តើបាប៊ីឡូនដ៏ខ្លាំងក្លាជាអ្វី?
ចម្លើយពីគម្ពីរ
សៀវភៅការបើកបង្ហាញរៀបរាប់អំពី«ស្ត្រីម្នាក់»ដែលជា«មេស្ត្រីពេស្យា» និងមានឈ្មោះ«អាថ៌កំបាំងមួយបានត្រូវសរសេរថា៖‹បាប៊ីឡូនដ៏ខ្លាំងក្លា›»។ (ការបើកបង្ហាញ ១៧:១, ៣, ៥) ស្ត្រីនេះតំណាងឲ្យសាសនាមិនពិតទាំងឡាយដែលមានក្នុងពិភពលោកនេះ ពោលគឺសាសនាទាំងឡាយដែល«បានប្ដូរសេចក្ដីពិតអំពីព្រះយកសេចក្ដីភូតភរ»។a (រ៉ូម ១:២៥) ទោះជាសាសនាទាំងនេះមានអ្វីជាច្រើនខុសគ្នាមែន តែមានអ្វីមួយដែលដូចគ្នា គឺសាសនាទាំងនេះបង្វែរមនុស្សចេញពីការគោរពប្រណិប័តន៍ព្រះពិតគឺព្រះយេហូវ៉ា។—ការបំភ្លឺច្បាប់ ៤:៣៥
វិធីសម្គាល់បាប៊ីឡូនដ៏ខ្លាំងក្លា
១. បាប៊ីឡូនដ៏ខ្លាំងក្លាគឺជានិមិត្តរូប។ អ្វីជាច្រើនដែលរៀបរាប់ក្នុងសៀវភៅការបើកបង្ហាញ គឺជា«និមិត្តរូប»ឬន័យធៀប។ ដូច្នេះ គឺសមហេតុផលឲ្យយើងសន្និដ្ឋានថាបាប៊ីឡូនដ៏ខ្លាំងក្លា គឺជាស្ត្រីក្នុងន័យធៀប មិនមែនក្នុងន័យត្រង់ទេ។ (ការបើកបង្ហាញ ១:១) បន្ថែមទៅទៀត នាងបានត្រូវរៀបរាប់ថា«អង្គុយលើទឹកជាច្រើន»។ «ទឹក»តំណាងឲ្យ«ជនជាតិផ្សេងៗ មហាជននានា ប្រជាជាតិនានា និងភាសាផ្សេងៗ»។ (ការបើកបង្ហាញ ១៧:១, ១៥) ស្ត្រីមែនទែនមិនអាចធ្វើដូចនោះឡើយ។
២. បាប៊ីឡូនដ៏ខ្លាំងក្លាតំណាងអ្វីមួយដែលមានឥទ្ធិពលទៅលើពិភពលោកទាំងមូល។ នាងបានត្រូវហៅថា«ក្រុងដ៏ខ្លាំងក្លាដែលគ្រប់គ្រងលើស្ដេចនានានៅផែនដី»។ (ការបើកបង្ហាញ ១៧:១៨) ហេតុនេះ នាងមានឥទ្ធិពលនិងអំណាចទៅលើប្រទេសផ្សេងៗ។
៣. បាប៊ីឡូនដ៏ខ្លាំងក្លាគឺជាប្រព័ន្ធខាងសាសនា មិនមែនខាងនយោបាយ ឬខាងពាណិជ្ជកម្មទេ។ ក្រុងបាប៊ីឡូននៅសម័យបុរាណជាក្រុងមួយដែលពេញទៅដោយជំនឿសាសនា ហើយល្បីថាពូកែ«ដាក់អំពើ»និង«ធ្វើអំពើធ្មប់»។ (អេសាយ ៤៧:១, ១២, ១៣; យេរេមា ៥០:១, ២, ៣៨) ការពិត បណ្ដាជនដែលរស់នៅក្នុងក្រុងនេះ បានធ្វើតាមទំនៀមទម្លាប់សាសនាមិនពិត ហើយប្រឆាំងនឹងព្រះយេហូវ៉ាដែលជាព្រះពិត។ (ដើមកំណើត ១០:៨, ៩; ១១:២-៤, ៨) ពួកអ្នកគ្រប់គ្រងក្រុងបាប៊ីឡូនមានអំណួតនិងលើកតម្កើងខ្លួនថាខ្ពង់ខ្ពស់ជាងព្រះយេហូវ៉ានិងការគោរពប្រណិប័តន៍លោក។ (អេសាយ ១៤:៤, ១៣, ១៤; ដានីយ៉ែល ៥:២-៤, ២៣) ស្រដៀងគ្នាដែរ បាប៊ីឡូនដ៏ខ្លាំងក្លាត្រូវសម្គាល់ដោយ«ការទាក់ទងនឹងពួកវិញ្ញាណអាក្រក់»។ នេះបង្ហាញថានាងជាអង្គការខាងសាសនា។—ការបើកបង្ហាញ ១៨:២៣
បាប៊ីឡូនដ៏ខ្លាំងក្លាមិនអាចជាអង្គការខាងនយោបាយទេ ព្រោះ«ស្ដេចទាំងឡាយនៅផែនដី»បានទួញយំពេលនាងត្រូវបំផ្លាញ។ (ការបើកបង្ហាញ ១៧:១, ២; ១៨:៩) ម្យ៉ាងទៀត នាងក៏មិនមែនជាប្រព័ន្ធពាណិជ្ជកម្មដែរ ព្រោះគម្ពីរបានបញ្ជាក់ថានាងខុសគ្នាស្រឡះពី«ពួកអ្នកជួញដូរនៅផែនដី»។—ការបើកបង្ហាញ ១៨:១១, ១៥
រូបនេះបានត្រូវដាក់តាំងបង្ហាញនៅសារមន្ទីរប៊្រីធីសនៃប្រទេសអង់គ្លេស
សិលាចារឹកនៃស្ដេចណាបូនីដាសនៃបាប៊ីឡូនដែលមានសញ្ញាព្រះបីអង្គរួមជាព្រះតែមួយគឺព្រះស៊ីន ព្រះសាម៉ាស និងព្រះអ៊ីស្ដា។
៤. បាប៊ីឡូនដ៏ខ្លាំងក្លាជានិមិត្តរូបដ៏សមត្រឹមត្រូវនៃសាសនាមិនពិត។ ហេតុអ្វី? ព្រោះសាសនាមិនពិតមិនបានបង្រៀនមនុស្សឲ្យចូលទៅជិតព្រះយេហូវ៉ាដែលជាព្រះពិតទេ តែបែរជានាំមនុស្សឲ្យគោរពបូជាព្រះផ្សេងៗទៅវិញ។ គម្ពីរបានរៀបរាប់អំពីនេះថាជាការ«ប្រព្រឹត្តមិនស្មោះត្រង់នឹងព្រះ»។ (ច្បាប់លេវី ២០:៦; ដំណើរចាកចេញ ៣៤:១៥, ១៦) សព្វថ្ងៃនេះ មានសាសនាមិនពិតជាច្រើន នៅតែបង្រៀនជំនឿផ្សេងៗដូចនៅគ្រាបាប៊ីឡូនសម័យបុរាណដែរ ដូចជាព្រះបីអង្គរួមតែមួយ ព្រលឹងអមតៈ និងគោរពបូជារូបព្រះ។ សាសនាមិនពិតទាំងនេះព្យាយាមផ្គាប់ចិត្តពិភពលោកជាជាងផ្គាប់ចិត្តព្រះ។ គម្ពីរហៅការប្រព្រឹត្តមិនស្មោះត្រង់ទាំងនេះថាជាអំពើផិតក្បត់នឹងព្រះ។—យ៉ាកុប ៤:៤
ការអួតសម្ញែងនិងភាពមានបាននៃសាសនាមិនពិត គឺដូចអ្វីដែលគម្ពីររៀបរាប់អំពីបាប៊ីឡូនដ៏ខ្លាំងក្លាថា«មានសម្លៀកបំពាក់ពណ៌ស្វាយនិងពណ៌ក្រហមឆ្អៅ» ហើយ«ពាក់មាស គជ់ខ្យង និងត្បូងថ្លៃវិសេស»។ (ការបើកបង្ហាញ ១៧:៤) បាប៊ីឡូនដ៏ខ្លាំងក្លាគឺជាប្រភពនៃ«អ្វីៗដែលគួរឲ្យស្អប់ខ្ពើមនៅផែនដី»ឬសេចក្ដីបង្រៀននិងទំនៀមទម្លាប់ដែលធ្វើឲ្យព្រះអាប់ឱនកិត្តិយស។ (ការបើកបង្ហាញ ១៧:៥) សមាជិកនៃសាសនាមិនពិតដែលគាំទ្របាប៊ីឡូនដ៏ខ្លាំងក្លាគឺជា«ជនជាតិផ្សេងៗ មហាជននានា ប្រជាជាតិនានា និងភាសាផ្សេងៗ»។—ការបើកបង្ហាញ ១៧:១៥
បាប៊ីឡូនដ៏ខ្លាំងក្លាត្រូវទទួលទោសចំពោះ«អស់អ្នកដែលបានត្រូវសម្លាប់នៅផែនដី»។ (ការបើកបង្ហាញ ១៨:២៤) ក្នុងប្រវត្តិសាស្ត្រ សាសនាមិនពិតមិនគ្រាន់តែញុះញង់ឲ្យមានសង្គ្រាមនិងអំពើភេរវកម្មប៉ុណ្ណោះទេ តែក៏មិនបានបង្រៀនមនុស្សនូវសេចក្ដីពិតអំពីព្រះយេហូវ៉ាដែលជាព្រះនៃសេចក្ដីស្រឡាញ់ដែរ។ (យ៉ូហានទី១ ៤:៨) ដោយសារមូលហេតុទាំងនេះហើយ ដែលនាំឲ្យមានការបង្ហូរឈាមច្រើនរាប់មិនអស់។
តើព្រះមានទស្សនៈយ៉ាងណាចំពោះបាប៊ីឡូនដ៏ខ្លាំងក្លា?
តាមទស្សនៈព្រះ «អំពើខុសឆ្គងរបស់[បាប៊ីឡូនដ៏ខ្លាំងក្លា]បានគរឡើងរហូតដល់ស្ថានសួគ៌»។ (ការបើកបង្ហាញ ១៨:៤, ៥) ព្រះមានសេចក្ដីក្រោធនឹងសាសនាមិនពិត ព្រោះពួកគេមិនបានប្រព្រឹត្តស្របតាមបំណងប្រាថ្នារបស់ព្រះនិងធ្វើឲ្យមនុស្សយល់ច្រឡំអំពីលោក ហើយពួកគេក៏ធ្វើបាបសមាជិករបស់ខ្លួនដែរ។
តើនឹងមានអ្វីកើតឡើងចំពោះបាប៊ីឡូនដ៏ខ្លាំងក្លា?
គម្ពីរចែងថា«ព្រះបានវិនិច្ឆ័យ»បាប៊ីឡូនដ៏ខ្លាំងក្លា។ (ការបើកបង្ហាញ ១៨:២០) គម្ពីរប្រកាសទុកជាមុនក្នុងន័យធៀប ដែលបញ្ជាក់ថាព្រះនឹងបំផ្លាញចោលសាសនាមិនពិតទាំងអស់។ (ការបើកបង្ហាញ ១៨:៨) ព្រះនឹងជំរុញចិត្តសត្វសាហាវពណ៌ក្រហមឆ្អៅដែលតំណាងឲ្យអង្គការនយោបាយ ឲ្យស្អប់និងបំផ្លាញបាប៊ីឡូនដ៏ខ្លាំងក្លា។ (ការបើកបង្ហាញ ១៧:១៦, ១៧) គម្ពីរចែងថា៖«ក្រុងបាប៊ីឡូនដ៏ខ្លាំងក្លានឹងត្រូវបោះទម្លាក់ទៅយ៉ាងរហ័សដូច្នេះដែរ ហើយគ្មានអ្នកណានឹងប្រទះឃើញវាម្ដងទៀតទេ»។ (ការបើកបង្ហាញ ១៨:២១) ហេតុនេះហើយពួកអ្នកដែលចង់ធ្វើឲ្យព្រះពេញចិត្ត ត្រូវ«ចេញពីចំណោមពួកគេ» ពោលគឺចេញពីសាសនាមិនពិត។—កូរិនថូសទី២ ៦:១៤-១៧
a សូមមើលអត្ថបទដែលមានចំណងជើងថា«តើខ្ញុំអាចរកឃើញសាសនាពិតយ៉ាងដូចម្ដេច?»