យ៉ូហានទី១
២ កូនៗអើយ! ខ្ញុំសរសេររឿងទាំងនេះមកអ្នករាល់គ្នា ដើម្បីកុំឲ្យអ្នកធ្វើខុសអ្វីមួយឡើយ។ ក៏ប៉ុន្តែ ប្រសិនបើមានអ្នកណាភ្លាត់ធ្វើខុសអ្វីមួយ នោះលោកយេស៊ូគ្រិស្តដែលនៅជាមួយនឹងបិតាដែលស្ថិតនៅស្ថានសួគ៌ និងជាអ្នកសុចរិត នឹងជួយយើង។ ២ លោកបានធ្វើជាគ្រឿងបូជាសម្រាប់ផ្សះផ្សាចំណងមិត្តភាពរវាងយើងនិងព្រះ ហើយលោះយើងពីការខុសឆ្គង មិនគ្រាន់តែការខុសឆ្គងរបស់យើងប៉ុណ្ណោះទេ តែការខុសឆ្គងរបស់មនុស្សក្នុងពិភពលោកទាំងមូលដែរ។ ៣ បន្ថែមទៅទៀត ប្រសិនបើយើងប្រព្រឹត្តតាមបញ្ញត្ដិរបស់លោកជានិច្ច នោះយើងដឹងថាយើងស្គាល់លោកមែន។ ៤ អ្នកណាដែលនិយាយថា«ខ្ញុំស្គាល់លោកហើយ» តែមិនប្រព្រឹត្តតាមបញ្ញត្ដិរបស់លោក អ្នកនោះជាអ្នកភូតភរ ហើយសេចក្ដីពិតមិននៅក្នុងអ្នកនោះទេ។ ៥ ក៏ប៉ុន្តែ អ្នកណាដែលប្រព្រឹត្តតាមបណ្ដាំរបស់លោក អ្នកនោះពិតជាមានសេចក្ដីស្រឡាញ់ដ៏ពេញលក្ខណៈចំពោះព្រះ។ នេះបង្ហាញឲ្យយើងដឹងថា យើងរួបរួមជាមួយនឹងលោកហើយ។ ៦ អ្នកណាដែលនិយាយថាខ្លួនរួបរួមជាមួយនឹងលោកហើយ អ្នកនោះក៏មានកាតព្វកិច្ចរក្សារបៀបរស់នៅ ដូចលោកយេស៊ូធ្លាប់មានដែរ។*
៧ បងប្អូនជាទីស្រឡាញ់អើយ! ខ្ញុំមិនមែនសរសេរបញ្ញត្ដិថ្មីមកឲ្យអ្នករាល់គ្នាទេ តែគឺជាបញ្ញត្ដិចាស់ដែលអ្នករាល់គ្នាបានទទួលពីដើមដំបូង។ បញ្ញត្ដិចាស់នេះគឺជាបណ្ដាំដែលអ្នកធ្លាប់ឮ។ ៨ ទោះបីជាដូច្នេះក៏ដោយ ខ្ញុំកំពុងសរសេរបញ្ញត្ដិថ្មីមកឲ្យអ្នករាល់គ្នា គឺជាបញ្ញត្ដិដែលលោកបានកាន់តាម ហើយអ្នកក៏បានកាន់តាមដែរ ពីព្រោះភាពងងឹតកំពុងបាត់សូន្យទៅ ហើយពន្លឺដ៏ពិតកំពុងភ្លឺឡើង។
៩ អ្នកណាដែលនិយាយថា ខ្លួននៅក្នុងពន្លឺ តែស្អប់បងប្អូនខ្លួន អ្នកនោះជាអ្នកនៅក្នុងភាពងងឹតរហូតមកដល់ឥឡូវនេះ។ ១០ អ្នកណាដែលស្រឡាញ់បងប្អូនខ្លួន អ្នកនោះស្ថិតនៅក្នុងពន្លឺ ហើយក្នុងករណីរបស់អ្នកនោះ គ្មានហេតុដែលបណ្ដាលឲ្យជំពប់ដួល* ឡើយ។ ១១ ប៉ុន្តែអ្នកណាដែលស្អប់បងប្អូនខ្លួន អ្នកនោះនៅក្នុងភាពងងឹត ហើយកំពុងដើរក្នុងភាពងងឹត។ អ្នកនោះថែមទាំងមិនដឹងថាខ្លួនកំពុងទៅឯណាផង ពីព្រោះភាពងងឹតបានធ្វើឲ្យគាត់មើលមិនឃើញ។
១២ កូនៗអើយ! ខ្ញុំកំពុងសរសេរមកកាន់អ្នករាល់គ្នា ពីព្រោះព្រះបានអភ័យទោសចំពោះការខុសឆ្គងរបស់អ្នក ដើម្បីនាមរបស់លោក។* ១៣ ឪពុកទាំងឡាយអើយ! ខ្ញុំសរសេរទៅកាន់អ្នករាល់គ្នា ពីព្រោះអ្នករាល់គ្នាស្គាល់លោកដែលមាននៅកាលពីដើមដំបូង។ យុវជនទាំងឡាយអើយ! ខ្ញុំសរសេរទៅកាន់អ្នករាល់គ្នា ពីព្រោះអ្នករាល់គ្នាបានឈ្នះមេកំណាច។ កូនទាំងឡាយអើយ! ខ្ញុំសរសេរទៅកាន់អ្នករាល់គ្នា ពីព្រោះអ្នករាល់គ្នាស្គាល់បិតាដែលស្ថិតនៅស្ថានសួគ៌។ ១៤ ឪពុកទាំងឡាយអើយ! ខ្ញុំកំពុងសរសេរទៅកាន់អ្នករាល់គ្នា ពីព្រោះអ្នករាល់គ្នាស្គាល់លោកដែលមាននៅកាលពីដើមដំបូង។ យុវជនទាំងឡាយអើយ! ខ្ញុំកំពុងសរសេរទៅកាន់អ្នករាល់គ្នា ពីព្រោះអ្នករាល់គ្នាមានភាពរឹងមាំ ថែមទាំងបានឈ្នះមេកំណាច ហើយបណ្ដាំរបស់ព្រះក៏នៅជាប់ក្នុងចិត្តរបស់អ្នករាល់គ្នា។
១៥ កុំស្រឡាញ់ពិភពលោកនេះ ឬអ្វីៗក្នុងពិភពលោកនេះឡើយ។ ប្រសិនបើអ្នកណាស្រឡាញ់ពិភពលោកនេះ អ្នកនោះមិនស្រឡាញ់បិតាដែលស្ថិតនៅស្ថានសួគ៌ឡើយ។ ១៦ ពីព្រោះអ្វីៗក្នុងពិភពលោកនេះ ពោលគឺសេចក្ដីប៉ងប្រាថ្នាខុសឆ្គង ការចង់បានអ្វីដែលទាក់ទាញភ្នែក និងការអួតសម្ញែងភាពមានបានរបស់ខ្លួន នោះមិនមែនមកពីបិតាដែលស្ថិតនៅស្ថានសួគ៌ឡើយ តែមកពីពិភពលោកនេះវិញ។ ១៧ ម្យ៉ាងទៀត ពិភពលោកនេះ និងសេចក្ដីប៉ងប្រាថ្នារបស់វា កំពុងឈានទៅរកការសាបសូន្យ ប៉ុន្តែអ្នកណាដែលធ្វើតាមបំណងប្រាថ្នារបស់ព្រះ អ្នកនោះនឹងនៅជាប់ជារៀងរហូតវិញ។
១៨ កូនៗអើយ! នេះគឺជាពេលវេលាចុងក្រោយ ហើយអ្នកបានឮថាសត្រូវរបស់គ្រិស្តនឹងមក។ សូម្បីតែឥឡូវនេះ សត្រូវរបស់គ្រិស្តបានលេចមកជាច្រើន។ ហេតុដូច្នេះយើងដឹងថា នេះជាពេលវេលាចុងក្រោយ។ ១៩ ពួកគេបានចេញពីចំណោមយើងទៅ តែពួកគេមិនមែនជាគ្នាយើងទេ ពីព្រោះបើជាគ្នាយើងមែន នោះពួកគេនឹងនៅជាប់ជាមួយនឹងយើង។ ប៉ុន្តែពួកគេបានចេញពីចំណោមយើងទៅ នេះបង្ហាញឲ្យឃើញច្បាស់ថា មិនមែនអ្នកដែលនៅក្នុងចំណោមយើង ជាគ្នាយើងទាំងអស់ទេ។ ២០ បន្ថែមទៅទៀត ព្រះដ៏បរិសុទ្ធបានរើសតាំងអ្នករាល់គ្នា ហើយអ្នកក៏មានចំណេះ។ ២១ ខ្ញុំសរសេរមកអ្នករាល់គ្នា មិនមែនដោយសារអ្នករាល់គ្នាមិនស្គាល់សេចក្ដីពិតនោះទេ។ តែខ្ញុំសរសេរពីព្រោះអ្នករាល់គ្នាស្គាល់សេចក្ដីពិត ហើយពីព្រោះគ្មានសេចក្ដីភូតភរណាអាចកើតពីសេចក្ដីពិតបានឡើយ។
២២ តើអ្នកណាជាអ្នកកុហក បើមិនមែនអ្នកដែលមិនព្រមទទួលស្គាល់លោកយេស៊ូថាជាគ្រិស្ត? អ្នកណាដែលមិនព្រមទទួលស្គាល់បិតាដែលស្ថិតនៅស្ថានសួគ៌និងបុត្ររបស់លោក អ្នកនោះគឺជាសត្រូវរបស់គ្រិស្ត។ ២៣ អ្នកណាដែលមិនព្រមទទួលស្គាល់បុត្ររបស់ព្រះ អ្នកនោះមិនធ្វើឲ្យបិតាដែលស្ថិតនៅស្ថានសួគ៌ពេញចិត្តឡើយ។ តែអ្នកណាដែលទទួលស្គាល់បុត្ររបស់ព្រះ អ្នកនោះធ្វើឲ្យបិតាដែលស្ថិតនៅស្ថានសួគ៌ពេញចិត្តវិញ។ ២៤ ចំណែកអ្នករាល់គ្នា ចូររក្សានូវអ្វីៗដែលអ្នករាល់គ្នាបានឮពីដើមដំបូងឲ្យនៅជាប់ក្នុងចិត្តចុះ! ប្រសិនបើអ្វីៗដែលអ្នករាល់គ្នាបានឮពីដើមដំបូងនៅជាប់ក្នុងចិត្តនោះ អ្នកនឹងរួបរួមជាមួយនឹងបិតាដែលស្ថិតនៅស្ថានសួគ៌និងបុត្ររបស់លោក។ ២៥ ម្យ៉ាងទៀត នេះជាសេចក្ដីសន្យារបស់លោកថា យើងនឹងរស់ជារៀងរហូត។
២៦ ខ្ញុំសរសេររឿងទាំងនេះអំពីពួកអ្នកដែលខំបំភាន់អ្នករាល់គ្នា។ ២៧ ចំណែកអ្នករាល់គ្នាវិញ ព្រះបានរើសតាំង* អ្នកដោយសកម្មពល* របស់លោក ហើយសកម្មពលនោះនៅក្នុងអ្នក អ្នកក៏មិនត្រូវការអ្នកណាបង្រៀនអ្នកឡើយ។ ប៉ុន្តែការរើសតាំងដាយសកម្មពលរបស់លោកគឺជាសេចក្ដីពិត មិនមែនជាសេចក្ដីភូតភរទេ ហើយកំពុងបង្រៀនអ្នកអំពីអ្វីៗទាំងអស់។ ចូររួបរួមជាមួយនឹងលោកជារៀងរហូតតទៅ ដូចសកម្មពលរបស់លោកបានបង្រៀនអ្នក។ ២៨ ឥឡូវ កូនៗអើយ! ចូររួបរួមជាមួយនឹងលោកជារៀងរហូតតទៅ។ យ៉ាងនោះ យើងអាចនិយាយដោយក្លាហាន ពេលដែលលោកត្រូវសម្ដែងឲ្យឃើញក្នុងអំឡុងវត្តមានរបស់លោក ហើយយើងមិនត្រូវចេញពីមុខលោក ដោយទទួលសេចក្ដីអាម៉ាស់ខ្មាសឡើយ។ ២៩ ប្រសិនបើអ្នករាល់គ្នាដឹងថាលោកសុចរិត អ្នកក៏ដឹងដែរថា អស់អ្នកដែលប្រព្រឹត្តអំពើសុចរិត នោះកើតមកពីលោក។