តើអ្នកណាកំពុងមានឥទ្ធិពលលើរបៀបគិតគូររបស់អ្នក?
«ឈប់យកតម្រាប់តាមរបៀបរបបពិភពលោកនេះ»។—រ៉ូម ១២:២
១, ២. (ក) តើលោកយេស៊ូបានមានប្រតិកម្មយ៉ាងណាពេលពេត្រុសប្រាប់លោកឲ្យអាណិតខ្លួន? (សូមមើលរូបភាពនៅដើមអត្ថបទ) (ខ) ហេតុអ្វីលោកយេស៊ូបានមានប្រតិកម្មបែបនេះ?
អ្នកកាន់តាមលោកយេស៊ូបានភ្ញាក់ផ្អើល! ពួកគេបានគិតថាលោកយេស៊ូនឹងតាំងឡើងវិញនូវរាជាណាចក្រអ៊ីស្រាអែល ប៉ុន្តែលោកយេស៊ូបានមានប្រសាសន៍ថាមិនយូរទៀត លោកនឹងរងទុក្ខនិងស្លាប់។ សាវ័កពេត្រុសបាននិយាយថា៖ «លោកម្ចាស់ សូមអាណិតខ្លួនផង ការនេះនឹងមិនកើតឡើងដល់លោកឡើយ»។ លោកយេស៊ូបានតបឆ្លើយថា៖ «នែ! សាថាន ចូរទៅឆ្ងាយពីខ្ញុំទៅ! អ្នកកំពុងដាក់ឧបសគ្គដែលអាចនាំឲ្យខ្ញុំជំពប់ដួល ពីព្រោះអ្នកមិនគិតតាមគំនិតរបស់ព្រះទេ តែគិតតាមគំនិតរបស់មនុស្សវិញ»។—ម៉ាថាយ ១៦:២១-២៣; សកម្មភាព ១:៦
២ ដោយមានប្រសាសន៍ដូច្នេះ លោកយេស៊ូបានបង្ហាញយ៉ាងច្បាស់ថា គំនិតរបស់ព្រះយេហូវ៉ាគឺខុសគ្នាពីគំនិតរបស់ពិភពលោកនេះដែលនៅក្រោមអំណាចរបស់សាថាន។ (យ៉ូហានទី១ ៥:១៩) ពេត្រុសបានលើកទឹកចិត្តលោកយេស៊ូឲ្យមានចិត្តគំនិតដែលគិតតែប្រយោជន៍ផ្ទាល់ខ្លួនដែលមនុស្សជាច្រើនមានក្នុងពិភពលោកនេះ។ ប៉ុន្តែ លោកយេស៊ូបានដឹងថាព្រះយេហូវ៉ាចង់ឲ្យលោកត្រៀមខ្លួនសម្រាប់ការរងទុក្ខនិងសេចក្ដីស្លាប់ដែលមិនយូរទៀតលោកនឹងជួបប្រទះ។ ចម្លើយរបស់លោកយេស៊ូបង្ហាញច្បាស់ថាលោកបានទទួលយកគំនិតរបស់ព្រះយេហូវ៉ា ហើយមិនព្រមទទួលគំនិតរបស់ពិភពលោកទេ។
៣. ហេតុអ្វីការទទួលយកទស្សនៈរបស់ព្រះយេហូវ៉ា និងការមិនទទួលយកទស្សនៈរបស់ពិភពលោកគឺពិបាក?
៣ ចុះយើងវិញ តើយើងមានគំនិតដូចព្រះយេហូវ៉ាឬដូចមនុស្សក្នុងពិភពលោកនេះ? ក្នុងនាមជាគ្រិស្តសាសនិកពិត យើងខំព្យាយាមធ្វើឲ្យប្រាកដថាការប្រព្រឹត្តរបស់យើងនាំឲ្យព្រះពេញចិត្ត។ ប៉ុន្តែ ចុះយ៉ាងណាអំពីរបៀបគិតគូររបស់យើង? តើយើងខំព្យាយាមមានគំនិតដូចព្រះយេហូវ៉ា ពោលគឺមានទស្សនៈដូចលោកចំពោះរឿងផ្សេងៗឬទេ? ការធ្វើដូច្នេះត្រូវការការខំព្យាយាម។ ប៉ុន្តែ គឺងាយស្រួលណាស់ឲ្យយើងមានគំនិតដូចមនុស្សក្នុងពិភពលោកនេះ ដោយសារចិត្តគំនិតរបស់ពិភពលោកនៅជុំវិញយើង។ (អេភេសូរ ២:២) ម្យ៉ាងទៀត មនុស្សក្នុងពិភពលោកច្រើនតែផ្ដោតអារម្មណ៍ទៅលើខ្លួនឯង ហើយយើងប្រហែលជាមានចិត្តចង់ធ្វើដូចពួកគេ។ ពិតមែន ការមានទស្សនៈដូចព្រះយេហូវ៉ាគឺពិបាក តែការមានទស្សនៈដូចមនុស្សក្នុងពិភពលោកនេះគឺស្រួលណាស់។
៤. (ក) តើអ្វីនឹងកើតឡើង បើយើងអនុញ្ញាតឲ្យពិភពលោកនេះមានឥទ្ធិពលលើរបៀបគិតគូររបស់យើង? (ខ) តើយើងនឹងរៀនអ្វីក្នុងអត្ថបទនេះ?
៤ បើយើងអនុញ្ញាតឲ្យពិភពលោកនេះមានឥទ្ធិពលមកលើរបៀបគិតគូររបស់យើង យើងនឹងទំនងជាទៅជាមនុស្សដែលគិតតែប្រយោជន៍ផ្ទាល់ខ្លួន ហើយចង់ធ្វើការសម្រេចចិត្តដោយខ្លួនឯងអំពីអ្វីដែលខុសនិងអ្វីដែលត្រូវ។ (ម៉ាកុស ៧:២១, ២២) ដូច្នេះ គឺសំខាន់ចាំបាច់ដែលយើងរៀនឲ្យ«គិតតាមគំនិតរបស់ព្រះ» មិនមែន«គំនិតរបស់មនុស្ស»។ អត្ថបទនេះនឹងជួយយើងឲ្យធ្វើដូច្នេះ។ យើងនឹងពិចារណាអំពីមូលហេតុដែលការមានទស្សនៈដូចព្រះយេហូវ៉ាចំពោះរឿងផ្សេងៗគឺមិនដាក់កម្រិតច្រើនពេកលើយើងទេ តែមានប្រយោជន៍ចំពោះយើងវិញ។ យើងក៏នឹងពិចារណាអំពីអ្វីដែលយើងអាចធ្វើដើម្បីមិនទទួលឥទ្ធិពលពីរបៀបគិតគូររបស់ពិភពលោកនេះ។ ក្នុងអត្ថបទបន្ទាប់ យើងនឹងរៀនអំពីរបៀបដែលយើងអាចដឹងអំពីទស្សនៈរបស់ព្រះយេហូវ៉ាចំពោះរឿងផ្សេងៗ ហើយចាប់ផ្ដើមមានរបៀបគិតគូរដូចលោក។
របៀបគិតគូររបស់ព្រះយេហូវ៉ាគឺមានប្រយោជន៍
៥. ហេតុអ្វីអ្នកខ្លះមិនចង់ទទួលឥទ្ធិពលពីអ្នកឯទៀត?
៥ មនុស្សខ្លះមិនចង់ឲ្យអ្នកឯទៀតមានឥទ្ធិពលលើរបៀបគិតគូររបស់ពួកគេទេ។ ពួកគេនិយាយថា «ខ្ញុំអាចគិតខ្លួនឯងបាន»។ ពួកគេទំនងជាមានន័យថាពួកគេចង់ធ្វើការសម្រេចចិត្តផ្ទាល់ខ្លួន ហើយថាពួកគេមានសិទ្ធិធ្វើដូច្នេះ។ ពួកគេមិនចង់ឲ្យអ្នកឯទៀតមានអំណាចលើពួកគេ ឬបង្ខំឲ្យពួកគេប្រព្រឹត្តដូចមនុស្សឯទៀតឡើយa (សូមមើលកំណត់សម្គាល់)។
៦. (ក) តើព្រះយេហូវ៉ាឲ្យយើងនូវសេរីភាពបែបណា? (ខ) តើសេរីភាពនេះគ្មានកម្រិតឬទេ?
៦ ទោះជាយើងទទួលយករបៀបគិតគូររបស់ព្រះយេហូវ៉ាក្ដី យើងនៅតែអាចមានមតិរៀងៗខ្លួនបាន។ កូរិនថូសទី២ ៣:១៧ចែងថា៖ «កន្លែងណាដែលមានសកម្មពលរបស់ព្រះយេហូវ៉ា កន្លែងនោះមានសេរីភាព»។ ព្រះយេហូវ៉ាឲ្យយើងនូវសេរីភាពសម្រេចចិត្តថាយើងចង់ធ្វើជាមនុស្សបែបណា។ យើងអាចមានចំណង់ចំណូលចិត្តរៀងៗខ្លួន ហើយជ្រើសរើសអ្វីដែលយើងចាប់អារម្មណ៍ធ្វើ។ ព្រះយេហូវ៉ាបានបង្កើតយើងឲ្យមានលក្ខណៈបែបនេះ។ ប៉ុន្តែ នេះមិនមានន័យថាយើងមានសេរីភាពដែលគ្មានកម្រិតទេ។ (សូមអាន ពេត្រុសទី១ ២:១៦) ពេលយើងត្រូវដឹងអំពីអ្វីដែលខុសឬអ្វីដែលត្រូវ ព្រះយេហូវ៉ាចង់ឲ្យយើងប្រើបណ្ដាំរបស់លោកដើម្បីណែនាំយើង។ តើការធ្វើដូច្នេះដាក់កម្រិតច្រើនពេកលើយើង ឬមានប្រយោជន៍សម្រាប់យើង?
៧, ៨. តើការមានទស្សនៈដូចព្រះយេហូវ៉ាចំពោះរឿងផ្សេងៗ ដាក់កម្រិតច្រើនពេកលើយើងឬទេ? សូមលើកឧទាហរណ៍មួយ។
៧ យើងអាចគិតអំពីឧទាហរណ៍នេះ។ ឪពុកម្ដាយព្យាយាមបង្រៀនកូនៗរបស់ពួកគេឲ្យកាន់តាមខ្នាតតម្រាល្អ។ ពួកគេប្រហែលជាបង្រៀនកូនឲ្យប្រព្រឹត្តដោយទៀងត្រង់ ខំធ្វើការ និងយកចិត្តទុកដាក់ចំពោះអ្នកឯទៀត។ ការធ្វើដូច្នេះគឺមិនដាក់កម្រិតច្រើនពេកលើកូនទេ។ ឪពុកម្ដាយធ្វើដូច្នេះដោយសារចង់ឲ្យកូនមានគុណសម្បត្ដិដែលនឹងជួយពួកគេឲ្យមានជោគជ័យក្នុងជីវិត។ កាលដែលកូនធំហើយ និងចាកចេញពីផ្ទះ ពួកគេនឹងមានសេរីភាពធ្វើការសម្រេចចិត្តផ្ទាល់ខ្លួន។ បើពួកគេសម្រេចចិត្តរស់នៅស្របតាមខ្នាតតម្រាដ៏ល្អដែលឪពុកម្ដាយបានបង្រៀនពួកគេ នោះពួកគេទំនងជានឹងធ្វើការសម្រេចចិត្តល្អ ហើយជៀសវាងពីការខ្វល់ខ្វាយ ការមានអារម្មណ៍ស្ដាយក្រោយ និងបញ្ហាជាច្រើន។
ព្រះយេហូវ៉ាអញ្ជើញយើងឲ្យរៀនអំពីរបៀបដែលយើងអាចមានទស្សនៈដូចលោកចំពោះរឿងផ្សេងៗ ហើយឲ្យរស់នៅសមស្របតាមខ្នាតតម្រារបស់លោក
៨ ដូចឪពុកម្ដាយដ៏ល្អ ព្រះយេហូវ៉ាចង់ឲ្យកូនៗរបស់លោកមានជីវិតដែលនាំឲ្យពួកគេស្កប់ចិត្តបំផុត។ (អេសាយ ៤៨:១៧, ១៨) ដូច្នេះ លោកបង្រៀនយើងអំពីគោលការណ៍ដែលយើងអាចប្រើដើម្បីធ្វើការសម្រេចចិត្តអំពីសីលធម៌និងរបៀបដែលយើងគួរប្រព្រឹត្តចំពោះអ្នកឯទៀត។ លោកអញ្ជើញយើងឲ្យរៀនអំពីរបៀបដែលយើងអាចមានទស្សនៈដូចលោកចំពោះរឿងផ្សេងៗ ហើយឲ្យរស់នៅសមស្របតាមខ្នាតតម្រារបស់លោក។ ការធ្វើដូច្នេះមិនដាក់កម្រិតច្រើនពេកលើយើងទេ។ ផ្ទុយទៅវិញ នេះធ្វើឲ្យយើងមានប្រាជ្ញាច្រើនជាង និងជួយយើងឲ្យធ្វើការសម្រេចចិត្តដ៏ល្អប្រសើរជាង។ (ទំនុកតម្កើង ៩២:៥; សុភាសិត ២:១-៥; អេសាយ ៥៥:៩) យើងនៅតែអាចធ្វើតាមចំណង់ចំណូលចិត្តផ្ទាល់ខ្លួន ប៉ុន្តែយើងនឹងធ្វើការសម្រេចចិត្តដែលនឹងនាំឲ្យយើងសប្បាយ។ (ទំនុកតម្កើង ១:២, ៣) យើងទទួលប្រយោជន៍ជាច្រើន ពេលយើងមានរបៀបគិតគូរដូចព្រះយេហូវ៉ា!
របៀបគិតគូររបស់ព្រះយេហូវ៉ាគឺប្រសើរជាងគេ
៩, ១០. តើអ្វីបង្ហាញថាគំនិតរបស់ព្រះយេហូវ៉ាគឺល្អប្រសើរជាងគំនិតរបស់ពិភពលោកនេះ?
៩ មូលហេតុមួយទៀតដែលយើងចង់មានគំនិតដូចព្រះយេហូវ៉ាគឺដោយសាររបៀបគិតគូររបស់លោកគឺល្អប្រសើរជាងរបៀបគិតគូររបស់ពិភពលោកនេះឆ្ងាយណាស់។ ពិភពលោកនេះឲ្យយោបល់អំពីខ្នាតតម្រាសីលធម៌ របៀបមានសុភមង្គលក្នុងក្រុមគ្រួសារ និងរបៀបមានអាជីពដ៏ល្អជាដើម។ ប៉ុន្តែ យោបល់ទាំងនេះភាគច្រើនគឺមិនសមស្របនឹងគំនិតរបស់ព្រះយេហូវ៉ាទេ។ ជាឧទាហរណ៍ ពិភពលោកនេះច្រើនតែលើកទឹកចិត្តមនុស្សឲ្យស្វែងរកតែប្រយោជន៍ផ្ទាល់ខ្លួន ហើយចាត់ទុកការប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទជាអ្វីដែលធម្មតា។ ម្យ៉ាងទៀត ជួនកាលពិភពលោកនេះឲ្យយោបល់ថាប្ដីប្រពន្ធគួររស់នៅបែកពីគ្នាឬលែងលះគ្នាសម្រាប់រឿងតូចតាច បើពួកគេគិតថាការធ្វើដូច្នេះនឹងនាំឲ្យពួកគេសប្បាយជាង។ យោបល់នេះប្រឆាំងនឹងសេចក្ដីបង្រៀនក្នុងគម្ពីរ។ ប៉ុន្តែនៅសព្វថ្ងៃនេះ តើយោបល់របស់ពិភពលោកនេះមានប្រយោជន៍ច្រើនជាងយោបល់ពីគម្ពីរឬទេ?
១០ លោកយេស៊ូបានមានប្រសាសន៍ថា៖ «អំពើសុចរិតដែលមនុស្សម្នាក់ធ្វើ បង្ហាញថាអ្នកនោះមានប្រាជ្ញា»។ (ម៉ាថាយ ១១:១៩) ទោះជាពិភពលោកនេះបានរីកចម្រើនខាងបច្ចេកវិទ្យាក្ដី វាមិនបានដោះស្រាយបញ្ហាធំៗដូចជាសង្គ្រាម ការប្រកាន់ពូជសាសន៍ និងឧក្រិដ្ឋកម្មឡើយ។ ដោយសារបញ្ហាទាំងនេះយើងមិនអាចមានសុភមង្គលបានទេ។ ម្យ៉ាងទៀត ពិភពលោកនេះចាត់ទុកថាការប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទជារឿងធម្មតា។ ប៉ុន្តែ មនុស្សជាច្រើនយល់ថាអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទបំផ្លាញក្រុមគ្រួសារ នាំឲ្យមានបញ្ហាសុខភាព ហើយមានផលពិបាកផ្សេងទៀត។ ចុះយ៉ាងណាអំពីយោបល់របស់ព្រះយេហូវ៉ា? គ្រិស្តសាសនិកដែលបានទទួលយកទស្សនៈរបស់ព្រះយេហូវ៉ាចំពោះរឿងនេះ មានសុភមង្គលច្រើនជាងក្នុងក្រុមគ្រួសារ មានសុខភាពល្អជាង និងមានសន្ដិភាពជាមួយនឹងបងប្អូនរបស់ពួកគេនៅទូទាំងពិភពលោក។ (អេសាយ ២:៤; សកម្មភាព ១០:៣៤, ៣៥; កូរិនថូសទី១ ៦:៩-១១) នេះបង្ហាញយ៉ាងច្បាស់ថាគំនិតរបស់ព្រះយេហូវ៉ាគឺល្អប្រសើរជាងគំនិតរបស់ពិភពលោក។
១១. តើម៉ូសេបានអនុញ្ញាតឲ្យអ្នកណាណែនាំគំនិតគាត់ ហើយតើនោះមានលទ្ធផលអ្វី?
១១ អ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ានៅអតីតកាលបានដឹងថាគំនិតរបស់ព្រះយេហូវ៉ាគឺល្អប្រសើរជាងគេ។ ជាឧទាហរណ៍ ទោះជាម៉ូសេបានត្រូវអប់រំ«ទៅតាមអស់ទាំងចំណេះវិជ្ជា[ឬ«ប្រាជ្ញា»]របស់ជនជាតិអេស៊ីប»ក្ដី គាត់ដឹងថាប្រាជ្ញាដ៏ពិតប្រាកដគឺមកពីព្រះយេហូវ៉ា។ (សកម្មភាព ៧:២២; កំ.ស.; ទំនុកតម្កើង ៩០:១២) ដូច្នេះ គាត់បានសុំព្រះយេហូវ៉ាថា៖ «សូមសំដែងបង្ហាញអស់ទាំងផ្លូវរបស់ទ្រង់ដល់ទូលបង្គំផង»។ (និក្ខមនំ ៣៣:១៣) ដោយសារម៉ូសេបានឲ្យព្រះយេហូវ៉ាដឹកនាំគំនិតរបស់គាត់ ព្រះយេហូវ៉ាបានប្រើគាត់តាមរបៀបដ៏អស្ចារ្យដើម្បីសម្រេចគោលបំណងរបស់លោក ហើយលោកបានលើកកិត្ដិយសម៉ូសេដោយមានប្រសាសន៍ថាគាត់ជាបុរសដែលមានជំនឿខ្លាំង។—ហេប្រឺ ១១:២៤-២៧
១២. តើការសម្រេចចិត្តរបស់ប៉ូលមានមូលដ្ឋានលើអ្វី?
១២ សាវ័កប៉ូលជាមនុស្សឆ្លាតនិងបានទទួលការអប់រំខ្ពស់ ហើយគាត់ចេះនិយាយយ៉ាងហោចណាស់ពីរភាសា។ (សកម្មភាព ៥:៣៤; ២១:៣៧, ៣៩; ២២:២, ៣) ទោះជាយ៉ាងនោះក្ដី គាត់មិនព្រមទទួលប្រាជ្ញារបស់ពិភពលោកទេ តែគាត់បានធ្វើការសម្រេចចិត្តដោយមានមូលដ្ឋានលើបណ្ដាំរបស់ព្រះ។ (សូមអាន សកម្មភាព ១៧:២; កូរិនថូសទី១ ២:៦, ៧, ១៣) ជាលទ្ធផល គាត់ទទួលជោគជ័យក្នុងកិច្ចបម្រើផ្សាយ ហើយទន្ទឹងរង់ចាំទទួលរង្វាន់ដែលនឹងស្ថិតស្ថេរជារៀងរហូត។—ធីម៉ូថេទី២ ៤:៨
១៣. តើអ្នកណាត្រូវកែតម្រង់របៀបគិតគូររបស់យើងដើម្បីឲ្យយើងមានទស្សនៈដូចព្រះយេហូវ៉ា?
១៣ យើងអាចឃើញច្បាស់ថា របៀបគិតគូររបស់ព្រះគឺប្រសើរជាងរបៀបគិតគូររបស់ពិភពលោកឆ្ងាយណាស់។ បើយើងធ្វើតាមខ្នាតតម្រារបស់ព្រះ យើងនឹងទទួលជោគជ័យនិងមានសុភមង្គលពិតប្រាកដ។ ប៉ុន្តែ ព្រះយេហូវ៉ាមិនបង្ខំយើងឲ្យមានគំនិតដូចលោកទេ។ «ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា»មិនគ្រប់គ្រងលើគំនិតរបស់យើង ហើយពួកអ្នកចាស់ទុំក៏មិនធ្វើដូច្នេះដែរ។ (ម៉ាថាយ ២៤:៤៥; កូរិនថូសទី២ ១:២៤) យើងម្នាក់ៗត្រូវកែតម្រង់របៀបគិតគូររបស់ខ្លួន ដើម្បីឲ្យយើងមានទស្សនៈដូចព្រះយេហូវ៉ាចំពោះរឿងផ្សេងៗ។ តើយើងអាចធ្វើដូច្នេះយ៉ាងដូចម្ដេច?
ចូរកុំឲ្យពិភពលោកនេះជះឥទ្ធិពលមកលើអ្នក
១៤, ១៥. (ក) តើយើងត្រូវរំពឹងគិតអំពីអ្វីដើម្បីមានរបៀបគិតគូរដូចព្រះយេហូវ៉ា? (ខ) ហេតុអ្វីយើងមិនត្រូវឲ្យទស្សនៈរបស់ពិភពលោកនេះចូលទៅក្នុងគំនិតរបស់យើង? សូមលើកឧទាហរណ៍មួយ។
១៤ រ៉ូម ១២:២ចែងថា៖ «ឈប់យកតម្រាប់តាមរបៀបរបបពិភពលោកនេះ តែចូរទទួលការកែប្រែទាំងស្រុង ដោយផ្លាស់ប្ដូរជាថ្មីនូវរបៀបគិតគូររបស់អ្នករាល់គ្នាវិញ ដើម្បីឲ្យអ្នករាល់គ្នាពិសោធមើលដោយខ្លួនអ្នកឲ្យដឹងនូវបំណងប្រាថ្នាដ៏ប្រសើរ សមរម្យ និងល្អឥតខ្ចោះរបស់ព្រះ»។ យើងរៀនពីបទគម្ពីរនេះថា ទោះជាមានអ្វីដែលបានដឹកនាំគំនិតរបស់យើងមុនដែលយើងបានរៀនសេចក្ដីពិតក្ដី យើងអាចផ្លាស់ប្ដូររបៀបគិតគូររបស់យើង ហើយមានរបៀបគិតគូរដូចព្រះវិញ។ បទពិសោធន៍និងលក្ខណៈដែលយើងមានពីកំណើតមានឥទ្ធិពលមួយកម្រិតទៅលើរបៀបគិតគូររបស់យើង ប៉ុន្តែរបៀបគិតគូររបស់យើងអាចផ្លាស់ប្ដូរជានិច្ច។ របៀបគិតគូររបស់យើងនឹងផ្លាស់ប្ដូរតាមអ្វីដែលយើងអនុញ្ញាតឲ្យខ្លួនគិតពិចារណា។ បើយើងរំពឹងគិតអំពីរបៀបគិតគូររបស់ព្រះយេហូវ៉ា យើងនឹងពិសោធមើលដោយខ្លួនយើងថាទស្សនៈរបស់លោកគឺតែងតែត្រឹមត្រូវ។ យ៉ាងនេះ យើងនឹងចង់មានទស្សនៈដូចលោកចំពោះរឿងផ្សេងៗ។
១៥ ប៉ុន្តែ ការផ្លាស់ប្ដូរជាថ្មីនូវរបៀបគិតគូររបស់យើង ដើម្បីមានរបៀបគិតគូរដូចព្រះយេហូវ៉ា តម្រូវឲ្យយើង«ឈប់យកតម្រាប់តាមរបៀបរបបពិភពលោកនេះ»។ នេះមានន័យថាយើងត្រូវឈប់មើល អាន និងស្ដាប់អ្វីណាក៏ដោយដែលប្រឆាំងនឹងគំនិតរបស់ព្រះ។ ដើម្បីជួយយើងឲ្យយល់ថានេះសំខាន់យ៉ាងណា សូមគិតអំពីឧទាហរណ៍មួយស្តីអំពីម្ហូបអាហារ។ បុគ្គលដែលចង់មានសុខភាពល្អជាង ប្រហែលជានឹងសម្រេចចិត្តបរិភោគអាហារដែលមានជីវជាតិ។ ប៉ុន្តែ ការព្យាយាមរបស់គាត់នឹងគ្មានប្រយោជន៍ទេ បើគាត់នៅតែបរិភោគម្ហូបអាហារដែលខូចជាទៀងទាត់! ស្រដៀងគ្នាដែរ ការខំព្យាយាមរបស់យើងដើម្បីរៀនអំពីរបៀបគិតគូររបស់ព្រះយេហូវ៉ានឹងគ្មានប្រយោជន៍ បើយើងអនុញ្ញាតឲ្យទស្សនៈរបស់ពិភពលោកនេះចូលទៅក្នុងគំនិតរបស់យើង។
១៦. តើយើងត្រូវការពារខ្លួនពីអ្វី?
១៦ តើយើងអាចមិនទទួលសោះនូវគំនិតរបស់ពិភពលោកនេះឬទេ? មិនមែនទេ។ យើងនឹងដឹងអំពីទស្សនៈខ្លះៗរបស់ពិភពលោក ដោយសារយើងមិនអាចចាកចេញពីពិភពលោកនេះបានទេ។ (កូរិនថូសទី១ ៥:៩, ១០) សូម្បីតែពេលយើងផ្សព្វផ្សាយ ក៏យើងនឹងឮមនុស្សនិយាយអំពីទស្សនៈមិនត្រឹមត្រូវនិងជំនឿមិនពិត។ ប៉ុន្តែ ទោះជាយើងមិនអាចចៀសផុតទាំងស្រុងពីទស្សនៈមិនត្រឹមត្រូវរបស់មនុស្សក្នុងពិភពលោកនេះក្ដី យើងមិនត្រូវបន្តគិតឬទទួលយកទស្សនៈនោះទេ។ ដូចលោកយេស៊ូ យើងគួរបដិសេធភ្លាមៗនូវគំនិតណាដែលសាថានចង់ឲ្យយើងមាន។ ម្យ៉ាងទៀត យើងអាចការពារខ្លួនដោយមិនអាន មើល និងស្ដាប់អ្វីដែលមិនចាំបាច់ដែលនាំឲ្យយើងទទួលឥទ្ធិពលពីពិភពលោកនេះ។—សូមអាន សុភាសិត ៤:២៣
១៧. តើយើងអាចធ្វើអ្វីដើម្បីជៀសវាងពីគំនិតរបស់ពិភពលោកនេះ?
១៧ ជាឧទាហរណ៍ យើងគួរជ្រើសរើសមិត្តភក្ដិដោយប្រុងប្រយ័ត្ន។ គម្ពីរព្រមានថា បើយើងមានមិត្តជិតស្និទ្ធដែលមិនគោរពប្រណិប័តន៍ព្រះយេហូវ៉ា យើងនឹងចាប់ផ្ដើមមានរបៀបគិតគូរដូចពួកគេ។ (សុភាសិត ១៣:២០; កូរិនថូសទី១ ១៥:១២, ៣២, ៣៣) យើងក៏គួរធ្វើការសម្រេចចិត្តអំពីការកម្សាន្តដោយប្រុងប្រយ័ត្នដែរ។ ពេលយើងមិនទទួលយកការកម្សាន្តណាដែលលើកស្ទួយទ្រឹស្តីនៃការវិវត្តន៍ អំពើឃោរឃៅ ឬអំពើប្រាសចាកសីលធម៌ យើងមិនបង្ខូចគំនិតរបស់យើងដោយអ្វីៗដែល«ប្រឆាំងចំណេះអំពីព្រះ»។—កូរិនថូសទី២ ១០:៥
តើតាមរបៀបណាយើងអាចជួយកូនរបស់យើងឲ្យមិនទទួលយកការកម្សាន្តមិនល្អ? (សូមមើលវគ្គ១៨, ១៩)
១៨, ១៩. (ក) ហេតុអ្វីយើងត្រូវប្រុងប្រយ័ត្នចំពោះគំនិតរបស់ពិភពលោកនេះដែលមិនសូវស្រួលកត់សម្គាល់? (ខ) តើយើងគួរសួរខ្លួនយើងនូវសំណួរអ្វីខ្លះ ហើយហេតុអ្វី?
១៨ យើងក៏ត្រូវចេះសម្គាល់និងមិនទទួលយកគំនិតរបស់ពិភពលោកនេះដែលមិនសូវស្រួលកត់សម្គាល់។ ជាឧទាហរណ៍ ពេលខ្លះការផ្សាយព័ត៌មានបានត្រូវរៀបចំឡើងដើម្បីគាំទ្រទស្សនៈរបស់អ្នកនយោបាយមួយចំនួន។ ម្យ៉ាងទៀត ជួនកាលគេផ្សាយព័ត៌មានដែលលើកស្ទួយគោលដៅដែលមនុស្សស្ងើចសរសើរក្នុងពិភពលោកនេះ។ ភាពយន្តនិងសៀវភៅខ្លះ លើកស្ទួយគំនិតដែលថាខ្លួននិងក្រុមគ្រួសាររបស់ខ្លួនគឺសំខាន់ជាងគេ ហើយធ្វើឲ្យគំនិតនេះមើលទៅសមហេតុផល ត្រឹមត្រូវ និងគួរឲ្យចង់ធ្វើតាម។ ប៉ុន្តែ ទស្សនៈទាំងនេះមិនសមស្របនឹងគម្ពីរទេ។ គម្ពីរចែងថាយើងនិងក្រុមគ្រួសាររបស់យើងនឹងមានសុភមង្គលពិតប្រាកដពេលយើងស្រឡាញ់ព្រះយេហូវ៉ាច្រើនជាងអ្វីទាំងអស់។ (ម៉ាថាយ ២២:៣៦-៣៩) ម្យ៉ាងទៀត ទោះជាភាគច្រើនរឿងសម្រាប់កូនក្មេងប្រហែលជាមិនអាក្រក់ក៏ដោយ រឿងខ្លះអាចធ្វើឲ្យកូនក្មេងគិតថាការប្រព្រឹត្តអំពើប្រាសចាកសីលធម៌គឺជារឿងធម្មតា។
១៩ នេះមិនមានន័យថាការកម្សាន្តទាំងអស់គឺខុសនោះទេ ហើយក៏មិនមានន័យថាការមើល ស្ដាប់ ឬអានអ្វីផ្សេងៗជាការកម្សាន្តគឺខុសឡើយ។ ប៉ុន្តែយើងគួរសួរខ្លួនយើងថា ‹តើខ្ញុំកត់សម្គាល់គំនិតរបស់ពិភពលោកនេះឬទេ ទោះជាវាមិនលើកស្ទួយចំៗក៏ដោយ? តើខ្ញុំការពារខ្លួននិងកូនៗពីការអានសៀវភៅខ្លះនិងការមើលកម្មវិធីផ្សេងៗតាមទូរទស្សន៍ឬទេ? តើខ្ញុំជួយកូនរបស់ខ្ញុំឲ្យមានទស្សនៈដូចព្រះយេហូវ៉ាចំពោះរឿងផ្សេងៗដើម្បីមិនឲ្យពួកគេទទួលឥទ្ធិពលពីទស្សនៈរបស់ពិភពលោកនេះ តាមរយៈអ្វីដែលពួកគេស្ដាប់ឮ និងមើលឃើញឬទេ?›។ បើយើងកត់សម្គាល់ភាពខុសគ្នារវាងគំនិតរបស់ព្រះនិងគំនិតរបស់ពិភពលោកនេះ យើងអាចជៀសវាងពីការ«យកតម្រាប់តាមរបៀបរបបពិភពលោកនេះ»។
តើអ្នកណាកំពុងមានឥទ្ធិពលមកលើអ្នកនៅសព្វថ្ងៃនេះ?
២០. តើការទទួលគំនិតរបស់ព្រះឬរបស់សាថានអាស្រ័យទៅលើអ្វី?
២០ យើងត្រូវចាំថាមានតែប្រភពព័ត៌មានពីរប៉ុណ្ណោះ។ មួយគឺព្រះយេហូវ៉ា និងមួយទៀតគឺសាថាននិងពិភពលោករបស់វា។ តើអ្នកកំពុងទទួលឥទ្ធិពលពីអ្នកណា? ចម្លើយគឺ មួយដែលអ្នកប្រើជាប្រភពព័ត៌មាន។ បើយើងទទួលយកទស្សនៈរបស់ពិភពលោក ពិភពលោកនេះនឹងមានឥទ្ធិពលលើរបៀបគិតគូររបស់យើង ហើយយើងនឹងគិតនិងប្រព្រឹត្តដោយគិតតែប្រយោជន៍ផ្ទាល់ខ្លួន។ ដូច្នេះ គឺសំខាន់ណាស់ដែលយើងប្រុងប្រយ័ត្នពេលជ្រើសរើសអ្វីដែលយើងនឹងមើល អាន ស្ដាប់ និងគិតពិចារណា។
២១. តើយើងនឹងរៀនអ្វីក្នុងអត្ថបទបន្ទាប់?
២១ ក្នុងអត្ថបទនេះយើងបានរៀនថាដើម្បីមានរបៀបគិតគូរដូចព្រះយេហូវ៉ា យើងត្រូវជៀសវាងពីទស្សនៈរបស់ពិភពលោក។ យើងក៏ត្រូវរំពឹងគិតអំពីគំនិតរបស់ព្រះដើម្បីឲ្យយើងកាន់តែមានគំនិតដូចលោក។ ក្នុងអត្ថបទបន្ទាប់ យើងនឹងរៀនអំពីរបៀបដែលយើងអាចធ្វើដូច្នេះ។
a តាមការពិត សូម្បីតែមនុស្សដែលមិនត្រូវការយោបល់ពីអ្នកឯទៀតសោះ ក៏ទទួលឥទ្ធិពលពីមនុស្សឯទៀតដែរ។ ជាឧទាហរណ៍ ស្តីអំពីដើមកំណើតនៃជីវិត ឬអំពីសម្លៀកបំពាក់របស់យើង យើងទទួលឥទ្ធិពលពីអ្នកឯទៀត យ៉ាងហោចណាស់បន្ដិចបន្តួច។ ប៉ុន្តែយើងអាចធ្វើការសម្រេចចិត្តថាយើងនឹងអនុញ្ញាតឲ្យអ្នកណាមានឥទ្ធិពលមកលើយើង។