​ក្នុង​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​សូម្បី​តែ​នៅ​ពេល​ដែល​គេ​ធ្វើ​អ្វី​ដែល​អាច​នាំ​ឲ្យ​លោក​ខឹង បាន​ជួយ​ខ្ញុំ​ឲ្យ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​អ្នក​រួម​ការ​ងារ​នោះ​»។ បើ​យើង​យក​តម្រាប់​លោក​យេស៊ូ យើង​នឹង​តែង​តែ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដល់​អ្នក​ឯ​ទៀត។

ទី៣ ចូរ​រៀន​ឲ្យ​ចេះ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដែល​លះ​បង់​ប្រយោជន៍​ខ្លួន។ សេចក្ដី​ស្រឡាញ់​បែប​នេះ​ជា​សញ្ញា​សម្គាល់​នៃ​ពួក​អ្នក​កាន់​តាម​ពិត​របស់​លោក​យេស៊ូ។ (​យ៉ូហាន ១៣:៣៤, ៣៥​) លោក​យេស៊ូ​មាន​សេចក្ដី​ស្រឡាញ់​បែប​នេះ ហើយ​លោក​បាន​ទុក​គំរូ​ដ៏​ល្អ​ឥត​ខ្ចោះ​សម្រាប់​យើង។ តើ​លោក​បាន​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច? ដោយ​ចាក​ចេញ​ពី​ស្ថាន​សួគ៌ ​«​លោក​បាន​លះ​បង់​អ្វី​ៗ​ទាំង​អស់​»​ដើម្បី​យើង រហូត​ដល់​លោក​«​ត្រូវ​ស្លាប់​»។ (​ភីលីព ២:៥​-​៨​) ពេល​យើង​មាន​សេចក្ដី​ស្រឡាញ់​ដែល​លះ​បង់​ប្រយោជន៍​ខ្លួន​ដូច​លោក​យេស៊ូ គំនិត​និង​អារម្មណ៍​របស់​យើង​នឹង​កាន់​តែ​ដូច​លោក ហើយ​យើង​នឹង​គិត​អំពី​សេចក្ដី​ត្រូវ​ការ​របស់​អ្នក​ឯ​ទៀត​ច្រើន​ជាង​អ្វី​ដែល​យើង​ត្រូវ​ការ។

ប្រយោជន៍​ដែល​មក​ពី​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់

ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​មាន​ប្រយោជន៍​ច្រើន។ សូម​យើង​ពិចារណា​អំពី​ឧទាហរណ៍​ពីរ​៖

សាក្សីព្រះយេហូវ៉ាដែលមានអាយុនិងពូជសាសន៍ខុសគ្នាកំពុងសេពគប់ជាមួយគ្នានៅសាលប្រជុំ

តើ​យើង​ទទួល​ប្រយោជន៍​អ្វី​ពី​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់?

  • យើង​មាន​បង​ប្អូន​រួម​ជំនឿ​ទូ​ទាំង​ពិភព​លោក។ ដោយ​សារ​យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក យើង​ដឹង​ថា​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​ណា​ក៏​ដោយ​ដែល​យើង​ទៅ​លេង​នៅ​ទូ​ទាំង​ពិភព​លោក​នឹង​ស្វាគមន៍​យើង​យ៉ាង​កក់​ក្ដៅ។ ការ​ដឹង​ថា‹បង​ប្អូន​ទាំង​អស់​របស់​អ្នក​ពេញ​ពិភព​លោក›ស្រឡាញ់​អ្នក គឺ​ជា​ពរ​ដ៏​ធំ​មួយ! (​ពេត្រុស​ទី១ ៥:៩​) យើង​អាច​រក​ឃើញ​សេចក្ដី​ស្រឡាញ់​បែប​នេះ​ក្នុង​ចំណោម​រាស្ត្រ​របស់​ព្រះ​តែ​ប៉ុណ្ណោះ។

  • យើង​មាន​សេចក្ដី​សុខ​សាន្ត។ ការ​«​ទ្រាំ​ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​សេចក្ដី​ស្រឡាញ់​»​នាំ​ឲ្យ​យើង​«​មាន​សេចក្ដី​សុខ​សាន្ត​ទុក​ជា​ចំណង​ដែល​នាំ​ឲ្យ​មាន​ឯកភាព​»។ (​អេភេសូរ ៤:២, ៣​) យើង​មាន​សេចក្ដី​សុខ​សាន្ត​នេះ​នៅ​កិច្ច​ប្រជុំ សន្និបាត និង​មហា​សន្និបាត​របស់​យើង។ សេចក្ដី​សុខ​សាន្ត​នេះ​ពិត​ជា​អ្វី​ដែល​ពិសេស​នៅ​ក្នុង​ពិភព​លោក​សព្វ​ថ្ងៃ​នេះ​ដែល​បែក​បាក់​គ្នា មែន​ទេ? (​ទំនុក​តម្កើង ១១៩:១៦៥; អេសាយ ៥៤:១៣​) ពេល​យើង​ធ្វើ​ឲ្យ​មាន​សេចក្ដី​សុខ​សាន្ត​ជា​មួយ​នឹង​អ្នក​ឯ​ទៀត យើង​បង្ហាញ​ថា​យើង​ពិត​ជា​ស្រឡាញ់​ពួក​គេ ហើយ​នេះ​នាំ​ឲ្យ​បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌​ពេញ​ចិត្ត។—ទំនុក​តម្កើង ១៣៣:១​-​៣; ម៉ាថាយ ៥:៩

‹សេចក្ដី​ស្រឡាញ់​ធ្វើ​ឲ្យ​មាំ​មួន​ឡើង›

ប៉ូល​បាន​សរសេរ​ថា​៖ ‹សេចក្ដី​ស្រឡាញ់ នោះ​ធ្វើ​ឲ្យ​មាំ​មួន​ឡើង›។ (​កូរិនថូស​ទី១ ៨:១​) តើ​នេះ​មាន​ន័យ​អ្វី? នៅ​កូរិនថូស​ទី១ ជំពូក​១៣​ប៉ូល​ពន្យល់​អំពី​របៀប​ដែល​សេចក្ដី​ស្រឡាញ់​ធ្វើ​ឲ្យ​មាំ​មួន​ឡើង។ សេចក្ដី​ស្រឡាញ់​គិត​អំពី​ប្រយោជន៍​របស់​អ្នក​ឯ​ទៀត ហើយ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សេចក្ដី​ត្រូវ​ការ​របស់​ពួក​គេ។ (​កូរិនថូស​ទី១ ១០:២៤; ១៣:៥​) ម្យ៉ាង​ទៀត ដោយ​សារ​សេចក្ដី​ស្រឡាញ់​គឺ​អត់​ធ្មត់ សប្បុរស និង​ចេះ​គិត​អំពី​អ្នក​ឯ​ទៀត នោះ​ជួយ​ឲ្យ​ក្រុម​គ្រួសារ​មាន​សេចក្ដី​ស្រឡាញ់​និង​ជួយ​ឲ្យ​ក្រុម​ជំនុំ​មាន​សាមគ្គី​ភាព។—កូឡុស ៣:១៤

មាន​វិធី​ជា​ច្រើន​ដើម្បី​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​អ្នក​ឯ​ទៀត ប៉ុន្តែ​សេចក្ដី​ស្រឡាញ់​ដែល​យើង​មាន​ចំពោះ​ព្រះ​គឺ​ជា​សេចក្ដី​ស្រឡាញ់​ដែល​មាន​តម្លៃ​បំផុត ហើយ​ជា​សេចក្ដី​ស្រឡាញ់​ដែល​ធ្វើ​ឲ្យ​មាំ​មួន​បំផុត។ ហេតុ​អ្វី? ពី​ព្រោះ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​លោក​នាំ​ឲ្យ​យើង​មាន​សាមគ្គី​ភាព! មនុស្ស​ពី​គ្រប់​ពូជ​សាសន៍ ភាសា និង​វប្បធម៌​កំពុង​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ជា​មួយ​គ្នា ដោយ​«​ព្រម​ចិត្ត​គ្នា​»​បម្រើ​លោក។ (​សេផានា ៣:៩​) សូម​ឲ្យ​យើង​តាំង​ចិត្ត​បង្ហាញ​ជា​រៀង​រាល់​ថ្ងៃ​នូវ​លក្ខណៈ​មួយ​នេះ​នៃ​ផល​ដែល​បង្កើត​ដោយ​សកម្មពល​បរិសុទ្ធ​របស់​ព្រះ។

a អត្ថបទ​នេះ​គឺ​ជា​អត្ថបទ​ដំបូង​ក្នុង​ចំណោម​អត្ថបទ​៩​ដែល​នឹង​ពិចារណា​អំពី​គុណ​សម្បត្ដិ​ឬ​លក្ខណៈ​នីមួយ​ៗ​នៃ​ផល​ដែល​បង្កើត​ដោយ​សកម្មពល​របស់​ព្រះ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក