ការបើកបង្ហាញ
៧ បន្ទាប់ពីការនោះ ខ្ញុំឃើញទេវតាបួនរូបឈរនៅជ្រុងទាំងបួននៃផែនដី ដោយទប់ខ្យល់ទាំងបួននៃផែនដី មិនឲ្យបក់មកលើផែនដី សមុទ្រ ឬដើមឈើណាមួយឡើយ។ ២ រួចមក ខ្ញុំឃើញទេវតាមួយទៀតឡើងមកពីទិសថ្ងៃរះ ដោយមានត្រារបស់ព្រះដែលមានជីវិតរស់នៅ ហើយទេវតានោះបន្លឺសំឡេងយ៉ាងខ្លាំងប្រាប់ទេវតាទាំងបួនដែលបានទទួលការអនុញ្ញាតឲ្យបង្ខូចផែនដីនិងសមុទ្រ ៣ ថា៖ «កុំបង្ខូចផែនដី សមុទ្រ ឬដើមឈើឡើយ ទាល់តែយើងបានបោះត្រាលើថ្ងាសពួកខ្ញុំបម្រើនៃព្រះរបស់យើងហើយ»។
៤ ខ្ញុំបានឮពីចំនួនពួកអ្នកដែលបានត្រូវបោះត្រានោះ គឺមួយសែនបួនម៉ឺនបួនពាន់នាក់ ពីកុលសម្ព័ន្ធទាំងអស់នៃពួកកូនអ៊ីស្រាអែល បានត្រូវបោះត្រា៖
៥ ពីកុលសម្ព័ន្ធយូដា មានមួយម៉ឺនពីរពាន់នាក់បានត្រូវបោះត្រា
ពីកុលសម្ព័ន្ធរូបេនមានមួយម៉ឺនពីរពាន់នាក់
ពីកុលសម្ព័ន្ធកាដមានមួយម៉ឺនពីរពាន់នាក់
៦ ពីកុលសម្ព័ន្ធអេស៊ើរមានមួយម៉ឺនពីរពាន់នាក់
ពីកុលសម្ព័ន្ធណែបថាលីមានមួយម៉ឺនពីរពាន់នាក់
ពីកុលសម្ព័ន្ធម៉ាណាសេមានមួយម៉ឺនពីរពាន់នាក់
៧ ពីកុលសម្ព័ន្ធស៊ីម្មានមានមួយម៉ឺនពីរពាន់នាក់
ពីកុលសម្ព័ន្ធលេវីមានមួយម៉ឺនពីរពាន់នាក់
ពីកុលសម្ព័ន្ធអ៊ីសាខារមានមួយម៉ឺនពីរពាន់នាក់
៨ ពីកុលសម្ព័ន្ធសេប៊ូឡូនមានមួយម៉ឺនពីរពាន់នាក់
ពីកុលសម្ព័ន្ធយ៉ូសែបមានមួយម៉ឺនពីរពាន់នាក់
ពីកុលសម្ព័ន្ធបេនយ៉ាមីនមានមួយម៉ឺនពីរពាន់នាក់ដែលបានត្រូវបោះត្រា។
៩ បន្ទាប់ពីការទាំងនោះ មើល! ខ្ញុំឃើញមនុស្សមួយក្រុមធំ ដែលគ្មានមនុស្សណាម្នាក់អាចរាប់ចំនួនបានឡើយ។ ពួកគេចេញពីគ្រប់ប្រជាជាតិ គ្រប់កុលសម្ព័ន្ធ គ្រប់ជាតិសាសន៍ និងគ្រប់ភាសា ហើយកំពុងឈរនៅមុខបល្ល័ង្កនិងនៅមុខកូនចៀម ដោយពាក់អាវវែងពណ៌ស ព្រមទាំងកាន់ធាងលម៉ើនៅដៃ។ ១០ ហើយពួកគេបន្លឺសំឡេងយ៉ាងខ្លាំងឥតឈប់ថា៖ «សេចក្ដីសង្គ្រោះរបស់យើងមកពីព្រះរបស់យើង ដែលអង្គុយលើបល្ល័ង្ក និងពីកូនចៀម»។
១១ ឯទេវតាទាំងឡាយកំពុងឈរនៅជុំវិញបល្ល័ង្ក និងពួកអ្នកចាស់ទុំ និងចេរូប៊ីនទាំងបួន រួចពួកគេក្រាបក្បាលនៅមុខបល្ល័ង្កគោរពប្រណិប័តន៍ព្រះ ១២ ហើយនិយាយថា៖ «អាមេន! ពរ សិរីរុងរឿង ប្រាជ្ញា អំណរគុណ កិត្ដិយស ឫទ្ធានុភាព និងកម្លាំងជារបស់ព្រះនៃយើងជារៀងរហូត។ អាមេន»។
១៣ បន្ទាប់មក អ្នកចាស់ទុំម្នាក់សួរខ្ញុំថា៖ «តើអ្នកទាំងនេះដែលពាក់អាវវែងពណ៌សជាអ្នកណា? ហើយតើពួកគេមកពីណា?»។ ១៤ ម្ល៉ោះហើយ ខ្ញុំនិយាយទៅគាត់ភ្លាមថា៖ «ម្ចាស់ខ្ញុំអើយ អ្នកដឹងហើយ»។ គាត់និយាយមកខ្ញុំថា៖ «អ្នកទាំងនោះគឺជាអ្នកដែលចេញផុតពីគ្រាទុក្ខវេទនាដ៏ខ្លាំង ហើយពួកគេបានបោកសម្អាតអាវវែងរបស់ពួកគេឲ្យសក្នុងឈាមរបស់កូនចៀម។ ១៥ ហេតុនេះហើយបានជាពួកគេនៅមុខបល្ល័ង្ករបស់ព្រះ ហើយពួកគេកំពុងបំពេញកិច្ចបម្រើពិសិដ្ឋជូនលោកទាំងយប់ទាំងថ្ងៃក្នុងវិហាររបស់លោក ឯលោកដែលអង្គុយលើបល្ល័ង្កនឹងរៀបចំត្រសាលមួយដើម្បីការពារពួកគេ។ ១៦ ពួកគេនឹងមិនស្រេកឬឃ្លានទៀតឡើយ ហើយថ្ងៃនឹងមិនជះកម្ដៅខ្លាំងពេកមកលើពួកគេទៀតដែរ ១៧ ពីព្រោះកូនចៀមដែលនៅក្បែរបល្ល័ង្កនឹងឃ្វាលពួកគេ ហើយនាំទៅឯរន្ធទឹកដែលផ្ដល់ជីវិត។ ឯព្រះនឹងជូតអស់ទាំងទឹកភ្នែកចេញពីភ្នែករបស់ពួកគេ»។