សកម្មភាព
៤ កាលដែលពួកគាត់ទាំងពីរនាក់កំពុងនិយាយនៅឡើយ ពួកសង្ឃនាយក មេកងរក្សាវិហារ និងពួកសាឌូស៊ី* បានមករកពួកគាត់ភ្លាម ២ ទាំងមួម៉ៅពីព្រោះពួកគាត់កំពុងបង្រៀនបណ្ដាជន ក៏កំពុងប្រកាសជាចំហអំពីការប្រោសឲ្យរស់ឡើងវិញដោយសំអាងលើករណីលោកយេស៊ូ។ ៣ ពួកគេចាប់ពួកគាត់ ហើយឃុំទុករហូតដល់ថ្ងៃស្អែក ព្រោះល្ងាចហើយ។ ៤ ក៏ប៉ុន្តែមនុស្សជាច្រើនដែលបានស្ដាប់សុន្ទរកថានោះបានជឿ រួចចំនួនបុរសបានកើនឡើងដល់ប្រហែលប្រាំពាន់នាក់។
៥ លុះថ្ងៃស្អែក ពួកអ្នកគ្រប់គ្រង ពួកបុរសចាស់ទុំ និងពួកអ្នកជំនាញខាងច្បាប់* បានជួបជុំគ្នានៅក្រុងយេរូសាឡិម ៦ (ព្រមទាំងអេណាស ជាសង្ឃនាយក កៃផាស យ៉ូហាន អាឡិចសង់ និងអស់អ្នកដែលជាសាច់ញាតិរបស់សង្ឃនាយក) ៧ រួចមកក៏យកពួកគាត់មកឈរនៅកណ្ដាលពួកគេហើយតាំងសួរថា៖ «តើអ្នករាល់គ្នាបានធ្វើការនេះដោយអាងអំណាចអ្វី ឬដោយអាងឈ្មោះរបស់អ្នកណា?»។ ៨ បន្ទាប់មក ពេត្រុសបានពេញទៅដោយសកម្មពល* បរិសុទ្ធរបស់ព្រះក៏និយាយទៅកាន់ពួកគេថា៖
«ពួកអ្នកគ្រប់គ្រងបណ្ដាជន និងពួកបុរសចាស់ទុំអើយ ៩ ប្រសិនបើអ្នករាល់គ្នាកំពុងសួរចម្លើយយើងឥឡូវនេះ ស្តីអំពីអំពើល្អដែលយើងបានធ្វើដល់បុរសពិការម្នាក់ ព្រោះចង់ដឹងថាគាត់បានជាដោយសារអ្នកណា ១០ សូមអ្នកទាំងអស់គ្នា និងបណ្ដាជនអ៊ីស្រាអែលទាំងឡាយជ្រាបថា បុរសនេះឈរនៅមុខអ្នករាល់គ្នាទាំងមានរូបកាយមាំមួន ដោយសារនាមរបស់លោកយេស៊ូគ្រិស្តពីក្រុងណាសារ៉ែត ដែលអ្នករាល់គ្នាបានព្យួរ* តែព្រះបានប្រោសឲ្យរស់ពីស្លាប់ឡើងវិញ។ ១១ លោកយេស៊ូនេះហើយជា‹ដុំថ្មដែលអ្នករាល់គ្នា ជាអ្នកសាងសង់ បានចាត់ទុកថាគ្មានប្រយោជន៍ ដែលបានទៅជាថ្មនៅលើគេបំផុតនៅជ្រុងជញ្ជាំង›។* ១២ ម្យ៉ាងទៀត គ្មានសេចក្ដីសង្គ្រោះតាមរយៈអ្នកណាទៀតឡើយ ព្រោះនៅក្រោមមេឃ គ្មាននាមណាផ្សេងទៀតដែលព្រះបានផ្ដល់ក្នុងចំណោមមនុស្សជាតិឲ្យយើងរាល់គ្នាទទួលសេចក្ដីសង្គ្រោះទេ»។
១៣ ពេលដែលពួកគេឃើញថាពេត្រុសនិងយ៉ូហាននិយាយដោយសេចក្ដីក្លាហានដូច្នេះ ក៏យល់ឃើញថាពួកគាត់មិនបានរៀនសូត្រ* នោះពួកគេតាំងឆ្ងល់ រួចចាប់ផ្ដើមដឹងថាពួកគាត់ធ្លាប់នៅជាមួយនឹងលោកយេស៊ូ ១៤ ហើយកាលដែលពួកគេមើលបុរសដែលពួកគាត់បានធ្វើឲ្យជា ដែលកំពុងឈរជាមួយនឹងពួកគាត់ នោះពួកគេគ្មានអ្វីឆ្លើយតបទេ។ ១៥ ដូច្នេះ ពួកគេបង្គាប់ពួកគាត់ឲ្យចេញក្រៅសាលក្រុមប្រឹក្សាជាន់ខ្ពស់* រួចពួកគេចាប់ផ្ដើមប្រឹក្សាគ្នា ១៦ ថា៖ «តើយើងត្រូវធ្វើអ្វីដល់បុរសទាំងនេះ? ពីព្រោះសញ្ញាសម្គាល់ដ៏អស្ចារ្យមួយបានកើតឡើងតាមរយៈពួកគេពិតមែន ជាសញ្ញាសម្គាល់ដែលអ្នកក្រុងយេរូសាឡិមទាំងឡាយបានឃើញជាក់ស្តែង ហើយយើងបដិសេធមិនបានទេ។ ១៧ ទោះជាយ៉ាងនោះក៏ដោយ ចូរយើងគំរាមពួកគេ ហើយប្រាប់ថាមិនត្រូវនិយាយដោយនូវឈ្មោះនោះទៅអ្នកណាម្នាក់តទៅទៀតឡើយ ដើម្បីកុំឲ្យការនោះឮសុសសាយក្នុងចំណោមបណ្ដាជន»។
១៨ និយាយចប់ហើយ ពួកគេក៏ហៅពួកគាត់មក រួចបង្គាប់ថា មិនត្រូវនិយាយឬបង្រៀនដោយនូវនាមលោកយេស៊ូសោះឡើយ ទោះជានៅកន្លែងណាក៏ដោយ។ ១៩ ប៉ុន្តែពេត្រុសនិងយ៉ូហានតបទៅពួកគេថា៖ «ប្រសិនបើអ្នករាល់គ្នាគិតថាការស្ដាប់តាមអ្នករាល់គ្នាជាជាងស្ដាប់តាមព្រះ ជាអ្វីដែលព្រះចាត់ទុកជាអំពើសុចរិត នោះស្រេចលើអ្នករាល់គ្នាចុះ។ ២០ ប៉ុន្តែចំណែកយើងវិញ យើងមិនអាចឈប់និយាយអំពីអ្វីដែលយើងបានឃើញនិងឮបានទេ»។ ២១ ដូច្នេះ ពួកគេគំរាមពួកគាត់ទៀត រួចដោះលែងទៅ ដោយសារមិនអាចរកឃើញហេតុឲ្យដាក់ទោសពួកគាត់ និងដោយសារបណ្ដាជន ព្រោះបណ្ដាជនទាំងឡាយកំពុងតម្កើងព្រះដោយសារអ្វីដែលបានកើតឡើង ២២ ព្រោះបុរសដែលបានត្រូវធ្វើឲ្យជាដោយហេតុអស្ចារ្យនោះ មានអាយុជាងសែសិបឆ្នាំហើយ។
២៣ បន្ទាប់ពីបានត្រូវដោះលែងហើយ ពួកគាត់ក៏ទៅឯអ្នករួមជំនឿ ហើយរៀបរាប់ប្រាប់អំពីអ្វីៗដែលពួកសង្ឃនាយកនិងពួកបុរសចាស់ទុំបាននិយាយទៅកាន់ពួកគាត់។ ២៤ កាលដែលឮអ្វីៗទាំងនោះ ពួកគាត់ទាំងអស់គ្នាបានបន្លឺសំឡេងអធិដ្ឋានទៅព្រះរួមគ្នាថា៖
«ឱម្ចាស់ដ៏ឧត្តមបំផុត លោកជាអ្នកដែលបានបង្កើតមេឃ ផែនដី សមុទ្រ និងអ្វីៗទាំងអស់ដែលនៅទីនោះ ២៥ ហើយលោកបានមានប្រសាសន៍ដោយសកម្មពលបរិសុទ្ធរបស់លោក តាមរយៈមាត់របស់ដាវីឌ ជាបុព្វបុរសរបស់យើង និងជាអ្នកបម្រើរបស់លោកថា៖ ‹ហេតុអ្វីបានជាប្រជាជាតិទាំងឡាយចាប់ផ្ដើមជ្រួលច្របល់ ហើយជនជាតិនានាជញ្ជឹងគិតអំពីការឥតប្រយោជន៍? ២៦ ពួកស្តេចផែនដីបានក្រោកឈរ ហើយពួកអ្នកគ្រប់គ្រងបានរួមគ្នាប្រឆាំងព្រះយេហូវ៉ានិងប្រឆាំងអ្នកដែលលោកបានរើសតាំង›។ ២៧ គឺដូច្នោះមែន ព្រោះទាំងហេរ៉ូឌទាំងប៉ុនទាសពីឡាតជាមួយនឹងជនជាតិផ្សេងនិងជនជាតិអ៊ីស្រាអែល ពិតជាបានជួបជុំគ្នានៅក្រុងនេះ ដើម្បីប្រឆាំងអ្នកបម្រើបរិសុទ្ធរបស់លោក គឺលោកយេស៊ូគ្រិស្ត ដែលលោកបានរើសតាំង* ២៨ ដើម្បីឲ្យធ្វើអ្វីដែលឫទ្ធានុភាពនិងបំណងប្រាថ្នារបស់លោកបានសម្រេចទុកជាមុនថាត្រូវកើតឡើង។ ២៩ ឥឡូវនេះ ឱព្រះយេហូវ៉ាអើយ សូមស្ដាប់សេចក្ដីគំរាមរបស់ពួកគេ ហើយអនុគ្រោះឲ្យពួកខ្ញុំបម្រើរបស់លោកបន្តប្រកាសបណ្ដាំរបស់លោកដោយសេចក្ដីក្លាហាន ៣០ កាលដែលលោកលាដៃដើម្បីធ្វើឲ្យមនុស្សជាសះស្បើយ ហើយកាលដែលសញ្ញាសម្គាល់និងការអស្ចារ្យកើតឡើងដោយនូវនាមអ្នកបម្រើបរិសុទ្ធរបស់លោក គឺលោកយេស៊ូ»។
៣១ លុះបានអង្វរចប់ហើយ កន្លែងដែលពួកគាត់ជួបជុំគ្នាបានរញ្ជួយ ហើយពួកគាត់ទាំងអស់គ្នាបានពេញទៅដោយសកម្មពលបរិសុទ្ធរបស់ព្រះ ក៏បានប្រកាសបណ្ដាំរបស់ព្រះដោយសេចក្ដីក្លាហាន។
៣២ ម្យ៉ាងទៀត អស់អ្នកដែលជាអ្នកជឿបានរួមចិត្តគំនិត* តែមួយ ហើយគ្មានអ្នកណាម្នាក់ចង់និយាយថាអ្វីដែលពួកគាត់មានជារបស់ខ្លួនទេ តែពួកគាត់មានអ្វីៗទាំងអស់ជាមួយគ្នា។ ៣៣ ហើយដោយអានុភាពខ្លាំងក្លា នោះពួកសាវ័កបន្តធ្វើជាសាក្សីបញ្ជាក់អំពីការប្រោសលោកម្ចាស់យេស៊ូឲ្យរស់ឡើងវិញ ហើយពួកគាត់ទាំងអស់គ្នាបានទទួលគុណវិសេសដ៏ច្រើនលើសលប់ពីព្រះ។ ៣៤ ម្យ៉ាងទៀត គ្មានអ្នកណាម្នាក់ក្នុងចំណោមពួកគាត់ខ្វះខាតឡើយ ព្រោះអស់អ្នកណាដែលមានស្រែចម្ការឬផ្ទះ បានលក់យកប្រាក់មក ៣៥ ឲ្យពួកសាវ័ក។ រួចពួកសាវ័កក៏ចែកដល់ពួកគាត់ម្នាក់ៗ តាមដែលមានសេចក្ដីត្រូវការ។ ៣៦ ដូច្នេះ យ៉ូសែប ដែលពួកសាវ័កហៅថាបាណាបាស ដែលមានន័យថា កូននៃការសម្រាលទុក្ខ ហើយដែលជាអ្នកក្រុងគីប្រុស ពីកុលសម្ព័ន្ធលេវី ៣៧ គាត់មានដី ហើយបានលក់យកប្រាក់មកឲ្យពួកសាវ័ក។