សំណួរពីយុវវ័យ
ហេតុអ្វីខ្ញុំគួរចុះសម្រុងជាមួយបងប្អូនខ្ញុំ?
មិត្តល្អបំផុតតែក៏យ៉ាប់បំផុត
គេច្រើនតែនិយាយថា បងប្អូនជា«មិត្តល្អបំផុតតែក៏យ៉ាប់បំផុត»។ ប្អូនស្រឡាញ់ពួកគេណាស់ ហើយពួកគេក៏ស្រឡាញ់ប្អូនវិញដែរ។ ប៉ុន្តែ ជួនកាលប្អូនមិនចុះសម្រុងជាមួយនឹងពួកគេទេ។ ប្អូនអ៊ីលីនណឺដែលមានអាយុ១៨ឆ្នាំ បានរៀបរាប់ថា៖«ប្អូនប្រុសខ្ញុំចូលចិត្តញ៉ោះខ្ញុំណាស់ គាត់ដឹងថាធ្វើម៉េចឲ្យខ្ញុំខឹង ធ្វើម៉េចឲ្យខ្ញុំសើច»។
បងប្អូនខ្លះឧស្សាហ៍ឈ្លោះគ្នា តែរឿងនោះច្រើនតែដោះស្រាយបានដោយនិយាយប្រាប់អារម្មណ៍ដល់គ្នា។ ជាឧទាហរណ៍៖
បងប្អូនប្រុសពីរនាក់ដែលគេងបន្ទប់ជាមួយគ្នា ប្រហែលជាឈ្លោះគ្នាអំពីរឿងមិនគោរពសិទ្ធិគ្នា។ តើអាចដោះស្រាយយ៉ាងណា? សូមរៀនយោគយល់និងទុកឱកាសឲ្យម្នាក់ៗមានពេលផ្ទាល់ខ្លួន។ សូមធ្វើតាមគោលការណ៍គម្ពីរដែលមាននៅលូកា ៦:៣១។
បងប្អូនស្រីពីរនាក់ប្រហែលជាខ្ចីខោអាវគ្នាពាក់ដោយមិនបានប្រាប់គ្នាជាមុន។ តើអាចដោះស្រាយយ៉ាងណា? បើបងឬប្អូនស្រីណាម្នាក់មិនពេញចិត្ត សូមប្រាប់ម្នាក់ទៀត ហើយប្រាប់អ្វីដែលគាត់ប្រើបាន អ្វីដែលគាត់ប្រើមិនបាន។ សូមធ្វើតាមគោលការណ៍គម្ពីរដែលមាននៅធីម៉ូថេទី២ ២:២៤។
ក្នុងករណីខ្លះ ជម្លោះរវាងបងប្អូនអាចធ្ងន់ធ្ងរឡើងនិងកាន់តែពិបាក។ សូមពិចារណាគំរូពីរក្នុងគម្ពីរ៖
មីរៀមនិងអេរ៉ុន ច្រណែននឹងម៉ូសេជាប្អូនប្រុសរបស់ពួកគាត់ ហើយនោះនាំឲ្យមានលទ្ធផលគួរឲ្យខ្លោចផ្សា។ សូមអានកំណត់ហេតុនេះនៅក្នុងជំរឿនបណ្ដាជន ១២:១-១៥ រួចសួរខ្លួនថា៖‹តើខ្ញុំអាចធ្វើយ៉ាងណាដើម្បីកុំឲ្យមានចិត្តច្រណែនបងប្អូនខ្ញុំ?›។
កាអ៊ីនបានខឹងនឹងអេបិលជាប្អូនរបស់គាត់ ហើយដោយសារគាត់ខឹងយ៉ាងខ្លាំង គាត់បានសម្លាប់អេបិល។ សូមអានកំណត់ហេតុនេះនៅក្នុងដើមកំណើត ៤:១-១២ រួចសួរខ្លួនថា៖‹តើតាមរបៀបណាខ្ញុំអាចទប់កំហឹងរបស់ខ្ញុំពេលមិនចុះសម្រុងគ្នាជាមួយបងប្អូនខ្ញុំ?›។
មូលហេតុពីរយ៉ាងដែលគួរចុះសម្រុងគ្នា
ពិតមែនថាបងប្អូនពិបាកចុះសម្រុងគ្នា ប៉ុន្តែមិនថាពិបាកយ៉ាងណាក៏ដោយ មានមូលហេតុពីរយ៉ាងដែលប្អូនគួរខំព្យាយាមជានាគ្នាឡើងវិញ។
១. វាជាសញ្ញាដែលបញ្ជាក់ថាប្អូនចាស់ចិត្តចាស់គំនិត។ ប្អូនអាឡិច បានរៀបរាប់ថា៖«ខ្ញុំធ្លាប់ឆាប់ខឹងប្អូនស្រីពីរនាក់របស់ខ្ញុំ តែឥឡូវខ្ញុំចេះទប់ចិត្តនិងអត់ធ្មត់ជាងជាមួយពួកគេ។ អាចនិយាយថានេះមកពីខ្ញុំមានគំនិតចាស់ទុំជាងមុន»។
គម្ពីរចែងថា៖ «មនុស្សដែលមិនរហ័សខឹង ជាមនុស្សមានសមត្ថភាពវែកញែកខ្ពស់ តែមនុស្សដែលមិនចេះអត់ធ្មត់បង្ហាញចេញតែភាពល្ងង់ខ្លៅ»។—សុភាសិត ១៤:២៩
២. វាជាការលត់ដំសម្រាប់ថ្ងៃអនាគត។ បើប្អូនមិនអាចទ្រាំនឹងចំណុចមិនល្អរបស់បងប្អូនខ្លួនបានទៅហើយ ទម្រាំដល់ពេលប្អូនធំឡើងមានគូស្រករ ពេលចូលធ្វើការ តើពិបាកយ៉ាងណាទៅក្នុងការទាក់ទងជាមួយគូ អ្នករួមការងារ ចៅហ្វាយ ឬបុគ្គលផ្សេងទៀត?
សូមចាំថា៖ ប្អូនអាចមានទំនាក់ទំនងល្អជាមួយអ្នកឯទៀត លុះត្រាតែប្អូនចេះប្រាស្រ័យទាក់ទងនិងដោះស្រាយបញ្ហាក្នុងរង្វង់គ្រួសារជាមុនសិន ជាពិសេសជាមួយបងប្អូនខ្លួន។
គម្ពីរចែងថា៖ «ចូរខំអស់ពីសមត្ថភាពដើម្បីធ្វើឲ្យមានសន្តិភាព»។—រ៉ូម ១២:១៨
តើប្អូនចង់ដោះស្រាយបញ្ហាជាមួយបងប្អូនខ្លួនទេ? សូមអានប្រអប់«ទស្សនៈពីមនុស្សស្រករប្អូន»។