បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ijwyp អត្ថបទទី ១១៤
  • ចុះ​បើ​ខ្ញុំ​មិន​ចង់​រស់​ទៀត?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចុះ​បើ​ខ្ញុំ​មិន​ចង់​រស់​ទៀត?
  • សំណួរពីយុវវ័យ
  • អត្ថបទស្រដៀងគ្នា
  • ខ្ញុំចង់ស្លាប់ តើគម្ពីរអាចជួយខ្ញុំពេលដែលខ្ញុំមានគំនិតចង់សម្លាប់ខ្លួនឬទេ?
    សំណួរនិងចម្លើយពីគម្ពីរ
  • តើខ្ញុំរស់នៅមានន័យអ្វីទៀត?
    សំណួរយុវវ័យចង់ដឹងនិងចម្លើយដែលស្រាយចម្ងល់ ក្បាលទី១
  • របៀប​ស៊ូ​ទ្រាំ​នឹង​បញ្ហា​សុខភាព​ដែល​មិន​នឹក​ស្មាន
    ប្រធានបទឯទៀត
  • ចុះបើខ្ញុំមានបញ្ហាសុខភាព? (ភាគទី៣)
    សំណួរពីយុវវ័យ
មើលបន្ថែមទៀត
សំណួរពីយុវវ័យ
ijwyp អត្ថបទទី ១១៤
ប្អូន​ស្រី​ក្រៀម​ក្រំ​ម្នាក់​កំពុង​មើល​ក្រៅ​បង្អួច​ពេល​ដែល​មាន​ភ្លៀង។

សំណួរ​ពី​យុវវ័យ

ចុះ​បើ​ខ្ញុំ​មិន​ចង់​រស់​ទៀត?

ចនណាថិន​ដែល​មាន​អាយុ​១៧​ឆ្នាំ បាន​រៀប​រាប់​ថា​៖​«​ប៉ុន្មាន​ឆ្នាំ​មុន ខ្ញុំ​មាន​ការ​ថប់​បារម្ភ​ខ្លាំង​ដល់​ម្ល៉េះ​រហូត​ដល់​ខ្ញុំ​មាន​អារម្មណ៍​ថា​មាន​ភ្លើង​ឆេះ​សន្ធោ​សន្ធៅ​នៅ​ក្នុង​ចិត្ត​របស់​ខ្ញុំ ហើយ​ខ្ញុំ​មិន​អាច​ពន្លត់​បាន​ទេ។ ក្នុង​អំឡុង​ពេល​នោះ ខ្ញុំ​គិត​ចង់​សម្លាប់​ខ្លួន។ ខ្ញុំ​មិន​ចង់​រស់​ទៀត​ទេ។ ខ្ញុំ​ចង់​ឲ្យ​ការ​ឈឺ​ចាប់​នេះ​រលាយ​បាត់​ទៅ»។

យោង​តាម​ការ​ស្ទង់​មតិ​សិស្ស​វិទ្យាល័យ​ប្រមាណ​១៤.០០០​នាក់ គេ​រក​ឃើញ​ថា​ក្នុង​អំឡុង​១២​ខែ​មុន ក្នុង​ចំណោម​សិស្ស​ប្រាំ​នាក់ មាន​ម្នាក់​គិត​ចង់​សម្លាប់​ខ្លួន។a បើ​ប្អូន​គិត​ថា​ជីវិត​គ្មាន​តម្លៃ តើ​ប្អូន​អាច​ធ្វើ​យ៉ាង​ណា?

  • ចាំ​សិន។ សូម​កុំ​សម្រេច​ចិត្ត​ធ្វើ​អ្វី​មួយ​ភ្លាម​ៗ​ឡើយ។ ទោះ​ជា​បញ្ហា​របស់​ប្អូន​មើល​ទៅ​មិន​អាច​ដោះ​ស្រាយ​ក្ដី តែ​នៅ​មាន​វិធី​ដែល​ប្អូន​អាច​រៀន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ទាំង​នោះ​បាន។

ប្អូន​ស្រី​ម្នាក់​កំពុង​ស្វែង​រក​ផ្លូវ​ចេញ​មិន​ឃើញ​នៅ​សួន​វង្វេង។

ប្អូន​ប្រហែល​ជា​មាន​អារម្មណ៍​ថា​គ្មាន​ដំណោះ​ស្រាយ​ចំពោះ​បញ្ហា​របស់​ប្អូន​ទេ។ ប៉ុន្តែ ការ​មាន​អារម្មណ៍​បែប​នោះ មិន​បាន​ន័យ​ថា​នោះ​ជា​ការ​ពិត​ទេ។ ការ​ពិត មាន​វិធី​ជា​ច្រើន​ដែល​អាច​ដោះ​ស្រាយ​បញ្ហា​របស់​ប្អូន។ បើ​ប្អូន​ទទួល​ជំនួយ​ត្រឹម​ត្រូវ នោះ​ប្អូន​ប្រហែល​អាច​ដោះ​ស្រាយ​បញ្ហា​លឿន​ជាង​ការ​គិត​របស់​ប្អូន​ទៅ​ទៀត។

  • គោល​ការណ៍​គម្ពីរ​៖​«​យើង​ត្រូវ​គេ​គាប​សង្កត់​នៅ​គ្រប់​ច្រក​ល្ហក តែ​មិន​មែន​ដោយ​រើ​មិន​រួច​ឡើយ យើង​ទាល់​គំនិត តែ​មិន​មែន​ទាល់​ច្រក​ទេ​»។—កូរិនថូស​ទី២ ៤:៨

    យោបល់​៖ បើ​គំនិត​ចង់​សម្លាប់​ខ្លួន​មាន​កាន់​តែ​ខ្លាំង​និង​កាន់​តែ​ញឹក​ញាប់ សូម​ស្វែង​រក​ជំនួយ​ដែល​ប្អូន​អាច​ទទួល​បាន ដូច​ជា​ទូរស័ព្ទ​ទៅ​ទី​ប្រឹក្សា​ពិគ្រោះ​យោបល់​អំពី​អ្វី​ដែល​ប្អូន​អាច​ធ្វើ​ដើម្បី​បំបាត់​អារម្មណ៍​ចង់​សម្លាប់​ខ្លួន ឬ​ទូរស័ព្ទ​ទៅ​លេខ​សង្គ្រោះ​បន្ទាន់​ជា​ដើម។ អ្នក​ដែល​ធ្វើ​ការ​នៅ​ទី​នោះ​បាន​ទទួល​ការ​បង្ហាត់​បង្រៀន​ដើម្បី​ផ្ដល់​ជំនួយ ហើយ​ពួក​គេ​ពិត​ជា​ចង់​ជួយ​ប្អូន​ខ្លាំង​ណាស់។

  • និយាយ​ជា​មួយ​អ្នក​ណា​ម្នាក់។ មាន​អ្នក​ដែល​ពិត​ជា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ប្អូន និង​ចង់​ជួយ​ប្អូន។ អ្នក​ទាំង​នោះ​រួម​បញ្ចូល​មិត្ត​ភក្តិ និង​ក្រុម​គ្រួសារ​របស់​ប្អូន។ ពួក​គាត់​ប្រហែល​ជា​មិន​ដឹង​ថា​ប្អូន​កំពុង​រង​ទុក្ខ​ទេ បើ​ប្អូន​មិន​ប្រាប់​ពួក​គាត់។

ប្អូន​ស្រី​ម្នាក់​កំពុង​ពាក់​វ៉ែនតា។

អ្នក​ខ្លះ​ត្រូវ​ការ​វ៉ែនតា​ដើម្បី​ជួយ​ពួក​គេ​ឲ្យ​ឃើញ​ច្បាស់​ជាង។ ស្រដៀង​គ្នា​ដែរ មិត្ត​ភក្តិ​អាច​ជួយ​ប្អូន​ឲ្យ​មើល​ឃើញ​បញ្ហា​របស់​ប្អូន​ច្បាស់​ជាង ហើយ​គាត់​អាច​ជួយ​ប្អូន​ឲ្យ​មាន​ចិត្ត​ចង់​រស់​ត​ទៅ​ទៀត។

  • គោល​ការណ៍​គម្ពីរ​៖​«​មិត្ត​ពិត . . . កើត​មក ដើម្បី​ជួយ​គ្នា​នៅ​ពេល​មាន​ទុក្ខ​លំបាក​»។—សុភាសិត ១៧:១៧

    យោបល់​៖ ប្អូន​អាច​ចាប់​ផ្ដើម​ដោយ​និយាយ​ថា​៖«ថ្មី​ៗ​នេះ ខ្ញុំ​មាន​គំនិត​មិន​ត្រឹម​ត្រូវ​សោះ។ បើ​បង​មិន​ប្រកាន់ ខ្ញុំ​សុំ​និយាយ​ជា​មួយ​បង​អំពី​រឿង​នោះ​បាន​ទេ?»។ ប្អូន​ក៏​អាច​និយាយ​ថា​៖«ខ្ញុំ​មាន​បញ្ហា​ខ្លះ​ដែល​ខ្ញុំ​មិន​អាច​ដោះ​ស្រាយ​ខ្លួន​ឯង​ទេ។ តើ​បង​អាច​ជួយ​ខ្ញុំ​បាន​ទេ?»។

  • ជួប​គ្រូ​ពេទ្យ។ បញ្ហា​សុខភាព​ដូច​ជា​ជំងឺ​ថប់​បារម្ភ​ឬ​ជំងឺ​ធ្លាក់​ទឹក​ចិត្ត អាច​បណ្ដាល​ឲ្យ​អ្នក​ខ្លះ​លែង​ចង់​រស់​ទៀត។ ប៉ុន្តែ ប្អូន​ដឹង​ទេ​តាម​ពិត​ជំងឺ​ទាំង​នេះ​អាច​ព្យាបាល​បាន។

ប្អូន​ស្រី​ឈឺ​ម្នាក់​កំពុង​អង្គុយ​ភ្លឹក​ទាំង​គ្មាន​ចំណង់​ចង់​ញ៉ាំ​អាហារ​ដែល​នៅ​ខាង​មុខ​គាត់​ទេ។

ដូច​ជំងឺ​ផ្ដាសាយ​អាច​ធ្វើ​ឲ្យ​យើង​លែង​ចង់​ញ៉ាំ​អាហារ នោះ​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ក៏​ធ្វើ​ឲ្យ​យើង​លែង​ចង់​រស់​ទៀត​ដែរ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ជំងឺ​ទាំង​ពីរ​អាច​ព្យាបាល​បាន។

  • គោល​ការណ៍​គម្ពីរ​៖ ​«​មនុស្ស​ដែល​មាន​សុខភាព​ល្អ​មិន​ត្រូវ​ការ​គ្រូ​ពេទ្យ​ទេ តែ​អ្នក​ដែល​ឈឺ​ទើប​ត្រូវ​ការ​គ្រូ​ពេទ្យ​»។—ម៉ាថាយ ៩:១២

    យោបល់​៖ សូម​គេង​និង​ហាត់​ប្រាណ​ឲ្យ​បាន​គ្រប់​គ្រាន់ ហើយ​បរិភោគ​អាហារ​ដែល​មាន​ជីវជាតិ ព្រោះ​សុខភាព​ផ្លូវ​កាយ​អាច​ប៉ះ​ពាល់​ដល់​សុខភាព​ផ្លូវ​ចិត្ត​របស់​ប្អូន។

  • អធិដ្ឋាន។ គម្ពីរ​ចែង​ថា​ព្រះ​ដែល​ជា​អ្នក​បង្កើត​យើង​គឺ​«​ធំ​ជាង​ចិត្ត​របស់​យើង ហើយ​ក៏​ជ្រាប​គ្រប់​ទាំង​អស់​»។ (​យ៉ូហាន​ទី​១ ៣:២០​) ចុះ​យ៉ាង​ណា​បើ​ប្អូន​អធិដ្ឋាន​ប្រាប់​ពី​អារម្មណ៍​របស់​ប្អូន​ទៅ​លោក​នៅ​ថ្ងៃ​នេះ? សូម​និយាយ​អស់​ពី​ចិត្ត​ប្រាប់​លោក ដោយ​ប្រើ​ឈ្មោះ​របស់​លោក​គឺ​យេហូវ៉ា។

ប្អូន​ស្រី​ម្នាក់​កំពុង​ពិបាក​លើក​ប្រអប់​ដ៏​ធំ​មួយ។

បន្ទុក​ខ្លះ​គឺ​ធ្ងន់​ពេក​ដែល​ប្អូន​មិន​អាច​រែក​ពុន​តែ​ម្នាក់​ឯង​បាន​ឡើយ។ ប៉ុន្តែ ព្រះ​យេហូវ៉ា​ត្រៀម​ជួយ​ប្អូន​ជា​និច្ច។

  • គោល​ការណ៍​គម្ពីរ​៖ ​«​ចូរ . . . អង្វរ​សុំ និង​ថ្លែង​អំណរ​គុណ។ យ៉ាង​នេះ សេចក្ដី​សុខ​សាន្ត​របស់​ព្រះ​ដែល​ហួស​ពី​ការ​នឹក​ស្មាន នឹង​ការ​ពារ​ចិត្ត​និង​សមត្ថភាព​រិះ​គិត​របស់​អ្នក​រាល់​គ្នា​»។—ភីលីព ៤:៦, ៧

    យោបល់​៖ ក្រៅ​ពី​ជម្រាប​ប្រាប់​ព្រះ​យេហូវ៉ា​អំពី​បញ្ហា​របស់​ប្អូន សូម​ព្យាយាម​គិត​អំពី​អ្វី​ល្អ​មួយ​ដែល​ប្អូន​អាច​អរគុណ​លោក​ថ្ងៃ​នេះ។ (​កូឡុស ៣:១៥​) ការ​មាន​អំណរ​គុណ​នឹង​ជួយ​ប្អូន​ឲ្យ​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​ល្អ​ៗ​ក្នុង​ជីវិត​ប្អូន។

បើ​ប្អូន​គិត​ថា​ជីវិត​គ្មាន​តម្លៃ ហើយ​មិន​ចង់​រស់​ទៀត សូម​ទទួល​ជំនួយ។ នេះ​ជា​អ្វី​ដែល​ប្អូន​ចនណាថិន​បាន​ធ្វើ។ គាត់​បាន​និយាយ​ថា​៖​«​ខ្ញុំ​ត្រូវ​និយាយ​ច្រើន​ជា​មួយ​ឪពុក​ម្ដាយ​របស់​ខ្ញុំ ហើយ​ទទួល​ការ​ព្យាបាល។ ឥឡូវ​ស្ថានភាព​របស់​ខ្ញុំ​ប្រសើរ​ជាង​ឆ្ងាយ​ណាស់។ ទោះ​ជា​ពេល​ខ្លះ​អារម្មណ៍​ខ្ញុំ​ឡើង​ចុះ​ក្ដី តែ​ខ្ញុំ​លែង​មាន​អារម្មណ៍​ចង់​សម្លាប់​ខ្លួន​ទៀត​ហើយ​»។

a ការ​ស្ទង់​មតិ​នេះ​បាន​ធ្វើ​នៅ​ឆ្នាំ​២០១៩ ដោយ​មណ្ឌល​ប្រយុទ្ធ​ប្រឆាំង​និង​ទប់​ស្កាត់​ជំងឺ នៅ​សហរដ្ឋ​អាម៉េរិក។

ទស្សនៈ​ពី​មនុស្ស​ស្រករ​ប្អូន

អាឡិចសាន់ត្រា

ប្អូន​អាឡិចសាន់ត្រា​បាន​រៀប​រាប់​ថា​៖​«​សុខភាព​ផ្លូវ​ចិត្ត​ក៏​សំខាន់​ដូច​សុខភាព​ផ្លូវ​កាយ​ដែរ។ ចំណុច​ខុស​គ្នា​ត្រង់​ថា ពេល​នរណា​ម្នាក់​បាក់​ឆ្អឹង​យើង​អាច​ឃើញ​បាន តែ​ពេល​នរណា​ម្នាក់​មាន​របួស​ផ្លូវ​ចិត្ត​យើង​មិន​អាច​ឃើញ​បាន​ទេ។ បើ​ក្នុង​ចិត្ត​អ្នក​កំពុង​រង​ទុក្ខ កុំ​ខ្លាច​ប្រាប់​អ្នក​ឯ​ទៀត ហើយ​ការ​សុំ​ជំនួយ​ក៏​មិន​មែន​អាក្រក់​ដែរ​»។

អ៊ាន

ប្អូន​អ៊ាន​បាន​រៀប​រាប់​ថា​៖​«​ពេល​ខ្ញុំ​ក្មេង​ជាង ឪពុក​ម្ដាយ​បាន​ជួយ​ខ្ញុំ​ឲ្យ​ទទួល​ស្គាល់​ថា​គ្មាន​បញ្ហា​ណា​ក្នុង​ជីវិត​ដែល​មិន​អាច​ដោះ​ស្រាយ​បាន​នោះ​ទេ យ៉ាង​ហោច​ណាស់​ក៏​យើង​អាច​ស៊ូ​ទ្រាំ​បាន​ដែរ។ ពេល​ប្រាប់​អារម្មណ៍​ដល់​អ្នក​ណា​ម្នាក់ នោះ​ជួយ​យើង​ឲ្យ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​បញ្ហា​របស់​យើង។ នេះ​បាន​កើត​ឡើង​ចំពោះ​ខ្ញុំ​មែន ពេល​ខ្ញុំ​ប្រាប់​អារម្មណ៍​របស់​ខ្ញុំ​ដល់​ឪពុក​ម្ដាយ​»។

ខ​គម្ពីរ​ដែល​លើក​ទឹក​ចិត្ត

ប្អូន​អាច​កត់​ទុក​ខ​គម្ពីរ​ខ្លះ​សម្រាប់​ជួយ​សម្រាល​ទុក្ខ​ប្អូន ពេល​ប្អូន​មិន​សប្បាយ​ចិត្ត។ នៅ​ខាង​ក្រោម​នេះ​មាន​ខ​គម្ពីរ​មួយ​ចំនួន។

ចម្រៀង​សរសើរ​ព្រះ ៣៤:១៨ ចែង​ថា​៖​«​ព្រះ​យេហូវ៉ា​នៅ​ជិត​អ្នក​ដែល​មាន​ចិត្ត​ខ្ទេច​ខ្ទាំ លោក​ជួយ​អ្នក​ដែល​បាក់​ទឹក​ចិត្ត​»។

អត្ថន័យ​៖ ព្រះ​យេហូវ៉ា​ពិត​ជា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អស់​អ្នក​ដែល​មាន​អារម្មណ៍​ថា​ពិបាក​ដោះ​ស្រាយ​បញ្ហា​របស់​ខ្លួន។ លោក​ចង់​ជួយ​ពួក​គេ​ខ្លាំង​ណាស់។

ចម្រៀង​សរសើរ​ព្រះ ៤៦:១ ចែង​ថា​៖​«​ព្រះ​ជា​ទី​ពឹង​ជ្រក​និង​ជា​កម្លាំង​របស់​យើង លោក​រមែង​ជួយ​យើង​ក្នុង​គ្រា​មាន​ទុក្ខ​លំបាក​»។

អត្ថន័យ​៖ ប្អូន​អាច​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​រាល់​ពេល​ដែល​ប្អូន​ខ្វល់​ខ្វាយ​ចិត្ត។ លោក​ពេញ​ចិត្ត​ជួយ​ប្អូន ហើយ​លោក​ត្រៀម​ជួយ​ប្អូន​ឲ្យ​ស៊ូ​ទ្រាំ​នឹង​បញ្ហា​របស់​ប្អូន​ជា​និច្ច។

ចម្រៀង​សរសើរ​ព្រះ ៩៤:១៨, ១៩ ចែង​ថា​៖​«​ពេល​នោះ​ខ្ញុំ​បាន​និយាយ​ថា​៖‹ខ្ញុំ​ជិត​ដួល​ហើយ› ប៉ុន្តែ ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់ លោក​ជួយ​គ្រាហ៍​ខ្ញុំ​ជា​និច្ច។ ពេល​កង្វល់​កង្វាយ​ញាំញី​ចិត្ត​ខ្ញុំ លោក​បាន​សម្រាល​ទុក្ខ​ខ្ញុំ ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ​ចិត្ត​ឡើង​វិញ​»។

អត្ថន័យ​៖ ព្រះ​អាច​សម្រាល​ទុក្ខ​ប្អូន​តាម​រយៈ​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​លោក។ សូម​ឆ្លៀត​ពេល​អាន​ជា​រៀង​រាល់​ថ្ងៃ!

ចម្រៀង​សរសើរ​ព្រះ ១៣៩:២៣, ២៤ ចែង​ថា​៖​«​ឱ​ព្រះ​អើយ សូម​ស្វែង​យល់​អំពី​ខ្ញុំ​យ៉ាង​ល្អិត​ល្អន់ ហើយ . . . ដឹង​ថា​ខ្ញុំ​ខ្វល់​ខ្វាយ​អំពី​រឿង​អ្វី​ខ្លះ។ សូម​លោក​មើល​ខ្ញុំ​ឲ្យ​ដឹង​ថា ក្នុង​ចិត្ត​គំនិត​ខ្ញុំ​មាន​អ្វី​ដែល​មិន​ល្អ​ឬ​យ៉ាង​ណា ហើយ​សូម​មេត្តា​នាំ​ខ្ញុំ​ដើរ​លើ​ផ្លូវ​ទៅ​កាន់​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​»។

អត្ថន័យ​៖ ព្រះ​យេហូវ៉ា​ស្គាល់​ប្អូន​ច្បាស់​ជាង​ប្អូន​ស្គាល់​ខ្លួន​ឯង​ទៅ​ទៀត។ លោក​អាច​ជួយ​ប្អូន​ឲ្យ​ឈប់​គិត​អ្វី​ដែល​មិន​ត្រឹម​ត្រូវ ដើម្បី​ប្អូន​អាច​សប្បាយ​ឡើង​វិញ។

អេសាយ ៤១:១០ ចែង​ថា​៖​«​កុំ​បារម្ភ​ឡើយ ព្រោះ​ខ្ញុំ​ជា​ព្រះ​របស់​អ្នក។ ខ្ញុំ​នឹង​ពង្រឹង​កម្លាំង​អ្នក ខ្ញុំ​នឹង​ជួយ​អ្នក​»។

អត្ថន័យ​៖ ពេល​ណា​ដែល​យើង​ជួប​ការ​ពិបាក ព្រះ​យេហូវ៉ា​អាច​ផ្ដល់​កម្លាំង​ឲ្យ​យើង​ស៊ូ​ទ្រាំ។

រៀន​សា​ឡើង​វិញ​៖ ចុះ​បើ​ខ្ញុំ​មិន​ចង់​រស់​ទៀត?

  • ចាំ​សិន។ សូម​កុំ​សម្រេច​ចិត្ត​ធ្វើ​អ្វី​មួយ​ភ្លាម​ៗ​ឡើយ។ ព្រោះ​មាន​វិធី​ដែល​ប្អូន​អាច​រៀន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ទាំង​នោះ​បាន។

  • និយាយ​ជា​មួយ​អ្នក​ណា​ម្នាក់។ មិត្ត​ភក្តិ​និង​ក្រុម​គ្រួសារ​មិន​ដឹង​ថា​ប្អូន​កំពុង​រង​ទុក្ខ​ទេ បើ​ប្អូន​មិន​ប្រាប់​ពួក​គាត់។

  • ជួប​គ្រូ​ពេទ្យ។ អារម្មណ៍​ចង់​ស្លាប់​ជា​សញ្ញា​សម្គាល់​នៃ​ជំងឺ​ធ្លាក់​ទឹក​ចិត្ត។ ប៉ុន្តែ ជំងឺ​នេះ​អាច​ព្យាបាល​បាន។

  • អធិដ្ឋាន។ លោក​ស្គាល់​ប្អូន​ច្បាស់​ជាង​ប្អូន​ស្គាល់​ខ្លួន​ឯង​ទៅ​ទៀត ហើយ​លោក​ចង់​ជួយ​ប្អូន​ខ្លាំង​ណាស់។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក