អេភេសូរ
១ ពីខ្ញុំ ប៉ូល សាវ័ក* របស់គ្រិស្ត* យេស៊ូតាមបំណងប្រាថ្នារបស់ព្រះ ជូនចំពោះពួកអ្នកបរិសុទ្ធនិងពួកអ្នកស្មោះត្រង់ដែលជាអ្នកកាន់តាមគ្រិស្តយេស៊ូនៅក្រុងអេភេសូរ៖
២ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយគុណដ៏វិសេសលើសលប់និងសេចក្ដីសុខសាន្តពីព្រះ ជាបិតារបស់យើង និងពីលោកម្ចាស់យេស៊ូគ្រិស្ត។
៣ សូមសរសើរព្រះ ជាបិតារបស់លោកយេស៊ូគ្រិស្តដែលជាម្ចាស់របស់យើង ព្រោះនៅស្ថានសួគ៌ លោកបានឲ្យពរសព្វបែបយ៉ាងមកយើងជាអ្នកកាន់តាមគ្រិស្ត តាមរយៈសកម្មពល* របស់លោក ៤ ដូចលោកបានជ្រើសរើសយើងមុនកំណើតពិភពលោកឲ្យរួបរួមជាមួយនឹងគ្រិស្ត ដើម្បីឲ្យយើងបរិសុទ្ធ ហើយឥតសៅហ្មងនៅចំពោះលោក ដោយសេចក្ដីស្រឡាញ់។ ៥ ព្រោះលោកបានជ្រើសរើសយើងទុកជាមុនឲ្យទៅជាកូនរបស់លោកតាមរយៈលោកយេស៊ូគ្រិស្ត តាមដែលលោកពេញចិត្ត និងតាមបំណងប្រាថ្នារបស់លោក ៦ ដើម្បីឲ្យលោកទទួលសេចក្ដីសរសើរដោយសារភាពរុងរឿងនៃគុណដ៏វិសេសលើសលប់ដែលលោកមានលើយើង តាមរយៈបុត្រជាទីស្រឡាញ់របស់លោក។ ៧ ដោយបង់ថ្លៃលោះ នោះបុត្រលោកបានរំដោះយើងតាមរយៈឈាមរបស់ខ្លួន ពោលគឺយើងទទួលការអភ័យទោសចំពោះកំហុសរបស់យើង ដោយសារភាពបរិបូរនៃគុណដ៏វិសេសលើសលប់របស់លោក។
៨ លោកបានធ្វើឲ្យគុណដ៏វិសេសលើសលប់របស់លោកមានជាបរិបូរលើយើង ព្រមទាំងប្រាជ្ញានិងការយល់ដឹងគ្រប់យ៉ាង ៩ ដោយធ្វើឲ្យយើងស្គាល់អាថ៌កំបាំងដ៏ពិសិដ្ឋអំពីបំណងប្រាថ្នារបស់លោក។ អាថ៌កំបាំងនោះគឺអំពីអ្វីដែលលោកពេញចិត្តធ្វើ តាមការតាំងចិត្តរបស់លោក ១០ ដើម្បីរៀបចំរបៀបចាត់ចែងមួយនៅពេលដែលគ្រាកំណត់បានមកដល់ទីបញ្ចប់ ពោលគឺ ដើម្បីបង្រួបបង្រួមអ្វីៗទាំងអស់ម្ដងទៀតក្នុងគ្រិស្ត គឺអ្វីៗនៅស្ថានសួគ៌និងអ្វីៗនៅផែនដី។ គឺក្នុងគ្រិស្តហើយ ដែលអ្វីៗទាំងអស់នឹងត្រូវបង្រួបបង្រួម។ ១១ ហើយយើងបានត្រូវតែងតាំងជាអ្នកទទួលមត៌កដោយរួមគ្នាជាមួយនឹងលោក ដោយយើងបានត្រូវជ្រើសរើសទុកជាមុនស្របតាមគោលបំណងរបស់លោកដែលធ្វើអ្វីៗទាំងអស់តាមបំណងប្រាថ្នារបស់លោកតម្រូវ ១២ ដើម្បីឲ្យសិរីរុងរឿងរបស់លោកបានត្រូវសរសើរតម្កើងតាមរយៈយើង ជាអ្នកដែលបានសង្ឃឹមលើគ្រិស្តមុនគេ។ ១៣ ប៉ុន្តែអ្នករាល់គ្នាក៏បានសង្ឃឹមលើលោកដែរ ក្រោយពីអ្នករាល់គ្នាបានឮបណ្ដាំអំពីសេចក្ដីពិត គឺជាដំណឹងល្អអំពីសេចក្ដីសង្គ្រោះរបស់អ្នករាល់គ្នា។ ក្រោយពីអ្នករាល់គ្នាបានជឿហើយ នោះតាមរយៈលោកដែរ ព្រះបានបិទត្រាមួយលើអ្នករាល់គ្នា ពោលគឺសកម្មពលបរិសុទ្ធដែលលោកបានសន្យាឲ្យ ១៤ ហើយនោះជាការបញ្ចាំចិត្តដែលបញ្ជាក់មត៌ករបស់យើង។ ការបោះត្រានោះគឺដើម្បីរំដោះរាស្ត្ររបស់ព្រះផ្ទាល់ដោយការលោះ ដើម្បីឲ្យសិរីរុងរឿងរបស់លោកបានត្រូវសរសើរតម្កើង។
១៥ ហេតុនេះ តាំងពីខ្ញុំបានឮអំពីជំនឿដែលអ្នករាល់គ្នាមានលើលោកម្ចាស់យេស៊ូនិងចំពោះពួកអ្នកបរិសុទ្ធទាំងឡាយ ខ្ញុំក៏ ១៦ ថ្លែងអំណរគុណឥតឈប់ដោយសារអ្នករាល់គ្នា។ ខ្ញុំនៅតែអធិដ្ឋានអំពីអ្នករាល់គ្នាជានិច្ច ១៧ ដើម្បីឲ្យព្រះដែលជាបិតា ដែលប្រកបទៅដោយសិរីរុងរឿង គឺព្រះរបស់លោកយេស៊ូគ្រិស្តដែលជាម្ចាស់របស់យើង ផ្ដល់ឲ្យអ្នករាល់គ្នាមានប្រាជ្ញានិងការយល់ដឹងអំពីអ្វីដែលលោកបើកបង្ហាញ ក្នុងពេលដែលអ្នកទទួលចំណេះត្រឹមត្រូវអំពីលោក ១៨ លោកបានបំភ្លឺភ្នែក* អ្នករាល់គ្នា ដើម្បីឲ្យស្គាល់សេចក្ដីសង្ឃឹមដែលលោកបានហៅអ្នករាល់គ្នាមកទទួល ហើយឲ្យស្គាល់ទ្រព្យវិសេសក្រៃលែងដែលលោកទុកជាមត៌កសម្រាប់ពួកអ្នកបរិសុទ្ធ ១៩ ហើយឲ្យស្គាល់ឫទ្ធានុភាពខ្លាំងមហិមាដែលលោកបានសម្ដែងចំពោះយើងដែលជាអ្នកជឿ។ នោះបានសឲ្យឃើញក្នុងកិច្ចការដែលបានត្រូវសម្រេចដោយឫទ្ធានុភាពខ្លាំងក្លារបស់លោក ២០ ដែលលោកបានប្រើក្នុងករណីរបស់គ្រិស្ត ពេលដែលលោកប្រោសគ្រិស្តឲ្យរស់ពីស្លាប់ឡើងវិញ ហើយឲ្យអង្គុយនៅខាងស្ដាំលោកនៅស្ថានសួគ៌ ២១ ខ្ពង់ខ្ពស់ជាងគ្រប់រដ្ឋាភិបាល អំណាច ឫទ្ធានុភាព ការគ្រប់គ្រង និងនាមទាំងអស់ មិនគ្រាន់តែនៅបច្ចុប្បន្ននេះ* ប៉ុណ្ណោះទេ តែនៅអនាគតដែរ។ ២២ ព្រះក៏បានដាក់អ្វីៗទាំងអស់ឲ្យចុះចូលក្រោមបាតជើងរបស់លោក ហើយបានតែងតាំងលោកជាប្រមុខនៃអ្វីៗទាំងអស់ដើម្បីក្រុមជំនុំ ២៣ ដែលជារូបកាយរបស់លោក និងដែលបានត្រូវបំពេញដោយសារលោក ហើយគឺលោកដែលបំពេញអ្វីៗទាំងអស់ ក្នុងអ្វីៗទាំងអស់។