សកម្មភាព
១៧ ឥឡូវពួកគាត់ធ្វើដំណើរកាត់ក្រុងអាំភីពើលិសនិងក្រុងអាប៉ូឡូនា ទៅដល់ក្រុងថែស្សាឡូនិច ហើយនៅទីនោះមានសាលាប្រជុំមួយរបស់ជនជាតិយូដា។ ២ ម្ល៉ោះហើយ ប៉ូលបានចូលទៅជួបពួកគេ តាមទម្លាប់របស់គាត់ ហើយបានយកបទគម្ពីរមកជជែកវែកញែកជាមួយនឹងពួកគេអស់បីថ្ងៃឈប់សម្រាក ៣ ថែមទាំងពន្យល់និងបញ្ជាក់ភ័ស្តុតាងដោយផ្អែកលើអ្វីដែលបានត្រូវសរសេរ ដើម្បីឲ្យយល់ថាគ្រិស្តត្រូវរងទុក្ខ ហើយរស់ពីស្លាប់ឡើងវិញ។ គាត់ក៏និយាយថា៖ «លោកយេស៊ូដែលខ្ញុំកំពុងផ្សព្វផ្សាយប្រាប់អ្នករាល់គ្នា គឺជាគ្រិស្តនោះឯង»។ ៤ ជាលទ្ធផលពួកគេខ្លះបានទៅជាអ្នកជឿ ហើយបានសេពគប់ជាមួយនឹងប៉ូលនិងស៊ីឡាស។ ពួកក្រិចច្រើនសន្ធឹកដែលគោរពប្រណិប័តន៍ព្រះ ហើយស្ត្រីជាច្រើនដែលមានមុខមាត់ក៏បានធ្វើដូច្នោះដែរ។
៥ ប៉ុន្តែជនជាតិយូដាតាំងមានចិត្តច្រណែន ក៏ប្រមូលបុរសទុច្ចរិតមួយចំនួនពីចំណោមមនុស្សត្រែតត្រតដែលនៅតាមផ្សារបង្កើតជាក្រុមមួយបង្កចលាចលក្នុងក្រុង ហើយពួកគេសម្រុកចូលក្នុងផ្ទះយេសុន រកចាប់ប៉ូលនិងស៊ីឡាសយកទៅប្រគល់ឲ្យមនុស្សទាំងនោះ។ ៦ លុះរកពួកគាត់មិនឃើញ ពួកគេអូសយេសុននិងបងប្រុសៗខ្លះទៅឯពួកអ្នកគ្រប់គ្រងក្រុងនោះ ដោយស្រែកឡើងថា៖ «បុរសទាំងនោះដែលបានបង្កឲ្យមានភាពជ្រួលច្របល់នៅគ្រប់ទីអាស្រ័យនៅផែនដី ក៏នៅទីនេះដែរ ៧ ហើយយេសុនបានទទួលពួកគាត់ឲ្យស្នាក់នៅ។ បុរសទាំងអស់នេះបំពានបញ្ញត្ដិរបស់សេសារ* ដោយនិយាយថាមានស្តេចមួយទៀត គឺយេស៊ូ»។ ៨ ឮដូច្នេះ បណ្ដាជននិងពួកអ្នកគ្រប់គ្រងក្រុងបានជ្រួលច្របល់ក្នុងចិត្ត ៩ ហើយបន្ទាប់ពីបានយកប្រាក់ធានាគ្រប់គ្រាន់ពីយេសុននិងអ្នកឯទៀត ពួកគេក៏ដោះលែងពួកគាត់ទៅ។
១០ ពេលយប់មកដល់ភ្លាម បងប្អូនបានឲ្យប៉ូលនិងស៊ីឡាសចេញទៅក្រុងបេរៀ។ លុះទៅដល់ហើយ ពួកគាត់ក៏ចូលក្នុងសាលាប្រជុំរបស់ជនជាតិយូដា។ ១១ ជនជាតិយូដានៅក្រុងបេរៀមានសន្ដានចិត្តល្អជាងពួកអ្នកនៅក្រុងថែស្សាឡូនិច ព្រោះពួកគាត់ទទួលបណ្ដាំរបស់ព្រះដោយក្ដីរំភើប ក៏បានពិនិត្យមើលបទគម្ពីររាល់ថ្ងៃដើម្បីឲ្យដឹងថាការទាំងនោះជាការពិតឬមិនពិត។ ១២ ដូច្នេះ ពួកគេជាច្រើននាក់បានទៅជាអ្នកជឿ ហើយបុរសស្ត្រីក្រិចជាច្រើននាក់ដែលមានមុខមាត់ក៏បានធ្វើដូច្នេះដែរ។ ១៣ ប៉ុន្តែកាលដែលជនជាតិយូដាពីក្រុងថែស្សាឡូនិចដឹងថាប៉ូលបានផ្សព្វផ្សាយបណ្ដាំរបស់ព្រះនៅបេរៀដែរ ពួកគេក៏បានទៅទីនោះដើម្បីអុជអាលមហាជនឲ្យជ្រួលច្របល់។ ១៤ ម្ល៉ោះហើយ បងប្អូនឲ្យប៉ូលចេញទៅរហូតដល់មាត់សមុទ្រភ្លាម ប៉ុន្តែស៊ីឡាសនិងធីម៉ូថេនៅទីនោះតទៅទៀត។ ១៥ ក៏ប៉ុន្តែ ពួកអ្នកដែលជូនដំណើរប៉ូលបាននាំគាត់រហូតដល់ក្រុងអាថែន រួចបន្ទាប់ពីទទួលបង្គាប់ឲ្យស៊ីឡាសនិងធីម៉ូថេមកឯគាត់ឲ្យបានឆាប់បំផុត នោះពួកគាត់ក៏ចាកចេញទៅ។
១៦ កាលដែលប៉ូលកំពុងរង់ចាំពួកគាត់នៅក្រុងអាថែន គាត់ចាប់ផ្ដើមទើសចិត្តដោយសារឃើញថាក្រុងនោះពេញទៅដោយរូបព្រះ។ ១៧ ដូច្នេះ គាត់ចាប់ផ្ដើមជជែកវែកញែកជាមួយនឹងជនជាតិយូដានៅសាលាប្រជុំ ជាមួយនឹងមនុស្សឯទៀតដែលគោរពប្រណិប័តន៍ព្រះ ហើយក៏ជជែកវែកញែករៀងរាល់ថ្ងៃជាមួយនឹងអស់អ្នកដែលគាត់ជួបនៅផ្សារ។ ១៨ ប៉ុន្តែអ្នកខ្លះពីចំណោមពួកទស្សនវិទូអេពីគួ* និងទស្សនវិទូស្តូអ៊ីក* ចាប់ផ្ដើមជជែកតវ៉ាជាមួយនឹងគាត់ ហើយពួកគេខ្លះបាននិយាយថា៖ «តើអ្នកព្រោកប្រាជ្ញនេះចង់និយាយអ្វី?» អ្នកឯទៀតថា៖ «តាមមើលទៅ គាត់ផ្សព្វផ្សាយអំពីព្រះដទៃ»។ នេះគឺដោយសារគាត់ប្រកាសដំណឹងល្អអំពីលោកយេស៊ូនិងអំពីការប្រោសឲ្យរស់ឡើងវិញ។ ១៩ ដូច្នេះ ពួកគេនាំយកគាត់ទៅឯអារីយ៉ូស* ដោយនិយាយថា៖ «តើយើងអាចស្គាល់សេចក្ដីបង្រៀនថ្មីនេះដែលអ្នកកំពុងប្រាប់បានទេ? ២០ ព្រោះអ្នកកំពុងនិយាយអំពីរឿងចម្លែកណាស់។ ដូច្នេះ យើងចង់ដឹងថារឿងទាំងនោះមានន័យដូចម្ដេច»។ ២១ ការពិត ពេលដែលអ្នកក្រុងអាថែននិងជនបរទេសដែលស្នាក់នៅក្រុងនោះមានពេលទំនេរ ពួកគេមិនធ្វើអ្វីទេក្រៅពីនិយាយឬស្ដាប់រឿងថ្មីៗប៉ុណ្ណោះ។ ២២ ឥឡូវប៉ូលឈរនៅកណ្ដាលអារីយ៉ូស ហើយនិយាយថា៖
«អ្នកក្រុងអាថែនអើយ ខ្ញុំសង្កេតឃើញថា អ្នករាល់គ្នាហាក់ដូចជាមានចិត្តកោតខ្លាចជាងអ្នកឯទៀតចំពោះព្រះផ្សេងៗ។ ២៣ ជាឧទាហរណ៍ កាលដែលខ្ញុំបានដើរនៅទីនេះ ខ្ញុំបានសង្កេតមើលអ្វីៗដែលអ្នករាល់គ្នាគោរពបូជា ហើយឃើញទីបូជាមួយដែលមានអក្សរចារឹកថា‹ជូនព្រះដែលគេពុំស្គាល់›។ ដូច្នេះ ខ្ញុំកំពុងផ្សព្វផ្សាយប្រាប់អ្នករាល់គ្នាអំពីលោកដែលអ្នករាល់គ្នាកំពុងគោរពបូជាដោយមិនស្គាល់នោះ។ ២៤ ព្រះដែលបានបង្កើតពិភពលោកនិងអ្វីៗទាំងអស់ក្នុងពិភពលោក មិននៅក្នុងវិហារធ្វើដោយដៃមនុស្សឡើយ ព្រោះលោកជាម្ចាស់មេឃនិងផែនដី ២៥ លោកក៏មិនត្រូវការឲ្យមនុស្សបម្រើលោក ហាក់បីដូចជាលោកត្រូវការអ្វីមួយ ពីព្រោះគឺលោកហើយដែលផ្ដល់ជីវិត ដង្ហើម និងអ្វីៗទាំងអស់ដល់មនុស្សគ្រប់រូប។ ២៦ លោកបានបង្កើតជនជាតិទាំងឡាយពីបុរសតែមួយ ដើម្បីឲ្យអាស្រ័យនៅពេញផែនដី ក៏បានចេញបញ្ជាស្តីអំពីគ្រាកំណត់ ក៏បានដាក់កម្រិតលើទីអាស្រ័យនៅរបស់មនុស្សជាតិ ២៧ ដើម្បីឲ្យពួកគេរកព្រះ ប្រសិនបើពួកគេនឹងស្វះស្វែងរកលោកទាល់តែឃើញ ទោះជាការពិត លោកមិននៅឆ្ងាយពីយើងម្នាក់ៗក៏ដោយ។ ២៨ ព្រោះគឺដោយសារលោកទើបមានយើង ហើយគឺដោយសារលោក ទើបយើងមានជីវិត ក៏អាចធ្វើចលនាផង ដូចកវីខ្លះរបស់អ្នករាល់គ្នាថា៖ ‹ព្រោះយើងក៏ជាពូជពង្សរបស់លោកដែរ›។
២៩ «ដូច្នេះ ដោយឃើញថាយើងជាពូជពង្សរបស់ព្រះ យើងមិនគួរនឹកស្មានថាព្រះគឺដូចជាមាស ឬប្រាក់ ឬថ្ម ដូចអ្វីដែលបានត្រូវឆ្លាក់តាមការនឹកឃើញរបស់មនុស្សទេ។ ៣០ ពិតមែនតែព្រះមិនបានប្រកាន់ទោសមនុស្សឡើយក្នុងគ្រាដែលពួកគេខ្វះចំណេះដឹង ប៉ុន្តែឥឡូវនេះ លោកកំពុងប្រាប់មនុស្សជាតិនៅគ្រប់កន្លែងថា ពួកគេត្រូវប្រែចិត្ត។ ៣១ ពីព្រោះលោកបានកំណត់មួយថ្ងៃដែលលោកមានគោលបំណងវិនិច្ឆ័យពិភពលោកដោយសេចក្ដីសុចរិត តាមរយៈបុរសម្នាក់ដែលលោកបានតែងតាំង ហើយលោកបានផ្ដល់ការធានាដល់មនុស្សគ្រប់រូប ដោយប្រោសបុរសនោះឲ្យរស់ពីស្លាប់ឡើងវិញ»។
៣២ ពេលដែលឮអំពីការប្រោសឲ្យរស់ពីស្លាប់ឡើងវិញ ពួកគេខ្លះចាប់ផ្ដើមចំអកឲ្យ ឯអ្នកខ្លះទៀតនិយាយថា៖ «យើងនឹងស្ដាប់អ្នកនិយាយអំពីរឿងនេះតទៅទៀតនៅពេលក្រោយ»។ ៣៣ ដូច្នេះ ប៉ូលចេញពីចំណោមពួកគេទៅ ៣៤ ប៉ុន្តែអ្នកខ្លះនៅជាប់នឹងគាត់ហើយក្លាយទៅជាអ្នកជឿ រួមមានឌីយ៉ូនីស ជាចៅក្រមម្នាក់នៅតុលាការអារីយ៉ូស និងស្ត្រីម្នាក់ឈ្មោះដាម៉ារីស ក៏មានអ្នកឯទៀតផងដែរ។