ចូរចាំយាម!
រុស្ស៊ីវាយលុកអ៊ុយក្រែន
នៅព្រឹកព្រលឹមថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ទាហានរុស្ស៊ីចាប់ផ្ដើមចូលវាយលុកប្រទេសអ៊ុយក្រែន ទោះជាពួកមេដឹកនាំពិភពលោកខំប្រឹងព្យាយាមទប់ស្កាត់កុំឲ្យផ្ទុះសង្គ្រាមក៏ដោយ។ តើការផ្ទុះសង្គ្រាមនេះអាចមានឥទ្ធិពលយ៉ាងណាទៅលើពិភពលោក? ប៉ុន្មានថ្ងៃមុន លោកអង់តូនីញ៉ូ គុយថឺរេស ដែលជាអគ្គលេខាធិការអង្គការសហប្រជាជាតិ បាននិយាយថា៖«ជម្លោះនេះបានបណ្ដាលឲ្យមនុស្សរងទុក្ខវេទនា នាំឲ្យមានការខូចខាតយ៉ាងដំណំហួសពីការនឹកស្មាន ព្រមទាំងបង្កការគំរាមកំហែងដល់សន្តិសុខរបស់បណ្ដាប្រទេសនៅទ្វីបអឺរ៉ុប និងដល់ពិភពលោកទាំងមូល»។
តើព្រឹត្តិការណ៍ដូចនេះទាក់ទងនឹងគម្ពីរយ៉ាងដូចម្ដេច?
ក្នុងគម្ពីរ លោកយេស៊ូបានប្រកាសទុកជាមុនអំពីគ្រាមួយថា៖«ប្រជាជាតិមួយនឹងលើកទ័ពទៅច្បាំងនឹងប្រជាជាតិមួយ ហើយរាជាណាចក្រមួយនឹងលើកទ័ពទៅច្បាំងនឹងរាជាណាចក្រមួយ»។ (ម៉ាថាយ ២៤:៧) ដើម្បីដឹងថាអ្វីដែលលោកយេស៊ូបានប្រាប់នោះពិតជាកំពុងកើតឡើងនៅសព្វថ្ងៃនេះមែន សូមអានអត្ថបទចំណងជើងថា «តើអ្វីខ្លះជាសញ្ញាសម្គាល់នៃ‹គ្រាចុងក្រោយបង្អស់› ឬ‹ទីបញ្ចប់ពិភពលោក›?»។
សៀវភៅការបើកបង្ហាញបានរៀបរាប់អំពីសង្គ្រាមដែលតំណាងដោយអ្នកជិះ«សេះសម្បុរក្រហមដូចភ្លើង» ដែលដកយក«សន្តិភាពចេញពីផែនដី»។ (ការបើកបង្ហាញ ៦:៤) ដើម្បីយល់អំពីរបៀបដែលទំនាយនេះទាក់ទងនឹងសង្គ្រាមនៅសព្វថ្ងៃ សូមអានអត្ថបទចំណងជើងថា «អ្នកជិះសេះទាំងបួន តើពួកគេជាអ្នកណា?»។
សៀវភៅដានីយ៉ែលបានប្រាប់ទុកជាមុនអំពីជម្លោះរវាង«ស្ដេចខាងជើង»និង«ស្ដេចខាងត្បូង»។ (ដានីយ៉ែល ១១:២៥-៤៥) សូមទស្សនាវីដេអូចំណងជើងថា ការសម្រេចនៃទំនាយ ដានីយ៉ែលជំពូកទី១១ ដើម្បីដឹងអំពីមូលហេតុដែលយើងអាចនិយាយថា រុស្ស៊ីនិងប្រទេសដែលសហការជាមួយ ជាស្ដេចខាងជើង។a
សៀវភៅការបើកបង្ហាញក៏បានរៀបរាប់ដែរអំពី«សង្គ្រាមដែលនឹងកើតឡើងនៅថ្ងៃដ៏ធំរបស់ព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុត»។ (ការបើកបង្ហាញ ១៦:១៤, ១៦) ប៉ុន្តែ នោះមិនមែនជាសង្គ្រាមរវាងប្រជាជាតិនានាដូចដែលយើងឃើញនៅសព្វថ្ងៃនេះទេ។ ដើម្បីបានព័ត៌មានថែមទៀតអំពីសង្គ្រាមនោះដែលនឹងកើតឡើងនៅថ្ងៃខាងមុខ សូមអានអត្ថបទចំណងជើងថា «តើសង្គ្រាមអាម៉ាគេដូនជាអ្វី?»។
ហេតុអ្វីអ្នកអាចសង្ឃឹមថានឹងមានអនាគតល្អប្រសើរ?
គម្ពីរចែងថា ព្រះ«នឹងធ្វើឲ្យផែនដីទាំងមូលលែងមានសង្គ្រាមទៀត»។ (ចម្រៀងសរសើរព្រះ ៤៦:៩) ដើម្បីបានព័ត៌មានលម្អិតអំពីសេចក្ដីសន្យារបស់ព្រះស្ដីអំពីអនាគត សូមអានអត្ថបទចំណងជើងថា «សេចក្ដីសង្ឃឹមដ៏ពិតប្រាកដកំពុងរង់ចាំអ្នក»។
លោកយេស៊ូបានបង្រៀនពួកអ្នកកាន់តាមលោកឲ្យអធិដ្ឋានសុំឲ្យរាជាណាចក្រព្រះមកដល់។ (ម៉ាថាយ ៦:៩, ១០) រាជាណាចក្រនោះគឺជារដ្ឋាភិបាលនៅស្ថានសួគ៌ ដែលនឹងធ្វើឲ្យបំណងប្រាថ្នារបស់ព្រះបានសម្រេចនៅផែនដី។ បំណងប្រាថ្នាមួយរបស់ព្រះ គឺការនាំឲ្យផែនដីមានសន្តិភាព។ ដើម្បីដឹងថាអ្នកអាចទទួលប្រយោជន៍អ្វីខ្លះពីរាជាណាចក្រព្រះ សូមទស្សនាវីដេអូចំណងជើងថា តើរាជាណាចក្ររបស់ព្រះជាអ្វី?
នៅប្រទេសអ៊ុយក្រែន មានសាក្សីព្រះយេហូវ៉ាជាង១២៩.០០០នាក់។ ដូចសាក្សីនៅប្រទេសឯទៀតដែរ ពួកគាត់ធ្វើតាមគំរូលោកយេស៊ូដោយកាន់ជំហរអព្យាក្រឹតក្នុងរឿងនយោបាយ និងមិនចូលរួមក្នុងសង្គ្រាមទេ។ (យ៉ូហាន ១៨:៣៦) នៅទូទាំងពិភពលោក សាក្សីព្រះយេហូវ៉ាបន្តប្រកាស«ដំណឹងល្អនេះអំពីរាជាណាចក្រ» ពីព្រោះនោះជាដំណោះស្រាយតែមួយគត់ដែលអាចបញ្ចប់បញ្ហាផ្សេងៗរបស់មនុស្ស រួមទាំងសង្គ្រាមផងដែរ។ (ម៉ាថាយ ២៤:១៤) យើងសូមអញ្ជើញលោកអ្នកឲ្យរៀនថែមទៀតជាមួយនឹងយើងអំពីសេចក្ដីសង្ឃឹមក្នុងគម្ពីរ។
a ដើម្បីយល់ព័ត៌មានលម្អិតអំពីទំនាយនេះ សូមអានអត្ថបទ«‹ស្ដេចខាងជើង›ក្នុងអំឡុងគ្រាចុងបញ្ចប់» និងអត្ថបទ«នៅសព្វថ្ងៃនេះ តើអ្នកណាជា‹ស្ដេចខាងជើង›?»