យ៉ូហាន
៩ កាលដែលលោកកំពុងធ្វើដំណើរទៅ នោះលោកឃើញបុរសម្នាក់ដែលងងឹតភ្នែកតាំងពីកំណើត ២ ហើយពួកអ្នកកាន់តាមបានសួរលោកថា៖ «រ៉ាប៊ី* តើបុរសនេះងងឹតភ្នែកពីកំណើតដោយសារគាត់បានធ្វើខុស ឬក៏ដោយសារឪពុកម្ដាយរបស់គាត់បានធ្វើខុស?»។ ៣ លោកយេស៊ូឆ្លើយថា៖ «បុរសនេះមិនបានធ្វើខុស ហើយឪពុកម្ដាយរបស់គាត់ក៏មិនបានធ្វើខុសដែរ ប៉ុន្តែគឺដើម្បីឲ្យកិច្ចការរបស់ព្រះបានសឲ្យឃើញក្នុងករណីរបស់គាត់។ ៤ យើងត្រូវធ្វើកិច្ចការរបស់លោកដែលបានចាត់ខ្ញុំឲ្យមក ទាន់នៅថ្ងៃនៅឡើយ ព្រោះយប់នឹងមកដល់ ហើយពេលនោះគ្មានអ្នកណាអាចធ្វើបានទេ។ ៥ ដរាបណាខ្ញុំនៅក្នុងពិភពលោក ខ្ញុំជាពន្លឺនៃពិភពលោក»។ ៦ ក្រោយពីលោកមានប្រសាសន៍អ្វីៗទាំងនេះ លោកស្ដោះទឹកមាត់លើដី ហើយយកមកឈ្លីធ្វើជាភក់ រួចដាក់លើភ្នែករបស់បុរសនោះ ៧ ក៏មានប្រសាសន៍ទៅគាត់ថា៖ «ចូរទៅលាងភ្នែកក្នុងអាងទឹកស៊ីឡូម» (ដែលមានន័យថា‹ចាត់ឲ្យទៅ›)។ រួចមក គាត់ក៏ទៅលាងភ្នែក ហើយត្រឡប់មកវិញដោយអាចមើលឃើញបាន។
៨ ម្ល៉ោះហើយ ពួកអ្នកជិតខាងនិងអស់អ្នកដែលធ្លាប់ឃើញគាត់អង្គុយសុំទានតាំងនិយាយថា៖ «នេះជាបុរសដែលធ្លាប់អង្គុយសុំទាន មែនទេ?»។ ៩ អ្នកខ្លះបាននិយាយថា៖ «គឺគាត់ហើយ»។ អ្នកខ្លះទៀតបាននិយាយថា៖ «មិនមែនគាត់ទេ ប៉ុន្តែអ្នកនេះគឺដូចគាត់»។ បុរសនោះបាននិយាយថា៖ «ខ្ញុំនេះហើយជាអ្នកនោះ»។ ១០ ដូច្នេះ ពួកគេតាំងនិយាយទៅកាន់គាត់ថា៖ «បើដូច្នេះ ហេតុអ្វីបានជាអ្នកអាចមើលឃើញបាន?»។ ១១ គាត់ឆ្លើយថា៖ «បុរសឈ្មោះយេស៊ូបានយកដីឥដ្ឋមកឈ្លី រួចលាបភ្នែករបស់ខ្ញុំ ក៏ប្រាប់ខ្ញុំថា៖ ‹ចូរទៅអាងទឹកស៊ីឡូមហើយលាងភ្នែកចុះ›។ ដូច្នេះ ខ្ញុំបានទៅលាងភ្នែក រួចក៏អាចមើលឃើញ»។ ១២ ឮដូច្នេះ ពួកគេនិយាយទៅគាត់ថា៖ «តើបុរសនោះនៅឯណា?»។ គាត់និយាយថា៖ «ខ្ញុំមិនដឹងទេ»។
១៣ ពួកគេក៏នាំបុរសដែលធ្លាប់ងងឹតភ្នែកនោះទៅឯពួកផារិស៊ី។ ១៤ រីឯថ្ងៃដែលលោកយេស៊ូបានយកដីឥដ្ឋនោះមកឈ្លីហើយធ្វើឲ្យបុរសនោះអាចមើលឃើញ គឺជាថ្ងៃឈប់សម្រាក។ ១៥ ដូច្នេះ នៅពេលនោះពួកផារិស៊ីក៏តាំងសួរគាត់ដែរ អំពីមូលហេតុដែលគាត់អាចមើលឃើញ។ បុរសនោះប្រាប់ពួកគេថា៖ «គាត់ដាក់ដីឥដ្ឋលើភ្នែករបស់ខ្ញុំ រួចខ្ញុំបានលាងភ្នែក ហើយអាចមើលឃើញ»។ ១៦ ហេតុនេះ ពួកផារិស៊ីខ្លះតាំងនិយាយថា៖ «បុរសនោះមិនមកពីព្រះទេ ពីព្រោះគាត់មិនកាន់ថ្ងៃឈប់សម្រាកឡើយ»។ អ្នកឯទៀតតាំងនិយាយថា៖ «តើមនុស្សម្នាក់ដែលជាអ្នកធ្វើអំពើខុសឆ្គងអាចធ្វើសញ្ញាសម្គាល់បែបនេះដូចម្ដេចបាន?»។ ម្ល៉ោះហើយ ពួកគេបានបែកបាក់គ្នា។ ១៧ ដូច្នេះ ពួកគេនិយាយទៅកាន់បុរសដែលធ្លាប់ងងឹតភ្នែកថា៖ «តើអ្នកគិតយ៉ាងដូចម្ដេចអំពីបុរសនោះ ដោយសារគាត់បានធ្វើឲ្យអ្នកអាចមើលឃើញ?»។ បុរសនោះនិយាយថា៖ «គាត់ជាអ្នកប្រកាសទំនាយ»។
១៨ ក៏ប៉ុន្តែ ជនជាតិយូដាមិនបានជឿថាគាត់ធ្លាប់ងងឹតភ្នែកហើយអាចមើលឃើញទេ ទាល់តែពួកគេហៅឪពុកម្ដាយរបស់បុរសនោះមក។ ១៩ រួចពួកគេបានសួរឪពុកម្ដាយបុរសនោះថា៖ «តើនេះជាកូនប្រុសរបស់អ្នក ដែលអ្នកនិយាយថាបានងងឹតភ្នែកពីកំណើតឬ? បើដូច្នេះ ហេតុអ្វីឥឡូវនេះគាត់អាចមើលឃើញ?»។ ២០ ឪពុកម្ដាយរបស់បុរសនោះឆ្លើយថា៖ «យើងដឹងថានេះជាកូនប្រុសរបស់យើង ហើយក៏ដឹងថាគាត់ងងឹតភ្នែកពីកំណើត។ ២១ ប៉ុន្តែយើងមិនដឹងនូវមូលហេតុដែលគាត់អាចមើលឃើញឥឡូវនេះទេ ហើយក៏មិនដឹងថាអ្នកណាបានធ្វើឲ្យភ្នែកគាត់ភ្លឺដូច្នេះដែរ។ សូមសួរគាត់។ គាត់មានអាយុពេញវ័យតាមច្បាប់ហើយ។ គាត់ត្រូវនិយាយដោយខ្លួនគាត់»។ ២២ ឪពុកម្ដាយរបស់គាត់បាននិយាយដូច្នេះ ដោយសារពួកគាត់ខ្លាចជនជាតិយូដា ពីព្រោះជនជាតិយូដាបានសន្មតគ្នាថា បើមានអ្នកណាទទួលស្គាល់លោកជាគ្រិស្ត អ្នកនោះនឹងត្រូវបណ្ដេញចោលពីសាលាប្រជុំ។* ២៣ ហេតុនេះហើយបានជាឪពុកម្ដាយរបស់គាត់បាននិយាយថា៖ «គាត់មានអាយុពេញវ័យតាមច្បាប់ហើយ។ សូមសួរគាត់»។
២៤ ដូច្នេះ ពួកគេក៏ហៅបុរសដែលធ្លាប់ងងឹតភ្នែកនោះមកជាលើកទីពីរ រួចនិយាយទៅគាត់ថា៖ «ចូរលើកតម្កើងព្រះ។ យើងដឹងថាបុរសនេះជាអ្នកដែលប្រព្រឹត្តអំពើខុសឆ្គង»។ ២៥ គាត់ឆ្លើយថា៖ «ខ្ញុំមិនដឹងថាបុរសនេះជាអ្នកដែលប្រព្រឹត្តអំពើខុសឆ្គងឬក៏មិនមែនជាអ្នកដែលប្រព្រឹត្តអំពើខុសឆ្គងឡើយ។ ប៉ុន្តែអ្វីដែលខ្ញុំដឹង គឺថា ពីមុនខ្ញុំងងឹតភ្នែក តែឥឡូវខ្ញុំអាចមើលឃើញ»។ ២៦ ដូច្នេះ ពួកគេនិយាយទៅគាត់ថា៖ «តើគាត់បានធ្វើអ្វីដល់អ្នក? តើគាត់បានធ្វើឲ្យភ្នែករបស់អ្នកភ្លឺយ៉ាងដូចម្ដេច?»។ ២៧ គាត់ឆ្លើយថា៖ «ខ្ញុំបានប្រាប់អ្នករាល់គ្នារួចហើយ តែអ្នកមិនបានស្ដាប់ទេ។ ហេតុអ្វីអ្នកចង់ឮរឿងនោះម្ដងទៀត? តើអ្នករាល់គ្នាចង់ទៅជាអ្នកកាន់តាមរបស់គាត់ដែរឬ?»។ ២៨ ឮដូច្នេះ ពួកគេក៏ជេរប្រមាថគាត់ ហើយនិយាយថា៖ «អ្នកឯងជាអ្នកកាន់តាមបុរសនោះ តែយើងជាអ្នកកាន់តាមម៉ូសេ។ ២៩ យើងដឹងថាព្រះបានមានប្រសាសន៍នឹងម៉ូសេ ប៉ុន្តែយើងមិនដឹងថាបុរសនោះមកពីណាទេ»។ ៣០ បុរសនោះឆ្លើយថា៖ «គួរឲ្យអស្ចារ្យណាស់! ដែលអ្នករាល់គ្នាមិនដឹងថាគាត់មកពីណា តែគាត់បានធ្វើឲ្យខ្ញុំអាចមើលឃើញ។ ៣១ យើងដឹងថាព្រះមិនស្ដាប់សេចក្ដីអធិដ្ឋានរបស់អ្នកដែលប្រព្រឹត្តអំពើខុសឆ្គងឡើយ ប៉ុន្តែបើមានអ្នកណាកោតខ្លាចព្រះ ហើយធ្វើតាមបំណងប្រាថ្នារបស់ព្រះ នោះលោកស្ដាប់អ្នកនោះ។ ៣២ តាំងពីបុរាណកាលមក យើងមិនដែលឮថាមានអ្នកណាធ្វើឲ្យមនុស្សងងឹតភ្នែកពីកំណើតមើលឃើញឡើយ។ ៣៣ ប្រសិនបើបុរសនោះមិនមកពីព្រះទេ គាត់មិនអាចធ្វើអ្វីទាល់តែសោះ»។ ៣៤ ពួកគេបានតបទៅគាត់ថា៖ «អ្នកឯងបានកើតមកក្នុងភាពខុសឆ្គងសុទ្ធសាធ តើអ្នកឯងហ៊ានបង្រៀនយើងផងឬ?»។ រួចពួកគេក៏បណ្ដេញគាត់ចេញ!
៣៥ លោកយេស៊ូឮថាពួកគេបានបណ្ដេញគាត់ចេញ ហើយពេលដែលលោកឃើញបុរសនោះ លោកមានប្រសាសន៍ទៅគាត់ថា៖ «តើអ្នកមានជំនឿលើកូនមនុស្សទេ?»។ ៣៦ បុរសនោះឆ្លើយថា៖ «តើលោកនោះជាអ្នកណា? សូមប្រាប់ខ្ញុំ ដើម្បីខ្ញុំអាចជឿលើលោកនោះ»។ ៣៧ លោកយេស៊ូមានប្រសាសន៍ទៅគាត់ថា៖ «អ្នកបានឃើញលោកហើយ ម្យ៉ាងទៀត អ្នកដែលកំពុងនិយាយជាមួយនឹងអ្នក គឺជាលោកនោះ»។ ៣៨ បន្ទាប់មក គាត់និយាយថា៖ «លោកម្ចាស់ ខ្ញុំជឿលើលោកហើយ»។ រួចគាត់លំឱនកាយគោរពលោក។ ៣៩ ហើយលោកយេស៊ូមានប្រសាសន៍ថា៖ «ខ្ញុំបានចូលមកក្នុងពិភពលោកនេះដើម្បីផ្ដល់មូលដ្ឋានសម្រាប់ការវិនិច្ឆ័យនេះ ពោលគឺដើម្បីឲ្យអស់អ្នកដែលមើលមិនឃើញ អាចមើលឃើញបាន ហើយអស់អ្នកដែលមើលឃើញ ទៅជាងងឹតភ្នែកវិញ»។ ៤០ ពួកផារិស៊ីដែលនៅជាមួយនឹងលោកឮពាក្យទាំងនេះ ក៏និយាយទៅកាន់លោកថា៖ «តើយើងងងឹតភ្នែកដែរឬ?»។ ៤១ លោកយេស៊ូមានប្រសាសន៍ទៅពួកគេថា៖ «ប្រសិនបើអ្នករាល់គ្នាងងឹតភ្នែក អ្នករាល់គ្នានឹងគ្មានភាពខុសឆ្គងឡើយ។ ប៉ុន្តែ ដោយសារអ្នករាល់គ្នានិយាយថា៖ ‹យើងមើលឃើញ› នោះអ្នករាល់គ្នានៅមានភាពខុសឆ្គងនៅឡើយ»។