រ៉ូម
៧ បងប្អូនអើយ តើមិនដឹងទេថា (ព្រោះខ្ញុំកំពុងនិយាយទៅកាន់អ្នកដែលស្គាល់ច្បាប់* ហើយ) ច្បាប់គឺជាម្ចាស់លើមនុស្សដរាបណាដែលគេនៅរស់? ២ ជាឧទាហរណ៍ ច្បាប់ចែងថា ស្ត្រីដែលរៀបការហើយ ត្រូវនៅជាប់នឹងប្ដីដរាបណាដែលប្ដីនៅរស់ ប៉ុន្តែប្រសិនបើប្ដីស្លាប់ទៅ នាងរួចផុតពីច្បាប់របស់ប្ដីហើយ។ ៣ ម្ល៉ោះហើយ គេនឹងចាត់ទុកនាងជាស្ត្រីផិតក្បត់ ប្រសិនបើនាងរៀបការជាមួយនឹងបុរសផ្សេងទៀតកាលដែលប្ដីនាងនៅរស់។ ប៉ុន្តែប្រសិនបើប្ដីរបស់នាងស្លាប់ហើយ នាងរួចពីច្បាប់របស់ប្ដី ហើយបើនាងរៀបការជាមួយនឹងបុរសផ្សេងទៀត នាងមិនមែនជាស្ត្រីផិតក្បត់ឡើយ។
៤ ដូច្នេះ បងប្អូនខ្ញុំអើយ បើគិតពីច្បាប់ អ្នករាល់គ្នាបានស្លាប់ហើយ តាមរយៈរូបកាយរបស់គ្រិស្ត ដើម្បីឲ្យអ្នករាល់គ្នាទៅជារបស់អ្នកផ្សេង គឺរបស់លោកដែលបានត្រូវប្រោសឲ្យរស់ឡើងវិញ ដើម្បីឲ្យយើងបង្កើតផលដែលលើកតម្កើងព្រះ។ ៥ ព្រោះពីមុន ពេលដែលយើងនៅធ្វើតាមសេចក្ដីប៉ងប្រាថ្នានៃរូបកាយនៅឡើយ សេចក្ដីប៉ងប្រាថ្នាខុសទាំងប៉ុន្មានដែលបានត្រូវសឲ្យឃើញតាមរយៈច្បាប់ បានបញ្ចេញឥទ្ធិពលទៅលើអវយវៈរបស់យើង ដើម្បីឲ្យយើងបង្កើតផលដែលនាំឲ្យស្លាប់។ ៦ ប៉ុន្តែឥឡូវនេះ យើងរួចផុតពីច្បាប់ ពីព្រោះយើងប្រៀបដូចជាស្លាប់ចំពោះអ្វីដែលធ្លាប់ចាប់យើងជាប់ពីមុន ដើម្បីឲ្យយើងទៅជាខ្ញុំបម្រើក្នុងន័យថ្មីវិញ ដោយសារសកម្មពល* របស់ព្រះ មិនមែនក្នុងន័យចាស់ដោយសារក្បួនច្បាប់ជាលាយលក្ខណ៍អក្សរទេ។
៧ តើយើងត្រូវនិយាយយ៉ាងណាវិញ? តើច្បាប់ខុស* ឬ? ទេ! មិនអាចទេ! តាមពិត ប្រសិនបើគ្មានច្បាប់ នោះខ្ញុំមិនដឹងថាការខុសឆ្គងជាអ្វីទេ។ ជាឧទាហរណ៍ ប្រសិនបើច្បាប់មិនបានចែងថា៖ «អ្នកមិនត្រូវប៉ងប្រាថ្នាចង់បានរបស់អ្នកដទៃ» នោះខ្ញុំមិនបានដឹងថាការប៉ងប្រាថ្នាចង់បានរបស់អ្នកដទៃគឺខុស។ ៨ ប៉ុន្តែ ដោយសារបញ្ញត្ដិនោះ ភាពខុសឆ្គងបានឆ្លៀតឱកាសបណ្ដាលឲ្យខ្ញុំប៉ងប្រាថ្នាចង់បានរបស់សព្វបែបយ៉ាង ដែលជារបស់អ្នកដទៃ ព្រោះពេលគ្មានច្បាប់ ភាពខុសឆ្គងប្រៀបដូចជាស្លាប់ហើយ។ ៩ តាមពិត កាលដែលមិនទាន់មានច្បាប់ ខ្ញុំមានជីវិត ប៉ុន្តែក្រោយពីបញ្ញត្ដិបានមកដល់ហើយ ភាពខុសឆ្គងបានរស់ឡើងវិញ តែខ្ញុំបានស្លាប់។ ១០ ហើយបញ្ញត្ដិដែលនាំឲ្យទទួលជីវិត ខ្ញុំឃើញថានាំទៅដល់សេចក្ដីស្លាប់។ ១១ ព្រោះ ដោយសារបញ្ញត្ដិនោះ ភាពខុសឆ្គងបានឆ្លៀតឱកាសល្បួងលួងលោមខ្ញុំ ហើយបានសម្លាប់ខ្ញុំតាមរយៈបញ្ញត្ដិនោះ។ ១២ ចំណែកឯច្បាប់វិញ នោះបរិសុទ្ធ ហើយបញ្ញត្ដិគឺបរិសុទ្ធ សុចរិតយុត្ដិធម៌ និងល្អ។
១៣ បើដូច្នេះ តើអ្វីដែលល្អបានទៅជាសេចក្ដីស្លាប់ចំពោះខ្ញុំឬ? ទេ! មិនអាចទៅរួចទេ! ប៉ុន្តែគឺភាពខុសឆ្គងវិញ ដែលបានទៅជាសេចក្ដីស្លាប់ ដើម្បីសឲ្យឃើញថាគឺភាពខុសឆ្គងដែលកំពុងធ្វើឲ្យខ្ញុំស្លាប់តាមរយៈអ្វីដែលល្អនោះ ដើម្បីឲ្យភាពខុសឆ្គងរឹតតែខុសឆ្គងថែមទៀតតាមរយៈបញ្ញត្ដិ។ ១៤ ព្រោះយើងដឹងថាច្បាប់មកពីវិញ្ញាណ ប៉ុន្តែខ្ញុំជាសាច់ឈាម* ដែលបានត្រូវលក់ជាខ្ញុំបម្រើភាពខុសឆ្គង។ ១៥ ព្រោះខ្ញុំមិនដឹងថាខ្ញុំកំពុងធ្វើអ្វីទេ។ ព្រោះការដែលខ្ញុំប៉ងប្រាថ្នាធ្វើ ខ្ញុំមិនធ្វើជាទម្លាប់ទេ ប៉ុន្តែខ្ញុំធ្វើអ្វីដែលខ្ញុំស្អប់វិញ។ ១៦ ក៏ប៉ុន្តែ ប្រសិនបើខ្ញុំធ្វើអ្វីដែលខ្ញុំមិនប៉ងប្រាថ្នាធ្វើ ខ្ញុំយល់ស្របថាច្បាប់គឺល្អប្រសើរ។ ១៧ តែមិនមែនខ្ញុំទេដែលធ្វើការនោះ ប៉ុន្តែគឺជាភាពខុសឆ្គងដែលនៅក្នុងខ្លួនខ្ញុំវិញ។ ១៨ ព្រោះខ្ញុំដឹងថាក្នុងខ្លួនខ្ញុំ ពោលគឺក្នុងសាច់ឈាមខ្ញុំ គ្មានអ្វីល្អសោះ ព្រោះខ្ញុំមានសមត្ថភាពប៉ងប្រាថ្នា ប៉ុន្តែគ្មានសមត្ថភាពធ្វើការល្អប្រសើរឡើយ។ ១៩ ព្រោះខ្ញុំមិនធ្វើការល្អដែលខ្ញុំប៉ងប្រាថ្នាធ្វើនោះទេ ប៉ុន្តែខ្ញុំមានទម្លាប់ធ្វើការអាក្រក់ដែលខ្ញុំមិនប៉ងប្រាថ្នាធ្វើវិញ។ ២០ ប្រសិនបើខ្ញុំធ្វើអ្វីដែលខ្ញុំមិនប៉ងប្រាថ្នាធ្វើ នោះខ្ញុំមិនមែនជាអ្នកធ្វើទេ តែគឺជាភាពខុសឆ្គងដែលស្ថិតនៅក្នុងខ្លួនខ្ញុំវិញ។
២១ ដូច្នេះ ក្នុងករណីរបស់ខ្ញុំ ខ្ញុំឃើញថាមានច្បាប់មួយនេះ៖ កាលខ្ញុំប៉ងប្រាថ្នាធ្វើអ្វីដែលត្រឹមត្រូវ នោះអ្វីដែលអាក្រក់នៅជាប់ជាមួយនឹងខ្ញុំ។ ២២ ក្នុងចិត្តខ្ញុំ ខ្ញុំពិតជាត្រេកអរនឹងច្បាប់របស់ព្រះ ២៣ ប៉ុន្តែខ្ញុំសង្កេតឃើញថា មានច្បាប់មួយទៀតក្នុងអវយវៈរបស់ខ្ញុំ ដែលកំពុងច្បាំងនឹងច្បាប់ដែលនៅក្នុងគំនិតខ្ញុំ ហើយកំពុងនាំខ្ញុំទៅជាឈ្លើយក្រោមអំណាចច្បាប់នៃភាពខុសឆ្គង ដែលនៅក្នុងអវយវៈរបស់ខ្ញុំ។ ២៤ ពិបាកចិត្តណាស់ខ្ញុំ! តើអ្នកណានឹងសង្គ្រោះខ្ញុំពីរូបកាយដែលកំពុងនាំឲ្យខ្ញុំស្លាប់របៀបនេះ? ២៥ ខ្ញុំអរគុណព្រះតាមរយៈលោកយេស៊ូគ្រិស្ត ជាម្ចាស់របស់យើង! ដូច្នេះ គំនិតរបស់ខ្ញុំជាខ្ញុំបម្រើច្បាប់របស់ព្រះ ប៉ុន្តែរូបកាយរបស់ខ្ញុំជាខ្ញុំបម្រើច្បាប់របស់ភាពខុសឆ្គង។