កាឡាទី
១ ពីខ្ញុំ ប៉ូល ដែលជាសាវ័ក* មិនមែនជាសាវ័ករបស់មនុស្ស ឬតាមរយៈមនុស្សឡើយ តែតាមរយៈលោកយេស៊ូគ្រិស្ត* និងព្រះដែលជាបិតា ដែលបានប្រោសលោកឲ្យរស់ពីស្លាប់ឡើងវិញ ២ ខ្ញុំនិងបងប្អូនទាំងអស់ដែលនៅជាមួយនឹងខ្ញុំ សូមសរសេរទៅកាន់ក្រុមជំនុំទាំងឡាយនៅខេត្តកាឡាទី៖
៣ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយគុណដ៏វិសេសលើសលប់និងសេចក្ដីសុខសាន្តពីព្រះ ជាបិតារបស់យើង និងពីលោកម្ចាស់យេស៊ូគ្រិស្ត។ ៤ លោកបានប្រគល់ខ្លួនលោកជាថ្នូរនឹងការខុសឆ្គង* របស់យើង ដើម្បីសង្គ្រោះយើងពីរបៀបរបបនៃពិភពលោកអាក្រក់នៅសម័យនេះ ស្របតាមបំណងប្រាថ្នារបស់ព្រះដែលជាបិតារបស់យើង ៥ ជាព្រះដែលគួរនឹងទទួលការសរសើរតម្កើងជារៀងរហូត។ អាមេន។
៦ ខ្ញុំឆ្ងល់ណាស់ ដោយឃើញថាអ្នករាល់គ្នាឆាប់ឃ្លាតចេញពីលោកដែលបានហៅអ្នករាល់គ្នាដោយគុណដ៏វិសេសលើសលប់របស់គ្រិស្ត ហើយកំពុងស្ដាប់តាមដំណឹងល្អបែបផ្សេងវិញ។ ៧ ប៉ុន្តែនោះមិនមែនជាដំណឹងល្អបែបផ្សេងទេ តាមពិតគឺមានមនុស្សខ្លះដែលចង់រំខានអ្នករាល់គ្នា ហើយចង់បង្ខុសដំណឹងល្អអំពីគ្រិស្ត។ ៨ ក៏ប៉ុន្តែទោះជាយើងឬទេវតាមួយពីស្ថានសួគ៌ប្រកាសប្រាប់អ្នករាល់គ្នាអំពីដំណឹងល្អផ្សេង ខុសពីដំណឹងល្អដែលយើងបានប្រកាសប្រាប់អ្នករាល់គ្នា ចូរឲ្យអ្នកនោះត្រូវបណ្ដាសា។ ៩ ដូចយើងបាននិយាយខាងលើហើយ ខ្ញុំសុំនិយាយម្ដងទៀតថា អ្នកណាក៏ដោយដែលកំពុងប្រកាសប្រាប់ដំណឹងល្អដល់អ្នករាល់គ្នា ខុសពីអ្វីដែលអ្នករាល់គ្នាបានជឿហើយ ចូរឲ្យអ្នកនោះត្រូវបណ្ដាសា។
១០ តើខ្ញុំកំពុងព្យាយាមធ្វើឲ្យមនុស្សពេញចិត្តនឹងខ្ញុំ ឬធ្វើឲ្យព្រះពេញចិត្ត? តើខ្ញុំកំពុងព្យាយាមផ្គាប់ចិត្តមនុស្សឬ? ប្រសិនបើខ្ញុំនៅតែព្យាយាមផ្គាប់ចិត្តមនុស្ស ខ្ញុំមិនមែនជាខ្ញុំបម្រើរបស់គ្រិស្តទេ។ ១១ បងប្អូនអើយ ព្រោះខ្ញុំសូមបញ្ជាក់ថា ដំណឹងល្អដែលខ្ញុំបានប្រកាសមិនមែនមកពីមនុស្សទេ ១២ ព្រោះខ្ញុំមិនបានទទួលដំណឹងនោះពីមនុស្សឡើយ ក៏មិនបានត្រូវគេបង្រៀនដំណឹងនោះដែរ តែលោកយេស៊ូគ្រិស្តបានបើកបង្ហាញដំណឹងនោះដល់ខ្ញុំ។
១៣ អ្នករាល់គ្នាច្បាស់ជាបានឮអំពីការដែលខ្ញុំធ្លាប់ប្រព្រឹត្តកាលដែលខ្ញុំកាន់សាសនាយូដា គឺថាខ្ញុំចេះតែបៀតបៀនក្រុមជំនុំរបស់ព្រះយ៉ាងខ្លាំងហួសហេតុ ក៏បានបំផ្លាញក្រុមជំនុំនោះទៀតផង ១៤ ហើយខ្ញុំកាន់តាមសាសនាយូដាបានប្រសើរជាងមនុស្សជាច្រើនដែលជាជនរួមជាតិរបស់ខ្ញុំនិងអ្នកដែលស្រករខ្ញុំ ដោយសារខ្ញុំខំខ្នះខ្នែងខ្លាំងជាងពួកគេឆ្ងាយណាស់ក្នុងការប្រតិបត្ដិតាមទំនៀមទម្លាប់នៃពួកបុព្វបុរសរបស់ខ្ញុំ។ ១៥ ក៏ប៉ុន្តែកាលព្រះ ដែលបានអនុញ្ញាតឲ្យខ្ញុំកើតមក ហើយដែលបានហៅខ្ញុំតាមរយៈគុណដ៏វិសេសលើសលប់របស់លោក បានពេញចិត្ត ១៦ បើកបង្ហាញបុត្ររបស់លោកតាមរយៈខ្ញុំ ដើម្បីឲ្យខ្ញុំប្រកាសដំណឹងល្អអំពីលោកដល់ជនជាតិដទៃ នោះខ្ញុំមិនបានទៅសួរយោបល់អ្នកឯទៀតភ្លាមៗទេ។ ១៧ ខ្ញុំក៏មិនបានឡើងទៅក្រុងយេរូសាឡិមដើម្បីជួបអ្នកដែលជាសាវ័កមុនខ្ញុំដែរ ប៉ុន្តែខ្ញុំបានចេញទៅស្រុកអារ៉ាប់វិញ រួចខ្ញុំត្រឡប់មកក្រុងដាម៉ាស់។
១៨ បីឆ្នាំក្រោយមក ខ្ញុំឡើងទៅក្រុងយេរូសាឡិមដើម្បីជួបកេផាស ហើយក៏បាននៅជាមួយនឹងគាត់អស់ដប់ប្រាំថ្ងៃ។ ១៩ ប៉ុន្តែខ្ញុំមិនបានឃើញសាវ័កណាទៀតទេ ក្រៅពីយ៉ាកុបដែលជាប្អូនប្រុសរបស់លោកម្ចាស់ប៉ុណ្ណោះ។ ២០ ឥឡូវ មើល! ខ្ញុំសូមប្រាប់នៅចំពោះមុខព្រះថា អ្វីៗដែលខ្ញុំកំពុងសរសេរទៅកាន់អ្នករាល់គ្នា មិនមែនជាសេចក្ដីភូតភរទេ។
២១ បន្ទាប់ពីនោះ ខ្ញុំបានទៅតំបន់ស៊ីរីនិងស៊ីលីស៊ី។ ២២ ប៉ុន្តែបណ្ដាក្រុមជំនុំគ្រិស្តសាសនិកនៅតំបន់យូឌាមិនបានស្គាល់មុខខ្ញុំទេ ២៣ ពួកគាត់គ្រាន់តែបានឮថា៖ «ឥឡូវ បុរសដែលធ្លាប់បៀតបៀនយើងកំពុងប្រកាសដំណឹងល្អអំពីសាសនាដែលគាត់ធ្លាប់បំផ្លាញ»។ ២៤ ដូច្នេះ ពួកគាត់ចាប់ផ្ដើមសរសើរតម្កើងព្រះដោយសារខ្ញុំ។