ការបើកបង្ហាញ
១១ បន្ទាប់មក ខ្ញុំទទួលដើមត្រែងមួយដែលវែងដូចដំបង ហើយខ្ញុំបានត្រូវប្រាប់ថា៖ «ចូរក្រោកឡើងទៅវាស់បន្ទប់បរិសុទ្ធនៅវិហាររបស់ព្រះ ហើយវាស់ទីបូជា និងពួកអ្នកដែលកំពុងគោរពបូជានៅទីនោះ។ ២ ប៉ុន្តែចំណែកទីធ្លានៅខាងក្រៅបន្ទប់បរិសុទ្ធនៅវិហារ អ្នកមិនត្រូវវាស់ទេ* ពីព្រោះទីនោះបានត្រូវប្រគល់ដល់ប្រជាជាតិនានា ហើយពួកគេនឹងជាន់ឈ្លីក្រុងបរិសុទ្ធអស់សែសិបពីរខែ។ ៣ ខ្ញុំក៏នឹងចាត់សាក្សីទាំងពីរនាក់របស់ខ្ញុំឲ្យទៅប្រកាសទំនាយអស់រយៈពេលមួយពាន់ពីររយហុកសិបថ្ងៃដោយស្លៀកបាវ»។ ៤ អ្នកទាំងនោះត្រូវតំណាងដោយដើមអូលីវពីរដើម និងជើងចង្កៀងពីរដែលឈរនៅមុខម្ចាស់នៃផែនដី។
៥ ប្រសិនបើអ្នកណាចង់ធ្វើបាបសាក្សីទាំងនោះ ភ្លើងនឹងចេញពីមាត់ពួកគេទៅបញ្ឆេះពួកសត្រូវទាំងនោះ។ ប្រសិនបើអ្នកណាចង់ធ្វើបាបពួកគេ អ្នកនោះត្រូវស្លាប់តាមរបៀបនេះ។ ៦ សាក្សីទាំងនោះមានអំណាចធ្វើឲ្យមេឃរាំង មិនឲ្យភ្លៀងធ្លាក់មកក្នុងគ្រាដែលពួកគេប្រកាសទំនាយ ហើយពួកគេមានអំណាចធ្វើឲ្យទឹកក្លាយទៅជាឈាម ហើយមានអំណាចប្រើសេចក្ដីវេទនាសព្វបែបយ៉ាងដើម្បីវាយដំផែនដីតាមតែពួកគេចង់។
៧ នៅពេលដែលពួកគេបានបញ្ចប់កិច្ចការជាសាក្សីហើយ នោះសត្វសាហាវដែលឡើងមកពីទីជ្រៅបំផុតនឹងច្បាំងជាមួយនឹងពួកគេ ហើយឈ្នះ រួចក៏សម្លាប់ពួកគេ។ ៨ ឯសពរបស់ពួកគេនឹងនៅលើផ្លូវធំនៃក្រុងដ៏ខ្លាំងក្លាដែលត្រូវហៅថាសូដុមនិងអេស៊ីបក្នុងន័យធៀប ជាកន្លែងដែលម្ចាស់របស់ពួកគេបានត្រូវសម្លាប់ដែរ។ ៩ បណ្ដាជនពីជាតិសាសន៍នានា កុលសម្ព័ន្ធនានា ភាសាផ្សេងៗ និងប្រជាជាតិផ្សេងៗនឹងមើលសពរបស់ពួកគេអស់បីថ្ងៃកន្លះ ហើយមិនឲ្យគេបញ្ចុះសពពួកគេក្នុងផ្នូរឡើយ។ ១០ ឯមនុស្សដែលរស់នៅផែនដីនឹងរីករាយហើយអរសប្បាយដោយសារសាក្សីទាំងនោះបានស្លាប់ ក៏នឹងឲ្យអំណោយគ្នាទៅវិញទៅមក ពីព្រោះអ្នកប្រកាសទំនាយពីររូបនោះធ្លាប់ធ្វើទារុណកម្មដល់មនុស្សនៅផែនដី។
១១ បន្ទាប់ពីបីថ្ងៃកន្លះ កម្លាំងជីវិត* ពីព្រះបានចូលក្នុងពួកគេ ហើយពួកគេក៏ក្រោកឈរឡើង រួចអស់អ្នកដែលឃើញពួកគេតាំងភ័យខ្លាចយ៉ាងខ្លាំង។ ១២ រួចពួកគេឮសំឡេងមួយបន្លឺយ៉ាងខ្លាំងចេញពីលើមេឃថា៖ «ចូរឡើងមកទីនេះ»។ ពួកគេក៏ឡើងទៅលើមេឃក្នុងពពក ហើយពួកសត្រូវរបស់ពួកគេក៏បានឃើញ។ ១៣ នៅម៉ោងនោះឯង ផែនដីបានរញ្ជួយយ៉ាងខ្លាំង មួយភាគដប់នៃក្រុងនោះបានរលំ ហើយមនុស្សប្រាំពីរពាន់នាក់បានត្រូវសម្លាប់ដោយការរញ្ជួយនោះ ឯអ្នកទាំងប៉ុន្មានទៀតតាំងភ័យខ្លាច ក៏បានសរសើរតម្កើងព្រះ។
១៤ សេចក្ដីវេទនាទីពីរបានកន្លងផុតទៅហើយ។ មើល! សេចក្ដីវេទនាទីបីកំពុងមកដល់យ៉ាងលឿន។
១៥ ពេលទេវតាទីប្រាំពីរផ្លុំត្រែរបស់គាត់ មានសំឡេងមួយចំនួនបន្លឺឡើងយ៉ាងខ្លាំងនៅលើមេឃ* ថា៖ «រាជាណាចក្រនៃពិភពលោកនេះបានក្លាយទៅជារាជាណាចក្រនៃម្ចាស់របស់យើងនិងគ្រិស្តរបស់លោក ហើយលោកនឹងគ្រប់គ្រងជាស្តេចជារៀងរហូត»។
១៦ ហើយពួកអ្នកចាស់ទុំម្ភៃបួននាក់ដែលកំពុងអង្គុយលើបល្ល័ង្កនៅមុខព្រះ បានក្រាបក្បាលគោរពប្រណិប័តន៍ព្រះ ១៧ ដោយជម្រាបថា៖ «ព្រះយេហូវ៉ាជាព្រះ ដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុត និងជាលោកដែលមានជីវិតរស់នៅកាលពីមុន ដែលមានជីវិតរស់នៅឥឡូវនេះអើយ យើងសូមអរគុណលោក ពីព្រោះលោកបានយកឫទ្ធានុភាពមហិមារបស់លោក ហើយចាប់ផ្ដើមគ្រប់គ្រងជាស្តេច។ ១៨ ប៉ុន្តែប្រជាជាតិនានាបានខឹង លោកក៏បានសម្ដែងកំហឹងរបស់លោកដែរ ហើយពេលកំណត់បានមកដល់សម្រាប់វិនិច្ឆ័យមនុស្សស្លាប់និងឲ្យរង្វាន់ដល់ពួកអ្នកប្រកាសទំនាយ ដែលជាខ្ញុំបម្រើរបស់លោក និងពួកអ្នកបរិសុទ្ធ ព្រមទាំងពួកអ្នកដែលកោតខ្លាចនាមរបស់លោក រួមទាំងអ្នកធំនិងអ្នកតូច ហើយសម្រាប់បំផ្លាញពួកអ្នកដែលកំពុងបង្ខូចផែនដី»។
១៩ រួចមក បន្ទប់បរិសុទ្ធនៅវិហាររបស់ព្រះនៅស្ថានសួគ៌បានត្រូវបើកឡើង ហើយហឹបនៃកិច្ចព្រមព្រៀងរបស់លោកបានត្រូវឃើញក្នុងបន្ទប់បរិសុទ្ធនៅវិហាររបស់លោក។ ហើយមានផ្លេកបន្ទោរ សំឡេងនិយាយ ផ្គរលាន់ ការរញ្ជួយផែនដី ហើយដុំព្រិលធ្លាក់មកយ៉ាងខ្លាំង។