ការបើកបង្ហាញ
៥ ហើយខ្ញុំឃើញរមូរមួយនៅក្នុងដៃរបស់លោកដែលកំពុងអង្គុយលើបល្ល័ង្ក។ រមូរនោះមានអក្សរទាំងខាងក្នុងទាំងខាងក្រៅ ហើយបានត្រូវបិទដោយត្រាប្រាំពីរ។ ២ រួចខ្ញុំឃើញទេវតាខ្លាំងក្លាមួយរូបប្រកាសដោយសំឡេងយ៉ាងខ្លាំងថា៖ «តើអ្នកណាសមនឹងបកត្រាទាំងនេះហើយបើករមូរ?»។ ៣ ប៉ុន្តែគ្មានអ្នកណាម្នាក់នៅស្ថានសួគ៌ នៅផែនដី ឬនៅក្រោមដីអាចបើកមើលរមូរនោះទេ។ ៤ ហើយខ្ញុំចាប់ផ្ដើមយំយ៉ាងខ្លាំង ពីព្រោះគ្មានអ្នកណាសមនឹងបើកមើលរមូរនោះទេ។ ៥ ប៉ុន្តែអ្នកចាស់ទុំម្នាក់ប្រាប់ខ្ញុំថា៖ «ឈប់យំទៅ។ មើល! លោកដែលជាតោពីកុលសម្ព័ន្ធយូដា និងជាឫសនៃដាវីឌបានឈ្នះ ដូច្នេះ លោកសមនឹងបកត្រាទាំងប្រាំពីរនោះហើយបើករមូរ»។
៦ ខ្ញុំឃើញកូនចៀមមួយដែលមើលទៅដូចជាបានត្រូវគេសម្លាប់កំពុងឈរនៅជិតបល្ល័ង្កនិងនៅកណ្ដាលចេរូប៊ីនទាំងបួននិងពួកអ្នកចាស់ទុំ។ កូនចៀមនោះមានស្នែងប្រាំពីរនិងភ្នែកប្រាំពីរ ហើយភ្នែកទាំងនោះតំណាងសកម្មពល* ទាំងប្រាំពីររបស់ព្រះ ដែលបានត្រូវចាត់ឲ្យទៅពេញផែនដីទាំងមូល។ ៧ រួចមក កូនចៀមបានទៅយករមូរនោះភ្លាមពីដៃរបស់លោកដែលកំពុងអង្គុយលើបល្ល័ង្ក។ ៨ ពេលដែលកូនចៀមយករមូរនោះ ចេរូប៊ីនបួនរូបនិងពួកអ្នកចាស់ទុំម្ភៃបួននាក់បានលំឱនកាយនៅមុខកូនចៀម ដោយមានពិណនិងចានគោមមាសម្នាក់មួយ ហើយចានគោមនោះគឺពេញទៅដោយគ្រឿងក្រអូប។ ឯគ្រឿងក្រអូបនោះតំណាងសេចក្ដីអធិដ្ឋានរបស់ពួកអ្នកបរិសុទ្ធ។ ៩ ហើយពួកគាត់ច្រៀងចម្រៀងថ្មីមួយថា៖ «លោកសមនឹងយករមូរនិងបកត្រាទាំងនោះ ពីព្រោះលោកបានត្រូវសម្លាប់ ហើយបានទិញមនុស្សសម្រាប់ព្រះ ជាមនុស្សពីគ្រប់កុលសម្ព័ន្ធ គ្រប់ភាសា គ្រប់ពូជសាសន៍ និងគ្រប់ប្រជាជាតិ ដោយឈាមរបស់លោក ១០ រួចលោកធ្វើឲ្យពួកគេទៅជារាជាណាចក្រមួយនិងជាសង្ឃរបស់ព្រះនៃយើង ហើយពួកគេនឹងធ្វើជាស្តេចគ្រប់គ្រងលើផែនដី»។
១១ ខ្ញុំឃើញ ហើយឮសំឡេងទេវតាជាច្រើននៅជុំវិញបល្ល័ង្ក ចេរូប៊ីនបួនរូប និងពួកអ្នកចាស់ទុំ ឯទេវតាទាំងនោះមានចំនួនរាប់ម៉ឺនគុណនឹងរាប់ម៉ឺន និងរាប់ពាន់គុណនឹងរាប់ពាន់ ១២ ហើយពួកគេនិយាយដោយសំឡេងយ៉ាងខ្លាំងថា៖ «កូនចៀមដែលបានត្រូវសម្លាប់គឺសមនឹងទទួលឫទ្ធានុភាព ទ្រព្យសម្បត្ដិ ប្រាជ្ញា កម្លាំងខ្លាំងក្លា កិត្ដិយស សិរីរុងរឿង និងពរ»។
១៣ ខ្ញុំឮអ្វីៗទាំងអស់ដែលមានជីវិតនៅស្ថានសួគ៌ នៅផែនដី នៅក្រោមដី នៅក្នុងសមុទ្រ និងអ្វីៗទាំងអស់ដែលនៅទីនោះថា៖ «សូមឲ្យលោកដែលអង្គុយលើបល្ល័ង្កនិងកូនចៀមប្រកបដោយពរ កិត្ដិយស សិរីរុងរឿង និងកម្លាំងខ្លាំងក្លាជារៀងរហូត»។ ១៤ រួចមក ចេរូប៊ីនទាំងបួនបាននិយាយថា៖ «អាមេន!» រួចពួកអ្នកចាស់ទុំបានលំឱនកាយគោរពប្រណិប័តន៍ព្រះ។