ម៉ាកុស
៣ ម្ដងទៀត លោកបានចូលទៅក្នុងសាលាប្រជុំមួយ ហើយនៅទីនោះមានបុរសម្នាក់ដែលស្វិតដៃម្ខាង។ ២ ដូច្នេះ ពួកផារិស៊ីចាំសង្កេតមើលថាតើលោកធ្វើឲ្យបុរសនោះជាសះស្បើយនៅថ្ងៃឈប់សម្រាកឬទេ ដើម្បីឲ្យពួកគេមានហេតុចោទប្រកាន់លោក។ ៣ លោកមានប្រសាសន៍ទៅបុរសស្វិតដៃនោះថា៖ «ចូរក្រោកឡើង ហើយមកឈរនៅចំកណ្ដាល»។ ៤ បន្ទាប់មក លោកសួរពួកគេថា៖ «នៅថ្ងៃឈប់សម្រាក តើមានច្បាប់ធ្វើអំពើល្អឬអំពើអាក្រក់? តើមានច្បាប់សង្គ្រោះឬសម្លាប់ជីវិត?»។* តែពួកគេនៅស្ងៀម។ ៥ បន្ទាប់ពីបានមើលមុខពួកគេទាំងទាស់ចិត្ត ថែមទាំងខកចិត្តយ៉ាងខ្លាំង ដោយសារចិត្តគេស្ពឹក នោះលោកក៏ប្រាប់បុរសស្វិតដៃថា៖ «ចូរលាដៃអ្នកទៅ»។ គាត់បានលាដៃ ហើយដៃរបស់គាត់បានជាឡើងវិញ។ ៦ ឃើញដូច្នេះ ពួកផារិស៊ីចេញទៅភ្លាមៗ ហើយចាប់ផ្ដើមប្រឹក្សាជាមួយនឹងបក្សពួករបស់ហេរ៉ូឌ ដើម្បីរកវិធីសម្លាប់លោក។
៧ ប៉ុន្តែលោកយេស៊ូនិងពួកអ្នកកាន់តាមលោកបានចេញពីទីនោះទៅឆ្នេរសមុទ្រវិញ ហើយមានមនុស្សមួយក្រុមយ៉ាងធំមកពីស្រុកកាលីឡេនិងតំបន់យូឌាបានទៅតាមលោកដែរ។ ៨ ក្រោយពីបានឮអំពីការអស្ចារ្យទាំងប៉ុន្មានដែលលោកកំពុងធ្វើ សូម្បីតែមនុស្សមួយក្រុមយ៉ាងធំមកពីក្រុងយេរូសាឡិម ពីស្រុកអ៊ីឌុំមេ ពីខាងនាយទន្លេយ៉ូដាន់ ព្រមទាំងពីតំបន់ទីរ៉ុសនិងស៊ីដូនក៏បានមករកលោកដែរ។ ៩ លោកបានប្រាប់អ្នកកាន់តាមឲ្យត្រៀមទូកមួយទុកសម្រាប់លោក ដើម្បីកុំឲ្យបណ្ដាជនចោមរោមលោក ១០ ពីព្រោះលោកបានធ្វើឲ្យមនុស្សជាច្រើនជាសះស្បើយ ហេតុនេះអស់អ្នកដែលកំពុងឈឺចាប់ដោយសារជំងឺផ្សេងៗ បានប្រជ្រៀតគ្នាដើម្បីពាល់លោក។ ១១ សូម្បីតែពួកវិញ្ញាណ* អសោច ពេលវាបានឃើញលោក ក៏ក្រាបពីមុខលោកហើយស្រែកថា៖ «លោកជាបុត្ររបស់ព្រះ»។ ១២ ប៉ុន្តែលោកបង្គាប់ពួកវាយ៉ាងម៉ឺងម៉ាត់ជាច្រើនដង មិនឲ្យប្រាប់គេថាលោកជាអ្នកណាឡើយ។
១៣ ក្រោយមក លោកឡើងលើភ្នំមួយ រួចហៅអស់អ្នកដែលលោកជ្រើសរើស ហើយពួកគាត់បានទៅតាមលោក។ ១៤ រួចមក លោកបានជ្រើសរើសបុរសដប់ពីរនាក់ ដែលលោកហៅថា«សាវ័ក»* ដើម្បីឲ្យពួកគាត់នៅជាប់ជាមួយនឹងលោក ហើយដើម្បីចាត់ពួកគាត់ឲ្យទៅផ្សព្វផ្សាយ ១៥ ថែមទាំងមានអំណាចបណ្ដេញពួកវិញ្ញាណកំណាចទៀតផង។
១៦ ចំណែកបុរសដប់ពីរនាក់ដែលលោកបានជ្រើសរើស រួមមាន៖ ស៊ីម៉ូន ដែលលោកបានដាក់ឈ្មោះមួយទៀតថាពេត្រុស* ១៧ ហើយមានយ៉ាកុបជាកូនរបស់សេបេដេ និងយ៉ូហានជាប្អូនរបស់យ៉ាកុប (លោកក៏បានដាក់ឈ្មោះពីរនាក់នោះថាបោណាគើស ដែលមានន័យថាកូនផ្គរលាន់) ១៨ ហើយក៏មានអនទ្រេ ភីលីព បាថូឡូម៉េ ម៉ាថាយ ថូម៉ាស់ យ៉ាកុបជាកូនអាល់ផៀស ថាដេ និងស៊ីម៉ូនកាណានាន* ១៩ ព្រមទាំងយូដាសអ៊ីស្ការីយ៉ុត (ដែលក្រោយមកបានក្បត់លោក)។
ក្រោយមក លោកចូលក្នុងផ្ទះមួយ។ ២០ រួចមកមានមនុស្សជាច្រើនមូលគ្នាមករកលោកម្ដងទៀត រហូតដល់លោកនិងពួកអ្នកកាន់តាមមិនអាចបរិភោគអាហារបាន។ ២១ ប៉ុន្តែពេលដែលញាតិសន្ដានរបស់លោកឮអំពីនោះ ពួកគេចេញទៅក្នុងបំណងចាប់យកលោក ពីព្រោះពួកគេបាននិយាយថា៖ «គាត់វង្វេងស្មារតីហើយ»។ ២២ ម្យ៉ាងទៀត ពួកអ្នកជំនាញខាងច្បាប់ដែលបានមកពីក្រុងយេរូសាឡិមបាននិយាយថា៖ «អ្នកនេះមានបេលសេប៊ូល* ចូល ហើយក៏ដេញពួកវិញ្ញាណកំណាចដោយអំណាចរបស់អ្នកគ្រប់គ្រងវិញ្ញាណកំណាច»។ ២៣ ម្ល៉ោះហើយ ក្រោយពីលោកបានហៅពួកគេមក លោកចាប់ផ្ដើមមានប្រសាសន៍ដោយប្រើឧទាហរណ៍ថា៖ «តើសាថាន* អាចដេញសាថានដូចម្ដេចបាន? ២៤ ប្រសិនបើរាជាណាចក្រណាមួយបែកបាក់ទាស់ប្រឆាំងគ្នា រាជាណាចក្រនោះមិនអាចនៅស្ថិតស្ថេរបានទេ ២៥ ហើយបើក្រុមគ្រួសារមួយបែកបាក់ទាស់ប្រឆាំងគ្នា ក្រុមគ្រួសារនោះនឹងរលាយទៅ។ ២៦ ដូចគ្នាដែរ បើសាថានកំពុងទាស់ប្រឆាំងខ្លួនឯង ហើយបែកបាក់គ្នានោះ សាថានមិនអាចនៅស្ថិតស្ថេរបានទេ តែកំពុងរកកល់វិនាសវិញ។ ២៧ តាមពិត គ្មានអ្នកណាអាចចូលក្នុងផ្ទះរបស់បុរសខ្លាំងពូកែម្នាក់ ហើយប្លន់ទ្រព្យសម្បត្ដិរបស់គាត់បានទេ លុះត្រាតែអ្នកនោះចងបុរសខ្លាំងពូកែនោះជាមុនសិន ទើបអាចប្លន់ផ្ទះរបស់គាត់បាន។ ២៨ ខ្ញុំប្រាប់ការពិតដល់អ្នករាល់គ្នាថា ទោះជាមនុស្សធ្វើខុសអ្វី ឬពោលពាក្យប្រមាថអ្វីក៏ដោយ នោះនឹងត្រូវអភ័យទោសឲ្យ។ ២៩ ក៏ប៉ុន្តែ អ្នកណាដែលពោលពាក្យប្រមាថសកម្មពល* របស់ព្រះ ព្រះនឹងមិនអភ័យទោសឲ្យអ្នកនោះឡើយ តែការខុសឆ្គងនោះនៅជាប់ជារៀងរហូត»។ ៣០ លោកយេស៊ូមានប្រសាសន៍ដូច្នេះ ពីព្រោះពួកគេបាននិយាយថា៖ «អ្នកនេះមានវិញ្ញាណអសោចចូល»។
៣១ ក្រោយមក ម្ដាយនិងប្អូនៗរបស់លោកបានមកដល់ ហើយឈរនៅខាងក្រៅ។ រួចមក ពួកគាត់បានចាត់គេឲ្យចូលទៅហៅលោក។ ៣២ ប៉ុន្តែមានមនុស្សមួយក្រុមកំពុងអង្គុយនៅជុំវិញលោក ហើយមនុស្សម្នាក់ពីចំណោមពួកគេបានជម្រាបលោកថា៖ «មើល! ម្ដាយនិងប្អូនប្រុសៗរបស់លោកនៅខាងក្រៅ កំពុងរកជួបលោក»។ ៣៣ ប៉ុន្តែលោកឆ្លើយទៅពួកគេថា៖ «តើអ្នកណាជាម្ដាយនិងជាប្អូនៗរបស់ខ្ញុំ?»។ ៣៤ ក្រោយពីបានមើលអ្នកដែលកំពុងអង្គុយជុំវិញ នោះលោកពោលថា៖ «នុ៎ះន៏! ម្ដាយរបស់ខ្ញុំ និងប្អូនប្រុសៗរបស់ខ្ញុំ។ ៣៥ អ្នកណាដែលធ្វើតាមបំណងប្រាថ្នារបស់ព្រះ អ្នកនោះហើយជាប្អូនប្រុស ប្អូនស្រី និងម្ដាយរបស់ខ្ញុំ»។