យ៉ូហាន
២ លុះបីថ្ងៃក្រោយមក មានគេរៀបចំភោជនាហារអបអរអាពាហ៍ពិពាហ៍មួយនៅភូមិកាណាក្នុងស្រុកកាលីឡេ ហើយម្ដាយរបស់លោកយេស៊ូនៅទីនោះ។ ២ លោកយេស៊ូនិងពួកអ្នកកាន់តាមលោកក៏បានត្រូវអញ្ជើញឲ្យចូលរួមពិធីអបអរអាពាហ៍ពិពាហ៍នោះដែរ។
៣ នៅពេលដែលខ្វះស្រាទំពាំងបាយជូរ ម្ដាយរបស់លោកយេស៊ូជម្រាបលោកថា៖ «ពួកគេអស់ស្រាហើយ»។ ៤ ប៉ុន្តែលោកយេស៊ូមានប្រសាសន៍ទៅម្ដាយថា៖ «ស្ត្រីអើយ តើរឿងនោះទាក់ទងអ្វីនឹងខ្ញុំ?* វេលារបស់ខ្ញុំមិនទាន់មកដល់ទេ»។ ៥ ម្ដាយរបស់លោកក៏ប្រាប់ពួកអ្នកដែលកំពុងបម្រើថា៖ «អ្វីដែលលោកប្រាប់ឲ្យធ្វើ ចូរធ្វើទៅចុះ»។ ៦ នៅទីនោះមានពាងទឹកប្រាំមួយធ្វើពីថ្ម សម្រាប់ធ្វើការលាងសម្អាត សមស្របតាមវិន័យរបស់ជនជាតិយូដា។ ពាងនីមួយៗមានចំណុះប្រហែលសែសិបបួនឬហុកសិបប្រាំមួយលីត្រ។ ៧ លោកយេស៊ូមានប្រសាសន៍ទៅពួកគេថា៖ «ចូរចាក់ទឹកឲ្យពេញពាងទាំងនេះ»។ រួចពួកគេក៏ចាក់ទឹកពេញដល់មាត់ពាង។ ៨ បន្ទាប់មក លោកយេស៊ូមានប្រសាសន៍ទៅពួកគេថា៖ «ឥឡូវ ចូរដងខ្លះយកទៅឲ្យអ្នកចាត់ចែងពិធី»។ ដូច្នេះ ពួកគេក៏ដងខ្លះទៅ។ ៩ ក្រោយមក អ្នកចាត់ចែងពិធីបានភ្លក់ទឹកនោះដែលបានត្រូវធ្វើឲ្យក្លាយជាស្រាទំពាំងបាយជូរ ហើយគាត់មិនដឹងថាស្រានោះបានមកពីណាទេ តែពួកអ្នកដែលកំពុងបម្រើបានដឹង ដោយសារពួកគេបានដងទឹកនោះចេញ។ ម្ល៉ោះហើយ អ្នកចាត់ចែងពិធីក៏ហៅកូនកំលោះមក ១០ ហើយប្រាប់គាត់ថា៖ «បុរសឯទៀតទាំងអស់តែងជូនស្រាដែលមានគុណភាពល្អមុន រួចពេលដែលភ្ញៀវស្រវឹងហើយ ទើបយកស្រាដែលមានគុណភាពអន់មកជូនវិញ។ អ្នកបានទុកស្រាល្អរហូតដល់ឥឡូវនេះទើបជូនភ្ញៀវ»។ ១១ លោកយេស៊ូបានធ្វើការនេះនៅភូមិកាណានៅស្រុកកាលីឡេ ហើយនេះជាសញ្ញាសម្គាល់ដំបូងបង្អស់របស់លោក។ លោកក៏បានបង្ហាញឲ្យឃើញសិរីរុងរឿងរបស់លោក ហើយពួកអ្នកកាន់តាមលោកចាប់ផ្ដើមមានជំនឿលើលោក។
១២ បន្ទាប់ពីការនេះ លោកនិងម្ដាយ ព្រមទាំងប្អូនប្រុសៗរបស់លោក និងពួកអ្នកកាន់តាមបានចុះទៅក្រុងកាពើណិម តែមិនបាននៅទីនោះយូរថ្ងៃទេ។
១៣ លុះក្រោយមក បុណ្យរំលងរបស់ជនជាតិយូដាគឺជិតដល់ហើយ។ ពេលនោះលោកយេស៊ូបានឡើងទៅក្រុងយេរូសាឡិម។ ១៤ កាលទៅដល់ហើយ លោកឃើញមនុស្សនៅក្នុងវិហារកំពុងលក់គោ ចៀម និងព្រាប ក៏ឃើញអ្នកដូរប្រាក់កំពុងអង្គុយនៅទីនោះ។ ១៥ ដូច្នេះ ក្រោយពីបានយកខ្សែមកវេញធ្វើជារំពាត់ លោកក៏ដេញពួកគេទាំងអស់គ្នាចេញពីវិហារជាមួយនឹងចៀមនិងគោរបស់ពួកគេ ហើយបានចាក់កាក់របស់ពួកអ្នកដូរប្រាក់ចោល ក៏ផ្កាប់តុរបស់ពួកគេ។ ១៦ លោកមានប្រសាសន៍ទៅពួកអ្នកលក់ព្រាបថា៖ «ចូរយករបស់ទាំងនេះចេញទៅ! ឈប់យកកន្លែងគោរពបូជារបស់បិតាខ្ញុំធ្វើជាកន្លែងលក់ដូរ!»។ ១៧ ពួកអ្នកកាន់តាមលោកបាននឹកឃើញអ្វីដែលបទគម្ពីរចែងថា៖ «ខ្ញុំនឹងពោរពេញទៅដោយសេចក្ដីខ្នះខ្នែងចំពោះកន្លែងគោរពបូជារបស់លោក»។
១៨ ម្ល៉ោះហើយ ជនជាតិយូដាបានសួរលោកថា៖ «តើអ្នកមានសញ្ញាសម្គាល់អ្វីដើម្បីបង្ហាញឲ្យយើងដឹងថា អ្នកមានសិទ្ធិធ្វើការទាំងនេះ?»។ ១៩ លោកយេស៊ូតបឆ្លើយថា៖ «ចូររុះវិហារនេះចោល ហើយខ្ញុំនឹងធ្វើឡើងវិញក្នុងបីថ្ងៃ»។ ២០ ឮដូច្នេះ ជនជាតិយូដាសួរថា៖ «វិហារនេះបានត្រូវសង់ក្នុងរយៈពេលសែសិបប្រាំមួយឆ្នាំ ដូច្នេះតើអ្នកអាចធ្វើឡើងវិញក្នុងបីថ្ងៃដូចម្ដេចបាន?»។ ២១ តែពេលដែលមានប្រសាសន៍អំពីវិហារនោះ លោកកំពុងមានប្រសាសន៍សំដៅទៅរូបកាយរបស់លោក។ ២២ ក៏ប៉ុន្តែក្រោយពីលោកបានត្រូវប្រោសឲ្យរស់ឡើងវិញ ពួកអ្នកកាន់តាមលោកនឹកឃើញថាលោកធ្លាប់មានប្រសាសន៍ដូច្នេះជារឿយៗ ហើយពួកគាត់ក៏ជឿបទគម្ពីរនិងប្រសាសន៍របស់លោកយេស៊ូ។
២៣ តែពេលដែលលោកនៅក្រុងយេរូសាឡិម ក្នុងពេលបុណ្យរំលង នោះមនុស្សជាច្រើនចាប់ផ្ដើមមានជំនឿលើនាមរបស់លោក ដោយឃើញសញ្ញាសម្គាល់ទាំងប៉ុន្មានដែលលោកកំពុងធ្វើ។ ២៤ ប៉ុន្តែលោកយេស៊ូមិនបានផ្ដេកចិត្តទៅលើពួកគេឡើយ ពីព្រោះលោកស្គាល់ពួកគេទាំងអស់គ្នា ២៥ ហើយក៏មិនត្រូវការឲ្យអ្នកណាបញ្ជាក់អំពីមនុស្សជាតិដែរ ពីព្រោះលោកជ្រាបអំពីអ្វីដែលនៅក្នុងចិត្តមនុស្សជាតិ។