តើគ្រិស្តសាសនិកត្រូវកាន់តាមថ្ងៃឈប់សម្រាកឬទេ?
ចម្លើយពីគម្ពីរ
គ្រិស្តសាសនិកមិនបានត្រូវបង្គាប់ឲ្យកាន់តាមថ្ងៃឈប់សម្រាកដែលមានប្រចាំសប្តាហ៍ទេ។ គ្រិស្តសាសនិកនៅក្រោម«ច្បាប់គ្រិស្ត» ហើយច្បាប់នោះមិនរួមបញ្ចូលការកាន់តាមថ្ងៃឈប់សម្រាកឡើយ។ (កាឡាទី ៦:២; កូឡុស ២:១៦, ១៧) ហេតុអ្វីយើងអាចដឹងប្រាកដអំពីរឿងនេះ? ដំបូង សូមពិចារណាអំពីមូលហេតុដែលនាំឲ្យមានថ្ងៃឈប់សម្រាក។
តើថ្ងៃឈប់សម្រាកជាអ្វី?
ពាក្យ«ថ្ងៃឈប់សម្រាក» មកពីភាសាហេប្រឺដែលមានន័យថា«ធ្វើឲ្យស្រាក ឬស្រាកស្រាន្ត»។ ពាក្យនេះមានជាលើកដំបូងក្នុងគម្ពីរ គឺជាសេចក្ដីបង្គាប់ដែលបានត្រូវផ្ដល់ឲ្យប្រជាជាតិអ៊ីស្រាអែលសម័យបុរាណ។ (ដំណើរចាកចេញ ១៦:២៣) ជាឧទាហរណ៍ ក្នុងបញ្ញត្តិទាំង១០ប្រការ បញ្ញត្តិទី៤ចែងថា៖«ចូរកាន់តាមថ្ងៃឈប់សម្រាក ហើយចាត់ទុកថ្ងៃនោះជាថ្ងៃពិសិដ្ឋ។ អ្នករាល់គ្នាអាចធ្វើការក្នុងរយៈពេល៦ថ្ងៃបាន តែនៅថ្ងៃទី៧ ជាថ្ងៃឈប់សម្រាកដើម្បីព្រះយេហូវ៉ា អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីឡើយ»។ (ដំណើរចាកចេញ ២០:៨-១០) ថ្ងៃឈប់សម្រាកគិតចាប់ពីថ្ងៃសុក្រពេលថ្ងៃលិច រហូតដល់ថ្ងៃសៅរ៍ពេលថ្ងៃលិច។ អំឡុងពេលនោះ ជនជាតិអ៊ីស្រាអែលមិនអាចចាកចេញពីទីតាំងរបស់ពួកគេ មិនអាចបង្កាត់ភ្លើង ប្រមូលអុស ឬលីសែងអ្វីឡើយ។ (ដំណើរចាកចេញ ១៦:២៩; ៣៥:៣; ជំរឿនបណ្ដាជន ១៥:៣២-៣៦; យេរេមា ១៧:២១) បើអ្នកណាបំពានលើថ្ងៃឈប់សម្រាក អ្នកនោះនឹងរងកំហឹងពីបណ្ដាជនក្នុងក្រុង។—ដំណើរចាកចេញ ៣១:១៥
ថ្ងៃផ្សេងទៀតក្នុងប្រតិទិនរបស់ជនជាតិយូដា គឺនៅថ្ងៃទី៧ និងឆ្នាំទី៥០ ក៏បានត្រូវហៅថាថ្ងៃឬឆ្នាំឈប់សម្រាកដែរ។ នៅឆ្នាំទី៥០នោះ ស្រុកទាំងមូលគ្មានការដាំដុះ ហើយជនជាតិអ៊ីស្រាអែលដែលជាម្ចាស់បំណុលមិនអាចបង្ខំអ្នកជំពាក់ឲ្យសងវិញទេ។—ច្បាប់លេវី ១៦:២៩-៣១; ២៣:៦, ៧, ៣២; ២៥:៤, ១១-១៤; ការបំភ្លឺច្បាប់ ១៥:១-៣
គ្រឿងបូជាលោះរបស់លោកយេស៊ូបានធ្វើឲ្យច្បាប់នៃថ្ងៃឈប់សម្រាកលែងមានសុពលភាពទៀត
ហេតុអ្វីច្បាប់នៃថ្ងៃឈប់សម្រាកមិនទាក់ទងនឹងគ្រិស្តសាសនិក?
ច្បាប់នៃថ្ងៃឈប់សម្រាកគឺទាក់ទងនឹងបណ្ដាជនអ៊ីស្រាអែលដែលនៅក្រោមច្បាប់ម៉ូសេប៉ុណ្ណោះ។ (ការបំភ្លឺច្បាប់ ៥:២, ៣; អេសេគាល ២០:១០-១២) ព្រះមិនដែលតម្រូវឲ្យជនជាតិផ្សេងកាន់តាមថ្ងៃឈប់សម្រាកឡើយ ហើយតាមរយៈគ្រឿងបូជាលោះរបស់លោកយេស៊ូ ជនជាតិយូដាក៏«បានរួចផុតពីចំណងនៃច្បាប់»ម៉ូសេ ដែលរួមបញ្ចូលបញ្ញត្តិ១០ប្រការផងដែរ។ (រ៉ូម ៧:៦, ៧; ១០:៤; កាឡាទី ៣:២៤, ២៥; អេភេសូរ ២:១៥) ចំពោះគ្រិស្តសាសនិកវិញ ពួកគេមិនធ្វើតាមច្បាប់ម៉ូសេទេ តែពួកគេធ្វើតាមច្បាប់នៃសេចក្ដីស្រឡាញ់ដែលប្រសើរជាងច្បាប់ម៉ូសេ។—រ៉ូម ១៣:៩, ១០; ហេប្រឺ ៨:១៣
ការយល់ច្រឡំអំពីថ្ងៃឈប់សម្រាក
ការយល់ច្រឡំ៖ ព្រះបានបង្គាប់ឲ្យកាន់តាមថ្ងៃឈប់សម្រាក ពេលដែលលោកបានសម្រាកនៅថ្ងៃទី៧។
ការពិត៖ គម្ពីរចែងថា៖«ព្រះក៏បានឲ្យពរដល់ថ្ងៃទី៧ ហើយកំណត់ថ្ងៃនោះទុកជាថ្ងៃពិសិដ្ឋ ព្រោះនៅថ្ងៃនោះ លោកបានសម្រាកពីកិច្ចការបង្កើត»។ (ដើមកំណើត ២:៣) ខនេះមិនមែនជាច្បាប់មួយសម្រាប់មនុស្សទេ តែជាពាក្យដែលរៀបរាប់អំពីអ្វីដែលព្រះបានធ្វើនៅថ្ងៃទី៧នៃការបង្កើតរបស់លោក។ គម្ពីរមិនបានបញ្ជាក់ថាបុគ្គលណាម្នាក់បានកាន់តាមថ្ងៃឈប់សម្រាក មុនសម័យម៉ូសេឡើយ។
ការយល់ច្រឡំ៖ ជនជាតិអ៊ីស្រាអែលនៅក្រោមច្បាប់នៃថ្ងៃឈប់សម្រាក មុនពួកគេទទួលច្បាប់ម៉ូសេ។
ការពិត៖ ម៉ូសេបានប្រាប់បណ្ដាជនអ៊ីស្រាអែលថា៖«ព្រះយេហូវ៉ាជាព្រះនៃយើងបានធ្វើកិច្ចព្រមព្រៀងជាមួយនឹងយើងនៅភ្នំហូរែប»ជាតំបន់ដែលនៅជុំវិញភ្នំស៊ីណាយ។ កិច្ចព្រមព្រៀងនេះ ក៏រួមបញ្ចូលច្បាប់អំពីថ្ងៃឈប់សម្រាកដែរ។ (ការបំភ្លឺច្បាប់ ៥:២, ១២) ដូច្នេះ ច្បាប់នៃថ្ងៃឈប់សម្រាក គឺជាអ្វីថ្មីសម្រាប់ជនជាតិអ៊ីស្រាអែល។ ព្រោះបើជនជាតិអ៊ីស្រាអែលបានកាន់តាមច្បាប់នៃថ្ងៃឈប់សម្រាកមុនដែលពួកគេនៅស្រុកអេហ្ស៊ីបមែន ហេតុអ្វីព្រះផ្ដល់ការណែនាំអំពីថ្ងៃឈប់សម្រាកដល់ពួកគេដើម្បីរំលឹកអំពីការរំដោះចេញពីស្រុកនោះ? (ការបំភ្លឺច្បាប់ ៥:១៥) បើពួកគេធ្លាប់កាន់តាមច្បាប់នៃថ្ងៃឈប់សម្រាកពីមុនមែន ហេតុអ្វីពួកគេបានត្រូវបង្គាប់មិនឲ្យរើសម៉ាណានៅថ្ងៃទី៧? (ដំណើរចាកចេញ ១៦:២៥-៣០) ហើយហេតុអ្វីក៏ពួកគេមិនដឹងពីរបៀបដោះស្រាយបញ្ហានៃការបំពានថ្ងៃឈប់សម្រាកដែលបានរៀបរាប់នៅលើកទី១ដូច្នេះ?—ជំរឿនបណ្ដាជន ១៥:៣២-៣៦
ការយល់ច្រឡំ៖ ថ្ងៃឈប់សម្រាកគឺជាកិច្ចព្រមព្រៀងមួយដែលស្ថិតស្ថេរ។ ដូច្នេះហើយវានៅតែមានសុពលភាពរហូតដល់សព្វថ្ងៃ។
ការពិត៖ អ្នកបកប្រែគម្ពីរខ្លះបានបកប្រែពាក្យថ្ងៃឈប់សម្រាកជា«កិច្ចព្រមព្រៀងដែលស្ថិតស្ថេរជាដរាប»។ (ដំណើរចាកចេញ ៣១:១៦) ប៉ុន្តែ ពាក្យភាសាហេប្រឺដែលបានត្រូវបកប្រែថា«ស្ថិតស្ថេរ» ក៏អាចមានន័យថា«នៅរហូតដល់អនាគតយូរអង្វែង» មិនមែនជារៀងរហូតទេ។ ជាឧទាហរណ៍ គម្ពីរប្រើពាក្យដូចគ្នាដើម្បីរៀបរាប់អំពីរបៀបរៀបចំដែលព្រះបានឲ្យជនជាតិអ៊ីស្រាអែលបម្រើជាសង្ឃ ហើយការរៀបចំនោះលែងមានទៀតប្រហែល២.០០០ឆ្នាំក្រោយមក។—ដំណើរចាកចេញ ៤០:១៥; ហេប្រឺ ៧:១១, ១២
ការយល់ច្រឡំ៖ គ្រិស្តសាសនិកត្រូវកាន់តាមថ្ងៃឈប់សម្រាក ព្រោះលោកយេស៊ូក៏បានកាន់តាមដែរ។
ការពិត៖ លោកយេស៊ូបានកាន់តាមថ្ងៃឈប់សម្រាកមែន ដោយសារលោកជាជនជាតិយូដា ព្រោះជនជាតិយូដាទាំងអស់ត្រូវធ្វើតាមច្បាប់ម៉ូសេតាំងពីកើតមក។ (កាឡាទី ៤:៤) ក្រោយពីលោកយេស៊ូស្លាប់ កិច្ចព្រមព្រៀងខាងច្បាប់ ដែលរួមមានច្បាប់នៃថ្ងៃឈប់សម្រាក លែងមានសុពលភាពទៀត។—កូឡុស ២:១៣, ១៤
ការយល់ច្រឡំ៖ ជាគ្រិស្តសាសនិក សាវ័កប៉ូលបានកាន់តាមថ្ងៃឈប់សម្រាក។
ការពិត៖ សាវ័កប៉ូលបានចូលសាលាប្រជុំនៅថ្ងៃឈប់សម្រាក តែមិនមែនចូលរួមជាមួយជនជាតិយូដាដើម្បីកាន់តាមថ្ងៃឈប់សម្រាកទេ។ (សកម្មភាព ១៣:១៤; ១៧:១-៣; ១៨:៤) ផ្ទុយទៅវិញ គាត់ធ្វើតាមទំនៀមទម្លាប់នៅសម័យនោះ ដោយផ្សព្វផ្សាយដំណឹងល្អនៅសាលាប្រជុំ ក្នុងនាមជាអ្នកអត្ថាធិប្បាយដែលគេអញ្ជើញឲ្យមកថ្លែងទៅកាន់ពួកអ្នកដែលមកគោរពប្រណិប័តន៍ព្រះ។ (សកម្មភាព ១៣:១៥, ៣២) ប៉ូលបានផ្សព្វផ្សាយ«រៀងរាល់ថ្ងៃ» មិនគ្រាន់តែនៅថ្ងៃឈប់សម្រាកប៉ុណ្ណោះទេ។—សកម្មភាព ១៧:១៧
ការយល់ច្រឡំ៖ ថ្ងៃឈប់សម្រាករបស់គ្រិស្តសាសនិកគឺនៅថ្ងៃអាទិត្យ។
ការពិត៖ ក្នុងគម្ពីរគ្មានបង្គាប់ណាដែលថាគ្រិស្តសាសនិកត្រូវចាត់ទុកថ្ងៃអាទិត្យជាថ្ងៃដំបូងក្នុងសប្ដាហ៍ទេ ហើយក៏មិនបានប្រាប់ថាថ្ងៃនោះជាថ្ងៃសម្រាកដើម្បីគោរពប្រណិប័តន៍ព្រះដែរ។ សម្រាប់គ្រិស្តសាសនិកនៅសម័យដើម ថ្ងៃអាទិត្យជាថ្ងៃធ្វើការដូចជាថ្ងៃឯទៀតដែរ។ សព្វវចនាធិប្បាយគម្ពីរមួយបានរៀបរាប់ថា៖«រហូតដល់សតវត្សរ៍ទី៤ ទើបគេចាប់ផ្ដើមចាត់ទុកថ្ងៃអាទិត្យជាថ្ងៃឈប់សម្រាក ពេលខន់ស្ទែនធីន[អធិរាជរ៉ូមដែលមិនមែនជាគ្រិស្តសាសនិក] បានចេញច្បាប់អំពីកិច្ចការមួយចំនួនដែលមិនគួរធ្វើនៅថ្ងៃអាទិត្យ»(The International Standard Bible Encyclopedia)។a
ប៉ុន្តែ ចុះយ៉ាងណាប្រយោគខ្លះដែលមើលទៅហាក់ដូចជារៀបរាប់ថាថ្ងៃអាទិត្យជាថ្ងៃពិសេស? គម្ពីរចែងថាសាវ័កប៉ូលបានជួបជុំគ្នាបរិភោគអាហារជាមួយបងប្អូនរួមជំនឿ«នៅថ្ងៃដំបូងនៃសប្ដាហ៍» ដែលសំដៅទៅលើថ្ងៃអាទិត្យ។ តែនេះសមហេតុផលព្រោះប៉ូលបានចាកចេញពីទីនោះនៅថ្ងៃបន្ទាប់។ (សកម្មភាព ២០:៧) ស្រដៀងគ្នាដែរ ក្រុមជំនុំខ្លះបានត្រូវលើកទឹកចិត្តឲ្យញែកទុកប្រាក់ខ្លះ«រាល់ថ្ងៃដំបូងនៃសប្ដាហ៍»គឺថ្ងៃអាទិត្យ សម្រាប់កិច្ចការជួយសង្គ្រោះ។ តែនោះគ្រាន់តែជាយោបល់សម្រាប់ការបែងចែកប្រាក់ផ្ទាល់ខ្លួនទេ។ វិភាគទានបានត្រូវទុកនៅផ្ទះ មិនមែនទុកនៅកន្លែងប្រជុំគ្នាឡើយ។—កូរិនថូសទី១ ១៦:១, ២
ការយល់ច្រឡំ៖ គឺជាការខុសបើទុកពេលមួយថ្ងៃរាល់សប្តាហ៍ដើម្បីសម្រាកនិងគោរពប្រណិប័តន៍ព្រះ។
ការពិត៖ គម្ពីរទុកឲ្យគ្រិស្តសាសនិកម្នាក់ៗធ្វើការសម្រេចចិត្តផ្ទាល់ខ្លួន។—រ៉ូម ១៤:៥
a ដើម្បីទទួលព័ត៌មានថែមទៀត សូមមើលសព្វវចនាធិប្បាយNew Catholic Encyclopedia កំណែទី២ ក្បាលទី១៣ ទំព័រ៦០៨។