តើគម្ពីរចែងយ៉ាងណាអំពីរោគរាតត្បាត?
ចម្លើយពីគម្ពីរ
គម្ពីរបានចែងទុកជាមុនថា រោគរាតត្បាត (ជំងឺរីករាលដាល) នឹងកើតមានឡើងនៅគ្រាចុងក្រោយបង្អស់។ (លូកា ២១:១១) រោគរាតត្បាតមិនមែនជាការដាក់ទោសពីព្រះទេ។ នៅបន្តិចទៀតរាជាណាចក្ររបស់ព្រះនឹងបំបាត់ចោលរាល់ជំងឺផ្សេងៗរួមទាំងរោគរាតត្បាតផងដែរ។
តើគម្ពីរបានទាយទុកជាមុនអំពីរោគរាតត្បាតទេ?
គម្ពីរមិនបានប្រាប់យ៉ាងចំៗអំពីរោគរាតត្បាតឬក៏ជំងឺផ្សេងៗដូចជា ជំងឺកូវីដ-១៩ ជំងឺអេដស៍ និងជំងឺគ្រុនផ្ដាសាយអេស្ប៉ាញនោះទេ។ ប៉ុន្តែ គម្ពីរបានទាយទុកអំពី«រោគរាតត្បាត» និង«ជំងឺដែលនាំឲ្យស្លាប់»។ (លូកា ២១:១១; ការបើកបង្ហាញ ៦:៨) អ្វីទាំងនេះគឺជាសញ្ញាសម្គាល់នៃ«គ្រាចុងក្រោយបង្អស់» ឬក៏សំដៅទៅលើ«គ្រាចុងបញ្ចប់នៃរបៀបរបបពិភពលោក»នេះ។—ធីម៉ូថេទី២ ៣:១; ម៉ាថាយ ២៤:៣
តើព្រះធ្លាប់ប្រើជំងឺដើម្បីដាក់ទោសមនុស្សទេ?
យោងតាមកំណត់ហេតុក្នុងគម្ពីរបានបង្ហាញថា មានប៉ុន្មានដងដែលព្រះប្រើជំងឺដើម្បីដាក់ទោសមនុស្ស។ ជាឧទាហរណ៍ លោកបានធ្វើឲ្យបុគ្គលខ្លះកើតជំងឺឃ្លង់។ (ជំរឿនបណ្ដាជន ១២:១-១៦; បណ្ដាស្ដេចទី២ ៥:២០-២៧; ប្រវត្តិហេតុទី២ ២៦:១៦-២១) ព្រះបានប្រើជំងឺដើម្បីដាក់ទោសមនុស្សអាក្រក់ ហើយមិនឲ្យឆ្លងទៅមនុស្សល្អនោះទេ។ លោកប្រើជំងឺដើម្បីដាក់ទោសមនុស្សដែលប្រឆាំងលោកប៉ុណ្ណោះ។
តើរោគរាតត្បាតដែលកើតមាននៅសព្វថ្ងៃនេះជាការដាក់ទោសពីព្រះឬ?
ទេ! មនុស្សខ្លះនិយាយថា ព្រះប្រើរោគរាតត្បាតនិងជំងឺផ្សេងៗទៀតដើម្បីដាក់ទោសមនុស្សនៅសព្វថ្ងៃនេះ។ ប៉ុន្តែ គម្ពីរមិនបានចែងដូច្នេះទេ។ ហេតុអ្វី?
មូលហេតុមួយគឺ អ្នកគោរពប្រណិប័តន៍ព្រះទាំងនៅអតីតកាលនិងបច្ចុប្បន្នក៏បានស្លាប់ដោយសារជំងឺដែរ។ ជាឧទាហរណ៍ ធីម៉ូថេដែលជាអ្នកបម្រើព្រះយ៉ាងស្មោះត្រង់ក៏ធ្លាប់រងទុក្ខដោយសារ‹ជំងឺដែលគាត់មានជាញឹកញយ›ដែរ។ (ធីម៉ូថេទី១ ៥:២៣) ប៉ុន្តែ គម្ពីរមិនបានចែងថានេះជាសញ្ញាដែលបង្ហាញថាព្រះមិនពេញចិត្តគាត់ទេ។ ដូចគ្នាដែរ អ្នកបម្រើព្រះនៅសព្វថ្ងៃនេះក៏ឈឺដែរ។ ភាគច្រើនដោយសារពួកគាត់អាចជួបហេតុការណ៍ដែលមិនបានរំពឹងទុក។—អ្នកទូន្មាន ៩:១១
ម្យ៉ាងទៀត គម្ពីរបង្រៀនថាពេលដែលព្រះដាក់ទោសមនុស្សទុច្ចរិតគឺមិនទាន់មកដល់នៅឡើយទេ។ យើងកំពុងរស់«នៅថ្ងៃសង្គ្រោះ» គឺជាពេលដែលព្រះកំពុងអញ្ជើញមនុស្សទាំងអស់យ៉ាងកក់ក្ដៅឲ្យចូលទៅជិតលោកនិងទទួលសេចក្ដីសង្គ្រោះ។ (កូរិនថូសទី២ ៦:២) វិធីមួយដែលលោកអញ្ជើញមនុស្ស គឺតាមរយៈការផ្សព្វផ្សាយដំណឹងល្អដែលកំពុងធ្វើឡើងនៅទូទាំងពិភពលោក ហើយដំណឹងនោះគឺ«ដំណឹងល្អអំពីរាជាណាចក្រ»។—ម៉ាថាយ ២៤:១៤
តើរោគរាតត្បាតនឹងមានទីបញ្ចប់ទេ?
មាន! គម្ពីរចែងថា នៅបន្តិចទៀតនឹងលែងមានជំងឺទៀត។ ក្រោមការគ្រប់គ្រងនៃរាជាណាចក្រព្រះ លោកនឹងបំបាត់ចោលជំងឺទាំងអស់។ (អេសាយ ៣៣:២៤; ៣៥:៥, ៦) ទុក្ខព្រួយ ការឈឺចាប់ និងសេចក្ដីស្លាប់នឹងលែងមានទៀត។ (ការបើកបង្ហាញ ២១:៤) លោកនឹងប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ពួកគេនឹងមានសុខភាពល្អ ហើយបញ្ហាទាំងអស់នឹងលែងមានទៀត។—ចម្រៀងសរសើរព្រះ ៣៧:២៩; សកម្មភាព ២៤:១៥
គម្ពីរបានប្រាប់អំពីជំងឺ
ម៉ាថាយ ៤:២៣: «[លោកយេស៊ូ]បានធ្វើដំណើរពេញស្រុកកាលីឡេទាំងមូល ដោយបង្រៀនក្នុងសាលាប្រជុំ និងផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្រ ក៏បានធ្វើឲ្យមនុស្សជាសះស្បើយពីជំងឺនិងរោគាគ្រប់ប្រភេទ»។
អត្ថន័យ: អព្ភូតហេតុដែលលោកយេស៊ូបានធ្វើនៅផែនដីគឺតិចតួចណាស់ បើប្រៀបធៀបនឹងអ្វីដែលរាជាណាចក្ររបស់ព្រះនឹងធ្វើសម្រាប់មនុស្សជាតិនៅពេលឆាប់ៗខាងមុខ។
លូកា ២១:១១: «នឹងមាន . . . រោគរាតត្បាត»។
អត្ថន័យ: រោគរាតត្បាតគឺជាសញ្ញាសម្គាល់នៃគ្រាចុងក្រោយបង្អស់។
ការបើកបង្ហាញ ៦:៨: «មើល! ខ្ញុំឃើញសេះមួយសម្បុរស្លាំង ហើយអ្នកដែលជិះសេះនោះមានឈ្មោះថាសេចក្ដីស្លាប់។ ឯផ្នូរក៏តាមអ្នកនោះទៅយ៉ាងប្រកិត។ ពួកគេបានទទួលអំណាចសម្លាប់មនុស្ស . . . ដោយជំងឺដែលនាំឲ្យស្លាប់»។
អត្ថន័យ: ទំនាយអំពីអ្នកជិះសេះបួននាក់បានបង្ហាញថារោគរាតត្បាតនឹងកើតមានឡើងនៅសម័យយើងនេះ។