តើគម្ពីរចែងយ៉ាងណាអំពីសង្គ្រាមនុយក្លេអ៊ែរ?
ពិភពលោកយើងកំពុងប្រឈមនឹងគ្រោះថ្នាក់នៃសង្គ្រាមនុយក្លេអ៊ែរ ដោយសារមហាអំណាចពិភពលោកនៅតែរក្សាអាវុធនុយក្លេអ៊ែរ និងបង្កើនការផលិតអាវុធទាំងនោះ។ ហេតុនេះហើយបានជាមនុស្សព្រួយបារម្ភថាបើមានគ្រាប់បែកនុយក្លេអ៊ែរកាន់តែច្រើន នោះសង្គ្រាមនុយក្លេអ៊ែរក៏នឹងអាចមានលទ្ធភាពផ្ទុះឡើងដែរ។ បន្ថែមទៅទៀត មនុស្សភ័យខ្លាចថាបើប្រទេសណាមួយប្រើគ្រាប់បែកនុយក្លេអ៊ែរសូម្បីតែតូចមួយប៉ុណ្ណោះ នោះពិភពលោកទាំងមូលនឹងខ្ទេចខ្ទីមិនខាន។ ទស្សនាវដ្ដីមួយបានរៀបរាប់ថា៖«យើងកំពុងរស់នៅក្នុងពិភពលោកមួយដែលប្រឈមនឹងគ្រោះថ្នាក់នៃសង្គ្រាមនុយក្លេអ៊ែរជាងពេលណាៗទាំងអស់»(Bulletin of the Atomic Scientists)។
តើសង្គ្រាមនុយក្លេអ៊ែរអាចមានលទ្ធភាពផ្ទុះឡើងទេ? បើមែន តើផែនដីរបស់យើងនឹងនៅគង់វង្សទេ? តើយើងអាចធ្វើយ៉ាងណាដើម្បីកុំឲ្យបារម្ភហួសហេតុពេកអំពីសង្គ្រាមនុយក្លេអ៊ែរ? តើគម្ពីរចែងយ៉ាងណា?
ក្នុងអត្ថបទនេះ យើងនឹងពិចារណា៖
តើអ្នកអាចធ្វើយ៉ាងណាដើម្បីកុំឲ្យបារម្ភហួសហេតុពេកអំពីសង្គ្រាមនុយក្លេអ៊ែរ?
តើគម្ពីរប្រកាសទុកជាមុនអំពីសង្គ្រាមអាម៉ាគេដូននុយក្លេអ៊ែរទេ?
តើសៀវភៅគម្ពីរការបើកបង្ហាញរៀបរាប់អំពីសង្គ្រាមនុយក្លេអ៊ែរទេ?
តើគម្ពីរប្រកាសទុកជាមុនអំពីសង្គ្រាមនុយក្លេអ៊ែរទេ?
គម្ពីរមិនបានរៀបរាប់យ៉ាងជាក់លាក់អំពីសង្គ្រាមនុយក្លេអ៊ែរទេ។ ប៉ុន្តែ គ្រោះថ្នាក់នៃសង្គ្រាមនុយក្លេអ៊ែរគឺជាលទ្ធផលដែលមកពីចិត្តគំនិតរបស់មនុស្សនិងព្រឹត្តិការណ៍ផ្សេងៗដែលគម្ពីរបានប្រកាសទុកជាមុន។
សូមពិចារណាបទគម្ពីរខាងក្រោមនេះដែលស្របជាមួយព្រឹត្តិការណ៍ពិភពលោកនៅសព្វថ្ងៃ៖
បទគម្ពីរ៖ ពួកអ្នកកាន់តាមលោកយេស៊ូបានសួរថា៖«តើអ្វីជាសញ្ញាសម្គាល់ដែលបញ្ជាក់វត្តមានរបស់លោក និងគ្រាចុងបញ្ចប់នៃរបៀបរបបពិភពលោក?»។ លោកយេស៊ូបានឆ្លើយថា៖«ប្រជាជាតិមួយនឹងលើកទ័ពទៅច្បាំងនឹងប្រជាជាតិមួយ ហើយរាជាណាចក្រមួយនឹងលើកទ័ពទៅច្បាំងនឹងរាជាណាចក្រមួយ»។—ម៉ាថាយ ២៤:៣, ៧
ព្រឹត្តិការណ៍ពិភពលោក៖ សព្វថ្ងៃនេះ ប្រទេសផ្សេងៗរួមទាំងប្រទេសដែលមានអាវុធនុយក្លេអ៊ែរ ច្បាំងគ្នាកាន់តែច្រើនឡើងៗ។
យោងតាមទិន្នន័យមួយបានរៀបរាប់ថា៖«ប៉ុន្មានឆ្នាំកន្លងមកនេះ ពិភពលោកនេះកាន់តែសាហាវទៅៗ ហើយសង្គ្រាមក៏មានកាន់តែច្រើនឡើងដែរ»(The Armed Conflict Location & Event Data Project)។
បទគម្ពីរ៖«នៅគ្រាចុងក្រោយ ស្ដេចខាងត្បូងនឹងរុញច្រានជាមួយនឹង[ស្ដេចខាងជើង]»។—ដានីយ៉ែល ១១:៤០
ព្រឹត្តិការណ៍ពិភពលោក៖ ប្រជាជាតិដែលប្រជែងគ្នានិងសម្ព័ន្ធមិត្តរបស់ពួកគេ កំពុងរុញច្រានឬដណ្ដើមអំណាចគ្នា ដូចគម្ពីរបានប្រកាសទុកជាមុន។ ទោះជាសព្វថ្ងៃនេះមហាអំណាចអាវុធនុយក្លេអ៊ែរដ៏ខ្លាំងបំផុតប្រហែលជាមិនប្រយុទ្ធនឹងមហាអំណាចមួយទៀតក្ដី តែពួកគេនៅតែបន្តផលិតអាវុធនុយក្លេអ៊ែរឲ្យមានច្រើនជាងនិងមានគុណភាពខ្លាំងជាងមុនទៅទៀត។
យោងតាមទិន្នន័យមួយបានរៀបរាប់ថា៖«ក្នុង១០ឆ្នាំកន្លងមកនេះ មានសង្គ្រាមកាន់តែច្រើនរវាងប្រទេសផ្សេងៗ ហើយប្រទេសមហាអំណាចក៏កាន់ជើងប្រទេសទាំងនោះដែរ(The Uppsala Conflict Data Program)។
បទគម្ពីរ៖«ចូរដឹងថា នៅគ្រាចុងក្រោយបង្អស់នឹងលំបាកខ្លាំងណាស់។ ព្រោះមនុស្សនឹង . . . មិនព្រមស្រុះស្រួលគ្នា ជាអ្នកបង្កាច់បង្ខូច មិនចេះទប់ចិត្ត កាចសាហាវ»។—ធីម៉ូថេទី២ ៣:១-៣
ព្រឹត្តិការណ៍ពិភពលោក៖ ដូចមនុស្សសព្វថ្ងៃនេះមិនចេះស្រុះស្រួលគ្នា អ្នកដឹកនាំពិភពលោកក៏មិនចេះស្រុះស្រួលគ្នាដែរ។ ហើយជាជាងដោះស្រាយដោយសន្តិវិធី គេច្រើនតែប្រើកម្លាំងបាយឬការគំរាមគំហែង។ ដូចជាការគំរាមថានឹងធ្វើឲ្យមានសង្គ្រាមនុយក្លេអ៊ែរជាដើម។
លោកសាមឺ សារ៉ាន និងលោកស្រីជេន ហាមើនបានរៀបរាប់ថា៖«បើគ្មានការសម្របសម្រួលដើម្បីពង្រឹងការសហការគ្នាទេ នោះសង្គ្រាមនឹងមានកាន់តែច្រើនឡើងៗ»(World Economic Forum)។
តើព្រះនឹងអនុញ្ញាតឲ្យមានសង្គ្រាមនុយក្លេអ៊ែរទេ?
គម្ពីរមិនបានចែងទេ។ ប៉ុន្តែ គម្ពីរចែងថា«អ្វីដែលគួរឲ្យខ្លាច»ឬព្រឹត្តិការណ៍ដ៏គួរឲ្យតក់ស្លុតនឹងកើតឡើងនៅសម័យរបស់យើង។ (លូកា ២១:១១) ក្នុងចំណោមព្រឹត្តិការណ៍ដ៏គួរឲ្យខ្លាចទាំងនោះក៏រួមបញ្ចូលការទម្លាក់គ្រាប់បែកបរមាណូនៅសង្គ្រាមលោកលើកទី២ដែរ។ គម្ពីរពន្យល់មូលហេតុដែលព្រះអនុញ្ញាតឲ្យមានសង្គ្រាម។ ដើម្បីរៀនថែមទៀត សូមមើលវីដេអូហេតុអ្វីព្រះអនុញ្ញាតឲ្យមានទុក្ខវេទនា?
តើភពផែនដីនឹងនៅគង់វង្សទេ?
មែន នឹងនៅគង់វង្ស។ ទោះជាមនុស្សប្រើអាវុធនុយក្លេអ៊ែរម្ដងទៀតក្ដី ព្រះនឹងមិនអនុញ្ញាតឲ្យស្ថានភាពនោះឈានទៅដល់ការវិនាសពិភពលោកឡើយ។ គម្ពីរចែងថា ភពផែនដីយើងមិនត្រឹមតែមិនអាចបំផ្លាញទេ តែនឹងនៅគង់វង្សជារៀងរហូតដើម្បីឲ្យមនុស្សរស់នៅ។
មនុស្សខ្លះស្រមៃថា នៅថ្ងៃអនាគតផែនដីរបស់យើងនឹងមានមនុស្សមួយចំនួនតូចប៉ុណ្ណោះរស់នៅ គឺជាអ្នកដែលរួចរស់ពីសារធាតុពុលដែលមកពីនុយក្លេអ៊ែរ។ ប៉ុន្តែ គម្ពីរបញ្ជាក់ថាកន្លែងណាដែលបានត្រូវបង្ខូចដោយសង្គ្រាមនឹងត្រូវធ្វើឲ្យស្រស់ស្អាតឡើងវិញ។
ព្រះចង់ឲ្យយើងរស់នៅយ៉ាងសុខសាន្តលើផែនដីដ៏ស្រស់ស្អាត
ព្រះដែលជាអ្នកបង្កើតបានបង្កើតផែនដីឲ្យវាមានសមត្ថភាពអស្ចារ្យ គឺចេះជួសជុលខ្លួនឯង។ ទោះជាយ៉ាងនោះក្ដី ព្រះនឹងប្រើឫទ្ធានុភាពរបស់លោកដើម្បីស្ដារផែនដីឲ្យស្រស់ស្អាតឡើងវិញ ហើយទៅជាទីលំនៅដ៏ស្ថិតស្ថេរសម្រាប់មនុស្សជាតិ។—ចម្រៀងសរសើរព្រះ ៣៧:១១, ២៩; ការបើកបង្ហាញ ២១:៥
តើអ្នកអាចធ្វើយ៉ាងណាដើម្បីកុំឲ្យបារម្ភហួសហេតុពេកអំពីសង្គ្រាមនុយក្លេអ៊ែរ?
អ្នកខ្លះប្រហែលបារម្ភហួសហេតុពេកអំពីសង្គ្រាមនុយក្លេអ៊ែរ។ គម្ពីរមានសេចក្ដីសន្យានិងយោបល់ល្អៗដែលអាចជួយអ្នកទាំងនោះ ហើយក៏ជួយពួកគេកាត់បន្ថយការព្រួយបារម្ភផងដែរ។ តើតាមរបៀបណា?
គម្ពីររៀបរាប់អំពីអនាគតដ៏ភ្លឺស្វាងសម្រាប់ផែនដីនិងអស់អ្នកដែលរស់នៅទីនោះ។ ការរៀនអំពីសេចក្ដីសង្ឃឹមនោះនឹងជួយកាត់បន្ថយការតានតឹងចិត្ត ហើយសេចក្ដីសង្ឃឹមនោះប្រៀបដូចជា«យុថ្កាសម្រាប់ជីវិតយើង»។ (ហេប្រឺ ៦:១៩) ម្យ៉ាងទៀត យើងក៏អាចកាត់បន្ថយការព្រួយបារម្ភដោយគិតតែម្ង៉ៃៗ គឺមិនគិតច្រើនពេកអំពីអ្វីៗដែលនឹងកើតឡើងនៅថ្ងៃអនាគត។ ដូចលោកយេស៊ូមានប្រសាសន៍ «ទុក្ខលំបាកនៅថ្ងៃនីមួយៗ គឺល្មមសម្រាប់ថ្ងៃនោះហើយ»។—ម៉ាថាយ ៦:៣៤
ជាការសំខាន់ដែលយើងថែរក្សាសុខភាពរបស់ខ្លួន ដើម្បីយើងអាចមានគំនិតត្រឹមត្រូវនិងរក្សាចិត្តស្ងប់។ យើងអាចធ្វើដូច្នេះបាន ដោយដាក់កម្រិតទៅលើព័ត៌មានដែលយើងអាន មើល ឬស្ដាប់ ជាពិសេសអ្វីដែលធ្វើឲ្យយើងខ្វល់ចិត្ត។ អ្វីទាំងនោះមានដូចជា ការព្យាករណ៍ ការពិភាក្សា និងការបញ្ចេញមតិយោបល់អំពីរឿងដែលទាក់ទងនឹងសង្គ្រាមនុយក្លេអ៊ែរ។ ប៉ុន្តែ នេះមិនបានន័យថាយើងមិនអើពើនឹងអ្វីដែលកើតឡើងក្នុងសង្គមទេ។ ផ្ទុយទៅវិញ យើងកំពុងចាត់វិធានការការពារគំនិតមិនឲ្យព័ត៌មានមិនល្អដក់ជាប់ក្នុងគំនិតរបស់យើង ជាពិសេសព្រឹត្តិការណ៍ដែលយើងមិនអាចគ្រប់គ្រងបាន ឬប្រហែលជាមិនអាចកើតឡើងទាល់តែសោះ។
ជាជាងគិតតែពីអ្វីមិនល្អ សូមគិតតែអ្វីល្អៗក្នុងជីវិត។
គម្ពីរផ្ដល់សេចក្ដីសង្ឃឹមពិតប្រាកដនាថ្ងៃអនាគត
ការរៀនអំពីសេចក្ដីសន្យារបស់ព្រះ អាចជួយអ្នកឲ្យមានសេចក្ដីសង្ឃឹម អំណរ និងសេចក្ដីសុខសាន្តក្នុងចិត្ត។
តើគម្ពីរប្រកាសទុកជាមុនអំពីសង្គ្រាមអាម៉ាគេដូននុយក្លេអ៊ែរទេ?
មនុស្សខ្លះគិតថាសង្គ្រាមអាម៉ាគេដូន គឺជាសង្គ្រាមនុយក្លេអ៊ែរ។ ហេតុនេះហើយបានជាពួកគេស្រមៃគិតថាព្រឹត្តិការណ៍នេះនឹងនាំឲ្យមានការបំផ្លិចបំផ្លាញយ៉ាងខ្លាំង។
ប៉ុន្តែ គម្ពីរប្រើពាក្យ«អាម៉ាគេដូន»សំដៅទៅលើសង្គ្រាមរវាងព្រះនិង«ស្ដេចទាំងឡាយនៅគ្រប់ទីអាស្រ័យនៅផែនដី»ឬរដ្ឋាភិបាលផ្សេងៗ។a (ការបើកបង្ហាញ ១៦:១៤, ១៦) សង្គ្រាមអាម៉ាគេដូនមិនបំផ្លិចបំផ្លាញផែនដីនិងធ្វើឲ្យមនុស្សវិនាសសូន្យទៅដូចសង្គ្រាមនុយក្លេអ៊ែរនោះទេ។ ផ្ទុយទៅវិញ នៅសង្គ្រាមអាម៉ាគេដូន ព្រះនឹងបំផ្លាញតែមនុស្សអាក្រក់ប៉ុណ្ណោះ ហើយលោកនឹងធ្វើឲ្យមានសន្តិភាព និងសេចក្ដីសុខសាន្តយ៉ាងពិតប្រាកដ។—ចម្រៀងសរសើរព្រះ ៣៧:៩, ១០; អេសាយ ៣២:១៧, ១៨; ម៉ាថាយ ៦:១០
តើគម្ពីរចែងយ៉ាងណាអំពីដំណោះស្រាយនៃសង្គ្រាម?
ព្រះយេហូវ៉ាbនឹងប្រើឫទ្ធានុភាពរបស់លោកដើម្បីបង្ក្រាបប្រជាជាតិនានាដែលធ្វើសង្គ្រាម ហើយបំផ្លាញគ្រឿងសឹករបស់ពួកគេ។ លោកនឹងធ្វើដូច្នេះ តាមរយៈរាជាណាចក្ររបស់លោកឬរដ្ឋាភិបាលនៅស្ថានសួគ៌ ដែលនឹងគ្រប់គ្រងទៅលើផែនដីទាំងមូល។—ដានីយ៉ែល ២:៤៤
រាជាណាចក្រព្រះនឹងបង្រៀនមនុស្សឲ្យរស់នៅចុះសម្រុងគ្នា និងមានសន្តិភាព។ ពីព្រោះមានតែរដ្ឋាភិបាលមួយប៉ុណ្ណោះដែលគ្រប់គ្រងលើផែនដីទាំងមូល ហើយក៏គ្មានការខ្វែងគំនិតគ្នារវាងរដ្ឋាភិបាលនានាឡើយ។ មនុស្សក៏មិនរៀនធ្វើសឹកសង្គ្រាមទៀតដែរ! (មីកា ៤:១-៣) តើមានលទ្ធផលយ៉ាងណា? គម្ពីរចែងថា៖«ពួកគេនឹងអង្គុយនៅក្រោមដើមទំពាំងបាយជូរនិងដើមល្វារបស់ខ្លួន ហើយនឹងគ្មានអ្នកណាមកបំភ័យពួកគេឡើយ»។—មីកា ៤:៤
a សូមមើលអត្ថបទដែលមានចំណងជើងថា«តើសង្គ្រាមអាម៉ាគេដូនជាអ្វី?»
b យេហូវ៉ាគឺជានាមរបស់ព្រះ។ (ចម្រៀងសរសើរព្រះ ៨៣:១៨) សូមមើលអត្ថបទដែលមានចំណងជើងថា«តើព្រះយេហូវ៉ាជានរណា?»។