កំណត់សម្គាល់
a ប្រសិនបើមិនមានអ្នកត្រួសត្រាយថ្មីគ្រប់គ្រាន់ដើម្បីចូលរៀនសាលានោះ អ្នកត្រួសត្រាយខ្លះដែលមិនបានចូលសាលាអស់រយៈពេលប្រាំឆ្នាំហើយ ប្រហែលជាត្រូវអញ្ជើញឲ្យចូលរួមម្ដងទៀត។
សាលាសម្រាប់អ្នកចាស់ទុំក្នុងក្រុមជំនុំ
គោលបំណង: ដើម្បីជួយអ្នកចាស់ទុំឲ្យបំពេញភារកិច្ចរបស់ពួកគាត់ក្នុងក្រុមជំនុំ ហើយយល់កាន់តែច្បាស់ជាងអំពីតម្រូវការក្នុងការគោរពប្រណិប័តន៍ព្រះយេហូវ៉ា។
រយៈពេល: ប្រាំថ្ងៃ។
ទីកន្លែង: តាមការសម្រេចរបស់ការិយាល័យសាខា ជាធម្មតានៅសាលប្រជុំ ឬសាលសន្និបាត។
ល័ក្ខខ័ណ្ឌសម្រាប់ចូលសាលា: ត្រូវជាអ្នកចាស់ទុំដែលបានត្រូវតែងតាំង។
របៀបចុះឈ្មោះ: ការិយាល័យសាខាអញ្ជើញអ្នកចាស់ទុំ។
សូមកត់សម្គាល់នូវយោបល់របស់បងប្អូនខ្លះដែលបានចូលរៀននៅសាលាជំនាន់ទី៩២នៅសហរដ្ឋអាម៉េរិក:
«ខ្ញុំបានទទួលប្រយោជន៍ច្រើនណាស់ពីសាលានេះ។ សាលានេះបានជួយខ្ញុំឲ្យពិចារណាអំពីខ្លួនខ្ញុំ ហើយដឹងនូវរបៀបថែរក្សាចៀមរបស់ព្រះយេហូវ៉ា»។
«ខ្ញុំបានត្រៀមលក្ខណៈជាស្រេចដើម្បីលើកទឹកចិត្តបងប្អូនទាំងអស់កាន់តែខ្លាំងឡើង ដោយលើកបញ្ជាក់ចំណុចសំខាន់ៗក្នុងបទគម្ពីរ»។
«ខ្ញុំនឹងប្រើអ្វីៗដែលខ្ញុំបានរៀនពីសាលានេះអស់មួយជីវិតរបស់ខ្ញុំ»។
សាលាសម្រាប់អ្នកធ្វើដំណើរត្រួតពិនិត្យនិងភរិយា
គោលបំណង: ដើម្បីជួយអ្នកត្រួតពិនិត្យមណ្ឌលនិងអ្នកត្រួតពិនិត្យតំបន់ឲ្យកាន់តែមានប្រសិទ្ធភាពក្នុងការបម្រើក្រុមជំនុំ កាលដែលពួកគាត់«ធ្វើការនឿយហត់ក្នុងការនិយាយនិងការបង្រៀន»។—១ធី. ៥:១៧; ១ពេ. ៥:២, ៣
រយៈពេល: ពីរខែ។
ទីកន្លែង: សម្រេចដោយការិយាល័យសាខា។
ល័ក្ខខ័ណ្ឌសម្រាប់ចូលសាលា: បងប្រុសត្រូវជាអ្នកត្រួតពិនិត្យមណ្ឌលនិងអ្នកត្រួតពិនិត្យតំបន់។
របៀបចុះឈ្មោះ: ការិយាល័យសាខាអញ្ជើញអ្នកធ្វើដំណើរត្រួតពិនិត្យនិងភរិយារបស់ពួកគាត់។
ជោអែលដែលបានចូលរៀននៅសាលាជំនាន់ទី១នៅឆ្នាំ១៩៩៩ បាននិយាយថា៖ «យើងគោរពប្រមុខភាពរបស់លោកយេស៊ូលើអង្គការរបស់ព្រះកាន់តែខ្លាំងឡើង។ យើងបានដឹងថាយើងត្រូវលើកទឹកចិត្តបងប្អូនដែលយើងបម្រើ ហើយពង្រឹងសាមគ្គីភាពនៅក្នុងក្រុមជំនុំនីមួយៗ។ កម្មវិធីសាលានេះធ្វើឲ្យយើងចាំចំណុចមួយមិនភ្លេច ពោលគឺទោះជាអ្នកធ្វើដំណើរត្រួតពិនិត្យផ្ដល់ឱវាទនិងជួនកាលកែតម្រង់ក៏ដោយ តែគោលដៅសំខាន់ចម្បងរបស់គាត់គឺជួយបងប្អូនឲ្យដឹងថាព្រះយេហូវ៉ាស្រឡាញ់ពួកគាត់»។
សាលាបង្ហាត់បង្រៀនបងប្អូនប្រុសនៅលីវខាងគម្ពីរ
គោលបំណង: ដើម្បីជួយអ្នកចាស់ទុំនិងជំនួយការខាងកិច្ចបម្រើដែលមិនទាន់រៀបការឲ្យទទួលភារកិច្ចថែមទៀតនៅក្នុងអង្គការព្រះយេហូវ៉ា។ បងប្រុសភាគច្រើនដែលបានរៀនចប់សាលានោះនឹងត្រូវចាត់ឲ្យទៅបម្រើនៅប្រទេសរបស់ខ្លួន នៅកន្លែងណាដែលមានសេចក្ដីត្រូវការ។ បងប្រុសខ្លះទៀតប្រហែលជាត្រូវចាត់ឲ្យទៅបម្រើប្រទេសមួយទៀត បើពួកគាត់ប្រាប់ការិយាល័យសាខាថាពួកគាត់អាចទៅបម្រើនៅប្រទេសផ្សេងទៀតបាន។ បងប្រុសខ្លះដែលបានរៀនចប់នៅសាលានេះប្រហែលជាបម្រើជាអ្នកត្រួសត្រាយពិសេសបណ្ដោះអាសន្ន ដើម្បីចាប់ផ្ដើមនិងពង្រីកកិច្ចផ្សព្វផ្សាយនៅតំបន់ដាច់ស្រយាល។
រយៈពេល: ពីរខែ។
ទីកន្លែង: សម្រេចដោយការិយាល័យសាខា ជាធម្មតានៅសាលប្រជុំ ឬសាលសន្និបាត។
ល័ក្ខខ័ណ្ឌសម្រាប់ចូលសាលា: ជាបងប្រុសនៅលីវ មានអាយុរវាង២៣ឆ្នាំនិង៦២ឆ្នាំ ហើយមានសុខភាពល្អដែលចង់បម្រើនៅកន្លែងណាដែលមានសេចក្ដីត្រូវការច្រើនជាង។ (ម៉ាក. ១០:២៩, ៣០) ពួកគេត្រូវបម្រើជាអ្នកត្រួសត្រាយពេញពេលយ៉ាងតិចពីរឆ្នាំ ហើយបម្រើជាអ្នកចាស់ទុំនិងជំនួយការខាងកិច្ចបម្រើយ៉ាងតិចបំផុតពីរឆ្នាំជាប់គ្នា។
របៀបចុះឈ្មោះ: មានកិច្ចប្រជុំមួយដែលធ្វើឡើងនៅសន្និបាតប្រចាំមណ្ឌល ដើម្បីផ្ដល់ព័ត៌មានដល់អ្នកដែលចង់ចុះឈ្មោះចូលសាលានេះ។
រិកដែលបានចូលរៀននៅសាលាជំនាន់ទី២៣នៅសហរដ្ឋអាម៉េរិកនិយាយថា៖ «ការចូលរួមយ៉ាងពេញលេញក្នុងសាលានេះអនុញ្ញាតឲ្យសកម្មពលរបស់ព្រះយេហូវ៉ាកែប្រែខ្ញុំយ៉ាងខ្លាំង។ ពេលព្រះយេហូវ៉ាប្រគល់ភារកិច្ចណាមួយ លោកគាំទ្រអ្នកឲ្យបំពេញភារកិច្ចនោះ។ ខ្ញុំបានដឹងថា បើខ្ញុំប្រមូលអារម្មណ៍ទៅលើការធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា មិនមែនទៅលើខ្លួនខ្ញុំទេ នោះលោកនឹងពង្រឹងកម្លាំងខ្ញុំ»។
អនទ្រាសដែលបានបម្រើនៅប្រទេសអាឡឺម៉ង់បានកត់សម្គាល់ថា៖ «ខ្ញុំបានរៀនយល់ថារបៀបដែលអង្គការរបស់ព្រះដំណើរការនៅសព្វថ្ងៃនេះ គឺដូចជាអព្ភូតហេតុមួយ។ ការបង្ហាត់បង្រៀននោះបានជួយខ្ញុំឲ្យត្រៀមលក្ខណៈដើម្បីបំពេញកិច្ចការដែលនៅខាងមុខ។ គំរូជាច្រើនក្នុងគម្ពីរក៏បានបង្រៀនខ្ញុំអំពីសេចក្ដីពិតដ៏សំខាន់គឺ ការបម្រើបងប្អូនខ្ញុំ និងការបម្រើព្រះយេហូវ៉ានាំឲ្យទទួលសុភមង្គលពិតប្រាកដ»។
សាលាបង្ហាត់បង្រៀនប្ដីប្រពន្ធខាងគម្ពីរ
គោលបំណង: ដើម្បីឲ្យអ្នកដែលរៀបការហើយទទួលបាននូវការបង្ហាត់បង្រៀនជំនាញពិសេស ដើម្បីឲ្យព្រះយេហូវ៉ានិងអង្គការរបស់លោកប្រើពួកគាត់ឲ្យកាន់តែប្រសើរថែមទៀត។ បងប្អូនភាគច្រើនដែលរៀនចប់នៅសាលានេះនឹងត្រូវចាត់ឲ្យទៅបម្រើនៅកន្លែងដែលមានសេចក្ដីត្រូវការច្រើនជាងនៅប្រទេសរបស់ខ្លួន។ អ្នកខ្លះប្រហែលជាត្រូវចាត់ឲ្យទៅបម្រើនៅប្រទេសមួយទៀត ពួកគាត់ប្រាប់ការិយាល័យសាខាថាពួកគាត់អាចទៅបម្រើនៅប្រទេសផ្សេងទៀតបាន។ អ្នកដែលរៀនចប់សាលាប្រហែលជាបម្រើជាអ្នកត្រួសត្រាយពិសេសបណ្ដោះអាសន្ន ដើម្បីចាប់ផ្ដើមនិងពង្រីកកិច្ចផ្សព្វផ្សាយនៅតំបន់ដាច់ស្រយាល។
រយៈពេល: ពីរខែ។
ទីកន្លែង: សាលានេះត្រូវធ្វើនៅសហរដ្ឋអាម៉េរិក។ ចាប់ពីខែកញ្ញា ឆ្នាំ២០១២ សាលានេះក៏នឹងត្រូវធ្វើឡើងនៅទូទាំងពិភពលោកក្នុងតំបន់របស់ការិយាល័យសាខាខ្លះ ជាធម្មតាធ្វើនៅសាលប្រជុំឬសាលសន្និបាត។
ល័ក្ខខ័ណ្ឌសម្រាប់ចូលសាលា: ប្ដីប្រពន្ធមានអាយុរវាង២៥ឆ្នាំនិង៥០ឆ្នាំ ដែលមានសុខភាពល្អ មានលទ្ធភាពបម្រើនៅកន្លែងដែលមានសេចក្ដីត្រូវការច្រើនជាង ហើយដែលមានចិត្តគំនិតនេះ: «ទូលបង្គំនៅឯណេះហើយ សូមចាត់ទូលបង្គំចុះ»។ (អេ. ៦:៨) ពួកគាត់ត្រូវរៀបការយ៉ាងហោចណាស់ពីរឆ្នាំ ហើយកំពុងបម្រើពេញពេលយ៉ាងតិចណាស់ពីរឆ្នាំជាប់គ្នា។ ប្ដីត្រូវជាអ្នកចាស់ទុំឬជំនួយការខាងកិច្ចបម្រើយ៉ាងតិចពីរឆ្នាំជាប់គ្នា។
របៀបចុះឈ្មោះ: មានកិច្ចប្រជុំមួយដែលធ្វើឡើងនៅមហាសន្និបាតប្រចាំតំបន់ ដើម្បីផ្ដល់ព័ត៌មានដល់អ្នកដែលចង់ចុះឈ្មោះចូលសាលានេះ។ ប្រសិនបើគ្មានកិច្ចប្រជុំនៅមហាសន្និបាតនៅប្រទេសរបស់អ្នកទេ ហើយអ្នកចង់ចុះឈ្មោះចូលសាលានេះ អ្នកអាចសរសេរសំបុត្រទៅការិយាល័យសាខាដើម្បីទទួលព័ត៌មានបន្ថែម។
អេរិកនិងកូរីណា (ខាងស្ដាំ) ដែលបានចូលរៀននៅសាលាជំនាន់ទី១នៅឆ្នាំ២០១១ បាននិយាយថា៖ «អ្វីដែលយើងបានរៀនក្នុងរយៈពេល៨សប្ដាហ៍នេះពិតជាបានផ្លាស់ប្ដូរជីវិតរបស់យើង ហើយផ្ដល់ឱកាសដ៏អស្ចារ្យសម្រាប់ប្ដីប្រពន្ធដែលចង់បង្កើនកិច្ចបម្រើព្រះយេហូវ៉ា! យើងតាំងចិត្តរក្សាតុល្យភាពក្នុងជីវិតដើម្បីឲ្យយើងអាចប្រើពេលវេលាឲ្យមានប្រយោជន៍ច្រើនបំផុត»។
សាលាគម្ពីរគីលាតនៃសមាគមប៉មយាម
គោលបំណង: ដើម្បីបង្ហាត់បង្រៀនសិស្សឲ្យបម្រើជាសាសនទូតនៅកន្លែងដែលមានមនុស្សច្រើនកុះករ ឲ្យធ្វើជាអ្នកធ្វើដំណើរត្រួតពិនិត្យឬឲ្យធ្វើការនៅបេតអែល។ គោលដៅនៃសាលានេះគឺដើម្បីពង្រឹងកិច្ចផ្សព្វផ្សាយនិងដំណើរការនៃការិយាល័យសាខា។
រយៈពេល: ប្រាំខែ។
ទីកន្លែង: មជ្ឈមណ្ឌលអប់រំនៃសមាគមប៉មយាម នៅទីក្រុងផាតឺសិន រដ្ឋញូវយ៉ក សហរដ្ឋអាម៉េរិក។
ល័ក្ខខ័ណ្ឌសម្រាប់ចូលសាលា: ប្ដីប្រពន្ធដែលបានបម្រើពេញពេលពិសេស ពោលគឺសាសនទូតដែលមិនទាន់បានចូលសាលានេះ អ្នកត្រួសត្រាយពិសេស អ្នកធ្វើដំណើរត្រួតពិនិត្យ ឬអ្នកធ្វើការនៅបេតអែល។ ពួកគាត់ត្រូវជាអ្នកបម្រើពេញពេលពិសេសជាមួយគ្នាយ៉ាងតិចណាស់បីឆ្នាំជាប់គ្នា។ ពួកគាត់ត្រូវចេះនិយាយ អាន និងសរសេរភាសាអង់គ្លេសយ៉ាងស្ទាត់។
របៀបចុះឈ្មោះ: គណៈកម្មាធិការការិយាល័យសាខាអាចអញ្ជើញប្ដីប្រពន្ធឲ្យចុះឈ្មោះ។
ឡាដេនិងម៉ូនិកដែលមកពីការិយាល័យសាខាសហរដ្ឋអាម៉េរិក សព្វថ្ងៃបម្រើនៅទ្វីបអាហ្វ្រិក។ ឡាដានិយាយថា៖ «សាលាគីលាតបានជួយយើងឲ្យត្រៀមលក្ខណៈដើម្បីទៅកន្លែងណាក៏ដោយក្នុងពិភពលោក ហើយជួយយើងត្រៀមខ្លួនដើម្បីបម្រើជាមួយបងប្អូនជាទីស្រឡាញ់របស់យើង»។
ម៉ូនិកបាននិយាយបន្ថែមថា៖ «ពេលខ្ញុំអនុវត្តអ្វីដែលខ្ញុំបានរៀនពីបណ្ដាំរបស់ព្រះ ខ្ញុំមានអំណរយ៉ាងខ្លាំងក្នុងភារកិច្ចរបស់ខ្ញុំ។ ខ្ញុំគិតថាអំណរនោះគឺជាភ័ស្តុតាងថែមទៀតអំពីសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ា»។
សាលាសម្រាប់សមាជិកគណៈកម្មាធិការត្រួតពិនិត្យការិយាល័យសាខានិងភរិយា
គោលបំណង: ដើម្បីជួយពួកអ្នកដែលបម្រើជាគណៈកម្មាធិការត្រួតពិនិត្យការិយាល័យសាខាឲ្យបំពេញភារកិច្ចកាន់តែប្រសើរជាងក្នុងការត្រួតពិនិត្យបេតអែលនានា យកចិត្តទុកដាក់ចំពោះកិច្ចបម្រើនៅក្នុងក្រុមជំនុំ ហើយត្រួតពិនិត្យលើមណ្ឌលនិងតំបន់ផ្សេងៗ ហើយក៏រៀនអំពីកិច្ចការបកប្រែ ការបោះពុម្ព ការដឹកជញ្ជូននិងការផ្ញើសៀវភៅផ្សេងៗដែរ។
រយៈពេល: ពីរខែ។
ទីកន្លែង: មជ្ឈមណ្ឌលអប់រំនៃសមាគមប៉មយាម នៅទីក្រុងផាតឺសិន រដ្ឋញូវយ៉ក សហរដ្ឋអាម៉េរិក។
ល័ក្ខខ័ណ្ឌសម្រាប់ចូលសាលា: បងប្រុសត្រូវជាសមាជិកគណៈកម្មាធិការការិយាល័យសាខា ឬសមាជិកគណៈកម្មាធិការប្រចាំប្រទេស ឬបានទទួលតួនាទីដូចខាងលើនេះ។
របៀបចុះឈ្មោះ: គណៈអភិបាលអញ្ជើញបងប្រុសនិងភរិយា។
ឡូអែលនិងខារ៉ាដែលបានចូលរៀននៅសាលាជំនាន់ទី២៥ កំពុងបម្រើនៅប្រទេសនីហ្សេរីយ៉ា។ ឡូអែលនិយាយថា៖ «សាលានោះរំលឹកខ្ញុំថា ទោះជាខ្ញុំរវល់យ៉ាងណាឬទទួលកិច្ចការអ្វីក៏ដោយ ខ្ញុំត្រូវធ្វើអ្វីៗទាំងអស់តាមរបៀបរបស់ព្រះយេហូវ៉ាដើម្បីធ្វើឲ្យលោកពេញចិត្ត។ សាលានោះក៏បង្រៀនយើងដែរអំពីសារៈសំខាន់នៃការយកតម្រាប់ព្រះយេហូវ៉ាក្នុងការបង្ហាញសេចក្ដីស្រឡាញ់ចំពោះអ្នកបម្រើលោក»។
ខារ៉ាបន្ថែមថា៖ «ចំណុចមួយដែលខ្ញុំបានរំពឹងគិតគឺថា បើខ្ញុំមិនអាចពន្យល់រឿងមួយតាមរបៀបដែលស្រួលយល់ទេ ខ្ញុំត្រូវស្រាវជ្រាវចំណុចនោះមុននឹងព្យាយាមបង្រៀនអ្នកឯទៀត»។