សំណួរពីយុវវ័យ
តើខ្ញុំអាចធ្វើយ៉ាងណាបើខ្ញុំបំពានវិន័យគ្រួសារ?
ក្រុមគ្រួសារស្ទើរតែទាំងអស់មានវិន័យ ដូចជា ត្រូវចូលផ្ទះនៅម៉ោងប៉ុន្មាន អាចមើលគ្រឿងអេឡិចត្រូនិកយូរប៉ុនណា និងត្រូវប្រព្រឹត្តយ៉ាងណាទៅលើអ្នកឯទៀតជាដើម។
ចុះយ៉ាងណាបើប្អូនធ្វើខុសវិន័យគ្រួសារ? ទង្វើនោះជ្រុលហួសហើយ ប្អូនមិនអាចកែប្រែបានទេ តែប្អូនអាចធ្វើឲ្យស្ថានភាពល្អប្រសើរជាង។ ក្នុងអត្ថបទនេះនឹងបង្ហាញប្អូនអំពីរបៀបធ្វើដូច្នោះ។
អ្វីដែលប្អូនមិនគួរធ្វើ
បើឪពុកម្ដាយមិនដឹងថាប្អូនបំពានវិន័យគ្រួសារ ប្អូនប្រហែលជាចង់បិទបាំងកំហុសនោះ។
បើពួកគាត់ដឹងថាប្អូនបំពានវិន័យណាមួយ ប្អូនប្រហែលជាចង់ដោះសាឬទម្លាក់កំហុសលើអ្នកឯទៀត។
ជម្រើសទាំងពីរនេះ គឺមិនល្អទេ។ ហេតុអ្វី? ពីព្រោះការបិទបាំងកំហុសឬការដោះសា បញ្ជាក់ថាប្អូននៅក្មេងខ្ចីនិងមិនទាន់មានទំនួលខុសត្រូវនៅឡើយ ហើយនោះធ្វើឲ្យឪពុកម្ដាយគិតថាប្អូនត្រូវការពេលថែមទៀតដើម្បីរីកចម្រើន។
ប្អូនដាយអាណាបានរៀបរាប់ថា៖«យើងប្រហែលជាគិតថាការនិយាយកុហកអាចជួយយើងរួចពីការដាក់ទោសបាន តែតាមពិតមិនមែនទេ ព្រោះទីបំផុតឪពុកម្ដាយនឹងដឹងការពិត ហើយពួកគាត់នឹងដាក់ទោសយើងខ្លាំងជាង គឺខ្លាំងជាងការប្រាប់ការពិតតាំងពីដំបូង»។
អ្វីដែលប្អូនគួរធ្វើ
សារភាពកំហុស។ គម្ពីរចែងថា៖«អ្នកដែលខំលាក់បាំងអំពើរំលងរបស់ខ្លួន នឹងមិនបានជោគជ័យទេ»។ (សុភាសិត ២៨:១៣) ឪពុកម្ដាយប្អូនដឹងថាប្អូនមិនអាចធ្វើល្អឥតខ្ចោះទេ។ ប៉ុន្តែ អ្វីដែលពួកគាត់ចង់បានពីប្អូនគឺភាពទៀងត្រង់។
ប្អូនអូលីវាបានរៀបរាប់ថា៖«បើយើងប្រាប់ការពិតដល់ឪពុកម្ដាយ ពួកគាត់នឹងអនុគ្រោះឲ្យយើងច្រើនជាង ហើយទុកចិត្តយើងជាង»។
និយាយសុំទោស។ គម្ពីរចែងថា៖«បំពាក់ខ្លួនដោយចិត្តរាបទាប»។ (ពេត្រុសទី១ ៥:៥) ប្អូនត្រូវមានចិត្តរាបទាប ដើម្បីនិយាយ«សុំទោស» ហើយមិនដោះសា។
ប្អូនហេធើបានរៀបរាប់ថា៖«ពេលបុគ្គលម្នាក់ធ្វើខុសហើយតែងតែដោះសា ចិត្តរបស់ពួកគេទៅជាស្ពឹក ហើយយូរៗទៅចិត្តពួកគេលែងបន្ទោសពួកគេទៀតពេលដែលធ្វើខុស»។
ទទួលយកលទ្ធផលពីការប្រព្រឹត្តខ្លួន។ គម្ពីរចែងថា៖«ចូរស្ដាប់ការប្រៀនប្រដៅ»។ (សុភាសិត ៨:៣៣) បើឪពុកម្ដាយដាក់ទោសចំពោះកំហុសរបស់ប្អូន សូមកុំត្អូញត្អែរ ហើយព្រមទទួលទោសនោះ។
ប្អូនចេសិនបានរៀបរាប់ថា៖«បើយើងកាន់តែតវ៉ា ឪពុកម្ដាយដាក់ទោសយើងកាន់តែធ្ងន់។ ដូច្នេះ សូមព្រមទទួលយកការដាក់ទោសនោះ ហើយឈប់គិតពីអ្វីដែលពួកគាត់បានដកហូត»។
ព្យាយាមធ្វើឲ្យពួកគាត់ទុកចិត្តប្អូនម្ដងទៀត។ គម្ពីរចែងថា៖«ត្រូវដោះចេញនូវបុគ្គលិកលក្ខណៈចាស់ដែលស្របតាមអំពើដែលអ្នកធ្វើពីមុន»។ (អេភេសូរ ៤:២២) ដូច្នេះ ដើម្បីឲ្យឪពុកម្ដាយទុកចិត្តប្អូនម្ដងទៀត សូមធ្វើការសម្រេចចិត្តឈ្លាសវៃ។
ប្អូនខារិនបានរៀបរាប់ថា៖«បើយើងតែងតែធ្វើការសម្រេចចិត្តល្អ និងធ្វើឲ្យពួកគាត់ឃើញថាយើងនឹងមិនសាងកំហុសដដែល នោះពួកគាត់នឹងទុកចិត្តយើងម្ដងទៀត»។
យោបល់៖ ពេលឪពុកម្ដាយសុំប្អូនឲ្យធ្វើអ្វីមួយ សូមធ្វើលើសពីការសុំនោះដើម្បីឲ្យពួកគាត់ទុកចិត្តប្អូនឡើងវិញ។ ជាឧទាហរណ៍ ពេលប្អូនចេញទៅក្រៅ ហើយត្រឡប់មកផ្ទះវិញ សូមទូរសព្ទប្រាប់ពួកគាត់ថាប្អូននៅតាមផ្លូវត្រឡប់ទៅផ្ទះវិញ ទោះជាប្អូនមិនទៅវិញយឺតក៏ដោយ។ ការធ្វើដូច្នេះ ជួយឲ្យពួកគាត់ឃើញថា ប្អូនមិនចង់ឲ្យពួកគាត់បាត់ទំនុកចិត្តចំពោះប្អូនទេ។