សំណួរពីយុវវ័យ
តើខ្ញុំគួរជ្រើសរើសបទចម្រៀងដែលខ្ញុំស្ដាប់ឬទេ?
ប្អូនខាឡេបានរៀបរាប់ថា៖«ខ្ញុំចូលចិត្តស្ដាប់ចម្រៀងណាស់ មិនថាពេលព្រឹកខ្ញុំរៀបចំខ្លួន ពេលបើកឡាន ពេលសម្រាកនៅផ្ទះ និងពេលសម្អាតក្ដី។ សូម្បីតែពេលអាន ក៏ខ្ញុំស្ដាប់ចម្រៀងដែរ»។
តើប្អូនក៏មានអារម្មណ៍ស្រដៀងនឹងខាឡេទេ? បើមែន អត្ថបទនេះនឹងជួយប្អូនឲ្យយល់ពីគុណប្រយោជន៍និងគុណវិបត្តិនៃបទចម្រៀង។ ហើយក៏ជួយប្អូនឲ្យចេះជ្រើសរើសបទចម្រៀងដោយឈ្លាសវៃដែរ។
គុណប្រយោជន៍
ការស្ដាប់បទចម្រៀងគឺប្រៀបដូចជាការបរិភោគអាហារដែរ។ បើយើងបរិភោគអាហារល្អក្នុងបរិមាណត្រឹមត្រូវ នោះមានប្រយោជន៍ដល់សុខភាពរបស់យើង ដូចគ្នាដែរ បើយើងចេះដាក់កម្រិតទៅលើការស្ដាប់និងជ្រើសរើសបទចម្រៀងល្អ នោះអាចមានប្រយោជន៍ដល់យើង។ សូមពិចារណាចំណុចដូចតទៅ៖
បទចម្រៀងអាចធ្វើឲ្យយើងមានអារម្មណ៍ស្រស់ស្រាយឡើងវិញ។
ប្អូនម៉ាកបានរៀបរាប់ថា៖«ពេលណាខ្ញុំមានអារម្មណ៍មិនល្អ ខ្ញុំស្ដាប់បទចម្រៀងដែលខ្ញុំចូលចិត្ត។ ក្រោយស្ដាប់រួច ខ្ញុំមានអារម្មណ៍ល្អឡើងវិញ»។
បទចម្រៀងអាចធ្វើឲ្យយើងនឹកទៅដល់អនុស្សាវរីយ៍មុនៗ។
ប្អូនហ្សិឡាបានរៀបរាប់ថា៖«មានចម្រៀងមួយធ្វើឲ្យខ្ញុំនឹកដល់អនុស្សាវរីយ៍ពីមុន។ ពេលខ្ញុំស្ដាប់ម្ដងៗខ្ញុំសប្បាយចិត្តណាស់»។
បទចម្រៀងអាចជួយយើងរួបរួមគ្នា។
ប្អូនថាមមីបានរៀបរាប់ថា៖«ខ្ញុំបានចូលរួមមហាសន្និបាតរបស់សាក្សីព្រះយេហូវ៉ា ពេលយើងទាំងអស់គ្នាច្រៀងចម្រៀងចុងក្រោយក្នុងកម្មវិធីនោះ យើងរំភើបចិត្តរហូតដល់ស្រក់ទឹកភ្នែក។ យើងនិយាយភាសាផ្សេងគ្នាមែន តែចម្រៀងនោះធ្វើឲ្យយើងរួបរួមគ្នា»។
បទចម្រៀងឬបទភ្លេងអាចជួយប្អូនបណ្ដុះគុណសម្បត្តិផ្សេងៗ។
ប្អូនអាណាបានរៀបរាប់ថា៖«ការរៀនលេងឧបករណ៍ភ្លេងណាមួយជួយយើងឲ្យចេះលត់ដំខ្លួននិងមានចិត្តអត់ធ្មត់ ព្រោះយើងមិនអាចចេះស្ទាត់ភ្លាមៗបានទេ។ វិធីមួយគត់ដែលជួយយើងឲ្យលេងបានល្អ គឺហាត់ឲ្យបានច្រើន»។
តើប្អូនដឹងទេ? សៀវភៅក្រាស់ជាងគេក្នុងគម្ពីរ គឺសៀវភៅចម្រៀងសរសើរព្រះ សៀវភៅនេះមានចម្រៀង១៥០បទ។
សូមចេះជ្រើសរើសបទចម្រៀង ដូចប្អូនចេះជ្រើសរើសអាហារដែរ
គុណវិបត្តិ
ដូចអាហារផ្អូមអាចបង្ខូចសុខភាពរបស់យើង នោះបទចម្រៀងខ្លះក៏អាចបង្ខូចគំនិតនិងអារម្មណ៍របស់យើងដែរ។ សូមពិចារណាមូលហេតុខ្លះ។
បទចម្រៀងជាច្រើនមានពាក្យអាសអាភាស។
ប្អូនហាណាបានរៀបរាប់ថា៖«តាមមើលទៅបទចម្រៀងដែលគេពេញនិយម ច្រើនតែទាក់ទងនឹងអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ។ ចម្រៀងទាំងនោះប្រើពាក្យចំៗលែងបិទបាំងឬលាក់លៀមទៀតហើយ»។
គម្ពីរចែងថា៖ «អ្នករាល់គ្នាមិនត្រូវនិយាយទាល់តែសោះអំពីរឿងប្រាសចាកសីលធម៌ខាងផ្លូវភេទ អំពើស្មោកគ្រោក ឬការលោភលន់ណាឡើយ»។ (អេភេសូរ ៥:៣) សូមសួរខ្លួនថា‹តើបទចម្រៀងដែលខ្ញុំស្ដាប់នោះផ្ទុយពីការដាស់តឿននេះឬទេ?›។
ចម្រៀងខ្លះអាចធ្វើឲ្យប្អូនក្រៀមក្រំ។
ប្អូនថាមមីបានរៀបរាប់ថា៖«ជួនកាល ខ្ញុំនៅដល់យប់ជ្រៅស្ដាប់បទចម្រៀង ហើយចម្រៀងខ្លះនាំឲ្យខ្ញុំគិតដល់អ្វីដែលធ្វើឲ្យខ្ញុំធ្លាក់ទឹកចិត្តនិងស្មុគស្មាញក្នុងចិត្ត។ បើនិយាយឲ្យចំទៅ ចម្រៀងកម្សត់ៗអាចធ្វើឲ្យខ្ញុំគិតអ្វីមិនល្អ»។
គម្ពីរចែងថា៖ «ចូរការពារចិត្តរបស់កូនឲ្យលើសពីអ្វីទាំងអស់»។ (សុភាសិត ៤:២៣) សូមសួរខ្លួនថា‹តើបទចម្រៀងដែលខ្ញុំស្ដាប់នោះ ធ្វើឲ្យខ្ញុំមានចិត្តគំនិតមិនត្រឹមត្រូវឬទេ?›។
ចម្រៀងខ្លះអាចជំរុញឲ្យមានកំហឹង។
ប្អូនចនបានរៀបរាប់ថា៖«ចម្រៀងខ្លះបង្កប់ទៅដោយកំហឹង ការមិនឲ្យតម្លៃខ្លួន និងការស្អប់គ្នា ហើយនោះអាចមានគ្រោះថ្នាក់ដល់ខ្ញុំដោយមិនដឹងខ្លួន។ ខ្ញុំឃើញថា ក្រោយពីខ្ញុំស្ដាប់ចម្រៀងបែបនោះ ខ្ញុំទៅជាឆាប់ខឹង។ ក្រុមគ្រួសារខ្ញុំក៏កត់សម្គាល់ឃើញដូចនោះដែរ»។
គម្ពីរចែងថា៖ «ចូរ . . . លះចោលកំហឹង ចិត្តក្ដៅក្រហាយ អំពើអាក្រក់ ពាក្យប្រមាថមើលងាយ ហើយកុំឲ្យពាក្យអាសអាភាសចេញពីមាត់អ្នករាល់គ្នាឲ្យសោះ»។ (កូឡុស ៣:៨) សូមសួរខ្លួនថា‹តើបទចម្រៀងដែលខ្ញុំស្ដាប់នោះ ធ្វើឲ្យខ្ញុំទៅជាមនុស្សឆាប់ខឹង និងឆាប់ទើសចិត្តអ្នកឯទៀតឬទេ?›។
តើចំណុចសំខាន់ជាអ្វី? គឺយើងត្រូវចេះជ្រើសរើសបទចម្រៀងដែលយើងស្ដាប់។ ប្អូនជូលីបានធ្វើដូច្នេះមែន។ គាត់បានប្រាប់ថា៖«ខ្ញុំឧស្សាហ៍ពិនិត្យមើលចម្រៀងដែលខ្ញុំស្ដាប់ដើម្បីដឹងថាចម្រៀងទាំងនោះសមរម្យឬយ៉ាងណា បើខ្ញុំឃើញថាមានចម្រៀងណាមិនសមរម្យ ខ្ញុំលុបវាចោលភ្លាម។ មានចម្រៀងខ្លះខ្ញុំចូលចិត្តមែនទែន ហើយមិនចង់លុបចោលទេ តែខ្ញុំដឹងថានេះជាអ្វីដែលខ្ញុំគួរធ្វើ»។
យុវនារីម្នាក់ឈ្មោះថារ៉ាក៏មានបទពិសោធន៍ស្រដៀងនេះដែរ។ គាត់ប្រាប់ថា៖«ពេលមួយ ខ្ញុំបានឮចម្រៀងដែលគេចាក់តាមប៉ុស្តិ៍វិទ្យុ ចម្រៀងនោះមានទំនុកភ្លេងពីរោះណាស់។ តែក្រោយមកខ្ញុំឮពាក្យមិនសមរម្យក្នុងចម្រៀងនោះ ហើយខ្ញុំដឹងថាខ្ញុំគួរប្ដូរប៉ុស្តិ៍ផ្សេងវិញ! ការប្ដូរប៉ុស្តិ៍មិនស្រួលទេ ព្រោះនោះប្រៀបដូចជាខ្ញុំទើបតែញ៉ាំនំដ៏ឆ្ងាញ់បានមួយម៉ាត់ តែត្រូវបោះវាចោលទៅវិញ។ ទោះជាអ៊ីចឹងក៏ដោយ ខ្ញុំដឹងថាបើខ្ញុំអាចតាំងចិត្តមិនស្ដាប់បទចម្រៀងដែលមានពាក្យអាសអាភាសបាន នោះខ្ញុំក៏អាចទប់ចិត្តមិនរួមភេទមុនរៀបការបានដែរ។ ខ្ញុំមិនចង់មើលស្រាលឥទ្ធិពលដែលមកពីបទចម្រៀងដែលខ្ញុំស្ដាប់ទេ»។